អត្ថបទសិក្សា ១៣
ចម្រៀងលេខ៤ «ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»
ចូរទុកចិត្តជានិច្ចថាព្រះយេហូវ៉ាអាចជួយអ្នក
«តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ?»។—ជប. ១១:២៣
ចំណុចផ្ដោត
អត្ថបទនេះនឹងជួយយើងឲ្យកាន់តែទុកចិត្តព្រះយេហូវ៉ាថាលោកនឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងជានិច្ច។
១. ពេលម៉ូសេនាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប តើគាត់បង្ហាញថាគាត់ទុកចិត្តព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
សៀវភៅហេប្រឺរៀបរាប់អំពីបុគ្គលជាច្រើនដែលមានជំនឿលើព្រះយេហូវ៉ា។ បុគ្គលម្នាក់ក្នុងចំណោមពួកគេគឺម៉ូសេ។ គាត់មានជំនឿដែលគួរឲ្យកត់សម្គាល់។ (ហេ. ៣:២-៥; ១១:២៣-២៥) គាត់បានបង្ហាញជំនឿពេលគាត់នាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ ម៉ូសេមិនឲ្យការភ័យខ្លាចផារ៉ូនិងកងទ័ពអេហ្ស៊ីបរារាំងគាត់ទេ។ គាត់ទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយនាំប្រជាជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម និងក្រោយមកចូលទៅតំបន់ស្ងាត់ជ្រងំ។ (ហេ. ១១:២៧-២៩) ជនជាតិអ៊ីស្រាអែលភាគច្រើនលែងមានទំនុកចិត្តលើសមត្ថភាពរបស់ព្រះយេហូវ៉ាថាលោកនឹងថែរក្សាពួកគេ ប៉ុន្តែម៉ូសេបន្ដទុកចិត្តលើព្រះរបស់គាត់។ ការមានជំនឿលើព្រះយេហូវ៉ាមិននាំឲ្យម៉ូសេខកចិត្តឡើយ។ ព្រះយេហូវ៉ាផ្គត់ផ្គង់អាហារនិងទឹកដល់ជនជាតិអ៊ីស្រាអែល ដូច្នេះពួកគេអាចរួចជីវិតនៅតំបន់ស្ងាត់ជ្រងំ។a—ដច. ១៥:២២-២៥; ចសព. ៧៨:២៣-២៥
២. ហេតុអ្វីព្រះយេហូវ៉ាសួរម៉ូសេថា៖ «តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ»? (ជំរឿនបណ្ដាជន ១១:២១-២៣)
២ ទោះបីជាម៉ូសេមានជំនឿរឹងមាំក៏ដោយ ប្រហែលមួយឆ្នាំក្រោយពីព្រះយេហូវ៉ាបាននាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ម៉ូសេឆ្ងល់ថាតើព្រះយេហូវ៉ាមានសមត្ថភាពផ្ដល់សាច់ដល់រាស្ត្រលោកឬយ៉ាងណា។ ម៉ូសេពិបាកស្រមៃថា ព្រះយេហូវ៉ាអាចផ្ដល់សាច់ដល់បណ្ដាជនរាប់លាននាក់ដែលកំពុងបោះជំរំនៅតំបន់ស្ងាត់ជ្រងំយ៉ាងដូចម្ដេចបាន។ ដូច្នេះ ព្រះយេហូវ៉ាបានសួរម៉ូសេថា៖ «តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ?»។ (សូមអាន ជំរឿនបណ្ដាជន ១១:២១-២៣) ឃ្លានេះជាភាសាហេប្រឺមានន័យត្រង់ថា«តើដៃរបស់ព្រះយេហូវ៉ាខ្លីពេកឬ?»។ ពាក្យ«ដៃរបស់ព្រះយេហូវ៉ា»សំដៅលើឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ឬកម្លាំងដែលលោកប្រើដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ ក្នុងន័យម្យ៉ាង ព្រះយេហូវ៉ាបានសួរម៉ូសេថា ‹តើអ្នកពិតជាគិតថាខ្ញុំមិនមានសមត្ថភាពធ្វើតាមពាក្យសម្ដីរបស់ខ្ញុំឬ?›។
៣. ហេតុអ្វីយើងគួរចាប់អារម្មណ៍អំពីបទពិសោធន៍របស់ម៉ូសេនិងជនជាតិអ៊ីស្រាអែល?
៣ តើអ្នកធ្លាប់ឆ្ងល់ថា តើព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកឬសមាជិកក្រុមគ្រួសាររបស់អ្នកឬទេ? មិនថាអ្នកធ្លាប់ឆ្ងល់ឬមិនធ្លាប់ឆ្ងល់ក្ដី សូមឲ្យយើងពិចារណាគំរូរបស់ម៉ូសេនិងប្រជាជាតិអ៊ីស្រាអែលដែលខ្វះទំនុកចិត្តលើសមត្ថភាពរបស់ព្រះយេហូវ៉ាថាលោកអាចថែរក្សាពួកគេ។ យើងក៏នឹងពិនិត្យមើលបទគម្ពីរខ្លះដែលពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ានឹងជួយយើងជានិច្ច។
ចូរទាញមេរៀនពីម៉ូសេនិងជនជាតិអ៊ីស្រាអែល
៤. ហេតុអ្វីជនជាតិអ៊ីស្រាអែលជាច្រើនចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនអាចផ្គត់ផ្គង់ពួកគេ?
៤ ហេតុអ្វីជនជាតិអ៊ីស្រាអែលចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនអាចផ្គត់ផ្គង់ពួកគេ? កាលដែលប្រជាជាតិអ៊ីស្រាអែលនិង«ជនជាតិផ្សេងៗ»ដែលមិនមែនជាជនជាតិអ៊ីស្រាអែល បានធ្វើដំណើរចេញពីស្រុកអេហ្ស៊ីបទៅស្រុកដែលព្រះបានសន្យា ពួកគេស្នាក់នៅតំបន់ស្ងាត់ជ្រងំដ៏ធំអស់មួយរយៈពេល។ (ដច. ១២:៣៨; បច. ៨:១៥) ជនបរទេសទាំងនោះធុញទ្រាន់នឹងម៉ាណា ហើយជនជាតិអ៊ីស្រាអែលជាច្រើនក៏ចូលរួមត្អូញត្អែរជាមួយនឹងពួកគេដែរ។ (ជប. ១១:៤-៦) បណ្ដាជនចាប់ផ្ដើមចង់បរិភោគម្ហូបអាហារដែលពួកគេធ្លាប់បរិភោគនៅស្រុកអេហ្ស៊ីប។ ការត្អូញត្អែររបស់បណ្ដាជនធ្វើឲ្យម៉ូសេគិតថាគាត់ត្រូវស្វែងរកសាច់សម្រាប់ពួកគេ ប៉ុន្តែគាត់មិនដឹងថាត្រូវយកសាច់មកពីណាទេ។—ជប. ១១:១៣, ១៤
៥-៦. តើយើងអាចរៀនអ្វីពីរបៀបដែលជនជាតិផ្សេងៗមានឥទ្ធិពលទៅលើជនជាតិអ៊ីស្រាអែលជាច្រើន?
៥ ជនជាតិផ្សេងៗដែលមិនមែនជាជនជាតិអ៊ីស្រាអែលមិនមានចិត្តកតញ្ញូចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេទេ ហើយជនជាតិអ៊ីស្រាអែលក៏ចាប់ផ្ដើមមានរបៀបគិតគូរដូចពួកគេដែរ។ ស្រដៀងគ្នាដែរ យើងក៏អាចទទួលឥទ្ធិពលពីពួកអ្នកដែលមិនមានចិត្តកតញ្ញូ ហើយលែងស្កប់ចិត្តនឹងអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង។ នេះអាចកើតឡើង បើយើងចាប់ផ្ដើមនឹកអាល័យអ្វីដែលយើងធ្លាប់មានពីមុន ឬច្រណែនអ្វីដែលអ្នកឯទៀតមាន។ ប៉ុន្តែ យើងនឹងសប្បាយជាងបើយើងរៀនឲ្យចេះស្កប់ចិត្តនឹងអ្វីដែលយើងមាន មិនថាយើងស្ថិតក្នុងស្ថានភាពបែបណាក្ដី។
៦ ជនជាតិអ៊ីស្រាអែលគួរនឹកចាំថា ព្រះបានប្រាប់ថានៅពេលដែលពួកគេទៅដល់ទីលំនៅថ្មីរបស់ពួកគេ ពួកគេនឹងសប្បាយនឹងទ្រព្យសម្បត្តិដ៏បរិបូរនៅទីនោះ។ ប៉ុន្តែ សេចក្ដីសន្យានោះនឹងសម្រេចនៅស្រុកសន្យា មិនមែននៅពេលដែលពួកគេធ្វើដំណើរនៅតំបន់ស្ងាត់ជ្រងំទេ។ ស្រដៀងគ្នាដែរ ជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមិនមាននៅក្នុងរបៀបរបបពិភពលោកនេះ យើងគួរផ្ដោតអារម្មណ៍លើអ្វីដែលព្រះយេហូវ៉ាសន្យាថានឹងផ្ដល់ឲ្យយើងនៅក្នុងពិភពលោកថ្មី។ ម្យ៉ាងទៀត យើងក៏អាចរំពឹងគិតអំពីបទគម្ពីរដែលអាចជួយយើងឲ្យទុកចិត្តព្រះយេហូវ៉ាច្រើនជាងដែរ។
៧. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាតែងតែអាចជួយយើង?
៧ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីព្រះសួរម៉ូសេថា៖ «តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ»? ពេលព្រះយេហូវ៉ាសួរម៉ូសេសំណួរនេះ លោកប្រហែលជាចង់ឲ្យម៉ូសេគិតអំពីអ្វីពីរយ៉ាង៖ (១) ឫទ្ធានុភាពរបស់លោកគ្មានកម្រិត។ (២) លោកអាចប្រើឫទ្ធានុភាពរបស់លោកនៅគ្រប់ទីកន្លែង។ ដូច្នេះ ទោះជាជនជាតិអ៊ីស្រាអែលនៅកន្លែងណាក៏ដោយក្នុងតំបន់ស្ងាត់ជ្រងំ ព្រះយេហូវ៉ាអាចផ្ដល់សាច់ជាច្រើនដល់ពួកគេ។ លោកបង្ហាញឫទ្ធានុភាពរបស់លោកដោយ«ដៃដ៏ខ្លាំងមហិមា» ឬន័យត្រង់ដោយ«លាតសន្ធឹងដៃ»របស់លោក។ (ចសព. ១៣៦:១១, ១២; កំ.ស.) ដូច្នេះ ពេលយើងស្ថិតក្នុងស្ថានភាពពិបាក យើងអាចប្រាកដថាព្រះយេហូវ៉ាអាចជួយយើងម្នាក់ៗ មិនថាយើងនៅទីណាក៏ដោយ។—ចសព. ១៣៨:៦, ៧
៨. តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើខុសដូចបុគ្គលជាច្រើនដែលនៅតំបន់ស្ងាត់ជ្រងំ? (សូមមើលរូបភាពផងដែរ)
៨ មិនយូរក្រោយមក ព្រះយេហូវ៉ាបានផ្គត់ផ្គង់សាច់ដល់រាស្ដ្ររបស់លោក ដោយផ្ដល់សត្វក្រួចជាច្រើនដល់ពួកគេ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលមិនដឹងគុណព្រះចំពោះអព្ភូតហេតុនេះទេ។ ផ្ទុយទៅវិញ ពួកគេជាច្រើននាក់មានចិត្តលោភលន់។ អស់មួយថ្ងៃមួយយប់ រហូតដល់ថ្ងៃបន្ទាប់ ពួកគេបន្ដប្រមូលសត្វក្រួចច្រើនក្រៃលែងតាមដែលពួកគេអាចប្រមូលបាន។ ព្រះយេហូវ៉ាខឹងនឹង«ពួកអ្នកដែលមានចិត្តលោភលន់»នោះ ហើយលោកបានដាក់ទោសពួកគេ។ (ជប. ១១:៣១-៣៤) យើងអាចរៀនពីកំណត់ហេតុនោះ។ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យមានចិត្តលោភលន់។ មិនថាយើងមានឬក្រក្ដី យើងគួរចាត់ទុកការប្រមូល«ទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌»ជាអ្វីដ៏សំខាន់បំផុត ដោយមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងលោកយេស៊ូ។ (ម៉ាថ. ៦:១៩, ២០; លូក. ១៦:៩) ពេលយើងធ្វើដូច្នោះ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់យើង។
នៅតំបន់ស្ងាត់ជ្រងំ តើបណ្ដាជនជាច្រើនមានចិត្តគំនិតបែបណា ហើយតើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? (សូមមើលវគ្គ៨)
៩. តើយើងតែងតែអាចមានទំនុកចិត្តអ្វី?
៩ ព្រះយេហូវ៉ាក៏ប្រុងប្រៀបជួយរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះដែរ។ តើនេះមានន័យថាយើងនឹងមិនដែលឆ្លងកាត់គ្រាដែលយើងត្រូវការលុយឬអាហារឬទេ? មិនមែនទេ។ ប៉ុន្តែ ព្រះយេហូវ៉ានឹងមិនបោះបង់យើងចោលឡើយ។ លោកនឹងតែងតែផ្ដល់ជំនួយដែលយើងត្រូវការ ពេលយើងប្រឈមមុខនឹងបញ្ហាផ្សេងៗ។ តើតាមរបៀបណាយើងបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ាថាលោកនឹងផ្គត់ផ្គង់យើង? សូមឲ្យយើងគិតអំពីស្ថានភាពពីរយ៉ាង៖ (១) ពេលប្រឈមមុខនឹងបញ្ហាលុយកាក់ និង(២) ពេលគិតអំពីអ្វីដែលយើងនឹងត្រូវការពេលចាស់ទៅ។
ពេលប្រឈមមុខនឹងបញ្ហាលុយកាក់
១០. តើយើងប្រហែលជាប្រឈមមុខនឹងបញ្ហាអ្វីខ្លះដែលទាក់ទងនឹងលុយកាក់?
១០ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែខិតជិតមកដល់ យើងទំនងជានឹងកាន់តែមានបញ្ហាជាច្រើនដោយសារការផ្លាស់ប្ដូររដ្ឋាភិបាល សង្គ្រាម គ្រោះមហន្តរាយ ឬរោគរាតត្បាតថ្មីៗ។ ម្យ៉ាងទៀត យើងប្រហែលជាស្រាប់តែបាត់បង់ការងារ បាត់បង់អ្វីដែលយើងមាន ឬយើងប្រហែលជាត្រូវចាកចេញពីកន្លែងដែលយើងរស់នៅ ហើយកាន់តែពិបាកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើង។ យើងក៏ប្រហែលជាត្រូវរកការងារថ្មី ឬគិតអំពីការរើផ្ទះទៅកន្លែងផ្សេងដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់យើង។ តើអ្វីអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដែលបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ា?
១១. តើអ្វីអាចជួយអ្នកពេលមានបញ្ហាលុយកាក់? (លូកា ១២:២៩-៣១)
១១ គឺជាការសំខាន់បំផុតឲ្យអ្នកប្រាប់ព្រះយេហូវ៉ាអំពីការព្រួយបារម្ភរបស់អ្នក។ ការធ្វើដូច្នេះនឹងជួយអ្នកយ៉ាងច្រើន។ (សុភ. ១៦:៣) សូមសុំប្រាជ្ញាដែលអ្នកត្រូវការពីព្រះយេហូវ៉ាដើម្បីធ្វើការសម្រេចចិត្តល្អ ហើយសុំលោកជួយអ្នកឲ្យមានចិត្តស្ងប់ដើម្បីជៀសវាងពីការ«ព្រួយបារម្ភ»អំពីស្ថានភាពរបស់អ្នក។ (សូមអាន លូកា ១២:២៩-៣១) ចូរបន្ដសុំលោកជួយអ្នកឲ្យចេះស្កប់ចិត្តនឹងអ្វីដែលអ្នកពិតជាត្រូវការក្នុងជីវិត។ (១ធី. ៦:៧, ៨) សូមធ្វើការស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់យើងអំពីអ្វីដែលអ្នកអាចធ្វើពេលប្រឈមមុខនឹងបញ្ហាលុយកាក់។ មនុស្សជាច្រើនទទួលប្រយោជន៍ពីវីដេអូនិងអត្ថបទផ្សេងៗស្ដីអំពីបញ្ហាលុយកាក់នៅក្នុងគេហទំព័រjw.org/km។
១២. តើសំណួរអ្វីខ្លះអាចជួយគ្រិស្តសាសនិកណាម្នាក់ឲ្យធ្វើការសម្រេចចិត្តល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់គាត់?
១២ បុគ្គលខ្លះបានទទួលការងារដែលតម្រូវឲ្យពួកគេរស់នៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែក្រោយមក ពួកគេជាច្រើនទទួលស្គាល់ថាការសម្រេចចិត្តនោះមិនប្រកបដោយប្រាជ្ញាទេ។ មុនទទួលការងារថ្មីណាមួយ សូមកុំគិតអំពីតែប្រាក់ខែដែលអ្នកនឹងទទួលប៉ុណ្ណោះ តែសូមគិតជាមុនសិនថា តើការងារនោះនឹងជួយអ្នកនិងក្រុមគ្រួសាររបស់អ្នកឲ្យបន្ដជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាឬយ៉ាងណា។ (លូក. ១៤:២៨) សូមសួរខ្លួនអ្នកថា ‹បើខ្ញុំនៅឆ្ងាយពីគូរបស់ខ្ញុំ តើនេះអាចប៉ះពាល់យ៉ាងណាដល់គាត់? តើខ្ញុំនឹងអាចចូលរួមកិច្ចប្រជុំទាំងអស់ កិច្ចបម្រើផ្សាយ និងចំណាយពេលជាមួយបងប្អូនរួមជំនឿឬទេ?›។ បើអ្នកមានកូន អ្នកក៏ត្រូវសួរខ្លួននូវសំណួរដ៏សំខាន់នេះ ‹តើខ្ញុំនឹងចិញ្ចឹមអប់រំកូន«តាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»យ៉ាងដូចម្ដេច បើខ្ញុំនៅឆ្ងាយពីពួកគេ?›។ (អេភ. ៦:៤) ពេលអ្នកធ្វើការសម្រេចចិត្ត សូមឲ្យរបៀបគិតគូររបស់ព្រះយេហូវ៉ាណែនាំអ្នក មិនមែនឲ្យអ្វីដែលសាច់ញាតិឬមិត្តភក្ដិរបស់អ្នកដែលមិនមែនជាអ្នកជឿណែនាំអ្នកនោះទេ។b បងថូនីដែលរស់នៅទ្វីបអាស៊ីខាងលិច បានរងការល្បួងអស់ជាច្រើនដងឲ្យធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែក្រោយពីអធិដ្ឋានអំពីរឿងនោះ ហើយពិភាក្សាជាមួយប្រពន្ធរបស់គាត់ គាត់បានសម្រេចចិត្តមិនទទួលយកការងារនោះ តែបានគិតពិចារណាអំពីរបៀបកាត់បន្ថយចំណាយក្នុងក្រុមគ្រួសារ។ ឥឡូវបងថូនីនិយាយថា៖ «ខ្ញុំមានឯកសិទ្ធិជួយមនុស្សជាច្រើនឲ្យស្គាល់ព្រះយេហូវ៉ា ហើយកូនៗរបស់យើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ក្រុមគ្រួសាររបស់យើងបានរៀនថា ដរាបណាយើងរស់នៅស្របតាមពាក្យនៅម៉ាថាយ ៦:៣៣ ដរាបនោះព្រះយេហូវ៉ានឹងថែរក្សាយើង»។
ពេលគិតអំពីអ្វីដែលយើងនឹងត្រូវការពេលចាស់ទៅ
១៣. តើយើងអាចធ្វើអ្វីខ្លះនៅឥឡូវដើម្បីមានលុយគ្រប់គ្រាន់ពេលមានវ័យចាស់?
១៣ យើងក៏អាចបង្ហាញដែរថាយើងទុកចិត្តព្រះយេហូវ៉ាខ្លាំងប៉ុណ្ណា ពេលយើងរៀបគម្រោងសម្រាប់គ្រាដែលយើងមានវ័យចាស់។ គម្ពីរលើកទឹកចិត្តយើងឲ្យខំប្រឹងធ្វើការដើម្បីយើងអាចផ្គត់ផ្គង់ខ្លួននៅថ្ងៃអនាគត។ (សុភ. ៦:៦-១១) បើស្ថានភាពអនុញ្ញាត គឺជាការល្អឲ្យយើងសន្សំលុយខ្លះសម្រាប់ថ្ងៃអនាគត ដោយសារលុយអាចផ្ដល់ការការពារមួយកម្រិត។ (អទ. ៧:១២) ទោះជាយ៉ាងនោះក៏ដោយ យើងគួរជៀសវាងពីការចាត់ទុកលុយថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។
១៤. តើតាមរបៀបណាហេប្រឺ ១៣:៥អាចជួយយើងឲ្យមិនខ្វល់ខ្វាយហួសហេតុពេក?
១៤ លោកយេស៊ូបានលើកឧទាហរណ៍មួយដែលបង្ហាញថា គឺជាការល្ងង់ខ្លៅដែលប្រមូលលុយដើម្បីធ្វើជាអ្នកមាន តែមិនមែន«ជាអ្នកមានចំពោះព្រះ»។ (លូក. ១២:១៦-២១) គ្មានអ្នកណាដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ (សុភ. ២៣:៤, ៥; យ៉ា. ៤:១៣-១៥) ម្យ៉ាងទៀត លោកយេស៊ូបានមានប្រសាសន៍ថា អស់អ្នកដែលចង់ធ្វើជាអ្នកកាន់តាមលោក ត្រូវសុខចិត្ត«លះបង់»របស់របរដែលពួកគេមាន។ (លូក. ១៤:៣៣) នេះជាអ្វីដែលគ្រិស្តសាសនិកនាតំបន់យូឌានៅសម័យរបស់ពួកសាវ័កបានធ្វើ។ ពួកគេសុខចិត្តលះបង់អ្វីទាំងអស់ដែលពួកគេមានដោយអំណរ។ (ហេ. ១០:៣៤) នៅសព្វថ្ងៃនេះ បងប្អូនជាច្រើនបានបាត់បង់ការងារឬទ្រព្យសម្បត្តិរបស់ពួកគេ ដោយសារពួកគេមិនគាំទ្រគណបក្សនយោបាយណាមួយ។ (បប. ១៣:១៦, ១៧) តើអ្វីបានជួយពួកគេឲ្យធ្វើដូច្នេះ? ពួកគេជឿជាក់ទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ (សូមអាន ហេប្រឺ ១៣:៥) ដូច្នេះ យើងខំព្យាយាមធ្វើអ្វីដែលអាចធ្វើបានដើម្បីមានលុយគ្រប់គ្រាន់សម្រាប់ពេលដែលចាស់ទៅ ហើយយើងក៏ទុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ានឹងជួយយើងបើមានអ្វីកើតឡើងដែលយើងស្មានមិនដល់។
១៥. តើឪពុកម្ដាយដែលជាគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាចំពោះកូនរបស់ពួកគេ? (សូមមើលរូបភាពផងដែរ)
១៥ នៅតំបន់ខ្លះ មនុស្សច្រើនតែចង់មានកូន ព្រោះពួកគេគិតថានៅពេលក្រោយមក កូនរបស់ពួកគេអាចរកលុយឲ្យបានច្រើនល្មមដើម្បីផ្គត់ផ្គង់ពួកគេពេលដែលមានវ័យចាស់។ ប៉ុន្តែ គម្ពីរចែងថាឪពុកម្ដាយគួរបំពេញសេចក្ដីត្រូវការរបស់កូន។ (២កូ. ១២:១៤) ពិតមែន ឪពុកម្ដាយប្រហែលជាត្រូវការជំនួយខាងលុយកាក់និងអ្វីផ្សេងទៀតពីកូនៗពេលដែលពួកគេចាស់ទៅ ហើយកូនៗជាច្រើនក៏ពេញចិត្តផ្ដល់អ្វីដែលឪពុកម្ដាយត្រូវការដែរ។ (១ធី. ៥:៤) ប៉ុន្តែ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកទទួលស្គាល់ថាអំណរខ្លាំងបំផុតរបស់ពួកគេមិនមែនមកពីការចិញ្ចឹមអប់រំកូនដើម្បីទទួលជំនួយខាងលុយកាក់ពីពួកគេនោះទេ តែមកពីការជួយកូនឲ្យបម្រើព្រះយេហូវ៉ា—៣យ៉ូន. ៤
ប្ដីប្រពន្ធដែលទុកចិត្តព្រះយេហូវ៉ា ធ្វើតាមគោលការណ៍គម្ពីរពេលធ្វើការសម្រេចចិត្តផ្សេងៗ ដូចជាពេលសម្រេចចិត្តថានឹងមានកូនប៉ុន្មាន (សូមមើលវគ្គ១៥)c
១៦. តើឪពុកម្ដាយអាចជួយកូនឲ្យត្រៀមខ្លួនចេះផ្គត់ផ្គង់សេចក្ដីត្រូវការយ៉ាងដូចម្ដេច? (អេភេសូរ ៤:២៨)
១៦ កាលដែលអ្នកជួយកូនឲ្យត្រៀមខ្លួនចេះផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ ចូរបង្រៀនពួកគេឲ្យទុកចិត្តព្រះយេហូវ៉ាតាមរយៈគំរូរបស់អ្នក។ សូមបង្រៀនពួកគេតាំងពីក្មេងថាការខំប្រឹងធ្វើការគឺជាការល្អ។ (សុភ. ២៩:២១; សូមអាន អេភេសូរ ៤:២៨) កាលដែលពួកគេកាន់តែធំឡើងៗ សូមជួយពួកគេឲ្យខំប្រឹងរៀននៅសាលា។ គឺជាការល្អឲ្យឪពុកម្ដាយធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកគោលការណ៍គម្ពីរដែលអាចជួយកូនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអំពីការអប់រំដែលពួកគេនឹងទទួល។ គោលដៅរបស់ឪពុកម្ដាយ គឺជួយកូនឲ្យចេះផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្លួន ហើយក៏មានពេលផ្សព្វផ្សាយច្រើនជាងឬថែមទាំងត្រួសត្រាយទៀតផង។
១៧. តើយើងអាចប្រាកដអំពីអ្វី?
១៧ អ្នកបម្រើដ៏ស្មោះភក្ដីរបស់ព្រះយេហូវ៉ាអាចប្រាកដថាលោកមានសមត្ថភាព ហើយក៏មានបំណងចិត្តដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែខិតចូលមកដល់ យើងអាចរំពឹងថាទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ានឹងត្រូវសាកល្បង។ ប៉ុន្តែ មិនថាមានអ្វីកើតឡើងក្ដី យើងចង់មានទំនុកចិត្តយ៉ាងមុតមាំថាព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើង។ យើងអាចជឿជាក់ថាព្រះយេហូវ៉ាមានឫទ្ធានុភាពដើម្បីជួយយើងមិនថាយើងនៅទីណាក៏ដោយ។
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
a សូមមើល«សំណួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា ឆ្នាំ២០២៣។
b សូមមើលអត្ថបទដែលមានចំណងជើងថា«គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបានឡើយ» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤។
c ការពណ៌នាអំពីរូបភាព៖ ប្ដីប្រពន្ធមួយគូដែលស្រឡាញ់ព្រះ ប្រាស្រ័យទាក់ទងជាមួយកូនស្រីតែមួយរបស់ពួកគេដែលជួយក្នុងកិច្ចការសាងសង់សាលប្រជុំជាមួយប្ដីរបស់នាង។