បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កក្កដា ទំ. ២០-២៥
  • តើ​អ្នក​បាន«រៀន​អាថ៌​កំបាំង»អំពី​របៀប​ស្កប់​ចិត្ត​ឬ​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​អ្នក​បាន«រៀន​អាថ៌​កំបាំង»អំពី​របៀប​ស្កប់​ចិត្ត​ឬ​ទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ
  • ចូរ​ផ្ដោត​អារម្មណ៍​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​រក្សា​ចិត្ត​រាប​ទាប
  • ចូរ​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក
  • ​«​អស់​អ្នក​ដែល​កោត​ខ្លាច​លោក នឹង​មិន​ខ្វះ​អ្វី​ឡើយ​»​
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​មាន​ជីវិត​រស់​នៅ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • តើ​អ្នក​ចេះ​សម្គាល់​សេចក្ដី​ពិត​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កក្កដា ទំ. ២០-២៥

អត្ថបទសិក្សា ៣១

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

តើ​អ្នក​បាន​«​រៀន​អាថ៌​កំបាំង​»​អំពី​របៀប​ស្កប់​ចិត្ត​ឬ​ទេ?

​«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​»។—ភី. ៤:១១

ចំណុច​ផ្ដោត

ការ​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត​ដោយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ ដោយ​ផ្ដោត​អារម្មណ៍​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​មាន​ចិត្ត​រាប​ទាប ហើយ​ដោយ​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត។

១. តើ​ការ​ចេះ​ស្កប់​ចិត្ត​មាន​ន័យ​យ៉ាង​ណា ហើយ​មិន​មាន​ន័យ​យ៉ាង​ណា?

តើ​អ្នក​ជា​បុគ្គល​ដែល​ចេះ​ស្កប់​ចិត្ត​ឬ​ទេ? បុគ្គល​ដែល​ចេះ​ស្កប់​ចិត្ត មាន​អំណរ​និង​មាន​សេចក្ដី​សុខ​សាន្ត​ដោយ​ផ្ដោត​អារម្មណ៍​លើ​ពរ​ដែល​គាត់​កំពុង​ទទួល​នៅ​ឥឡូវ​នេះ។ គាត់​មិន​មាន​អារម្មណ៍​ជូរ​ចត់​ក្នុង​ចិត្ត​ឬ​ក៏​ខឹង​អំពី​អ្វី​ដែល​គាត់​មិន​មាន​ទេ។ ប៉ុន្តែ ការ​ចេះ​ស្កប់​ចិត្ត​មិន​មែន​មាន​ន័យ​ថា​យើង​មិន​ធ្វើ​អ្វី​សោះ ហើយ​ឈប់​រីក​ចម្រើន​នោះ​ទេ។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​គួរ​តែ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ។ (​រ៉ូម ១២:១; ១ធី. ៣:១​) ប៉ុន្តែ​បើ​ចេះ​ស្កប់​ចិត្ត គាត់​នឹង​មិន​បាត់​បង់​អំណរ​ទេ ទោះ​ជា​មិន​ទាន់​ទទួល​ភារកិច្ច​ដែល​គាត់​ចង់​បាន​ក្ដី។

២. ហេតុ​អ្វី​ការ​មិន​ចេះ​ស្កប់​ចិត្ត​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

២ ការ​មិន​ចេះ​ស្កប់​ចិត្ត​អាច​នាំ​ឲ្យ​មាន​ផល​ពិបាក​យ៉ាង​ធ្ងន់​ធ្ងរ។ ពួក​អ្នក​ដែល​មិន​ចេះ​ស្កប់​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គេ​មាន ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​បាន​របស់​ទ្រព្យ​ដែល​តាម​ពិត​ពួក​គេ​មិន​ត្រូវ​ការ។ គួរ​ឲ្យ​ស្ដាយ​ណាស់ គ្រិស្ត​សាសនិក​ខ្លះ​ថែម​ទាំង​បាន​លួច​លុយ​និង​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​ចង់​បាន​ទៀត​ផង។ ពួក​គេ​ប្រហែល​ជា​គិត​ក្នុង​ចិត្ត​ថា ‹ខ្ញុំ​សម​នឹង​បាន​អ្វី​នោះ› ‹ខ្ញុំ​ចង់​បាន​របស់​នេះ​យូរ​ហើយ› ឬ​‹ខ្ញុំ​នឹង​យក​លុយ​នេះ​សិន ចាំ​សង​វិញ​នៅ​ពេល​ក្រោយ›។ ទោះ​ជា​ពួក​គេ​គិត​បែប​នេះ​ក៏​ដោយ ការ​លួច​គ្រប់​ប្រភេទ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​ត្រូវ​អាប់​ឱន។ (​សុភ. ៣០:៩​) រីឯ​អ្នក​ខ្លះ​ទៀត ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ ពួក​គេ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ (​កាឡ. ៦:៩​) ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​គំនិត​ធ្វើ​ដូច្នោះ? បញ្ហា​ប្រហែល​ជា​មក​ពី​បុគ្គល​នោះ​លែង​ចេះ​ស្កប់​ចិត្ត។

៣. តើ​យើង​រៀន​មេ​រៀន​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​អ្វី​ពី​ភីលីព ៤:១១, ១២?

៣ យើង​ទាំង​អស់​គ្នា​អាច​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា គាត់​បាន​«​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​[​គាត់​]​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​»។ (​សូម​អាន ភីលីព ៤:១១, ១២​) គាត់​បាន​សរសេរ​ពាក្យ​ទាំង​នេះ​កាល​ដែល​គាត់​ជាប់​គុក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​មិន​បាន​បាត់​បង់​អំណរ​ទេ។ គាត់​បាន​«​រៀន​អាថ៌​កំបាំង​»​អំពី​របៀប​ស្កប់​ចិត្ត។ បើ​យើង​ពិបាក​ស្កប់​ចិត្ត ពាក្យ​សម្ដី​និង​បទ​ពិសោធន៍​របស់​ប៉ូល​អាច​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា យើង​អាច​ស្កប់​ចិត្ត​បាន។ យើង​មិន​គួរ​រំពឹង​ថា យើង​នឹង​ស្កប់​ចិត្ត​នឹង​ស្ថានភាព​របស់​យើង​ដោយ​ស្វ័យ​ប្រវត្តិ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត។ តើ​តាម​របៀប​ណា? សូម​យើង​ពិចារណា​អំពី​គុណ​សម្បត្តិ​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត។

ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ

៤. តើ​ការ​មាន​អំណរ​គុណ​ជួយ​យើង​ឲ្យ​ចេះ​ស្កប់​ចិត្ត​យ៉ាង​ដូច​ម្ដេច? (​ថែស្សាឡូនិច​ទី​១ ៥:១៨​)

៤ ការ​មាន​ចិត្ត​កតញ្ញូ​នាំ​ឲ្យ​ស្កប់​ចិត្ត។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១៨​) ជា​ឧទាហរណ៍ ពេល​យើង​ពិត​ជា​មាន​អំណរ​គុណ​ដែល​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត យើង​មិន​សូវ​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​យើង​ចង់​បាន​តែ​មិន​ទាន់​មាន​នោះ​ទេ។ ពេល​យើង​មាន​អំណរ​គុណ​ចំពោះ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ដែល​យើង​មាន​នៅ​ឥឡូវ យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​ទាំង​នោះ ជា​ជាង​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ឯកសិទ្ធិ​ថ្មី។ ព្រះ​យេហូវ៉ា​ដឹង​ថា​គឺ​ជា​ការ​សំខាន់​ដែល​យើង​មាន​អំណរ​គុណ ហើយ​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​លោក​ប្រាប់​យើង​ក្នុង​គម្ពីរ​ឲ្យ​អរគុណ​លោក​ពេល​អធិដ្ឋាន។ ពេល​យើង​មាន​អំណរ​គុណ យើង​នឹង​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។—ភី. ៤:៦, ៧

៥. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​គួរ​តែ​មាន​ចិត្ត​កតញ្ញូ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៥ សូម​គិត​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ អស់​ជា​ច្រើន​ដង​ពួក​គេ​បាន​ត្អូញត្អែរ​ថា​ពួក​គេ​មិន​មាន​អាហារ​ដូច​ដែល​ពួក​គេ​ធ្លាប់​បរិភោគ​នៅ​ស្រុក​អេហ្ស៊ីប។ (​ជប. ១១:៤​-​៦​) ជីវិត​នៅ​តំបន់​ស្ងាត់​ជ្រងំ​គឺ​មិន​ស្រួល​ទេ។ ដូច្នេះ តើ​អ្វី​នឹង​ជួយ​ពួក​គេ​ឲ្យ​ចេះ​ស្កប់​ចិត្ត? ពួក​គេ​គួរ​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ​សម្រាប់​ពួក​គេ ហើយ​មាន​អំណរ​គុណ​ចំពោះ​អ្វី​នោះ។ នៅ​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​បាប​ជា​ខ្ញុំ​បម្រើ ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​ប្រការ​មក​លើ​ជន​ជាតិ​អេហ្ស៊ីប។ ក្រោយ​ពី​ជន​ជា​អ៊ីស្រាអែល​បាន​ត្រូវ​ដោះ​លែង ពួក​គេ​«​បាន​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អេហ្ស៊ីប​»​ រួម​មាន​ប្រាក់ មាស និង​សម្លៀក​បំពាក់​ជា​ដើម។ (​ដច. ១២:៣៥, ៣៦​) ពេល​ជន​ជាតិ​អេហ្ស៊ីប​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជិត​សមុទ្រ​ក្រហម ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ញែក​ទឹក​សមុទ្រ​នោះ។ កាល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ លោក​បាន​ឲ្យ​ម៉ាណា​ជា​អាហារ​ដល់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ត្អូញត្អែរ​អំពី​អាហារ? គឺ​ដោយ​សារ​ពួក​គេ​មិន​ចេះ​ស្កប់​ចិត្ត និង​មិន​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ដែល​ពួក​គេ​មាន មិន​មែន​ដោយ​សារ​ពួក​គេ​ខ្វះ​អាហារ​ដែល​ពួក​គេ​ត្រូវ​ការ​ទេ។

ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​ត្អូញត្អែរ​នឹង​ម៉ូសេ​អំពី​ម៉ាណា​ដែល​ពួក​គេ​កំពុង​ប្រមូល កាល​ដែល​អ្នក​ឯ​ទៀត​បន្ដ​ប្រមូល​ម៉ាណា​នៅ​ជិត​នោះ ហើយ​សង្កេត​មើល។

ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​លែង​ស្កប់​ចិត្ត? ​(​សូម​មើល​វគ្គ​៥​)​


៦. តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ?

៦ តើ​អ្នក​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច? ទី​១ សូម​លៃ​ទុក​ពេល​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​គិត​អំពី​អ្វី​ល្អ​ៗ​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​ប្រហែល​ជា​អាច​កត់​ចំណុច​ពីរ​ឬ​បី​ដែល​អ្នក​មាន​ចិត្ត​កតញ្ញូ។ (​បទំ. ៣:២២, ២៣​) ទី​២ សូម​បង្ហាញ​ចិត្ត​កតញ្ញូ។ សូម​ចាត់​វិធានការ​អរគុណ​អ្នក​ឯ​ទៀត​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​សម្រាប់​អ្នក។ សំខាន់​បំផុត សូម​អរគុណ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់។ (​ចសព. ៧៥:១​) ទី​៣ សូម​ជ្រើស​រើស​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ដែល​ចេះ​អរគុណ។ ចិត្ត​កតញ្ញូ​ចេះ​ឆ្លង ដូច​ដែល​ការ​មិន​ចេះ​ស្កប់​ចិត្ត​ចេះ​ឆ្លង​ដែរ។ (​បច. ១:២៦​-​២៨; ២ធី. ៣:១, ២, ៥​) ពេល​យើង​ផ្ដោត​អារម្មណ៍​លើ​ការ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អ្នក​ឯ​ទៀត យើង​លែង​សូវ​មាន​អារម្មណ៍​មិន​ស្កប់​ចិត្ត។

៧. តើ​បង​អាឈី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

៧ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​អាឈី​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ គាត់​សារភាព​ថា​៖ ​«​ក្នុង​អំឡុង​រោគ​រាត​ត្បាត​ជំងឺ​កូវីដ​-​១៩ ខ្ញុំ​ចាប់​ផ្ដើម​ប្រៀប​ធៀប​ស្ថានភាព​របស់​ខ្ញុំ​ទៅ​នឹង​ស្ថានភាព​របស់​បង​ប្អូន​រួម​ជំនឿ។ ជា​លទ្ធផល ខ្ញុំ​ចាប់​ផ្ដើម​មិន​ស្កប់​ចិត្ត​»។ (​កាឡ. ៦:៤​) តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​គាត់? បង​អាឈី​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ពរ​ដែល​ខ្ញុំ​បាន​ទទួល​ជា​រៀង​រាល់​ថ្ងៃ ហើយ​រំពឹង​គិត​អំពី​ប្រយោជន៍​ជា​ច្រើន​ដែល​ខ្ញុំ​ទទួល ដោយ​សារ​ខ្ញុំ​នៅ​ក្នុង​អង្គការ​របស់​ព្រះ។ ក្រោយ​មក ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​នេះ។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ស្កប់​ចិត្ត​»។ បើ​អ្នក​មាន​អារម្មណ៍​មិន​ស្កប់​ចិត្ត តើ​អ្នក​អាច​ចាត់​វិធានការ​ស្រដៀង​នឹង​នេះ​ដើម្បី​មាន​ចិត្ត​កតញ្ញូ​ឡើង​វិញ​ឬ​ទេ?

ចូរ​ផ្ដោត​អារម្មណ៍​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​រក្សា​ចិត្ត​រាប​ទាប

៨. តើ​អ្វី​បាន​កើត​ឡើង​ដល់​បារូក?

៨ អស់​មួយ​រយៈ​ពេល បារូក​ដែល​ជា​លេខាធិការ​របស់​អ្នក​ប្រកាស​ទំនាយ​យេរេមា មិន​ស្កប់​ចិត្ត​នឹង​ស្ថានភាព​របស់​ខ្លួន។ បារូក​មាន​ភារកិច្ច​ដ៏​ពិបាក គឺ​គាត់​ត្រូវ​គាំទ្រ​យេរេមា​ពេល​យេរេមា​ប្រកាស​ដំណឹង​ចំ​ៗ​ដល់​បណ្ដា​ជន​ដែល​រមិល​គុណ។ ប៉ុន្តែ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ធ្វើ បារូក​បាន​ចាប់​ផ្ដើម​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​គាត់​ចង់​ធ្វើ​វិញ។ តាម​រយៈ​យេរេមា ព្រះ​យេហូវ៉ា​បាន​ប្រាប់​បារូក​ថា​៖ ​«​អ្នក​បែរ​ជា​ស្វែង​រក​ការ​ដ៏​ធំ​សម្រាប់​ខ្លួន។ ចូរ​ឈប់​ស្វែង​រក​ការ​ទាំង​នោះ​ទៅ​»។ (​យេ. ៤៥:៣​-​៥​) និយាយ​ឲ្យ​ចំ​ទៅ គឺ​ហាក់​ដូច​ជា​លោក​កំពុង​មាន​ប្រសាសន៍​ថា ​«​ចូរ​ស្កប់​ចិត្ត​នឹង​ស្ថានភាព​របស់​អ្នក​នៅ​ឥឡូវ​»។ បារូក​ព្រម​ទទួល​យក​ការ​កែ​តម្រង់​នោះ ហើយ​បន្ត​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។

៩. តើ​កូរិនថូស​ទី​១ ៤:៦, ៧​ជួយ​យើង​យ៉ាង​ណា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ឯកសិទ្ធិ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៩ នៅ​ពេល​ខ្លះ គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រហែល​ជា​មាន​អារម្មណ៍​ថា គាត់​សម​នឹង​ទទួល​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ។ គាត់​ប្រហែល​ជា​មាន​ទេព​កោសល្យ ខំ​ប្រឹង​ព្យាយាម​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ឬ​មាន​បទ​ពិសោធន៍ ឬ​ក៏​គាត់​ប្រហែល​ជា​មាន​អ្វី​ទាំង​បី​នេះ។ ប៉ុន្តែ អ្នក​ឯ​ទៀត​ប្រហែល​ជា​ទទួល​ឯកសិទ្ធិ​ដែល​គាត់​ចង់​បាន។ តើ​គាត់​អាច​វែក​ញែក​យ៉ាង​ណា​អំពី​រឿង​នេះ? គាត់​អាច​គិត​អំពី​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​នៅ​កូរិនថូស​ទី​១ ៤:៦, ៧។ (​សូម​អាន​) រាល់​ឯកសិទ្ធិ​ដែល​យើង​ទទួល និង​រាល់​ទេព​កោសល្យ​ដែល​យើង​មាន គឺ​មក​ពី​ព្រះ​យេហូវ៉ា។ យើង​មិន​សម​នឹង​ទទួល​អ្វី​ទាំង​នេះ​ទេ។ អ្វី​ទាំង​អស់​នេះ​គឺ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដែល​មក​ពី​ព្រះ​យេហូវ៉ា។—រ៉ូម ១២:៣, ៦; អេភ. ២:៨, ៩

បណ្ដុំ​រូប​ភាព​៖ បង​ប្អូន​ដែល​មាន​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ១. បង​ប្រុស​ម្នាក់​ពិនិត្យ​មើល​សម្ពាធ​ទឹក​ក្នុង​ទុយ​យោ​នៅ​អគារ​របស់​អង្គការ។ ២. នៅ​សន្និបាត​ប្រចាំ​មណ្ឌល​ភាសា​សញ្ញា បង​ប្រុស​ម្នាក់​សម្ភាស​បង​ស្រី​ម្នាក់។ ៣. បង​ប្រុស​ម្នាក់​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

សមត្ថភាព​ណា​ដែល​យើង​មាន​គឺ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​៩​)​b


១០. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

១០ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដោយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​គំរូ​របស់​លោក​យេស៊ូ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ដែល​លោក​យេស៊ូ​លាង​ជើង​ឲ្យ​ពួក​សាវ័ក។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​លោក​យេស៊ូ​ដឹង​ថា​[​១​]​បិតា​នៅ​ស្ថាន​សួគ៌​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​លោក ហើយ​ដឹង​ថា​[​២​]​លោក​មក​ពី​ព្រះ [​៣​]​ក៏​នឹង​ទៅ​ឯ​ព្រះ​វិញ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​«​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​អ្នក​កាន់​តាម​»។ (​យ៉ូន. ១៣:៣​-​៥​) លោក​យេស៊ូ​អាច​មាន​អារម្មណ៍​ថា ពួក​សាវ័ក​គួរ​តែ​ជា​អ្នក​លាង​ជើង​ឲ្យ​លោក។ ប៉ុន្តែ លោក​យេស៊ូ​មិន​គិត​បែប​នោះ​ទេ ហើយ​លោក​ក៏​មិន​ដែល​មាន​អារម្មណ៍​ថា ដោយ​សារ​លោក​គឺ​ជា​បុត្រ​របស់​ព្រះ លោក​គួរ​មាន​ផ្ទះ​ដ៏​ស្អាត មាន​លុយ​ច្រើន ឬ​មាន​ជីវិត​សុខ​ស្រួល​ឡើយ។ (​លូក. ៩:៥៨​) លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប ហើយ​ស្កប់​ចិត្ត។ លោក​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង។—យ៉ូន. ១៣:១៥

១១. តើ​ចិត្ត​រាប​ទាប​បាន​ជួយ​បង​ដេននីស​ឲ្យ​ស្កប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១១ បង​ប្រុស​ដេននីស​ពី​ប្រទេស​ហូឡង់​ព្យាយាម​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ តែ​នោះ​មិន​ងាយ​ស្រួល​សម្រាប់​គាត់​ទេ។ គាត់​និយាយ​ថា​៖ ​«​ពេល​បង​ប្អូន​ទទួល​ភារកិច្ច​ដែល​ខ្ញុំ​ចង់​បាន ជួន​កាល​ខ្ញុំ​ពិបាក​ចិត្ត​ដោយ​សារ​ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ទទួល​ភារកិច្ច​នោះ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​បែប​នោះ ខ្ញុំ​សិក្សា​អំពី​ចិត្ត​រាប​ទាប។ នៅ​ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ ខ្ញុំ​បាន​បង្កើត​ស្លាក​ភ្ជាប់​ខ​គម្ពីរ​មួយ​ចំនួន​អំពី​ចិត្ត​រាប​ទាប ដើម្បី​ខ្ញុំ​អាច​រក​ឃើញ​ខ​គម្ពីរ​នោះ​យ៉ាង​លឿន ហើយ​អាន​ម្ដង​ទៀត។ ខ្ញុំ​ក៏​បាន​ថត​ចម្លង​សុន្ទរកថា​ខ្លះ​អំពី​ចិត្ត​រាប​ទាប​ក្នុង​ទូរស័ព្ទ​ខ្ញុំ​ដែរ ហើយ​ស្ដាប់​សុន្ទរកថា​នោះ​ជា​រឿយ​ៗ។a ខ្ញុំ​បាន​រៀន​ថា​កិច្ចការ​ទាំង​អស់​ដែល​យើង​ធ្វើ គឺ​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង មិន​មែន​ខ្លួន​យើង​ទេ។ យើង​ម្នាក់​ៗ​មាន​ផ្នែក​តូច​តាច​ក្នុង​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​សម្រេច​»។ បើ​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​សូវ​ស្កប់​ចិត្ត​នឹង​ស្ថានភាព​របស់​អ្នក សូម​ចាត់​វិធានការ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប។ នេះ​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ឲ្យ​ស្កប់​ចិត្ត។—យ៉ា. ៤:៦, ៨

ចូរ​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក

១២. តើ​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​ថ្ងៃ​អនាគត​ជួយ​យើង​ឲ្យ​ស្កប់​ចិត្ត? (​អេសាយ ៦៥:២១​-​២៥​)

១២ យើង​កាន់​តែ​ស្កប់​ចិត្ត​ពេល​យើង​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​អនាគត។ នៅ​ក្នុង​សៀវភៅ​អេសាយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យើង​ថា លោក​យល់​ថា​យើង​មាន​បញ្ហា​ជា​ច្រើន ប៉ុន្តែ​លោក​ក៏​សន្យា​ថា លោក​នឹង​បំបាត់​ចោល​បញ្ហា​ទាំង​អស់​នោះ​ដែរ។ (​សូម​អាន អេសាយ ៦៥:២១​-​២៥​) យើង​នឹង​រស់​នៅ​ដោយ​សុវត្ថិភាព​ក្នុង​ផ្ទះ​ស្អាត​ៗ។ យើង​ក៏​នឹង​មាន​ការ​ងារ​ដ៏​ស្កប់​ចិត្ត ហើយ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​និង​ឈ្ងុយ​ឆ្ងាញ់។ ម្យ៉ាង​ទៀត យើង​នឹង​លែង​ខ្វល់​ខ្វាយ​អំពី​គ្រោះ​ថ្នាក់​ដល់​ខ្លួន​យើង ឬ​កូន​ៗ​របស់​យើង​ទៀត។ (​អេ. ៣២:១៧, ១៨; អេគ. ៣៤:២៥​) យើង​នឹង​មាន​អនាគត​ដ៏​អស្ចារ្យ ហើយ​នោះ​នឹង​កើត​ឡើង​ជា​មិន​ខាន។

១៣. តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​តម្រូវ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង?

១៣ ឥឡូវ​ជាង​ពេល​ណា​ៗ​ទាំង​អស់ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​សង្ឃឹម​របស់​យើង។ ហេតុ​អ្វី? ដោយ​សារ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​យើង​ទាំង​អស់​គ្នា​មាន​បញ្ហា​ដែល​«​លំបាក​ខ្លាំង​ណាស់​»។ (​២ធី. ៣:១​) ព្រះ​យេហូវ៉ា​ជួយ​យើង​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​ផ្ដល់​ការ​ណែនាំ កម្លាំង និង​ការ​គាំទ្រ​ដែល​យើង​ត្រូវ​ការ។ (​ចសព. ១៤៥:១៤​) ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក អាច​ជួយ​យើង​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ពិបាក​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ។ តើ​នេះ​មាន​ន័យ​ថា​អ្នក​នឹង​តែង​តែ​ខ្វះ​ខាត​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ! ព្រះ​យេហូវ៉ា​បាន​សន្យា​ថា លោក​នឹង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ និង​អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​សួន​ឧទ្យាន។ (​ចសព. ៩:១៨; ៧២:១២​-​១៤​) មួយ​វិញ​ទៀត អ្នក​ប្រហែល​ជា​ឈឺ​រាំ​រ៉ៃ មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត។ តើ​អ្នក​នឹង​បន្ត​រង​ទុក្ខ​ដូច​នេះ​ជា​រៀង​រហូត ហើយ​គ្មាន​ថ្ងៃ​ជា​សះ​ស្បើយ​ឬ​ទេ? មិន​មែន​ទេ! នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ជំងឺ​និង​សេចក្ដី​ស្លាប់​នឹង​សាប​សូន្យ​ទៅ។ (​បប. ២១:៣, ៤​) សេចក្ដី​សង្ឃឹម​នេះ​ជួយ​យើង​ឲ្យ​ស្កប់​ចិត្ត គឺ​យើង​មិន​ខឹង​និង​មិន​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​នៅ​ឥឡូវ​នេះ។ ម្យ៉ាង​ទៀត យើង​នៅ​តែ​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ទោះ​ជា​យើង​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌ បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ក្នុង​សេចក្ដី​ស្លាប់ ឬ​មាន​រឿង​អាក្រក់​ឯ​ទៀត​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​ទោះ​ជា​យើង​មាន​ការ​ពិបាក​ខ្លាំង​ប៉ុន​ណា​នៅ​ឥឡូវ​នេះ​ក្ដី យើង​ដឹង​ថា​«​សេចក្ដី​វេទនា​ដែល​យើង​ជួប​ប្រទះ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​»​ ហើយ​ថា​នៅ​ក្នុង​ពិភព​លោក​ថ្មី​យើង​នឹង​មិន​រង​ទុក្ខ​ទៀត​ទេ។—២កូ. ៤:១៧, ១៨

១៤. តើ​យើង​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ ដោយ​សារ​សេចក្ដី​សង្ឃឹម​ជា​អ្វី​ដែល​ជួយ​យើង​ឲ្យ​ចេះ​ស្កប់​ចិត្ត នោះ​តើ​យើង​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​យ៉ាង​ដូច​ម្ដេច? ដូច​បុគ្គល​ម្នាក់​ត្រូវ​ពាក់​វ៉ែនតា​ដើម្បី​មើល​អ្វី​ដែល​នៅ​ឆ្ងាយ​ឲ្យ​បាន​ច្បាស់ យើង​ប្រហែល​ជា​ត្រូវ​ចាត់​វិធានការ​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង ដើម្បី​យើង​អាច​ស្រមៃ​ឃើញ​សួន​ឧទ្យាន​នៅ​ថ្ងៃ​អនាគត​កាន់​តែ​ច្បាស់។ ជា​ឧទាហរណ៍ ពេល​យើង​ព្រួយ​បារម្ភ​អំពី​លុយ​កាក់ យើង​អាច​គិត​អំពី​ជីវិត​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ក្នុង​សួន​ឧទ្យាន ពេល​ដែល​លែង​ត្រូវ​ការ​លុយ ហើយ​នឹង​លែង​មាន​អ្នក​ក្រ​ទៀត។ បើ​យើង​ព្រួយ​បារម្ភ​អំពី​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែល​យើង​មិន​ទាន់​ទទួល យើង​អាច​គិត​ថា តើ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ​នឹង​សំខាន់​យ៉ាង​ណា បើ​ប្រៀប​ធៀប​ទៅ​នឹង​ជីវិត​ដ៏​អស្ចារ្យ​នៅ​សួន​ឧទ្យាន ពេល​យើង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​រាប់​ពាន់​ឆ្នាំ។ (​១ធី. ៦:១៩​) នៅ​ដំបូង ដោយ​សារ​យើង​ព្រួយ​បារម្ភ​អំពី​ជីវិត​នៅ​សព្វ​ថ្ងៃ យើង​ប្រហែល​ជា​ពិបាក​រំពឹង​គិត​អំពី​ជីវិត​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​យូរ​ៗ​ទៅ ការ​សម្លឹង​មើល​ទៅ​ថ្ងៃ​អនាគត​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា អាច​ទៅ​ជា​អ្វី​ដែល​ស្រួល​សម្រាប់​យើង។

១៥. តើ​អ្នក​បាន​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​គ្រិស្តា?

១៥ សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​ជួយ​បង​គ្រិស្តា​ដែល​ជា​ប្រពន្ធ​របស់​បង​ដេននីស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ។ បង​គ្រិស្តា​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​មាន​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ខ្សោយ​ណាស់។ ខ្ញុំ​ដើរ​មិន​បាន ត្រូវ​ប្រើ​រទេះ​រុញ ហើយ​ភាគ​ច្រើន​ខ្ញុំ​ត្រូវ​ដេក​ជាប់​នៅ​លើ​គ្រែ។ ខ្ញុំ​ឈឺ​ចាប់​រាល់​ថ្ងៃ។ ថ្មី​ៗ​នេះ គ្រូ​ពេទ្យ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា សូម្បី​តែ​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ខ្ញុំ​មិន​អាច​ជា​ពី​ជំងឺ​នេះ​បាន​ដែរ។ ប៉ុន្តែ​ភ្លាម​ៗ ខ្ញុំ​គិត​ថា ‹គាត់​មាន​ទស្សនៈ​ខុស​ពី​ខ្ញុំ​ចំពោះ​ថ្ងៃ​អនាគត›។ ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ជីវិត​នៅ​ក្នុង​ពិភព​លោក​នេះ តែ​ខ្ញុំ​នឹង​មាន​ជីវិត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភព​លោក​ថ្មី!​»។

​«​អស់​អ្នក​ដែល​កោត​ខ្លាច​លោក នឹង​មិន​ខ្វះ​អ្វី​ឡើយ​»​

១៦. ហេតុ​អ្វី​ស្ដេច​ដាវីឌ​អាច​សរសេរ​ថា​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នឹង​«​មិន​ខ្វះ​អ្វី​ឡើយ​»​?

១៦ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​ចេះ​ស្កប់​ចិត្ត នៅ​តែ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា។ ជា​ឧទាហរណ៍ ស្ដេច​ដាវីឌ​ធ្លាប់​បាត់​បង់​យ៉ាង​ហោច​ណាស់​កូន​បី​នាក់​របស់​គាត់។ គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ក្បត់ និង​ត្រូវ​គេ​ដេញ​តាម​សម្លាប់​អស់​ជា​ច្រើន​ឆ្នាំ ហាក់​ដូច​ជា​គាត់​ជា​អ្នក​ទោស។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​គាត់​កំពុង​រង​ទុក្ខ​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​អស់​អ្នក​ដែល​កោត​ខ្លាច​លោក នឹង​មិន​ខ្វះ​អ្វី​ឡើយ​»។ (​ចសព. ៣៤:៩, ១០​) ហេតុ​អ្វី​គាត់​អាច​និយាយ​ដូច្នេះ? ពីព្រោះ​ទោះ​ជា​យើង​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​រំពឹង​ថា​ជីវិត​យើង​នឹង​មិន​មាន​បញ្ហា​សោះ​ក្ដី យើង​ដឹង​ប្រាកដ​ថា យើង​នឹង​មិន​ខ្វះ​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ។ (​ចសព. ១៤៥:១៦​) ដូច​ស្ដេច​ដាវីឌ យើង​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​អស់​របស់​យើង។ យ៉ាង​នេះ យើង​អាច​ស្កប់​ចិត្ត​បាន។

១៧. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត?

១៧ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ស្កប់​ចិត្ត។ (​ចសព. ១៣១:១, ២​) ដូច្នេះ សូម​ព្យាយាម​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត។ បើ​អ្នក​ខំ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ បន្ត​ផ្ដោត​អារម្មណ៍​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​មាន​ចិត្ត​រាប​ទាប ហើយ​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក នោះ​អ្នក​នឹង​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត​»។—ភី. ៤:១១

តើ​អ្វី​បន្ត​បន្ទាប់​នេះ​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​ចេះ​ស្កប់​ចិត្ត?

  • ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ

  • ការ​បន្ត​ផ្ដោត​អារម្មណ៍​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​រក្សា​ចិត្ត​រាប​ទាប

  • ការ​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក

ចម្រៀង​លេខ​១១៨ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»​

a ជា​ឧទាហរណ៍ សូម​មើល​កម្ម​វិធី​ការ​គោរព​ប្រណិប័តន៍​ពេល​ព្រឹក​ដែល​មាន​ចំណង​ជើង​ថា​ចិត្ត​រាប​ទាប ឬ ក្រអឺត​ក្រទម នៅ​ក្នុង​គេហទំព័រ​jw.org/km។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្រុស​ម្នាក់​ថែ​ទាំ​អគារ​របស់​អង្គការ​ព្រះ បង​ស្រី​ម្នាក់​ដែល​រៀន​ភាសា​សញ្ញា​បាន​ត្រូវ​សម្ភាស​នៅ​សន្និបាត​ប្រចាំ​មណ្ឌល ហើយ​បង​ប្រុស​ម្នាក់​ទៀត​ថ្លែង​សុន្ទរកថា​សាធារណៈ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក