បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កក្កដា ទំ. ២-៧
  • ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​យោបល់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​យោបល់?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ខ្ញុំ​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?
  • តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ល្អ​ដល់​ខ្ញុំ?
  • តើ​ខ្ញុំ​អាច​បើក​ចិត្ត​ទទួល​យក​យោបល់​យ៉ាង​ដូច​ម្ដេច?
  • តើ​ខ្ញុំ​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​ខ្ញុំ​ឬ​ទេ?
  • ចូរ​បន្ត​ស្វែង​រក​យោបល់
  • របៀប​ឲ្យ​យោបល់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ចូរ​រៀន​ពី​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ស្មោះ​ត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កក្កដា ទំ. ២-៧

អត្ថបទសិក្សា ២៨

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​យោបល់?

​«​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​រមែង​ស្វែង​រក​ដំបូន្មាន​»។—សុភ. ១៣:១០

ចំណុច​ផ្ដោត

អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​យោបល់​ដែល​យើង​ទទួល។

១. តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ ហើយ​ធ្វើ​ឲ្យ​គម្រោង​របស់​យើង​ជោគ​ជ័យ? (​សុភាសិត ១៣:១០; ១៥:២២​)

យើង​ទាំង​អស់​គ្នា​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ ហើយ​ចង់​ឲ្យ​គម្រោង​របស់​យើង​បាន​ជោគ​ជ័យ។ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​សម្រេច​អ្វី​ទាំង​នេះ។—សូម​អាន សុភាសិត ១៣:១០; ១៥:២២

២. តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ធ្វើ​អ្វី​សម្រាប់​យើង?

២ បុគ្គល​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​សុំ​ប្រាជ្ញា​និង​យោបល់ គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង។ លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ដល់​ឱវាទ​ដល់​អ្នក ហើយ​មើល​ថែ​អ្នក​មិន​ឲ្យ​ឃ្លាត​ពី​ភ្នែក​របស់​ខ្ញុំ​ឡើយ​»។ (​ចសព. ៣២:៨​) ពាក្យ​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឲ្យ​យោបល់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ផ្ទាល់ ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​យោបល់​របស់​លោក។a

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ឆ្លើយ​ចម្លើយ​ចំពោះ​សំណួរ​បួន​យ៉ាង​ដូច​ជា​៖ (​១​)​ តើ​ខ្ញុំ​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​បើ​ខ្ញុំ​ចង់​ទទួល​ប្រយោជន៍​ពី​យោបល់? (​២​)​ តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ល្អ​ដល់​ខ្ញុំ? (​៣​)​ តើ​ខ្ញុំ​អាច​បើក​ចិត្ត​ទទួល​យក​យោបល់​យ៉ាង​ដូច​ម្ដេច? (​៤​)​ ហេតុ​អ្វី​ខ្ញុំ​គួរ​ជៀស​វាង​ពី​ការ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​ខ្ញុំ?

តើ​ខ្ញុំ​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

៤. ដើម្បី​ទទួល​ប្រយោជន៍​ពី​យោបល់ តើ​យើង​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

៤ យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​ដើម្បី​ទទួល​ប្រយោជន៍​ពី​យោបល់។ យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ប្រហែល​ជា​ខ្វះ​បទ​ពិសោធន៍​ឬ​ខ្វះ​ចំណេះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ បើ​យើង​មិន​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​ទេ នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​អាច​ជួយ​យើង​បាន​ឡើយ។ ជា​លទ្ធផល យោបល់​ដែល​យើង​អាន​ពី​បណ្ដាំ​របស់​ព្រះ​ក៏​ប្រហែល​ជា​មិន​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​យើង ដូច​ទឹក​ដែល​មិន​ជ្រាប​ចូល​ក្នុង​ថ្ម​ដែរ។ (​មីកា ៦:៨; ១ពេ. ៥:៥​) ប៉ុន្តែ បើ​យើង​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព នោះ​យើង​នឹង​ឆាប់​ទទួល​យក​យោបល់​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ ហើយ​ឆាប់​ធ្វើ​តាម​យោបល់​នោះ។

៥. តើ​ស្ដេច​ដាវីឌ​បាន​សម្រេច​អ្វី​ខ្លះ​ដែល​អាច​នាំ​ឲ្យ​គាត់​មាន​អំណួត?

៥ សូម​គិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ស្ដេច​ដាវីឌ។ គាត់​បាន​សម្រេច​អ្វី​ៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​គាត់​មាន​អំណួត។ ជា​ឧទាហរណ៍ ច្រើន​ឆ្នាំ​មុន​ដាវីឌ​ទៅ​ជា​ស្ដេច គាត់​មាន​ឈ្មោះ​ល្បី​ខាង​ការ​លេង​ភ្លេង។ គាត់​ថែម​ទាំង​ត្រូវ​គេ​សុំ​ឲ្យ​លេង​ភ្លេង​សម្រាប់​ស្ដេច​ទៀត​ផង។ (​១សាំ. ១៦:១៨, ១៩​) ក្រោយ​ពី​ដាវីឌ​បាន​ត្រូវ​គេ​ចាក់​ប្រេង​រើស​តាំង​ជា​ស្ដេច​បន្ទាប់ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដល់​គាត់។ (​១សាំ. ១៦:១១​-​១៣​) បណ្ដា​ជន​បាន​សរសើរ​គាត់​ដែល​គាត់​បាន​សម្លាប់​សត្រូវ​របស់​ពួក​គេ រួម​ទាំង​កូលីយ៉ាត​ដែល​ជា​ជន​ជាតិ​ភីលីស្ទីន។ (​១សាំ. ១៧:៣៧, ៥០; ១៨:៧​) បុគ្គល​ដែល​មាន​អំណួត​ដែល​បាន​សម្រេច​អ្វី​ដ៏​អស្ចារ្យ​បែប​នេះ​អាច​គិត​ថា គាត់​មិន​ចាំ​បាច់​ស្ដាប់​យោបល់​ពី​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ ដាវីឌ​មិន​ធ្វើ​ដូច្នោះ​ឡើយ។

៦. ហេតុ​អ្វី​យើង​ដឹង​ថា​ដាវីឌ​ចង់​ស្ដាប់​យោបល់? (​សូម​មើល​រូប​ភាពផង​ដែរ​)

៦ ក្រោយ​ពី​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​បាន​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​អាច​ឲ្យ​យោបល់​ដល់​គាត់។ (​១ប្រ. ២៧:៣២​-​៣៤​) នេះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​មុន​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​តែង​តែ​ស្ដាប់​យោបល់​ល្អ​ពី​អ្នក​ឯ​ទៀត។ គាត់​មិន​គ្រាន់​តែ​ស្ដាប់​យោបល់​ពី​បុរស​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ស្ដាប់​យោបល់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​អាប៊ីកែល​ដែរ។ នាង​ជា​ប្រពន្ធ​របស់​ណាបាល​ជា​បុរស​ដែល​មិន​គោរព​អ្នក​ឯ​ទៀត រមិល​គុណ និង​មាន​អំណួត។ ដាវីឌ​មាន​ចិត្ត​រាប​ទាប ហើយ​ធ្វើ​តាម​យោបល់​ល្អ​របស់​អាប៊ីកែល។ ជា​លទ្ធផល គាត់​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។—១សាំ. ២៥:២, ៣, ២១​-​២៥, ៣២​-​៣៤

ស្ដេច​ដាវីឌ​ស្ដាប់​អាប៊ីកែល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​នាង​អង្គុយ​លើ​ដី​អង្វរ​គាត់។

ដោយ​ចិត្ត​រាប​ទាប ស្ដេច​ដាវីឌ​ព្រម​ទទួល ហើយ​ស្ដាប់​តាម​យោបល់​របស់​អាប៊ីកែល (​សូម​មើល​វគ្គ​៦​)​


៧. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ? (​អ្នក​ទូន្មាន ៤:១៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៧ យើង​អាច​រៀន​មេ​រៀន​ផ្សេង​ៗ​ពី​គំរូ​របស់​ដាវីឌ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​មាន​ទេព​កោសល្យ ឬ​មាន​អំណាច​មួយ​កម្រិត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​យើង​ចេះ​សព្វ​គ្រប់ ហើយ​មិន​ត្រូវ​ការ​យោបល់​ពី​អ្នក​ឯ​ទៀត​ទេ។ ដូច​ដាវីឌ​ដែរ យើង​គួរ​សុខ​ចិត្ត​ស្ដាប់​យោបល់​ល្អ មិន​ថា​យោបល់​នោះ​មក​ពី​អ្នក​ណា​ក៏​ដោយ។ (​សូម​អាន អ្នក​ទូន្មាន ៤:១៣​) បើ​យើង​ធ្វើ​ដូច្នេះ យើង​ទំនង​ជា​នឹង​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ដែល​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​និង​អ្នក​ឯ​ទៀត។

បណ្ដុំ​រូប​ភាព​៖ ១. ពួក​អ្នក​ចាស់​ទុំ​បួន​នាក់​ប្រជុំ​គ្នា។ អ្នក​ចាស់​ទុំ​ម្នាក់​និយាយ​ខ្លាំង​ៗ។ ២. ក្រោយ​មក អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​ដែល​បាន​និយាយ​ខ្លាំង​ៗ​នោះ​តែ​ពីរ​នាក់​នៅ​ក្នុង​ឡាន។

យើង​គួរ​សុខ​ចិត្ត​ស្ដាប់​យោបល់​ល្អ មិន​ថា​យោបល់​នោះ​មក​ពី​អ្នក​ណា​ក៏​ដោយ ​(​សូម​មើល​វគ្គ​៧​)​d


តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ល្អ​ដល់​ខ្ញុំ?

៨. ហេតុ​អ្វី​យ៉ូណាថាន​អាច​ឲ្យ​យោបល់​ល្អ​ដល់​ដាវីឌ?

៨ សូម​គិត​អំពី​មេ​រៀន​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ដាវីឌ។ គាត់​ស្ដាប់​យោបល់​ពី​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​យល់​ច្បាស់​អំពី​ស្ថានភាព​ដែល​គាត់​កំពុង​ជួប​ប្រទះ។ ជា​ឧទាហរណ៍ ពេល​ដាវីឌ​ចង់​ដឹង​ថា តើ​ស្ដេច​សុល​នឹង​ព្រម​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​គាត់​ឬ​យ៉ាង​ណា ដាវីឌ​បាន​ស្ដាប់​យោបល់​ពី​យ៉ូណាថាន​ដែល​ជា​កូន​ប្រុស​របស់​សុល។ ហេតុ​អ្វី​យ៉ូណាថាន​អាច​ឲ្យ​យោបល់​ល្អ​ដល់​ដាវីឌ? ពីព្រោះ​យ៉ូណាថាន​មិន​គ្រាន់​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ស្គាល់​ឪពុក​របស់​គាត់​ច្បាស់​ដែរ។ (​១សាំ. ២០:៩​-​១៣​) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

៩. តើ​យើង​គួរ​និយាយ​ជា​មួយ​នឹង​អ្នក​ណា​ពេល​យើង​ត្រូវ​ការ​យោបល់? សូម​ពន្យល់។ (​សុភាសិត ១៣:២០​)

៩ ពេល​យើង​ត្រូវ​ការ​យោបល់ ជា​ការ​ល្អ​ឲ្យ​យើង​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ស្គាល់​ច្បាស់​អំពី​រឿង​នោះ។b (​សូម​អាន សុភាសិត ១៣:២០​) ឧបមា​ថា បុរស​វ័យ​ក្មេង​ម្នាក់​កំពុង​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍​ដែល​ស័ក្ដិ​សម​នឹង​គាត់។ តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ល្អ​ដល់​គាត់? មិត្ត​ភក្តិ​ដែល​មិន​ទាន់​មាន​គូ​ប្រហែល​ជា​អាច​ឲ្យ​យោបល់​ល្អ​បាន បើ​យោបល់​នោះ​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ។ ប៉ុន្តែ បុរស​វ័យ​ក្មេង​នោះ​ទំនង​ជា​នឹង​ទទួល​យោបល់​ដែល​ជាក់​លាក់​និង​មាន​ប្រយោជន៍​ជាង បើ​គាត់​និយាយ​ជា​មួយ​នឹង​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មាន​ជំនឿ​រឹង​មាំ​និង​ស្គាល់​គាត់​ច្បាស់ ហើយ​ជា​គូ​ដែល​រៀប​ការ​អស់​រយៈ​ពេល​យូរ​និង​មាន​សុភមង្គល។

១០. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ?

១០ យើង​បាន​ពិចារណា​គុណ​សម្បត្តិ​ពីរ​ដែល​យើង​ត្រូវ​មាន ព្រម​ទាំង​អ្នក​ណា​ដែល​អាច​ឲ្យ​យោបល់​ល្អ​ដល់​យើង។ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​បើក​ចិត្ត​ទទួល​យក​យោបល់ ហើយ​តើ​យើង​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​យើង​ឬ​យ៉ាង​ណា។

តើ​ខ្ញុំ​អាច​បើក​ចិត្ត​ទទួល​យក​យោបល់​យ៉ាង​ដូច​ម្ដេច?

១១​-​១២. (​ក​) តើ​យើង​គួរ​ជៀស​វាង​ធ្វើ​អ្វី? (​ខ​)​ តើ​ស្ដេច​រេហូបោម​បាន​ធ្វើ​អ្វី​ពេល​គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់?

១១ ជួន​កាល បុគ្គល​ម្នាក់​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​កំពុង​ស្វែង​រក​យោបល់ ប៉ុន្តែ​តាម​ពិត គាត់​គ្រាន់​តែ​ចង់​រក​អ្នក​ដែល​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ។ បុគ្គល​បែប​នោះ​មិន​បាន​បើក​ចិត្ត​ទទួល​យក​យោបល់​ទេ។ ដូច្នេះ គាត់​គួរ​ទាញ​មេ​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ស្ដេច​រេហូបោម។

១២ រេហូបោម​បាន​ស្នង​រាជ្យ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បន្ទាប់​ពី​សាឡូម៉ូន​ដែល​ជា​ឪពុក​របស់​គាត់​បាន​ស្លាប់។ ពេល​រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច បណ្ដា​ជន​មាន​របស់​ទ្រព្យ​ជា​ច្រើន​រួច​ហើយ។ ប៉ុន្តែ ពួក​គេ​មាន​អារម្មណ៍​ថា សាឡូម៉ូន​បាន​ដាក់​បន្ទុក​ធ្ងន់​ពេក​លើ​ពួក​គេ។ រួច​មក បណ្ដា​ជន​បាន​មក​ជួប​រេហូបោម ហើយ​អង្វរ​សុំ​គាត់​ឲ្យ​សម្រាល​បន្ទុក​របស់​ពួក​គេ។ រេហូបោម​បាន​សុំ​ពួក​គេ​ទុក​ពេល​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​សិន។ ដំបូង គាត់​បាន​ធ្វើ​អ្វី​ដែល​ល្អ គឺ​គាត់​បាន​ទៅ​សុំ​យោបល់​ពី​ពួក​បុរស​ចាស់​ទុំ​ដែល​បាន​ជួយ​សាឡូម៉ូន។ (​១បស. ១២:២​-​៧​) ប៉ុន្តែ គាត់​បាន​បដិសេធ​យោបល់​ពី​ពួក​បុរស​វ័យ​ចាស់​ទាំង​នោះ។ ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​ដូច្នេះ? តើ​រេហូបោម​បាន​សម្រេច​ចិត្ត​រួច​ហើយ​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ ហើយ​គ្រាន់​តែ​រក​អ្នក​ដែល​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ​ឬ? បើ​ដូច្នោះ​មែន គាត់​ទទួល​យោបល់​ដែល​គាត់​ចង់​បាន​ពី​មិត្ត​ភក្ដិ​ក្មេង​ស្រករ​គាត់។ (​១បស. ១២:៨​-​១៤​) រួច​មក រេហូបោម​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​នោះ។ ជា​លទ្ធផល ប្រជា​ជាតិ​បាន​បែក​ជា​ពីរ ហើយ​ចាប់​ពី​ពេល​នោះ​មក រេហូបោម​មាន​បញ្ហា​ឥត​ឈប់​ឈរ។—១បស. ១២:១៦​-​១៩

១៣. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​បើក​ចិត្ត​ទទួល​យក​យោបល់?

១៣ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​រេហូបោម? ពេល​យើង​សុំ​យោបល់ យើង​ត្រូវ​បើក​ចិត្ត​ទទួល​យក​យោបល់​នោះ។ តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​យើង​កំពុង​បើក​ចិត្ត? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​សុំ​យោបល់ ហើយ​ភ្លាម​ៗ​បដិសេធ​យោបល់​នោះ ដោយ​សារ​នោះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឮ​ឬ​ទេ?›។ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។

១៤. ពេល​យើង​ទទួល​យោបល់ តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី? សូម​លើក​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ សូម​ស្រមៃ​គិត​អំពី​បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​គេ​ស្នើ​ផ្ដល់​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់។ មុន​គាត់​ទទួល​យក​ការ​ងារ​នោះ គាត់​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​ម្នាក់។ បង​ប្រុស​នោះ​និយាយ​ថា ការ​ងារ​នោះ​នឹង​តម្រូវ​ឲ្យ​គាត់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ជា​រឿយ​ៗ​អស់​ជា​ច្រើន​សប្តាហ៍។ អ្នក​ចាស់​ទុំ​នោះ​រំលឹក​គាត់​អំពី​គោល​ការណ៍​គម្ពីរ​ថា ភារកិច្ច​សំខាន់​ចម្បង​របស់​គាត់​គឺ​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ (​អេភ. ៦:៤; ១ធី. ៥:៨​) ចុះ​បើ​បង​ប្រុស​នោះ​មិន​ពេញ​ចិត្ត​នឹង​យោបល់​របស់​អ្នក​ចាស់​ទុំ ហើយ​ទៅ​សុំ​យោបល់​ពី​បង​ប្រុស​ឯ​ទៀត​អំពី​រឿង​នោះ រហូត​ដល់​គាត់​បាន​ទទួល​យោបល់​ដែល​គាត់​ចង់​ឮ? តើ​បង​ប្រុស​នេះ​ពិត​ជា​កំពុង​ស្វែង​រក​យោបល់ ឬ​តើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ ហើយ​គ្រាន់​តែ​ស្វែង​រក​អ្នក​ដែល​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ? យើង​ត្រូវ​ចាំ​ថា ចិត្ត​គឺ​ជា​គ្រឿង​បញ្ឆោត។ (​យេ. ១៧:៩​) ជួន​កាល យោបល់​ដែល​យើង​ត្រូវ​ការ​បំផុត​គឺ​ជា​យោបល់​ដែល​យើង​មិន​ចង់​ឮ។

បង​ស្រី​ម្នាក់​ស្វែង​រក​យោបល់​ពី​បង​ប្អូន​ផ្សេង​ៗ​ជា​ច្រើន។ គាត់​សួរ​យោបល់​ពី​បង​ប្អូន​ម្នាក់​ហើយ​ម្នាក់​ទៀត។ គាត់​មិន​ចូល​ចិត្ត​យោបល់​ដែល​គាត់​បាន​ទទួល​ពី​បង​ប្អូន​ទាំង​នោះ​ទេ។

តើ​យើង​ពិត​ជា​ស្វែង​រក​យោបល់​ល្អ ឬ​គ្រាន់​តែ​ស្វែង​រក​អ្នក​ដែល​យល់​ស្រប​នឹង​យើង? ​(​សូម​មើល​វគ្គ​១៤​)​


តើ​ខ្ញុំ​គួរ​សុំ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​ខ្ញុំ​ឬ​ទេ?

១៥. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៥ យើង​ម្នាក់​ៗ​មាន​ភារកិច្ច​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ (​កាឡ. ៦:៤, ៥​) ដូច​យើង​បាន​ពិចារណា​រួច​ហើយ មនុស្ស​ឈ្លាស​វៃ​នឹង​ស្វែង​រក​យោបល់​ពី​បណ្ដាំ​របស់​ព្រះ និង​ពី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ មុន​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​សុំ​អ្នក​ឯ​ទៀត​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​យើង​ឡើយ។ អ្នក​ខ្លះ​ប្រហែល​ជា​ធ្វើ​ដូច្នេះ​ដោយ​សួរ​បុគ្គល​ដែល​ពួក​គេ​ទុក​ចិត្ត​ថា ​«​បើ​សិន​ជា​បង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខ្ញុំ តើ​បង​នឹង​ធ្វើ​អ្វី?​»។ រីឯ​បុគ្គល​ខ្លះ ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អ្នក​ឯ​ទៀត ដោយ​មិន​គិត​អំពី​រឿង​នោះ​ដោយ​ខ្លួន​ឯង​ទេ។

១៦. តើ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ស្ដី​អំពី​សាច់​ដែល​ប្រហែល​ជា​បាន​សែន​ដល់​រូប​ព្រះ ហើយ​តើ​អ្នក​ណា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​ថា​បរិភោគ​ឬ​មិន​បរិភោគ​សាច់​បែប​នោះ? (​កូរិនថូស​ទី​១ ៨:៧; ១០:២៥, ២៦​)

១៦ សូម​គិត​អំពី​ការ​សម្រេច​ចិត្ត​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស​ត្រូវ​ធ្វើ​ស្ដី​អំពី​សាច់​ដែល​ប្រហែល​ជា​បាន​ត្រូវ​សែន​ដល់​រូប​ព្រះ។ ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ទាំង​នោះ​ថា​៖ ​«​យើង​ដឹង​ថា​រូប​ព្រះ​មិន​មែន​ជា​អ្វី​សោះ ហើយ​យើង​ដឹង​ថា​មាន​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​»។ (​១កូ. ៨:៤​) ហេតុ​នេះ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​បាន​សម្រេច​ចិត្ត​ថា ពួក​គេ​អាច​បរិភោគ​សាច់​ដែល​ពួក​គេ​ទិញ​នៅ​ផ្សារ​លក់​សាច់ ទោះ​ជា​សាច់​នោះ​ប្រហែល​ជា​បាន​ត្រូវ​សែន​ដល់​រូប​ព្រះ​ក្ដី។ បង​ប្អូន​ខ្លះ​ទៀត​បាន​សម្រេច​ចិត្ត​ថា ពួក​គេ​មិន​អាច​បរិភោគ​សាច់​បែប​នោះ​បាន​ទេ ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ពួក​គេ។ (​សូម​អាន កូរិនថូស​ទី​១ ៨:៧; ១០:២៥, ២៦​) នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ប៉ូល​មិន​ដែល​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​អ្នក​ឯ​ទៀត ឬ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត​ទេ។ ពួក​គេ​ម្នាក់​ៗ​នឹង​ត្រូវ​‹ព្រះ​វិនិច្ឆ័យ​តាម​ការ​ប្រព្រឹត្ត›​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។—រ៉ូម ១៤:១០​-​១២

១៧. តើ​មាន​អ្វី​អាច​កើត​ឡើង​បើ​យើង​ចេះ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អ្នក​ឯ​ទៀត? សូម​លើក​ឧទាហរណ៍​មួយ។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ តើ​តាម​របៀប​ណា​យើង​ប្រហែល​ជា​ជួប​ស្ថានភាព​ស្រដៀង​នឹង​នេះ​នៅ​សព្វ​ថ្ងៃ​នេះ? សូម​ឲ្យ​យើង​គិត​អំពី​ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម។ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដោយ​ផ្អែក​លើ​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ​ថា ព្រម​ឬ​មិន​ព្រម​ទទួល​យក​ធាតុ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម។c យើង​ប្រហែល​ជា​ពិបាក​យល់​អំពី​រឿង​នោះ​ទាំង​ស្រុង។ ប៉ុន្តែ ការ​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​គឺ​ជា​ភារៈ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​ទទួល។ (​រ៉ូម ១៤:៤​) បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អ្នក​ឯ​ទៀត យើង​អាច​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន​ចុះ​ខ្សោយ។ យើង​អាច​បង្វឹក​បង្ហាត់​និង​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង លុះ​ត្រា​តែ​យើង​ប្រើ​វា​ប៉ុណ្ណោះ។ (​ហេ. ៥:១៤​) ដូច្នេះ តើ​ពេល​ណា​យើង​គួរ​សុំ​យោបល់​ពី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ? គឺ​ក្រោយ​ពី​យើង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន​រួច​ហើយ ប៉ុន្តែ​នៅ​តែ​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​អំពី​របៀប​ដែល​គោល​ការណ៍​គម្ពីរ​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​របស់​យើង។

បណ្ដុំ​រូប​ភាព​៖ ១. បង​ប្រុស​ម្នាក់​ប្រើ​គម្ពីរ សៀវភៅ​«​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!​»​មេ​រៀន​ទី​៣៩ និង​វីដេអូ​«​តើ​គួរ​សម្រេច​ចិត្ត​យ៉ាង​ណា​អំពី​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ឈាម?​»​ ដើម្បី​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ថែ​ទាំ​សុខភាព។ ២. ក្រោយ​មក គាត់​ស្ដាប់​កាល​ដែល​បង​ប្រុស​ម្នាក់​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​ពិចារណា​ខ​គម្ពីរ​ជា​មួយ​គាត់។

លុះ​ត្រា​តែ​យើង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន​រួច​ហើយ ទើប​យើង​គួរ​សុំ​យោបល់​ពី​អ្នក​ឯ​ទៀត ​(​សូម​មើល​វគ្គ​១៧​)​


ចូរ​បន្ត​ស្វែង​រក​យោបល់

១៨. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​យើង?

១៨ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ទុក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​យើង​នូវ​មិត្ត​ភក្តិ​ដែល​មាន​ប្រាជ្ញា​ដែល​អាច​ជួយ​យើង​ឲ្យ​វែក​ញែក​អំពី​គោល​ការណ៍​គម្ពីរ។ លោក​បាន​បំពេញ​ភារកិច្ច​របស់​លោក​ក្នុង​នាម​ជា​បិតា​របស់​យើង។ (​សុភ. ៣:២១​-​២៣​) ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​លោក?

១៩. តើ​យើង​អាច​បន្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​យ៉ាង​ដូច​ម្ដេច?

១៩ ឪពុក​ម្ដាយ​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​របស់​ពួក​គេ​ធំ​ឡើង ហើយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ប្រាជ្ញា​និង​ចេះ​ជួយ​អ្នក​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ពេល​ឃើញ​យើង​បន្ត​រីក​ចម្រើន​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ សុំ​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​អ្នក​ឯ​ទៀត ហើយ​ក្រោយ​មក ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក។

ដើម្បី​ទទួល​ប្រយោជន៍​ពី​យោបល់​ល្អ ហេតុ​អ្វី​ខ្ញុំ​ត្រូវ . . .

  • មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព?

  • បើក​ចិត្ត​ទទួល​យក​យោបល់?

  • ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន?

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

a ក្នុង​គម្ពីរ ពាក្យ​«​យោបល់​»​ និង​«​ឱវាទ​»​អាច​មាន​អត្ថន័យ​ដូច​គ្នា។ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ប្រើ​ពាក្យ​ទាំង​ពីរ​នេះ​ឆ្លាស់​គ្នា។

b ជួន​កាល ប្រហែល​ជា​ការ​ឈ្លាស​វៃ​ឲ្យ​គ្រិស្ត​សាសនិក​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​ចំណេះ​អំពី​សុខភាព រឿង​លុយ​កាក់ ឬ​រឿង​ផ្សេង​ទៀត ទោះ​ជា​អ្នក​នោះ​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្ដី។

c ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ សូម​មើល​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! មេ​រៀន​ទី​៣៩ ចំណុច​ទី​៥ និង​ផ្នែក​«​ស្វែង​យល់​ថែម​ទៀត​»។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​យោបល់​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ដែល​មាន​វ័យ​ចាស់​ជាង អំពី​របៀប​ដែល​គាត់​និយាយ​នៅ​កិច្ច​ប្រជុំ​ពួក​អ្នក​ចាស់​ទុំ​ថ្មី​ៗ​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក