បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 មេសា ទំ. ១៤-១៩
  • ការ​ចូល​ទៅ​ជិត​គ្នា​គឺ​ជា​ការ​ល្អ​សម្រាប់​យើង!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ​ចូល​ទៅ​ជិត​គ្នា​គឺ​ជា​ការ​ល្អ​សម្រាប់​យើង!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​គួរ​ចូល​កាន់​តែ​ជិត​គ្នា?
  • ចូរ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក
  • ​«​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ​»​
  • ចូរ​ស្រឡាញ់​«​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​»​
  • ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ‹ការ​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ប្រសើរ​ណាស់!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 មេសា ទំ. ១៤-១៩

អត្ថបទសិក្សា ១៦

ចម្រៀង​លេខ​៨៧ ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

ការ​ចូល​ទៅ​ជិត​គ្នា​គឺ​ជា​ការ​ល្អ​សម្រាប់​យើង!

​«​មើល! ពេល​បង​ប្អូន​នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព នោះ​ជា​ការ​ល្អ​ប្រពៃ និង​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់!​»។—ចសព. ១៣៣:១

ចំណុច​ផ្ដោត

យោបល់​អំពី​របៀប​ដែល​យើង​អាច​ចូល​កាន់​តែ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក និង​ពរ​ជា​ច្រើន​ដែល​យើង​ទទួល​ពី​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។

១​-​២. តើ​អ្វី​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​តើ​លោក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​គឺ​សំខាន់​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​បង្រៀន​ថា យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង។ (​ម៉ាថ. ២២:៣៧​-​៣៩​) នោះ​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង ក៏​យើង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​ពួក​គេ​ដែរ។ ពេល​យើង​បង្ហាញ​សេចក្ដី​សប្បុរស​បែប​នោះ យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​«​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​»។—ម៉ាថ. ៥:៤៥

២ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ទាំង​អស់ តែ​លោក​ស្រឡាញ់​ជា​ពិសេស ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ។ (​យ៉ូន. ១៤:២១​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​យក​តម្រាប់​លោក។ ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​‹ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ខ្លាំង›​និង​បង្ហាញ​«​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​»​ចំពោះ​ពួក​គេ។ (​១ពេ. ៤:៨; រ៉ូម ១២:១០​) ពេល​យើង​គិត​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​បែប​នេះ​ចំពោះ​នរណា​ម្នាក់ យើង​ប្រហែល​ជា​នឹក​ឃើញ​អំពី​អារម្មណ៍​កក់​ក្ដៅ​ដែល​យើង​មាន​ចំពោះ​សាច់​ញាតិ​ជា​ទី​ស្រឡាញ់ ឬ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ណា​ម្នាក់។

៣. តើ​យើង​ត្រូវ​ចាំ​អ្វី​អំពី​សេចក្ដី​ស្រឡាញ់?

៣ ដូច​យើង​ត្រូវ​បន្ដ​ថែ​ទាំ​រុក្ខជាតិ​នៅ​ក្នុង​សួន​ដើម្បី​ឲ្យ​វា​លូត​លាស់​យ៉ាង​ល្អ យើង​ត្រូវ​បន្ត​ខំ​ព្យាយាម​ស្រឡាញ់​អ្នក​ឯ​ទៀត​ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​កើន​ឡើង។ សាវ័ក​ប៉ូល​បាន​ឲ្យ​យោបល់​ដល់​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។ (​ហេ. ១៣:១​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បន្ត​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ចូល​កាន់​តែ​ជិត​បង​ប្អូន​រួម​ជំនឿ​និង​របៀប​ដែល​យើង​អាច​បន្ត​ធ្វើ​ដូច្នេះ។

ហេតុ​អ្វី​យើង​គួរ​ចូល​កាន់​តែ​ជិត​គ្នា?

៤. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១៣៣:១ តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា យើង​បន្ត​ឲ្យ​តម្លៃ​ចំពោះ​សាមគ្គីភាព​ដែល​យើង​មាន​ជា​មួយ​បង​ប្អូន? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៤ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៣:១។ យើង​យល់​ស្រប​នឹង​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដែល​សរសេរ​ថា ចំណង​មិត្តភាព​ពិត​ជា​មួយ​នឹង​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​«​ល្អ​ប្រពៃ​»​ ហើយ​«​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់​»។ ប៉ុន្តែ ដូច​បុគ្គល​ម្នាក់​លែង​កត់​សម្គាល់​អ្វី​ដែល​អស្ចារ្យ ដោយ​សារ​គាត់​ឃើញ​អ្វី​នោះ​ជា​រៀង​រាល់​ថ្ងៃ យើង​ប្រហែល​ជា​លែង​កត់​សម្គាល់​ភាព​អស្ចារ្យ​នៃ​សាមគ្គីភាព​ដែល​យើង​មាន​ជា​មួយ​បង​ប្អូន​យើង​ដែរ។ យើង​ប្រហែល​ជា​ជួប​បង​ប្អូន​របស់​យើង​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​តើ​តាម​របៀប​ណា​យើង​អាច​បន្ត​ឲ្យ​តម្លៃ​ពួក​គេ? សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​នឹង​បន្ត​កើន​ឡើង ប្រសិន​បើ​យើង​លៃ​ទុក​ពេល​ដើម្បី​គិត​អំពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​ក្រុម​ជំនុំ​និង​ចំពោះ​យើង។

បណ្ដុំ​រូប​ភាព៖ ១. បង​ស្រី​ម្នាក់​កោត​ស្ងើច​ភាព​ស្រស់​ស្អាត​នៃ​ដើម​ឈើ។ ២. ក្រោយ​មក នៅ​មហា​សន្និបាត​តាម​ភូមិ​ភាគ គាត់​ឱប​បង​ស្រី​ម្នាក់។ អ្នក​ឯ​ទៀត​នៅ​មហា​សន្និបាត​នោះ​និយាយ​គ្នា​យ៉ាង​សប្បាយ។

សូម​កុំ​ចាត់​ទុក​ភាព​អស្ចារ្យ​នៃ​សាមគ្គីភាព​របស់​យើង​ជា​គ្រិស្ត​សាសនិក​ថា​ជា​រឿង​ធម្មតា ​(​សូម​មើល​វគ្គ​៤​)​


៥. តើ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត?

៥ បុគ្គល​ខ្លះ​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង កោត​ស្ងើច​ជា​ខ្លាំង​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា។ ពួក​គេ​ប្រហែល​ជា​ទទួល​ស្គាល់​ថា ពួក​គេ​រក​ឃើញ​សេចក្ដី​ពិត​ដោយ​សារ​តែ​ពួក​គេ​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៥​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ឆៃត្រា ជា​សិស្ស​សកល​វិទ្យាល័យ​ម្នាក់​ដែល​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​បាន​ចូល​រួម​មហា​សន្និបាត​តាម​ភូមិ​ភាគ។ ក្រោយ​ពី​បាន​ចូល​រួម​ថ្ងៃ​ទី​១​ដោយ​ផ្ទាល់ គាត់​បាន​ប្រាប់​អ្នក​បង្រៀន​គម្ពីរ​គាត់​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ដែល​ឱប​ខ្ញុំ​ទេ។ ប៉ុន្តែ​នៅ​មហា​សន្និបាត បង​ប្អូន​បាន​ឱប​ខ្ញុំ​៥២​ដង​ក្នុង​តែ​មួយ​ថ្ងៃ! ខ្ញុំ​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​លោក។ ខ្ញុំ​ចង់​ក្លាយ​ជា​សមាជិក​ក្រុម​គ្រួសារ​នេះ​ដែរ​»។ បង​ឆៃត្រា​បន្ត​រីក​ចម្រើន ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០២៤។ មែន​ហើយ ពេល​អ្នក​ថ្មី​ឃើញ​ការ​ល្អ​ដែល​យើង​ប្រព្រឹត្ត រួម​បញ្ចូល​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ច្រើន​តែ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។—ម៉ាថ. ៥:១៦

៦. តើ​ការ​ចូល​កាន់​តែ​ជិត​បង​ប្អូន​របស់​យើង​អាច​ការ​ពារ​យើង​យ៉ាង​ដូច​ម្ដេច?

៦ ការ​ចូល​ទៅ​ជិត​បង​ប្អូន​របស់​យើង​អាច​ការ​ពារ​យើង។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ . . . ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ទៅ​ជា​មនុស្ស​រឹង​ចចេស​ដោយ​សារ​ការ​ល្បួង​នៃ​ភាព​ខុស​ឆ្គង​»។ (​ហេ. ៣:១៣​) បើ​យើង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ហាក់​ដូច​ជា​ជើង​របស់​យើង​ចាប់​ផ្ដើម​ចេញ​ពី​ផ្លូវ​សុចរិត ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​កត់​សម្គាល់​អំពី​រឿង​នេះ​ឲ្យ​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។ (​ចសព. ៧៣:២, ១៧, ២៣​) ជា​ការ​ល្អ​ឲ្យ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​បែប​នេះ។

៧. តើ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? (​កូឡុស ៣:១៣, ១៤​)

៧ យើង​នៅ​ក្នុង​ក្រុម​មនុស្ស​ដែល​ខំ​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​យើង​ទទួល​ពរ​ជា​ច្រើន។ (​១យ៉ូន. ៤:១១​) ជា​ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​»​ ហើយ​នោះ​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន កូឡុស ៣:១៣, ១៤; អេភ. ៤:២​-​៦​) យ៉ាង​នេះ នៅ​កិច្ច​ប្រជុំ​របស់​យើង យើង​មាន​បរិយាកាស​ដ៏​សប្បាយ ខុស​ពី​ក្រុម​មនុស្ស​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក។

ចូរ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក

៨. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​យ៉ាង​ដូច​ម្ដេច?

៨ សាមគ្គីភាព​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ទូ​ទាំង​ពិភព​លោក គឺ​ជា​អព្ភូតហេតុ​មួយ។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នេះ​កើត​ឡើង ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ (​១កូ. ១២:២៥​) គម្ពីរ​ចែង​ថា​៖ ‹ព្រះ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក›។ (​១ថែ. ៤:៩​) នេះ​មាន​ន័យ​ថា តាម​រយៈ​គម្ពីរ​ព្រះ​ប្រាប់​យើង​យ៉ាង​ចំ​ៗ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចូល​កាន់​តែ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ទទួល​‹ការ​បង្រៀន​ពី​ព្រះ›​នៅ​ពេល​ដែល​យើង​សិក្សា​សេចក្ដី​បង្រៀន​របស់​លោក​យ៉ាង​ហ្មត់​ចត់ និង​ធ្វើ​តាម​សេចក្ដី​បង្រៀន​នោះ។ (​ហេ. ៤:១២; យ៉ា. ១:២៥​) នេះ​ជា​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ធ្វើ។

៩. តើ​យើង​រៀន​អ្វី​ពី​រ៉ូម ១២:៩​-​១៣ ស្ដី​អំពី​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក?

៩ តើ​បណ្ដាំ​របស់​ព្រះ​បង្រៀន​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អ្វី​ដែល​ប៉ូល​បាន​និយាយ​អំពី​រឿង​នេះ ដូច​ដែល​បាន​កត់​ទុក​នៅ​រ៉ូម ១២:៩​-​១៣។ (​សូម​អាន​) សូម​កត់​សម្គាល់​ពាក្យ​របស់​គាត់​ដែល​ថា​៖ ​«​ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្តិយស​គេ​មុន​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? យើង​គួរ​ចាត់​វិធានការ​ជា​មុន​ដើម្បី​បង្ហាញ​«​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​»​ដល់​អ្នក​ឯ​ទៀត ដោយ​ធ្វើ​អ្វី​ផ្សេង​ៗ​ដូច​ជា អភ័យ​ទោស​ឲ្យ​ពួក​គេ ទទួល​ពួក​គេ​យ៉ាង​រាក់​ទាក់ និង​បង្ហាញ​ចិត្ត​ទូលាយ​ជា​ដើម។ (​អេភ. ៤:៣២​) អ្នក​មិន​ចាំ​បាច់​ចាំ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ចូល​មក​ជិត​អ្នក​ជា​មុន​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​ចូល​ទៅ​ជិត​‹ពួក​គេ​មុន›។ យ៉ាង​នេះ អ្នក​នឹង​ពិសោធ​អ្វី​ដែល​លោក​យេស៊ូ​បាន​សន្យា ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្ម. ២០:៣៥

១០. តើ​យើង​អាច​មាន​ចិត្ត​ឧស្សាហ៍​យ៉ាង​ដូច​ម្ដេច​«​ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​»​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ គួរ​ឲ្យ​ចាប់​អារម្មណ៍ ភ្លាម​ៗ​ក្រោយ​ពី​ប៉ូល​ប្រាប់​យើង​ឲ្យ​ចាត់​វិធានការ​ជា​មុន​ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក គាត់​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​ចូរ​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​កិច្ច​ការ​របស់​អ្នក កុំ​ខ្ជិល​ឡើយ​»។ បុគ្គល​ដែល​មាន​ចិត្ត​ឧស្សាហ៍​គឺ​ខ្នះខ្នែង ហើយ​ខំ​ប្រឹង​ធ្វើ​ការ។ ពេល​គាត់​បំពេញ​ភារកិច្ច​ណា​មួយ គាត់​បំពេញ​ភារកិច្ច​នោះ​យ៉ាង​ខ្ជាប់​ខ្ជួន។ សុភាសិត ៣:២៧, ២៨​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​កុំ​បង្ខាំង​ទុក​អ្វី​ល្អ​ពី​អ្នក​ណា​ដែល​សម​នឹង​ទទួល ពេល​[​អ្នក​]​មាន​កម្លាំង​អាច​ជួយ​អ្នក​នោះ​បាន​»។ ដូច្នេះ ពេល​យើង​ឃើញ​អ្នក​ណា​ម្នាក់​ត្រូវ​ការ​ជំនួយ យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​គាត់។ យើង​មិន​បង្អែ​បង្អង់​ឬ​សន្និដ្ឋាន​ថា​អ្នក​ផ្សេង​នឹង​ជួយ​គាត់​ទេ។—១យ៉ូន. ៣:១៧, ១៨

ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈរ​លើ​ជណ្ដើរ​ប្រមូល​ស្លឹក​ឈើ​ពី​ទ​ផ្ទះ​របស់​បង​ប្រុស​វ័យ​ចាស់​ម្នាក់។

យើង​គួរ​ចាត់​វិធានការ​ដើម្បី​ជួយ​បង​ប្អូន​ដែល​មាន​សេចក្ដី​ត្រូវ​ការ ​(​សូម​មើល​វគ្គ​១០​)​


១១. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក?

១១ របៀប​មួយ​ទៀត​ដើម្បី​លើក​កិត្តិយស​អ្នក​ឯ​ទៀត គឺ​ដោយ​ឆាប់​អភ័យ​ទោស​ឲ្យ​ពួក​គេ ពេល​ពួក​គេ​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ អេភេសូរ ៤:២៦​ចែង​ថា​៖ ​«​កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ​»។ ហេតុ​អ្វី? ខ​២៧​ចែង​ថា ការ​ធ្វើ​ដូច្នេះ​នឹង​«​ឲ្យ​មេ​កំណាច​មាន​ឱកាស​»។ ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា លោក​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ កូឡុស ៣:១៣ លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​«​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ចូល​កាន់​តែ​ជិត​ពួក​គេ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ជួយ​«​រក្សា​ឲ្យ​មាន​សាមគ្គីភាព​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ ហើយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​សាមគ្គីភាព​»។ (​អេភ. ៤:៣​) យើង​ឃើញ​ច្បាស់​ថា​ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​ជួយ​ឲ្យ​អង្គការ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​មាន​សាមគ្គីភាព​និង​សេចក្ដី​សុខ​សាន្ត។

១២. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចេះ​អភ័យ​ទោស​យ៉ាង​ដូច​ម្ដេច?

១២ មែន​ហើយ យើង​ប្រហែល​ជា​ពិបាក​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ប៉ុន្តែ យើង​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​បាន​ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ។ ក្រោយ​ពី​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​«​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​»​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​«​មាន​ចិត្ត​ឧស្សាហ៍​»​ គម្ពីរ​ប្រាប់​យើង​ឲ្យ​«​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​»។ បុគ្គល​ដែល​«​មាន​ចិត្ត​ពុះ​កញ្ជ្រោល​»​ពេញ​ទៅ​ដោយ​ចិត្ត​ខ្នះខ្នែង​និង​ចិត្ត​រំភើប​ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​រ៉ូម ១២:១១​) ដូច្នេះ ឫទ្ធានុភាព​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ និង​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ យ៉ាង​នេះ យើង​អង្វរ​សុំ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​ឲ្យ​ជួយ​យើង។—លូក. ១១:១៣

​«​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ​»​

១៣. តើ​អ្វី​អាច​នាំ​ឲ្យ​យើង​បែក​បាក់​គ្នា?

១៣ នៅ​ក្នុង​ក្រុម​ជំនុំ​មាន​«​មនុស្ស​គ្រប់​ប្រភេទ​»​ដែល​មាន​ប្រវត្តិ​ខុស​ៗ​គ្នា។ (​១ធី. ២:៣, ៤​) បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ ភាព​ខុស​គ្នា​ទាំង​នេះ​អំពី​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន ការ​ថែ​ទាំ​សុខភាព ឬ​ការ​កម្សាន្ត​អាច​នាំ​ឲ្យ​បែក​បាក់​គ្នា។ (​រ៉ូម ១៤:៤; ១កូ. ១:១០​) ដោយ​សារ​ព្រះ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ព្យាយាម​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ជឿ​ថា ការ​សម្រេច​ចិត្ត​របស់​យើង​គ្រាន់​បើ​ជាង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត។—ភី. ២:៣

១៤. តើ​យើង​គួរ​ព្យាយាម​ធ្វើ​អ្វី​ជា​និច្ច ហើយ​ហេតុ​អ្វី?

១៤ យើង​ក៏​អាច​ជួយ​កុំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ក្រុម​ជំនុំ ដោយ​ព្យាយាម​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត​នៅ​គ្រប់​ពេល​វេលា។ (​១ថែ. ៥:១១​) ថ្មី​ៗ​នេះ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​អសកម្ម ឬ​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​បាន​ត្រឡប់​មក​វិញ។ យើង​ទទួល​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ! (​២កូ. ២:៨​) សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បង​ស្រី​ម្នាក់​ដែល​បាន​ត្រឡប់​មក​សាល​ប្រជុំ​វិញ​ក្រោយ​ពី​បាន​អសកម្ម​អស់​១០​ឆ្នាំ។ គាត់​និយាយ​ថា​៖ ​«​គ្រប់​គ្នា​ញញឹម​ដាក់​ខ្ញុំ ហើយ​ចាប់​ដៃ​ខ្ញុំ​»។ (​សកម្ម. ៣:១៩​) តើ​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គាត់? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​កំពុង​ជួយ​ខ្ញុំ​ឲ្យ​អរ​សប្បាយ​ឡើង​វិញ​»។ បើ​យើង​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត លោក​យេស៊ូ​គ្រិស្ត​អាច​ប្រើ​យើង​ដើម្បី​ពង្រឹង​កម្លាំង​ពួក​អ្នក​«​ដែល​ធ្វើ​ការ​នឿយ​ហត់ ហើយ​មាន​បន្ទុក​ធ្ងន់​»។—ម៉ាថ. ១១:២៨, ២៩

១៥. តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គីភាព? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ របៀប​មួយ​ទៀត​ដែល​យើង​អាច​លើក​ស្ទួយ​សាមគ្គីភាព​គឺ​តាម​រយៈ​ពាក្យ​សម្ដី​របស់​យើង។ យ៉ូប ១២:១១​ចែង​ថា​៖ ​«​ត្រចៀក​គឺ​សម្រាប់​ស្ដាប់​ដើម្បី​ពិចារណា​ពាក្យ​សម្ដី ដូច​អណ្ដាត​គឺ​សម្រាប់​ភ្លក់​ឲ្យ​ដឹង​រសជាតិ​អាហារ មែន​ទេ?​»។ ដូច​អ្នក​ដែល​ពូកែ​ធ្វើ​ម្ហូប តែង​តែ​ភ្លក់​ម្ហូប​ដើម្បី​ប្រាកដ​ថា​ឆ្ងាញ់​មុន​ឲ្យ​អ្នក​ឯ​ទៀត​បរិភោគ យើង​ក៏​គួរ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​យើង​នឹង​និយាយ​មុន​ដែល​យើង​និយាយ​ដែរ។ (​ចសព. ១៤១:៣​) យើង​តែង​តែ​ចង់​ប្រាកដ​ថា​អ្វី​ដែល​យើង​បម្រុង​នឹង​និយាយ​នឹង​លើក​ទឹក​ចិត្ត ពង្រឹង​កម្លាំង និង​«​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​»។—អេភ. ៤:២៩

បង​ប្រុស​ម្នាក់​ភ្លក់​ម្ហូប​ដែល​គាត់​ធ្វើ មុន​ឲ្យ​ភ្ញៀវ​បរិភោគ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ​មុន​ដែល​អ្នក​និយាយ ​(​សូម​មើល​វគ្គ​១៥​)​


១៦. ជា​ពិសេស តើ​អ្នក​ណា​គួរ​ប្រើ​ពាក្យ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត?

១៦ យើង​ទាំង​អស់​គ្នា​គួរ​និយាយ​ពាក្យ​ដែល​លើក​ទឹក​ចិត្ត តែ​ជា​ពិសេស ប្ដី​និង​ឪពុក​ម្ដាយ​ទាំង​ឡាយ​គួរ​និយាយ​តាម​របៀប​ដែល​លើក​ទឹក​ចិត្ត។ (​កូឡ. ៣:១៩, ២១; ទីត. ២:៤​) អ្នក​ចាស់​ទុំ​ក៏​គួរ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ចិត្ត ដោយ​សារ​ពួក​គេ​ជា​គង្វាល​នៃ​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា។ (​អេ. ៣២:១, ២; កាឡ. ៦:១​) សុភាសិត​មួយ​ក្នុង​គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ពាក្យ​មួយ​ម៉ាត់​ដែល​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!​»។—សុភ. ១៥:២៣

ចូរ​ស្រឡាញ់​«​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​»​

១៧. តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​ផុស​ចេញ​ពី​ចិត្ត?

១៧ សាវ័ក​យ៉ូហាន​ប្រាប់​យើង​ថា​៖ ​«​យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ​»។ (​១យ៉ូន. ៣:១៨​) យើង​ចង់​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​ផុស​ចេញ​ពី​ចិត្ត។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? កាល​ដែល​យើង​កាន់​តែ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន យើង​នឹង​កាន់​តែ​ចូល​ទៅ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​នឹង​កាន់​តែ​រឹង​មាំ។ ដូច្នេះ ចូរ​បង្កើត​ឱកាស​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​នៅ​កិច្ច​ប្រជុំ​និង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ចូរ​លៃ​ទុក​ពេល​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន។ ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ យើង​បង្ហាញ​ថា​‹ព្រះ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក›។ (​១ថែ. ៤:៩​) ម្យ៉ាង​ទៀត យើង​នឹង​បន្ត​ពិសោធ​ដោយ​ខ្លួន​ផ្ទាល់​ថា ​«​ពេល​បង​ប្អូន​នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព នោះ​ជា​ការ​ល្អ​ប្រពៃ និង​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់!​»។—ចសព. ១៣៣:១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ការ​ចូល​ទៅ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​ការ​ល្អ​សម្រាប់​យើង?

  • តើ​យើង​អាច​លើក​កិត្តិយស​គេ​ជា​មុន​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព?

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក