អត្ថបទសិក្សា ១៧
ចម្រៀងលេខ៩៩ បងប្អូនដ៏ច្រើនអនេករបស់យើង
យើងមិននៅតែឯងទេ
«ខ្ញុំនឹងជួយអ្នក»។—អេ. ៤១:១០
ចំណុចផ្ដោត
របៀបបួនយ៉ាងដែលព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង។
១-២. (ក) ហេតុអ្វីយើងអាចនិយាយថាយើងមិនឆ្លងកាត់ទុក្ខលំបាកតែម្នាក់ឯង? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
ពេលយើងមានទុក្ខលំបាកដ៏ធំក្នុងជីវិត យើងប្រហែលជាមានអារម្មណ៍ថា គឺហាក់ដូចជាយើងនៅតែឯងលើទូកដ៏តូចមួយនាកណ្ដាលសមុទ្រពេលមានព្យុះ។ ប៉ុន្តែ យើងមិនប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯងទេ។ បិតានៅស្ថានសួគ៌ដែលស្រឡាញ់យើង មិនគ្រាន់តែឃើញទុក្ខលំបាករបស់យើងប៉ុណ្ណោះទេ តែលោកក៏សន្យាថានឹងជួយយើងដែរ។ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តអ្នកបម្រើដ៏ស្មោះភក្ដីរបស់លោកថា៖ «ខ្ញុំនឹងជួយអ្នក»។—អេ. ៤១:១០
២ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាជួយយើង (១) ដោយណែនាំយើង (២) ដោយផ្គត់ផ្គង់យើង (៣) ដោយការពារយើង និង(៤) ដោយសម្រាលទុក្ខយើង។ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តយើងថា មិនថាយើងជួបការពិបាកណាក៏ដោយក្នុងជីវិតរបស់យើង លោកនឹងមិនភ្លេចយើងទេ។ លោកនឹងមិនបោះបង់ចោលយើងឡើយ។ ដូច្នេះ យើងមិននៅតែម្នាក់ឯងទេ។
ព្រះយេហូវ៉ាណែនាំយើង
៣-៤. តើព្រះយេហូវ៉ាណែនាំយើងយ៉ាងដូចម្ដេច? (ចម្រៀងសរសើរព្រះ ៤៨:១៤)
៣ សូមអាន ចម្រៀងសរសើរព្រះ ៤៨:១៤។ ព្រះយេហូវ៉ាដឹងថាយើងមិនអាចដឹកនាំខ្លួនទេ ហើយថាយើងត្រូវការលោកដើម្បីណែនាំយើង។ តើលោកដឹកនាំអ្នកគោរពប្រណិប័តន៍ដ៏ស្មោះភក្ដីរបស់លោកយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ? របៀបមួយគឺតាមរយៈគម្ពីរ។ (ចសព. ១១៩:១០៥) តាមរយៈគម្ពីរ ព្រះយេហូវ៉ាជួយយើងឲ្យធ្វើការសម្រេចចិត្តនិងបណ្ដុះគុណសម្បត្តិដែលនាំឲ្យយើងសប្បាយជាងនៅឥឡូវ និងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។a ជាឧទាហរណ៍ លោកបង្រៀនយើងឲ្យបោះបង់ចោលគំនុំ ឲ្យទៀងត្រង់ក្នុងគ្រប់ការទាំងអស់ និងស្រឡាញ់អ្នកឯទៀតឲ្យខ្លាំងដោយស្មោះពីចិត្ត។ (ចសព. ៣៧:៨; ហេ. ១៣:១៨; ១ពេ. ១:២២) ពេលយើងបង្ហាញគុណសម្បត្តិទាំងនេះ យើងទៅជាឪពុកម្ដាយ គូអាពាហ៍ពិពាហ៍ និងមិត្តភក្ដិល្អជាង។
៤ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាប្រាប់យើងអំពីបទពិសោធន៍របស់បុគ្គលដែលមានទុក្ខលំបាកនិងអារម្មណ៍ស្រដៀងនឹងយើង។ (១កូ. ១០:១៣; យ៉ា. ៥:១៧) ពេលយើងអានអំពីជីវិតរបស់បុគ្គលទាំងនេះ ហើយធ្វើតាមអ្វីដែលយើងរៀន យើងទទួលប្រយោជន៍យ៉ាងហោចណាស់តាមរបៀបពីរយ៉ាង។ ទី១ យើងយល់ថាមិនមានតែយើងប៉ុណ្ណោះទេដែលមានបញ្ហាក្នុងជីវិត អ្នកឯទៀតក៏មានការពិបាកស្រដៀងនឹងយើង ហើយពួកគេអាចស៊ូទ្រាំបានដោយមានជំនួយពីព្រះយេហូវ៉ា។ (១ពេ. ៥:៩) ទី២ យើងរៀនអំពីរបៀបស៊ូទ្រាំនឹងទុក្ខលំបាកដោយរក្សាអំណរ។—រ៉ូម ១៥:៤
៥. តើព្រះយេហូវ៉ាប្រើអ្នកណាខ្លះដើម្បីណែនាំយើង?
៥ ព្រះយេហូវ៉ាក៏បានរៀបចំឲ្យមានបងប្អូនរួមជំនឿដើម្បីណែនាំយើងដែរ។b ជាឧទាហរណ៍ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលទៅទស្សនកិច្ចនៅក្រុមជំនុំជាទៀងទាត់ដើម្បីលើកទឹកចិត្តយើង។ សុន្ទរកថារបស់ពួកគេពង្រឹងជំនឿរបស់យើង និងជួយយើងឲ្យរក្សាសាមគ្គីភាព។ (សកម្ម. ១៥:៤០–១៦:៥) អ្នកចាស់ទុំក្នុងក្រុមជំនុំក៏យកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកផ្សាយម្នាក់ៗដែរ។ (១ពេ. ៥:២, ៣) ឪពុកម្ដាយបង្រៀនកូនៗរបស់ពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ា ហើយបង្រៀនអំពីរបៀបធ្វើការសម្រេចចិត្តដោយឈ្លាសវៃនិងមានទម្លាប់ល្អ។ (សុភ. ២២:៦) ម្យ៉ាងទៀត ស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំជួយប្អូនស្រីវ័យក្មេងដោយទុកគំរូល្អ ផ្ដល់ឱវាទ និងផ្ដល់ការលើកទឹកចិត្តដល់ពួកគេ។—ទីត. ២:៣-៥
៦. តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីការណែនាំរបស់ព្រះយេហូវ៉ា?
៦ ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តល្អ និងមានជីវិតសប្បាយ។ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងឲ្យតម្លៃចំពោះអ្វីដែលលោកបានធ្វើសម្រាប់យើង? សុភាសិត ៣:៥, ៦ចែងថា៖ «ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ»។ ពេលយើងធ្វើដូច្នោះ «លោកនឹងធ្វើឲ្យផ្លូវជីវិតរបស់[យើង]បានរលូន» ពោលគឺលោកនឹងជួយយើងឲ្យជៀសវាងពីបញ្ហាជាច្រើន និងមានជីវិតសប្បាយជាង។ យើងពិតជាមានចិត្តកតញ្ញូយ៉ាងខ្លាំងដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងម្នាក់ៗនូវយោបល់ដែលប្រកបដោយសេចក្ដីស្រឡាញ់!—ចសព. ៣២:៨
ព្រះយេហូវ៉ាផ្គត់ផ្គង់យើង
៧. តើព្រះយេហូវ៉ាផ្គត់ផ្គង់យើងតាមរបៀបណាខ្លះ? (ភីលីព ៤:១៩)
៧ សូមអាន ភីលីព ៤:១៩។ ព្រះយេហូវ៉ាមិនត្រឹមតែណែនាំយើងខាងការគោរពប្រណិប័តន៍ប៉ុណ្ណោះទេ តែលោកក៏ជួយយើងពេលយើងខំប្រឹងធ្វើការដើម្បីមានអាហារនិងសម្លៀកបំពាក់ដែលយើងត្រូវការ ហើយមានកន្លែងស្នាក់នៅដែរ។ (ម៉ាថ. ៦:៣៣; ២ថែ. ៣:១២) ទោះជាតាមធម្មតា យើងគិតអំពីសេចក្ដីត្រូវការប្រចាំថ្ងៃរបស់យើងក្ដី ព្រះយេហូវ៉ាលើកទឹកចិត្តយើងមិនឲ្យខ្វល់ខ្វាយច្រើនពេកអំពីរឿងទាំងនោះ។ (ម៉ាថ. ៦:២៥)c ហេតុអ្វី? ពីព្រោះបិតារបស់យើងនឹងមិនបោះបង់ចោលអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកឡើយ។ (ម៉ាថ. ៦:៨; ហេ. ១៣:៥) យើងអាចទុកចិត្តលោកទាំងស្រុងពេលលោកមានប្រសាសន៍ថា លោកនឹងផ្គត់ផ្គង់យើង។
៨. តើព្រះយេហូវ៉ាបានធ្វើអ្វីសម្រាប់ដាវីឌ?
៨ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយដាវីឌ។ ក្នុងអំឡុងប៉ុន្មានឆ្នាំដ៏ពិបាកដែលដាវីឌរត់គេចខ្លួនពីស្ដេចសុល ព្រះយេហូវ៉ាបានផ្គត់ផ្គង់សេចក្ដីត្រូវការរបស់គាត់និងពួកបុរសរបស់គាត់។ ពេលដាវីឌគិតអំពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាក្នុងអំឡុងពេលនោះ គាត់សរសេរថា៖ «តាំងពីក្មេងរហូតដល់ចាស់ ខ្ញុំមិនធ្លាប់ឃើញមនុស្សសុចរិតណាម្នាក់ត្រូវព្រះបោះបង់ចោលឡើយ ហើយក៏មិនធ្លាប់ឃើញកូនចៅរបស់គាត់សុំទានអាហារគេដែរ»។ (ចសព. ៣៧:២៥) ដូចដាវីឌដែរ ក្នុងជីវិតរបស់អ្នក អ្នកក៏ទំនងជាបានឃើញរបៀបដែលព្រះយេហូវ៉ាផ្គត់ផ្គង់អ្នកនិងអ្នកបម្រើឯទៀតរបស់លោកដែលមានចិត្តស្មោះភក្ដី។
៩. នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាផ្គត់ផ្គង់រាស្ត្ររបស់លោកក្នុងអំឡុងពេលមានគ្រោះមហន្តរាយយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៩ ព្រះយេហូវ៉ាក៏ផ្គត់ផ្គង់រាស្ត្ររបស់លោកក្នុងអំឡុងគ្រាដែលមានគ្រោះមហន្តរាយដែរ។ ជាឧទាហរណ៍ ពេលមានការអត់ឃ្លាននៅសតវត្សរ៍ទី១ គ្រិស្តសាសនិកពីស្រុកផ្សេងៗបានផ្ញើជំនួយដល់បងប្អូនរួមជំនឿដែលត្រូវការជំនួយ។ (សកម្ម. ១១:២៧-៣០; រ៉ូម ១៥:២៥, ២៦) រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ ក៏បង្ហាញចិត្តទូលាយដូចនោះដែរ។ ពេលដែលមានគ្រោះមហន្តរាយ ព្រះយេហូវ៉ាជំរុញរាស្ត្ររបស់លោកឲ្យផ្ដល់អ្វីដែលចាំបាច់ដូចជាអាហារ ទឹក សម្លៀកបំពាក់ និងថ្នាំដល់ពួកអ្នកដែលរស់នៅតំបន់ដែលមានគ្រោះមហន្តរាយនោះ។ ក្រុមអ្នកសាងសង់ជួសជុលផ្ទះនិងសាលប្រជុំដែលបានខូចខាត។ បន្ថែមទៅទៀត អ្នកបម្រើរបស់ព្រះយេហូវ៉ាចាត់វិធានការភ្លាមៗដើម្បីផ្ដល់ការសម្រាលទុក្ខ និងការលើកទឹកចិត្តពីគម្ពីរដល់ពួកអ្នកដែលបាត់បង់ផ្ទះសម្បែង ឬបាត់បង់មនុស្សជាទីស្រឡាញ់។d
តើព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងក្នុងអំឡុងពេលមានមហន្តរាយយ៉ាងដូចម្ដេច? (សូមមើលវគ្គ៩)f
១០-១១. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បូរីស?
១០ ព្រះយេហូវ៉ាក៏បង្ហាញចិត្តទូលាយដល់ពួកអ្នកដែលមិនទាន់បម្រើលោកដែរ។ ស្រដៀងគ្នាដែរ យើងស្វែងរកឱកាសដើម្បីបង្ហាញចិត្តសប្បុរសដល់ពួកអ្នកដែលមិនមានជំនឿដូចយើង។ (កាឡ. ៦:១០) ពេលយើងធ្វើដូច្នេះ យើងប្រហែលជាអាចជួយពួកគេឲ្យរៀនថែមទៀតអំពីពួកយើងនិងអំពីព្រះយេហូវ៉ា។ សូមគិតអំពីបទពិសោធន៍របស់នាយកសាលាម្នាក់ឈ្មោះបូរីស ដែលរស់នៅប្រទេសអ៊ុយក្រែន។ ទោះបីជាបូរីសមិនមែនជាសាក្សីព្រះយេហូវ៉ាក៏ដោយ គាត់តែងតែប្រព្រឹត្តយ៉ាងសប្បុរសចំពោះសិស្សដែលជាសាក្សីនិងគោរពជំនឿរបស់ពួកគេ។ ដោយសារសង្គ្រាម បូរីសសម្រេចចិត្តរត់ភៀសខ្លួនពីភូមិដែលគាត់រស់នៅទៅកន្លែងមួយទៀតដែលមានសុវត្ថិភាពជាង ហើយបងប្អូនរបស់យើងបានជួយគាត់។ ក្រោយមក បូរីសបានចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត។ ពេលបូរីសគិតអំពីបទពិសោធន៍របស់គាត់ គាត់និយាយថា៖ «សាក្សីបានបង្ហាញចិត្តសប្បុរសយ៉ាងខ្លាំងចំពោះខ្ញុំ ហើយយកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំអរគុណសាក្សីព្រះយេហូវ៉ាណាស់»។
១១ យើងក៏អាចយកតម្រាប់បិតានៅស្ថានសួគ៌របស់យើងដែលមានសេចក្ដីមេត្តាករុណាដែរ ដោយបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកអ្នកដែលមានសេចក្ដីត្រូវការ មិនថាពួកគេមានជំនឿដូចយើងឬមិនមានក្ដី។ (លូក. ៦:៣១, ៣៦) យើងសង្ឃឹមថាសេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សនឹងជំរុញចិត្តពួកគេឲ្យទៅជាអ្នកកាន់តាមគ្រិស្ត។ (១ពេ. ២:១២) ប៉ុន្តែ ទោះជាមានលទ្ធផលយ៉ាងណាក្ដី យើងនឹងមានសុភមង្គលច្រើនជាងដែលមកពីការឲ្យគេ។—សកម្ម. ២០:៣៥
ព្រះយេហូវ៉ាការពារយើង
១២. តើព្រះយេហូវ៉ាសន្យាថានឹងផ្ដល់ការការពារយ៉ាងណាដល់រាស្ត្ររបស់លោកជាក្រុម? (ចម្រៀងសរសើរព្រះ ៩១:១, ២, ១៤)
១២ សូមអាន ចម្រៀងសរសើរព្រះ ៩១:១, ២, ១៤។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាសន្យាថា លោកនឹងការពាររាស្ត្ររបស់លោកពីអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងលោក។ លោកនឹងមិនអនុញ្ញាតឲ្យសាថានបង្ខូចការគោរពប្រណិប័តន៍ពិតទេ។ (យ៉ូន. ១៧:១៥) ម្យ៉ាងទៀត ក្នុងអំឡុង«គ្រាទុក្ខវេទនាជាខ្លាំង»យើងអាចជឿជាក់ទាំងស្រុងថា ព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោកដើម្បីជួយយើងឲ្យរក្សាជំនឿរឹងមាំនិងសង្គ្រោះយើង។—បប. ៧:៩, ១៤
១៣. តើព្រះយេហូវ៉ាការពារយើងម្នាក់ៗយ៉ាងដូចម្ដេច?
១៣ តើព្រះយេហូវ៉ាផ្ដល់ការការពារអ្វីដល់យើងម្នាក់ៗ? តាមរយៈគម្ពីរ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវសមត្ថភាពវែកញែកដើម្បីដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ហេ. ៥:១៤) ពេលយើងធ្វើតាមអ្វីដែលយើងរៀនពីគម្ពីរ យើងការពារចំណងមិត្តភាពរបស់យើងជាមួយនឹងលោក ហើយយើងក៏ធ្វើការសម្រេចចិត្តល្អដែលជួយយើងឲ្យមានជីវិតសប្បាយជាងនិងមានសុខភាពល្អជាង។ (ចសព. ៩១:៤) បន្ថែមទៅទៀត ព្រះយេហូវ៉ាផ្ដល់ការការពារតាមរយៈក្រុមជំនុំ។ (អេ. ៣២:១, ២) បងប្អូននៅក្នុងក្រុមជំនុំស្រឡាញ់ព្រះយេហូវ៉ា ហើយស្ដាប់បង្គាប់លោក។ ការចំណាយពេលជាមួយនឹងពួកគេនៅកិច្ចប្រជុំ ក្នុងកិច្ចបម្រើផ្សាយ និងពេលធ្វើការកម្សាន្ត នាំឲ្យយើងទទួលការលើកទឹកចិត្ត ហើយជួយយើងឲ្យជៀសវាងពីអ្វីដែលអាក្រក់។—សុភ. ១៣:២០
១៤. (ក) ហេតុអ្វីព្រះមិនតែងតែការពារយើងពីទុក្ខលំបាក? (ខ) តើចម្រៀងសរសើរព្រះ ៩:១០ពង្រឹងទំនុកចិត្តយើងយ៉ាងណា? (សូមមើលកំណត់សម្គាល់ផងដែរ)
១៤ នៅអតីតកាល ជួនកាលព្រះយេហូវ៉ាបានការពាររាស្ត្ររបស់លោកពីអ្វីដែលធ្វើឲ្យពួកគេឈឺចាប់ឬស្លាប់ ប៉ុន្តែលោកមិនតែងតែបានធ្វើដូច្នេះទេ។ គម្ពីរបង្រៀនថា «ហេតុការណ៍ដែលមិនបានរំពឹងទុក»អាចកើតឡើង។ (អទ. ៩:១១) ព្រះយេហូវ៉ាក៏ធ្លាប់អនុញ្ញាតឲ្យអ្នកបម្រើរបស់លោកខ្លះជួបការបៀតបៀន ហើយថែមទាំងស្លាប់ដើម្បីបង្ហាញថាសាថានជាអ្នកភូតភរ។ (យ៉ូប ២:៤-៦; ម៉ាថ. ២៣:៣៤) នៅសព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ។ ទោះជាព្រះយេហូវ៉ាប្រហែលជាមិនដកទុក្ខលំបាករបស់យើងចេញក្ដី យើងអាចប្រាកដថាលោកនឹងមិនបោះបង់ចោលពួកអ្នកដែលស្រឡាញ់លោកទេ។e—ចសព. ៩:១០
ព្រះយេហូវ៉ាសម្រាលទុក្ខយើង
១៥. តើតាមរបៀបណាយើងទទួលការសម្រាលទុក្ខតាមរយៈការអធិដ្ឋាន បណ្ដាំរបស់ព្រះ និងបងប្អូនរួមជំនឿ? (កូរិនថូសទី២ ១:៣, ៤)
១៥ សូមអាន កូរិនថូសទី២ ១:៣, ៤។ ជួនកាល យើងកើតទុក្ខ ខ្វល់ចិត្ត ឬពិបាកចិត្ត។ អ្នកប្រហែលជាកំពុងឆ្លងកាត់ស្ថានភាពដែលធ្វើឲ្យអ្នកពិបាកចិត្ត ហើយមានអារម្មណ៍ថានៅតែឯង។ បើដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា តើមានអ្នកណាយល់អំពីអារម្មណ៍របស់អ្នកឬទេ? គឺមាន នោះគឺព្រះយេហូវ៉ា។ លោកមិនគ្រាន់តែយល់អំពីការឈឺចាប់របស់យើងប៉ុណ្ណោះទេ តែលោកក៏«សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»ដែរ។ តើតាមរបៀបណា? ពេលយើងអធិដ្ឋានអង្វរសុំព្រះយេហូវ៉ា លោកផ្ដល់ឲ្យយើងនូវ«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។ (ភី. ៤:៦, ៧) យើងក៏ទទួលការសម្រាលទុក្ខ ពេលយើងអានប្រសាសន៍របស់ព្រះយេហូវ៉ាមកកាន់យើងដែលមាននៅក្នុងគម្ពីរ។ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាប្រាប់យើងថាលោកស្រឡាញ់យើងយ៉ាងខ្លាំង បង្រៀនយើងអំពីរបៀបមានប្រាជ្ញា ហើយផ្ដល់សេចក្ដីសង្ឃឹមដល់យើង។ យើងក៏ទទួលការសម្រាលទុក្ខនៅកិច្ចប្រជុំរបស់យើង ជាកន្លែងដែលយើងរៀនអ្វីៗដែលគួរឲ្យលើកទឹកចិត្តពីគម្ពីរ ហើយជាកន្លែងដែលយើងនៅជាមួយបងប្អូនដែលស្រឡាញ់យើង។
១៦. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងណេថិននិងបងព្រីស៊ីឡា?
១៦ យើងអាចឃើញរបៀបដែលព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តពីគម្ពីរ តាមរយៈបទពិសោធន៍របស់បងប្រុសណេថិន និងបងស្រីព្រីស៊ីឡាដែលរស់នៅសហរដ្ឋអាម៉េរិក។ ប៉ុន្មានឆ្នាំមុន ពួកគាត់សម្រេចចិត្តរើទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ បងណេថិននិយាយថា៖ «យើងទុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរលើការខំប្រឹងរបស់យើង»។ ប៉ុន្តែ ក្រោយពីបានទៅដល់កន្លែងថ្មី ពួកគាត់បានប្រឈមមុខនឹងបញ្ហាសុខភាពនិងបញ្ហាលុយកាក់ដែលពួកគាត់មិនបានរំពឹងទុក។ នៅទីបំផុត ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ុន្តែ ពួកគាត់នៅតែមានបញ្ហាលុយកាក់។ បងណេថិននឹកចាំថា៖ «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាព្រះមិនបានឲ្យពរយើងដូចដែលយើងបានរំពឹង? ខ្ញុំថែមទាំងចាប់ផ្ដើមឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុសឬ?»។ ប៉ុន្តែក្រោយមក បងណេថិននិងបងព្រីស៊ីឡាយល់ថា ព្រះមិនបានបោះបង់ចោលពួកគាត់ពេលដែលពួកគាត់ត្រូវការជំនួយទេ។ បងណេថិនរៀបរាប់ថា៖ «នៅអំឡុងគ្រាដ៏ពិបាកនោះ គម្ពីរប្រៀបដូចជាមិត្តភក្ដិដ៏មានប្រាជ្ញាដែលផ្ដល់ការលើកទឹកចិត្តនិងការណែនាំដល់យើង។ ការផ្ដោតទៅលើរបៀបដែលព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំជាជាងផ្ដោតទៅលើទុក្ខលំបាក បានជួយយើងត្រៀមខ្លួនឲ្យរក្សាជំនឿពេលប្រឈមមុខនឹងការពិបាកនៅថ្ងៃខាងមុខ»។
១៧. តើបងស្រីម្នាក់ឈ្មោះហេលហ្គាបានទទួលការសម្រាលទុក្ខតាមរបៀបណា? (សូមមើលរូបភាពផងដែរ)
១៧ បន្ថែមទៅទៀត បងប្អូនរបស់យើងអាចផ្ដល់ការសម្រាលទុក្ខដល់យើង។ តើតាមរបៀបណា? សូមគិតអំពីបទពិសោធន៍របស់បងស្រីហេលហ្គាដែលរស់នៅប្រទេសហុងគ្រី។ អស់ជាច្រើនឆ្នាំ គាត់ជួបការពិបាកផ្សេងៗដែលនាំឲ្យគាត់ខ្វល់ខ្វាយនិងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ប៉ុន្តែ ពេលគិតអំពីគ្រានោះ គាត់យល់ថាព្រះយេហូវ៉ាសម្រាលទុក្ខគាត់តាមរយៈបងប្អូនក្នុងក្រុមជំនុំ។ គាត់សរសេរថា៖ «ព្រះយេហូវ៉ាតែងតែជួយខ្ញុំពេលលោកឃើញថាកម្លាំងរបស់ខ្ញុំចុះខ្សោយ ដោយសារការងារ ការមើលថែកូនដែលឈឺ និងទុក្ខលំបាកផ្សេងទៀតរបស់ខ្ញុំ។ ក្នុងអំឡុង៣០ឆ្នាំកន្លងទៅនេះ គ្មានថ្ងៃដែលព្រះយេហូវ៉ាមិនបានសម្រាលទុក្ខខ្ញុំដូចដែលលោកបានសន្យានោះទេ។ លោកច្រើនតែពង្រឹងកម្លាំងខ្ញុំតាមរយៈពាក្យដ៏លើកទឹកចិត្តរបស់អ្នកឯទៀត។ ខ្ញុំច្រើនតែទទួលសារ កាត ឬពាក្យសរសើរពេលដែលខ្ញុំត្រូវការបំផុត»។
តើព្រះយេហូវ៉ាប្រហែលជាប្រើអ្នកយ៉ាងដូចម្ដេចឲ្យសម្រាលទុក្ខអ្នកឯទៀត? (សូមមើលវគ្គ១៧)
១៨. តើយើងអាចសម្រាលទុក្ខអ្នកឯទៀតយ៉ាងដូចម្ដេច?
១៨ យើងមានឯកសិទ្ធិយកតម្រាប់តាមព្រះរបស់យើងដោយសម្រាលទុក្ខអ្នកឯទៀត។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? យើងអាចស្ដាប់ពួកគេដោយចិត្តអត់ធ្មត់ និយាយទៅកាន់ពួកគេដោយសប្បុរស និងជួយពួកគេតាមរបៀបផ្សេងៗ។ (សុភ. ៣:២៧) យើងព្យាយាមសម្រាលទុក្ខអស់អ្នកដែលរងទុក្ខ រួមទាំងពួកអ្នកដែលមិនទាន់បម្រើព្រះ។ ពេលអ្នកជិតខាងរបស់យើងកើតទុក្ខ ឈឺ ឬខ្វល់ចិត្ត យើងទៅសួរសុខទុក្ខពួកគេ ស្ដាប់ពួកគេ ហើយបង្ហាញខគម្ពីរដែលលើកទឹកចិត្ត។ ពេលយើងយកតម្រាប់ព្រះយេហូវ៉ាដែលជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង» យើងប្រហែលជាមិនគ្រាន់តែជួយបងប្អូនរួមជំនឿរបស់យើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ប្រហែលជាជួយពួកអ្នកដែលមិនបម្រើព្រះឲ្យចង់រៀនអំពីលោក។—ម៉ាថ. ៥:១៦
ព្រះយេហូវ៉ានឹងតែងតែជួយយើង
១៩. តើព្រះយេហូវ៉ាធ្វើអ្វីសម្រាប់យើង ហើយតើយើងអាចយកតម្រាប់តាមលោកយ៉ាងដូចម្ដេច?
១៩ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកដែលស្រឡាញ់លោក។ លោកមិនបោះបង់ចោលយើងពេលដែលយើងមានការពិបាកទេ។ ដូចឪពុកម្ដាយដែលថែទាំកូនដោយក្ដីស្រឡាញ់ ព្រះយេហូវ៉ាថែទាំអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកដោយក្ដីស្រឡាញ់ដែរ។ លោកណែនាំយើង ផ្គត់ផ្គង់យើង ការពារយើង និងសម្រាលទុក្ខយើង។ យើងយកតម្រាប់បិតារបស់យើងនៅស្ថានសួគ៌ដែលមានសេចក្ដីស្រឡាញ់ ពេលយើងគាំទ្រនិងលើកទឹកចិត្តអ្នកឯទៀតក្នុងអំឡុងពេលដែលពួកគេមានទុក្ខលំបាក។ ក្នុងពិភពលោកនេះ យើងប្រហែលជាមានការពិបាកនិងទុក្ខព្រួយ ប៉ុន្តែយើងអាចប្រាកដថាព្រះយេហូវ៉ានៅជាមួយនឹងយើង។ លោកបានសន្យាថា៖ «កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក»។ (អេ. ៤១:១០) នេះពង្រឹងទំនុកចិត្តយើងខ្លាំងណាស់។ យើងពិតជាមិននៅតែឯងទេ!
ចម្រៀងលេខ១០០ ចូរទទួលអ្នកឯទៀតដោយរាក់ទាក់
a សូមមើលអត្ថបទដែលមានចំណងជើងថា«ចូរធ្វើការសម្រេចចិត្តដែលលើកកិត្តិយសព្រះ» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១១។
b សូមមើលវគ្គ១១-១៤ ក្នុងអត្ថបទដែលមានចំណងជើងថា«ចូរបន្តធ្វើតាមការណែនាំពីព្រះយេហូវ៉ា» ក្នុងទស្សនាវដ្ដីប៉មយាម ខែកុម្ភៈ ឆ្នាំ២០២៤។
c សូមមើលកំណត់សម្គាល់សម្រាប់វគ្គ៧ នៅទំព័រ១៤ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។
d អ្នកអាចរកឃើញបទពិសោធន៍ថ្មីៗនៅក្នុងគេហទំព័រjw.org/km ដោយវាយពាក្យ«ជំនួយ មហន្តរាយ»នៅក្នុងប្រអប់ស្វែងរក។
e សូមមើល«សំណួរពីអ្នកអាន» ក្នុងទស្សនាវដ្ដីប៉មយាម ខែកុម្ភៈ ឆ្នាំ២០១៧។
f ការពណ៌នាអំពីរូបភាព៖ ក្រោយពីមហន្តរាយធម្មជាតិ បងប្អូននៅប្រទេសម៉ាឡាវី ទទួលជំនួយនិងការសម្រាលទុក្ខពីអង្គការព្រះ។