អត្ថបទសិក្សា ១៤
ចម្រៀងលេខ៨ ព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើង
‹សូមជ្រើសរើសថាអ្នករាល់គ្នាចង់បម្រើព្រះមួយណា›
«ចំណែកខ្ញុំនិងពួកអ្នកផ្ទះរបស់ខ្ញុំ ពួកយើងនឹងបម្រើព្រះយេហូវ៉ា»។—យ៉ូស. ២៤:១៥
ចំណុចផ្ដោត
ដើម្បីរំលឹកយើងអំពីមូលហេតុដែលយើងសម្រេចចិត្តបម្រើព្រះយេហូវ៉ា។
១. តើយើងត្រូវធ្វើអ្វីដើម្បីមានសុភមង្គលពិតប្រាកដ ហើយហេតុអ្វី? (អេសាយ ៤៨:១៧, ១៨)
បិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើងខ្លាំងណាស់ ហើយលោកចង់ឲ្យយើងមានជីវិតសប្បាយនៅឥឡូវនេះនិងនៅថ្ងៃអនាគត។ (អទ. ៣:១២, ១៣) លោកបានបង្កើតយើងឲ្យមានទេពកោសល្យផ្សេងៗ តែលោកមិនបានបង្កើតយើងឲ្យមានសមត្ថភាពគ្រប់គ្រងលើអ្នកឯទៀត ឬសម្រេចចិត្តដោយខ្លួនឯងនូវអ្វីដែលត្រូវនិងអ្វីដែលខុសទេ។ (អទ. ៨:៩; យេ. ១០:២៣) លោកដឹងថាដើម្បីឲ្យយើងអាចមានសុភមង្គលពិតប្រាកដ យើងត្រូវបម្រើលោក ហើយរស់នៅស្របតាមខ្នាតតម្រារបស់លោក។—សូមអាន អេសាយ ៤៨:១៧, ១៨
២. តើសាថានចង់ឲ្យយើងជឿអំពីអ្វី ហើយតើព្រះយេហូវ៉ាបានធ្វើអ្វី?
២ សាថានចង់ឲ្យយើងជឿថាយើងអាចមានជីវិតសប្បាយ ទោះបីជាគ្មានការណែនាំពីព្រះយេហូវ៉ាក៏ដោយ ហើយថាមនុស្សអាចគ្រប់គ្រងដោយខ្លួនឯងបាន។ (ដក. ៣:៤, ៥) ដើម្បីបង្ហាញថាសាថានជាអ្នកភូតភរ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯងមួយរយៈពេល។ ជាលទ្ធផល យើងអាចឃើញថាការគ្រប់គ្រងរបស់មនុស្សគឺបរាជ័យ។ ប៉ុន្តែ នៅក្នុងគម្ពីរ មានគំរូរបស់បុរសស្ត្រីជាច្រើនដែលមានជីវិតសប្បាយ ដោយសារពួកគេបម្រើព្រះយេហូវ៉ា។ លោកយេស៊ូគឺជាបុគ្គលម្នាក់ដែលមានសុភមង្គលបំផុតក្នុងចំណោមពួកអ្នកទាំងនោះ។ នៅក្នុងអត្ថបទនេះ ដំបូង សូមឲ្យយើងមើលអំពីមូលហេតុដែលលោកយេស៊ូសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ បន្ទាប់មក យើងនឹងពិនិត្យមើលមូលហេតុដែលបិតានៅស្ថានសួគ៌សមនឹងទទួលការគោរពប្រណិប័តន៍ពីយើង។ ចុងក្រោយ យើងនឹងមើលឡើងវិញនូវមូលហេតុមួយចំនួនដែលយើងសម្រេចចិត្តបម្រើព្រះយេហូវ៉ា។
មូលហេតុដែលលោកយេស៊ូជ្រើសរើសបម្រើព្រះយេហូវ៉ា
៣. តើសាថានបានស្នើផ្ដល់អ្វីដល់លោកយេស៊ូ ហើយតើលោកយេស៊ូបានជ្រើសរើសធ្វើអ្វី?
៣ ពេលលោកយេស៊ូនៅផែនដី លោកត្រូវសម្រេចចិត្តថាលោកនឹងបម្រើអ្នកណា។ មិនយូរក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹក សាថាននិយាយទៅកាន់លោកថា វានឹងឲ្យរាជាណាចក្រទាំងឡាយក្នុងពិភពលោកដល់លោកយេស៊ូ បើលោកក្រាបគោរពប្រណិប័តន៍វាម្ដង។ លោកយេស៊ូបានតបឆ្លើយទៅសាថានថា៖ «នែ! សាថាន! ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ! ពីព្រោះបទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។ (ម៉ាថ. ៤:៨-១០) ហេតុអ្វីបានជាលោកយេស៊ូជ្រើសរើសបម្រើព្រះយេហូវ៉ា? សូមពិចារណាមូលហេតុមួយចំនួន។
៤-៥. តើមានមូលហេតុអ្វីខ្លះដែលលោកយេស៊ូជ្រើសរើសបម្រើព្រះយេហូវ៉ា?
៤ មូលហេតុចម្បងដែលលោកយេស៊ូជ្រើសរើសបម្រើព្រះយេហូវ៉ា គឺដោយសារលោកស្រឡាញ់ព្រះយេហូវ៉ា។ លោកមានសេចក្ដីស្រឡាញ់និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះបិតាលោក។ (យ៉ូន. ១៤:៣១) បន្ថែមទៅទៀត លោកយេស៊ូបម្រើព្រះយេហូវ៉ាដោយសារនោះជាអ្វីដ៏សមត្រឹមត្រូវ។ (យ៉ូន. ៨:២៨, ២៩; បប. ៤:១១) លោកដឹងថាព្រះយេហូវ៉ាគឺជាប្រភពនៃជីវិត ហើយថាលោកគឺគួរឲ្យទុកចិត្តនិងមានចិត្តទូលាយ។ (ចសព. ៣៣:៤; ៣៦:៩; យ៉ា. ១:១៧) ព្រះយេហូវ៉ាតែងតែនិយាយសេចក្ដីពិតទៅកាន់លោកយេស៊ូ ហើយអ្វីៗទាំងអស់ដែលលោកមាន គឺមកពីបិតាលោក។ (យ៉ូន. ១:១៤) ប៉ុន្តែ សាថានខុសគ្នាស្រឡះពីព្រះយេហូវ៉ា។ វាបាននាំឲ្យមនុស្សជាតិមានភាពខុសឆ្គង ហើយស្លាប់។ វាជាអ្នកភូតភរដែលលោភលន់និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ (យ៉ូន. ៨:៤៤) លោកយេស៊ូស្គាល់ព្រះយេហូវ៉ាច្បាស់ ហើយលោកក៏ស្គាល់សាថានច្បាស់ដែរ។ លោកមិនដែលចង់ធ្វើដូចសាថានដោយបះបោរប្រឆាំងនឹងព្រះយេហូវ៉ាឡើយ។—ភី. ២:៥-៨
៥ មូលហេតុមួយទៀតដែលលោកយេស៊ូជ្រើសរើសបម្រើព្រះយេហូវ៉ា គឺដោយសារលោកដឹងថាកិច្ចបម្រើស្មោះត្រង់របស់លោកនឹងនាំឲ្យមានលទ្ធផលល្អជាច្រើន។ (ហេ. ១២:២) លោកដឹងថាបើលោករក្សាភាពស្មោះត្រង់ លោកនឹងធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ ហើយបើកឱកាសឲ្យមនុស្សលែងមានការខុសឆ្គងនិងសេចក្ដីស្លាប់ទៀត។
មូលហេតុដែលព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង
៦-៧. ហេតុអ្វីមនុស្សជាច្រើននៅសព្វថ្ងៃនេះមិនបម្រើព្រះយេហូវ៉ា ប៉ុន្តែហេតុអ្វីយើងគួរគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ?
៦ មនុស្សជាច្រើននៅសព្វថ្ងៃនេះមិនបម្រើព្រះយេហូវ៉ាទេ ដោយសារពួកគេមិនទាន់ស្គាល់អំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោក ហើយពួកគេមិនដឹងអំពីអ្វីល្អៗទាំងអស់ដែលលោកបានធ្វើសម្រាប់ពួកគេ។ ពួកគេស្រដៀងនឹងពួកអ្នកដែលសាវ័កប៉ូលបានផ្សព្វផ្សាយដល់នៅក្រុងអាថែន។ ពួកអ្នកទាំងនោះក៏មិនស្គាល់ព្រះដែរ។—សកម្ម. ១៧:១៩, ២០, ៣០, ៣៤
៧ សាវ័កប៉ូលបានពន្យល់ពួកអ្នកក្រុងអាថែនថា ព្រះពិត«ផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប»។ គាត់បានបន្ថែមថា៖ «គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ ព្រះគឺជាអ្នកបង្កើត «លោកបានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ»។ ដូច្នេះ គឺមានតែលោកប៉ុណ្ណោះដែលសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង។—សកម្ម. ១៧:២៥, ២៦, ២៨
៨. តើព្រះយេហូវ៉ានឹងមិនដែលធ្វើអ្វី? សូមពន្យល់។
៨ ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតលើសកលលោកទាំងមូល លោកអាចបង្ខំមនុស្សឲ្យបម្រើលោក តែព្រះយេហូវ៉ាមិនដែលធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ លោកផ្ដល់ភ័ស្តុតាងជាច្រើនដែលបង្ហាញថាពិតជាមានលោក ហើយថាលោកស្រឡាញ់យើងម្នាក់ៗខ្លាំងណាស់។ លោកចង់ឲ្យមនុស្សច្រើនបំផុតទៅជាមិត្តសម្លាញ់របស់លោកជារៀងរហូត។ (១ធី. ២:៣, ៤) នេះគឺជាមូលហេតុដែលព្រះយេហូវ៉ាបង្ហាត់បង្រៀនយើងឲ្យបង្រៀនអ្នកឯទៀតអំពីគោលបំណងរបស់លោក និងប្រាប់ពួកគេអំពីអ្វីល្អៗដែលលោកនឹងធ្វើសម្រាប់មនុស្សជាតិ។ (ម៉ាថ. ១០:១១-១៣; ២៨:១៩, ២០) លោកក៏បានរៀបចំឲ្យមានក្រុមជំនុំ និងពួកអ្នកចាស់ទុំដែលប្រកបដោយសេចក្ដីស្រឡាញ់ដើម្បីថែរក្សាយើងដែរ។—សកម្ម. ២០:២៨
៩. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះមនុស្សទាំងអស់?
៩ សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ា គឺសឲ្យឃើញតាមរយៈការប្រព្រឹត្តរបស់លោកចំពោះពួកអ្នកដែលមិនជឿថាមានលោក។ សូមគិតអំពីនេះ៖ ក្នុងប្រវត្តិសាស្ត្រ មនុស្សរាប់ពាន់លាននាក់បានជ្រើសរើសរស់នៅស្របតាមខ្នាតតម្រារបស់ខ្លួនស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ទោះជាដូច្នោះក៏ដោយ ព្រះយេហូវ៉ាបានបង្ហាញចិត្តសប្បុរសដោយផ្ដល់អ្វីដែលពួកគេត្រូវការដើម្បីពួកគេអាចមានជីវិតរស់នៅ ហើយមានចិត្តអរសប្បាយ។ (ម៉ាថ. ៥:៤៤, ៤៥; សកម្ម. ១៤:១៦, ១៧) លោកបានផ្ដល់ឲ្យពួកគេនូវសមត្ថភាពដើម្បីបង្ហាញនិងទទួលសេចក្ដីស្រឡាញ់ ចិញ្ចឹមក្រុមគ្រួសារ និងសប្បាយនឹងអ្វីដែលពួកគេទទួលបានពីកិច្ចការនឿយហត់របស់ពួកគេ។ (ចសព. ១២៧:៣; អទ. ២:២៤) ភ័ស្តុតាងទាំងនេះបង្ហាញយ៉ាងច្បាស់ថា បិតានៅស្ថានសួគ៌របស់យើងស្រឡាញ់មនុស្សទាំងអស់។ (ដច. ៣៤:៦) ឥឡូវ សូមឲ្យយើងរំលឹកខ្លួនអំពីមូលហេតុខ្លះដែលយើងសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយរបៀបដែលលោកផ្ដល់ពរដល់ពួកអ្នកបម្រើលោក។
មូលហេតុដែលយើងជ្រើសរើសបម្រើព្រះយេហូវ៉ា
១០. (ក) តើអ្វីជាមូលហេតុចម្បងដែលយើងបម្រើព្រះយេហូវ៉ា? (ម៉ាថាយ ២២:៣៧) (ខ) តើអ្នកទទួលប្រយោជន៍យ៉ាងណាពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ា? (ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤)
១០ ដូចលោកយេស៊ូដែរ មូលហេតុចម្បងដែលយើងបម្រើព្រះយេហូវ៉ា គឺដោយសារយើងមានសេចក្ដីស្រឡាញ់និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះលោក។ (សូមអាន ម៉ាថាយ ២២:៣៧) ពេលយើងរៀនអំពីគុណសម្បត្តិផ្សេងៗរបស់លោក យើងកាន់តែចូលទៅជិតលោក។ ជាឧទាហរណ៍ សូមគិតអំពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ាចំពោះយើង។ ពេលជនជាតិអ៊ីស្រាអែលមិនស្ដាប់បង្គាប់លោក លោកបានអង្វរពួកគេថា៖ «សូមបែរចេញពីផ្លូវអាក្រក់»។ (យេ. ១៨:១១) ព្រះយេហូវ៉ាចាំថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយថាយើងជាធូលីដី។ (សូមអាន ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤) ពេលអ្នករំពឹងគិតអំពីចិត្តអត់ធ្មត់និងគុណសម្បត្តិដ៏ថ្លៃថ្លាផ្សេងទៀតរបស់ព្រះយេហូវ៉ា នេះជំរុញចិត្តអ្នកឲ្យចង់បម្រើលោកជារៀងរហូត មែនទេ?
១១. តើមានមូលហេតុអ្វីទៀតដែលយើងជ្រើសរើសបម្រើបិតារបស់យើងនៅស្ថានសួគ៌?
១១ មូលហេតុមួយទៀតដែលយើងបម្រើព្រះយេហូវ៉ា គឺដោយសារនោះជាអ្វីដែលសមត្រឹមត្រូវ។ (ម៉ាថ. ៤:១០) បន្ថែមទៅទៀត យើងដឹងថាការបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់នឹងនាំឲ្យមានលទ្ធផលល្អជាច្រើន។ ពេលយើងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ យើងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ ព្រមទាំងបង្ហាញថាមេកំណាចជាអ្នកភូតភរ ហើយធ្វើឲ្យបិតារបស់យើងមានចិត្តរីករាយ។ ម្យ៉ាងទៀត បើយើងជ្រើសរើសបម្រើព្រះយេហូវ៉ានៅឥឡូវ យើងមានឱកាសបម្រើលោកជារៀងរហូត!—យ៉ូន. ១៧:៣
១២-១៣. តើយើងរៀនអ្វីពីបទពិសោធន៍របស់បងជេននិងបងផេម?
១២ យើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាតាំងពីយើងនៅក្មេង ហើយសេចក្ដីស្រឡាញ់នោះនឹងកាន់តែរឹងមាំពេលដែលយើងចាស់ទៅ។ សូមគិតអំពីបទពិសោធន៍របស់បងប្អូនបង្កើតពីរនាក់គឺបងស្រីជេន និងបងស្រីផេម។a ពេលពួកគាត់ចាប់ផ្ដើមសិក្សាគម្ពីរ បងជេនមានអាយុ១១ឆ្នាំ ហើយបងផេមមានអាយុ១០ឆ្នាំ។ ទោះជាឪពុកម្ដាយរបស់ពួកគាត់មិនចាប់អារម្មណ៍សិក្សាគម្ពីរក្ដី ឪពុកម្ដាយរបស់ពួកគាត់អនុញ្ញាតឲ្យបងជេននិងបងផេមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ឲ្យតែពួកគាត់ទៅវិហារជាមួយនឹងក្រុមគ្រួសារនៅចុងសប្តាហ៍។ បងជេននិយាយថា៖ «អ្វីដែលសាក្សីព្រះយេហូវ៉ាបង្រៀនខ្ញុំពីគម្ពីរបានជួយខ្ញុំឲ្យយកឈ្នះការបង្ខិតបង្ខំពីមនុស្សស្រករខ្ញុំឲ្យប្រើគ្រឿងញៀន និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌»។
១៣ ប៉ុន្មានឆ្នាំក្រោយមក បងស្រីទាំងពីរនាក់នោះបានក្លាយជាអ្នកផ្សព្វផ្សាយ។ ក្រោយមក ពួកគាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ ទោះជាពួកគាត់ត្រូវថែរក្សាឪពុកម្ដាយដែលមានវ័យចាស់ក៏ដោយ។ បងជេនបានរៀបរាប់អារម្មណ៍របស់គាត់អំពីអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកគាត់។ គាត់និយាយថា៖ «ខ្ញុំបានរៀនថាព្រះយេហូវ៉ាថែរក្សាមិត្តរបស់លោកយ៉ាងស្មោះត្រង់ ហើយថាដូចធីម៉ូថេទី២ ២:១៩ចែង‹ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក›»។ ពិតណាស់ ព្រះយេហូវ៉ាតែងតែថែរក្សាពួកអ្នកដែលជ្រើសរើសបម្រើលោកនិងស្រឡាញ់លោក!
១៤. តើតាមរបៀបណាយើងអាចនិយាយការពារព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
១៤ យើងចង់ឲ្យមនុស្សដឹងថាអ្វីអាក្រក់ៗដែលពួកគេឮអំពីព្រះ គឺមិនមែនជាការពិតទេ។ សូមគិតអំពីឧទាហរណ៍នេះ អ្នកមានមិត្តជិតស្និទ្ធម្នាក់ដែលមានចិត្តសប្បុរស ចិត្តទូលាយ និងចេះអភ័យទោស។ នៅថ្ងៃមួយ អ្នកឮគេនិយាយមិនពិតអំពីមិត្តភក្ដិរបស់អ្នកថាគាត់ជាមនុស្សដែលកាចសាហាវ និងមិនស្មោះត្រង់។ ពេលឮដូច្នោះ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកច្បាស់ជានឹងនិយាយការពារគាត់! ស្រដៀងគ្នាដែរ ពេលសាថាននិងពួកអ្នកដែលទទួលឥទ្ធិពលពីវាព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះព្រះយេហូវ៉ាដោយនិយាយមិនពិតអំពីលោក យើងការពារនាមរបស់លោកដោយនិយាយការពិតអំពីលោក។ (ចសព. ៣៤:១; អេ. ៤៣:១០) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង យើងបង្ហាញថាយើងចង់បម្រើព្រះយេហូវ៉ាអស់ពីដួងចិត្ត។
តើអ្នកនឹងរួមចំណែកក្នុងការនិយាយការពារនាមរបស់ព្រះយេហូវ៉ាឬទេ? (សូមមើលវគ្គ១៤)b
១៥. ក្រោយពីប៉ូលបានធ្វើការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតរបស់គាត់ តើគាត់ទទួលប្រយោជន៍យ៉ាងណា? (ភីលីព ៣:៧, ៨)
១៥ យើងសុខចិត្តធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់យើងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ឬដើម្បីបម្រើលោកច្រើនជាង។ ជាឧទាហរណ៍ សាវ័កប៉ូលសម្រេចចិត្តលះចោលមុខមាត់ក្នុងសង្គមដើម្បីធ្វើជាអ្នកកាន់តាមគ្រិស្ត ហើយបម្រើព្រះយេហូវ៉ា។ (កាឡ. ១:១៤) ជាលទ្ធផល គាត់មានបទពិសោធន៍ល្អក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយមានឱកាសគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌។ គាត់មិនដែលស្ដាយក្រោយដែលគាត់សម្រេចចិត្តបម្រើព្រះយេហូវ៉ាទេ ហើយយើងក៏នឹងមិនស្ដាយក្រោយដែរ។—សូមអាន ភីលីព ៣:៧, ៨
១៦. តើយើងរៀនអ្វីពីបទពិសោធន៍របស់បងជូលា? (សូមមើលរូបភាពផងដែរ)
១៦ បើយើងផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា យើងនឹងទទួលពរពីលោកនៅឥឡូវនិងនៅថ្ងៃអនាគត។ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះជូលា។ ពេលបងជូលានៅក្មេង គាត់ជាសមាជិកក្រុមអ្នកចម្រៀងនៅឯវិហារ។ អ្នកចម្រៀងអូប៉េរ៉ាអាជីពម្នាក់បានឃើញថាបងជូលាមានទេពកោសល្យ ដូច្នេះគាត់បានចាប់ផ្ដើមបង្ហាត់បង្រៀនបងជូលា។ មិនយូរក្រោយមក បងជូលាបានល្បីឈ្មោះ ហើយបានច្រៀងនៅកន្លែងល្បីៗជាច្រើន។ ពេលដែលគាត់ចូលសាលាតន្ត្រីដ៏ល្បីល្បាញមួយ សិស្សរួមថ្នាក់ម្នាក់របស់គាត់បានចាប់ផ្ដើមនិយាយជាមួយគាត់អំពីព្រះ ហើយពន្យល់ថាព្រះមានឈ្មោះគឺយេហូវ៉ា។ មិនយូរក្រោយមក បងជូលាបានចាប់ផ្ដើមសិក្សាគម្ពីរមួយសប្តាហ៍ពីរដង។ ក្រោយមក គាត់បានសម្រេចចិត្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះយេហូវ៉ាជាជាងធ្វើជាអ្នកចម្រៀងអាជីព។ ការសម្រេចចិត្តនោះគឺមិនស្រួលទេ។ គាត់និយាយថា៖ «មនុស្សជាច្រើនប្រាប់ខ្ញុំថា ខ្ញុំល្ងង់ខ្លៅដែលឈប់ច្រៀងដើម្បីបម្រើព្រះយេហូវ៉ា។ ប៉ុន្តែ ខ្ញុំចង់ប្រើជីវិតរបស់ខ្ញុំដើម្បីបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញ»។ នៅសព្វថ្ងៃនេះ តើគាត់មានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តដែលគាត់បានធ្វើអស់ជាង៣០ឆ្នាំមុន? គាត់និយាយថា៖ «ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយខ្ញុំទុកចិត្តថាព្រះយេហូវ៉ានឹងបំពេញបំណងប្រាថ្នាទាំងអស់របស់ខ្ញុំនៅថ្ងៃអនាគត»។—ចសព. ១៤៥:១៦
ពេលយើងផ្ដោតអារម្មណ៍លើការបម្រើព្រះយេហូវ៉ា យើងមានជីវិតដ៏ល្អបំផុត (សូមមើលវគ្គ១៦)c
ចូរបន្ដបម្រើព្រះយេហូវ៉ា
១៧. តើការដែលយើងរស់នៅគ្រាបន្ទាន់មានឥទ្ធិពលយ៉ាងណាមកលើពួកអ្នកដែលបានសម្រេចចិត្តបម្រើព្រះ និងពួកអ្នកដែលមិនទាន់សម្រេចចិត្តបម្រើលោក?
១៧ យើងកំពុងរស់នៅគ្រាដែលបន្ទាន់។ សាវ័កប៉ូលបានសរសេរថា៖ «នៅតែ‹បន្តិចទៀត› នោះ‹លោកដែលត្រូវមក នឹងមកដល់ ហើយមិនបង្អែបង្អង់ឡើយ›»។ (ហេ. ១០:៣៧) តើនេះមានន័យយ៉ាងណា? ពេលវេលាដែលនៅសល់សម្រាប់មនុស្សដែលមិនបម្រើព្រះយេហូវ៉ាគឺមានតែបន្តិចទេ ដូច្នេះពួកគេត្រូវចាត់វិធានការឲ្យបានឆាប់បំផុតដើម្បីបម្រើលោក។ (១កូ. ៧:២៩) ម្យ៉ាងទៀត បើយើងបានសម្រេចចិត្តបម្រើព្រះយេហូវ៉ារួចហើយ យើងដឹងថាទោះជាយើងត្រូវស៊ូទ្រាំនឹងទុក្ខលំបាកក្ដី ទុក្ខលំបាកនោះគឺមានរយៈពេលតែ«បន្តិចទៀត»ប៉ុណ្ណោះ។
១៨. តើលោកយេស៊ូនិងព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី?
១៨ លោកយេស៊ូបានលើកទឹកចិត្តពួកអ្នកកាន់តាមលោកមិនគ្រាន់តែឲ្យចាប់ផ្ដើមទៅតាមលោកប៉ុណ្ណោះទេ ប៉ុន្តែទៅតាមលោកជាដរាប។ (ម៉ាថ. ១៦:២៤) ដូច្នេះ បើយើងបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំហើយ សូមឲ្យយើងតាំងចិត្តកុំឈប់ព្យាយាម។ យើងត្រូវបន្ដខំព្យាយាមធ្វើតាមការសម្រេចចិត្តរបស់យើងក្នុងការបម្រើព្រះយេហូវ៉ា។ នោះប្រហែលជាមិនស្រួលទេ។ ប៉ុន្តែ សូម្បីតែនៅឥឡូវនេះក៏យើងអាចមានសុភមង្គលនិងទទួលពរជាច្រើនពីការបម្រើលោក!—ចសព. ៣៥:២៧
១៩. តើយើងរៀនអ្វីពីបទពិសោធន៍របស់ប្អូនជីន?
១៩ អ្នកខ្លះមានអារម្មណ៍ថាការបម្រើព្រះយេហូវ៉ាតម្រូវឲ្យលះបង់ច្រើនពេក។ បើអ្នកជាមនុស្សវ័យក្មេង តើអ្នកមានអារម្មណ៍ថាការបម្រើព្រះយេហូវ៉ាគឺជាអ្វីដែលពិបាកពេកឬទេ? ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះជីននិយាយថា៖ «ខ្ញុំធ្លាប់មានអារម្មណ៍ថាដោយសារខ្ញុំជាសាក្សីព្រះយេហូវ៉ា ខ្ញុំមិនអាចសប្បាយរីករាយបានទេ។ មើលទៅក្មេងៗជាច្រើនដែលធំឡើងជាមួយខ្ញុំ សប្បាយនឹងការជប់លៀង ការមានស្នេហា ឬការលេងហ្គេមវីដេអូឃោរឃៅជាដើម។ រីឯខ្ញុំវិញ ខ្ញុំត្រូវទៅកិច្ចប្រជុំ និងផ្សព្វផ្សាយ»។ តើការគិតបែបនោះមានឥទ្ធិពលយ៉ាងណាមកលើប្អូនជីន? គាត់និយាយថា៖ «ខ្ញុំចាប់ផ្ដើមធ្វើអ្វីដែលអាក្រក់ដូចក្មេងឯទៀត ហើយអស់មួយរយៈពេល ខ្ញុំសប្បាយមែន។ ប៉ុន្តែ ខ្ញុំមិនមានសុភមង្គលពិតប្រាកដទេ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមគិតអំពីប្រយោជន៍ដែលមកពីការធ្វើតាមអ្វីដែលគម្ពីរចែង ហើយខ្ញុំបានសម្រេចចិត្តបម្រើព្រះយេហូវ៉ាអស់ពីចិត្ត។ ចាប់ពីពេលនោះមក ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋាននីមួយៗរបស់ខ្ញុំ»។
២០. តើយើងគួរតាំងចិត្តធ្វើអ្វី?
២០ អ្នកតែងចម្រៀងសរសើរព្រះបានច្រៀងជូនព្រះយេហូវ៉ាថា៖ «អ្នកណាដែលលោកជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យអាស្រ័យនៅក្នុងទីធ្លារបស់លោក អ្នកនោះមានសុភមង្គលហើយ»។ (ចសព. ៦៥:៤) សូមឲ្យយើងបន្ដតាំងចិត្តដូចយ៉ូស្វេ។ គាត់និយាយថា៖ «ចំណែកខ្ញុំនិងពួកអ្នកផ្ទះរបស់ខ្ញុំ ពួកយើងនឹងបម្រើព្រះយេហូវ៉ា»។—យ៉ូស. ២៤:១៥
ចម្រៀងលេខ២៨ ការចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b ការពណ៌នាអំពីរូបភាព៖ ក្រោយពីស្ត្រីម្នាក់ឮពាក្យសម្ដីរបស់អ្នកប្រឆាំងនៅខាងក្រៅកន្លែងមហាសន្និបាត គាត់ទៅកន្លែងដែលមានរទេះដាក់តាំងសៀវភៅ ហើយឮសេចក្ដីពិតពីគម្ពីរ។
c ការពណ៌នាអំពីរូបភាព៖ រូបភាពទាំងនេះជួយយើងឲ្យស្រមៃឃើញអំពីការផ្លាស់ប្ដូរដែលបងជូលាបានធ្វើដើម្បីបម្រើព្រះយេហូវ៉ា។