ក្រុមគ្រួសារចុងអាចទទួលជោគជ័យ
តើក្រុមគ្រួសារចុងដែលមានជោគជ័យអាចមានឡើងបានទេ? បាន។ ជាពិសេស បើសិនជាទាំងអស់ដែលទាក់ទងនោះចាំថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) នៅពេលដែលសមាជិកទាំងអស់អនុវត្តតាមគោលការណ៍ព្រះគម្ពីរ នោះគឺប្រាកដជាទទួលជោគជ័យមិនខាន។
គុណសម្បត្ដិបឋម
ព្រះគម្ពីរមានច្បាប់បន្ដិចបន្តួចប៉ុណ្ណោះ ដែលគ្រប់គ្រងលើទំនាក់ទំនងមនុស្សលោក។ នេះច្រើនតែជំរុញឲ្យបណ្ដុះបណ្ដាលនូវគុណសម្បត្ដិល្អនិងអាកប្បកិរិយាដែលនាំយើងឲ្យប្រព្រឹត្តដោយប្រាជ្ញា។ គុណសម្បត្ដិល្អនិងអាកប្បកិរិយាបែបនេះ គឺជាមូលដ្ឋាននៃជីវភាពគ្រួសារដែលប្រកបដោយសុភមង្គល។
គឺជាការសម នឹងគួររៀបរាប់នោះ ទោះបីហាក់ដូចជាច្បាស់លាស់ហើយ ដែលសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិបឋមដែលជាចាំបាច់ ដើម្បីឲ្យគ្រួសារមួយមានជោគជ័យ។ សាវ័កប៉ុលបាននិយាយថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា . . . ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ»។ (រ៉ូម ១២:៩, ១០) ពាក្យដែលថា «សេចក្ដីស្រឡាញ់» នោះត្រូវគេប្រើខុសន័យជាច្រើន។ ក៏ប៉ុន្តែ គុណសម្បត្ដិដែលសាវ័កប៉ុលបានរៀបរាប់នោះគឺវិសេសវិសាលណាស់។ នេះគឺជាសេចក្ដីស្រឡាញ់ដូចព្រះ ហើយនេះ «មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៨) ព្រះគម្ពីររៀបរាប់សេចក្ដីស្រឡាញ់នោះថា គ្មានអត្តទត្ថភាពហើយប្រុងប្រៀបដើម្បីបំរើ។ សេចក្ដីស្រឡាញ់ធ្វើការយ៉ាងសកម្មដើម្បីប្រយោជន៍អ្នកដទៃ។ សេចក្ដីស្រឡាញ់គឺអត់ធ្មត់ មិនចេះច្រណែន មិនចេះអួតអាង ឬក៏ឆ្មើង។ មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។ គឺនៅប្រុងប្រៀបជានិច្ចជាកាល ដើម្បីអនុគ្រោះ ដើម្បីទុកចិត្ត ដើម្បីសង្ឃឹម និងដើម្បីទ្រាំអ្វីក៏ដោយដែលមកដល់។—កូរិនថូសទី១ ១៣:៤-៧
សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដជួយផ្សះផ្សាបញ្ហា ហើយបង្រួបបង្រួមមនុស្សដែលមានការចិញ្ចឹមអប់រំនឹងបុគ្គលិកលក្ខណៈខុសគ្នា។ ម្ល៉ោះហើយ នោះជួយទប់នូវលទ្ធផលដ៏បញ្ឈឺចិត្តនៃការលែងលះគ្នា ឬមរណភាពនៃឪពុកម្ដាយបង្កើត។ បុរសម្នាក់ដែលបានទៅជាឪពុកចុង បានរៀបរាប់ពីបញ្ហាពិតរបស់គាត់ថា៖ «ខ្ញុំបានគិតអំពីអារម្មណ៍របស់ខ្ញុំផ្ទាល់ដ៏ម្ល៉េះ ដែលខ្ញុំមិនបានពិចារណានូវអារម្មណ៍របស់កូនចុងខ្ញុំ ឬក៏សូម្បីតែប្រពន្ធខ្ញុំ។ ខ្ញុំត្រូវតែរៀនកុំឲ្យមានចិត្តទន់ពេក។ ហើយជាសំខាន់បំផុត ខ្ញុំត្រូវតែរៀនឲ្យចេះបន្ទាបខ្លួន»។ សេចក្ដីស្រឡាញ់បានជួយគាត់ធ្វើការកែប្រែដ៏ចាំបាច់។
ឪពុកម្ដាយបង្កើត
សេចក្ដីស្រឡាញ់អាចជួយនូវទំនាក់ទំនងរបស់ពួកកូននោះ ជាមួយឪពុកឬម្ដាយបង្កើតរបស់គេដែលឥឡូវបានបាត់មុខ។ ឪពុកចុងម្នាក់បានប្រាប់ដោយទុកចិត្តថា៖ «ខ្ញុំបានចង់បានលេខមួយក្នុងចិត្តនៃកូនចុងរបស់ខ្ញុំ។ នៅពេលដែលគេទៅលេងឪពុកបង្កើតរបស់គេ ខ្ញុំបានឃើញថា ការទប់ទល់នឹងចំណង់ចង់រិះគន់គាត់គឺជាពិបាកមែន។ នៅពេលគេមានពេលសប្បាយ ខ្ញុំបានពិបាកចិត្តខ្លាំង។ នៅពេលគេមានពេលដ៏ឥតសប្បាយ ខ្ញុំបានរីករាយមែនទែន។ តាមការពិត ខ្ញុំខ្លាចបាត់បង់នូវសេចក្ដីស្រឡាញ់របស់គេ។ អ្វីមួយដ៏ពិបាក គឺជាការទទួលស្គាល់នូវតួនាទីនៃឪពុកបង្កើតនោះក្នុងជីវិតរបស់ពួកកូនចុងរបស់ខ្ញុំ»។
សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដបានជួយឪពុកចុងនេះឲ្យទទួលស្គាល់ហេតុការណ៍ដែលថា មិនជាសមហេតុសមផលដើម្បីគិតថានឹងទទួល សេចក្ដីស្រឡាញ់«ភ្លាមៗ»ទេ។ គាត់មិនគួរមានអារម្មណ៍ថាគាត់បានត្រូវគេបដិសេធគាត់ ពេលដែលពួកកូននោះមិនបានទទួលគាត់ភ្លាមៗនោះទេ។ ក្រោយមកគាត់បានដឹងថា ប្រហែលគាត់មិនដែលនឹងយកកន្លែងនៃឪពុកបង្កើតនោះ ក្នុងចិត្តរបស់កូនគាត់។ ពួកកូនបានស្គាល់ឪពុកបង្កើតនោះ តាំងពីដើមមក។ រីឯឪពុកចុងនោះនឹងត្រូវតែព្យាយាមដើម្បីទទួលសេចក្ដីស្រឡាញ់របស់កូននោះ។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះ អ៊ីលីសាបិត អៃនស្ទាញ បានបង្ហាញបទពិសោធន៍របស់មនុស្សជាច្រើន ពេលគាត់ថា៖ «ឪពុកម្ដាយបង្កើតមិនអាចមានអ្នកជំនួសបានទាល់តែសោះ—ទាល់តែសោះ។ សូម្បីតែឪពុកម្ដាយដែលបានស្លាប់ឬក៏ចេញចោលកូន នៅមានសារសំខាន់ក្នុងជីវិតកូននោះ»។
ការប្រៀនប្រដៅ—រឿងមួយដែលតម្រូវឲ្យប្រយ័ត្នប្រយែង
ព្រះគម្ពីរប្រាប់ថា ការប្រៀនប្រដៅដោយសេចក្ដីស្រឡាញ់គឺជាការចាំបាច់សំរាប់ក្មេងៗ ហើយនេះរួមបញ្ចូលកូនចុង។ (សុភាសិត ៨:៣៣) វិជ្ជាវិទូជាច្រើនបានចាប់ផ្ដើមយល់ព្រមនឹងជំហររបស់ព្រះគម្ពីរក្នុងរឿងនេះ។ សាស្ដ្រាចារ្យម្នាក់ឈ្មោះ ស៊ីរិស អាលវិស ដេ អារូហូ បានមានប្រសាសន៍ថា៖ «ជាលក្ខណៈធម្មតា គ្មានអ្នកណាដែលចូលចិត្តការដាក់កំរិតទេ។ ក៏ប៉ុន្តែ នោះគឺជាចាំបាច់។ ពាក្យ ‹អត់ទេ› គឺជាពាក្យមួយដែលដាក់កំរិត»។
ក៏ប៉ុន្តែ ក្នុងគ្រួសារដែលមានសមាជិកចុង ទស្សនៈលើការប្រៀនប្រដៅអាចនាំឲ្យមានការបែកបាក់គ្នា។ កូនចុងបានទទួលអនុភាពលើគំនិតគេពីម្នាក់ទៀតដែលឥឡូវឥតនៅ។ ប្រហែលជាគេមានទំលាប់ដែលធ្វើឲ្យឪពុកឬក៏ម្ដាយចុងនោះខឹង។ ហើយគេប្រហែលជាមិនយល់មូលហេតុដែលឪពុកឬម្ដាយចុងនោះ មានគំនិតខ្លាំងអំពីរឿងខ្លះៗ។ តើតាមរបៀបណាដែលគេដោះស្រាយរឿងនោះដោយជោគជ័យ? សាវ័កប៉ុលដាស់តឿនពួកគ្រីស្ទានថា៖ «ដេញតាម . . . សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូត»។ (ធីម៉ូថេទី១ ៦:១១) សេចក្ដីស្រឡាញ់បែបគ្រីស្ទាន ជួយឪពុកម្ដាយចុងទាំងកូន ឲ្យចេះសុភាពនិងអត់ធ្មត់ ពេលដែលគេរៀនចេះយោគយល់គ្នាទៅវិញទៅមក។ បើសិនជាឪពុកម្ដាយចុងគ្មានសេចក្ដីអត់ធ្មត់ នោះ‹សេចក្ដីក្ដៅក្រហាយ កំហឹង និងពាក្យជេរប្រមាថ› អាចបំផ្លាញចោលទំនាក់ទំនងណាដែលបានត្រូវចងនោះ។—អេភេសូរ ៤:៣១
ព្យាការីឈ្មោះមីកា បានផ្ដល់ឲ្យនូវការមើលធ្លុះជ្រៅក្នុងអ្វីដែលនឹងជួយក្នុងរឿងនេះ។ គាត់បានមានប្រសាសន៍ថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ»? (មីកា ៦:៨) យុត្ដិធម៌គឺជាចាំបាច់ក្នុងកាលឲ្យការប្រៀនប្រដៅ។ ក៏ប៉ុន្តែចុះយ៉ាងណាវិញចំពោះសេចក្ដីសប្បុរស? អ្នកចាស់ទុំម្នាក់បានរៀបរាប់ថា គឺតែងមានការពិបាកក្នុងការដាស់កូនចុងរបស់គាត់ពេលព្រឹកនៅថ្ងៃអាទិត្យ ដើម្បីចូលរួមការថ្វាយបង្គំតាមក្រុមជំនុំ។ ជាជាងការស្តីឲ្យគេ គាត់បានសាកល្បងប្រើសេចក្ដីសប្បុរស។ គាត់បានភ្ញាក់មុនម៉ោង ចំអិនអាហារពេលព្រឹក ហើយយកភេសជ្ជ:ក្ដៅមួយឲ្យគេ។ ជាលទ្ធផល គេបានមានទំនោរចិត្តទន់ជាងដើម្បីធ្វើតាមសំណូមរបស់គាត់ឲ្យក្រោក។
សាស្ដ្រាចារ្យម្នាក់ឈ្មោះ អាណា លូវិស វិយេរ៉ា ដេ ម៉ាតុស បានមានប្រសាសន៍ថា៖ «ប្រភេទគ្រួសារមិនមែនជាអ្វីដែលសំខាន់ទេ ប៉ុន្តែគឺជាគុណភាពទំនាក់ទំនងទៅវិញ។ ក្នុងការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំបានទស្សនាឃើញថា ពួកក្មេងៗដែលមានបញ្ហាខាងចរិយារបស់គេ ច្រើនតែមកពីគ្រួសារមួយដែលមានការគ្រប់គ្រងដ៏ខ្សោយពីឪពុកម្ដាយ ហើយខ្វះខាងវិន័យ ព្រមទាំងការប្រស្រ័យទាក់ទងផង»។ គាត់បានមានប្រសាសន៍បន្ថែមថា៖ «គឺជាអ្វីមួយដែលគួរមានការបញ្ជាក់យ៉ាងខ្លាំង ដែលការចិញ្ចឹមអប់រំកូនរួមបញ្ចូលការនិយាយថា អត់ទេ»។ ម្ល៉ោះហើយ អ្នកបណ្ឌិតពីរនាក់ឈ្មោះអិមាលី និង ចន វិសអឺ បានមានប្រសាសន៍ថា៖ «ជាបឋម ការប្រៀនប្រដៅមានប្រសិទ្ធិភាព គ្រាន់តែពេលអ្នកដែលទទួលការប្រៀនប្រដៅនោះ ខ្វល់ពីប្រតិកម្មនៃអ្នកដែលឲ្យការប្រៀនប្រដៅនោះហើយទំនាក់ទំនងរបស់គាត់ជាមួយអ្នកនោះ»។
ពំនោលនេះប៉ះពាល់លើរឿងពីអ្នកណាក្នុងក្រុមគ្រួសារចុងនោះដែលគួរឲ្យការប្រៀនប្រដៅ។ តើអ្នកណាគួរជាអ្នកដែលពោលថា អត់ទេ? ក្រោយការពិគ្រោះគ្នា ឪពុកម្ដាយខ្លះបានសម្រេចថា ដើមដំបូងឪពុកឬម្ដាយបង្កើតគួរជាអ្នកដែលឲ្យការប្រៀនប្រដៅច្រើនឡើង ដើម្បីឲ្យឪពុកឬម្ដាយចុងនោះ មានពេលស្អាងទំនាក់ទំនងដល់ជិតស្និតជាង ជាមួយនឹងពួកកូនៗ។ ឲ្យកូនមានការទុកចិត្តលើសេចក្ដីស្រឡាញ់របស់ឪពុកឬម្ដាយចុងសំរាប់គេ ពីមុនគេទទួលការប្រៀនប្រដៅពីគាត់។
ចុះយ៉ាងណាវិញបើឪពុកនោះជាឪពុកចុង? តើព្រះគម្ពីរមិនថាឪពុកជាមេគ្រួសារទេឬ? ត្រូវមែន។ (អេភេសូរ ៥:២២, ២៣; ៦:១, ២) ក៏ប៉ុន្តែ ឪពុកចុងម្នាក់ប្រហែលចង់ផ្ទេរកិច្ចការប្រៀនប្រដៅ ជាពិសេសបើសិនជានោះនឹងរួមបញ្ចូលការដាក់ទណ្ឌកម្ម។ គាត់ប្រហែលនឹងឲ្យពួកកូន ‹ស្ដាប់សេចក្ដីដំបូន្មានរបស់ម្ដាយគេ› ពេលដែលគាត់រៀបចំមូលដ្ឋានដើម្បីឲ្យគេ ‹ស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុក[ថ្មី]របស់គេ›។ (សុភាសិត ១:៨; ៦:២០; ៣១:១) ភស្តុតាងបញ្ជាក់ឲ្យឃើញថា នៅទីបំផុត នេះមិនប្រឆាំងនឹងគោលការណ៍អំពីប្រមុខភាពទេ។ បន្ថែមទៅទៀត ឪពុកចុងម្នាក់បាននិយាយថា៖ «ខ្ញុំបានចាំថា ការប្រៀនប្រដៅរួមបញ្ចូលការដាស់តឿន ការកែតម្រង់ និងការស្តីបន្ទោសផងដែរ។ ធម្មតានេះមានប្រសិទ្ធិភាព ពេលធ្វើតាមរបៀបមួយដែលប្រកបដោយយុត្ដិធម៌ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាករុណា ទាំងត្រូវគាំទ្រដោយគំរូពីឪពុកម្ដាយផង»។
ឪពុកម្ដាយត្រូវតែប្រស្រ័យទាក់ទងគ្នា
សុភាសិត ១៥:២២ ប្រាប់ថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ»។ ក្នុងក្រុមគ្រួសារចុង ការនិយាយដោយទុកចិត្តគ្នា ដោយចិត្តស្ងប់និងតាមរបៀបរៀបចំ គឺជាចាំបាច់។ អ្នកកាសែតម្នាក់ខាងកាសែត (អូ អេស្ដាដូ ដេ ស. ផោឡូ) បានសង្កេតឃើញថា៖ «ពួកកូនចូលចិត្តនឹងវិន័យដែលឪពុកម្ដាយគេបានដាក់អោយ»។ នេះគឺជាការពិតជាពិសេសក្នុងក្រុមគ្រួសារចុង។ ដូច្នេះ ឪពុកម្ដាយត្រូវតែចុះសម្រុងពីរឿងផ្សេងៗ ដើម្បីឲ្យកូនឃើញថាឪពុកម្ដាយមានសាមគ្គីភាព។ ចុះយ៉ាងណាវិញបើសិនជាឪពុកឬម្ដាយចុងនោះ មានការប្រព្រឹត្តដែលឪពុកឬម្ដាយបង្កើតនោះគិតថាជាអយុត្ដិធម៌? បើអ៊ីចឹង គេត្រូវតែដោះស្រាយរឿងនោះនៅដាច់ឡែកពីគេ ហើយមិននៅមុខពួកកូនឡើយ។
ម្ដាយម្នាក់ដែលបានរៀបការម្ដងទៀត រៀបរាប់ថា៖ «អ្វីដ៏ពិបាកជាងគេ គឺពេលម្ដាយម្នាក់ឃើញឪពុកចុងប្រៀនប្រដៅកូនរបស់គាត់ ជាពិសេសបើសិនជាគាត់គិតថា ឪពុកនោះឆាប់ប្រព្រឹត្តឬក៏តាមរបៀបដែលមិនមែនយុត្ដិធម៌ទេ។ នេះធ្វើឲ្យគាត់ឈឺចិត្តមែន ហើយគាត់ចង់ការពារពួកកូនរបស់គាត់។ ការនៅចុះចូលនឹងស្វាមីរបស់ខ្លួនទាំងគាំទ្រគាត់គឺជាការពិបាកណាស់។
«នៅពេលមួយ កូនប្រុសពីរនាក់របស់ខ្ញុំ ដែលមានអាយុ១២ និង ១៤ឆ្នាំ បានសុំឪពុកចុងរបស់គេឲ្យគេធ្វើអ្វីមួយ។ គាត់បានបដិសេធភ្លាមហើយចេញពីបន្ទប់ដោយមិនយល់ព្រមឲ្យពួកក្មេងប្រុសនោះ មានឱកាសពន្យល់ពីមូលហេតុដែលសំណូមពរនោះគឺសំខាន់ចំពោះគេ។ ពួកក្មេងប្រុសនោះជិតយំហើយ និងខ្ញុំបានអួលដើមក។ កូនប្រុសច្បងបានមើលខ្ញុំរួចនិយាយថា៖ ‹ម៉ាក់ តើម៉ាក់បានឃើញអ្វីដែលគាត់ធ្វើទេ›? ខ្ញុំបានឆ្លើយថា ‹ចា៎ស! កូន ម៉ាក់ឃើញ។ ក៏ប៉ុន្តែគាត់នៅជាមេគ្រួសារ ហើយព្រះគម្ពីរប្រាប់យើងឲ្យគោរពប្រមុខភាព›។ ពួកគេគឺកូនប្រុសល្អហើយក៏បានយល់ព្រមចំពោះរឿងនេះ ហើយគេបានស្ងប់ចិត្តទៅ។ យប់នោះ ខ្ញុំបានពន្យល់រឿងនោះឲ្យប្ដីខ្ញុំ ហើយគាត់បានដឹងថា គាត់បានប្រើអំណាចខ្លាំងពេក។ គាត់បានចូលបន្ទប់កូនប្រុសនោះហើយបានសុំអត់ទោស។
«យើងបានរៀនច្រើនដោយសាររឿងនោះ។ ប្ដីខ្ញុំបានរៀនចេះស្ដាប់មុនធ្វើការសម្រេចចិត្តណាមួយ។ ខ្ញុំបានរៀនគាំទ្រគោលការណ៍នៃប្រមុខភាព សូម្បីតែពេលនោះធ្វើឲ្យឈឺចិត្តក៏ដោយ។ កូនប្រុសៗបានរៀនសារសំខាន់នៃការចុះចូល។ (កូល៉ុស ៣:១៨, ១៩) ហើយការសុំអត់ទោសនៃប្ដីខ្ញុំ បានបង្រៀនយើងទាំងអស់គ្នាអំពីការបន្ទាបខ្លួន។ (សុភាសិត ២៩:២៣) ឥឡូវ កូនប្រុសទាំងពីររបស់ខ្ញុំ គឺជាអ្នកចាស់ទុំគ្រីស្ទាន»។
កំហុសនឹងត្រូវធ្វើឡើង។ ពួកកូននឹងធ្វើ ព្រមទាំងនិយាយអ្វីដែលធ្វើឲ្យឈឺចិត្តផង។ ការតឹងតែងក្នុងកាលៈទេសៈ នឹងនាំឪពុកឬម្ដាយចុងឲ្យប្រព្រឹត្តអ្វីដែលមិនសមហេតុផល។ ក៏ប៉ុន្តែ ពាក្យដ៏ស្រួលនិយាយនោះ ដែលពោលថា «ខ្ញុំសុំអត់ទោស សុំអត់ឱនទោសឲ្យខ្ញុំផង» ជាពាក្យដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលរបួសចិត្ត។
ការពង្រឹងសាមគ្គីភាពក្នុងគ្រួសារ
ការកសាងនូវទំនាក់ទំនងដ៏កក់ក្ដៅក្នុងក្រុមគ្រួសារចុង នោះត្រូវការពេលវេលា។ បើសិនជាអ្នកជាឪពុកឬម្ដាយចុង អ្នកត្រូវតែបង្ហាញការយល់អំពីចិត្ត។ សូមយល់ចិត្តគេ ហើយនៅប្រុងប្រៀបដើម្បីចំណាយពេលក្នុងការទាក់ទងជាមួយពួកកូនៗ។ លេងជាមួយកូនដែលក្មេងៗ។ ប្រុងប្រៀបសន្ទនាជាមួយកូនដែលធំ។ រកឱកាសដើម្បីនៅជាមួយគ្នា—ឧទាហរណ៍ សុំពួកកូនឲ្យជួយធ្វើកិច្ចការនៅផ្ទះ ដូចជាការធ្វើម្ហូបពេលល្ងាច ឬក៏ពេលលាងឡាន។ សុំពួកគេទៅជាមួយពេលអ្នកទៅផ្សារ។ បន្ថែមទៅទៀត កាយវិការដ៏ថ្នាក់ថ្នម ប្រហែលនឹងបង្ហាញអារម្មណ៍របស់អ្នក។ (ច្បាស់ហើយ ឪពុកចុងគួរប្រយ័ត្នក្នុងការធ្វើឲ្យមានកំរិតសមរម្យជាមួយនឹងពួកកូនស្រីរបស់គេ ហើយមិនគួរធ្វើឲ្យគេមានអារម្មណ៍មិនស្រួលដែរ។ ហើយពួកម្ដាយចុងគួរចាំថា ពួកប្រុសៗក៏មានកំរិតដែរ)។
ក្រុមគ្រួសារចុងទាំងឡាយអាចមានជោគជ័យបាន។ មានក្រុមគ្រួសារចុងច្រើនដែលទទួលបានជោគជ័យហើយ។ គ្រួសារដែលមានជោគជ័យជាងគេ គឺជាគ្រួសារដែលសមាជិកទាំងអស់ជួយគ្នា ជាពិសេសឪពុកម្ដាយ ទាំងបណ្ដុះបណ្ដាលអាកប្បកិរិយាហើយសេចក្ដីសង្ឃឹមដ៏សមហេតុផល។ សាវ័កយ៉ូហានបានសរសេរ៖ «ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ»។ (យ៉ូហានទី១ ៤:៧) ត្រូវហើយ សេចក្ដីស្រឡាញ់ដ៏ស្មោះពីចិត្តគឺជាគន្លឹះនៃក្រុមគ្រួសារចុងដ៏សប្បាយ។
[រូបភាពនៅទំព័រ៧]
ក្រុមគ្រួសារចុងដែលប្រកបដោយសុភមង្គល
សិក្សាបន្ទូលរបស់ព្រះជាមួយគ្នា . . .
ចំណាយពេលជាមួយគ្នា . . .
និយាយជាមួយគ្នា . . .
ធ្វើការជាមួយគ្នា . . .