អត្ថបទសិក្សា ១០
ចម្រៀងលេខ៣១ ចូរដើរជាមួយនឹងព្រះ!
ចូរមានរបៀបគិតគូរដូចព្រះយេហូវ៉ានិងលោកយេស៊ូ
«ដោយសារគ្រិស្តបានរងទុក្ខពេលដែលលោកជាមនុស្ស ចូរអ្នករាល់គ្នាប្រុងប្រៀបខ្លួនដោយមានចិត្តគំនិតដូចលោកដែរ»។—១ពេ. ៤:១
ចំណុចផ្ដោត
យើងនឹងឃើញមេរៀនដ៏សំខាន់ដែលសាវ័កពេត្រុសបានរៀនពីរបៀបគិតគូររបស់លោកយេស៊ូ ហើយអ្វីដែលយើងក៏អាចរៀនដែរ។
១-២. តើការស្រឡាញ់ព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ ហើយតើតាមរបៀបណាលោកយេស៊ូបង្ហាញថាលោកស្រឡាញ់ព្រះយេហូវ៉ាអស់ពីសមត្ថភាពរិះគិត?
«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត អស់ពីកម្លាំង និងអស់ពីសមត្ថភាពរិះគិត»។ (លូក. ១០:២៧) លោកយេស៊ូបានលើកបញ្ជាក់ថា នេះគឺជាបញ្ញត្តិសំខាន់បំផុតនៅក្នុងច្បាប់ម៉ូសេ។ សូមកត់សម្គាល់ថា សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ារួមបញ្ចូលចិត្តរបស់យើង ហើយនោះសំដៅទៅលើបំណងចិត្តនិងអារម្មណ៍របស់យើង។ សេចក្ដីស្រឡាញ់នោះក៏រួមបញ្ចូលភក្ដីភាពស្មោះអស់ពីចិត្ត ព្រមទាំងកម្លាំងរបស់យើងដែរ។ ប៉ុន្តែ ការស្រឡាញ់ព្រះយេហូវ៉ាក៏រួមបញ្ចូលសមត្ថភាពរិះគិតរបស់យើងដែលសំដៅទៅលើរបៀបដែលយើងគិតគូរអំពីរឿងផ្សេងៗ។ ពិតមែនថា យើងមិនអាចយល់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាទាំងស្រុងទេ តែយើងអាចយល់របៀបគិតគូររបស់ព្រះកាន់តែច្បាស់ដោយសិក្សាអំពី«ចិត្តគំនិតរបស់គ្រិស្ត» ដោយសារលោកយេស៊ូមានរបៀបគិតគូរដូចបិតារបស់លោកបេះបិទ។—១កូ. ២:១៦
២ លោកយេស៊ូស្រឡាញ់ព្រះយេហូវ៉ាអស់ពីសមត្ថភាពរិះគិត។ លោកដឹងអំពីបំណងប្រាថ្នារបស់ព្រះចំពោះលោក ហើយលោកតាំងចិត្តធ្វើតាមបំណងប្រាថ្នានោះ ទោះជាការធ្វើដូច្នេះតម្រូវឲ្យលោករងទុក្ខក្ដី។ ដោយសារលោកយេស៊ូផ្ដោតអារម្មណ៍លើការធ្វើតាមបំណងប្រាថ្នារបស់បិតាលោក នោះលោកមិនអនុញ្ញាតឲ្យអ្វីណាក៏ដោយមកបង្វែរអារម្មណ៍របស់លោកពីនោះឡើយ។
៣. តើសាវ័កពេត្រុសបានរៀនអ្វីពីលោកយេស៊ូ ហើយតើគាត់បានលើកទឹកចិត្តគ្រិស្តសាសនិកឯទៀតឲ្យធ្វើអ្វី? (ពេត្រុសទី១ ៤:១)
៣ ពេត្រុសនិងសាវ័កឯទៀតមានឯកសិទ្ធិចំណាយពេលជាមួយនឹងលោកយេស៊ូ ហើយរៀនអំពីរបៀបគិតគូររបស់លោក។ ពេលពេត្រុសសរសេរសំបុត្រទី១របស់គាត់ក្រោមការដឹកនាំរបស់ព្រះ គាត់បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យប្រុងប្រៀបខ្លួនដោយមានចិត្តគំនិតដូចគ្រិស្ត។a (សូមអាន ពេត្រុសទី១ ៤:១) នៅក្នុងភាសាដើម ពេលពេត្រុសសរសេរថា៖ «ប្រុងប្រៀបខ្លួន» គាត់ប្រើពាក្យដែលគេប្រើដើម្បីរៀបរាប់អំពីទាហានដែលប្រដាប់ដោយអាវុធត្រៀមខ្លួនចូលធ្វើចម្បាំង។ ដូច្នេះ បើគ្រិស្តសាសនិកមានចិត្តគំនិតឬមានរបៀបគិតគូរដូចលោកយេស៊ូ ពួកគេនឹងមានអ្វីដែលពួកគេត្រូវការដើម្បីតយុទ្ធនឹងបំណងប្រាថ្នាណាក៏ដោយដែលនាំឲ្យធ្វើខុស ហើយតយុទ្ធនឹងពិភពលោកដែលនៅក្រោមអំណាចរបស់សាថាន។—២កូ. ១០:៣-៥; អេភ. ៦:១២
៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ យើងនឹងពិចារណារបៀបគិតគូររបស់លោកយេស៊ូ ហើយឃើញអំពីរបៀបដែលយើងអាចមានរបៀបគិតគូរបែបនោះ។ យើងក៏នឹងរៀនដែរអំពីរបៀបដែលយើងអាច (១) មានរបៀបគិតគូរដូចព្រះយេហូវ៉ា ដែលនឹងជួយយើងទាំងអស់គ្នាឲ្យមានគំនិតឯកភាព (២) មានចិត្តរាបទាប និង(៣) ដឹងខុសត្រូវជានិច្ចដោយពឹងផ្អែកលើព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន។
ចូរមានរបៀបគិតគូរដូចព្រះយេហូវ៉ា
៥. នៅពេលមួយ តើពេត្រុសបានធ្វើអ្វីដែលបង្ហាញថាគាត់មិនមានរបៀបគិតគូរដូចព្រះយេហូវ៉ា?
៥ សូមពិចារណាអំពីពេលមួយដែលពេត្រុសមិនមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងមួយ។ លោកយេស៊ូបានប្រាប់ពួកសាវ័កថាលោកត្រូវទៅក្រុងយេរូសាឡិម ត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដឹកនាំសាសនា ត្រូវគេធ្វើទារុណកម្ម ហើយត្រូវគេសម្លាប់។ (ម៉ាថ. ១៦:២១) ពេត្រុសដឹងថាលោកយេស៊ូជាមេស្ស៊ីដែលបានត្រូវសន្យា ជាអ្នកដែលនឹងសង្គ្រោះរាស្ត្ររបស់ព្រះ។ ដូច្នេះ គាត់ប្រហែលជាពិបាកជឿថា ព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យគេសម្លាប់លោកយេស៊ូ។ (ម៉ាថ. ១៦:១៦) ហេតុនេះ ពេត្រុសបាននាំលោកយេស៊ូទៅឆ្ងាយពីអ្នកឯទៀតបន្តិច ហើយនិយាយថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង។ ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ (ម៉ាថ. ១៦:២២) ដោយសារពេត្រុសមិនមានរបៀបគិតគូរដូចព្រះយេហូវ៉ាចំពោះរឿងនោះ គាត់ក៏មិនមានរបៀបគិតគូរដូចលោកយេស៊ូដែរ។
៦. តើលោកយេស៊ូបានបង្ហាញយ៉ាងណាថារបៀបគិតគូររបស់លោកសមស្របនឹងរបៀបគិតគូររបស់ព្រះយេហូវ៉ា?
៦ របៀបគិតគូររបស់លោកយេស៊ូគឺសមស្របនឹងរបៀបគិតគូររបស់បិតាលោកនៅស្ថានសួគ៌។ លោកយេស៊ូបានមានប្រសាសន៍ទៅពេត្រុសថា៖ «នែ! សាថាន ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ! អ្នកកំពុងដាក់ឧបសគ្គរារាំងខ្ញុំ ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។ (ម៉ាថ. ១៦:២៣) លោកយេស៊ូដឹងថាដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា លោកត្រូវរងទុក្ខ ហើយស្លាប់។ ដូច្នេះ លោកយេស៊ូបានបដិសេធយោបល់របស់ពេត្រុស ទោះជាពេត្រុសទំនងជាព្យាយាមជួយលោកក្ដី។ ពេត្រុសបានទាញមេរៀនពីនេះថា គាត់ត្រូវមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ នេះគឺជាមេរៀនដ៏សំខាន់ដែលយើងក៏ត្រូវរៀនដែរ។
៧. តើតាមរបៀបណាពេត្រុសបង្ហាញថាគាត់ចង់ផ្លាស់ប្ដូររបៀបគិតគូរឲ្យស្របតាមរបៀបគិតគូររបស់ព្រះយេហូវ៉ា? (សូមមើលរូបភាព)
៧ ក្រោយមក ពេត្រុសបង្ហាញថាគាត់ចង់រៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ គឺដល់ពេលដែលព្រះយេហូវ៉ាបើកឱកាសឲ្យជនជាតិដទៃដែលមិនកាត់ចុងស្បែកក្លាយទៅជារាស្ត្ររបស់លោក។ ដូច្នេះ ព្រះបានណែនាំពេត្រុសឲ្យទៅផ្សព្វផ្សាយដល់កូនេលាស ដែលនៅក្នុងចំណោមជនជាតិដទៃដំបូងដែលបានទៅជាគ្រិស្តសាសនិក។ តាមធម្មតា ជនជាតិយូដាមិនទាក់ទងជាមួយនឹងជនជាតិដទៃទេ។ ដូច្នេះ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលពេត្រុសត្រូវការជំនួយដើម្បីត្រៀមខ្លួនសម្រាប់ភារកិច្ចរបស់គាត់។ ពេលពេត្រុសយល់អំពីបំណងប្រាថ្នារបស់ព្រះចំពោះរឿងនោះ គាត់បានផ្លាស់ប្ដូរទស្សនៈរបស់គាត់។ ជាលទ្ធផល ពេលគេហៅគាត់ទៅផ្ទះរបស់កូនេលាស គាត់បានទៅ«ដោយមិនជំទាស់»។ (សកម្ម. ១០:២៨, ២៩) គាត់បានផ្សព្វផ្សាយដល់កូនេលាសនិងពួកអ្នកផ្ទះរបស់កូនេលាស ហើយពួកគេបានទទួលការជ្រមុជទឹក។—សកម្ម. ១០:២១-២៣, ៣៤, ៣៥, ៤៤-៤៨
ពេត្រុសចូលក្នុងផ្ទះរបស់កូនេលាស (សូមមើលវគ្គ៧)
៨. តើយើងអាចបង្ហាញយ៉ាងណាថាយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា? (ពេត្រុសទី១ ៣:៨)
៨ ប៉ុន្មានឆ្នាំក្រោយមក ពេត្រុសបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យ«មានចិត្តគំនិតតែមួយ»។ (សូមអាន ពេត្រុសទី១ ៣:៨) ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា យើងអាចមានចិត្តគំនិតតែមួយជាមួយនឹងបងប្អូនរបស់យើង បើយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា ដូចដែលយើងរៀនពីគម្ពីរ។ ជាឧទាហរណ៍ លោកយេស៊ូបានដាស់តឿនអ្នកកាន់តាមរបស់លោកឲ្យស្វែងរករាជាណាចក្រជាមុនក្នុងជីវិតរបស់ពួកគេ។ (ម៉ាថ. ៦:៣៣) ដូច្នេះ បើមានបងប្អូននៅក្នុងក្រុមជំនុំរបស់អ្នកសម្រេចចិត្តចាប់ផ្ដើមត្រួសត្រាយ ឬបម្រើពេញពេលតាមរបៀបផ្សេងទៀត ជាជាងប្រាប់គាត់ឲ្យអាណិតខ្លួន យើងគួរនិយាយល្អៗអំពីគោលដៅរបស់គាត់និងគាំទ្រគាត់។
ចូរមានចិត្តរាបទាប
៩-១០. តើលោកយេស៊ូបានបង្ហាញចិត្តរាបទាបយ៉ាងខ្លាំងតាមរបៀបណា?
៩ នៅយប់មុនលោកយេស៊ូបានត្រូវគេសម្លាប់ លោកបានបង្រៀនពេត្រុសនិងពួកសាវ័កឯទៀតនូវមេរៀនដ៏សំខាន់អំពីចិត្តរាបទាប។ មុននោះ លោកយេស៊ូបានចាត់ពេត្រុសនិងយ៉ូហានឲ្យរៀបចំអ្វីផ្សេងៗសម្រាប់អាហារចុងក្រោយដែលលោកនឹងបរិភោគជាមួយពួកសាវ័កមុនដែលលោកស្លាប់។ ការរៀបចំនោះ ទំនងជារួមមានចានក្លាំធំមួយនិងកន្សែងដើម្បីលាងជើងភ្ញៀវមុនបរិភោគអាហារ។ ប៉ុន្តែ តើអ្នកណានឹងមានចិត្តរាបទាប ហើយលាងជើងឲ្យអ្នកឯទៀត?
១០ លោកយេស៊ូមិនបានស្ទាក់ស្ទើរក្នុងការបង្ហាញចិត្តរាបទាបទេ។ ពួកសាវ័កច្បាស់ជាភ្ញាក់ផ្អើលពេលឃើញថា លោកយេស៊ូធ្វើអ្វីដែលធម្មតាជាកិច្ចការរបស់ខ្ញុំបម្រើ។ លោកយេស៊ូបានដោះសម្លៀកបំពាក់ក្រៅចេញ យកកន្សែងមកក្រវាត់ចង្កេះ ចាក់ទឹកចូលចានក្លាំធំមួយ ហើយចាប់ផ្ដើមលាងជើងរបស់ពួកសាវ័ក។ (យ៉ូន. ១៣:៤, ៥) ប្រហែលជាត្រូវការពេលដើម្បីលាងជើងសាវ័កទាំង១២នាក់ រួមបញ្ចូលយូដាសដែលហៀបនឹងក្បត់លោក។ ប៉ុន្តែ លោកយេស៊ូបានធ្វើកិច្ចការនោះដោយចិត្តរាបទាប។ ក្រោយមក លោកយេស៊ូបានពន្យល់ដោយចិត្តអត់ធ្មត់ថា៖ «តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាទេ? អ្នករាល់គ្នាហៅខ្ញុំថា‹លោកគ្រូ›និង‹លោកម្ចាស់› ហើយជាការត្រឹមត្រូវដែលអ្នករាល់គ្នាហៅខ្ញុំដូច្នេះ ព្រោះខ្ញុំជាគ្រូនិងជាម្ចាស់មែន។ ដូច្នេះ ប្រសិនបើខ្ញុំជាម្ចាស់និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នា នោះអ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ»។—យ៉ូន ១៣:១២-១៤
ចិត្តរាបទាបរួមបញ្ចូលទស្សនៈរបស់យើងចំពោះខ្លួនឯងនិងចំពោះអ្នកឯទៀត
១១. តើពេត្រុសបានបង្ហាញយ៉ាងដូចម្ដេចថាគាត់បានរៀនឲ្យមានចិត្តរាបទាប? (ពេត្រុសទី១ ៥:៥) (សូមមើលរូបភាពផងដែរ)
១១ ពេត្រុសបានទាញយកមេរៀនពីចិត្តរាបទាបរបស់លោកយេស៊ូ។ ក្រោយពីលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ ពេត្រុសបានធ្វើអព្ភូតហេតុដោយធ្វើឲ្យបុរសដែលខ្វិនតាំងពីកំណើតជាសះស្បើយ។ (សកម្ម. ១:៨, ៩; ៣:២, ៦-៨) អព្ភូតហេតុដ៏អស្ចារ្យនេះ បានធ្វើឲ្យបណ្ដាជនមូលគ្នាមកឯពេត្រុស។ (សកម្ម. ៣:១១) តើពេត្រុសចង់បានការសរសើរដោយសារគាត់បានធំឡើងក្នុងសង្គមដែលការមានមុខមាត់គឺសំខាន់ឬទេ? មិនមែនទេ។ ផ្ទុយទៅវិញ គាត់មានចិត្តរាបទាប ហើយប្រាប់ពួកគេឲ្យសរសើរតម្កើងព្រះយេហូវ៉ានិងលោកយេស៊ូពេលគាត់និយាយថា៖ «បុរសនេះដែលអ្នករាល់ឃើញនិងស្គាល់ បានត្រូវធ្វើឲ្យមាំមួនឡើងវិញ ដោយសារនាមរបស់លោក[យេស៊ូ] និងដោយសារជំនឿរបស់យើងលើនាមរបស់លោក»។ (សកម្ម. ៣:១២-១៦) នៅពេលក្រោយមក ពាក្យដែលសាវ័កពេត្រុសប្រើក្នុងសំបុត្រមួយទៅកាន់គ្រិស្តសាសនិក ស្ដីអំពីសារៈសំខាន់នៃការបណ្ដុះឲ្យមានចិត្តរាបទាប ប្រហែលជារំលឹកយើងអំពីពេលដែលលោកយេស៊ូយកកន្សែងមកក្រវាត់ចង្កេះ ហើយលាងជើងពួកសាវ័ក។—សូមអាន ពេត្រុសទី១ ៥:៥
ក្រោយពីពេត្រុសបានធ្វើអព្ភូតហេតុ គាត់បានបង្ហាញចិត្តរាបទាបដោយឲ្យការសរសើរដល់ព្រះយេហូវ៉ានិងលោកយេស៊ូ។ យើងក៏អាចបង្ហាញចិត្តរាបទាបដែរ ដោយធ្វើអ្វីល្អៗ ទាំងមិនរំពឹងថានឹងទទួលការសរសើរឬអ្វីល្អមកវិញទេ (សូមមើលវគ្គ១១-១២)
១២. ដូចពេត្រុស តើយើងអាចបន្តព្យាយាមឲ្យមានចិត្តរាបទាបយ៉ាងដូចម្ដេច?
១២ យើងអាចធ្វើតាមគំរូរបស់ពេត្រុសដោយបណ្ដុះឲ្យមានចិត្តរាបទាប។ សូមចាំថាការមានចិត្តរាបទាបមិនគ្រាន់តែទាក់ទងនឹងអ្វីដែលយើងនិយាយប៉ុណ្ណោះទេ។ ពាក្យដែលពេត្រុសប្រើដែលបានត្រូវបកប្រែថា«ចិត្តរាបទាប» បង្ហាញថាចិត្តរាបទាបរួមបញ្ចូលទស្សនៈរបស់យើងចំពោះខ្លួនឯងនិងចំពោះអ្នកឯទៀត។ យើងធ្វើកិច្ចការផ្សេងៗសម្រាប់អ្នកឯទៀតដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់មនុស្ស មិនមែនដោយសារយើងចង់ឲ្យអ្នកឯទៀតកោតសរសើរយើងនោះទេ។ បើយើងអរសប្បាយបម្រើព្រះយេហូវ៉ានិងបងប្អូនរបស់យើងតាមរបៀបផ្សេងៗដែលយើងអាចធ្វើបាន មិនថាអ្នកឯទៀតកត់សម្គាល់ឬមិនកត់សម្គាល់ការខំប្រឹងរបស់យើងក្ដី នោះយើងបង្ហាញថាយើងមានចិត្តរាបទាប។—ម៉ាថ. ៦:១-៤
ចូរ«ដឹងខុសត្រូវជានិច្ច»
១៣. តើការ«ដឹងខុសត្រូវជានិច្ច»រួមបញ្ចូលអ្វីខ្លះ?
១៣ តើការ«ដឹងខុសត្រូវជានិច្ច»រួមបញ្ចូលអ្វីខ្លះ? (១ពេ. ៤:៧) គ្រិស្តសាសនិកដែលដឹងខុសត្រូវខំព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើការសម្រេចចិត្តល្អសមស្របនឹងរបៀបគិតគូររបស់ព្រះយេហូវ៉ា។ គ្រិស្តសាសនិកបែបនោះដឹងថា គ្មានអ្វីសំខាន់ជាងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាឡើយ។ គាត់មានទស្សនៈត្រឹមត្រូវចំពោះខ្លួនដោយទទួលស្គាល់ថាគាត់មិនដឹងគ្រប់សព្វទេ។ ម្យ៉ាងទៀត គាត់បង្ហាញថាគាត់ពឹងផ្អែកលើព្រះយេហូវ៉ាដោយអធិដ្ឋានជារឿយៗដើម្បីសុំការណែនាំពីលោក។
១៤. នៅពេលមួយ តើពេត្រុសមិនបានពឹងផ្អែកលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៤ នៅយប់មុនលោកយេស៊ូស្លាប់ លោកបានព្រមានពួកអ្នកកាន់តាមលោកថា៖ «នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដោយសារអ្វីដែលកើតឡើងដល់ខ្ញុំ»។ ពេត្រុសបានតបឆ្លើយទាំងមានទំនុកចិត្តថា៖ «ទោះជាពួកគេទាំងអស់គ្នាជំពប់ដួលដោយសារអ្វីដែលនឹងកើតឡើងចំពោះលោកក៏ដោយ តែខ្ញុំនឹងមិនជំពប់ដួលឡើយ!»។ នៅយប់នោះឯង លោកយេស៊ូបានផ្ដល់យោបល់ដល់ពួកអ្នកកាន់តាមខ្លះរបស់លោកថា៖ «ចូរចាំយាម ហើយអធិដ្ឋានជានិច្ច»។ (ម៉ាថ. ២៦:៣១, ៣៣, ៤១) បើពេត្រុសបានធ្វើតាមយោបល់នោះ គាត់ប្រហែលជាមានចិត្តក្លាហានដើម្បីនិយាយថាគាត់ជាអ្នកកាន់តាមលោកយេស៊ូ។ តែផ្ទុយទៅវិញ ពេត្រុសមិនបានទទួលស្គាល់លោកម្ចាស់របស់គាត់ទេ ហើយនោះនាំឲ្យគាត់ស្ដាយក្រោយយ៉ាងខ្លាំង។—ម៉ាថ. ២៦:៦៩-៧៥
១៥. តើតាមរបៀបណាលោកយេស៊ូដឹងខុសត្រូវជានិច្ចនៅយប់ចុងក្រោយនៃជីវិតរបស់លោកនៅផែនដី?
១៥ លោកយេស៊ូពឹងផ្អែកលើព្រះយេហូវ៉ាទាំងស្រុង។ ទោះជាលោកល្អឥតខ្ចោះក៏ដោយ លោកបានអធិដ្ឋានទៅព្រះយេហូវ៉ាម្ដងហើយម្ដងទៀត។ នេះនាំឲ្យលោកយេស៊ូមានចិត្តក្លាហានដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាចំពោះខ្លួនលោកផ្ទាល់។ (ម៉ាថ. ២៦:៣៩, ៤២, ៤៤; យ៉ូន. ១៨:៤, ៥) ពេត្រុសច្បាស់ជាចាំមិនភ្លេចថា លោកយេស៊ូបានអធិដ្ឋានម្ដងហើយម្ដងទៀតនៅយប់ចុងក្រោយនោះ។
១៦. តើពេត្រុសបានបង្ហាញយ៉ាងណាថាគាត់ដឹងខុសត្រូវជានិច្ច? (ពេត្រុសទី១ ៤:៧)
១៦ យូរៗទៅ ពេត្រុសបានរៀនឲ្យកាន់តែចេះពឹងផ្អែកលើព្រះយេហូវ៉ាដោយសេចក្ដីអធិដ្ឋាន។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានពង្រឹងទំនុកចិត្តពេត្រុសនិងសាវ័កឯទៀតថា ពួកគេនឹងទទួលឫទ្ធានុភាពបរិសុទ្ធដើម្បីពួកគេអាចផ្សព្វផ្សាយដំណឹងល្អ។ ប៉ុន្តែ លោកយេស៊ូបានសុំពួកគេឲ្យរង់ចាំនៅក្រុងយេរូសាឡិមរហូតដល់នោះកើតឡើង។ (លូក. ២៤:៤៩; សកម្ម. ១:៤, ៥) តើពេត្រុសបានធ្វើអ្វីពេលគាត់កំពុងរង់ចាំ? ពេត្រុសនិងគ្រិស្តសាសនិកឯទៀត«កំពុងព្យាយាមក្នុងការអធិដ្ឋាន»។ (សកម្ម. ១:១៣, ១៤) ក្រោយមក ក្នុងសំបុត្រទី១របស់ពេត្រុស គាត់បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យដឹងខុសត្រូវជានិច្ចនិងពឹងផ្អែកលើព្រះយេហូវ៉ាដោយសេចក្ដីអធិដ្ឋាន។ (សូមអាន ពេត្រុសទី១ ៤:៧) ពេត្រុសបានរៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ា ហើយគាត់បានទៅជាសសរមួយនៃក្រុមជំនុំ។—កាឡ. ២:៩
១៧. មិនថាយើងមានសមត្ថភាពបែបណាក៏ដោយ តើយើងត្រូវបន្តធ្វើអ្វី? (សូមមើលរូបភាពផងដែរ)
១៧ ដើម្បីដឹងខុសត្រូវជានិច្ច យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗ។ យើងយល់ថា យើងត្រូវបន្តអធិដ្ឋានទៅព្រះយេហូវ៉ា ទោះបីជាយើងមានសមត្ថភាពបែបណាក៏ដោយ។ យ៉ាងនេះ ពេលយើងត្រូវធ្វើការសម្រេចចិត្តសំខាន់ យើងអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា ហើយទុកចិត្តថាលោកដឹងអ្វីដែលល្អបំផុតសម្រាប់យើង។
ពេត្រុសបានរៀនឲ្យពឹងផ្អែកលើព្រះយេហូវ៉ាដោយសេចក្ដីអធិដ្ឋាន។ យើងក៏អាចដឹងខុសត្រូវជានិច្ចដោយអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ជាពិសេសពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ (សូមមើលវគ្គ១៧)b
១៨. តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ យើងដឹងគុណព្រះយេហូវ៉ាដែលលោកបានបង្កើតយើងឲ្យមានគុណសម្បត្តិដូចលោក។ (ដក. ១:២៦) ពិតមែន យើងមិនអាចយកតម្រាប់លោកយ៉ាងល្អឥតខ្ចោះទេ។ (អេ. ៥៥:៩) ប៉ុន្តែដូចពេត្រុស យើងចង់បន្តមានរបៀបគិតគូរដូចព្រះយេហូវ៉ា មានចិត្តរាបទាប និងដឹងខុសត្រូវជានិច្ច។
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
a ពាក្យ«ចិត្តគំនិត»នៅពេត្រុសទី១ ៤:១ ក៏អាចបកប្រែថា«របៀបគិតគូរ»ដែរ។
b ការពណ៌នាអំពីរូបភាព៖ បងស្រីម្នាក់អធិដ្ឋានក្នុងចិត្តពេលគាត់រង់ចាំសម្ភាសន៍ការងារ។