បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៨ ទំ. ១៥-២០
  • របៀបដែលព្រះយេហូវ៉ាចូលមកជិតយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដែលព្រះយេហូវ៉ាចូលមកជិតយើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​រៀន​ពី​គំរូ​មួយ​នៅ​សម័យ​បុរាណ
  • ព្រះ​យេហូវ៉ា​ប្រើ​ថ្លៃ​លោះ​ដើម្បី​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក
  • ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ​ដើម្បី​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក
  • ចូរ​បណ្ដុះ​ចំណង​មិត្តភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ
  • «ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរប្រព្រឹត្តដោយប្រាជ្ញានៅគ្រាសុខសាន្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • តើចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៨ ទំ. ១៥-២០

របៀប​ដែល​ព្រះ​យេហូវ៉ា​ចូល​មក​ជិត​យើង

​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ . . .

  • ការ​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ចូល​ទៅ​ជិត​លោក?

  • ថ្លៃ​លោះ​ដែល​ជា​អំណោយ​ពី​ព្រះ?

  • ការ​មាន​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​តាម​របៀប​ដែល​យើង​អាច​យល់​បាន?

១​. តើ​មនុស្ស​ត្រូវ​ការ​អ្វី ហើយ​តើ​អ្នក​ណា​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ?

មនុស្ស​គ្រប់​រូប​ត្រូវ​ការ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​មនុស្ស​ឯ​ទៀត។ ភាព​ជិត​ស្និទ្ធ​នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​ដោយ​មាន​គ្រួសារ​និង​មិត្ត​ភក្ដិ​ដែល​ពិត​ជា​ស្រឡាញ់ ឲ្យ​តម្លៃ ហើយ​យល់​អំពី​យើង។ ប៉ុន្តែ បុគ្គល​ដែល​យើង​ត្រូវ​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​បំផុត គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​របស់​យើង។—សាស្ដា ១២:១

២​. តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​នឹង​យើង ប៉ុន្តែ​ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ជឿ​សេចក្ដី​សន្យា​នេះ?

២ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក។ លោក​សន្យា​ថា បើ​យើង​ចូល​ទៅ​ជិត​លោក នោះ​លោក​នឹង​ចូល​មក​ជិត​យើង។ (​យ៉ាកុប ៤:៨​) ការ​ដឹង​អំពី​ចំណុច​នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា គឺ​មិន​សម​ហេតុ​សម​ផល​ទេ​ឲ្យ​ពួក​គេ​ជឿ​ថា​ព្រះ​ចង់​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ពួក​គេ។ ពួក​គេ​គិត​ថា​ពួក​គេ​មិន​សម​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក ឬ​ថា​លោក​នៅ​ឆ្ងាយ​ពេក។ តើ​យើង​ពិត​ជា​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន​ឬ​ទេ?

៣​. ស្តី​អំពី​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ជឿ​អ្វី?

៣ មែន​ហើយ យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា ពី​ព្រោះ​«​លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ដែល​ចង់​ស្វែងរក​លោក​ទេ។ (​សូម​អាន សកម្មភាព ១៧:២៦, ២៧; ទំនុក​តម្កើង ១៤៥:១៨​) ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​នឹង​ទទួល​យក​យើង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ទោះជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ (​អេសាយ ៤១:៨; ៥៥:៦​) ដោយ​សារ​អ្នក​តែង​ទំនុក​តម្កើង​បាន​ពិសោធ​ដោយ​ផ្ទាល់ នោះ​គាត់​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់ មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់​»។ (​ទំនុក​តម្កើង ៦៥:២, ៤​) ឥឡូវ​នេះ សូម​រៀន​ពី​គម្ពីរ​នូវ​របៀប​ដែល​ស្តេច​អេសា​នៃ​ស្រុក​យូដា​បាន​ចូល​ទៅ​ជិត​ព្រះ​និង​របៀប​ដែល​ព្រះ​បាន​ចូល​ទៅ​ជិត​អេសា​ដែរa (​សូម​មើល​កំណត់​សម្គាល់​)។

ចូរ​រៀន​ពី​គំរូ​មួយ​នៅ​សម័យ​បុរាណ

៤​. តើ​ស្តេច​អេសា​បាន​ទុក​គំរូ​អ្វី​ដល់​បណ្ដា​ជន​យូដា?

៤ អេសា​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ ពេល​គាត់​បាន​ទៅ​ជា​ស្តេច ពេស្យាចារ​នៅ​វិហារ​និង​ការ​គោរព​បូជា​រូប​ព្រះ​មាន​ច្រើន​ណាស់​នៅ​ក្នុង​ស្រុក ហើយ​គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​នោះ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៥:៩​-​១៣​) ដោយ​សារ​អេសា​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​បាន​គោរព​ច្បាប់​របស់​លោក គាត់​អាច​ប្រាប់​បណ្ដា​ជន​ឲ្យ​«​ស្វែងរក​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ​»។ ហេតុ​នេះ ក្នុង​អំឡុង​១០​ឆ្នាំ​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​អេសា ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សន្ដិភាព​យ៉ាង​បរិបូរ។ អេសា​បាន​ដឹង​ថា​សន្ដិភាព​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​យើង​រាល់​គ្នា​បាន​ស្វែងរក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ព័ទ្ធ​ជុំ​វិញ​»។ (​របា​ក្សត្រ​ទី២ ១៤:១​-​៧​) ដូច្នេះ តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ពី​នោះ?

៥​. តើ​ក្នុង​ស្ថានភាព​អ្វី​អេសា​បាន​បង្ហាញ​ថា​គាត់​បាន​ទុក​ចិត្ត​ព្រះ ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

៥ សូម​ស្រមៃ​គិត​ថា​អ្នក​ជា​ស្តេច​អេសា។ សេរ៉ាស​ដែល​ជា​ជន​ជាតិ​អេចូពី​កំពុង​ដឹក​នាំ​ទ័ព​១​លាន​នាក់​និង​រទេះ​ចម្បាំង​៣០០​គ្រឿង​មក​ធ្វើ​សង្គ្រាម​នឹង​ប្រជា​ជាតិ​របស់​អ្នក។ (​របា​ក្សត្រ​ទី២ ១៤:៨​-​១០​) គាត់​មាន​កង​ទ័ព​ច្រើន​ជាង​កង​ទ័ព​របស់​អ្នក​ជិត​ពីរ​ដង។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? តើ​អ្នក​នឹង​ឆ្ងល់​អំពី​មូលហេតុ​ដែល​ព្រះ​មិន​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​នេះ​ឬ​ទេ? តើ​អ្នក​នឹង​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​អ្នក​ឬ? ឬ​ផ្ទុយ​ទៅ​វិញ តើ​អ្នក​នឹង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​ការ​ពារ​អ្នក​ឬ​ទេ? អេសា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​គាត់​បាន​ទុក​ចិត្ត​លោក​ទាំង​ស្រុង។ អេសា​បាន​ស្រែក​ឡើង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង​»។ តើ​ព្រះ​បាន​ឆ្លើយ​តប​ទៅ​គាត់​យ៉ាង​ដូច​ម្ដេច? ​«​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធីអូពី​»។ គ្មាន​សត្រូវ​ណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ។—របា​ក្សត្រ​ទី២ ១៤:១១​-​១៣

យើង​ត្រូវ​បម្រើ​ព្រះ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​យើង​អាច​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក

៦​. តើ​យើង​គួរ​យក​តម្រាប់​អេសា​យ៉ាង​ដូច​ម្ដេច?

៦ ហេតុ​អ្វី​អេសា​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​នឹង​ការ​ពារ ព្រម​ទាំង​ណែនាំ​គាត់? គម្ពីរ​ចែង​ថា​៖ ​«​អេសា​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​ទៀង​ត្រង់ នៅ​ព្រះនេត្រព្រះ​យេហូវ៉ា​»​ ហើយ​ថា​«​ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១៥:១១, ១៤​) យើង​ក៏​ត្រូវ​បម្រើ​ព្រះ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ដែរ ដើម្បី​យើង​អាច​ជិត​ស្និទ្ធ​នឹង​លោក​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត។ យើង​មាន​ចិត្ត​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​បាន​ចាត់​វិធានការ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក ហើយ​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ សូម​ពិចារណា​របៀប​ពីរ​យ៉ាង​ដែល​ព្រះ​បាន​ធ្វើ​ដូច្នេះ។

ព្រះ​យេហូវ៉ា​ប្រើ​ថ្លៃ​លោះ​ដើម្បី​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក

៧​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក? (​ខ​) តើ​អ្វី​ជា​របៀប​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក?

៧ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ពេល​លោក​បាន​បង្កើត​ផែន​ដី​ដ៏​ល្អ​ស្អាត​ធ្វើ​ជា​លំនៅ​របស់​យើង។ លោក​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទ្រទ្រង់​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។ (​សកម្មភាព ១៧:២៨; ការ​បើក​បង្ហាញ ៤:១១​) របៀប​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ (​លូកា ១២:៤២​) លោក​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ដែរ​ថា​លោក​នឹង​ស្ដាប់​ដោយ​ផ្ទាល់ ពេល​យើង​អធិដ្ឋាន​ទៅ​លោក។ (​យ៉ូហាន​ទី១ ៥:១៤​) ប៉ុន្តែ របៀប​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង គឺ​តាម​រយៈ​ថ្លៃ​លោះ។ (​សូម​អាន យ៉ូហាន​ទី១ ៤:៩, ១០, ១៩​) ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​លះ​បង់​ជីវិត​ដើម្បី​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​យើង។ មាន​តែ​តាម​រយៈ​គ្រឿង​បូជា​នេះ​ប៉ុណ្ណោះ​ទើប​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។—យ៉ូហាន ៣:១៦

ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​នឹង​ស្ដាប់​ដោយ​ផ្ទាល់ ពេល​យើង​អធិដ្ឋាន​ទៅ​លោក

៨, ៩​. តើ​លោក​យេស៊ូ​មាន​តួនាទី​អ្វី​ក្នុង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា?

៨ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ សូម្បី​តែ​ពួក​អ្នក​ដែល​បាន​រស់​នៅ​មុន​ថ្លៃ​លោះ​បាន​ត្រូវ​បង់​ក៏​ដោយ។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ពេល​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​អំពី​អ្នក​សង្គ្រោះ​យើង លោក​បាន​ចាត់​ទុក​ថ្លៃ​លោះ​ថា​បាន​បង់​រួច​ហើយ ដោយ​សារ​លោក​បាន​ដឹង​ថា​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​នឹង​បាន​សម្រេច។ (​លោកុប្បត្តិ ៣:១៥​) រាប់​រយ​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ូល​បាន​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​«​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់​»។ ប៉ូល​បាន​ពន្យល់​ថា​ព្រះ​«​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល​»។ (​រ៉ូម ៣:២១​-​២៦​) ដូច្នេះ បើ​គ្មាន​លោក​យេស៊ូ យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ទេ។

ថ្លៃ​លោះ​បាន​ត្រូវ​បង់ មិន​មែន​ដោយ​សារ​យើង​សម​នឹង​ទទួល​ថ្លៃ​លោះ​ទេ ប៉ុន្តែ​ដោយ​សារ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​យើង​ខ្លាំង​ណាស់

៩ គឺ​តាម​រយៈ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក តាម​របៀប​នេះ​៖ គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។ (​រ៉ូម ៥:៦​-​៨​) ថ្លៃ​លោះ​បាន​ត្រូវ​បង់ មិន​មែន​ដោយ​សារ​យើង​សម​នឹង​ទទួល​ថ្លៃ​លោះ​ទេ ប៉ុន្តែ​ដោយ​សារ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌​»។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូហាន ៦:៤៤; ១៤:៦​) ដោយ​ប្រើ​សកម្មពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​ទាញ​នាំ​មនុស្ស​ឲ្យ​មក​ឯ​លោក​តាម​រយៈ​លោក​យេស៊ូ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​លោក ដើម្បី​ពួក​គេ​អាច​រស់​ជា​រៀង​រហូត។ (​សូម​អាន យូដាស ២០, ២១​) ឥឡូវនេះ សូម​ពិចារណា​អំពី​របៀប​ទី២​ដែល​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក។

ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ​ដើម្បី​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក

១០​. តើ​តាម​របៀប​ណា​គម្ពីរ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ?

១០ មក​ដល់​ត្រឹម​នេះ នៅ​ក្នុង​អត្ថបទ​នេះ​យើង​បាន​ប្រើ​បទ​គម្ពីរ​ផ្សេង​ៗ​ពី​សៀវភៅ​គម្ពីរ​១៤។ ដោយ​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ​ដើម្បី​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក។ បើ​គ្មាន​គម្ពីរ​ទេ តើ​តាម​របៀប​ណា​យើង​ដឹង​ថា​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង? បើ​គ្មាន​គម្ពីរ​ទេ តើ​តាម​របៀប​ណា​យើង​អាច​រៀន​អំពី​ថ្លៃ​លោះ​និង​អំពី​របៀប​ដែល​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា? គឺ​នៅ​ក្នុង​គម្ពីរ​ដែល​យើង​រៀន​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​របស់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ។ ជា​ឧទាហរណ៍ នៅ​និក្ខមនំ ៣៤:៦, ៧ ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​ខ្លួន​លោក​ថា​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប​»។ តើ​អ្នក​ណា​នឹង​មិន​ចូល​ទៅ​ជិត​បុគ្គល​ដូច​នោះ? ព្រះ​យេហូវ៉ា​ដឹង​ថា​ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​លោក លោក​នឹង​ទៅ​ជា​បុគ្គល​ពិត​សម្រាប់​យើង ហើយ​យើង​នឹង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​លោក។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​សរសេរ​គម្ពីរ​តាម​របៀប​ដែល​ស្រួល​យល់

១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

១១ បុព្វកថា​នៃ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ចែង​ថា ចំណង​មេត្រី​ភាព​ណា​ដែល​យើង​មាន​នោះ គឺ​ស្ថិត​នៅ​លើ​ការ​ស្គាល់​បុគ្គល​ឯ​ទៀត​យ៉ាង​ច្បាស់ ទាំង​ស្រឡាញ់​និង​យល់​តម្លៃ​នៃ​លក្ខណៈ​សម្បត្ដិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នោះ។ ដូច្នេះ ដើម្បី​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ យើង​ត្រូវ​រៀន​ឲ្យ​ដឹង​ថា តាម​ពិត​លោក​ជា​បុគ្គល​បែប​ណា​ដោយ​សិក្សា​អំពី​គុណ​សម្បត្ដិ​របស់​លោក​នៅ​ក្នុង​គម្ពីរ។ យើង​អាច​ដឹង​គុណ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ឲ្យ​មនុស្ស​សរសេរ​គម្ពីរ​តាម​របៀប​ដែល​ស្រួល​យល់។

១២​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ប្រើ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ?

១២ ព្រះ​យេហូវ៉ា​អាច​ប្រើ​ទេវតា​ឲ្យ​សរសេរ​គម្ពីរ។ ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​លក្ខណៈ​ពិត​របស់​យើង និង​អ្វី​ដែល​យើង​ធ្វើ។ (​ពេត្រុស​ទី១ ១:១២​) ពួក​គេ​អាច​សរសេរ​សារ​របស់​ព្រះ​យេហូវ៉ា​ទៅ​មនុស្សជាតិ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ទេវតា​មិន​ដូច​មនុស្ស​ទេ។ ពួក​គេ​មិន​ដែល​មាន​អារម្មណ៍ សេចក្ដី​ត្រូវ​ការ​និង​ភាព​ទន់​ខ្សោយ​ដែល​យើង​មាន​ឡើយ។ ព្រះ​យេហូវ៉ា​ដឹង​ថា​ទេវតា​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​យើង ដូច្នេះ​ដោយ​ពិចារណា​យ៉ាង​ត្រឹម​ត្រូវ លោក​បាន​ជ្រើស​រើស​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ។ ពេល​យើង​អាន​អំពី​ការ​ខក​ចិត្ត ការ​សង្ស័យ ការ​ភ័យ​ខ្លាច​និង​កំហុស​របស់​អ្នក​សរសេរ​គម្ពីរ​និង​អ្នក​ឯ​ទៀត យើង​អាច​ឈឺ​ចិត្ត​ដូច​ពួក​គេ​ដែរ។ ពេល​យើង​អាន​អំពី​គ្រា​ដ៏​សប្បាយ​ដែល​ពួក​គេ​មាន យើង​អាច​អរ​សប្បាយ​ដូច​ពួក​គេ​ដែរ។ ដូច​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា អ្នក​សរសេរ​គម្ពីរ​ទាំង​អស់​មាន​«​អារម្មណ៍​ដូច​យើង​ដែរ​»។—យ៉ាកុប ៥:១៧

១៣​. តើ​សេចក្ដី​អធិដ្ឋាន​របស់​យ៉ូណាស​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១៣ ជា​ឧទាហរណ៍ ព្រះ​បាន​ឲ្យ​យ៉ូណាស​នូវ​ភារកិច្ច​ដ៏​សំខាន់មួយ ប៉ុន្តែ​យ៉ូណាស​បាន​រត់​ចេញ។ បើ​ទេវតា​មួយ​រូប​បាន​សរសេរ​រឿង​នេះ គាត់​មិន​អាច​រៀប​រាប់​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​របស់​យ៉ូណាស​ទេ។ គឺ​ល្អ​ជាង​ឆ្ងាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យ៉ូណាស​ឲ្យ​សរសេរ​រឿង​របស់​គាត់ រួម​ទាំង​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ទៅ​ព្រះ​ពី​ក្នុង​ជម្រៅ​សមុទ្រ។ យ៉ូណាស​បាន​ពោល​ថា​៖ ​«​កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល​បង្គំ​បាន​នឹក​ដល់​ព្រះ​យេហូវ៉ា​»។—យ៉ូណាស ១:៣, ១០; ២:១​-​៩

១៤​. ហេតុ​អ្វី​អ្នក​អាច​យល់​អ្វី​ដែល​អេសាយ​បាន​សរសេរ​អំពី​ខ្លួន​គាត់?

១៤ យើង​អាច​ឃើញ​ឧទាហរណ៍​មួយ​ទៀត​នៅ​ក្នុង​អ្វី​ដែល​អេសាយ​បាន​សរសេរ​អំពី​ខ្លួន​គាត់។ កាល​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​នូវ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា នេះ​បាន​ជួយ​គាត់​ឲ្យ​ទទួល​ស្គាល់​ថា​គាត់​មាន​ភាព​ខុស​ឆ្គង​យ៉ាង​ណា។ គាត់​បាន​និយាយ​ថា​៖ ​«​វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា​ក្សត្រ គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ!​»។ (​អេសាយ ៦:៥​) ទេវតា​មិន​អាច​និយាយ​ដូច្នោះ​អំពី​ខ្លួន​គាត់​ទេ ប៉ុន្តែ​អេសាយ​អាច​និយាយ​ដូច្នោះ ហើយ​គាត់​បាន​និយាយ​ដូច្នោះ​មែន។ ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ​ដូច​អេសាយ យើង​អាច​ស្រមៃ​គិត​ថា​គាត់​ច្បាស់​ជា​មាន​អារម្មណ៍​យ៉ាង​ណា។

១៥, ១៦​. (​ក​) ហេតុ​អ្វី​យើង​អាច​យល់​អារម្មណ៍​របស់​មនុស្ស​ឯ​ទៀត? សូម​លើក​ឧទាហរណ៍។ (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា?

១៥ បណ្ដា​ទេវតា​មិន​អាច​និយាយ​ថា​ខ្លួន​គាត់​«​ទន់​ទាប​»​ដូច​យ៉ាកុប​បាន​និយាយ ឬ​ថា​ខ្លួន​«​មាន​ភាព​ខុស​ឆ្គង​»​ ដូច​ពេត្រុស​បាន​និយាយ​នោះ​ទេ។ (​កំណើត​ពិភព​លោក ៣២:១១ ខ.ស. [​លោកុប្បត្តិ ៣២:១០​]; លូកា ៥:៨​) ពួក​គាត់​នឹង​មិន​«​ភ័យ​ខ្លាច​»​ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​ធ្លាប់​ភ័យ​ខ្លាច​ម្ដង​ម្កាលឡើយ។ បណ្ដា​ទេវតា​នឹង​មិន​ត្រូវ​ការ​ចិត្ត​ក្លាហាន ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ចំពោះ​មុខ​ការ​បៀតបៀន​ដូច​ប៉ូល​និង​អ្នក​ឯ​ទៀត​ឡើយ។ (​យ៉ូហាន ៦:១៩; ថែស្សាឡូនិច​ទី១ ២:២​) នេះ​ដោយ​សារ​បណ្ដា​ទេវតា​គឺ​ល្អ​ឥត​ខ្ចោះ​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ខ្លាំង​ជាង​មនុស្ស​ឆ្ងាយ​ណាស់។ ដូច​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​សរសេរ​គម្ពីរ យើង​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែរ ដូច្នេះ​យើង​អាច​យល់​អារម្មណ៍​របស់​ពួក​គេ។ ពេល​យើង​អាន​អ្វី​ដែល​ពួក​គេ​បាន​សរសេរ យើង​អាច‹អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​អរ​សប្បាយ យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ›។—រ៉ូម ១២:១៥

១៦ ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​សម័យ​មុន នោះ​យើង​នឹង​ដឹង​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះ​របស់​យើង។ យើង​នឹង​ឃើញ​ថា​លោក​បាន​ចូល​ទៅ​ជិត​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដោយ​ចិត្ត​អត់​ធ្មត់​និង​ដោយ​សេចក្ដី​ស្រឡាញ់។ កាល​ដែល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ ហើយ​ស្រឡាញ់​លោក​យ៉ាង​ខ្លាំង នោះ​យើង​នឹង​ចូល​ទៅ​កាន់​តែ​ជិត​លោក។—សូម​អាន ទំនុក​តម្កើង ២៥:១៤

ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​សម័យ​មុន នោះ​យើង​នឹង​ដឹង​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះ​របស់​យើង

ចូរ​បណ្ដុះ​ចំណង​មិត្តភាព​មាំ​មួន​ជា​មួយ​នឹង​ព្រះ

១៧​. (​ក​) តើ​អ្វី​ជា​ឱវាទ​ដ៏​ល្អ​ដែល​អ័សារា​បាន​ជូន​ដល់​អេសា? (​ខ​) តើ​តាម​របៀប​ណា​អេសា​មិន​អើពើ​នឹង​ឱវាទ​របស់​អ័សារា ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៧ មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​យើង​អាច​រៀន​ពី​ស្តេច​អេសា។ ក្រោយ​ពី​គាត់​បាន​ច្បាំង​ឈ្នះ​កង​ទ័ព​អេចូពី អ្នក​ប្រកាស​ទំនាយ​អ័សារា​បាន​ជូន​ឱវាទ​ដ៏​ល្អ​ដល់​គាត់។ អ័សារា​បាន​និយាយ​ថា​៖ ​«​កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ​»។ (​របា​ក្សត្រ​ទី២ ១៥:១, ២​) ប៉ុន្តែ​ក្រោយ​មក អេសា​មិន​បាន​ធ្វើ​តាម​ឱវាទ​ដ៏​ល្អ​នេះ​ទេ។ ពេល​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​នៅ​ខាង​ជើង​មក​វាយ​ប្រហារ​ស្រុក​យូដា អេសា​បាន​ភ័យ​ខ្លាច។ គាត់​មិន​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​ជន​ជាតិ​ស៊ីរី​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​គាត់​«​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់​ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំ​បាំង​ជា​និច្ច​»។ នេះ​បាន​កើត​ឡើង​មែន។ (​របា​ក្សត្រ​ទី២ ១៦:១​-​៩​) តើ​មាន​មេរៀន​អ្វី​សម្រាប់​យើង?

១៨, ១៩​. (​ក​) តើ​យើង​គួរ​ធ្វើ​អ្វី បើ​យើង​មិន​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដូច​ពី​មុន? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​បន្ត​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា?

១៨ យើង​មិន​គួរ​ថយ​ចេញ​ពី​ព្រះ​យេហូវ៉ា​ទេ។ បើ​យើង​មិន​ជិត​ស្និទ្ធ​នឹង​លោក​ដូច​ពី​មុន សូម​ធ្វើ​ភ្លាម​ៗ​នូវ​អ្វី​ដែល​ហូសេ ១២:៧​បាន​ចែង​ថា​៖ ​«​ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ ចូរ​កាន់​តាម​សេចក្ដី​សប្បុរស នឹង​សេចក្ដី​យុត្ដិធម៌ ព្រម​ទាំង​រង់​ចាំ​ព្រះ​នៃ​ឯង​ជា​និច្ច​ផង​»។ ពេល​យើង​រំពឹង​គិត​អំពី​ថ្លៃ​លោះ ហើយ​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​អាច​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—សូម​អាន ចោទិយកថា ១៣:៤

១៩ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ‹ការ​ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ›។ (​ទំនុក​តម្កើង ៧៣:២៨​) ការ​ចូល​ទៅ​ជិត​ព្រះ​ក៏​ជា​ការ​ល្អ​សម្រាប់​យើង​ម្នាក់​ៗ​ដែរ។ សូម​កំណត់​គោល​ដៅ​ដើម្បី​បន្ត​រៀន​អ្វី​ថ្មី​ៗ​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ ពេល​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ចូល​កាន់​តែ​ជិត​យើង​នៅ​ពេល​ឥឡូវ​នេះ​និង​ជា​រៀង​រហូត!

a សូម​មើល​អត្ថបទ​អំពី​អេសា​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​»​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា: ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ ហើយ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​លោក។ យក​លោក​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក