អត្ថបទសិក្សា ១២
ចម្រៀងលេខ១១៩ យើងត្រូវតែមានជំនឿ
ចូរបន្តរស់នៅស្របតាមជំនឿ
«យើងរស់នៅស្របតាមជំនឿ មិនមែនតាមអ្វីដែលយើងមើលឃើញនោះទេ»។—២កូ. ៥:៧
ចំណុចផ្ដោត
របៀបបន្តរស់នៅស្របតាមជំនឿ ពេលធ្វើការសម្រេចចិត្តដ៏សំខាន់។
១. ហេតុអ្វីប៉ូលអាចស្កប់ចិត្តនឹងជីវិតរបស់គាត់?
សាវ័កប៉ូលដឹងថាមិនយូរទៀតគាត់នឹងត្រូវគេសម្លាប់។ ប៉ុន្តែ ពេលគាត់គិតអំពីជីវិតរបស់គាត់ គាត់មានអារម្មណ៍ស្កប់ចិត្ត។ គាត់បាននិយាយថា៖ «ខ្ញុំបានរត់ប្រណាំងដល់ទីផ្ដាច់ព្រ័ត្រ ខ្ញុំបានបន្តធ្វើតាមជំនឿ»។ (២ធី. ៤:៦-៨) ប៉ូលបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងកិច្ចបម្រើរបស់គាត់ជាគ្រិស្តសាសនិក ហើយគាត់ជឿជាក់ថាព្រះយេហូវ៉ាពេញចិត្តគាត់។ យើងក៏ចង់ធ្វើការសម្រេចចិត្តល្អ ហើយចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២. តើការរស់នៅស្របតាមជំនឿមានន័យយ៉ាងណា?
២ ប៉ូលបាននិយាយអំពីខ្លួនគាត់និងគ្រិស្តសាសនិកដ៏ស្មោះត្រង់ឯទៀតថា៖ «យើងរស់នៅស្របតាមជំនឿ មិនមែនតាមអ្វីដែលយើងមើលឃើញនោះទេ»។ (២កូ. ៥:៧) តើពាក្យរបស់ប៉ូលមានន័យយ៉ាងណា? ពេលបុគ្គលម្នាក់រស់នៅស្របតាមតែអ្វីដែលគាត់មើលឃើញ គាត់ធ្វើការសម្រេចចិត្តដោយផ្អែកតែលើអ្វីដែលគាត់មើលឃើញ ស្ដាប់ឮ និងអាចប៉ះពាល់បានប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពេលបុគ្គលណាម្នាក់រស់នៅស្របតាមជំនឿ គាត់ធ្វើការសម្រេចចិត្តដោយផ្អែកលើទំនុកចិត្តរបស់គាត់លើព្រះយេហូវ៉ា។ ការប្រព្រឹត្តរបស់គាត់បង្ហាញថា គាត់ជឿជាក់ថាព្រះនឹងផ្ដល់រង្វាន់ដល់គាត់ គឺថាគាត់នឹងទទួលប្រយោជន៍ពីការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដែលមាននៅក្នុងបណ្ដាំរបស់លោក។—ចសព. ១១៩:៦៦; ហេ. ១១:៦
៣. តើការរស់នៅស្របតាមជំនឿនាំឲ្យទទួលប្រយោជន៍អ្វីខ្លះ? (កូរិនថូសទី២ ៤:១៨)
៣ ពិតមែនថា យើងទាំងអស់គ្នាធ្វើការសម្រេចចិត្តខ្លះដោយផ្អែកលើអ្វីដែលយើងមើលឃើញ ស្ដាប់ឮ និងអាចប៉ះពាល់បាន។ ប៉ុន្តែ បើយើងផ្អែកទៅលើអ្វីទាំងនេះតែប៉ុណ្ណោះពេលធ្វើការសម្រេចចិត្តដ៏សំខាន់ យើងទំនងជានឹងជួបការពិបាក។ ហេតុអ្វី? ដោយសារអ្វីដែលយើងមើលឃើញនិងស្ដាប់ឮ មិនតែងតែគួរឲ្យទុកចិត្តទេ។ បើយើងធ្វើការសម្រេចចិត្តដោយផ្អែកតែលើអ្វីដែលយើងមើលឃើញ ស្ដាប់ឮ ឬអាចប៉ះពាល់បានប៉ុណ្ណោះ នៅទីបំផុតយើងនឹងធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ (អទ. ១១:៩; ម៉ាថ. ២៤:៣៧-៣៩) ប៉ុន្តែ ពេលយើងរស់នៅស្របតាមជំនឿ យើងទំនងជានឹងធ្វើការសម្រេចចិត្តដែល«លោកម្ចាស់ពេញចិត្ត»។ (អេភ. ៥:១០) ការធ្វើតាមយោបល់របស់ព្រះនឹងនាំឲ្យយើងមានសេចក្ដីសុខសាន្តក្នុងចិត្ត និងមានសុភមង្គលពិតប្រាកដ។ (ចសព. ១៦:៨, ៩; អេ. ៤៨:១៧, ១៨) ម្យ៉ាងទៀត បើយើងបន្តរស់នៅស្របតាមជំនឿ យើងនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។—សូមអាន កូរិនថូសទី២ ៤:១៨
៤. តើតាមរបៀបណាបុគ្គលម្នាក់អាចដឹងថាគាត់រស់នៅស្របតាមជំនឿឬតាមអ្វីដែលគាត់មើលឃើញ?
៤ តើយើងអាចដឹងយ៉ាងដូចម្ដេចថាយើងរស់នៅស្របតាមជំនឿឬតាមអ្វីដែលយើងមើលឃើញ? គឺដោយពិចារណាថា តើយើងឲ្យអ្វីណែនាំយើងពេលយើងធ្វើការសម្រេចចិត្ត? តើនោះជាអ្វីដែលយើងមើលឃើញតែប៉ុណ្ណោះឬទេ? ឬតើយើងឲ្យយោបល់ពីព្រះយេហូវ៉ានិងទំនុកចិត្តរបស់យើងទៅលើលោកណែនាំយើង? សូមយើងពិចារណាអំពីរបៀបដែលយើងអាចបន្ដរស់នៅស្របតាមជំនឿក្នុងរឿងសំខាន់បីយ៉ាងគឺ៖ ពេលជ្រើសរើសការងារ ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍ និងពេលទទួលការណែនាំពីអង្គការព្រះ។ ក្នុងរឿងនីមួយៗទាំងនោះ យើងនឹងពិចារណាអំពីកត្តាដែលយើងគួរគិតពិចារណាដើម្បីធ្វើការសម្រេចចិត្តល្អ។
ពេលជ្រើសរើសការងារ
៥. តើយើងគួរពិចារណាអំពីអ្វីពេលជ្រើសរើសការងារ?
៥ យើងទាំងអស់គ្នាចង់ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្លួន និងក្រុមគ្រួសាររបស់យើង។ (អទ. ៧:១២; ១ធី. ៥:៨) ការងារខ្លះផ្ដល់ប្រាក់ខែខ្ពស់។ នេះបើកឱកាសឲ្យអ្នកធ្វើការអាចផ្គត់ផ្គង់សេចក្ដីត្រូវការប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ហើយអាចសន្សំលុយខ្លះសម្រាប់ថ្ងៃអនាគត។ រីឯការងារផ្សេងទៀតទទួលបានប្រាក់ខែទាបជាង ហើយអ្នកធ្វើការនោះអាចផ្គត់ផ្គង់តែសេចក្ដីត្រូវការរបស់ក្រុមគ្រួសារប៉ុណ្ណោះ។ ពេលសម្រេចចិត្តទទួលឬមិនទទួលការងារណាមួយ យើងច្បាស់ជាគិតអំពីប្រាក់ខែ។ ប៉ុន្តែ បើយើងគិតតែអំពីប្រាក់ខែប៉ុណ្ណោះ យើងកំពុងឲ្យអ្វីដែលយើងមើលឃើញដឹកនាំយើងហើយ។
៦. តើយើងអាចរស់នៅស្របតាមជំនឿយ៉ាងដូចម្ដេចពេលជ្រើសរើសការងារ? (ហេប្រឺ ១៣:៥)
៦ បើយើងរស់នៅស្របតាមជំនឿ យើងក៏នឹងពិចារណាអំពីរបៀបដែលការងារនោះអាចប៉ះពាល់ដល់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ យើងអាចសួរខ្លួនយើងថា ‹តើការងារនោះនឹងតម្រូវឲ្យខ្ញុំធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់ឬទេ?›។ (សុភ. ៦:១៦-១៩) ‹តើការងារនោះនឹងធ្វើឲ្យខ្ញុំខកខានចូលរួមកិច្ចប្រជុំ មិនសូវមានពេលផ្សព្វផ្សាយ និងសិក្សាគម្ពីរ ហើយតម្រូវឲ្យខ្ញុំរស់នៅឆ្ងាយពីក្រុមគ្រួសារជារឿយៗឬទេ?›។ (ភី. ១:១០) បើអ្នកឆ្លើយថាមែនចំពោះចំណុចណាមួយក្នុងសំណួរទាំងនេះ គឺជាល្អឲ្យអ្នកមិនទទួលការងារនោះ ទោះជាពិបាករកការងារក៏ដោយ។ ដោយសារយើងរស់នៅស្របតាមជំនឿ យើងធ្វើការសម្រេចចិត្តដែលបង្ហាញថា យើងជឿជាក់ថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើង។—ម៉ាថ. ៦:៣៣; សូមអាន ហេប្រឺ ១៣:៥
៧-៨. តើតាមរបៀបណាបងប្រុសម្នាក់ពីទ្វីបអាម៉េរិកខាងត្បូងរស់នៅស្របតាមជំនឿ? (សូមមើលរូបភាពផងដែរ)
៧ សូមកត់សម្គាល់របៀបដែលបងប្រុសហាវយើaនៅទ្វីបអាម៉េរិកខាងត្បូងបានឃើញសារៈសំខាន់នៃការរស់នៅស្របតាមជំនឿ។ គាត់រៀបរាប់ថា៖ «ខ្ញុំបានដាក់ពាក្យធ្វើការងារមួយដែលមានប្រាក់ខែមួយទ្វេជាពីរ ហើយជាការងារដែលខ្ញុំចូលចិត្ត»។ ប៉ុន្តែ បងហាវយើក៏ចង់ធ្វើជាអ្នកត្រួសត្រាយពេញពេលខ្លាំងណាស់ដែរ។ គាត់បន្តថា៖ «ប្រធានគ្រប់គ្រងប្រចាំប្រទេសបានណាត់សម្ភាសន៍ខ្ញុំ។ ប៉ុន្តែមុនការសម្ភាសន៍នោះ ខ្ញុំបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដោយជឿជាក់ថា លោកដឹងអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ។ ខ្ញុំចង់ឡើងតំណែង ប៉ុន្តែបើការងារនោះមិនជួយខ្ញុំឲ្យសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ ខ្ញុំមិនចង់ទទួលការងារនោះទេ»។
៨ បងហាវយើរៀបរាប់ថា៖ «ក្នុងការសម្ភាសន៍នោះ ប្រធានប្រាប់ខ្ញុំថា ខ្ញុំត្រូវធ្វើការថែមម៉ោងជាទៀងទាត់។ ខ្ញុំបានប្រាប់គាត់យ៉ាងសប្បុរសវិញថា ខ្ញុំមិនអាចធ្វើដូច្នោះបានទេ ដោយសារការគោរពប្រណិប័តន៍របស់ខ្ញុំ»។ ក្រោយមក បងហាវយើបានសម្រេចចិត្តមិនទទួលយកការងារនោះ។ ពីរសប្ដាហ៍ក្រោយមក គាត់ចាប់ផ្ដើមត្រួសត្រាយ ហើយនៅឆ្នាំដដែលនោះគាត់បានរកការងារមិនពេញពេល។ គាត់និយាយថា៖ «ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ ហើយផ្ដល់ការងារឲ្យខ្ញុំដែលជួយខ្ញុំក្នុងកិច្ចការត្រួសត្រាយ។ ខ្ញុំពិតជាសប្បាយដែលខ្ញុំមានការងារដែលឲ្យខ្ញុំមានពេលច្រើនជាងក្នុងការបម្រើព្រះយេហូវ៉ានិងបងប្អូនរួមជំនឿ»។
បើគេស្នើសុំឲ្យអ្នកឡើងតំណែងនៅកន្លែងធ្វើការ តើការសម្រេចចិត្តរបស់អ្នកបង្ហាញថាអ្នកទុកចិត្តថាព្រះយេហូវ៉ាដឹងអ្វីដែលល្អបំផុតសម្រាប់អ្នកឬទេ? (សូមមើលវគ្គ៧-៨)
៩. តើអ្នកទាញមេរៀនអ្វីពីបទពិសោធន៍របស់បងត្រេស័រ?
៩ ចុះយ៉ាងណាបើយើងដឹងថា ការងារដែលយើងមាននៅឥឡូវនេះធ្វើឲ្យយើងពិបាករស់នៅស្របតាមជំនឿ? សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសត្រេស័រ ពីប្រទេសកុងហ្គោ។ គាត់រៀបរាប់ថា៖ «ការងារថ្មីរបស់ខ្ញុំគឺជាការងារក្នុងក្ដីស្រមៃរបស់ខ្ញុំ។ ការងារនោះផ្ដល់ប្រាក់ខែឲ្យខ្ញុំមួយជាបីច្រើនជាងប្រាក់ខែពីមុន ហើយខ្ញុំក៏ទទួលការគោរពពីអ្នកឯទៀតដែរ»។ ប៉ុន្តែ បងត្រេស័របានខកខានចូលរួមកិច្ចប្រជុំជាញឹកញយ ដោយសារធ្វើការថែមម៉ោង។ គាត់ក៏ទទួលការបង្ខិតបង្ខំឲ្យលាក់បាំងទង្វើមិនទៀងត្រង់របស់ក្រុមហ៊ុននោះ។ បងត្រេស័រចង់លាលែងពីការងារនោះ ប៉ុន្តែគាត់បារម្ភថាគាត់នឹងលែងមានការងារធ្វើ។ តើអ្វីបានជួយគាត់? គាត់និយាយថា៖ «ហាបាគុក ៣:១៧-១៩បានជួយខ្ញុំឲ្យយល់ថា ទោះជាខ្ញុំបាត់បង់ចំណូលក្ដី ព្រះយេហូវ៉ានឹងរកវិធីថែរក្សាខ្ញុំ។ ដូច្នេះ ខ្ញុំបានលាលែងពីការងារនោះ»។ បងត្រេស័រពន្យល់ថា៖ «និយោជកជាច្រើនគិតថា បើបុគ្គលម្នាក់ទទួលប្រាក់ខែខ្ពស់ គាត់នឹងសុខចិត្តលះបង់អ្វីណាក៏ដោយ រួមទាំងពេលវេលាជាមួយក្រុមគ្រួសារនិងសកម្មភាពផ្សេងៗក្នុងការគោរពប្រណិប័តន៍ព្រះ។ ខ្ញុំសប្បាយដែលខ្ញុំបានរក្សាការពារចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា។ មួយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានជួយខ្ញុំឲ្យរកឃើញការងារល្អមួយដែលបើកឱកាសឲ្យខ្ញុំមានលុយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងមានពេលច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ពេលយើងចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង ជួនកាលយើងប្រហែលជាមានបញ្ហាខាងលុយកាក់ តែព្រះយេហូវ៉ានឹងថែរក្សាយើង»។ មែនហើយ បើយើងទុកចិត្តការណែនាំនិងសេចក្ដីសន្យារបស់ព្រះយេហូវ៉ា យើងនឹងបន្តរស់នៅស្របតាមជំនឿ ហើយលោកនឹងឲ្យពរយើង។
ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍
១០. តើអ្វីអាចធ្វើឲ្យយើងរស់នៅស្របតាមអ្វីដែលមើលឃើញ ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍?
១០ អាពាហ៍ពិពាហ៍គឺជាអំណោយពីព្រះយេហូវ៉ា ហើយការចង់រៀបការគឺជារឿងធម្មតា។ ពេលបងស្រីម្នាក់គិតពិចារណាអំពីបងប្រុសដែលគាត់ចង់បានជាគូអនាគត បងស្រីនោះប្រហែលជាកត់សម្គាល់អំពីបុគ្គលិកលក្ខណៈ រូបសម្ផស្ស កេរ្តិ៍ឈ្មោះ របៀបដែលបុរសនោះចាត់ចែងលុយកាក់ ទំនួលខុសត្រូវក្នុងគ្រួសារ ហើយអារម្មណ៍ដែលនាងមានពេលនៅក្បែរបុរសនោះ។b អ្វីទាំងនេះគឺសំខាន់ ប៉ុន្តែបើនាងគិតតែអំពីអ្វីទាំងនេះប៉ុណ្ណោះ នាងប្រហែលជារស់នៅស្របតាមអ្វីដែលមើលឃើញ។
១១. តើយើងអាចរស់នៅស្របតាមជំនឿយ៉ាងដូចម្ដេច ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍? (កូរិនថូសទី១ ៧:៣៩)
១១ ព្រះយេហូវ៉ាច្បាស់ជាមានមោទនភាពចំពោះបងប្អូនប្រុសស្រីដែលធ្វើតាមយោបល់របស់លោក ពេលជ្រើសរើសគូអាពាហ៍ពិពាហ៍! ជាឧទាហរណ៍ ពួកគេធ្វើតាមយោបល់នៅក្នុងគម្ពីរ ដោយរង់ចាំរហូតដល់ពួកគេ«មិនក្មេងពេក»មុនដែលពួកគេស្វែងយល់ចិត្តគ្នានឹងអ្នកណាម្នាក់។ (១កូ. ៧:៣៦) ជាពិសេស ពួកគេគិតពិចារណាឲ្យប្រាកដថា បុគ្គលដែលអាចទៅជាគូអនាគតរបស់ពួកគេមានគុណសម្បត្តិដែលព្រះយេហូវ៉ាប្រាប់ថាជាគុណសម្បត្តិដែលប្ដីឬប្រពន្ធល្អគួរតែមាន។ (សុភ. ៣១:១០-១៣, ២៦-២៨; អេភ. ៥:៣៣; ១ធី. ៥:៨) បើបុគ្គលដែលមិនមែនជាសាក្សីចាប់អារម្មណ៍ពួកគេ ពួកគេមិនចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលនោះទេ។ ផ្ទុយទៅវិញ ពួកគេធ្វើតាមយោបល់ដែលឲ្យរៀបការជាមួយតែ«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ ដូចដែលបានត្រូវរៀបរាប់នៅកូរិនថូសទី១ ៧:៣៩។ (សូមអាន) ពួកគេបន្ដរស់នៅស្របតាមជំនឿដោយទុកចិត្តថា ព្រះយេហូវ៉ាអាចបំពេញសេចក្ដីត្រូវការខាងផ្លូវចិត្តរបស់ពួកគេបានល្អប្រសើរជាងអ្នកណាទាំងអស់។—ចសព. ៥៥:២២
១២. តើអ្នករៀនអ្វីពីគំរូរបស់បងរ៉ូសា?
១២ សូមគិតអំពីបទពិសោធន៍របស់បងស្រីរ៉ូសាជាអ្នកត្រួសត្រាយនៅប្រទេសកូឡុំប៊ី។ បុរសម្នាក់នៅកន្លែងធ្វើការគាត់ដែលមិនមែនជាសាក្សី ចាប់ផ្ដើមបង្ហាញចំណាប់អារម្មណ៍លើគាត់។ បងរ៉ូសាចូលចិត្តបុរសនោះដែរ។ គាត់និយាយថា៖ «តាមមើលទៅគាត់ជាបុរសល្អណាស់។ គាត់ស្ម័គ្រចិត្តជួយសហគមន៍ ហើយចេះថែសុខភាពរបស់គាត់។ ខ្ញុំចូលចិត្តរបៀបដែលគាត់ប្រព្រឹត្តចំពោះខ្ញុំ ហើយខ្ញុំចង់បានប្ដីដែលមានគុណសម្បត្តិដូចគាត់។ ប៉ុន្តែ គាត់មិនមែនជាសាក្សីទេ»។ បងរ៉ូសាបន្ដថា៖ «ខ្ញុំពិបាកបដិសេធគាត់ ដោយសារនោះជាអ្វីដែលខ្ញុំចង់បាន។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ឯកោ ហើយចង់រៀបការ។ ប៉ុន្តែ ខ្ញុំមិនបានរកឃើញបុគ្គលដែលជាសាក្សីដែលខ្ញុំចង់ស្វែងយល់ចិត្តគ្នានោះទេ»។ ទោះជាយ៉ាងនោះក៏ដោយ បងរ៉ូសាមិនបានផ្ដោតតែលើអ្វីដែលគាត់មើលឃើញប៉ុណ្ណោះទេ។ គាត់គិតពិចារណាថា តើការសម្រេចចិត្តនេះនឹងប៉ះពាល់យ៉ាងណាដល់ចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា? ដូច្នេះ គាត់ឈប់ទាក់ទងជាមួយបុរសនោះ ហើយបន្តជាប់រវល់ក្នុងការបម្រើព្រះយេហូវ៉ា។ មិនយូរក្រោយមក គាត់បានត្រូវអញ្ជើញឲ្យចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយឥឡូវគាត់បម្រើជាអ្នកត្រួសត្រាយពិសេស។ បងរ៉ូសានិយាយថា៖ «ព្រះយេហូវ៉ាបានផ្ដល់ពរជាច្រើនដល់ខ្ញុំដែលធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់»។ ទោះបីជាមិនស្រួលឲ្យរស់នៅស្របតាមជំនឿក្នុងរឿងបែបនេះ ជាពិសេសពេលមានអារម្មណ៍យ៉ាងខ្លាំងចំពោះរឿងណាមួយក្ដី ការធ្វើដូច្នេះគឺតែងតែមានប្រយោជន៍។
ពេលទទួលការណែនាំពីអង្គការព្រះ
១៣. តើអ្វីអាចនាំឲ្យយើងរស់នៅស្របតាមអ្វីដែលយើងមើលឃើញពេលទទួលការណែនាំពីអង្គការព្រះ?
១៣ យើងច្រើនតែទទួលការណែនាំពីអង្គការព្រះដែលទាក់ទងនឹងការគោរពប្រណិប័តន៍របស់យើង។ ការណែនាំនោះមកពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់យើង អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ការិយាល័យសាខា ឬគណៈអភិបាល។ ប៉ុន្តែចុះយ៉ាងណា បើជួនកាលយើងមិនយល់អំពីមូលហេតុដែលទទួលការណែនាំ? យើងប្រហែលជាសង្ស័យថា តើការណែនាំនោះល្អចំពោះយើងឬយ៉ាងណា។ យើងក៏ប្រហែលជាថែមទាំងចាប់ផ្ដើមផ្ដោតទៅលើភាពមិនល្អឥតខ្ចោះរបស់បងប្រុសៗដែលផ្ដល់ការណែនាំនោះទៀតផង។
១៤. តើអ្វីនឹងជួយយើងឲ្យរស់នៅស្របតាមជំនឿពេលទទួលការណែនាំពីអង្គការព្រះ? (ហេប្រឺ ១៣:១៧)
១៤ ពេលយើងរស់នៅស្របតាមជំនឿ យើងទុកចិត្តថាព្រះយេហូវ៉ាណែនាំអង្គការរបស់លោក ហើយថាលោកស្គាល់ស្ថានភាពរបស់យើង។ ហេតុនេះហើយ យើងឆាប់ស្ដាប់បង្គាប់ ហើយយើងធ្វើដូច្នោះដោយមានចិត្តគំនិតត្រឹមត្រូវ។ (សូមអាន ហេប្រឺ ១៣:១៧) យើងទទួលស្គាល់ថា ការស្ដាប់បង្គាប់របស់យើងធ្វើឲ្យក្រុមជំនុំមានសាមគ្គីភាព។ (អេភ. ៤:២, ៣) យើងទុកចិត្តថា ទោះបីជាបងប្អូនប្រុសដែលនាំមុខគឺជាមនុស្សមិនល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ានឹងផ្ដល់ពរបើយើងស្ដាប់បង្គាប់។ (១សាំ. ១៥:២២) នៅពេលកំណត់ លោកនឹងកែតម្រូវអ្វីណាក៏ដោយដែលពិតជាត្រូវការការកែតម្រូវ។—មីកា ៧:៧
១៥-១៦. តើអ្វីបានជួយបងប្រុសម្នាក់ឲ្យរស់នៅស្របតាមជំនឿ ទោះបីជាគាត់មានការសង្ស័យអំពីការណែនាំដែលគាត់បានទទួលក្ដី? (សូមមើលរូបភាពផងដែរ)
១៥ សូមពិចារណាបទពិសោធន៍ដែលបង្ហាញអំពីប្រយោជន៍ដែលមកពីការរស់នៅស្របតាមជំនឿ។ នៅប្រទេសប៉េរូ ជាទូទៅ មនុស្សនិយាយភាសាអេស្ប៉ាញ។ ប៉ុន្តែ ម្ចាស់ផ្ទះភាគច្រើននិយាយភាសាជនជាតិភាគតិច។ ភាសាមួយក្នុងចំណោមភាសាទាំងនោះគឺភាសាខេចឆ្វា។ អស់ជាច្រើនឆ្នាំ បងប្អូនដែលនិយាយភាសាខេចឆ្វាស្វែងរកបុគ្គលដែលនិយាយភាសានោះក្នុងតំបន់ផ្សាយរបស់ពួកគេ។ ប៉ុន្តែ ដើម្បីធ្វើតាមច្បាប់រដ្ឋ បងប្អូនត្រូវផ្លាស់ប្ដូររបៀបផ្សព្វផ្សាយ។ (រ៉ូម ១៣:១) ជាលទ្ធផល បងប្អូនខ្លះឆ្ងល់ថាតើនោះនឹងរារាំងកិច្ចផ្សព្វផ្សាយនៅក្នុងតំបន់នោះឬទេ? ប៉ុន្តែ ដោយសារបងប្អូនធ្វើតាមការណែនាំនោះ ព្រះយេហូវ៉ាបានឲ្យពរលើការខំប្រឹងរបស់ពួកគេដើម្បីជួបមនុស្សជាច្រើនដែលនិយាយភាសាខេចឆ្វា។
១៦ បងខេវិនដែលជាអ្នកចាស់ទុំក្នុងក្រុមជំនុំភាសាខេចឆ្វា ក៏ព្រួយបារម្ភអំពីការផ្លាស់ប្ដូរនេះដែរ។ គាត់ពន្យល់ថា៖ «នៅពេលនោះខ្ញុំឆ្ងល់ថា ‹តើយើងនឹងស្វែងរកមនុស្សដែលនិយាយភាសាខេចឆ្វាយ៉ាងដូចម្ដេច?›»។ តើបងខេវិនបានធ្វើអ្វី? គាត់និយាយថា៖ «ខ្ញុំចាំសុភាសិត ៣:៥ ហើយគិតអំពីម៉ូសេ។ គាត់ត្រូវនាំមុខជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុកអេហ្ស៊ីប រួចចូលទៅកន្លែងដែលមើលទៅគ្មានច្រកចេញ ហើយនោះអាចងាយធ្វើឲ្យជនជាតិអេហ្ស៊ីបចាប់ពួកគេបាន។ ទោះជាយ៉ាងនោះក្ដី គាត់នៅតែស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយលោកបានផ្ដល់ពរគាត់ដោយធ្វើអព្ភូតហេតុដ៏អស្ចារ្យដើម្បីជួយពួកគេ»។ (ដច. ១៤:១, ២, ៩-១១, ២១, ២២) បងខេវិនសុខចិត្តកែប្រែរបៀបផ្សព្វផ្សាយ។ តើនោះមានលទ្ធផលអ្វី? គាត់និយាយថា៖ «ខ្ញុំកោតស្ងើចចំពោះរបៀបដែលព្រះយេហូវ៉ាផ្ដល់ពរដល់យើង។ ពីមុន យើងដើរច្រើនពេលផ្សព្វផ្សាយ ហើយជួនកាលយើងជួបមនុស្សដែលនិយាយភាសាខេចឆ្វាតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ។ ឥឡូវ យើងទៅផ្សព្វផ្សាយនៅតំបន់ដែលមានមនុស្សជាច្រើននិយាយភាសាខេចឆ្វា ហើយយើងមានការសន្ទនា ការត្រឡប់ទៅជួប និងសិស្សគម្ពីរច្រើនជាង។ អ្នកចូលរួមកិច្ចប្រជុំក៏កើនឡើងដែរ»។ មែនហើយ ពេលយើងរស់នៅស្របតាមជំនឿ ព្រះយេហូវ៉ាតែងតែឲ្យពរយើង។
មនុស្សជាច្រើនបានប្រាប់បងប្អូនអំពីកន្លែងដែលពួកគេអាចរកឃើញបុគ្គលដែលនិយាយភាសាខេចឆ្វា (សូមមើលវគ្គ១៥-១៦)
១៧. តើអ្នកបានរៀនអ្វីពីអត្ថបទនេះ?
១៧ យើងបានពិចារណារបៀបដែលយើងអាចបន្តរស់នៅស្របតាមជំនឿក្នុងរឿងសំខាន់បីយ៉ាង។ ប៉ុន្តែ យើងត្រូវបន្តរស់នៅស្របតាមជំនឿក្នុងគ្រប់រឿងទាំងអស់នៃជីវិត ដូចជាពេលជ្រើសរើសការកម្សាន្ត ហើយពេលយើងសម្រេចចិត្តថាយើងនឹងទទួលការអប់រំច្រើនប៉ុណ្ណានិងរបៀបអប់រំកូន។ មិនថាយើងត្រូវធ្វើការសម្រេចចិត្តបែបណាក៏ដោយ យើងមិនគួរធ្វើការសម្រេចចិត្តដោយផ្អែកលើអ្វីដែលយើងមើលឃើញតែប៉ុណ្ណោះទេ តែផ្អែកលើចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា យោបល់របស់លោក និងសេចក្ដីសន្យារបស់លោកថាលោកនឹងថែរក្សាយើង។ បើយើងធ្វើដូច្នោះ យើងអាច«កាន់តាមព្រះយេហូវ៉ាជាព្រះរបស់យើងជារៀងរហូតតទៅ»។—មីកា ៤:៥
ចម្រៀងលេខ១៥៦ ដោយមានជំនឿ
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b ដើម្បីស្រួលយល់ នៅវគ្គនេះយើងសំដៅទៅលើបងប្អូនស្រីដែលស្វែងរកគូអាពាហ៍ពិពាហ៍ តែយោបល់នេះក៏សំដៅលើបងប្អូនប្រុសដែលស្វែងរកគូអាពាហ៍ពិពាហ៍ដែរ។