បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 កុម្ភៈ ទំ. ២៦-៣០
  • ខ្ញុំបានឃើញជំនឿរបស់រាស្ត្រព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំបានឃើញជំនឿរបស់រាស្ត្រព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អៀរឡង់​ខាង​ជើង​គឺ​ជា​«​ទឹក​ដី​ដែល​មាន​គ្រាប់​បែក​និង​គ្រាប់​កាំភ្លើង​»​
  • បង​ប្អូន​នៅ​ប្រទេស​សៀរ៉ាឡេអូន​ក្រី​ក្រ តែ​មាន​ជំនឿ
  • យើង​រៀន​វប្បធម៌​ថ្មី​នៅ​ប្រទេស​នីហ្សេរីយ៉ា
  • បង​ប្អូន​នៅ​ប្រទេស​កេនយ៉ា​អត់​ធ្មត់​នឹង​ខ្ញុំ
  • បង​ប្អូន​នៅ​សហរដ្ឋ​អាម៉េរិក​មាន​ជំនឿ​ទោះ​ជា​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ក្ដី
  • «ពួកអ្នកដែលស្ដាប់អ្នក»នឹងត្រូវសង្គ្រោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ការធ្វើតាមអ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើនាំឲ្យយើងទទួលពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 កុម្ភៈ ទំ. ២៦-៣០
បងរ៉ូបឺត ឡានឌីស។

ជីវប្រវត្ដិ

ខ្ញុំ​បាន​ឃើញ​ជំនឿ​របស់​រាស្ត្រ​ព្រះ

រៀប​រាប់​ដោយ​បង​រ៉ូបឺត ឡានឌីស

អ្នក​ទំនង​ជា​អាច​នឹក​ចាំ​អំពី​ការ​សន្ទនា​ដែល​អ្នក​ធ្លាប់​មាន​ដែល​សំខាន់​ពិសេស​ចំពោះ​អ្នក។ ចំពោះ​ខ្ញុំ ខ្ញុំ​នៅ​តែ​ចាំ​អំពី​ការ​សន្ទនា​មួយ​ប្រហែល​ជា​៥០​ឆ្នាំ​មុន កាល​ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ម្នាក់​អង្គុយ​នៅ​មុខ​ភ្នក់​ភ្លើង នា​ប្រទេស​កេនយ៉ា។ ស្បែក​របស់​យើង​បាន​ប្រែ​ទៅ​ជា​ខ្មៅ​ស្រអែម ដោយ​សារ​យើង​បាន​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ខែ។ នៅ​ពេល​នោះ យើង​បាន​ពិគ្រោះ​អំពី​ភាពយន្ត​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​សាសនា ហើយ​មិត្ត​ភក្តិ​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ភាពយន្ត​នោះ​ធ្វើ​ឲ្យ​មនុស្ស​ភាន់​ច្រឡំ​អំពី​គម្ពីរ​»។

ខ្ញុំ​សើច ដោយ​សារ​មិត្ត​ភក្តិ​ខ្ញុំ​មើល​ទៅ​មិន​មែន​ជា​អ្នក​កាន់​សាសនា​ខ្លាំង​ណាស់​ណា​ទេ។ ខ្ញុំ​បាន​សួរ​គាត់​ថា​៖ ​«​តើ​ឯង​ដឹង​អី​ខ្លះ​អំពី​គម្ពីរ?​»។ គាត់​មិន​បាន​ឆ្លើយ​ភ្លាម​ៗ​ទេ។ ក្រោយ​មក គាត់​បាន​ប្រាប់​ថា​ម្ដាយ​របស់​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​គាត់​បាន​រៀន​ខ្លះ​ៗ​ពី​ម្ដាយ​គាត់។ ដោយ​ចង់​ដឹង ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​ប្រាប់​ព័ត៌មាន​ថែម​ទៀត។

យើង​បាន​និយាយ​គ្នា​រហូត​ដល់​យប់​ជ្រៅ។ មិត្ត​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​គម្ពីរ​ចែង​ថា​សាថាន​គឺ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក។ (​យ៉ូន. ១៤:៣០​) ប្រហែល​ជា​អ្នក​បាន​ដឹង​អំពី​រឿង​នេះ​តាំង​ពី​តូច​មក ប៉ុន្តែ​ចំពោះ​ខ្ញុំ គំនិត​នេះ​គឺ​ថ្មី ហើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ខ្ញុំ​តែង​តែ​ឮ​ថា​ព្រះ​ដែល​មាន​ចិត្ត​សប្បុរស​និង​យុត្តិធម៌​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ ប៉ុន្តែ​នោះ​មិន​សម​ស្រប​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ជីវិត​ទេ។ ទោះ​ជា​ខ្ញុំ​មាន​អាយុ​ត្រឹម​តែ​២៦​ឆ្នាំ​ក្ដី ខ្ញុំ​បាន​ឃើញ​អ្វី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។

ឪពុក​ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បើក​យន្ត​ហោះ​ក្នុង​កង​ទ័ព​អាកាស នៅ​សហរដ្ឋ​អាម៉េរិក។ ដូច្នេះ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​សង្គ្រាម​នុយក្លេអ៊ែរ​អាច​កើត​ឡើង​មែន ហើយ​កង​ទ័ព​ត្រៀម​ខ្លួន​ដើម្បី​បាញ់​គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ពេល​ណា​ក៏​ដោយ​ដែល​គេ​ចង់។ សង្គ្រាម​នៅ​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​រៀន​នៅ​សកល​វិទ្យាល័យ នា​រដ្ឋ​កាលីហ្វ័រញ៉ា។ ខ្ញុំ​បាន​ចូល​រួម​បាតុកម្ម​ជា​មួយ​សិស្ស​ឯ​ទៀត។ ប៉ូលិស​ដែល​កាន់​ដំបង​បាន​ដេញ​តាម​យើង ហើយ​យើង​បាន​រត់​ចេញ​ទាំង​ឈ្លក់​និង​មិន​អាច​មើល​ឃើញ​អ្វី​ច្បាស់​ទេ ដោយ​សារ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ នោះ​គឺ​ជា​គ្រា​ជ្រួល​ច្របល់​និង​មាន​ការ​បះ​បោរ។ ពួក​អ្នក​ដឹក​នាំ​នយោបាយ​បាន​ត្រូវ​គេ​ធ្វើ​ឃាត ហើយ​មនុស្ស​បាន​ធ្វើ​បាតុកម្ម​និង​កុបកម្ម។ គ្រប់​គ្នា​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​អ្វី​ដែល​គួរ​ធ្វើ។ នោះ​គឺ​ជា​គ្រា​ចលាចល​មែន។

បងរ៉ូបឺតឈរនៅក្បែរម៉ូតូរបស់គាត់ ហើយបង្ហាញផែនទីអំពីការធ្វើដំណើររបស់គាត់។

ពី​ក្រុង​ឡុងដ៍​ទៅ​ទ្វីប​អាហ្វ្រិក​កណ្ដាល

នៅ​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ឆ្នេរ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​អាឡាស្កា ហើយ​ខ្ញុំ​រក​លុយ​បាន​ច្រើន។ ក្រោយ​មក ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ទៅ​ក្រុង​ឡុងដ៍ បាន​ទិញ​ម៉ូតូ​មួយ​គ្រឿង ហើយ​បាន​ជិះ​ទៅ​ភាគ​ខាង​ត្បូង​ដោយ​គ្មាន​គោល​ដៅ។ ច្រើន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ដល់​ទ្វីប​អាហ្វ្រិក។ នៅ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ដែល​ចង់​គេច​ចេញ​ពី​បញ្ហា​ទាំង​អស់​របស់​ពួក​គេ​ដែរ។

ដូច្នេះ ដោយ​សារ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​និង​ឮ សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​ថា​វិញ្ញាណ​កំណាច​មួយ​រូប​កំពុង​គ្រប់​គ្រង​លើ​ផែនដី​គឺ​សម​ហេតុ​សម​ផល​ចំពោះ​ខ្ញុំ។ ប៉ុន្តែ បើ​ព្រះ​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ តើ​លោក​កំពុង​ធ្វើ​អ្វី? ខ្ញុំ​ចង់​ដឹង។

ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់​មក ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ។ ក្រោយ​មក ខ្ញុំ​ក៏​ស្គាល់​និង​ស្រឡាញ់​បុរស​ស្ត្រី​ជា​ច្រើន​នាក់​ដែល​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ពិត​តែ​មួយ ទោះ​ជា​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

អៀរឡង់​ខាង​ជើង​គឺ​ជា​«​ទឹក​ដី​ដែល​មាន​គ្រាប់​បែក​និង​គ្រាប់​កាំភ្លើង​»​

ពេល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្រុង​ឡុងដ៍​វិញ ខ្ញុំ​បាន​ទាក់​ទង​ទៅ​ម្ដាយ​របស់​មិត្ត​ភក្តិ​ខ្ញុំ ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​គម្ពីរ​មួយ​ក្បាល។ ក្រោយ​មក ពេល​ខ្ញុំ​បាន​ទៅ​ក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់ បុរស​ម្នាក់​ដែល​ជា​សាក្សី​បាន​ឃើញ​ខ្ញុំ​អាន​គម្ពីរ​នៅ​ក្រោម​ពន្លឺ​អំពូល​ភ្លើង​តាម​ផ្លូវ ហើយ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​ថែម​ទៀត។ បន្ទាប់​មក ខ្ញុំ​បាន​ទៅ​ក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់ ហើយ​បាន​រក​ឃើញ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​គោះ​ទ្វារ ហើយ​បាន​ជួប​បង​ប្រុស​ម្នាក់​ដែល​ឈ្លាស​វៃ​និង​មាន​បទ​ពិសោធន៍​ឈ្មោះ​អាថឺ ម៉ាធ្យូ។ ខ្ញុំ​បាន​សុំ​រៀន​គម្ពីរ ហើយ​គាត់​យល់​ព្រម​បង្រៀន​ខ្ញុំ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដោយ​ចិត្ត​ខ្នះខ្នែង ហើយ​ចង់​អាន​សៀវភៅ​និង​ទស្សនាវដ្ដី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព។ ខ្ញុំ​ក៏​បាន​អាន​គម្ពីរ​ដែរ។ នេះ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់! នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ខ្ញុំ​បាន​ឃើញ​ថា​សូម្បី​តែ​កូន​ក្មេង ក៏​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​មនុស្ស​ចេះ​ដឹង​បាន​ឆ្ងល់​អស់​រាប់​រយ​ឆ្នាំ ដូច​ជា​‹ហេតុ​អ្វី​មាន​អំពើ​អាក្រក់? តើ​ព្រះ​ជា​អ្នក​ណា? តើ​អ្វី​កើត​ឡើង​ពេល​ស្លាប់​ទៅ?›។ ខ្ញុំ​ស្រួល​សេព​គប់​តែ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ដោយ​សារ​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ទៀត​ទេ​ក្នុង​ប្រទេស​នោះ។ ពួក​គេ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។

បង​ណាយជែល បង​ដេននីស និង​ខ្ញុំ

ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧២។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​បាន​ទៅ​ក្រុម​ជំនុំ​តូច​មួយ​នា​ក្រុង​ញូរី នៅ​តំបន់​អៀរឡង់​ខាង​ជើង។ ខ្ញុំ​បាន​ជួល​ផ្ទះ​ថ្ម​មួយ​ដែល​នៅ​ឆ្ងាយ​ពី​គេ​នៅ​ជម្រាល​ភ្នំ។ មាន​សត្វ​គោ​នៅ​វាល​ជិត​នោះ ហើយ​ខ្ញុំ​បាន​ហាត់​សុន្ទរកថា​របស់​ខ្ញុំ​នៅ​មុខ​ពួក​វា។ មើល​ទៅ​ពួក​វា​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បណ្ដើរ ទំពា​អៀង​បណ្ដើរ។ ពួក​វា​មិន​អាច​ផ្ដល់​យោបល់​បាន​ទេ។ តែ​ពួក​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​របៀប​មើល​ទៅ​អ្នក​ស្ដាប់​ពេល​ដែល​ខ្ញុំ​ថ្លែង​សុន្ទរកថា។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ហើយ​បាន​ត្រួស​ត្រាយ​ជា​មួយ​បង​ណាយជែល ភីត​ដែល​បាន​ទៅ​ជា​មិត្ត​យូរ​អង្វែង​របស់​ខ្ញុំ។

នៅ​គ្រា​នោះ មាន​អំពើ​ហិង្សា​ជា​ច្រើន​នៅ​តំបន់​អៀរឡង់​ខាង​ជើង។ ដូច្នេះ អ្នក​ខ្លះ​បាន​ហៅ​តំបន់​នោះ​ថា​៖ ​«​ទឹក​ដី​ដែល​មាន​គ្រាប់​បែក​និង​គ្រាប់​កាំភ្លើង​»។ មាន​ការ​ប្រយុទ្ធ​តាម​ផ្លូវ ការ​បាញ់ និង​ការ​បំផ្ទុះ​ឡាន​កើត​ឡើង​ជា​ច្រើន​នៅ​ទី​នោះ។ បញ្ហា​ខាង​រឿង​នយោបាយ​និង​រឿង​សាសនា​ជាប់​ពាក់​ព័ន្ធ​គ្នា។ ប៉ុន្តែ​ទាំង​ពួក​ប្រូតេស្តង់ ទាំង​ពួក​កាតូលិក​បាន​ទទួល​ស្គាល់​ថា សាក្សី​ព្រះ​យេហូវ៉ា​មិន​គាំទ្រ​ខាង​ណា​មួយ​ក្នុង​រឿង​នយោបាយ​ទេ។ ដូច្នេះ យើង​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី​និង​ដោយ​សុវត្ថិភាព។ ម្ចាស់​ផ្ទះ​ច្រើន​តែ​ដឹង​ថា​ពេល​ណា​និង​កន្លែង​ណា​ដែល​អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង ហើយ​ពួក​គេ​បាន​ព្រមាន​យើង​ដើម្បី​យើង​អាច​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​នោះ។

ប៉ុន្តែ មាន​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ នៅ​ថ្ងៃ​មួយ ខ្ញុំ​និង​បង​ប្រុស​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ទៀត​ឈ្មោះ​ដេននីស ខារីកិន បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​តូច​មួយ​ដែល​នៅ​ជិត​ផ្ទះ​ខ្ញុំ និង​ជា​កន្លែង​ដែល​យើង​ធ្លាប់​ផ្សព្វ​ផ្សាយ​ពី​មុន​តែ​មួយ​ដង​ប៉ុណ្ណោះ។ នៅ​ទី​នោះ ស្ត្រី​ម្នាក់​បាន​ចោទ​ប្រកាន់​យើង​ថា​យើង​ជា​ជន​បង្កប់​របស់​ទាហាន​អង់គ្លេស ប្រហែល​ជា​ដោយ​សារ​យើង​ទាំង​ពីរ​នាក់​មិន​និយាយ​តុង​សំឡេង​អៀរឡង់។ យើង​ភ័យ​ដោយ​សារ​គាត់​បាន​ចោទ​ប្រកាន់​យើង។ បើ​អ្នក​ណា​គ្រាន់​តែ​បង្ហាញ​ការ​រាក់​ទាក់​ចំពោះ​ពួក​ទាហាន អ្នក​នោះ​អាច​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​ឬ​បាញ់​ជង្គង់។ កាល​ដែល​យើង​ឈរ​នៅ​ខាង​ក្រៅ​តែ​ពីរ​នាក់​ទាំង​រងា​ដើម្បី​រង់​ចាំ​ឡាន​ក្រុង យើង​បាន​ឃើញ​ឡាន​មួយ​បើក​មក​ដល់​មុខ​ហាង​កាហ្វេ ជា​កន្លែង​ដែល​ស្ត្រី​នោះ​បាន​ចោទ​ប្រកាន់​យើង។ ស្ត្រី​នោះ​បាន​ចេញ​មក​ក្រៅ ហើយ​បាន​និយាយ​ទៅ​កាន់​បុរស​ពីរ​នាក់​នៅ​ក្នុង​ឡាន ដោយ​ចង្អុល​មក​យើង។ ក្រោយ​មក បុរស​នោះ​បាន​បើក​ឡាន​យឺត​ៗ​សំដៅ​មក​យើង ហើយ​បាន​សួរ​យើង​ប៉ុន្មាន​សំណួរ​អំពី​កាល​វិភាគ​របស់​ឡាន​ក្រុង។ កាល​ដែល​ឡាន​ក្រុង​មក​ដល់ ពួក​គេ​បាន​និយាយ​ទៅ​កាន់​តៃកុង​ឡាន។ យើង​មិន​អាច​ឮ​អំពី​អ្វី​ដែល​ពួក​គេ​និយាយ​គ្នា​នោះ​ទេ។ នៅ​ពេល​នោះ គ្មាន​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ឡើយ ដូច្នេះ​យើង​ជឿ​ជាក់​ថា​ពួក​គេ​មាន​គម្រោង​ធ្វើ​បាប​យើង​នៅ​ក្រៅ​ក្រុង។ ប៉ុន្តែ​នេះ​មិន​កើត​ឡើង​ទេ។ ពេល​ដែល​ខ្ញុំ​ចុះ​ពី​ឡាន​ក្រុង ខ្ញុំ​បាន​សួរ​តៃកុង​ឡាន​ថា​៖ ​«​តើ​បុរស​ទាំង​នោះ​សួរ​នាំ​អំពី​យើង​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​ជា​អ្នក​ណា ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ហើយ។ សូម​កុំ​ខ្វល់​អី។ អ្នក​មាន​សុវត្ថិភាព​ហើយ​»។

បងរ៉ូបឺតនិងបងផលលីននៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។

នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យើង​ខែ​មីនា ឆ្នាំ​១៩៧៧

នៅ​សន្និបាត​ប្រចាំ​តំបន់aក្នុង​ក្រុង​ឌុយប្លាំង នា​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ជួប​ផលលីន ឡូម៉ាក​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ដែល​បាន​មក​លេង​ពី​ប្រទេស​អង់គ្លេស។ គាត់​គឺ​ជា​ប្អូន​ស្រី​ដែល​ស្មោះ​ត្រង់ មាន​ចិត្ត​រាប​ទាប និង​គួរ​ឲ្យ​ស្រឡាញ់។ គាត់​និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​រេ​បាន​ស្គាល់​សេចក្ដី​ពិត​តាំង​ពី​ក្មេង។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​និង​ផលលីន​បាន​រៀប​ការ ហើយ​យើង​បាន​បន្ត​កិច្ច​ការ​ត្រួស​ត្រាយ​ពិសេស​នៅ​ក្រុង​បាលីមីណា តំបន់​អៀរឡង់​ខាង​ជើង។

យើង​បាន​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​អស់​មួយ​រយៈ​ពេល​នៅ​ក្រុង​បែលហ្វាស ក្រុង​ឡុងដុងដេរី និង​នៅ​តំបន់​ផ្សេង​ទៀត​ដែល​មាន​គ្រោះ​ថ្នាក់។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ជំនឿ​របស់​បង​ប្អូន​យើង​ដែល​បាន​លះ​ចោល​ជំនឿ​សាសនា​ដែល​បាន​ចាក់​ឫស​ជ្រៅ ការ​រើស​អើង និង​ការ​ស្អប់​គ្នា​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ លោក​ពិត​ជា​បាន​ឲ្យ​ពរ​និង​ការ​ពារ​ពួក​គេ!

ខ្ញុំ​បាន​រស់​នៅ​ប្រទេស​អៀរឡង់​អស់​រយៈ​ពេល​១០​ឆ្នាំ។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៨១ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៧២។ ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​សៀរ៉ាឡេអូន ទ្វីប​អាហ្វ្រិក​ខាង​លិច។

បង​ប្អូន​នៅ​ប្រទេស​សៀរ៉ាឡេអូន​ក្រី​ក្រ តែ​មាន​ជំនឿ

យើង​បាន​រស់​នៅ​ក្នុង​ផ្ទះ​សាសនទូត​មួយ​ជា​មួយ​បង​ប្អូន​ដ៏​ល្អ​ៗ​១១​នាក់។ យើង​បាន​ប្រើ​ផ្ទះ​បាយ​មួយ បន្ទប់​ទឹក​បី បន្ទប់​ងូត​ទឹក​ពីរ ទូរស័ព្ទ​មួយ ម៉ាស៊ីន​បោក​ខោ​អាវ​មួយ និង​ម៉ាស៊ីន​សម្ងួត​មួយ​រួម​គ្នា។ នៅ​ពេល​នោះ​មាន​ដាច់​ភ្លើង​ជា​ញឹក​ញាប់​ដោយ​មិន​ដឹង​មុន។ មាន​សត្វ​កណ្ដុរ​ចូល​លុក​លុយ​ក្នុង​ដំបូល ហើយ​មាន​ពស់​វែក​លូន​ចូល​បន្ទប់​ក្រោម​ដី។

បងរ៉ូបឺតនិងអ្នកឯទៀតដែលមានម៉ូតូជាមួយ ឆ្លងទន្លេដោយជិះក្បូនដែលធ្វើពីឈើ។

ការ​ឆ្លង​ទន្លេ​ដើម្បី​ចូល​រួម​មហា​សន្និបាត​នៅ​ប្រទេស​ជិត​ខាង ហ្គីណេ

ទោះ​ជា​ការ​រស់​នៅ​មិន​ស្រួល​ប៉ុន្មាន​ក្ដី កិច្ច​បម្រើ​ផ្សាយ​គឺ​មាន​អំណរ។ មនុស្ស​ឲ្យ​តម្លៃ​គម្ពីរ ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ មនុស្ស​ជា​ច្រើន​បាន​សិក្សា​គម្ពីរ ហើយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​អ្នក​នៅ​ក្នុង​តំបន់​ហៅ​ខ្ញុំ​ថា​៖ ​«​លោក​រ៉ូបឺត​»​ ហើយ​ហៅ​ផលលីន​ថា​៖ ​«​អ្នក​ស្រី​រ៉ូបឺត​»។ ប៉ុន្តែ​មួយ​រយៈ​ពេល​ក្រោយ​មក ដោយ​សារ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​ការ​ធ្វើ​ការ​នៅ​ការិយាល័យ​សាខា ហើយ​ផ្សព្វ​ផ្សាយ​តិច​ជាង មនុស្ស​ចាប់​ផ្ដើម​ហៅ​ផលលីន​ថា​៖ ​«​អ្នក​ស្រី​ផលលីន​»​ ហើយ​ហៅ​ខ្ញុំ​ថា​៖ ​«​លោក​ផលលីន​»។ ផលលីន​សប្បាយ​ចិត្ត​ដែល​គេ​ហៅ​បែប​នេះ។

បងរ៉ូបឺតនិងបងផលលីនឈរនៅជិតឡានរបស់ពួកគាត់។

យើង​ធ្វើ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​សៀរ៉ាឡេអូន

បង​ប្អូន​ជា​ច្រើន​នាក់​ក្រី​ក្រ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ ជួន​កាល​តាម​របៀប​ដ៏​អស្ចារ្យ។ (​ម៉ាថ. ៦:៣៣​) ខ្ញុំ​នឹក​ចាំ​អំពី​បង​ស្រី​ម្នាក់​ដែល​មាន​តែ​លុយ​ដើម្បី​ទិញ​អាហារ​សម្រាប់​ខ្លួន​ឯង​និង​កូន​របស់​គាត់​នៅ​ថ្ងៃ​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​បាន​ឲ្យ​លុយ​ទាំង​អស់​នោះ​ដល់​បង​ប្រុស​ឈឺ​ម្នាក់​ដែល​ខ្វះ​លុយ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់។ បន្ទាប់​មក​នៅ​ថ្ងៃ​នោះ ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​បាន​មក​ជួប​បង​ស្រី​នោះ ហើយ​បាន​បង់​លុយ​ឲ្យ​គាត់​សម្រាប់​ថ្លៃ​ធ្វើ​ម៉ូត​សក់។ មាន​ស្ថានភាព​ដូច​នេះ​ជា​ច្រើន។

យើង​រៀន​វប្បធម៌​ថ្មី​នៅ​ប្រទេស​នីហ្សេរីយ៉ា

យើង​បាន​រស់​នៅ​ប្រទេស​សៀរ៉ាឡេអូន​អស់​រយៈ​ពេល​៩​ឆ្នាំ។ បន្ទាប់​មក យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បេតអែល​នីហ្សេរីយ៉ា។ ពេល​នោះ យើង​បម្រើ​នៅ​ការិយាល័យ​សាខា​ដ៏​ធំ​មួយ។ ខ្ញុំ​ធ្វើ​កិច្ច​ការ​ការិយាល័យ​ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​ប្រទេស​សៀរ៉ាឡេអូន ប៉ុន្តែ​ចំពោះ​ផលលីន ការ​រើ​ទៅ​ទី​នោះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​និង​ពិបាក។ គាត់​ធ្លាប់​ផ្សព្វ​ផ្សាយ​១៣០​ម៉ោង​ជា​រៀង​រាល់​ខែ​និង​មាន​សិស្ស​គម្ពីរ​ដែល​រីក​ចម្រើន។ តែ​ឥឡូវ គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ខាង​ផ្នែក​ដេរ​ដើម្បី​ជួស​ជុល​សម្លៀក​បំពាក់​ខូច​ៗ។ គឺ​ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​សម្រប​ខ្លួន ប៉ុន្តែ​គាត់​បាន​ទទួល​ស្គាល់​ថា​បង​ប្អូន​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​ការ​ងារ​ដែល​គាត់​កំពុង​ធ្វើ ហើយ​គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​នៅ​បេតអែល។

វប្បធម៌​នីហ្សេរីយ៉ា​គឺ​ថ្មី​សម្រាប់​យើង ហើយ​មាន​អ្វី​ច្រើន​ដែល​យើង​ត្រូវ​រៀន។ នៅ​ពេល​មួយ បង​ប្រុស​ម្នាក់​បាន​មក​បន្ទប់​ធ្វើ​ការ​ខ្ញុំ ហើយ​ណែនាំ​ប្អូន​ស្រី​ម្នាក់​ដែល​ទើប​តែ​បាន​ត្រូវ​អញ្ជើញ​មក​បេតអែល។ ពេល​ខ្ញុំ​លូក​ដៃ​ប្រុង​ចាប់​ដៃ​នាង នាង​ក្រាប​មុខ​នៅ​ជើង​ខ្ញុំ។ ខ្ញុំ​ភាំង​តែ​ម្ដង! ភ្លាម​ៗ ខ្ញុំ​នឹក​ឃើញ​បទ​គម្ពីរ​ពីរ​គឺ​សកម្មភាព ១០:២៥, ២៦ និង​ការ​បើក​បង្ហាញ ១៩:១០។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ‹តើ​ខ្ញុំ​គួរ​តែ​ប្រាប់​នាង​ថា សូម​កុំ​ធ្វើ​អ៊ីចឹង​ឬ​អត់?›។ ប៉ុន្តែ​នៅ​ពេល​នោះ ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ដោយ​សារ​នាង​បាន​ត្រូវ​អញ្ជើញ​មក​បេតអែល នាង​ស្គាល់​អ្វី​ដែល​គម្ពីរ​បង្រៀន។  

ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​ក្នុង​អំឡុង​ការ​សន្ទនា​នោះ បន្ទាប់​មក​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ខ្លះ។ ខ្ញុំ​បាន​រៀន​ថា​ប្អូន​ស្រី​នោះ​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ដែល​នៅ​ពេល​នោះ​គេ​នៅ​តែ​ធ្វើ​ក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​នោះ។ បុរស​ក្រាប​ខ្លួន​តាម​របៀប​ដូច​នេះ​ដែរ។ នេះ​ជា​របៀប​មួយ​ដែល​ពួក​គេ​បង្ហាញ​ការ​គោរព តែ​មិន​មែន​ជា​ការ​គោរព​បូជា​ទេ។ នេះ​គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​មាន​ក្នុង​បទ​គម្ពីរ។ (​១សាំ. ២៤:៨​) ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទាំង​ខ្លួន​មិន​ដឹង​ច្បាស់​ដែល​អាច​នាំ​ឲ្យ​ប្អូន​ស្រី​ខ្ញុំ​អៀន​ខ្មាស។

យើង​បាន​ជួប​បង​ប្អូន​ជន​ជាតិ​នីហ្សេរីយ៉ា​ជា​ច្រើន​នាក់​ដែល​បាន​បង្ហាញ​ជំនឿ​ដ៏​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ។ ជា​ឧទាហរណ៍ ខ្ញុំ​សុំ​លើក​ឡើង​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អេសាយ អាដាក់បូណូ។ គាត់​បាន​រៀន​សេចក្ដី​ពិត​កាល​ដែល​គាត់​នៅ​វ័យ​ក្មេង ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ដឹង​ថា​គាត់​កើត​ជំងឺ​ឃ្លង់។ គាត់​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​សហគមន៍​មនុស្ស​កើត​រោគ​ឃ្លង់។ នៅ​ទី​នោះ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ជា​សាក្សី។ ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ គាត់​បាន​ជួយ​អ្នក​កើត​ឃ្លង់​ជាង​៣០​នាក់​ឲ្យ​ទទួល​យក​សេចក្ដី​ពិត ហើយ​បាន​បង្កើត​ក្រុម​ជំនុំ​មួយ​នៅ​សហគមន៍​នោះ។

បង​ប្អូន​នៅ​ប្រទេស​កេនយ៉ា​អត់​ធ្មត់​នឹង​ខ្ញុំ

យើង​ជួប​កូន​រមាស​ដែល​គ្មាន​មេ​នៅ​ប្រទេស​កេនយ៉ា

នៅ​ឆ្នាំ​១៩៩៦ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខា​កេនយ៉ា។ នោះ​គឺ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​នោះ​វិញ​ចាប់​តាំង​ពី​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​នោះ​ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​ដំបូង។ យើង​រស់​នៅ​បេតអែល ហើយ​មាន​ស្វា​ជា​ច្រើន​នៅ​ទឹក​ដី​នោះ។ ពួក​វា​បាន​លួច​ផ្លែ​ឈើ​ពី​បង​ប្អូន​ស្រី​ៗ។ នៅ​ថ្ងៃ​មួយ ប្អូន​ស្រី​ម្នាក់​នៅ​បេតអែល​បាន​បើក​បង្អួច​ចំហ​ចោល។ ពេល​គាត់​បាន​មក​ដល់​បន្ទប់​វិញ គាត់​បាន​ឃើញ​ស្វា​មួយ​គ្រួសារ​កំពុង​ស៊ី​ម្ហូប​អាហារ​ដែល​ពួក​វា​បាន​រក​ឃើញ​ក្នុង​បន្ទប់​របស់​គាត់។ គាត់​បាន​ស្រែក ហើយ​រត់​ចេញ​ទៅ​ក្រៅ​បន្ទប់។ ស្វា​ទាំង​នោះ​បាន​ស្រែក ហើយ​ក៏​លោត​ចេញ​ពី​បង្អួច។

ខ្ញុំ​និង​ផលលីន​ចូល​រួម​ក្រុម​ជំនុំ​ភាសា​ស្វាហ៊ីលី។ មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ (​ឥឡូវ​ហៅ​ថា​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​)។ ប៉ុន្តែ កម្រិត​ភាសា​របស់​ខ្ញុំ​ដូច​កូន​ក្មេង។ ដូច្នេះ​ខ្ញុំ​បាន​សិក្សា​ព័ត៌មាន​ទុក​ជា​មុន​ដើម្បី​ខ្ញុំ​អាច​អាន​សំណួរ​បាន។ ក៏​ប៉ុន្តែ បើ​បង​ប្អូន​ឆ្លើយ​ខុស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ សូម្បី​តែ​តិច​តួច ក៏​ខ្ញុំ​មិន​យល់​ពួក​គេ​ដែរ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​សោះ! ខ្ញុំ​អាណិត​បង​ប្អូន ហើយ​ខ្ញុំ​កោត​ស្ងើច​ចំពោះ​ចិត្ត​អត់​ធ្មត់​និង​ចិត្ត​រាប​ទាប​របស់​ពួក​គេ​ក្នុង​ការ​ឲ្យ​ខ្ញុំ​ដឹក​នាំ​កិច្ច​ប្រជុំ​នោះ។

បង​ប្អូន​នៅ​សហរដ្ឋ​អាម៉េរិក​មាន​ជំនឿ​ទោះ​ជា​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ក្ដី

យើង​បាន​នៅ​ប្រទេស​កេនយ៉ា​មិន​ដល់​មួយ​ឆ្នាំ​ទេ។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៩៧ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បេតអែល​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក។ ឥឡូវ យើង​នៅ​ប្រទេស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ តែ​នោះ​នៅ​តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ។ (​សុភ. ៣០:៨, ៩​) ប៉ុន្តែ​សូម្បី​តែ​បង​ប្អូន​រស់​នៅ​ក្នុង​ប្រទេស​បែប​នេះ ក៏​ពួក​គេ​បង្ហាញ​ជំនឿ​មុត​មាំ​ដែរ។ បង​ប្អូន​របស់​យើង​ប្រើ​ពេល​វេលា​និង​ធន​ធាន​របស់​ខ្លួន​មិន​មែន​ដើម្បី​ទៅ​ជា​អ្នក​មាន​ទេ ប៉ុន្តែ​ដើម្បី​គាំទ្រ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា។

អស់​ជា​ច្រើន​ឆ្នាំ យើង​បាន​ឃើញ​របៀប​ដែល​បង​ប្អូន​សាក្សី​បាន​បង្ហាញ​ជំនឿ​ក្នុង​ស្ថានភាព​ផ្សេង​ៗ។ នៅ​ប្រទេស​អៀរឡង់ បង​ប្អូន​បាន​បង្ហាញ​ជំនឿ ទោះ​ជា​មាន​អំពើ​ឃោរឃៅ​ក្ដី។ នៅ​ទ្វីប​អាហ្វ្រិក បង​ប្អូន​បាន​បង្ហាញ​ជំនឿ ទោះ​ជា​មាន​ភាព​ក្រី​ក្រ​និង​នៅ​ដាច់​ស្រយាល​ក៏​ដោយ។ នៅ​សហរដ្ឋ​អាម៉េរិក បង​ប្អូន​បាន​បង្ហាញ​ជំនឿ ទោះ​ជា​នៅ​ប្រទេស​អ្នក​មាន​ក្ដី។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត ពេល​លោក​មើល​មក​មនុស្ស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ក្នុង​គ្រប់​ស្ថានភាព!

ខ្ញុំ​ជា​មួយ​ផលលីន​នៅ​បេតអែល​វ័រវិក

ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​យ៉ាង​លឿន​គឺ​«​លឿន​ជាង​ត្រល់​របស់​ជាង​តម្បាញ​ទៅ​ទៀត​»។ (​យ៉ូប ៧:៦​) ឥឡូវ យើង​ធ្វើ​កិច្ច​ការ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក នា​ក្រុង​វ័រវិក រដ្ឋ​ញូវយ៉ក ហើយ​យើង​មាន​អំណរ​ពី​ការ​បន្ត​បម្រើ​ជា​មួយ​មនុស្ស​ដែល​ពិត​ជា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​សប្បាយ ស្កប់​ចិត្ត និង​មាន​សុភមង្គល​ក្នុង​ការ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ស្ដេច​របស់​យើង គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​មិន​យូរ​ទៀត​នឹង​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ស្មោះ​ត្រង់​ដ៏​ច្រើន​អនេក​របស់​លោក។—ម៉ាថ. ២៥:៣៤

a នៅ​ពេល​នោះ មហា​សន្និបាត​តាម​ភូមិ​ភាគ​បាន​ត្រូវ​ហៅ​ថា​សន្និបាត​ប្រចាំ​តំបន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក