បញ្ហាដ៏ពិសេសនៃក្រុមគ្រួសារចុង
ក្រុមគ្រួសារចុងដែលមានសុភមង្គល អាចមានឡើងបាន! តើតាមរបៀបណា?
ក្រុមគ្រួសារចុងបានទៅជាគ្រួសារប្រភេទមួយដ៏ធម្មតានៅកន្លែងជាច្រើនលើផែនដី។ ក៏ប៉ុន្តែ ក្រុមគ្រួសារចុងមានបញ្ហាប្លែកពីគេ។ បញ្ហាដ៏ពិបាកបំផុត គឺច្បាស់ជាការចិញ្ចឹមអប់រំកូន។ ក៏ប៉ុន្តែ ក្នុងស្ថានភាពក្រុមគ្រួសារចុងនោះ ពួកកូនអាចត្រូវចិញ្ចឹមអប់រំដោយជោគជ័យ ដូចអត្ថបទពីរជាបន្ទាប់នឹងបញ្ជាក់បន្ថែម។
តាំងពីដើមមកឪពុកចុងនិងម្ដាយចុងបានត្រូវគេនិយាយដោយអត់មានប្រជាប្រិយ។ នៅពេលយើងនៅក្មេង យើងភាគច្រើនធ្លាប់ឮព្រេងនិទាននាងសាដេឡាដែលបានរងទុក្ខក្នុងដៃរបស់ម្ដាយចុងដ៏គ្មានមេត្ដា។ កូនក្មេងនៅប្រទេសអឺរ៉ុបរៀនព្រេងនិទាន នាងព្រិលសហើយតាក្រិនប្រាំពីរនាក់។ ម្ដាយចុងរបស់នាងព្រិលសនោះ បានសម្ដែងខ្លួនជាធ្មប់ដ៏កាចសាហាវ!
តើព្រេងនិទានបែបនេះផ្ដល់នូវទស្សនៈដ៏ត្រឹមត្រូវអំពីក្រុមគ្រួសារចុងឬ? តើឪពុកម្ដាយចុងទាំងអស់ ពិតជាអាក្រក់ដល់ម្ល៉េះមែនឬ? អត់ទេ។ ពួកគេភាគច្រើនចង់បានតែអ្វីល្អបំផុតសំរាប់កូនៗដែលគេទទួលជាមរតកដោយអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ ពួកគេត្រូវប្រឈមបញ្ហាដ៏ពិបាកក្នុងជីវភាពក្រុមគ្រួសារចុង។
បញ្ហានៃការចិញ្ចឹមអប់រំកូន
នៅពេលដែលអាពាហ៍ពិពាហ៍ទីមួយបែកគ្នា នោះគឺច្រើនតែដោយសារភាពមិនមានគំនិតចាស់ទុំនៃគូស្វាមីភរិយានោះ។ ក្នុងអាពាហ៍ពិពាហ៍ទីពីរ ទំនាក់ទំនងជាមួយកូនៗអាចនាំឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍ទៅជាពិបាកមួយ។ ឯកសារខ្លះបង្ហាញថា ៤ក្នុង១០គ្រួសារដែលមានសមាជិកចុង ត្រូវបញ្ឈប់ដោយលែងលះគ្នាក្នុងរយៈពេលប្រាំឆ្នាំដំបូងនោះ។
គូថ្មីៗប្រហែលមិនដឹងនូវភាពពិបាកខាងអារម្មណ៍ ការប្រឆាំងគ្នានូវភក្ដីភាព ហើយអារម្មណ៍នៃសេចក្ដីប្រចណ្ឌនិងការតូចចិត្ត ដែលការមកដល់នៃឪពុកឬក៏ម្ដាយចុងនោះបង្កើតក្នុងពួកកូនចុងនោះ។ ប្រហែលពួកកូនចុងនោះមានអារម្មណ៍ថា ឪពុកឬក៏ម្ដាយចុងបានទៅជាទីពេញចិត្តរបស់ឪពុកឬក៏ម្ដាយបង្កើត ជំនួសពួកគេ។ ម្ល៉ោះហើយ ឪពុកឬក៏ម្ដាយបង្កើតនោះដែលបានត្រូវលះចោល ប្រហែលនឹងប្រទះការពិបាកយល់នូវមូលហេតុ ដែលកូនរបស់គេ នៅមានចិត្តជាប់ជាមួយនឹងអតីតគូនោះ។ ក្មេងប្រុសម្នាក់ខំពន្យល់ពីទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយឪពុកបង្កើតគាត់ ដោយនិយាយថា៖ «ម៉ាក់ កូនដឹងថាប៉ាបានធ្វើបាបម៉ាក់មែន ក៏ប៉ុន្តែ ប៉ាបានប្រព្រឹត្តល្អចំពោះខ្ញុំវិញ»! ទោះបីពាក្យបែបនេះគឺជាពិតត្រង់យ៉ាងណាក៏ដោយ នេះអាចធ្វើឲ្យម្ដាយម្នាក់តូចចិត្តចំពោះឪពុកកូននោះ។
ឪពុកចុងម្នាក់បានសារភាពថា៖ «ខ្ញុំមិនសូវបានប្រុងប្រៀបដើម្បីដោះស្រាយបញ្ហាទាំងប៉ុន្មាន ដែលទាក់ទងនឹងការចិញ្ចឹមអប់រំកូនចុងរបស់ខ្ញុំ។ ខ្ញុំបានចូលក្នុងកាលៈទេសៈនោះ ដោយគិតថាខ្ញុំជាឪពុករបស់គេ ពីព្រោះខ្ញុំបានរៀបការជាមួយម្ដាយគេ គឺដូចជាគ្មានអ្វីស្មុគស្មាញចំពោះខ្ញុំឡើយ! ខ្ញុំមិនបានយល់ការជំពាក់ចិត្តរបស់ពួកកូននោះចំពោះឪពុកបង្កើតរបស់គេ ហើយខ្ញុំបានមានកំហុសច្រើន»។
ការតានតឹងអាចកើតឡើង ជាពិសេសក្នុងរឿងប្រដៅកូន។ ពួកកូនត្រូវការការប្រៀនប្រដៅដោយសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែ ជាច្រើនដងគេប្រឆាំងនោះ ទោះបីមកពីឪពុកម្ដាយបង្កើតក៏ដោយ។ តើគឺជាការពិបាកជាងម្ល៉េះហ្ន៎ពេលដែលនោះមកពីឪពុកម្ដាយចុង! តាមធម្មតា ពេលដែលគេប្រឈមការប្រៀនប្រដៅបែបនេះ កូនចុងប្រហែលនឹងនិយាយថា៖ «អ្នកមិនមែនជាឪពុកខ្ញុំទេ»! តើសំដីបែបនេះអាចបញ្ឈឺចិត្តរបស់ឪពុកឬក៏ម្ដាយចុងដែលមានចេតនាល្អយ៉ាងណាទៅហ្ន៎!
តើពួកកូនអាចត្រូវចិញ្ចឹមអប់រំដោយជោគជ័យក្នុងក្រុមគ្រួសារចុងបានទេ? តើឪពុកម្ដាយចុងអាចមានតួនាទីដ៏វិជ្ជមានក្នុងការសាងសង់នូវក្រុមគ្រួសារចុងដ៏ជោគជ័យបានទេ? ចម្លើយចំពោះសំនួរទាំងពីរនោះគឺអាចធ្វើទៅបាន បើសិនជាអ្នកទាំងអស់ដែលទាក់ទងរឿងនេះប្រព្រឹត្តតាមឱវាទក្នុងព្រះបន្ទូលរបស់ព្រះ ដែលជា ព្រះគម្ពីរ។
[រូបភាពនៅទំព័រ៣]
«អ្នកមិនមែនជាឪពុកខ្ញុំទេ»!