បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១១ ទំ. ៩-១៤
  • មូលហេតុដែលយើងត្រូវតែបរិសុទ្ធ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុដែលយើងត្រូវតែបរិសុទ្ធ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បរិសុទ្ធ​គឺ​សំខាន់​ចាំ​បាច់
  • ចូរ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បរិសុទ្ធ​ដោយ​ចេះ​ស្ដាប់​បង្គាប់
  • ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ទាំង​ស្រុង​ស្តី​អំពី​ឈាម
  • មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បរិសុទ្ធ
  • ចូរមានទស្សនៈត្រឹមត្រូវអំពីតម្លៃនៃជីវិតរបស់អ្នកដែលជាអំណោយទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរមានទស្សនៈដូចព្រះចំពោះជីវិត
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១១ ទំ. ៩-១៤

មូលហេតុ​ដែល​យើង​ត្រូវ​តែ​បរិសុទ្ធ

«ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ»។—លេវីវិន័យ ១១:៤៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ការ​សម្អាត​អេរ៉ុន​និង​កូន​ប្រុសៗរបស់​គាត់​គួរ​តែ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ចំពោះ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា?

  • តើ​ការ​ស្ដាប់​បង្គាប់​របស់​យើង​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​បង្ហាញ​ថា​យើង​ជា​មនុស្ស​បរិសុទ្ធ?

  • តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ឈាម?

១​. តើ​សៀវភៅ​លេវីវិន័យ​អាច​ជួយ​យើង​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក បរិសុទ្ធ។ ទោះ​ជា​គម្ពីរ​ទាំង​មូល​បាន​លើក​ឡើង​ច្រើន​ដង​អំពី​សេចក្ដី​បរិសុទ្ធ​ក៏​ដោយ គុណ​សម្បត្ដិ​នេះ​បាន​ត្រូវ​លើក​ឡើង​ច្រើន​ជាង​គេ​នៅ​ក្នុង​សៀវភៅ​លេវីវិន័យ។ ការ​យល់​ដឹង​និង​ការ​យល់​តម្លៃ​នៃ​សៀវភៅ​នេះ នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​របៀប​ដែល​យើង​អាច​បរិសុទ្ធ។

២​. តើ​យើង​អាច​រក​ឃើញ​អ្វី​នៅ​ក្នុង​សៀវភៅ​លេវីវិន័យ?

២ សៀវភៅ​លេវីវិន័យ​ដែល​ម៉ូសេ​បាន​សរសេរ គឺ​ជា​ផ្នែក​នៃ«គ្រប់​ទាំង​បទ​គម្ពីរ»ដែល«មាន​ប្រយោជន៍​សម្រាប់​បង្រៀន»។ (ធីម៉ូថេ​ទី២ ៣:១៦) ជំពូក​នីមួយៗនៃ​សៀវភៅ​នេះ​បាន​ចែង​អំពី​នាម​ព្រះ​យេហូវ៉ា​ប្រហែល​ជា​១០​ដង។ ការ​យល់​ដឹង​អំពី​សៀវភៅ​លេវីវិន័យ​នឹង​ពង្រឹង​យើង​ឲ្យ​ជៀស​វាង​ការ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​នឹង​បង្អាប់​នាម​របស់​ព្រះ។ (លេវីវិន័យ ២២:៣២) ឃ្លា​ដែល​ថា«អញ​នេះ គឺ​ព្រះ​យេហូវ៉ា» ដែល​មាន​ជា​ច្រើន​ដង​នៅ​ក្នុង​សៀវភៅ​នេះ គួរ​តែ​រំលឹក​យើង​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ។ នៅ​ក្នុង​អត្ថបទ​នេះ​និង​នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រក​ឃើញ​ព័ត៌មាន​ដ៏​មាន​តម្លៃ​ដែល​ប្រៀប​ដូច​ជា​ទ្រព្យ​វិសេស​នៅ​ក្នុង​សៀវភៅ​លេវីវិន័យ ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

សេចក្ដី​បរិសុទ្ធ​គឺ​សំខាន់​ចាំ​បាច់

៣, ៤​. តើ​ការ​សម្អាត​អេរ៉ុន​និង​កូន​ប្រុសៗរបស់​គាត់​ជា​តំណាង​អ្វី? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

៣ សូម​អាន លេវីវិន័យ ៨:៥, ៦។ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អេរ៉ុន​ជា​សម្ដេច​សង្ឃនៃ​អ៊ីស្រាអែល និង​កូន​ប្រុសៗរបស់​គាត់​ជា​សង្ឃ​សម្រាប់​ប្រជា​ជាតិ​នោះ។ អេរ៉ុន​ជា​តំណាង​លោក​យេស៊ូ ហើយ​កូន​ប្រុសៗរបស់​អេរ៉ុន​ជា​តំណាង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។ តើ​ការ​សម្អាត​អេរ៉ុន​មាន​អត្ថន័យ​យ៉ាង​ណា? តើ​នេះ​មាន​ន័យ​ថា​លោក​យេស៊ូ​ត្រូវ​ឲ្យ​គេ​សម្អាត​លោក​ឬ? មិន​មែន​ទេ លោក​យេស៊ូ​គ្មាន​ភាព​ខុស​ឆ្គង ហើយ«ឥត​ខ្ចោះ»។ (ហេប្រឺ ៧:២៦; ៩:១៤) ប៉ុន្តែ ក្រោយ​ពី​អេរ៉ុន​បាន​ត្រូវ​សម្អាត គាត់​ជា​តំណាង​លោក​យេស៊ូ​ដែល​ស្អាត ហើយ​សុចរិត។ ដូច្នេះ តើ​ការ​សម្អាត​កូន​ប្រុសៗរបស់​អេរ៉ុន​ជា​តំណាង​អ្វី?

៤ ការ​សម្អាត​កូន​ប្រុសៗរបស់​អេរ៉ុន​ជា​តំណាង​ការ​សម្អាត​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ តើ​ការ​សម្អាត​នេះ​ជាប់​ទាក់​ទង​នឹង​ការ​ជ្រមុជ​ទឹក​របស់​ពួក​គាត់​ឬ​ទេ? មិន​មែន​ទេ ពី​ព្រោះ​ការ​ជ្រមុជ​ទឹក​មិន​លាង​សម្អាត​អំពើ​ខុស​ឆ្គង​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ជ្រមុជ​ទឹក​ជា​តំណាង​ការ​ប្រគល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ជូន​ព្រះ។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ត្រូវ​សម្អាត​ដោយ«បណ្ដាំ​របស់​ព្រះ» ដូច្នេះ ពួក​គាត់​ត្រូវ​អនុវត្ត​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​ឲ្យ​បាន​ពេញ​លេញ​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ (អេភេសូរ ៥:២៥​-​២៧) តាម​របៀប​នេះ ពួក​គាត់​បាន​ស្អាត​និង​បរិសុទ្ធ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ«ចៀម​ឯ​ទៀត»?—យ៉ូហាន ១០:១៦

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពេល​លោក​ឃើញ​ថា​រាស្ត្រ​ទាំង​អស់​របស់​លោក​ស្អាត​ស្អំ ហើយ​មាន​សាមគ្គី​ភាព

៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ចៀម​ឯ​ទៀត​បាន​ត្រូវ​សម្អាត​ដោយ​បណ្ដាំ​របស់​ព្រះ?

៥ កូន​ប្រុសៗរបស់​អេរ៉ុន​មិន​មែន​ជា​តំណាង«មនុស្ស​មួយ​ក្រុម​ធំ»នៃ​ចៀម​ឯ​ទៀត​របស់​លោក​យេស៊ូ​ទេ។ (ការ​បើក​បង្ហាញ ៧:៩) ប៉ុន្តែ តាម​រយៈ​បណ្ដាំ​របស់​ព្រះ ចៀម​ឯ​ទៀត​ក៏​ទៅ​ជា​ស្អាត​និង​បរិសុទ្ធ​ដែរ។ ពេល​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី​បង្ហាញ​ជំនឿ​ទៅ​លើ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អំណាច​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ នេះ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា«ទាំង​យប់​ទាំង​ថ្ងៃ»។ (ការ​បើក​បង្ហាញ ៧:១៣​-​១៥) ការ​សម្អាត​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង និង​ចៀម​ឯ​ទៀត គឺ​ចេះ​តែ​បន្ត។ ជា​លទ្ធផល ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​នៅ​តែ​ស្អាត​ស្អំគ្រប់​ពេល​វេលា។ (ពេត្រុស​ទី១ ២:១២) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពេល​លោក​ឃើញ​ថា​រាស្ត្រ​ទាំង​អស់​របស់​លោក​ស្អាត​ស្អំ ហើយ​មាន​សាមគ្គី​ភាព​កាល​ដែល​ពួក​គេ​ស្ដាប់​បង្គាប់ ហើយ​ដើរ​តាម​គង្វាល​របស់​ពួក​គេ​យ៉ាង​ស្មោះ​ត្រង់ ពោល​គឺ​លោក​យេស៊ូ!

៦​. ហេតុ​អ្វី​យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​ជា​ទៀង​ទាត់?

៦ ដោយ​ហេតុ​ថា​ពួក​សង្ឃ​នៅ​អ៊ីស្រាអែល​ត្រូវ​តែ​ស្អាត​បាត​ខាង​រូប​កាយ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ? មនុស្ស​ជា​ច្រើន​ដែល​យើង​សិក្សា​គម្ពីរ​ជា​មួយ​កត់​សម្គាល់​ថា យើង​ជា​មនុស្ស​ដែល​មាន​សណ្ដាប់​ធ្នាប់​និង​ស្អាត​បាត ហើយ​ថា​យើង​ក៏​រក្សា​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ឲ្យ​ស្អាត​បាត​ដែរ។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ត្រូវ​មាន«ចិត្ត​បរិសុទ្ធ»។ (សូម​អាន ទំនុក​តម្កើង ២៤:៣, ៤; អេសាយ ២:២, ៣) ហេតុ​នេះ យើង​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​គំនិត​ស្អាត​ស្អំ ព្រម​ទាំង​មាន​រូប​កាយ​ស្អាត​បាត។ យើង​ត្រូវ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​ជា​ទៀង​ទាត់។ ជួន​កាល​យើង​ប្រហែល​ជា​យល់​ឃើញ​ថា យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ធំ​ដើម្បី​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ (កូរិនថូស​ទី២ ១៣:៥) ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ដែល​មើល​រូប​អាសអាភាស​គួរ​តែ​ដណ្ដឹង​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​កំពុង​បង្ហាញ​ថា​ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ​ឬ​ទេ?›។ បន្ទាប់​មក គាត់​គួរ​តែ​សុំ​ជំនួយ​ដើម្បី​ផ្ដាច់​ទម្លាប់​អាក្រក់​នេះ។—យ៉ាកុប ៥:១៤

ចូរ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បរិសុទ្ធ​ដោយ​ចេះ​ស្ដាប់​បង្គាប់

៧​. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ដែល​ស្រដៀង​គ្នា​នឹង​ពួក​សង្ឃ​ដែល​បាន​រៀប​រាប់​នៅ​លេវីវិន័យ ៨:២២​-​២៤?

៧ ពេល​ដែល​តំណែង​ជា​សង្ឃ​នៃ​អ៊ីស្រាអែល​បាន​ត្រូវ​រៀបចំ​ឡើង ឈាម​ចៀម​ឈ្មោល​បាន​ត្រូវ​យក​ទៅ​លាប​នៅ​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​សម្ដេច​សង្ឃ​អេរ៉ុន​និង​កូន​ប្រុសៗរបស់​គាត់។ (សូម​អាន លេវីវិន័យ ៨:២២​-​២៤) របៀប​ដែល​ឈាម​បាន​ត្រូវ​ប្រើ​បញ្ជាក់​ថា ពួក​សង្ឃ​នឹង​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ ស្រដៀង​គ្នា​ដែរ ក្នុង​នាម​ជា​សម្ដេច​សង្ឃ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ចៀម​ឯ​ទៀត។ លោក​បាន​ស្ដាប់​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​មាន​របៀប​រស់​នៅ​ដ៏​បរិសុទ្ធ។—យ៉ូហាន ៤:៣១​-​៣៤

៨​. តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

៨ ក្នុង​នាម​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដែល​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ។ យើង​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​នៅ​ក្នុង​គម្ពីរ​ឲ្យ​បាន​ដិត​ដល់ ហើយ​តាម​របៀប​នេះ​យើង​ជៀស​វាង​មិន‹ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ›ឡើយ។ (អេភេសូរ ៤:៣០) ចូរ​តាំង​ចិត្ត​ធ្វើ«ផ្លូវ​ត្រង់​សម្រាប់​ជើង​អ្នក»។—ហេប្រឺ ១២:១៣

យើង​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​នៅ​ក្នុង​គម្ពីរ​ឲ្យ​បាន​ដិត​ដល់ ហើយ​តាម​របៀប​នេះ​យើង​ជៀស​វាង​មិន‹ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ›ឡើយ

៩​. តើ​បង​ប្រុស​បី​នាក់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​សមាជិក​គណៈ​អភិបាល​បាន​និយាយ​អ្វី ហើយ​តើ​ពាក្យ​សម្ដី​របស់​ពួក​គាត់​អាច​ជួយ​អ្នក​យ៉ាង​ណា​ដើម្បី​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ?

៩ ចូរ​យើង​ពិចារណា​ពាក្យ​សម្ដី​របស់​បង​ប្រុស​បី​នាក់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​អស់​ជា​ច្រើន​ឆ្នាំ​ជា​មួយ​នឹង​សមាជិក​គណៈ​អភិបាល។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា៖ «ទោះ​ជា​នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​ពិសេស​ខាង​កិច្ច​បម្រើ​ក៏​ដោយ ការ​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​នោះ​ជួន​កាល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្វី​បើ​បង​ប្រុស​ទាំង​នោះ​បាន​ត្រូវ​រើស​តាំង​តាម​រយៈ​សកម្មពល​បរិសុទ្ធ​ក្ដី ក៏​ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ អស់​ជា​ច្រើន​ឆ្នាំ​គោល​ដៅ​មួយ​របស់​ខ្ញុំ គឺ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​នាំមុខ»។ បង​ប្រុស​ទី២​បាន​និយាយ​ថា៖ «បទ​គម្ពីរ​ដូច​កូរិនថូស​ទី២ ១០:៥ ស្តី​អំពី‹ការ​ស្ដាប់​បង្គាប់​គ្រិស្ត›បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់​បង្គាប់ និង​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​នាំ​មុខ។ នេះ​ជា​ការ​ស្ដាប់​បង្គាប់​ដែល​ចេញ​ពី​ចិត្ត»។ បង​ប្រុស​ទី៣​បាន​និយាយ​ថា៖ «ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ស្អប់​អ្វី​ដែល​លោក​ស្អប់ ព្រម​ទាំង​ស្វែងរក​ជា​និច្ច​នូវ​ការ​ណែនាំ​របស់​លោក​និង​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត មាន​ន័យ​ថា​យើង​ស្ដាប់​បង្គាប់​អង្គ​ការ​របស់​លោក​និង​ពួក​អ្នក​ដែល​លោក​កំពុង​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រាប់​ផែន​ដី​ជឿន​ទៅ​មុខ»។ បង​ប្រុស​នេះ​នឹក​ចាំ​អំពី​គំរូ​របស់​បង​ប្រុស​ណេថិន ន័រ។ បង​ន័រ​ដែល​បាន​ទៅ​ជា​សមាជិក​គណៈ​អភិបាល បាន​ជឿ​អ្វី​ដែល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «កំណើត​នៃ​ប្រជា​ជាតិ»ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ឆ្នាំ​១៩២៥​បាន​សរសេរ ទោះ​ជា​មាន​បង​ប្អូន​ខ្លះ​ទៀត​សង្ស័យ​ការ​ពន្យល់​នៃ​អត្ថបទ​នេះ​ក៏​ដោយ។ ការ​ស្ដាប់​បង្គាប់​បែប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​បង​ប្រុស​នោះ​កោត​ស្ងើច​មែន។ ការ​រំពឹង​គិត​អំពី​ពាក្យ​សម្ដី​របស់​បង​ប្រុស​ទាំង​បី​នាក់​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​និង​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ។

ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ទាំង​ស្រុង​ស្តី​អំពី​ឈាម

១០​. តើ​ការ​ដែល​យើង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ឈាម គឺ​សំខាន់​យ៉ាង​ណា?

១០ សូម​អាន លេវីវិន័យ ១៧:១០។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​បរិភោគ«ឈាម​អ្វី​ក៏​ដោយ»។ គ្រិស្ត​សាសនិក​ក៏​បាន​ទទួល​បង្គាប់​ឲ្យ​ជៀស​វាង​ពី​ឈាម​មនុស្ស​និង​ឈាម​សត្វ​ដែរ។ (សកម្មភាព ១៥:២៨, ២៩) យើង​ឈឺ​ចិត្ត​ពេល​យើង​ស្រមៃ​គិត​ថា​យើង​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ព្រះ​បដិសេធ​យើង ហើយ​ដក​យើង​ចេញ​ពី​ក្រុម​ជំនុំ​របស់​លោក។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក។ សូម្បី​តែ​ជីវិត​របស់​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ យើង​នឹង​មិន​ធ្វើ​តាម​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា ឬ​មិន​ខ្វល់​អំពី​លោក ដែល​ទាម​ទារ​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់​លោក​ឡើយ។ យើង​ដឹង​ថា​អ្នក​ខ្លះ​នឹង​ចំអក​ឲ្យ​យើង​ដោយ​សារ​យើង​មិន​ព្រម​ចាក់​បញ្ចូល​ឈាម ប៉ុន្តែ​យើង​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ។ (យូដាស ១៧, ១៨) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​មិន​បរិភោគ​ឈាម ឬ​មិន​ព្រម​ចាក់​បញ្ចូល​ឈាម?—ចោទិយកថា ១២:២៣

យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក

១១​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង​មិន​គ្រាន់​តែ​ជា​ទំនៀម​ទម្លាប់​ខាង​សាសនា?

១១ អ្វី​ដែល​សម្ដេច​សង្ឃ​នៃ​អ៊ីស្រាអែល​បាន​ធ្វើ​មួយ​ឆ្នាំ​ម្ដង​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ឈាម។ ឈាម​បាន​ត្រូវ​ប្រើ​ដើម្បី​តែ​គោល​បំណង​ពិសេស​ប៉ុណ្ណោះ ពោល​គឺ​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អាច​មាន​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ។ ឈាម​គោ​ឈ្មោល​និង​ឈាម​ពពែ​បាន​ត្រូវ​ប្រោះ​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ (លេវីវិន័យ ១៦:១៤, ១៥, ១៩) តាម​រយៈ​ឈាម​នោះ ព្រះ​នឹង​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បើ​មនុស្ស​ម្នាក់​សម្លាប់​សត្វ​សម្រាប់​ធ្វើ​ជា​អាហារ គាត់​ត្រូវ​តែ​សម្រក់​ឈាម​វា​ចោល​នៅ​លើ​ដី ហើយ​យក​ដី​គ្រប ពី​ព្រោះ«ជីវិត​នៃ​សត្វ​ទាំង​ឡាយ​ជា​ឈាម​នោះ​ឯង»។ (លេវីវិន័យ ១៧:១១​-​១៤) បង្គាប់​ទាំង​នេះ​មិន​មែន​ជា​ទំនៀម​ទម្លាប់​ខាង​សាសនា​ដែល​មិន​សំខាន់​ឡើយ។ រាប់​រយ​ឆ្នាំ​មុន ព្រះ​បាន​ហាម​ណូអេ​និង​កូន​ចៅ​របស់​គាត់​មិន​ឲ្យ​បរិភោគ​ឈាម។ (លោកុប្បត្តិ ៩:៣​-​៦) តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​គ្រិស្ត​សាសនិក?

១២​. តើ​ប៉ូល​បាន​និយាយ​ថា​ឈាម​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​ទទួល​ការ​អភ័យ​ទោស?

១២ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​ឈាម​មាន​សមត្ថភាព​សម្អាត ពេល​គាត់​បាន​សរសេរ​ថា៖ «តាម​ច្បាប់ ស្ទើរតែ​គ្រប់​របស់​ទាំង​អស់​ត្រូវ​សម្អាត​ដោយ​ឈាម ហើយ​បើ​គ្មាន​ការ​ច្រួច​ឈាមទេ នោះ​គ្មាន​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ឡើយ»។ (ហេប្រឺ ៩:២២) ប៉ុន្តែ គ្រឿង​បូជា​ជា​សត្វ​មាន​ប្រយោជន៍​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។ ប៉ូល​បាន​និយាយ​ថា គ្រឿង​បូជា​ទាំង​នេះ​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ហើយ​ថា​ពួក​គេ​ត្រូវ​ការ​គ្រឿង​បូជា​មួយ​ដែល​ប្រសើរ​ជាង ដើម្បី​ដក​ចេញ​ទាំង​ស្រុង​នូវ​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ ច្បាប់​គឺ​ជា«ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់ ប៉ុន្តែ​មិន​មែន​ជា​រូប​ពិត​នោះ​ទេ»។ (ហេប្រឺ ១០:១​-​៤) ដូច្នេះ ធ្វើ​ដូច​ម្ដេច​ទើប​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង?

១៣​. តើ​ការ​ដែល​លោក​យេស៊ូ​ជូន​តម្លៃ​នៃ​ឈាម​របស់​លោក​ទៅ​ព្រះ​យេហូវ៉ា​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

១៣ សូម​អាន អេភេសូរ ១:៧។ លោក​យេស៊ូ​បាន​ស្លាប់​ជា​គ្រឿង​បូជា​សម្រាប់​មនុស្ស​ទាំង​អស់ ហើយ​នេះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​និង​បិតា​របស់​លោក។ (កាឡាទី ២:២០) ប៉ុន្តែ គឺ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង ដូច​បាន​បញ្ជាក់​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង។ ពេល​សម្ដេច​សង្ឃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត គឺ​ហាក់​ដូច​ជា​គាត់​ចូល​ក្នុង​កន្លែង​ដែល​ព្រះ​មាន​វត្តមាន។ នៅ​ទី​នោះ សម្ដេច​សង្ឃ​បាន​ជូន​ឈាម​សត្វ​ទៅ​ព្រះ។ (លេវីវិន័យ ១៦:១១​-​១៥) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ទៅ​ស្ថាន​សួគ៌ ហើយ​បាន​ជូន​តម្លៃ​នៃ​ឈាម​របស់​លោក​ទៅ​ព្រះ។ (ហេប្រឺ ៩:៦, ៧, ១១​-​១៤, ២៤​-​២៨) យើង​មាន​ចិត្ត​ដឹង​គុណ​ដែល​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុសឆ្គង និង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ពី​ព្រោះ​យើង​មាន​ជំនឿ​លើ​ឈាម​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជា​គ្រឿង​បូជា!

១៤, ១៥​. ហេតុ​អ្វី​ការ​យល់​និង​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ឈាម គឺ​សំខាន់?

១៤ ប្រហែល​ជា​ឥឡូវ​នេះ​អ្នក​យល់​ច្បាស់​ជាង​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​យើង​មិន​ឲ្យ​បរិភោគ«ឈាម​អ្វី​ក៏​ដោយ»។ (លេវីវិន័យ ១៧:១០) តើ​អ្នក​យល់​អំពី​មូលហេតុ​ដែល​ឈាម​គឺ​ពិសិដ្ឋ​ដល់​ម្ល៉េះ​ចំពោះ​ព្រះ​ឬ​ទេ? ឈាម​ជា​តំណាង​ជីវិត។ (លោកុប្បត្តិ ៩:៤) អ្នក​ច្បាស់​ជា​យល់​ស្រប​ថា​យើង​គួរ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​ឈាម ហើយ​យើង​គួរ​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​យើង​ជៀស​វាង​ពី​ឈាម។ របៀប​តែ​មួយ​គត់​ដែល​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ គឺ​ដោយ​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ និង​ដោយ​យល់​ថា​ឈាម​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។—កូឡុស ១:១៩, ២០

១៥ ដោយ​មិន​បាន​រំពឹង​ទុក យើង​ម្នាក់ៗប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ថា​ទទួល​យក ឬ​មិន​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម ធាតុ​ផ្សេងៗដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់ៗនៃ​ឈាម ឬ​វិធី​ព្យាបាល​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ឈាម។ ហេតុ​នេះ គឺ​ជា​ការ​សំខាន់​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ធ្វើ​ការ​ស្រាវ​ជ្រាវ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​មុន​ហេតុ​ការណ៍​អាសន្ន​កើត​ឡើង។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ដើម្បី​ជៀស​វាង​ពី​ឈាម។ យើង​មិន​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​សប្បាយ​ចិត្ត ដោយ​ទទួល​យក​អ្វី​ដែល​លោក​ផ្ដន្ទា​ទោស​ឡើយ! សព្វ​ថ្ងៃ​នេះ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់​និង​អ្នក​ឯ​ទៀត​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដល់​ឈាម​របស់​យើង​ដើម្បី​អាច​សង្គ្រោះ​ជីវិត។ ប៉ុន្តែ ក្នុង​នាម​ជា​រាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ព្រះ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រាប់​អំពី​របៀប​ដែល​គួរ​ប្រើ​ឈាម។ ចំពោះ​លោក «ឈាម​អ្វី​ក៏​ដោយ»គឺ​ពិសិដ្ឋ។ ដូច្នេះ យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​តាម​ច្បាប់​របស់​លោក​ស្តី​អំពី​ឈាម។ យើង​ក៏​អាច​បង្ហាញ​លោក​តាម​រយៈ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​យើង​ថា យើង​ឲ្យ​តម្លៃ​ចំពោះ​ឈាម​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជា​គ្រឿង​បូជា។ មាន​តែ​ឈាម​របស់​លោក​ប៉ុណ្ណោះ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង និង​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូហាន ៣:១៦

យើង​ត្រូវ​តាំង​ចិត្ត​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ឈាម

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បរិសុទ្ធ

១៦​. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​បរិសុទ្ធ?

១៦ ពេល​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប លោក​បាន​ប្រាប់​ពួក​គេ​ថា៖ «អញ​ជា​ព្រះ​យេហូវ៉ា​ដែល​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​បរិសុទ្ធ»។ (លេវីវិន័យ ១១:៤៥) ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បរិសុទ្ធ ពី​ព្រោះ​លោក​បរិសុទ្ធ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​យើង​បរិសុទ្ធ​ដែរ។ សៀវភៅ​លេវីវិន័យ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ។

១៧​. ឥឡូវ​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សៀវភៅ​លេវីវិន័យ?

១៧ អ្នក​ច្បាស់​ជា​បាន​ទទួល​ប្រយោជន៍​ពី​ការ​ពិភាក្សា​នេះ​អំពី​ចំណុច​ខ្លះ​នៅ​ក្នុង​សៀវភៅ​លេវីវិន័យ។ អ្នក​ទំនង​ជា​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សៀវភៅ​នេះ​ក្នុង​គម្ពីរ ហើយ​យល់​ច្បាស់​ជាង​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​តែ​បរិសុទ្ធ។ ប៉ុន្តែ តើ​យើង​អាច​រៀន​អ្វី​ថែម​ទៀត​ពី​សៀវភៅ​លេវីវិន័យ? តើ​សៀវភៅ​នេះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​បរិសុទ្ធ? យើង​នឹង​ពិភាក្សា​អំពី​ចំណុច​នេះ​នៅ​អត្ថបទ​បន្ទាប់។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • បរិសុទ្ធ: គឺ​ស្អាត​ស្អំ​ខាង​សីលធម៌ និង​ខាង​រូប​កាយ។ ម្យ៉ាង​ទៀត គឺ​មាន​ន័យ​ថា​រស់​នៅ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ យើង​រក្សា​ភាព​បរិសុទ្ធ ពេល​យើង​រស់​នៅ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ជៀស​វាង​ធ្វើ​អ្វី​ដែល​គម្ពីរ​ផ្ដន្ទា​ទោស

  • ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង: ជា​ពិធី​បុណ្យ​ដ៏​សំខាន់​បំផុត​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ គឺ​ជា​ថ្ងៃ​តែ​មួយ​គត់​ក្នុង​មួយ​ឆ្នាំ ដែល​សម្ដេច​សង្ឃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត។ នៅ​ទី​នោះ គាត់​បាន​ជូន​ឈាម​នៃ​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ជា​តំណាង​ការ​ជូន​តម្លៃ​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទៅ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក