បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៦ ទំ. ១៨-២២
  • ប្រសិទ្ធិពរពីព្រះយេហូវ៉ាទៅលើ«ស្រុក»របស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រសិទ្ធិពរពីព្រះយេហូវ៉ាទៅលើ«ស្រុក»របស់យើង
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទន្លេ​ហូរ​ចូល​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ
  • ប្រសិទ្ធិពរ​ដែល​ហូរ​មក​យ៉ាង​ខ្លាំង
  • ទឹក​នោះ​ក៏​នាំ​ឲ្យ​មាន​ជីវិត!
  • ទន្លេ​នេះ​ក៏​ហូរ​ចូល​សួន​មនោរម្យ
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៦ ទំ. ១៨-២២

ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា​ទៅ​លើ«ស្រុក»របស់​យើង

«ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ»។—អេសេគាល ៤៧:៩

១, ២. (ក) តើ​ទឹក​មាន​សារៈ​សំខាន់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ទឹក​នៅ​ក្នុង​ទន្លេ​នៃ​ចក្ខុនិមិត្ត​របស់​អេសេគាល​តំណាង​អ្វី?

ទឹក​គឺ​ជា​វត្ថុ​រាវ​ដ៏​អស្ចារ្យ​មែន។ ជីវិត​ទាំង​អស់​គឺ​ពឹង​ពាក់​លើ​ទឹក។ គ្មាន​យើង​ណា​ម្នាក់​អាច​នៅ​រស់​បាន​យូរ ដោយ​គ្មាន​ទឹក​ពិសា​នោះ​ឡើយ។ យើង​ក៏​ពឹង​ពាក់​លើ​ទឹក​សំរាប់​ការ​សំអាត​ដែរ ពី​ព្រោះ​ទឹក​អាច​រំលាយ​និង​លាង​អ្វី​ៗ​ដែល​មិន​ស្អាត។ ដូច្នេះ យើង​ដុស​លាង​ខ្លួន បោក​ខោ​អាវ ព្រម​ទាំង​លាង​អាហារ​របស់​យើង​ផង​ដែរ​នៅ​ក្នុង​ទឹក​នោះ។ ការ​ធ្វើ​បែប​នេះ ប្រហែល​ជា​អាច​សង្គ្រោះ​ជីវិត​របស់​យើង។

២ ព្រះ​គម្ពីរ​ប្រើ​ទឹក ដើម្បី​តំណាង​សំ​វិធានការ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ជីវិត។ (យេរេមា ២:១៣; យ៉ូហាន ៤:៧​-​១៥) សំ​វិធានការ​ទាំង​នេះ​រួម​បញ្ចូល​ការ​សំអាត​រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ និង​តាម​រយៈ​ចំណេះ​អំពី​ព្រះ ដែល​មាន​នៅ​ក្នុង​បន្ទូល​របស់​ទ្រង់។ (អេភេសូរ ៥:២៥​-​២៧) នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ នោះ​ទន្លេ​ដ៏​អព្ភូតហេតុ​ដែល​ហូរ​ចេញ​ពី​ព្រះ​វិហារ​នេះ ក៏​តំណាង​ប្រសិទ្ធិពរ​បែប​ហ្នឹង​ដែល​ផ្ដល់​ឲ្យ​ជីវិត។ ប៉ុន្តែ តើ​នៅ​ពេល​ណា​ដែល​ទន្លេ​នេះ​ហូរ​នោះ ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ?

ទន្លេ​ហូរ​ចូល​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ

៣. តើ​អេសេគាល​បាន​ពិសោធន៍​អ្វី ដូច​បាន​រាយ​ការណ៍​នៅ​អេសេគាល ៤៧:២​-​១២?

៣ ជា​ពួក​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ស្រុក​បាប៊ីឡូន នោះ​បណ្ដា​ជន​ទាំង​ឡាយ បាន​ត្រូវ​ការ​យ៉ាង​ខ្លាំង នូវ​សំ​វិធានការ​ពី​ព្រះ​យេហូវ៉ា។ បើ​អ៊ីចឹង តើ​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​អេសេគាល​ឃើញ​ទឹក​ស្រក់​តក់​ៗ​ក៏​ផុស​លេច​ឡើង​ពី​ទី​នោះ ហើយ​ហូរ​ចេញ​ពី​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​នេះ! ទេវតា​មួយ​អង្គ ក៏​វាស់​ចម្ងាយ​ព្រែក​នេះ​ឲ្យ​បាន​១.០០០​ហត្ថ​ៗ​រហូត។ ជម្រៅ​ព្រែក​នេះ​គឺ​មាន​ពី​ត្រឹម​ភ្នែក​គោល​ដល់​ត្រឹម​ក្បាល​ជង្គង់ ក្រោយ​ដល់​ត្រឹម​ចង្កេះ ហើយ​ទៅ​ជា​ទន្លេ​ដែល​តម្រូវ​ឲ្យ​ហែល។ ទន្លេ​នេះ​នាំ​ឲ្យ​មាន​ជីវិត​និង​ភាព​មាន​ជីវជាតិ។ (អេសេគាល ៤៧:២​-​១១) អេសេគាល​គឺ​បាន​ត្រូវ​ប្រាប់​ថា៖ «ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សំរាប់​ជា​អាហារ»។ (អេសេគាល ៤៧:១២​ក) កាល​ដែល​ទន្លេ​នេះ​ហូរ​ចូល​សមុទ្រ​ស្លាប់ ជា​ទឹក​ដែល​គ្មាន​ជីវជាតិ នោះ​ជីវិត​ក៏​កើត​មាន​ឡើង! មាន​ត្រី​ច្រើន​ឥត​គណនា។ ឧស្សាហកម្ម​នេសាទ​ត្រី​ក៏​ចំរើន​លូត​លាស់​ឡើង។

៤, ៥. តើ​តាម​របៀប​ណា​ដែល​ទំនាយ​របស់​យ៉ូអែល ស្តី​អំពី​ទន្លេ​មួយ​ដូច​នឹង​ទំនាយ​អេសេគាល​នោះ ហើយ​ហេតុ​អ្វី​ក៏​នេះ​មាន​សារៈ​សំខាន់?

៤ ទំនាយ​ដ៏​ល្អ​នេះ ប្រហែល​ជា​បាន​រំឭក​ពួក​និរទេស​សាសន៍​យូដា អំពី​ទំនាយ​មួយ​ទៀត ដែល​បាន​កត់​ទុក​ជាង​ពីរ​សតវត្ស​មុន​នោះ ដែល​ថា៖ «ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​មក​ស្រោច​ស្រព​ច្រក​ភ្នំ​ស៊ីទីម»។a (យ៉ូអែល ៣:១៨) ទំនាយ​របស់​យ៉ូអែល ដូច​ទំនាយ​របស់​អេសេគាល ក៏​ទាយ​ប្រាប់​ថា​នឹង​មាន​ទន្លេ​មួយ ដែល​នឹង​ហូរ​ចេញ​ពី​ដំណាក់​របស់​ព្រះ គឺ​ព្រះ​វិហារ ហើយ​នាំ​ឲ្យ​មាន​ជីវិត​ដល់​ទី​កន្លែង​ហួត​ហែង។

៥ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ពន្យល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ទំនាយ​របស់​យ៉ូអែល គឺ​កំពុង​តែ​សម្រេច​នៅ​សម័យ​យើង​នេះ។b បើ​អ៊ីចឹង យ៉ាង​ប្រាកដ​ណាស់ នេះ​ក៏​ជា​ការ​ពិត​ចំពោះ​ចក្ខុនិមិត្ត​របស់​អេសេគាល​ដែរ ដែល​ស្រដៀង​នេះ។ នៅ​ក្នុង​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ​នៃ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ដូច​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ នោះ​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា​ក៏​ពិត​ជា​បាន​ហូរ​មក​ដែរ។

ប្រសិទ្ធិពរ​ដែល​ហូរ​មក​យ៉ាង​ខ្លាំង

៦. តើ​ការ​ប្រោះ​ឈាម​លើ​អាសនៈ​ក្នុង​ចក្ខុនិមិត្ត​នេះ គួរ​រំឭក​ពួក​យូដា​អំពី​អ្វី?

៦ តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​ពរ​ដែល​មក​លើ​រាស្ត្រ​របស់​ព្រះ ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ? សូម​កត់​សម្គាល់​ថា ទឹក​ហូរ​ចេញ​ពី​ព្រះ​វិហារ​របស់​ព្រះ។ សព្វ​ថ្ងៃ​នេះ​ដូច​អ៊ីចឹង​ដែរ ពរ​គឺ​មក​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​ជា​របៀប​រៀបចំ​សំរាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ចក្ខុនិមិត្ត​របស់​អេសេគាល ក៏​បន្ថែម​នូវ​ចំណុច​ដ៏​សំខាន់​មួយ​ទៀត។ នៅ​ក្នុង​ទី​លាន​ខាង​ក្នុង នោះ​មាន​ទឹក​ហូរ​កាត់​អាសនៈ គឺ​ពី​ខាង​ត្បូង។ (អេសេគាល ៤៧:១) អាសនៈ​នេះ​គឺ​នៅ​ពាក់​កណ្ដាល​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត។ ព្រះ​យេហូវ៉ា​ពណ៌នា​យ៉ាង​ប្រយ័ត្ន​ប្រយែង​ប្រាប់​អេសេគាល ហើយ​បង្គាប់​ឲ្យ​ប្រោះ​ឈាម​ពី​យញ្ញ​បូជា​មួយ​លើ​អាសនៈ​នោះ។ (អេសេគាល ៤៣:១៣​-​១៨, ២០) អាសនៈ​នោះ​មាន​អត្ថន័យ​យ៉ាង​សំខាន់​ចំពោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់។ កិច្ច​ព្រម​ព្រៀង​របស់​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​សុពលភាព​ជា​យូរ​យារ​មក​ហើយ ពេល​ដែល​ម៉ូសេ​បាន​ប្រោះ​ឈាម​លើ​អាសនៈ​មួយ នៅ​ជើង​ភ្នំ​ស៊ីណាយ។ (និក្ខមនំ ២៤:៤​-​៨) ការ​ប្រោះ​ឈាម​លើ​អាសនៈ​ក្នុង​ចក្ខុនិមិត្ត​នេះ គួរ​រំឭក​គេ​ថា ក្រោយ​ពី​គេ​បាន​ត្រឡប់​ទៅ​ស្រុក​ដែល​ស្ដារ​ឡើង​វិញ​ហើយ នោះ​ពរ​របស់​ព្រះ​យេហូវ៉ា​នឹង​ហូរ​មក ឲ្យ​តែ​គេ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​គេ​ជា​មួយ​នឹង​ទ្រង់។—ចោទិយកថា ២៨:១​-​១៤

៧. តើ​អត្ថន័យ​អ្វី​ដែល​ពួក​គ្រីស្ទាន​រក​ឃើញ​សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​អាសនៈ​ជា​និមិត្តរូប​នេះ?

៧ ស្រដៀង​គ្នា​ដែរ រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ បាន​ត្រូវ​ទទួល​ពរ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ ដ៏​ជា​ប្រសើរ​ជាង គឺ​កិច្ច​ព្រម​ព្រៀង​ថ្មី។ (យេរេមា ៣១:៣១​-​៣៤) កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​សុពលភាព​ជា​យូរ​យារ​មក​ហើយ​ដោយ​ឈាម គឺ​ជា​ឈាម​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ហេព្រើរ ៩:១៥​-​២០) សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​នៅ​ក្នុង​ចំណោម​ពួក​ចាក់​ប្រេង​តាំង ដែល​មាន​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ឬ​ក៏​យើង​នៅ​ក្នុង​ចំណោម«ចៀម​ឯ​ទៀត» ដែល​ជា​អ្នក​ទទួល​ប្រយោជន៍​ពី​នោះ​វិញ នោះ​យើង​រក​ឃើញ​នូវ​អត្ថន័យ​រុង​រឿង​នៅ​ក្នុង​អាសនៈ​ជា​និមិត្តរូប​នេះ។ នេះ​គឺ​តំណាង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​ជាប់​ទាក់​ទង​នឹង​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ។ (យ៉ូហាន ១០:១៦; ហេព្រើរ ១០:១០) ដូច​ជា​អាសនៈ​ជា​និមិត្តរូប​គឺ​នៅ​ពាក់​កណ្ដាល​ព្រះ​វិហារ​ខាង​វិញ្ញាណ នោះ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ ក៏​ជា​សារ:សំខាន់​បំផុត ចំពោះ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ដែរ។ នេះ​ជា​មូលដ្ឋាន​សំរាប់​ការ​អត់​ឱន​ទោស​បាប​របស់​យើង ដូច្នេះ​ហើយ​គឺ​សំរាប់​សេចក្ដី​សង្ឃឹម​ទាំង​អស់​របស់​យើង​ចំពោះ​អនាគត។ (យ៉ូហាន​ទី​១ ២:២) ដូច្នេះ​យើង​ខំ​រស់​នៅ​តាម​ក្រិត្យ​វិន័យ ដែល​ជាប់​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ថ្មី គឺ«ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។ (កាឡាទី ៦:២) ឲ្យ​តែ​យើង​ខំ​ធ្វើ​ដូច​នេះ យើង​នឹង​ទទួល​ប្រយោជន៍​ពី​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត។

៨. (ក) តើ​ខ្វះ​អ្វី​នៅ​ទី​លាន​ខាង​ក្នុង​នៃ​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​នេះ? (ខ) តើ​តាម​រយៈ​អ្វី​ដែល​ពួក​សង្ឃ​នៅ​ក្នុង​ព្រះ​វិហារ​ជា​ចក្ខុនិមិត្ត​នេះ​អាច​សំអាត​ខ្លួន​គេ?

៨ ផល​ប្រយោជន៍​មួយ គឺ​ឋានៈ​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត នោះ​ទី​លាន​ខាង​ក្នុង​គឺ​ឥត​មាន​អ្វី​មួយ​ដែល​គេ​ធ្លាប់​ឃើញ​ស្តែង​នៅ​ក្នុង​ទី​លាន​នៃ​ត្រសាល​សំរាប់​ធ្វើ​សក្ការៈ និង​នៅ​ក្នុង​ព្រះ​វិហារ​របស់​សាឡូម៉ូន គឺ​អាង ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​សមុទ្រ​មួយ សំរាប់​ឲ្យ​ពួក​សង្ឃ​ដុស​លាង​ខ្លួន។ (និក្ខមនំ ៣០:១៨​-​២១; របាក្សត្រ​ទី​២ ៤:២​-​៦) តើ​អ្វី​ដែល​ពួក​សង្ឃ​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល នោះ​អាច​ប្រើ​សំរាប់​ការ​ដុស​លាង​អ៊ីចឹង? គឺ​ជ្រោះ​ដ៏​អព្ភូតហេតុនេះ ដែល​កំពុង​ហូរ​កាត់​ទី​លាន​ខាង​ក្នុង! ត្រូវ​ហើយ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ឲ្យ​គេ​មាន​ឋានៈ​ស្អាត​ស្អំ ឬ​ដ៏​បរិសុទ្ធ។

៩. តើ​តាម​របៀប​ណា​ដែល​ពួក​ចាក់​ប្រេង​តាំង​និង​ពួក​អ្នក​នៃ​ហ្វូង​ធំ អាច​មាន​ឋានៈ​ស្អាត​ស្អំ​សព្វ​ថ្ងៃ​នេះ?

៩ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ដែល​ពួក​ចាក់​ប្រេង​តាំង​បាន​ទទួល​ពរ​ឲ្យ​មាន​ឋានៈ​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​អ្នក​បរិសុទ្ធ ក៏​រាប់​ពួក​គេ​ជា​អ្នក​សុចរិត។ (រ៉ូម ៥:១, ២) ចុះ​យ៉ាង​ណា​វិញ​ចំពោះ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដែល​បាន​ត្រូវ​តំណាង​ដោយ​កុលសម្ព័ន្ធ​មិន​មែន​ខាង​ពួក​សង្ឃ​នោះ? ពួក​គេ​ថ្វាយ​បង្គំ​នៅ​ទី​លាន​ខាង​ក្រៅ ហើយ​ព្រែក​ដដែល​នេះ​ក៏​ហូរ​កាត់​តាម​កន្លែង​នោះ​ដែរ​នៃ​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត។ ដូច្នេះ គឺ​សម​ហេតុ​ផល ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​ពួក​ហ្វូង​ធំ​ពាក់​អាវ​ស​វែង​យ៉ាង​ស្អាត​ស្អំ កាល​ដែល​គេ​ថ្វាយ​បង្គំ​នៅ​ឯ​ទី​លាន​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ! (វិវរណៈ ៧:៩​-​១៤) ទោះ​បី​បាន​ត្រូវ​ប្រព្រឹត្ត​មក​លើ​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​លោកីយ៍​ដ៏​ថោក​ទាប​នេះ នោះ​គេ​អាច​ដឹង​ប្រាកដ​ថា ឲ្យ​តែ​គេ​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​យេហូវ៉ា​ចាត់​ទុក​គេ​ជា​ទី​ស្អាត​ស្អំ​និង​បរិសុទ្ធ​ដែរ។ តើ​គេ​អនុវត្ត​ជំនឿ​យ៉ាង​ដូច​ម្ដេច? ដោយ​ធ្វើ​តាម​លំអាន​ដាន​នៃ​ព្រះ​យេស៊ូ ដោយ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​យញ្ញ​បូជា​លោះ​នេះ។—ពេត្រុស​ទី​១ ២:២១

១០, ១១. តើ​ទឹក​ជា​និមិត្តរូប​មាន​លក្ខណៈ​សំខាន់​អ្វី ហើយ​តើ​នេះ​មាន​ការ​ទាក់​ទង​យ៉ាង​ណា​ដល់​ការ​ពង្រីក​នៃ​ទន្លេ​ដ៏​ធំ​នេះ?

១០ ដូច​បាន​ពណ៌នា​រួច​មក​ហើយ គឺ​មាន​លក្ខណៈ​ដ៏​សំខាន់​មួយ​ទៀត​នៃ​ទឹក​ជា​និមិត្តរូប​នេះ គឺ​ជា​ចំណេះ​ដឹង។ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ពរ​ដល់​រាស្ត្រ​ទ្រង់ ដោយ​បង្ហាត់​បង្រៀន​ពី​បទ​គម្ពីរ តាម​រយៈ​គណៈ​ពួក​សង្ឃ។ (អេសេគាល ៤៤:២៣) តាម​របៀប​ដែល​អាច​ប្រៀប​ធៀប​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ​រាស្ត្រ​ទ្រង់​សព្វ​ថ្ងៃ ដោយ​មាន​សេចក្ដី​បង្រៀន​ជា​ច្រើន​អំពី​បន្ទូល​ទ្រង់​ខាង​ឯ​សេចក្ដី​ពិត តាម​រយៈ«ពួក​សង្ឃ​ហ្លួង»។ (ពេត្រុស​ទី​១ ២:៩) ចំណេះ​អំពី​ព្រះ​យេហូវ៉ា អំពី​គោល​បំណង​របស់​ទ្រង់​សំរាប់​មនុស្ស​លោក ហើយ​ជា​ពិសេស​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី បាន​ហូរ​ចូល​ជា​ទន្លេ​ដែល​ហូរ​កាន់​តែ​ធំ​ឡើង ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ សេចក្ដី​លំហើយ​ខាង​វិញ្ញាណ​ដែល​យើង​កំពុង​តែ​ទទួល ដែល​ហូរ​មក​រឹត​តែ​ជ្រៅ​ឡើង​ៗ នោះ​ជា​ទី​អស្ចារ្យ​មែន!—ដានីយ៉ែល ១២:៤

១១ ដូច​ជា​ទន្លេ​ដែល​ទេវតា​បាន​វាស់ បាន​ទៅ​ជា​ជ្រៅ​ឡើង​ៗ នោះ​ការ​ហូរ​មក​នៃ​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​ឲ្យ​ជីវិត ក៏​បាន​កើន​ឡើង​ៗ​យ៉ាង​អស្ចារ្យ​ដែរ ដើម្បី​ទទួល​យក​មនុស្ស​យ៉ាង​ច្រើន ឲ្យ​ចូល​ស្រុក​ខាង​វិញ្ញាណ​របស់​យើង​ដែល​បាន​ទទួល​ពរ​នោះ។ ទំនាយ​មួយ​ទៀត​អំពី​ការ​ស្ដារ​ឡើង​វិញ ក៏​បាន​ទាយ​ប្រាប់​ថា៖ «អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់»។ (អេសាយ ៦០:២២) ពាក្យ​ទាំង​នេះ​បាន​សម្រេច​យ៉ាង​ពិត​មែន គឺ​មនុស្ស​រាប់​លាន​នាក់​បាន​មក​ចូល​រួម​ជា​មួយ​នឹង​យើង​ក្នុង​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ! ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន«ទឹក»ច្រើន​ក្រៃ​លែង សំរាប់​អស់​អ្នក​ដែល​បែរ​មក​រក​ទ្រង់។ (វិវរណៈ ២២:១៧) ទ្រង់​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ នឹង​ចែក​ចាយ​ព្រះ​គម្ពីរ​និង​ឧបករណ៍​ផ្សាយ​ខាង​ព្រះ​គម្ពីរ​ពាស​ពេញ​ពិភព​លោក ដែល​មាន​រាប់​រយ​ភាសា។ ស្រដៀង​គ្នា​ដែរ កិច្ច​ប្រជុំ​គ្រីស្ទាន​និង​មហា​សន្និបាត បាន​ត្រូវ​រៀបចំ​ទូទាំង​ពិភព​លោក ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​បាន​នូវ​ទឹក​ដ៏​ថ្លា​នៃ​សេចក្ដី​ពិត។ តើ​សំ​វិធានការ​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស?

ទឹក​នោះ​ក៏​នាំ​ឲ្យ​មាន​ជីវិត!

១២. (ក) ហេតុ​អ្វី​ក៏​ដើម​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល អាច​បង្កើត​ផល​ដូច្នេះ? (ខ) តើ​អ្វី​ដែល​បាន​ត្រូវ​តំណាង​ដោយ​ដើម​ឈើ​ដែល​មាន​ផ្លែ​នេះ ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ?

១២ ទន្លេ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល ក៏​នាំ​ឲ្យ​មាន​ជីវិត​និង​សុខភាព។ នៅ​ពេល​ដែល​អេសេគាល​ដឹង​អំពី​ដើម​ឈើ ដែល​នឹង​ដុះ​តាម​មាត់​ទន្លេ​នេះ នោះ​គាត់​បាន​ត្រូវ​ប្រាប់​ថា៖ «ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ . . . ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សំរាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សំរាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ»។ ហេតុ​អ្វី​ក៏​ដើម​ឈើ​ទាំង​នេះ​បង្កើត​ផល​តាម​របៀប​ដ៏​អស្ចារ្យ​ម្ល៉េះ? «ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក»។ (អេសេគាល ៤៧:១២​ខ) ដើម​ឈើ​ជា​និមិត្តរូប​ទាំង​នេះ គឺ​តំណាង​សំ​វិធានការ​ទាំង​អស់​របស់​ព្រះ សំរាប់​ការ​ស្ដារ​មនុស្ស​ឡើង​វិញ​ឲ្យ​បាន​គ្រប់ល័ក្ខណ៍ ដែល​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ នៅ​លើ​ផែនដី​នៅ​គ្រា​នេះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ គឺ​នាំ​មុខ​ក្នុង​ការ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​និង​ការ​ប្រោស​ឲ្យ​ជា។ ក្រោយ​ពី​ពួក​១៤៤.០០០​នាក់​បាន​ទទួល​រង្វាន់​របស់​គេ​នៅ​ស្ថាន​សួគ៌ នោះ​ផល​ប្រយោជន៍​ពី​កិច្ច​បំរើ​របស់​គេ​ជា​ពួក​សង្ឃ ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ នឹង​បន្ត​ទៅ​អនាគត ដែល​នៅ​ក្រោយ​បំផុត គឺ​នាំ​ឲ្យ​មាន​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់​ពី​អ័ដាម។—វិវរណៈ ៥:៩, ១០; ២១:២​-​៤

១៣. តើ​ការ​ប្រោស​ឲ្យ​ជា​អ្វី ដែល​បាន​សម្រេច​ក្នុង​កំឡុង​សម័យ​យើង​នេះ?

១៣ ទន្លេ​ដែល​នៅ​ក្នុង​ចក្ខុនិមិត្ត​ក៏​ហូរ​ចូល​សមុទ្រ​ស្លាប់ ហើយ​បាន​ប្រោស​ឲ្យ​ជា​នូវ​គ្រប់​ទាំង​អស់​ដែល​ប៉ះ​នោះ។ សមុទ្រ​នេះតំណាង​បរិយាកាស​ស្លាប់​ខាង​វិញ្ញាណ។ ប៉ុន្តែ​មាន​ជីវិត​រស់​រវើក«នៅ​គ្រប់​កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ»។ (អេសេគាល ៤៧:៩) ស្រដៀង​គ្នា​ដែរ នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ មនុស្ស​ក៏​មាន​ជីវិត​ឡើង​វិញ​ខាង​វិញ្ញាណ នៅ​កន្លែង​ណា​ដែល​ទឹក​ជីវិត​នេះ​ជ្រាប​ចូល។ ពួក​ដំបូង​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​នោះ ក៏​បាន​ជា​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​នៅ​ឆ្នាំ​១៩១៩។ ពួក​គេ​មាន​ជីវិត​រស់​ឡើង​វិញ​ខាង​វិញ្ញាណ ពី​សភាព​អសកម្ម​ដែល​ដូច​ស្លាប់​នោះ។ (អេសេគាល ៣៧:១​-​១៤; វិវរណៈ ១១:៣, ៧​-​១២) ទឹក​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​នេះ ក៏​បាន​ហូរ​ដល់​ពួក​អ្នក​ស្លាប់​ឯ​ទៀត​ខាង​វិញ្ញាណ ហើយ​ពួក​ទាំង​នេះ​ក៏​មាន​ជីវិត​ឡើង​វិញ ហើយ​បាន​បង្កើត​ពួក​ហ្វូង​ធំ​នៃ​ចៀម​ឯ​ទៀត​ដែល​ស្រឡាញ់​និង​បំរើ​ព្រះ​យេហូវ៉ា ហើយ​កើន​កាន់​ច្រើន​ឡើង​ៗ។ មិន​យូរ​ប៉ុន្មាន​ទៀត សំ​វិធានការ​នេះ​នឹង​ហុច​ឲ្យ​ពួក​មនុស្ស​ជា​ច្រើន ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

១៤. តើ​ឧស្សាហកម្ម​នេសាទ​ត្រី ដែល​រីក​ចំរើន​តាម​ឆ្នេរ​សមុទ្រ​ស្លាប់ នោះ​បង្ហាញ​យ៉ាង​ល្អ​អំពី​អ្វី​សព្វ​ថ្ងៃ​នេះ?

១៤ ភាព​ក្លៀវ​ក្លា​ខាង​វិញ្ញាណ​នាំ​ឲ្យ​មាន​សមត្ថភាព​បង្កើត​ផល។ នេះ​គឺ​បាន​បង្ហាញ​ដោយ​ឧស្សាហកម្ម​នេសាទ​ត្រី ដែល​រីក​ចំរើន​តាម​ឆ្នេរ​សមុទ្រ ដែល​ពី​ដើម​ឥត​មាន​សកម្មភាព​នោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «ខ្ញុំ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ (ម៉ាថាយ ៤:១៩) នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ កិច្ច​ការ​នេសាទ​ត្រី​បាន​ចាប់​ផ្ដើម ដោយ​ការ​ប្រមូល​ពួក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ ប៉ុន្តែ​មិន​គ្រាន់​តែ​ប៉ុណ្ណោះ​ទេ។ ទឹក​ពី​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ដែល​ផ្ដល់​ឲ្យ​ជីវិត​ហើយ​រួម​បញ្ចូល​ប្រសិទ្ធិពរ​ជា​ចំណេះ​ត្រឹម​ត្រូវ មាន​ឥទ្ធិពល​លើ​មនុស្ស​ពី​គ្រប់​សាសន៍។ កន្លែង​ណា​ក៏​ដោយ​ដែល​ទន្លេ​នេះ​ហូរ​ដល់ នោះ​ជា​លទ្ធផល​នឹង​មាន​ជីវិត​ខាង​វិញ្ញាណ។

១៥. តើ​អ្វី​ដែល​បង្ហាញ​ថា មិន​មែន​មនុស្ស​គ្រប់​គ្នា​នឹង​ព្រម​ទទួល​សំ​វិធានការ​របស់​ព្រះ​ចំពោះ​ជីវិត ហើយ​តើ​លទ្ធផល​ចុង​ក្រោយ​របស់​ពួក​នេះ​នឹង​បាន​យ៉ាង​ដូច​ម្ដេច?

១៥ ប្រាកដ​ហើយ ពេល​ឥឡូវ​ក៏​មិន​មែន​សំរាប់​មនុស្ស​ទាំង​អស់​ទេ ដែល​ព្រម​ទទួល​សារ​នៃ​ជីវិត។ ហើយ​មនុស្ស​ទាំង​អស់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក្នុង​កំឡុង​សហស្សវត្ស​នៃ​ការ​សោយ​រាជ្យ​របស់​ព្រះ​គ្រីស្ទ ក៏​នឹង​មិន​ទទួល​ព្រម​សារ​នៃ​ជីវិត​ដែរ។ (អេសាយ ៦៥:២០; វិវរណៈ ២១:៨) ទេវតា​ប្រកាស​ថា ចំណែក​ខ្លះ​ៗ​នៃ​សមុទ្រ​នេះ នឹង​មិន​បាន​ជា​ទេ។ ទី​ល្បាប់​និង​កន្លែង​ឥត​ជីវិត​នេះ គឺ«ទុក​សំរាប់​ធ្វើ​អំបិល»។ (អេសេគាល ៤៧:១១) ចំពោះ​មនុស្ស​នៅ​សម័យ​យើង​នេះ មិន​មែន​មនុស្ស​គ្រប់​គ្នា​នឹង​ទទួល​យក​ទឹក​របស់​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​ជីវិត ដែល​គេ​បាន​ប្រគល់​ឲ្យ​នោះ​ទេ។ (អេសាយ ៦:១០) នៅ​ឯ​អើម៉ាគេដូន អស់​អ្នក​ដែល​បាន​សម្រេច​ចិត្ត​ចង់​នៅ​ក្នុង​ស្ថានភាព​ឥត​ជីវិត​និង​ឈឺ​ខាង​វិញ្ញាណ នោះ​នឹង​ទុក​សំរាប់​ធ្វើ​អំបិល គឺ​ថា​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ជា​និរន្តរ៍។ (វិវរណៈ ១៩:១១​-​២១) ប៉ុន្តែ អស់​អ្នក​ដែល​បាន​ពិសា​ទឹក​ទាំង​នេះ​យ៉ាង​ស្មោះ​ត្រង់ នោះ​អាច​សង្ឃឹម​នឹង​បាន​រស់​រាន​មាន​ជីវិត និង​ឃើញ​នូវ​សេចក្ដី​សម្រេច​ចុង​បំផុត​នៃ​ទំនាយ​នេះ។

ទន្លេ​នេះ​ក៏​ហូរ​ចូល​សួន​មនោរម្យ

១៦. តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល នឹង​បាន​សម្រេច​នៅ​ចុង​ក្រោយ​នោះ?

១៦ ដូច​ទំនាយ​ឯ​ទៀត​អំពី​ការ​ស្ដារ​ឡើង​វិញ នោះ​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ព្រះ​វិហារ ក៏​ឃើញ​មាន​ការ​សម្រេច​ចុង​ក្រោយ​ក្នុង​កំឡុង​សហស្សវត្ស​ដែរ។ រួច​មក ក្រុម​ពួក​សង្ឃ​នឹង​មិន​នៅ​លើ​ផែនដី​ទៀត​ឡើយ។ «អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ នឹង​ព្រះ​គ្រីស្ទ ហើយ​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់[នៅ​ស្ថាន​សួគ៌]អស់​១​ពាន់​ឆ្នាំ»។ (វិវរណៈ ២០:៦) ពួក​សង្ឃ​ទាំង​នេះ​ដែល​នៅ​ស្ថាន​សួគ៌​នឹង​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ក្នុង​ការ​ចាត់​ចែង​ឲ្យ​បាន​ពេញ​លេញ​នូវ​ផល​ប្រយោជន៍​ពី​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ ដូច្នេះ​ហើយ​មនុស្ស​លោក​ដ៏​សុចរិត​នឹង​បាន​ត្រូវ​សង្គ្រោះ នឹង​បាន​ស្ដារ​ឡើង​វិញ​ឲ្យ​បាន​គ្រប់ល័ក្ខណ៍។—យ៉ូហាន ៣:១៧

១៧, ១៨. (ក) តើ​ទន្លេ​ដែល​ផ្ដល់​ឲ្យ​ជីវិត បាន​ពណ៌នា​យ៉ាង​ណា​នៅ​ក្នុង​វិវរណៈ ២២:១, ២ ហើយ​តើ​នៅ​ពេល​ណា​ជា​គ្រា​សំខាន់​បំផុត​នៃ​ការ​អនុវត្ត​សំរាប់​ចក្ខុនិមិត្ត​នេះ? (ខ) នៅ​ក្នុង​សួន​មនោរម្យ ហេតុ​អ្វី​ក៏​ទន្លេ​ទឹក​ជីវិត​នឹង​ឃើញ​គ្រា​នៃ​ការ​ពង្រីក?

១៧ នេះ​មាន​សេចក្ដី​ថា ទន្លេ​ដែល​អេសេគាល​បាន​ឃើញ នៅ​ពេល​នោះ​ឯង​នឹង​ហូរ​ដោយ​មាន​ទឹក​ជីវិត​ដ៏​ខ្លាំង​បំផុត។ នេះ​ជា​គ្រា​សំខាន់​បំផុត​ចំពោះ​ការ​អនុវត្តន៍​នៃ​ទំនាយ ដែល​បាន​កត់​ទុក​នៅ​វិវរណៈ ២២:១, ២ ដែល​ថា៖ «ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ឯ​នៅ​កណ្ដាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្ដង​ៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា»។

១៨ នៅ​ក្នុង​កំឡុង​សហស្សវត្ស នោះ​ជម្ងឺ​ទាំង​អស់ ខាង​រូប​កាយ គំនិត និង​ខាង​ផ្លូវ​ចិត្ត នឹង​បាន​ត្រូវ​ជា​ហើយ។ នេះ​បាន​តំណាង​យ៉ាង​ល្អ​ដោយ​ធ្វើ«អស់​ទាំង​សាសន៍​ឲ្យ​ជា» តាម​រយៈ​ដើម​ឈើ​ជា​និមិត្តរូប​នេះ។ ដោយ​ព្រោះ​សំ​វិធានការ​ដែល​បាន​ត្រូវ​ចាត់​ចែង​ដោយ​ព្រះ​គ្រីស្ទ និង​ពួក​១៤៤.០០០​នាក់ នោះ«ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ»។ (អេសាយ ៣៣:២៤) ហើយ​ទន្លេ​នេះ​នឹង​មក​ដល់​គ្រា​នៃ​ការ​ហូរ​ពង្រីក​ដ៏​ធំ​បំផុត។ ទន្លេ​នេះ​នឹង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ធំ​និង​ឲ្យ​បាន​ជ្រៅ​ឡើង ដើម្បី​ទទួល​មនុស្ស​ជា​ច្រើន​លាន​នាក់ ប្រហែល​ជា​មនុស្ស​រាប់​រយ​កោដិ​នាក់​ផង គឺ​ពួក​មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដែលនឹង​ពិសា​ទឹក​ជីវិត​ដ៏​បរិសុទ្ធ​នេះ។ ទន្លេ​ដែល​នៅ​ក្នុង​ចក្ខុនិមិត្ត នោះ​បាន​ធ្វើ​ឲ្យ​សមុទ្រ​ស្លាប់​បាន​ជា​វិញ ដោយ​នាំ​ឲ្យ​មាន​ជីវិត​ពេល​ទឹក​នេះ​ហូរ​ដល់​ទី​នោះ។ នៅ​ក្នុង​សួន​មនោរម្យ នោះ​ពួក​បុរស​និង​ស្ត្រី​នឹង​ទទួល​ជីវិត​បាន​ពេញ​លេញ ដោយ​បាន​ជា​ពី​សេចក្ដី​ស្លាប់​ជា​មរតក​ពី​អ័ដាម បើ​សិន​ជា​គេ​អនុវត្ត​ជំនឿ​លើ​ផល​ប្រយោជន៍​នៃ​តម្លៃ​លោះ ដែល​ធ្វើ​ឲ្យ​មាន​សំរាប់​គេ​នោះ។ វិវរណៈ ២០:១២ ទាយ​ប្រាប់​ទុក​ជា​មុន​ថា «បញ្ជី»នឹង​បើក​ឡើង​នៅ​ក្នុង​គ្រា​នោះ ដែល​នឹង​ផ្ដល់​នូវ​ពន្លឺ​ឲ្យ​បាន​យល់​ថែម​ទៀត ដែល​ពួក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ទទួល​ប្រយោជន៍​ពី​នោះ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ សូម្បី​តែ​នៅ​ក្នុង​សួន​មនោរម្យ មនុស្ស​ខ្លះ​នឹង​មិន​ចង់​បាន​ឲ្យ​ជា​នោះ​ទេ។ ពួក​បះ​បោរ​ទាំង​នេះ​គឺ​ជា​ពួក​ដែល​នឹង«ទុក​សំរាប់​ធ្វើ​អំបិល» គឺ​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច។—វិវរណៈ ២០:១៥

១៩. (ក) តើ​តាម​របៀប​ណា​ដែល​ការ​បែង​ចែក​ដី នឹង​បាន​សម្រេច​ក្នុង​សួន​មនោរម្យ? (ខ) តើ​មាន​អ្វី​ដែល​សំខាន់​ក្នុង​សួន​មនោរម្យ ដែល​បាន​តំណាង​ដោយ​ទី​ក្រុង​នោះ? (គ) តើ​មាន​សារៈ​សំខាន់​យ៉ាង​ណា ដោយ​ថា​ទី​ក្រុង មាន​កន្លែង​ឆ្ងាយ​ពី​ព្រះ​វិហារ​នោះ?

១៩ ម្យ៉ាង​ទៀត​នៅ​គ្រា​នោះ ការ​បែង​ចែក​ដី​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល នឹង​បាន​សម្រេច​ផ្ដាច់​ព្រ័ត្រ​ដែរ។ អេសេគាល​បាន​ឃើញ​ដី​បាន​ត្រូវ​បែង​ចែក​យ៉ាង​ត្រឹម​ត្រូវ ដូច្នេះ​ដែរ គ្រីស្ទាន​ស្មោះ​ត្រង់​ម្នាក់​ៗ​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​នឹង​មាន​កន្លែង ដែល​ជា​មរតក​នៅ​ក្នុង​សួន​មនោរម្យ។ ប្រហែល​ជា សេចក្ដី​ប្រាថ្នា​ឲ្យ​មាន​ផ្ទះ​រស់​នៅ​របស់​ខ្លួន ដែល​ត្រូវ​មើល​ថែ​រក្សា​នឹង​បាន​សម្រេច​តាម​របៀប​ដ៏​រៀប​រយ​ហើយ។ (អេសាយ ៦៥:២១; កូរិនថូស​ទី​១ ១៤:៣៣) ទី​ក្រុង​ដែល​អេសេគាល​បាន​ឃើញ តំណាង​យ៉ាង​សម​ហេតុ​ផល​នូវ​ការ​រៀបចំ​ជា​អភិបាល ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​រៀប​សំរាប់​ផែនដី​ថ្មី។ ក្រុម​ពួក​សង្ឃ​ចាក់​ប្រេង​តាំង នឹង​មិន​មាន​វត្តមាន​ខាង​រូប​កាយ​ទៀត​ទេ​ក្នុង​ចំណោម​មនុស្ស​លោក។ ចក្ខុនិមិត្ត​នេះ​បញ្ជាក់​អ៊ីចឹង ដោយ​តំណាង​ក្រុង​នេះ​នៅ​លើ​ដី«សាមញ្ញ​ធម្មតា» ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រះ​វិហារ។ (អេសេគាល ៤៨:១៥; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) កាល​ដែល​ពួក​១៤៤.០០០​នាក់​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌ នោះ​មិន​មាន​សេចក្ដី​ថា ស្តេច​នេះ​ឥត​មាន​អ្នក​តំណាង​នៅ​លើ​ផែនដី​ឡើយ។ មនុស្ស​លោក​ជា​អនុ​រាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​ប្រយោជន៍​បាន​យ៉ាង​ច្រើន ពី​ការ​ណែនាំ​និង​ការ​ដឹក​នាំ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គណៈ​ចៅហ្វាយ។ ក៏​ប៉ុន្តែ ទី​តាំង​ពិត​នៃ​រដ្ឋាភិបាល​គឺ​នៅ​លើ​ស្ថាន​សួគ៌ មិន​មែន​នៅ​លើ​ផែនដី​នេះ​ទេ។ មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី រួម​បញ្ចូល​គណៈ​ចៅហ្វាយ នឹង​ចុះ​ចូល​ចំពោះ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។—ដានីយ៉ែល ២:៤៤; ៧:១៤, ១៨, ២២

២០, ២១. (ក) ហេតុ​អ្វី​ក៏​ឈ្មោះ​ទី​ក្រុង​គឺ​សម​ហេតុ​ផល? (ខ) តើ​សំនួរ​អ្វី​ខ្លះ​ដែល​ការ​យល់​ចក្ខុនិមិត្ត​របស់​អេសេគាល គួរ​បណ្ដាល​ឲ្យ​យើង​សួរ​ខ្លួន​នោះ?

២០ ចូរ​កត់​សម្គាល់​នូវ​ពាក្យ​ចុង​បញ្ចប់​ក្នុង​ទំនាយ​របស់​អេសេគាល ដែល​ថា៖ «តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ»។ (អេសេគាល ៤៨:៣៥) ទី​ក្រុង​នេះ​នឹង​មិន​មាន​វត្តមាន ដើម្បី​ឲ្យ​មនុស្ស​មាន​អំណាច​ឬ​អនុ​ភាព​ឡើយ ហើយ​ក៏​មិន​មាន ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​ណា​មួយ​របស់​មនុស្ស​ទេ។ នេះ​គឺ​ជា​ទី​ក្រុង​របស់​ព្រះ​យេហូវ៉ា ដែល​នឹង​សម្ដែង​ឲ្យ​ឃើញ​នូវ​គំនិត​និង​ផ្លូវ​ដ៏​សម​ហេតុ​ផល ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ជា​និច្ច។ (យ៉ាកុប ៣:១៧) នេះ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ធានា​រ៉ាប់​រង​ដ៏​កក់​ក្ដៅ​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់«ផែនដី​ថ្មី»នេះ ដែល​ជា​សង្គម​មនុស្ស​លោក​មាន​រចនា​សម្ព័ន្ធ ហើយ​នឹង​មាន​ពរ​នោះ​ជា​រៀង​រហូត​ត​ទៅ។—ពេត្រុស​ទី​២ ៣:១៣

២១ តើ​យើង​មាន​ចិត្ត​រំភើប​នឹង​សេចក្ដី​សង្ឃឹម​ខាង​មុខ​យើង​នេះ​ឬ​ទេ? បើ​អ៊ីចឹង គឺ​ជា​ការ​ល្អ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​សួរ​ថា៖ ‹តើ​ខ្ញុំ​តប​យ៉ាង​ណា​ចំពោះ​ពរ​ដ៏​អស្ចារ្យ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល​នោះ? តើ​ខ្ញុំ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​នឹង​កិច្ចការ​ដែល​ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ គឺ​រួម​បញ្ចូល​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ និង​សមាជិក​នៃ​គណៈ​ចៅហ្វាយ បាន​ធ្វើ​នោះ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ​ឬ? តើ​ខ្ញុំ​ប្រើ​ប្រាស់​ទឹក​ជីវិត ដែល​មាន​ហូរ​ហៀរ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ›? សូម​ឲ្យ​យើង​ម្នាក់​ៗ​បន្ត​ធ្វើ​បែប​នេះ​ចុះ ហើយ​មាន​ចិត្ត​រីករាយ​នឹង​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​រហូត​ដ៏​អស់​កល្ប​ជា​និច្ច!

[កំណត់​សម្គាល់]

a ច្រក​ភ្នំ​នេះ​ប្រហែល​ជា​សំដៅ​ទៅ​ជ្រោះ​កេដ្រុន ដែល​បន្ត​ពី​ក្រុង​យេរូសាឡិម​ខាង​ទិស​អាគ្នេយ៍​និង​ចប់​នៅ​ឯ​សមុទ្រ​ស្លាប់។ ខ្សែ​ទឹក​នៅ​ខាង​ក្រោម​នៃ​ជ្រោះ​នេះ​ជា​ពិសេស​គឺ​គ្មាន​ទឹក​ទេ ហើយ​រីង​ស្ងួត​ពេញ​មួយ​ឆ្នាំ។

b សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ១ ឧសភា ១៨៨១ និង ១ មិថុនា ១៩៨១។ (ភាសា​អង់គ្លេស)

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ទឹក​ដែល​ហូរ​ចេញ​ពី​ព្រះ​វិហារ​តំណាង​អ្វី?

◻ តើ​ការ​ប្រោស​ឲ្យ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច តាម​រយៈ​ទន្លេ​ជា​និមិត្តរូប​នេះ ហើយ​ហេតុ​អ្វី​ក៏​ទន្លេ​នេះ​បាន​រីក​ចំរើន​ឡើង?

◻ តើ​ដើម​ឈើ​ដែល​មាន​តាម​មាត់​ទន្លេ​តំណាង​អ្វី?

◻ តើ​ទី​ក្រុង​នេះ​នឹង​តំណាង​អ្វី​ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​សហស្សវត្ស ហើយ​ហេតុ​អ្វី​ក៏​ឈ្មោះ​ទី​ក្រុង​គឺ​សម​ហេតុ​ផល?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក