បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៨ ទំ. ៣០-៣១
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • «ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ដំណើររស់ឡើងវិញជាសេចក្ដីបង្រៀនដែលមានអានុភាពលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៨ ទំ. ៣០-៣១

សំណួរ​ពី​អ្នក​អាន

លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាឌូស៊ី​ថា​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​«​នឹង​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ឡើយ​»។ (​លូកា ២០:៣៤​-​៣៦​) តើ​លោក​យេស៊ូ​កំពុង​និយាយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ឬ?

នេះ​គឺ​ជា​សំណួរ​សំខាន់​មួយ ជា​ពិសេស​បើ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​ស្លាប់។ អ្នក​ប្រហែល​ជា​មាន​បំណង​យ៉ាង​ខ្លាំង​ចង់​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​ឡើង​វិញ​ជា​មួយ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ថ្មី។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖ ​«​ប្រពន្ធ​របស់​ខ្ញុំ​និង​ខ្ញុំ​មិន​បាន​សម្រេច​ចិត្ត​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ទេ។ យើង​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជា​រៀង​រហូត។ បំណង​ទាំង​នេះ​មិន​ដែល​ផ្លាស់​ប្ដូរ​ទេ​សម្រាប់​ខ្ញុំ​»។ តើ​មាន​មូលហេតុ​ឲ្យ​ជឿ​ថា​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​នឹង​អាច​រៀប​ការ​បាន​ឬ​ទេ? យើង​មិន​អាច​និយាយ​ប្រាកដ​បាន​ទេ។

អស់​ជា​ច្រើន​ឆ្នាំ សៀវភៅ​របស់​យើង​បាន​សរសេរ​ថា​ពាក្យ​របស់​លោក​យេស៊ូ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​អំពី​ការ​រៀប​ការ​ទំនង​ជា​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ ម្យ៉ាង​ទៀត សៀវភៅ​របស់​យើង​ក៏​បាន​សរសេរ​ដែរ​ថា​នៅ​ក្នុង​ពិភព​លោក​ថ្មី អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទំនង​ជា​មិន​រៀប​ការ​ឡើយ។a (​សូម​មើល​កំណត់​សម្គាល់​) (​ម៉ាថាយ ២២:២៩, ៣០; ម៉ាកុស ១២:២៤, ២៥; លូកា ២០:៣៤​-​៣៦​) ប៉ុន្តែ តើ​ពាក្យ​របស់​លោក​យេស៊ូ​អាច​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ឬ​ទេ? ដោយ​មិន​និយាយ​ដាច់​ខាត​អំពី​រឿង​នេះ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។

តើ​លោក​យេស៊ូ​កំពុង​និយាយ​ទៅ​អ្នក​ណា ពេល​លោក​បាន​ពោល​ពាក្យ​ខាង​លើ​នោះ​ស្តី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? (​សូម​អាន លូកា ២០:២៧​-​៣៣​) លោក​កំពុង​និយាយ​ទៅ​ពួក​សាឌូស៊ី។ និកាយ​នៃ​សាសនាយូដា​នេះ​មិន​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ ហើយ​ពួក​គេ​បាន​ព្យាយាម​បញ្ឆោត​លោក​យេស៊ូ​ដោយ​សួរ​សំណួរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​និង​អំពី​ការ​រៀប​ការ​ជា​មួយ​នឹង​បុរស​ជា​សាច់​ថ្លៃ។b (​សូម​មើល​កំណត់​សម្គាល់​) លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​មនុស្ស​ក្នុង​របៀប​របប​ពិភព​លោក​នេះ​រៀប​ការ​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​សម​ទទួល​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ ហើយ​សម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ឡើយ។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​មិន​អាច​ស្លាប់​ទៀត​ដែរ ព្រោះ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ ក៏​ជា​កូន​របស់​ព្រះ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—លូកា ២០:៣៤​-​៣៦

ហេតុ​អ្វី​សៀវភៅ​របស់​យើង​បាន​សរសេរ​ថា​លោក​យេស៊ូ​ទំនង​ជា​កំពុង​និយាយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី? មាន​មូលហេតុ​ពីរ​យ៉ាង។ មូលហេតុ​ទី១ គឺ​ទំនង​ជា​ពួក​សាឌូស៊ី​កំពុង​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី ពេល​ពួក​គេ​បាន​និយាយ​ទៅ​លោក​យេស៊ូ។ ដូច្នេះ តាម​មើល​ទៅ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​លោក​យេស៊ូ​បាន​ឆ្លើយ​ទៅ​ពួក​គេ​ដោយ​និយាយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ មូលហេតុ​ទី២ លោក​យេស៊ូ​បាន​បញ្ចប់​ចម្លើយ​របស់​លោក​ដោយ​និយាយ​អំពី​អាប្រាហាំ អ៊ីសាក​និង​យ៉ាកុប។ បុរស​ស្មោះ​ត្រង់​ទាំង​នេះ​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។—លូកា ២០:៣៧, ៣៨

ប៉ុន្តែ លោក​យេស៊ូ​ប្រហែល​ជា​និយាយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ តើ​យើង​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​និយាយ​ដូច្នេះ? សូម​យើង​ពិចារណា​អំពី​ឃ្លា​ពីរ​ក្នុង​ចម្លើយ​របស់​លោក​យេស៊ូ​ទៅ​ពួក​សាឌូស៊ី។

​«​ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​សម​ទទួល . . . ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ពួក​អ្នក​ស្មោះ​ត្រង់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​«​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​សម​នឹង​ទទួល​រាជាណាចក្រ​នៃ​ព្រះ​»។ (​ថែស្សាឡូនិច​ទី២ ១:៥, ១១​) ដោយ​សារ​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត ព្រះ​បាន​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​ជា​មនុស្ស​សុចរិត។ ពេល​ពួក​គាត់​ស្លាប់ ព្រះ​ចាត់​ទុក​ពួក​គាត់​ជា​មនុស្ស​ដែល​គ្មាន​ភាព​ខុស​ឆ្គង។ (​រ៉ូម ៥:១, ១៨; ៨:១​) ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ត្រូវ​ហៅ​ជា​មនុស្ស​ដែល​«​មាន​សុភមង្គល ហើយ​ក៏​បរិសុទ្ធ​»​ ហើយ​បាន​ត្រូវ​ចាត់​ទុក​ថា​សម​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ (​ការ​បើក​បង្ហាញ ២០:៥, ៦​) ពាក្យ​នេះ​មិន​អាច​ប្រើ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ទេ ពី​ព្រោះ​ពួក​គេ​នឹង​រួម​បញ្ចូល​«​មនុស្ស​មិន​សុចរិត​»។ (​សកម្មភាព ២៤:១៥​) តើ​«​មនុស្ស​មិន​សុចរិត​»​ទាំង​នេះ​អាច​«​ត្រូវ​ចាត់​ទុក​ថា​សម​»​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?

​«​ពួក​គេ​ក៏​មិន​អាច​ស្លាប់​ទៀត​ដែរ​»។ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​មិន​ស្លាប់​ទៀត​ទេ​»។ ផ្ទុយ​ទៅ​វិញ លោក​បាន​មាន​ប្រសាសន៍​ថា​«​ពួក​គេ​ក៏​មិន​អាច​ស្លាប់​ទៀត​ដែរ​»។ សេចក្ដី​បក​ប្រែ​ផ្សេង​ទៀត​បាន​បក​ប្រែ​ឃ្លា​នោះ​ថា​«​ពួក​គេ​មិន​ត្រូវ​ស្លាប់​ទៀត​ទេ​»​ ហើយ​«​សេចក្ដី​ស្លាប់​គ្មាន​អំណាច​ទៅ​លើ​ពួក​គេ​ទៀត​ទេ​»។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​ស្មោះ​ត្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ នៅ​ទី​នោះ ពួក​គេ​នឹង​មាន​ជីវិត​អមតៈ។ នេះ​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​ស្លាប់​ទេ ហើយ​ជីវិត​របស់​ពួក​គេ​មិន​អាច​ត្រូវ​បំផ្លាញ​បាន​ឡើយ។ (​កូរិនថូស​ទី១ ១៥:៥៣, ៥៤​) សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទេc (​សូម​មើល​កំណត់​សម្គាល់​)។

ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​យើង​បាន​ពិភាក្សា​ខាង​លើ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? យើង​រៀន​ថា​លោក​យេស៊ូ​ប្រហែល​ជា​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ បើ​ដូច្នេះ យើង​យល់​ចំណុច​បី​អំពី​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ (​១​) ពួក​គេ​មិន​រៀប​ការ​ទេ (​២​) ពួក​គេ​មិន​អាច​ស្លាប់​ទេ ហើយ(​៣​) ពួក​គេ​ស្រដៀង​នឹង​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​មួយ​កម្រិត។ ប៉ុន្តែ បើ​លោក​យេស៊ូ​បាន​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ យើង​ត្រូវ​មាន​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ។

ទី១ ពួក​សាឌូស៊ី​ទំនង​ជា​បាន​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី ដូច្នេះ​ហេតុ​អ្វី​លោក​យេស៊ូ​បាន​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌? លោក​យេស៊ូ​មិន​តែង​តែ​ឆ្លើយ​សំណួរ​សត្រូវ​របស់​លោក​តាម​អ្វី​ដែល​ពួក​គេ​គិត​នោះ​ទេ។ ជា​ឧទាហរណ៍ ពេល​ជន​ជាតិ​យូដា​ខ្លះ​បាន​សុំ​លោក​យេស៊ូ​ឲ្យ​ធ្វើ​អព្ភូតហេតុ​មួយ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​រុះ​វិហារ​នេះ​ចោល ហើយ​ខ្ញុំ​នឹង​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​»។ លោក​យេស៊ូ​ទំនង​ជា​ដឹង​ថា​ពួក​គេ​កំពុង​គិត​អំពី​វិហារ​មែនទែន ​«​តែ​ពេល​ដែល​មាន​ប្រសាសន៍​អំពី​វិហារ​នោះ លោក​កំពុង​មាន​ប្រសាសន៍​សំដៅ​ទៅ​រូប​កាយ​របស់​លោក​»។ (​យ៉ូហាន ២:១៨​-​២១​) ប្រហែល​ជា​លោក​យេស៊ូ​មាន​អារម្មណ៍​ថា​លោក​មិន​ចាំ​បាច់​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួក​សាឌូស៊ី​ដែល​ជា​មនុស្ស​លាក់​ពុត​ឡើយ។ យ៉ាង​ណា​មិញ ពួក​គេ​មិន​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មិន​ជឿ​ថា​មាន​ទេវតា​ទេ។ (​សុភាសិត ២៣:៩; ម៉ាថាយ ៧:៦; សកម្មភាព ២៣:៨​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ប្រហែល​ជា​ចង់​ផ្ដល់​ឲ្យ​អ្នក​កាន់​តាម​លោក​នូវ​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​ស្មោះ​ដែល​នឹង​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។

ទី២ ហេតុ​អ្វី​លោក​យេស៊ូ​បាន​បញ្ចប់​ការ​ពិភាក្សា​របស់​លោក​ដោយ​និយាយ​អំពី​អាប្រាហាំ អ៊ីសាក​និង​យ៉ាកុប? បុរស​ទាំង​នេះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ (​សូម​អាន ម៉ាថាយ ២២:៣១, ៣២​) មុន​និយាយ​អំពី​បុរស​ស្មោះ​ត្រង់​ទាំង​នេះ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ឃ្លា​របស់​លោក​ដោយ​ពាក្យ​ថា​«​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»។ ឃ្លា​នេះ​ប្រហែល​ជា​អាច​បញ្ជាក់​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ពិភាក្សា​ពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទៅ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​សាឌូស៊ី​បាន​ជឿ​អ្វី​ដែល​ម៉ូសេ​បាន​សរសេរ ដូច្នេះ​លោក​បាន​ដក​ស្រង់​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​នៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ។ លោក​យេស៊ូ​ចង់​បញ្ជាក់​ប្រាប់​ពួក​សាឌូស៊ី​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​គឺ​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ។—និក្ខមនំ ៣:១​-​៦

ទី៣ បើ​ពាក្យ​របស់​លោក​យេស៊ូ​បាន​សំដៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ តើ​នេះ​មាន​ន័យ​ថា​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​នឹង​អាច​រៀប​ការ​បាន​ឬ? បណ្ដាំ​របស់​ព្រះ​មិន​ផ្ដល់​ចម្លើយ​ច្បាស់​ចំពោះ​សំណួរ​នោះ​ទេ។ បើ​លោក​យេស៊ូ​បាន​និយាយ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ នោះ​ពាក្យ​របស់​លោក​មិន​ពន្យល់​ថា​តើ​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​នឹង​អាច​រៀប​ការ​នៅ​ពិភព​លោក​ថ្មី​បាន​ឬ​យ៉ាង​ណា​ទេ។

គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​សេចក្ដី​ស្លាប់​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍។ ដូច្នេះ បើ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​ស្លាប់ អ្នក​មិន​គួរ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ឯង​ទេ បើ​អ្នក​សម្រេច​ចិត្ត​រៀប​ការ​ម្ដង​ទៀត។ នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ គ្មាន​អ្នក​ណា​គួរ​រិះ​គន់​បុគ្គល​ដែល​ស្វែងរក​គូ​អាពាហ៍ពិពាហ៍​មួយ​ដើម្បី​មាន​ភាព​កក់​ក្ដៅ​ឡើយ។—រ៉ូម ៧:២, ៣; កូរិនថូស​ទី១ ៧:៣៩

យើង​ប្រហែល​ជា​មាន​សំណួរ​ជា​ច្រើន​អំពី​ជីវិត​នៅ​ពិភព​លោក​ថ្មី។ ជា​ជាង​ព្យាយាម​ឆ្លើយ​ស្មាន​ចំពោះ​សំណួរ​ទាំង​នោះ យើង​ត្រូវ​រង់​ចាំ​មើល។ ប៉ុន្តែ អ្វី​មួយ​ដែល​ប្រាកដ​គឺ អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​សប្បាយ​រីក​រាយ ពី​ព្រោះ​ព្រះ​យេហូវ៉ា​នឹង​បំពេញ​រាល់​សេចក្ដី​ត្រូវ​ការ​និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​តាម​របៀប​ដ៏​ប្រសើរ​បំផុត។—ទំនុក​តម្កើង ១៤៥:១៦

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៨៧ ទំព័រ​៣០​-​៣១ ជា​ភាសា​អង់គ្លេស។

b នៅ​សម័យ​គម្ពីរ ការ​រៀប​ការ​ជា​មួយ​នឹង​បុរស​ជា​សាច់​ថ្លៃ​គឺ​ជា​ទម្លាប់​មួយ​របស់​ពួក​គេ។ បើ​បុរស​ម្នាក់​ស្លាប់ ហើយ​គ្មាន​កូន​ប្រុស ប្រពន្ធ​របស់​គាត់​នឹង​រៀប​ការ​ជា​មួយ​បង​ប្អូន​ប្រុស​ខាង​ប្ដី។ នេះ​នឹង​នាំ​ឲ្យ​មាន​កូន​ប្រុស​ដែល​នឹង​បន្ត​នាម​ត្រកូល​បាន។—លោកុប្បត្តិ ៣៨:៨; ចោទិយកថា ២៥:៥, ៦

c ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត តែ​មិន​មាន​ជីវិត​អមតៈ​ទេ។ ដើម្បី​រៀន​ថែម​ទៀត​អំពី​ភាព​ខុស​គ្នា​រវាង​សេចក្ដី​សង្ឃឹម​ទាំង​ពីរ​នេះ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៨៤ ទំព័រ​៣០​-​៣១ ជា​ភាសា​អង់គ្លេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក