បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កក្កដា ទំ. ៨-១៣
  • របៀប​ឲ្យ​យោបល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀប​ឲ្យ​យោបល់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​នរណា​ម្នាក់​សុំ​យោបល់​ពី​យើង
  • ការ​ឲ្យ​យោបល់​ទោះ​ជា​គេ​មិន​បាន​សុំ​យោបល់​ពី​យើង​ក្ដី
  • ការ​ឲ្យ​យោបល់​នៅ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ត្រឹម​ត្រូវ
  • ចូរ​បន្ដ​ឲ្យ​និង​ទទួល​យោបល់
  • ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​យោបល់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • តើយោបល់របស់អ្នក«ធ្វើឲ្យចិត្តសប្បាយ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • «[ចូរ]ស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរ​រៀន​ពី​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ស្មោះ​ត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កក្កដា ទំ. ៨-១៣

អត្ថបទសិក្សា ២៩

ចម្រៀង​លេខ​៨៧ ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

របៀប​ឲ្យ​យោបល់

​«​ខ្ញុំ​នឹង​ផ្ដល់​ឱវាទ​ដល់​អ្នក ហើយ​មើល​ថែ​អ្នក​មិន​ឲ្យ​ឃ្លាត​ពី​ភ្នែក​របស់​ខ្ញុំ​ឡើយ​»។—ចសព. ៣២:៨

ចំណុច​ផ្ដោត

របៀប​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព។

១. តើ​អ្នក​ណា​ត្រូវ​ឲ្យ​យោបល់​ដល់​អ្នក​ឯ​ទៀត? សូម​ពន្យល់។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​ឲ្យ​យោបល់​ឬ​ឱវាទ? បុគ្គល​ខ្លះ​ស្រួល​ឲ្យ​យោបល់។ រីឯ​បុគ្គល​ខ្លះ​ទៀត​ស្ទាក់​ស្ទើរ​ឲ្យ​យោបល់ ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ឲ្យ​យោបល់។ មិន​ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ ជួន​កាល​យើង​ទាំង​អស់​គ្នា​ត្រូវ​ឲ្យ​យោបល់។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាន់​តាម​ពិត​របស់​លោក​ត្រូវ​បាន​សម្គាល់​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​យ៉ូន. ១៣:៣៥​) របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ឲ្យ​យោបល់​ដល់​បង​ប្អូន​នៅ​ពេល​ដែល​ចាំ​បាច់។ គម្ពីរ​រៀប​រាប់​ថា យោបល់​ពី​«​មនុស្ស​ដែល​មាន​ប្រាជ្ញា​ជួយ​កែ​តម្រង់​»​ បាន​ត្រូវ​ប្រដូច​ទៅ​នឹង​អំណោយ​ដ៏​ថ្លៃ​វិសេស ដែល​ជា​គ្រឿង​លម្អ​សម្រាប់​អ្នក​ទទួល។—សុភ. ២៥:១២

២. តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​ជូន​ឱវាទ​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​»​)

២ ជា​ពិសេស អ្នក​ចាស់​ទុំ​ត្រូវ​ដឹង​អំពី​របៀប​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព។ តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​បុរស​ទាំង​នេះ​ឲ្យ​ឃ្វាល​ក្រុម​ជំនុំ។ (​១ពេ. ៥:២, ៣​) របៀប​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នោះ គឺ​ដោយ​ផ្ដល់​យោបល់​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ​តាម​រយៈ​សុន្ទរកថា​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម​ជំនុំ។ ពួក​គេ​ក៏​ត្រូវ​ឲ្យ​យោបល់​ដល់​ចៀម​ម្នាក់​ៗ រួម​បញ្ចូល​ពួក​អ្នក​ដែល​បាន​បែរ​ចេញ​ពី​ហ្វូង​ចៀម​របស់​ព្រះ។ តើ​អ្នក​ចាស់​ទុំ​និង​យើង​ទាំង​អស់​គ្នា​អាច​ឲ្យ​យោបល់​ល្អ​យ៉ាង​ដូច​ម្ដេច?

អធិការី​នៃ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​ប្រើ​សៀវភៅ​ស្ដើង​«​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន​»​ដើម្បី​សរសើរ​និង​ជូន​ឱវាទ​ដល់​សិស្ស។

ការ​ជូន​ឱវាទ​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក

អធិការី​នៃ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​ជូន​ឱវាទ​ដល់​សិស្ស​ដែល​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ​នោះ។ កាល​ដែល​សិស្ស​ថ្លែង​សុន្ទរកថា​ឬ​ធ្វើ​ការ​សម្ដែង អធិការី​រក​មើល​ថា​សិស្ស​ធ្វើ​តាម​ចំណុច​ហាត់​រៀន​យ៉ាង​ល្អ​ឬ​យ៉ាង​ណា។

ក្រោយ​ពី​ថ្លែង​សុន្ទរកថា​ឬ​ធ្វើ​ការ​សម្ដែង​រួច អធិការី​សរសើរ​សិស្ស​យ៉ាង​ស្មោះ។ បើ​ចាំ​បាច់ គាត់​ក៏​ផ្ដល់​ឱវាទ​ជាក់​លាក់​និង​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត​អំពី​របៀប​ដែល​សិស្ស​អាច​រីក​ចម្រើន​ក្នុង​ការ​ធ្វើ​តាម​ចំណុច​ហាត់​រៀន។ យោបល់​បែប​នោះ​ផ្ដល់​ប្រយោជន៍ មិន​គ្រាន់​តែ​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ដល់​ក្រុម​ជំនុំ​ទាំង​មូល​ដែរ។—សុភ. ២៧:១៧

៣. (​ក​) តើ​យើង​អាច​រៀន​ធ្វើ​ជា​អ្នក​ឲ្យ​យោបល់​ល្អ​យ៉ាង​ដូច​ម្ដេច? (​អេសាយ ៩:៦; សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ធ្វើ​តាម​លោក​យេស៊ូ​ពេល​ឲ្យ​យោបល់​»​) (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

៣ យើង​អាច​រៀន​ច្រើន​អំពី​របៀប​ធ្វើ​ជា​អ្នក​ឲ្យ​យោបល់​ល្អ​ដោយ​សិក្សា​អំពី​គំរូ​របស់​បុគ្គល​ក្នុង​គម្ពីរ ជា​ពិសេស​គំរូ​របស់​លោក​យេស៊ូ ដោយ​សារ​លោក​បាន​ត្រូវ​ហៅ​ថា​«​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ​»។ (​សូម​អាន អេសាយ ៩:៦​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​ដែល​អ្នក​ឯ​ទៀត​សុំ​យោបល់​ពី​យើង ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​យើង​ត្រូវ​ឲ្យ​យោបល់ ទោះ​ជា​គេ​មិន​បាន​សុំ​យោបល់​ពី​យើង​ក្ដី។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​សារៈ​សំខាន់​នៃ​ការ​ឲ្យ​យោបល់​នៅ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ត្រឹម​ត្រូវ។

ចូរ​ធ្វើ​តាម​លោក​យេស៊ូ​ពេល​ឲ្យ​យោបល់

សូម​កត់​សម្គាល់​អំពី​អ្វី​មួយ​ចំនួន​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ជា​«​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ​»​ ហើយ​សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក។

  • លោក​យេស៊ូ​ដឹង​អំពី​អ្វី​ដែល​ត្រូវ​និយាយ។ លោក​យេស៊ូ​តែង​តែ​ដឹង​ថា​គួរ​និយាយ​យ៉ាង​ណា​ដោយ​សារ​យោបល់​របស់​លោក​មាន​មូលដ្ឋាន​លើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា មិន​មែន​មាន​មូលដ្ឋាន​លើ​ប្រាជ្ញា​របស់​លោក​ឡើយ។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្វី​ៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​ខ្ញុំ​ឡើយ​»។—យ៉ូន. ១៤:១០

    មេ​រៀន​៖ ទោះ​បី​ជា​យើង​មាន​វ័យ​ចាស់​ឬ​មាន​ចំណេះ​ដឹង​ច្រើន​ក្ដី យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យោបល់​របស់​យើង​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ មិន​មែន​លើ​គំនិត​របស់​យើង​ទេ។

  • លោក​យេស៊ូ​ដឹង​ថា​ពេល​ណា​គួរ​ឲ្យ​យោបល់។ លោក​មិន​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​នូវ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ដឹង​នៅ​ពេល​តែ​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​រង់​ចាំ​រហូត​ដល់​ពេល​ត្រឹម​ត្រូវ ទើប​លោក​ឲ្យ​ឱវាទ​ដល់​ពួក​អ្នក​កាន់​តាម​លោក ហើយ​លោក​ប្រាប់​ពួក​គេ​តែ​អ្វី​ដែល​ពួក​គេ​អាច​យល់​បាន​ប៉ុណ្ណោះ។—យ៉ូន. ១៦:១២

    មេ​រៀន​៖ ពេល​ឲ្យ​ឱវាទ​នរណា​ម្នាក់ យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល​ត្រឹម​ត្រូវ​ដើម្បី​«​និយាយ​»។ (​អទ. ៣:៧​) បើ​យើង​ឲ្យ​យោបល់​គាត់​ច្រើន​ពេក គាត់​ប្រហែល​ជា​យល់​ច្រឡំ​និង​ធ្លាក់​ទឹក​ចិត្ត។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ប្រាប់​គាត់​តែ​អ្វី​ដែល​គាត់​ត្រូវ​ដឹង​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​នោះ។

  • លោក​យេស៊ូ​ស្គាល់​អំពី​របៀប​ឲ្យ​យោបល់​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត។ លោក​យេស៊ូ​ត្រូវ​ឲ្យ​យោបល់​ពួក​សាវ័ក​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​មាន​ចិត្ត​រាប​ទាប។ ប៉ុន្តែ​រាល់​ដង លោក​និយាយ​ដោយ​ចិត្ត​ស្លូត​បូត​និង​ការ​គោរព។—ម៉ាថ. ១៨:១​-​៥

    មេ​រៀន​៖ ទោះ​បី​ជា​យើង​ត្រូវ​ឲ្យ​យោបល់​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​បុគ្គល​ណា​ម្នាក់​ក្ដី យោបល់​របស់​យើង​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព បើ​យើង​រក្សា​ចិត្ត​ស្ងប់​និង​និយាយ​ដោយ​ការ​គោរព។

ពេល​នរណា​ម្នាក់​សុំ​យោបល់​ពី​យើង

៤​-​៥. ពេល​នរណា​ម្នាក់​សុំ​យោបល់​ពី​យើង តើ​យើង​គួរ​សួរ​ខ្លួន​ទុក​ជា​មុន​នូវ​សំណួរ​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។

៤ តើ​យើង​គួរ​មាន​ប្រតិកម្ម​បែប​ណា​ពេល​គេ​សុំ​យោបល់​ពី​យើង? យើង​ប្រហែល​ជា​សប្បាយ​ចិត្ត​ដែល​គេ​សុំ​យោបល់ ហើយ​ចង់​ជួយ​ភ្លាម​ៗ។ ប៉ុន្តែ ដំបូង​យើង​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​មាន​បទ​ពិសោធន៍​និង​ចំណេះ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​យោបល់​ល្អ​អំពី​រឿង​នេះ​ឬ​ទេ?›។ ជួន​កាល របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ជួយ​បុគ្គល​ដែល​សុំ​យោបល់ គឺ​ដោយ​មិន​ផ្ដល់​យោបល់​ទេ តែ​ដោយ​ជួយ​រក​អ្នក​ដែល​អាច​ផ្ដល់​យោបល់​ល្អ​ស្ដី​អំពី​រឿង​នោះ។

៥ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ឧបមា​ថា មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ គាត់​ប្រាប់​អ្នក​ថា​គាត់​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​អំពី​វិធី​ព្យាបាល​ផ្សេង​ៗ ហើយ​ក្រោយ​មក​សួរ​យោបល់​អ្នក​អំពី​វិធី​ព្យាបាល​ដែល​អ្នក​គិត​ថា​ល្អ​ជាង​គេ។ អ្នក​ប្រហែល​ជា​គិត​ថា​វិធី​ព្យាបាល​ណា​មួយ​គឺ​ល្អ​ជាង​គេ តែ​អ្នក​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ព្យាបាល​ជំងឺ​នោះ​ដែរ។ យ៉ាង​នេះ របៀប​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ជួយ​មិត្ត​ភក្តិ​របស់​អ្នក គឺ​ដោយ​ជួយ​ស្វែង​រក​បុគ្គល​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ព្យាបាល​ជំងឺ​នោះ។

៦. ហេតុ​អ្វី​យើង​ប្រហែល​ជា​សម្រេច​ចិត្ត​ចាំ​បន្តិច​សិន​មុន​ឲ្យ​យោបល់?

៦ ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​យើង​មាន​សមត្ថភាព​ឲ្យ​យោបល់​អំពី​រឿង​ណា​មួយ​ក្ដី យើង​ប្រហែល​ជា​អាច​ទុក​ពេល​បន្តិច​សិន​មុន​នឹង​ឆ្លើយ។ ហេតុ​អ្វី? សុភាសិត ១៥:២៨​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​គិត​សិន​មុន​នឹង​ឆ្លើយ​»។ ចុះ​បើ​យើង​គិត​ថា យើង​ស្គាល់​ចម្លើយ​រួច​ហើយ? យើង​ប្រហែល​ជា​នៅ​តែ​អាច​លៃ​ទុក​ពេល​ខ្លះ​ដើម្បី​ស្រាវ​ជ្រាវ អធិដ្ឋាន និង​រំពឹង​គិត។ យ៉ាង​នេះ យើង​អាច​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ថា ចម្លើយ​របស់​យើង​គឺ​សម​ស្រប​នឹង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នោះ។ សូម​គិត​ពិចារណា​អំពី​គំរូ​របស់​អ្នក​ប្រកាស​ទំនាយ​ណាថាន់។

៧. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​អ្នក​ប្រកាស​ទំនាយ​ណាថាន់?

៧ ស្ដេច​ដាវីឌ​បាន​ប្រាប់​អ្នក​ប្រកាស​ទំនាយ​ណាថាន់​ថា​គាត់​ចង់​សង់​វិហារ​ឲ្យ​ព្រះ​យេហូវ៉ា។ ណាថាន់​បាន​ឆ្លើយ​ភ្លាម​ៗ​ថា​ដាវីឌ​អាច​ធ្វើ​ដូច្នោះ​បាន។ ប៉ុន្តែ មុន​ដំបូង ណាថាន់​គួរ​លៃ​ទុក​ពេល​សិន​ដើម្បី​សុំ​យោបល់​ពី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ដាវីឌ​សង់​វិហារ​ទេ។ (​១ប្រ. ១៧:១​-​៤​) ដូច​កំណត់​ហេតុ​នេះ​បាន​បង្ហាញ ពេល​គេ​សុំ​យោបល់​ពី​យើង ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​«​មិន​រហ័ស​និយាយ​»។—យ៉ា. ១:១៩

៨. តើ​មាន​មូលហេតុ​ផ្សេង​ទៀត​អ្វី​ដែល​យើង​គួរ​គិត​យ៉ាង​ដិត​ដល់​ពេល​ឲ្យ​យោបល់?

៨ សូម​គិត​អំពី​មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ឲ្យ​យោបល់​នរណា​ម្នាក់។ យើង​ប្រហែល​ជា​មាន​កំហុស​ខ្លះ បើ​យោបល់​ដែល​យើង​ឲ្យ​នរណា​ម្នាក់​នាំ​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​លទ្ធផល​អាក្រក់។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​គិត​យ៉ាង​ដិត​ដល់​មុន​ឲ្យ​យោបល់។

ការ​ឲ្យ​យោបល់​ទោះ​ជា​គេ​មិន​បាន​សុំ​យោបល់​ពី​យើង​ក្ដី

៩. មុន​ឲ្យ​យោបល់ តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ប្រាកដ​អំពី​អ្វី? (​កាឡាទី ៦:១​)

៩ ជួន​កាល ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ចាត់​វិធានការ​ដើម្បី​ផ្ដល់​យោបល់​ដល់​បង​ប្អូន​ដែល​«​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​»។ (​សូម​អាន កាឡាទី ៦:១​) បង​ប្អូន​បែប​នោះ​ប្រហែល​ជា​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ឈ្លាស​វៃ​ដែល​អាច​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​ពេល​ក្រោយ​មក។ ពួក​អ្នក​ចាស់​ទុំ​មាន​គោល​ដៅ​ជួយ​បុគ្គល​នោះ​ឲ្យ​បន្ដ​ដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ា. ៥:១៩, ២០​) ប៉ុន្តែ ដើម្បី​ឲ្យ​យោបល់​ដោយ​មាន​ប្រសិទ្ធភាព ដំបូង​ពួក​គេ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បុគ្គល​នោះ​ពិត​ជា​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​មែន។ ពួក​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា​ទោះ​ជា​បុគ្គល​ណា​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ពី​ពួក​គេ​ក្ដី នេះ​មិន​មាន​ន័យ​ថា​បុគ្គល​នោះ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ។ (​រ៉ូម ១៤:១​-​៤​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​បង​ប្អូន​ណា​ម្នាក់​ពិត​ជា​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស ហើយ​ពួក​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​ថា​ពួក​គេ​ត្រូវ​ឲ្យ​យោបល់​គាត់?

១០​-​១២. ពេល​ឲ្យ​យោបល់​ដែល​គេ​មិន​បាន​សុំ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ គឺ​មិន​ងាយ​ស្រួល​ទេ​ឲ្យ​អ្នក​ចាស់​ទុំ​ជូន​យោបល់​ដល់​បុគ្គល​ណា​ម្នាក់​ដែល​មិន​បាន​សុំ​យោបល់។ ហេតុ​អ្វី? សាវ័ក​ប៉ូល​និយាយ​ថា​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន។ ហេតុ​នេះ បើ​ពួក​អ្នក​ចាស់​ទុំ​ជូន​យោបល់​គាត់ គាត់​ប្រហែល​ជា​ពិបាក​យល់​អំពី​មូលហេតុ​ដែល​គាត់​ទទួល​យោបល់​នោះ។ ដូច្នេះ មុន​ឲ្យ​យោបល់​ដល់​បុគ្គល​នោះ ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​អ្វី​មួយ​ចំនួន​ដើម្បី​ឲ្យ​បុគ្គល​នោះ​ស្រួល​ស្ដាប់​យោបល់​ពី​ពួក​គេ​ជាង។

១១ ការ​ឲ្យ​យោបល់​ដែល​គេ​មិន​បាន​សុំ អាច​ប្រដូច​ទៅ​នឹង​ការ​ដាំ​ដំណាំ​លើ​ដី​រឹង។ មុន​កសិករ​ណា​ម្នាក់​ចាប់​ផ្ដើម​សាប​ព្រោះ គាត់​ត្រូវ​ជ្រួយ​ដី។ នេះ​ធ្វើ​ឲ្យ​ដី​លែង​សូវ​រឹង ហើយ​ដាំ​គ្រាប់​ពូជ​បាន។ ក្រោយ​ដាំ​គ្រាប់​ពូជ​រួច គាត់​ស្រោច​ទឹក​ដើម្បី​ឲ្យ​គ្រាប់​ពូជ​នោះ​ដុះ​លូត​លាស់​ឡើង។ ស្រដៀង​គ្នា​ដែរ មាន​អ្វី​ខ្លះ​ដែល​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ដើម្បី​ឲ្យ​បង​ប្អូន​ងាយ​ស្រួល​ទទួល​យោបល់​ពី​គាត់​ជាង។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ចាំ​ដល់​ពេល​ត្រឹម​ត្រូវ ហើយ​ក្រោយ​មក​ប្រាប់​បង​ប្អូន​នោះ​ថា​គាត់​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ថា​មាន​អ្វី​ដែល​គាត់​ចង់​និយាយ​ជា​មួយ​ពួក​គេ។ ម្យ៉ាង​ទៀត បើ​អ្នក​ដែល​ជូន​យោបល់​មាន​កេរ្តិ៍​ឈ្មោះ​ជា​បុគ្គល​ដែល​សប្បុរស​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​អ្នក​ឯ​ទៀត​ងាយ​ស្រួល​ទទួល​យោបល់​ពី​គាត់​ជាង។

១២ ក្នុង​ការ​សន្ទនា​ជា​មួយ​បុគ្គល​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស អ្នក​ចាស់​ទុំ​អាច​ហាក់​ដូច​ជា​បន្ដ​ជ្រួយ​ដី ដោយ​ទទួល​ស្គាល់​ថា​ជួន​កាល​មនុស្ស​គ្រប់​រូប​ធ្វើ​ខុស ហើយ​ត្រូវ​ការ​យោបល់។ (​រ៉ូម ៣:២៣​) អ្នក​ចាស់​ទុំ​បង្ហាញ​បង​ប្អូន​នោះ​អំពី​របៀប​ដែល​គម្ពីរ​បញ្ជាក់​ថា គាត់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស ហើយ​អ្នក​ចាស់​ទុំ​នោះ​ធ្វើ​ដូច្នេះ​ដោយ​ស្លូត​បូត​និង​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ក្រោយ​ពី​បង​ប្អូន​នោះ​ទទួល​ស្គាល់​ថា​គាត់​បាន​ធ្វើ​ខុស អ្នក​ចាស់​ទុំ​ហាក់​ដូច​ជា​ដាំ​គ្រាប់​ពូជ ដោយ​ពន្យល់​គាត់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​កែ​ប្រែ​ស្ថានភាព​នោះ។ ចុង​ក្រោយ អ្នក​ចាស់​ទុំ​នោះ​ហាក់​ដូច​ជា​ស្រោច​គ្រាប់​ពូជ ដោយ​សរសើរ​បង​ប្អូន​នោះ​យ៉ាង​ស្មោះ ហើយ​ដោយ​អធិដ្ឋាន​ជា​មួយ​គាត់។—យ៉ា. ៥:១៥

រូប​ភាព​ដែល​ប្រដូច​កសិករ​ដែល​កំពុង​ដាំ​គ្រាប់​ពូជ​លើ​ដី​រឹង ទៅ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ឲ្យ​យោបល់​ដល់​បង​ប្រុស​ម្នាក់។ ១. ជ្រួយ​ដី​៖ កសិករ​ជ្រួយ​ដី គឺ​អ្នក​ចាស់​ទុំ​និយាយ​ទៅ​កាន់​បង​ប្រុស​ម្នាក់​ដោយ​កក់​ក្ដៅ។ ២. ដាំ​គ្រាប់​ពូជ​៖ កសិករ​ដាំ​គ្រាប់​ពូជ គឺ​អ្នក​ចាស់​ទុំ​ប្រើ​គម្ពីរ​ដើម្បី​វែក​ញែក​ជា​មួយ​បង​ប្រុស​នោះ។ ៣. ស្រោច​ទឹក​៖ កសិករ​ស្រោច​ទឹក​គ្រាប់​ពូជ គឺ​អ្នក​ចាស់​ទុំ​អធិដ្ឋាន​ជា​មួយ​បង​ប្រុស​នោះ។

អ្នក​ចាស់​ទុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​កាន់​តែ​ងាយ​ស្រួល​ទទួល​យោបល់​ដែល​គាត់​មិន​បាន​សុំ ​(​សូម​មើល​វគ្គ​១០​-​១២​)​


១៣. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​យ៉ាង​ណា​ថា​បុគ្គល​នោះ​យល់​អំពី​យោបល់​ដែល​គាត់​បាន​ទទួល?

១៣ ជួន​កាល បុគ្គល​ម្នាក់​ប្រហែល​ជា​យល់​ខុស​អំពី​យោបល់​ដែល​គាត់​បាន​ទទួល។ តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង? តាម​របៀប​ដ៏​សប្បុរស ពួក​អ្នក​ចាស់​ទុំ​អាច​សួរ​សំណួរ​បុគ្គល​នោះ​ដើម្បី​ដឹង​ថា តើ​គាត់​យល់​អំពី​យោបល់​ដែល​គាត់​បាន​ទទួល ហើយ​ស្គាល់​អំពី​របៀប​អនុវត្ត​យោបល់​នោះ​ឬ​យ៉ាង​ណា។—អទ. ១២:១១

ការ​ឲ្យ​យោបល់​នៅ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ត្រឹម​ត្រូវ

១៤. តើ​យើង​គួរ​ឲ្យ​យោបល់​ពេល​ដែល​យើង​ខឹង​ឬ​ទេ? សូម​ពន្យល់។

១៤ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ជួន​កាល​យើង​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​ចិត្ត។ (​កូឡ. ៣:១៣​) គម្ពីរ​ចែង​ថា ជួន​កាល​បុគ្គល​ម្នាក់​ថែម​ទាំង​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ខឹង​ទៀត​ផង។ (​អេភ. ៤:២៦​) ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​យោបល់​អ្នក​ឯ​ទៀត​ពេល​ដែល​យើង​ខឹង​នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​«​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ដែល​ព្រះ​ពេញ​ចិត្ត​ទេ​»។ (​យ៉ា. ១:២០​) បើ​យើង​ឲ្យ​យោបល់​ពេល​យើង​ខឹង យើង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​អាក្រក់​ទៅ។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​គួរ​ប្រាប់​គំនិត​ឬ​អារម្មណ៍​របស់​យើង​ទាល់​តែ​សោះ​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ខឹង​ទេ។ ប៉ុន្តែ ពាក្យ​សម្ដី​របស់​យើង​អាច​មាន​ប្រសិទ្ធភាព​ជាង បើ​យើង​រង់​ចាំ​រហូត​ដល់​យើង​ស្ងប់​អារម្មណ៍។ សូម​កត់​សម្គាល់​អំពី​គំរូ​ល្អ​របស់​អេលីហ៊ូ​ដែល​ជា​អ្នក​ឲ្យ​យោបល់​ដល់​យ៉ូប។

១៥. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​អេលីហ៊ូ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ អស់​ប៉ុន្មាន​ថ្ងៃ​អេលីហ៊ូ​បាន​ស្ដាប់​យ៉ូប​និយាយ​ការ​ពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​របស់​ពួក​បុរស​ដែល​ជា​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ។ អេលីហ៊ូ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​យ៉ូប។ ប៉ុន្តែ អេលីហ៊ូ​ក៏​ខឹង​យ៉ូប​យ៉ាង​ខ្លាំង ដោយ​សារ​យ៉ូប​និយាយ​មិន​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា ហើយ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​មក​លើ​ខ្លួន​ឯង។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេលីហ៊ូ​រង់​ចាំ​ដល់​វេន​គាត់ ហើយ​និយាយ​ដោយ​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ពេល​ឲ្យ​ឱវាទ​ដល់​យ៉ូប។ (​យ៉ូប ៣២:២; ៣៣:១​-​៧​) យើង​អាច​រៀន​មេ​រៀន​ដ៏​សំខាន់​ណាស់​ពី​អេលីហ៊ូ​គឺ​ថា ជា​ការ​ល្អ​ដែល​យើង​ឲ្យ​យោបល់​នៅ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ត្រឹម​ត្រូវ ពោល​គឺ​ដោយ​បង្ហាញ​ការ​គោរព​និង​សេចក្ដី​ស្រឡាញ់។—អទ. ៣:១, ៧

អេលីហ៊ូ​កំពុង​ស្ដាប់​យ៉ូប​ដែល​មាន​ដំបៅ​រលួយ​ពេញ​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ទោះ​បី​ជា​អេលីហ៊ូ​ខឹង​យ៉ូប​យ៉ាង​ខ្លាំង​ក្ដី ក្រោយ​មក គាត់​ឲ្យ​យោបល់​តាម​របៀប​ស្លូត​បូត​និង​ដោយ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ ​(​សូម​មើល​វគ្គ​១៥​)​


ចូរ​បន្ដ​ឲ្យ​និង​ទទួល​យោបល់

១៦. តើ​អ្នក​ទាញ​មេ​រៀន​អ្វី​ពី​ចម្រៀង​សរសើរ​ព្រះ ៣២:៨?

១៦ បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ​គឺ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ដល់​ឱវាទ​ដល់​អ្នក ហើយ​មើល​ថែ​អ្នក​មិន​ឲ្យ​ឃ្លាត​ពី​ភ្នែក​របស់​ខ្ញុំ​ឡើយ​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣២:៨​) នេះ​មាន​ន័យ​ថា​លោក​នឹង​បន្ដ​ជួយ​យើង។ លោក​មិន​គ្រាន់​តែ​ឲ្យ​យោបល់​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជួយ​យើង​ឲ្យ​ធ្វើ​តាម​យោបល់​នោះ​ដែរ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​ត្រូវ​ឲ្យ​យោបល់​អ្នក​ឯ​ទៀត យើង​ក៏​អាច​បន្ដ​លើក​ទឹក​ចិត្ត​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

១៧. ពេល​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​យោបល់​ជាក់​លាក់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ តើ​ពួក​គេ​ប្រៀប​ដូច​ជា​អ្វី? សូម​ពន្យល់។ (​អេសាយ ៣២:១, ២​)

១៧ ឥឡូវ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត យើង​ត្រូវ​ឲ្យ​និង​ទទួល​យោបល់​ល្អ។ (​២ធី. ៣:១​) អ្នក​ចាស់​ទុំ​ដែល​ឲ្យ​យោបល់​ជាក់​លាក់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ​«​ប្រៀប​ដូច​ជា​ទឹក​អូរ​នៅ​តំបន់​រាំង​ស្ងួត​»។ (​សូម​អាន អេសាយ ៣២:១, ២​) យើង​សប្បាយ​ចិត្ត​ដែល​មាន​មិត្ត​ភក្តិ​មិន​ស្ទាក់​ស្ទើរ​ឲ្យ​យោបល់​ដែល​យើង​ត្រូវ​ការ។ ពាក្យ​របស់​ពួក​គេ​ប្រៀប​ដូច​ជា​«​ផ្លែ​ប៉ោម​មាស​ក្នុង​ចាន​ប្រាក់​»។ (​សុភ. ២៥:១១​) សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​និង​ទទួល​យោបល់​ល្អ។

តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី​ពេល​យើង . . .

  • បាន​ត្រូវ​សុំ​ឲ្យ​ជូន​យោបល់?

  • ត្រូវ​ឲ្យ​យោបល់​ដែល​គេ​មិន​បាន​សុំ?

  • ខឹង?

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក