អត្ថបទសិក្សា ១៥
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
‹ការដែលយើងចូលទៅជិតព្រះ នោះជាការប្រសើរណាស់!›
«ការដែលខ្ញុំចូលទៅជិតព្រះ នោះជាការប្រសើរណាស់»។—ចសព. ៧៣:២៨
ចំណុចផ្ដោត
របៀបដែលយើងអាចចូលកាន់តែជិតព្រះយេហូវ៉ា និងប្រយោជន៍ដែលយើងអាចទទួលពីការធ្វើដូច្នោះ។
១-២. (ក) តើយើងត្រូវធ្វើអ្វីដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងបុគ្គលណាម្នាក់? (ខ) តើយើងនឹងពិចារណាអ្វីខ្លះនៅក្នុងអត្ថបទនេះ?
តើអ្នកមានមិត្តជិតស្និទ្ធឬទេ? តើតាមរបៀបណាអ្នកបានបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយគាត់? អ្នកទំនងជាចំណាយពេលជាមួយគាត់ ចាប់ផ្ដើមស្គាល់អំពីការពិបាករបស់គាត់ និងចំណង់ចំណូលចិត្តរបស់គាត់។ អ្នកឃើញថា គាត់មានគុណសម្បត្តិដែលអ្នកចង់ធ្វើតាម។ បន្តិចម្ដងៗ អ្នកកាន់តែស្រឡាញ់គាត់។
២ ដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងបុគ្គលណាម្នាក់ យើងត្រូវខំប្រឹងព្យាយាម ហើយចំណាយពេលជាមួយនឹងបុគ្គលនោះ។ ដូចគ្នាដែរ យើងត្រូវខំប្រឹងព្យាយាមនិងចំណាយពេល ដើម្បីទៅជាមិត្តជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ក្នុងអត្ថបទនេះ យើងនឹងពិចារណារបៀបដែលយើងអាចចូលកាន់តែជិតព្រះរបស់យើង និងប្រយោជន៍ដែលមកពីការធ្វើដូច្នោះ។ ដំបូង សូមឲ្យយើងពិចារណាអំពីមូលហេតុដែលការចូលទៅជិតព្រះយេហូវ៉ាដែលជាមិត្តជិតស្និទ្ធរបស់យើង គឺជាការល្អ។
៣. ហេតុអ្វីយើងគួររំពឹងគិតអំពីប្រយោជន៍ដែលមកពីការចូលទៅជិតព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
៣ អ្នកទំនងជាយល់ស្របថា ការចូលទៅជិតព្រះយេហូវ៉ាគឺជាការល្អ។ ប៉ុន្តែ ការរំពឹងគិតថានោះគឺល្អយ៉ាងណា អាចជំរុញចិត្តយើងឲ្យបន្តចូលកាន់តែជិតលោក។ (ចសព. ៦៣:៦-៨) ជាឧទាហរណ៍ យើងទទួលស្គាល់ថាការទទួលទានរបបអាហារដោយមានតុល្យភាព ការហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងការផឹកទឹកគ្រប់គ្រាន់គឺល្អសម្រាប់យើង។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សជាច្រើនមិនសូវគិតអំពីរឿងទាំងនោះ ហើយពួកគេមិនថែរក្សាសុខភាពរបស់ខ្លួនទេ។ ប៉ុន្តែ ការគិតជាញឹកញយអំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព ទំនងជាជំរុញចិត្តយើងឲ្យកាន់តែចង់ថែរក្សាសុខភាព។ ស្រដៀងគ្នាដែរ យើងប្រហែលជាដឹងថាការចូលទៅជិតព្រះយេហូវ៉ាគឺជាការល្អសម្រាប់យើង។ ប៉ុន្តែ ការរំពឹងគិតអំពីប្រយោជន៍ដែលមកពីការធ្វើដូច្នោះ អាចជំរុញចិត្តយើងឲ្យបន្តចូលកាន់តែជិតព្រះយេហូវ៉ាដែលជាមិត្តរបស់យើង។—ចសព. ១១៩:២៧-៣០
៤. តើអ្នកតែងចម្រៀងសរសើរព្រះ ៧៣:២៨បាននិយាយយ៉ាងណា?
៤ សូមអាន ចម្រៀងសរសើរព្រះ ៧៣:២៨។ អ្នកសរសេរចម្រៀងសរសើរព្រះ ៧៣ គឺជាកូនចៅលេវីម្នាក់ដែលបានត្រូវតែងតាំងឲ្យបម្រើជាអ្នកលេងភ្លេងនៅវិហាររបស់ព្រះយេហូវ៉ា។ គាត់ទំនងជាបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែ គាត់ដឹងថា គឺជាការសំខាន់ឲ្យគាត់ចាំថា ការដែលគាត់«ចូលទៅជិតព្រះ» នោះជាការប្រសើរណាស់សម្រាប់គាត់។ គាត់ក៏ចង់ឲ្យអ្នកឯទៀតដឹងថា ការមានចំណងមិត្តភាពជាមួយព្រះគឺល្អសម្រាប់ពួកគេដែរ។ តើការធ្វើដូច្នេះមានប្រយោជន៍អ្វីខ្លះ?
‹ការចូលទៅជិតព្រះ›នាំឲ្យមានសុភមង្គល
៥. (ក) ហេតុអ្វីការចូលកាន់តែជិតព្រះយេហូវ៉ានាំឲ្យយើងមានសុភមង្គល? (ខ) ដោយមានមូលដ្ឋានលើសុភាសិត ២:៦-១៦ សូមលើកឧទាហរណ៍អំពីរបៀបដែលប្រាជ្ញារបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍និងការពារអ្នក។
៥ ពេលយើងចូលកាន់តែជិតព្រះយេហូវ៉ា យើងកាន់តែមានចិត្តសប្បាយ។ (ចសព. ៦៥:៤) មានមូលហេតុជាច្រើនដែលយើងនឹងមានសុភមង្គល។ ជាឧទាហរណ៍ ពេលយើងអានអ្វីដែលព្រះយេហូវ៉ាប្រាប់នៅក្នុងគម្ពីរ ហើយធ្វើតាម នោះនាំឲ្យយើងមានប្រាជ្ញា។ ប្រាជ្ញាបែបនេះជួយការពារយើងពីឥទ្ធិពលអាក្រក់ និងពីការធ្វើខុសធ្ងន់ធ្ងរ។ (សូមអាន សុភាសិត ២:៦-១៦) នេះជាមូលហេតុដែលគម្ពីរចែងថា៖ «មានសុភមង្គលហើយ អ្នកណាដែលរកបានប្រាជ្ញា និងអ្នកណាដែលរកបានសមត្ថភាពវែកញែក»។—សុភ. ៣:១៣
៦. តើអ្វីធ្វើឲ្យអ្នកសរសេរចម្រៀងសរសើរព្រះបាត់បង់អំណរ?
៦ នៅពេលខ្លះ សូម្បីតែមិត្តសម្លាញ់របស់ព្រះយេហូវ៉ាក៏ពិបាកចិត្តដែរ។ អ្នកសរសេរចម្រៀងសរសើរព្រះ ៧៣ បានបាត់បង់អំណរពេលដែលគាត់គិតអវិជ្ជមាន។ គាត់ចាប់ផ្ដើមខឹងនិងច្រណែន ដោយសារតាមទស្សនៈរបស់គាត់ មនុស្សអាក្រក់ដែលមិនខ្វល់អំពីព្រះឬខ្នាតតម្រារបស់លោកមានជីវិតស្រណុកសុខស្រួល។ គាត់សន្និដ្ឋានខុសថា មនុស្សដែលឃោរឃៅនិងដែលមានអំណួតតែងតែជាអ្នកមាន និងមានសុខភាពល្អជាង ហើយថែមទាំងមិនរងទុក្ខទៀតផង។ (ចសព. ៧៣:៣-៧, ១២) អ្នកតែងចម្រៀងសរសើរព្រះនោះមានអារម្មណ៍ពិបាកចិត្តរហូតដល់នៅពេលមួយគាត់បានឆ្ងល់ថា ការខំប្រឹងរបស់គាត់ដើម្បីបម្រើព្រះយេហូវ៉ាពិតជាមានប្រយោជន៍ឬយ៉ាងណា។ គាត់និយាយទាំងពិបាកចិត្តថា៖ «ការដែលខ្ញុំព្យាយាមរក្សាចិត្តបរិសុទ្ធ ហើយលាងដៃដើម្បីបង្ហាញថា ខ្ញុំគ្មានទោសកំហុស នោះឥតប្រយោជន៍ទាល់តែសោះ»។—ចសព. ៧៣:១៣
៧. ពេលយើងពិបាកចិត្ត តើយើងអាចធ្វើអ្វី? (សូមមើលរូបភាពផងដែរ)
៧ ទោះបីជាអ្នកសរសេរចម្រៀងសរសើរព្រះពិបាកចិត្តយ៉ាងខ្លាំងក្ដី គាត់បានចាត់វិធានការដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់គាត់។ គាត់បាន«ចូលក្នុងទីបរិសុទ្ធដ៏រុងរឿងរបស់ព្រះ» ហើយនៅទីនោះ ព្រះយេហូវ៉ាបានកែតម្រង់របៀបគិតគូររបស់គាត់។ (ចសព. ៧៣:១៧-១៩) ពេលដែលយើងពិបាកចិត្ត ព្រះយេហូវ៉ាដែលជាមិត្តជិតស្និទ្ធបំផុតរបស់យើងដឹងថាយើងពិបាកចិត្ត។ បើយើងអធិដ្ឋានសុំការណែនាំពីលោក ហើយទទួលយកជំនួយដែលលោកផ្ដល់ឲ្យតាមរយៈបណ្ដាំរបស់លោកនិងក្រុមជំនុំ យើងនឹងទទួលកម្លាំងចិត្តដើម្បីស៊ូទ្រាំទោះជាពិបាកចិត្តក្ដី។ ម្យ៉ាងទៀត ទោះបីជាពេលកង្វល់ញាំញីចិត្តយើងក៏ដោយ ព្រះយេហូវ៉ានឹងសម្រាលទុក្ខ ហើយធ្វើឲ្យយើងសប្បាយចិត្តឡើងវិញ។—ចសព. ៩៤:១៩a
បុរសម្នាក់ដែលជាកូនចៅលេវីដែលបានសរសេរចម្រៀងសរសើរព្រះ ៧៣ ឈរ«ក្នុងទីបរិសុទ្ធដ៏រុងរឿងរបស់ព្រះ» (សូមមើលវគ្គ៧)
‹ការចូលទៅជិតព្រះ›នាំឲ្យជីវិតមានន័យខ្លឹមសារ ហើយមានសេចក្ដីសង្ឃឹម
៨. តើការចូលទៅជិតព្រះគឺល្អសម្រាប់យើងតាមរបៀបផ្សេងទៀតអ្វី?
៨ ការចូលទៅជិតព្រះគឺល្អសម្រាប់យើងតាមរបៀបដ៏សំខាន់ពីរផ្សេងទៀត។ ទី១ យើងអាចមានជីវិតល្អ បើយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ ទី២ យើងអាចមានសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតដែលនឹងក្លាយជាការពិតជាមិនខាន។ (យេ. ២៩:១១) សូមឲ្យយើងពិចារណាអំពីប្រយោជន៍ទាំងនេះឲ្យបានដិតដល់។
៩. តើតាមរបៀបណាការចូលទៅជិតព្រះយេហូវ៉ានាំឲ្យជីវិតយើងមានន័យខ្លឹមសារ?
៩ ការចូលទៅជិតព្រះយេហូវ៉ាធ្វើឲ្យជីវិតរបស់យើងមានន័យខ្លឹមសារ។ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនដែលបដិសេធថាមិនមានព្រះ គិតថាជីវិតគ្មានន័យ ហើយថានៅទីបំផុតមនុស្សជាតិនឹងវិនាសសាបសូន្យទៅ។ ប៉ុន្តែ ដោយសារយើងសិក្សាបណ្ដាំរបស់ព្រះ យើងជឿជាក់ថាមានព្រះ ហើយជឿថា«លោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ (ហេ. ១១:៦) សូម្បីតែនៅសព្វថ្ងៃនេះ ក៏យើងមានជីវិតសប្បាយដែរ ដោយសារយើងធ្វើអ្វីដែលព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យធ្វើ គឺបម្រើលោកជាបិតារបស់យើងដែលនៅស្ថានសួគ៌។—បច. ១០:១២, ១៣
១០. តើចម្រៀងសរសើរព្រះ ៣៧:២៩បង្ហាញយ៉ាងណាអំពីអនាគតរបស់ពួកអ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា?
១០ មនុស្សជាច្រើនមិនមានសេចក្ដីសង្ឃឹមពិតប្រាកដសម្រាប់ថ្ងៃអនាគតទេ។ ពួកគេគ្រាន់តែធ្វើការ រៀបការ មានកូន ហើយសន្សំលុយសម្រាប់ពេលដែលមានវ័យចាស់ប៉ុណ្ណោះ។ ពួកគេមិនដឹងអំពីអ្វីដែលព្រះបានសន្យាសម្រាប់ថ្ងៃអនាគតទេ។ ផ្ទុយទៅវិញ អ្នកបម្រើរបស់ព្រះយេហូវ៉ាសង្ឃឹមលើលោក។ (ចសព. ២៥:៣-៥; ១ធី. ៦:១៧) យើងទុកចិត្តព្រះដែលជាមិត្តរបស់យើង ហើយយើងទុកចិត្តលើអ្វីដែលលោកបានសន្យាចំពោះយើង។ នេះរួមបញ្ចូលឱកាសដែលយើងអាចមានដើម្បីគោរពប្រណិប័តន៍លោកជារៀងរហូតនៅក្នុងសួនឧទ្យាន។—សូមអាន ចម្រៀងសរសើរព្រះ ៣៧:២៩
១១. តើតាមរបៀបណាការចូលទៅជិតព្រះមានឥទ្ធិពលមកលើយើង ហើយតើការចូលទៅជិតព្រះមានឥទ្ធិពលយ៉ាងណាទៅលើលោក?
១១ មានរបៀបជាច្រើនទៀតដែលការចូលទៅជិតព្រះគឺល្អសម្រាប់យើង។ ជាឧទាហរណ៍ ព្រះយេហូវ៉ាសន្យាថាលោកនឹងអភ័យទោសការខុសឆ្គងរបស់យើង ពេលដែលយើងប្រែចិត្ត។ (អេ. ១:១៨) ជាលទ្ធផល យើងមិនចាំបាច់រងការឈឺចាប់ដែលមកពីសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស ដោយសារកំហុសដែលយើងបានធ្វើនៅអតីតកាលនោះទេ។ (ចសព. ៣២:១-៥) ម្យ៉ាងទៀត យើងសប្បាយចិត្តពេលដែលយើងធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយ។ (សុភ. ២៣:១៥) អ្នកក៏ទំនងជាអាចនឹកឃើញអំពីពរផ្សេងទៀតដែលមកពីការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះដែរ។ ប៉ុន្តែ តើតាមរបៀបណាអ្នកអាចបន្តចូលកាន់តែជិតស្និទ្ធនឹងព្រះ?
របៀបបន្ត«ចូលទៅជិតព្រះ»
១២. តើអ្នកបានធ្វើអ្វីខ្លះដើម្បីចូលទៅជិតព្រះ?
១២ បើអ្នកបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ារួចហើយ នោះអ្នកបានចូលទៅជិតព្រះយេហូវ៉ាមួយកម្រិតធំហើយ។ អ្នកបានរៀនសេចក្ដីបង្រៀនជាច្រើនអំពីព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត បានប្រែចិត្តពីការខុសឆ្គងនៅអតីតកាល បង្ហាញជំនឿយ៉ាងមាំមួនទៅលើព្រះ និងព្យាយាមប្រព្រឹត្តស្របតាមបំណងប្រាថ្នារបស់លោក។ ប៉ុន្តែ ដើម្បីចូលកាន់តែជិតព្រះ យើងត្រូវបន្ដធ្វើអ្វីទាំងនេះ។—កូឡ. ២:៦
១៣. តើចំណុចបីយ៉ាងអ្វីអាចជួយយើងឲ្យបន្តចូលទៅជិតព្រះយេហូវ៉ា?
១៣ តើអ្វីនឹងជួយយើងឲ្យបន្តចូលកាន់តែជិតព្រះយេហូវ៉ា? (១) យើងត្រូវបន្តអាននិងសិក្សាគម្ពីរ។ កាលដែលយើងធ្វើដូច្នោះ យើងមិនគ្រាន់តែគួរមានគោលដៅរៀនសេចក្ដីបង្រៀនបឋមៗអំពីព្រះប៉ុណ្ណោះទេ តែយើងគួរព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះសម្រាប់យើង ហើយឲ្យគោលការណ៍ដែលលោកបានកត់ទុកក្នុងបណ្ដាំរបស់លោកណែនាំយើង។ (អេភ. ៥:១៥-១៧) (២) យើងត្រូវពង្រឹងជំនឿដោយរំពឹងគិតអំពីភ័ស្តុតាងជាច្រើនដែលបង្ហាញថាលោកស្រឡាញ់យើង។ (៣) យើងត្រូវបន្ដស្អប់អ្វីដែលធ្វើឲ្យព្រះយេហូវ៉ាទើសចិត្ត ហើយជៀសវាងពីការធ្វើជាមិត្តជាមួយនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់។—ចសព. ១:១; ១០១:៣
១៤. ស្របទៅតាមអ្វីដែលបានចែងនៅកូរិនថូសទី១ ១០:៣១ តើយើងអាចធ្វើអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត? (សូមមើលរូបភាពផងដែរ)
១៤ សូមអាន កូរិនថូសទី១ ១០:៣១។ គឺសំខាន់ចាំបាច់ដែលយើងធ្វើអ្វីៗដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ នេះមិនគ្រាន់តែជាអ្វីដែលយើងធ្វើពេលផ្សព្វផ្សាយ និងនៅកិច្ចប្រជុំប៉ុណ្ណោះទេ។ ការប្រព្រឹត្តល្អដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្តរួមបញ្ចូលអ្វីដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ។ ជាឧទាហរណ៍ ពេលយើងប្រព្រឹត្តដោយទៀងត្រង់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយចែករំលែកអ្វីដែលយើងមានដល់អ្នកឯទៀត នោះយើងធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត។ (២កូ. ៨:២១; ៩:៧) លោកក៏ចង់ឲ្យយើងបង្ហាញថា យើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះជីវិតដែលជាអំណោយពីលោកដែរ។ យើងចូលកាន់តែជិតព្រះដែលផ្ដល់ជីវិតឲ្យយើង ដោយរក្សាតុល្យភាពក្នុងការបរិភោគនិងការផឹក ហើយដោយថែរក្សាសុខភាពតាមរបៀបផ្សេងទៀត។ ការខំព្យាយាមរបស់យើងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត មិនថាក្នុងរឿងតូចតាចក្ដី នឹងធ្វើឲ្យលោកកាន់តែស្រឡាញ់យើង។—លូក. ១៦:១០
ការបើកបរដោយសុវត្ថិភាព ការថែរក្សាសុខភាពដោយហាត់ប្រាណនិងបរិភោគអាហារដែលមានជីវជាតិ ហើយការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់ គឺជារបៀបខ្លះដែលយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត (សូមមើលវគ្គ១៤)
១៥. តើព្រះយេហូវ៉ាចង់ឲ្យយើងប្រព្រឹត្តយ៉ាងណាចំពោះអ្នកឯទៀត?
១៥ ព្រះយេហូវ៉ាប្រព្រឹត្តដោយសប្បុរសចំពោះមនុស្សទាំងអស់ ទាំងមនុស្សសុចរិតទាំងមនុស្សមិនសុចរិត។ (ម៉ាថ. ៥:៤៥) លោកក៏ចង់ឲ្យយើងប្រព្រឹត្តដោយសប្បុរសចំពោះអ្នកឯទៀតដែរ។ ជាឧទាហរណ៍ យើង«មិនត្រូវនិយាយអាក្រក់អំពីអ្នកឯទៀត មិនត្រូវធ្វើជាមនុស្សដែលចូលចិត្តឈ្លោះប្រកែក . . . ហើយបង្ហាញចិត្តស្លូតបូតជានិច្ចចំពោះមនុស្សទាំងអស់»។ (ទីត. ៣:២) ដូច្នេះ យើងមិនមើលងាយអ្នកឯទៀតដោយសារតែគេមិនមានជំនឿដូចយើងនោះទេ។ (២ធី. ២:២៣-២៥) យើងចូលកាន់តែជិតព្រះយេហូវ៉ាដោយប្រព្រឹត្តយ៉ាងសប្បុរសចំពោះមនុស្សទាំងអស់។
យើងអាចចូលទៅ«ជិតព្រះ» ទោះជាយើងជំពប់ដួលក្ដី
១៦. កាលដែលពេលវេលាកន្លងទៅ តើអ្នកសរសេរចម្រៀងសរសើរព្រះ ៧៣ ចាប់ផ្ដើមមានអារម្មណ៍យ៉ាងណា?
១៦ ចុះយ៉ាងណា បើយូរៗទៅអ្នកចាប់ផ្ដើមមានអារម្មណ៍ថា អ្នកមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា? សូមចាំអំពីគំរូរបស់អ្នកសរសេរចម្រៀងសរសើរព្រះ ៧៣។ គាត់និយាយថា៖ «ជើងរបស់ខ្ញុំហៀបនឹងចេញពីផ្លូវត្រឹមត្រូវ ជំហានរបស់ខ្ញុំជិតនឹងរអិលទៅ»។ (ចសព. ៧៣:២) គាត់សារភាពថា គាត់«ជូរល្វីង»ក្នុងចិត្តនិង«គ្មានវិចារណញ្ញាណ» «ដូចជាសត្វតិរច្ឆាន»នៅចំពោះមុខព្រះយេហូវ៉ា។ (ចសព. ៧៣:២១, ២២) តើគាត់មានអារម្មណ៍ថា ដោយសារកំហុសរបស់គាត់ ព្រះយេហូវ៉ាលែងស្រឡាញ់គាត់ ហើយនឹងមិនអភ័យទោសឲ្យគាត់ឬ?
១៧. (ក) ទោះជាអ្នកតែងចម្រៀងសរសើរព្រះធ្លាក់ទឹកចិត្តយ៉ាងខ្លាំងក្ដី តើគាត់បានធ្វើអ្វី? (ខ) តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់គាត់? (សូមមើលរូបភាពផងដែរ)
១៧ បើសិនជាអ្នកតែងចម្រៀងសរសើរព្រះមានអារម្មណ៍ថាព្រះយេហូវ៉ាបោះបង់ចោលគាត់ គាត់ច្បាស់ជាមានអារម្មណ៍នោះតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុអ្វី? ពីព្រោះតាមមើលទៅ ពេលគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង គាត់ទទួលស្គាល់ថាគាត់ត្រូវចូលកាន់តែជិតព្រះ ដូចដែលគាត់បានសរសេរថា៖ «តែឥឡូវនេះ ខ្ញុំនៅជាមួយនឹង[ព្រះយេហូវ៉ា]ជានិច្ច។ លោកកាន់ដៃស្ដាំរបស់ខ្ញុំជាប់។ លោកផ្ដល់ឱវាទដើម្បីណែនាំខ្ញុំ។ រួចមក លោកនឹងធ្វើឲ្យខ្ញុំមានកិត្តិយស»។ (ចសព. ៧៣:២៣, ២៤) ស្រដៀងគ្នាដែរ យើងគួរសុំព្រះយេហូវ៉ាឲ្យពង្រឹងកម្លាំងយើង ពេលយើងមានអារម្មណ៍ថាជំនឿរបស់យើងចុះខ្សោយ ឬពេលយើងធ្លាក់ទឹកចិត្តដោយសារកំហុសរបស់យើង។ (ចសព. ៧៣:២៦; ៩៤:១៨) ទោះបីជាយើងធ្វើខុសធ្ងន់ធ្ងរក្ដី យើងអាចត្រឡប់មកព្រះយេហូវ៉ាវិញ ហើយយើងអាចប្រាកដថា លោក«បម្រុងតែនឹងអភ័យទោស»។ (ចសព. ៨៦:៥) ជាពិសេស ពេលយើងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង យើងគួរចូលកាន់តែជិតព្រះរបស់យើង។—ចសព. ១០៣:១៣, ១៤
ពេលយើងមានអារម្មណ៍ថាជំនឿរបស់យើងចុះខ្សោយ យើងគួរចូលកាន់តែជិតព្រះយេហូវ៉ាដោយចំណាយពេលច្រើនជាងក្នុងការអធិដ្ឋាន ហើយចូលរួមកិច្ចប្រជុំជាទៀងទាត់ (សូមមើលវគ្គ១៧)
‹ការចូលទៅជិតព្រះ›ជារៀងរហូត
១៨. ហេតុអ្វីយើងអាចបន្តចូលកាន់តែជិតព្រះយេហូវ៉ាជារៀងរហូត?
១៨ យើងអាចបន្តចូលកាន់តែជិតព្រះយេហូវ៉ាជារៀងរហូត។ យើងនឹងមិនឈប់រៀនអំពីលោកទេ។ គម្ពីរចែងថា ផ្លូវរបស់ព្រះយេហូវ៉ា ប្រាជ្ញា និងចំណេះរបស់លោក គឺ«គ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ»។—រ៉ូម ១១:៣៣
១៩. តើចម្រៀងសរសើរព្រះផ្ដល់ទំនុកចិត្តយ៉ាងណាដល់យើងអំពីថ្ងៃអនាគត?
១៩ ចម្រៀងសរសើរព្រះ ៧៩:១៣ចែងថា៖ «យើងជារាស្ត្រនិងជាហ្វូងចៀមក្នុងវាលស្មៅរបស់លោក នឹងថ្លែងអំណរគុណដល់លោករហូតតទៅ ហើយយើងនឹងសរសើរតម្កើងលោកពីជំនាន់មួយទៅជំនាន់មួយ»។ កាលដែលអ្នកបន្តចូលទៅជិតព្រះ អ្នកក៏អាចជឿជាក់ថាអ្នកនឹងទទួលពរជារៀងរហូត ហើយនិយាយទាំងមានទំនុកចិត្តចិត្តថា៖ «ព្រះជាថ្មដាដែលការពារចិត្តខ្ញុំ និងជាចំណែករបស់ខ្ញុំជារៀងរហូត»។—ចសព. ៧៣:២៦
ចម្រៀងលេខ៣២ ចូរមកខាងព្រះយេហូវ៉ា!
a បុគ្គលខ្លះដែលបន្តខ្វល់ខ្វាយឬពិបាកចិត្តអស់រយៈពេលយូរ ប្រហែលជាត្រូវការជំនួយពីគ្រូពេទ្យ។ ដើម្បីបានព័ត៌មានបន្ថែម សូមមើលទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០២៣។