អត្ថបទសិក្សា ១៥
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
ចូរមានទំនុកចិត្តកាន់តែខ្លាំងលើអង្គការព្រះយេហូវ៉ា
«ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា ជាអ្នកដែលបានប្រាប់បណ្ដាំរបស់ព្រះដល់អ្នករាល់គ្នា»។—ហេ. ១៣:៧
ចំណុចផ្ដោត
របៀបពង្រឹងនិងរក្សាទំនុកចិត្តរបស់អ្នកលើអង្គការរបស់ព្រះយេហូវ៉ា។
១. តើរាស្ត្ររបស់ព្រះយេហូវ៉ានៅសតវត្សរ៍ទី១បានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
ពេលណាដែលព្រះយេហូវ៉ាឲ្យភារកិច្ចដល់រាស្ត្ររបស់លោក លោករំពឹងថាពួកគេនឹងបំពេញភារកិច្ចនោះតាមរបៀបរៀបរយ។ (១កូ. ១៤:៣៣) ជាឧទាហរណ៍ ព្រះមានបំណងប្រាថ្នាឲ្យដំណឹងល្អផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី។ (ម៉ាថ. ២៤:១៤) ព្រះយេហូវ៉ាបានឲ្យលោកយេស៊ូមានភារកិច្ចដឹកនាំកិច្ចការនេះ។ លោកយេស៊ូបានធ្វើឲ្យប្រាកដថាកិច្ចការនេះធ្វើឡើងយ៉ាងមានរបៀបរៀបរយ។ នៅសតវត្សរ៍ទី១ ពេលក្រុមជំនុំបានត្រូវស្ថាបនាឡើងនៅកន្លែងផ្សេងៗ ពួកអ្នកចាស់ទុំបានត្រូវតែងតាំងឲ្យនាំមុខនិងផ្ដល់ការណែនាំ។ (សកម្ម. ១៤:២៣) នៅក្រុងយេរូសាឡិម អ្នកចាស់ទុំមួយក្រុមរួមមានពួកសាវ័កនិងពួកបុរសចាស់ទុំ បានធ្វើការសម្រេចចិត្តមួយចំនួនដែលក្រុមជំនុំទាំងអស់ត្រូវធ្វើតាម។ (សកម្ម. ១៥:២; ១៦:៤) ដោយសារបងប្អូនបានធ្វើតាមការណែនាំដែលពួកគេបានទទួល «ជំនឿរបស់ក្រុមជំនុំនានាកាន់តែរឹងមាំ ហើយក្រុមជំនុំទាំងនោះក៏ចម្រើនឡើង»។—សកម្ម. ១៦:៥
២. តាំងពីឆ្នាំ១៩១៩ តើតាមរបៀបណាព្រះយេហូវ៉ាបានផ្ដល់ការណែនាំនិងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ?
២ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏បន្តរៀបចំរាស្ត្ររបស់លោកដែរ។ តាំងពីឆ្នាំ១៩១៩ លោកយេស៊ូបានប្រើបុរសមួយក្រុមតូចដែលបានត្រូវរើសតាំងឲ្យរៀបចំកិច្ចការផ្សព្វផ្សាយនិងផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់ពួកអ្នកកាន់តាមលោក។a (លូក. ១២:៤២) យើងឃើញច្បាស់ថា ព្រះយេហូវ៉ាកំពុងឲ្យពរលើកិច្ចការរបស់ក្រុមនោះ។—អេ. ៦០:២២; ៦៥:១៣, ១៤
៣-៤. (ក) សូមលើកឧទាហរណ៍អំពីរបៀបដែលយើងទទួលប្រយោជន៍ពីការមានរបៀបរៀបរយ។ (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ បើយើងមិនមានរបៀបរៀបរយ យើងមិនអាចបំពេញកិច្ចការដែលលោកយេស៊ូបានឲ្យយើងធ្វើទេ។ (ម៉ាថ. ២៨:១៩, ២០) ជាឧទាហរណ៍ បើគ្មានការចាត់ចែងឲ្យមានតំបន់ផ្សាយ ហើយគ្រប់គ្នាអាចផ្សព្វផ្សាយនៅកន្លែងផ្សេងៗតាមចិត្ត នោះតំបន់ខ្លះប្រហែលជាបានត្រូវផ្សព្វផ្សាយម្ដងហើយម្ដងទៀតដោយអ្នកផ្សាយផ្សេងៗ រីឯតំបន់ខ្លះទៀតប្រហែលជាគ្មានអ្នកណាផ្សព្វផ្សាយទាល់តែសោះ។ តើអ្នកអាចគិតអំពីប្រយោជន៍ផ្សេងទៀតដែលយើងទទួលពីការមានរបៀបរៀបរយឬទេ?
៤ អ្វីដែលលោកយេស៊ូបានធ្វើនៅផែនដីទុកជាគំរូអំពីរបៀបដែលលោកចាត់ចែងយើងឲ្យមានរបៀបរៀបរយនៅសព្វថ្ងៃនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគំរូដែលលោកយេស៊ូបានទុកឲ្យ និងអំពីរបៀបដែលអង្គការរបស់យើងធ្វើតាមគំរូលោក។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលយើងអាចបង្ហាញថា យើងមានទំនុកចិត្តទៅលើអង្គការព្រះយេហូវ៉ា។
អង្គការយើងធ្វើតាមគំរូរបស់លោកយេស៊ូ
៥. តើយើងធ្វើតាមគំរូរបស់លោកយេស៊ូតាមរបៀបណា? (យ៉ូហាន ៨:២៨)
៥ លោកយេស៊ូបានរៀនពីបិតារបស់លោកនៅស្ថានសួគ៌អំពីអ្វីដែលគួរនិយាយនិងអ្វីដែលគួរធ្វើ។ អង្គការរបស់ព្រះយេហូវ៉ាធ្វើតាមគំរូរបស់លោកយេស៊ូដោយប្រើបណ្ដាំព្រះដើម្បីជួយយើងឲ្យដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយផ្ដល់ការណែនាំសម្រាប់ជីវិតយើង។ (សូមអាន យ៉ូហាន ៨:២៨; ២ធី. ៣:១៦, ១៧) យើងទទួលការរំលឹកជាទៀងទាត់ឲ្យអាននិងធ្វើតាមបណ្ដាំព្រះ។ តើយើងទទួលប្រយោជន៍យ៉ាងណាពីការធ្វើតាមយោបល់នេះ?
៦. តើយើងទទួលប្រយោជន៍ដ៏សំខាន់អ្វីពីការសិក្សាគម្ពីរ?
៦ យើងទទួលប្រយោជន៍ច្រើនពេលយើងសិក្សាគម្ពីរដោយប្រើសៀវភៅរបស់អង្គការយើងជាជំនួយ។ ជាឧទាហរណ៍ យើងអាចប្រៀបធៀបសេចក្ដីបង្រៀនក្នុងគម្ពីរទៅនឹងការណែនាំដែលយើងទទួលពីអង្គការព្រះ។ ពេលយើងឃើញថាការណែនាំដែលយើងទទួលគឺមានមូលដ្ឋានលើបទគម្ពីរ យើងកាន់តែមានទំនុកចិត្តលើអង្គការរបស់ព្រះយេហូវ៉ា។—រ៉ូម ១២:២
៧. តើលោកយេស៊ូបានផ្សព្វផ្សាយដំណឹងអ្វី ហើយតើអង្គការរបស់ព្រះយេហូវ៉ាធ្វើតាមគំរូរបស់លោកយ៉ាងដូចម្ដេច?
៧ លោកយេស៊ូបានផ្សព្វផ្សាយ«ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (លូក. ៤:៤៣, ៤៤) លោកក៏បានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយអំពីរាជាណាចក្រ។ (លូក. ៩:១, ២; ១០:៨, ៩) សព្វថ្ងៃនេះ អស់អ្នកដែលរួមចំណែកក្នុងអង្គការរបស់ព្រះយេហូវ៉ាផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រ មិនថាពួកគេរស់នៅកន្លែងណាឬមានភារកិច្ចច្រើនយ៉ាងណាក្ដី។
៨. តើយើងបានទទួលឯកសិទ្ធិអ្វី?
៨ យើងចាត់ទុកការប្រាប់សេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះដល់អ្នកឯទៀតថាជាឯកសិទ្ធិមួយ! មិនមែនបុគ្គលគ្រប់រូបមានឯកសិទ្ធិនេះទេ។ ជាឧទាហរណ៍ ពេលលោកយេស៊ូនៅផែនដី លោកមិនអនុញ្ញាតឲ្យវិញ្ញាណអាក្រក់ផ្សព្វផ្សាយអំពីលោកឡើយ។ (លូក. ៤:៤១) សព្វថ្ងៃនេះ មុនបុគ្គលណាម្នាក់រួមចំណែកក្នុងកិច្ចផ្សព្វផ្សាយជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា គាត់ត្រូវមានគុណសម្បត្តិគ្រប់គ្រាន់។ យើងបង្ហាញថាយើងឲ្យតម្លៃខ្លាំងយ៉ាងណាទៅលើឯកសិទ្ធិផ្សព្វផ្សាយ ដោយផ្សព្វផ្សាយនៅកន្លែងណានិងពេលណាដែលយើងអាចធ្វើបាន។ ដូចលោកយេស៊ូ គោលដៅរបស់យើងគឺដាំនិងស្រោចគ្រាប់ពូជនៃសេចក្ដីពិតអំពីរាជាណាចក្រក្នុងចិត្តរបស់មនុស្ស។—ម៉ាថ. ១៣:៣, ២៣; ១កូ. ៣:៦
៩. តើអង្គការព្រះបង្ហាញឲ្យគេស្គាល់នាមរបស់លោកយ៉ាងដូចម្ដេច?
៩ លោកយេស៊ូបានបង្ហាញឲ្យគេស្គាល់នាមរបស់ព្រះ។ លោកយេស៊ូបានអធិដ្ឋានទៅបិតារបស់លោកនៅស្ថានសួគ៌ ដោយនិយាយថា៖ «ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក»។ (យ៉ូន. ១៧:២៦) ដូចគំរូរបស់លោកយេស៊ូ អង្គការរបស់ព្រះយេហូវ៉ាធ្វើអ្វីទាំងអស់ដែលអាចធ្វើបានដើម្បីជួយអ្នកឯទៀតឲ្យស្គាល់នាមរបស់ព្រះ។ របៀបមួយដែលអង្គការរបស់ព្រះធ្វើដូច្នេះ គឺតាមរយៈគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី។ សេចក្ដីបកប្រែនេះបានដាក់បញ្ចូលនាមរបស់ព្រះឡើងវិញនៅកន្លែងដែលធ្លាប់មាននៅក្នុងគម្ពីរជាភាសាដើម។ ឥឡូវ សេចក្ដីបកប្រែគម្ពីរនេះបានត្រូវបកប្រែទាំងមូល ឬផ្នែកខ្លះជាង២៧០ភាសា។ នៅក្នុងសេចក្ដីពន្យល់បន្ថែម ផ្នែកក៤និងក៥នៃសេចក្ដីបកប្រែនេះ អ្នកនឹងឃើញព័ត៌មានអំពីមូលហេតុនិងរបៀបដែលនាមរបស់ព្រះបានត្រូវដាក់បញ្ចូលឡើងវិញក្នុងគម្ពីរ។
១០. តើអ្នករៀនអ្វីពីពាក្យរបស់ស្ត្រីម្នាក់នៅប្រទេសមីយ៉ាន់ម៉ា?
១០ ដូចលោកយេស៊ូ យើងចង់ជួយមនុស្សឲ្យច្រើនបំផុតស្គាល់នាមរបស់ព្រះ។ ពេលរៀនថាព្រះមានឈ្មោះ ស្ត្រីម្នាក់ដែលមានអាយុ៦៧ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ាបានយំ ហើយនិយាយទៅកាន់អ្នកបង្រៀនគម្ពីររបស់គាត់ថា៖ «ឥឡូវជាលើកទី១ក្នុងឆាកជីវិតខ្ញុំដែលខ្ញុំបានឮថានាមរបស់ព្រះគឺយេហូវ៉ា។ . . . នេះជាអ្វីដ៏សំខាន់បំផុតដែលខ្ញុំអាចរៀនក្នុងជីវិត»។ ដូចបទពិសោធន៍នេះបង្ហាញ ការរៀនអំពីនាមរបស់ព្រះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សដែលមានចិត្តស្មោះ។
ចូរបន្តបង្ហាញទំនុកចិត្តទៅលើអង្គការយើង
១១. តើពួកអ្នកចាស់ទុំអាចបង្ហាញថាពួកគេឲ្យតម្លៃចំពោះអង្គការព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១១ តើអ្វីជារបៀបមួយដែលពួកអ្នកចាស់ទុំអាចបង្ហាញថាពួកគេឲ្យតម្លៃចំពោះអង្គការព្រះ? ពេលទទួលការណែនាំ ពួកអ្នកចាស់ទុំត្រូវអានការណែនាំនោះយ៉ាងយកចិត្តទុកដាក់ ហើយក្រោយមកធ្វើតាមឲ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេទទួលការណែនាំមិនគ្រាន់តែអំពីរបៀបបំពេញផ្នែកផ្សេងៗនៅកិច្ចប្រជុំនិងរបៀបអធិដ្ឋានតំណាងក្រុមជំនុំប៉ុណ្ណោះទេ តែក៏ទទួលការណែនាំអំពីរបៀបមើលថែចៀមរបស់គ្រិស្តផងដែរ។ ពួកអ្នកចាស់ទុំដែលធ្វើតាមការណែនាំពីអង្គការព្រះជួយពួកអ្នកដែលនៅក្រោមការមើលថែរបស់ពួកគេឲ្យមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់និងថែរក្សាពួកអ្នកទាំងនោះ។
ពួកអ្នកចាស់ទុំជួយយើងឲ្យទុកចិត្តការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា (សូមមើលវគ្គ១១)b
១២. (ក) ហេតុអ្វីយើងគួរសហការជាមួយពួកអ្នកនាំមុខ? (ហេប្រឺ ១៣:៧, ១៧) (ខ) ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកអ្នកនាំមុខ?
១២ ពេលយើងទទួលការណែនាំពីពួកអ្នកចាស់ទុំ យើងគួរធ្វើតាមដោយស្ម័គ្រពីចិត្ត។ ដោយធ្វើដូច្នេះ យើងនឹងធ្វើឲ្យពួកអ្នកនាំមុខងាយស្រួលធ្វើកិច្ចការរបស់ពួកគេជាង។ គម្ពីរលើកទឹកចិត្តយើងឲ្យស្ដាប់បង្គាប់និងចុះចូលពួកអ្នកនាំមុខ។ (សូមអាន ហេប្រឺ ១៣:៧, ១៧) ជួនកាលនេះគឺពិបាក។ ហេតុអ្វី? ពីព្រោះបុរសទាំងនេះគឺជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្តែ បើយើងផ្ដោតអារម្មណ៍ទៅលើគុណវិបត្តិជាជាងគុណសម្បត្តិរបស់ពួកគេ យើងនឹងហាក់ដូចជាកំពុងជួយសត្រូវរបស់យើង។ តើតាមរបៀបណា? សត្រូវរបស់យើងចង់ឲ្យយើងសង្ស័យថាព្រះមិនមែនប្រើអង្គការរបស់លោកដើម្បីណែនាំយើងទេ។ ដូច្នេះ បើយើងចាប់ផ្ដើមគិតមិនល្អអំពីពួកអ្នកចាស់ទុំ យើងក៏នឹងប្រហែលជាចាប់ផ្ដើមគិតមិនល្អអំពីអង្គការព្រះ និងបាត់បង់ទំនុកចិត្តលើអង្គការនោះដែរ។ តើយើងអាចធ្វើអ្វីជាពិសេសដើម្បីកត់សម្គាល់និងបដិសេធការឃោសនាមិនល្អពីពួកសត្រូវ?
សូមកុំឲ្យអ្នកឯទៀតធ្វើឲ្យទំនុកចិត្តរបស់អ្នកចុះខ្សោយ
១៣. តើពួកសត្រូវព្រះបានព្យាយាមយ៉ាងដូចម្ដេចដើម្បីធ្វើឲ្យអង្គការលោកមើលទៅអាក្រក់?
១៣ ពួកអ្នកប្រឆាំងព្រះ ព្យាយាមធ្វើឲ្យអ្វីល្អអំពីអង្គការរបស់ព្រះយេហូវ៉ាមើលទៅអាក្រក់។ ជាឧទាហរណ៍ យើងបានរៀនពីបទគម្ពីរថាព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកគោរពប្រណិប័តន៍លោករក្សាភាពស្អាតស្អំខាងរូបកាយ ខាងសីលធម៌ និងខាងការគោរពប្រណិប័តន៍។ លោកតម្រូវឲ្យអ្នកណាដែលបន្តប្រព្រឹត្តអំពើស្មោកគ្រោកដោយមិនប្រែចិត្តត្រូវដកចេញពីក្រុមជំនុំ។ (១កូ. ៥:១១-១៣; ៦:៩, ១០) យើងធ្វើតាមបង្គាប់នោះពីគម្ពីរ។ ប៉ុន្តែ ពួកអ្នកប្រឆាំងព្យាយាមប្រើចំណុចនេះដើម្បីចោទប្រកាន់យើងថាជាមនុស្សចង្អៀតចង្អល់ ផ្ដន្ទាទោស និងគ្មានសេចក្ដីស្រឡាញ់។
១៤. តើអ្នកណាជាប្រភពនៃរឿងមិនពិតអំពីអង្គការព្រះ?
១៤ ចូរកត់សម្គាល់ប្រភពនៃការវាយប្រហារនោះ។ មេកំណាចសាថាននៅពីក្រោយខ្នងរឿងមិនពិត។ វាជា«ឪពុកនៃការភូតភរ»។ (យ៉ូន. ៨:៤៤; ដក. ៣:១-៥) ដូច្នេះ យើងគួររំពឹងថាសាថាននឹងប្រើពួកអ្នកដែលគាំទ្រវាដើម្បីលើកស្ទួយរឿងមិនពិតអំពីអង្គការព្រះយេហូវ៉ា។ នេះសឲ្យឃើញក្នុងសតវត្សរ៍ទី១។
១៥. តើពួកអ្នកដឹកនាំសាសនាបានប្រព្រឹត្តយ៉ាងណាទៅលើលោកយេស៊ូនិងពួកអ្នកកាន់តាមលោក?
១៥ នៅសតវត្សរ៍ទី១ ពួកអ្នកគាំទ្រសាថានបាននិយាយពាក្យកុហកផ្សេងៗអំពីបុត្ររបស់ព្រះ សូម្បីតែលោកយេស៊ូជាមនុស្សល្អឥតខ្ចោះនិងបានធ្វើអព្ភូតហេតុដ៏អស្ចារ្យក្ដី។ ជាឧទាហរណ៍ ពួកអ្នកដឹកនាំសាសនាបានប្រាប់បណ្ដាជនថាអំណាចរបស់លោកយេស៊ូដើម្បីបណ្ដេញពួកវិញ្ញាណកំណាច គឺមកពី«អ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។ (ម៉ាក. ៣:២២) ពេលលោកយេស៊ូបានត្រូវគេកាត់ក្ដី ពួកអ្នកដឹកនាំសាសនាបានចោទប្រកាន់ថាលោកជេរប្រមាថព្រះ ហើយពួកគេបានបញ្ចុះបញ្ចូលបណ្ដាជនឲ្យសុំគេសម្លាប់លោក។ (ម៉ាថ. ២៧:២០) ក្រោយមក កាលដែលពួកអ្នកកាន់តាមគ្រិស្តបានផ្សព្វផ្សាយដំណឹងល្អ ពួកអ្នកប្រឆាំង«បានញុះញង់និងបង្វិលខួរបណ្ដាជន»ឲ្យបៀតបៀនគ្រិស្តសាសនិកទាំងនោះ។ (សកម្ម. ១៤:២, ១៩) ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៩ ពន្យល់អំពីសកម្មភាព ១៤:២ថា ពួកអ្នកដែលគាំទ្រសាថានបានបដិសេធដំណឹងដែលគ្រិស្តសាសនិកផ្សព្វផ្សាយ ហើយពួកគេក៏និយាយអាក្រក់អំពីគ្រិស្តសាសនិកទាំងនោះដើម្បីឲ្យបណ្ដាជនមិនស្ដាប់និងស្អប់គ្រិស្តសាសនិក។
១៦. តើយើងគួរចាំអ្វីបើយើងឮរឿងមិនពិត?
១៦ សាថាននៅតែកុហកនៅសព្វថ្ងៃនេះដែរ។ វាកំពុង«បំភាន់ពិភពលោកទាំងមូល»។ (បប. ១២:៩) បើអ្នកឮរឿងមិនល្អអំពីអង្គការព្រះឬបងប្អូនដែលនាំមុខ សូមចាំអំពីរបៀបដែលសត្រូវព្រះបានប្រព្រឹត្តមកលើលោកយេស៊ូនិងពួកអ្នកកាន់តាមនៅសតវត្សរ៍ទី១។ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវគេបៀតបៀននិងនិយាយបង្កាច់បង្ខូចយ៉ាងសាហាវដូចដែលគម្ពីរបានប្រាប់ទុកជាមុន។ (ម៉ាថ. ៥:១១, ១២) យើងនឹងមិនចាញ់បោករឿងមិនពិតទេបើយើងចេះកត់សម្គាល់ប្រភពរបស់វា ហើយចាត់វិធានការភ្លាមៗ។ តើយើងគួរចាត់វិធានការយ៉ាងណា?
១៧. តើយើងអាចជៀសវាងពីគ្រោះថ្នាក់ដែលមកពីរឿងមិនពិតតាមរបៀបណា? (ធីម៉ូថេទី២ ១:១៣) (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «តើយើងអាចធ្វើអ្វីចំពោះរឿងមិនពិត?»)
១៧ ចូរបដិសេធរឿងមិនពិត។ សាវ័កប៉ូលបានឲ្យការណែនាំយ៉ាងច្បាស់អំពីអ្វីដែលគួរធ្វើបើយើងឮរឿងមិនពិត។ គាត់បានប្រាប់ធីម៉ូថេឲ្យ«បង្គាប់អ្នកខ្លះ . . . កុំឲ្យពួកគេស្ដាប់រឿងមិនពិត»និង«បដិសេធរឿងមិនពិតដែលមិនស្របតាមអ្វីដែលបរិសុទ្ធ»។ (១ធី. ១:៣, ៤; ៤:៧) ទោះជាកូនក្មេងដែលដើរតេះតះរើសយកអ្វីពីដី ហើយដាក់ចូលមាត់ក្ដី មនុស្សពេញវ័យនឹងមិនធ្វើដូច្នេះ ដោយសារគាត់យល់ថានេះអាចនាំឲ្យឈឺ។ ស្រដៀងគ្នាដែរ យើងបដិសេធរឿងមិនពិតដោយសារយើងដឹងអំពីប្រភពនៃព័ត៌មាននោះ។ យើងស្ដាប់តែ«ពាក្យដែលមានប្រយោជន៍»នៃសេចក្ដីពិតប៉ុណ្ណោះ។—សូមអាន ធីម៉ូថេទី២ ១:១៣
១៨. តើយើងអាចបង្ហាញយ៉ាងណាថាយើងទុកចិត្តអង្គការព្រះយេហូវ៉ា?
១៨ យើងគ្រាន់តែបានពិចារណារបៀបបីក្នុងចំណោមរបៀបជាច្រើនដែលអង្គការព្រះយកតម្រាប់លោកយេស៊ូ។ កាលដែលអ្នកសិក្សាគម្ពីរ សូមកត់សម្គាល់អំពីរបៀបថែមទៀតដែលអង្គការព្រះធ្វើតាមគំរូរបស់លោកយេស៊ូ។ សូមជួយអ្នកឯទៀតក្នុងក្រុមជំនុំឲ្យកាន់តែមានទំនុកចិត្តទៅលើអង្គការព្រះ។ ម្យ៉ាងទៀត សូមបង្ហាញទំនុកចិត្តរបស់អ្នកដោយបម្រើព្រះយេហូវ៉ាយ៉ាងស្មោះភក្ដី និងដោយនៅជាប់នឹងអង្គការដែលលោកកំពុងប្រើដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ (ចសព. ៣៧:២៨) សូមយើងបន្តឲ្យតម្លៃចំពោះឯកសិទ្ធិដែលយើងមានដើម្បីរួមចំណែកជាមួយរាស្ត្ររបស់ព្រះយេហូវ៉ាដែលមានសេចក្ដីស្រឡាញ់និងចិត្តស្មោះភក្ដី។
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើរាស្ត្រព្រះយកតម្រាប់លោកយេស៊ូតាមរបៀបណាខ្លះ?
តើយើងអាចបន្តបង្ហាញថាយើងទុកចិត្តអង្គការរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
តើយើងគួរធ្វើយ៉ាងណាបើយើងឮរឿងមិនពិត?
ចម្រៀងលេខ១០៣ ពួកគង្វាលគឺអំណោយជាមនុស្ស
a សូមមើលប្រអប់ដែលមានចំណងជើងថា «ហេតុអ្វីនៅឆ្នាំ១៩១៩?» ក្នុងសៀវភៅការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ! ទំ.១០២-១០៣។
b ការពណ៌នាអំពីរូបភាព ៖ ក្រោយពីពួកអ្នកចាស់ទុំពិភាក្សាអំពីការរៀបចំសម្រាប់ការផ្សព្វផ្សាយសាធារណៈ អ្នកត្រួតពិនិត្យក្រុមផ្សាយម្នាក់ប្រាប់ការណែនាំនោះដល់អ្នកផ្សាយឲ្យពួកគេឈរអែបជញ្ជាំងដើម្បីសុវត្ថិភាព។