យោបល់សម្រាប់សិក្សា
ចូរត្រៀមចិត្ត
ពេលយើងសិក្សាគម្ពីរ យើងចង់ឲ្យគំនិតរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើចិត្តរបស់យើង។ អែសរ៉ាបានទុកគំរូល្អស្ដីអំពីនេះ ពេលគាត់«ត្រៀមចិត្តដើម្បីរៀនច្បាប់របស់ព្រះយេហូវ៉ា»។ (អែស. ៧:១០) តើយើងអាចត្រៀមចិត្តយ៉ាងដូចម្ដេច?
ចូរអធិដ្ឋាន។ មុនចាប់ផ្ដើមសិក្សា សូមអធិដ្ឋាន។ សូមសុំព្រះយេហូវ៉ាជួយអ្នកឲ្យយល់និងអនុវត្តអ្វីដែលអ្នករៀន។—ចសព. ១១៩:១៨, ៣៤
ចូរបណ្ដុះឲ្យមានចិត្តរាបទាប។ ព្រះលាក់សេចក្ដីពិតពីពួកអ្នកដែលមានអំណួត និងពឹងផ្អែកលើការយល់ដឹងរបស់ខ្លួន។ (លូក. ១០:២១) សូមស្រាវជ្រាវដោយមានបំណងចិត្តត្រឹមត្រូវ មិនមែនដើម្បីឲ្យអ្នកឯទៀតកោតស្ងើចទេ។ ពេលរបៀបគិតគូររបស់អ្នកមិនស្របនឹងរបៀបគិតគូររបស់ព្រះ សូមមានចិត្តរាបទាបនិងធ្វើការផ្លាស់ប្ដូរ។
ចូរស្ដាប់ចម្រៀងរាជាណាចក្រ។ បទភ្លេងអាចមានឥទ្ធិពលលើចិត្តយើង។ ដូច្នេះ បើយើងស្ដាប់បទភ្លេងមុនយើងសិក្សា នោះអាចជួយយើងឲ្យផ្ដោតអារម្មណ៍លើព្រះយេហូវ៉ាដើម្បីឲ្យអ្វីដែលយើងរៀនមានឥទ្ធិពលលើចិត្តយើង។