បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១១ ទំ. ១៥-២០
  • យើងត្រូវជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងត្រូវជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ប្រុង​ប្រយ័ត្ន​មិន​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា
  • ចូរ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា
  • ចូរ​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត
  • ទម្លាប់​របស់​យើង​ក្នុង​ការ​សិក្សា​និង​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ដែល​យើង​ជូន​ព្រះ
  • «អ្នករាល់គ្នាត្រូវតែបរិសុទ្ធ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • មូលហេតុដែលយើងត្រូវតែបរិសុទ្ធ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • មេរៀនពីច្បាប់លេវីអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • មេរៀនដែលយើងអាចរៀនពីសៀវភៅលេវីវិន័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១១ ទំ. ១៥-២០

យើង​ត្រូវ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់

«ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់»។—ពេត្រុស​ទី១ ១:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ដែល​គ្រិស្ត​សាសនិក​ពិត​ជៀស​វាង​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ?

  • តើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​ជំហរ​អព្យាក្រឹត​របស់​គ្រិស្ត​សាសនិក​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

  • តើ​ហេប្រឺ ៥:៧, ១១​-​១៤ អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ?

១, ២​. (ក) តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​រាស្ត្រ​របស់​លោក? (ខ) តើ​អត្ថបទ​នេះ​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​សៀវភៅ​លេវីវិន័យ ហើយ​បាន​ពន្យល់​ថា​គ្រិស្ត​សាសនិក​ត្រូវ​តែ​បរិសុទ្ធ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​បរិសុទ្ធ។ (សូម​អាន ពេត្រុស​ទី១ ១:១៤​-​១៦) ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​ដ៏​បរិសុទ្ធ»តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង«ចៀម​ឯ​ទៀត»ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់។—យ៉ូហាន ១០:១៦

២ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​គោល​ការណ៍​ពី​សៀវភៅ​លេវីវិន័យ​ដែល​នឹង​ជួយ​យើង​ឲ្យ​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ​ស្តី​អំពី​សេចក្ដី​បរិសុទ្ធ និង​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​នោះ​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​ក៏​នឹង​ឆ្លើយ​ផង​ដែរ​នូវ​សំណួរ​ដូច​ត​ទៅ​នេះ: តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ? តើ​សៀវភៅ​លេវីវិន័យ​បង្រៀន​យើង​អ្វី​អំពី​ការ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​រៀន​អ្វី​ពី​គ្រឿង​បូជា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន​ព្រះ?

ចូរ​ប្រុង​ប្រយ័ត្ន​មិន​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា

៣, ៤​. (ក) ហេតុ​អ្វី​គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង​មិន​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​គម្ពីរ? (ខ) ហេតុ​អ្វី​យើង​មិន​គួរ​សង​សឹក ឬ​ចង​គំនុំ?

៣ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​ត្រូវ​ធ្វើ​តាម​ច្បាប់​និង​គោល​ការណ៍​របស់​លោក មិន​មែន​មាន​ចិត្ត​គំនិត​មិន​បរិសុទ្ធ ដោយ​គិត​ថា​មាន​ច្បាប់​និង​គោល​ការណ៍​ខ្លះ​យើង​មិន​ចាំ​បាច់​ធ្វើ​តាម​គ្រប់​ពេល​វេលា​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ យើង​មិន​នៅ​ក្រោម​ច្បាប់​របស់​ម៉ូសេ​ទេ ប៉ុន្តែ​ច្បាប់​នោះ​ជួយ​យើង​យល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ឬ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត។ ជាឧទាហរណ៍ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​បង្គាប់​ថា៖ «មិន​ត្រូវ​សង​សឹក ឬ​ចង​គំនុំ​គុំ​កួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ​យេហូវ៉ា»។—លេវីវិន័យ ១៩:១៨

៤ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​សង​សឹក ឬ​ចង​គំនុំ​ឡើយ។ (រ៉ូម ១២:១៩) បើ​យើង​មិន​អើពើ​ចំពោះ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​ទេ នោះ​សាថាន​នឹង​សប្បាយ​ចិត្ត ហើយ​យើង​នឹង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​អាប់​ឱន​កិត្ដិយស។ ទោះ​ជា​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ក៏​ដោយ យើង​មិន​គួរ​ខឹង​ខ្លាំង​រហូត​ដល់​ចង​គំនុំ​ឡើយ។ គម្ពីរ​ប្រៀប​ប្រដូច​យើង​ទៅ​នឹង«ភាជនៈ​ដី» ឬ​ចាន​ធ្វើ​ពី​ដី​ឥដ្ឋ​ដែល​មាន​ទ្រព្យ​វិសេស។ ទ្រព្យ​វិសេស​នេះ​គឺ​កិច្ច​បម្រើ​ផ្សាយ។ (កូរិនថូស​ទី២ ៤:១, ៧) យើង​មិន​ចង់​ទុក​កំហឹង​ដែល​ប្រៀប​ដូច​ជា​ទឹក​អាស៊ីត​ជា​មួយ​នឹង​ទ្រព្យ​វិសេស​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ភាជនៈ​តែ​មួយ​ទេ។

៥​. តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​អេរ៉ុន​និង​ការ​ស្លាប់​របស់​កូន​ប្រុស​គាត់? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)។

៥ លេវីវិន័យ ១០:១​-​១១ ចែង​អំពី​ស្ថានភាព​មួយ​ដែល​បាន​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​របស់​អេរ៉ុន​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ភ្លើង​ពី​ស្ថាន​សួគ៌​មក​បំផ្លាញ​ណាដាប​និង​អ័ប៊ីហ៊ូវ​ដែល​ជា​កូន​អេរ៉ុន។ បន្ទាប់​មក ព្រះ​បាន​ប្រាប់​អេរ៉ុន​និង​ក្រុម​គ្រួសារ​របស់​គាត់​ថា ពួក​គាត់​មិន​អាច​បង្ហាញ​ទុក្ខ​សោក​សោះ​ឡើយ។ នេះ​ពិត​ជា​ការ​សាកល្បង​ជំនឿ​មែន! តើ​អ្នក​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បរិសុទ្ធ ដោយ​មិន​សេពគប់​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ ឬ​អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ទេ?—សូម​អាន កូរិនថូស​ទី១ ៥:១១

៦, ៧​. (ក) តើ​យើង​ត្រូវ​គិត​អំពី​អ្វី ពេល​សម្រេច​ចិត្ត​ថា​គួរ ឬ​មិន​គួរ​មាន​ចំណែក​ក្នុង​ពិធី​មង្គល​ការ​នៅ​វិហារ? (សូម​មើល​កំណត់​សម្គាល់)។ (ខ) តើ​តាម​របៀប​ណា​យើង​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​មិន​អាច​មាន​ចំណែក​ក្នុង​ពិធី​មង្គល​ការ​នៅ​វិហារ?

៦ យើង​ប្រហែល​ជា​មិន​បាន​ត្រូវ​សាកល្បង​តាម​របៀប​ដូច​អេរ៉ុន​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រូវ​សាកល្បង​នោះ​ទេ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​គេ​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​និង​ឲ្យ​មាន​ចំណែក​ក្នុង​ពិធី​មង្គល​ការ​របស់​សាច់​ញាតិ​ម្នាក់​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ដែល​ធ្វើ​ឡើង​នៅ​វិហារ? គ្មាន​ច្បាប់​នៅ​ក្នុង​គម្ពីរ​ដែល​ចែង​ថា​យើង​មិន​អាច​ចូល​រួម​នោះ​ទេ ប៉ុន្តែ​មាន​គោល​ការណ៍​ដែល​គួរ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើងa (សូម​មើល​កំណត់​សម្គាល់)។

៧ ការ​សម្រេច​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញចិត្ត និង​ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ​ប្រហែល​ជា​ធ្វើ​ឲ្យ​សាច់​ញាតិ​របស់​យើង​ងឿង​ឆ្ងល់។ (ពេត្រុស​ទី១ ៤:៣, ៤) យើង​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គេ​ទាស់​ចិត្ត​ទេ ដូច្នេះ​យើង​គួរ​និយាយ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ត្រង់​និង​ដោយ​សប្បុរស។ បើ​អាច​ធ្វើ​បាន យើង​គួរ​តែ​ពិភាក្សា​អំពី​រឿង​នេះ​ជា​មួយ​ពួក​គេ​ជា​យូរ​មុន​មាន​ពិធី​នោះ។ យើង​អាច​អរគុណ​ពួក​គេ​ដែល​បាន​អញ្ជើញ​យើង​ឲ្យ​មាន​ចំណែក​ក្នុង​ពិធី​មង្គល​ការ​នោះ។ បន្ទាប់​មក យើង​ប្រហែល​ជា​អាច​និយាយ​ថា យើង​ចង់​ឲ្យ​ពួក​គេ​សប្បាយ​នៅ​ថ្ងៃ​ពិសេស​របស់​ពួក​គេ ហើយ​យើង​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គេ​និង​ភ្ញៀវ​របស់​ពួក​គេ​មាន​អារម្មណ៍​ខ្មាស ដោយ​សារ​យើង​មិន​អាច​មាន​ចំណែក​ក្នុង​ពិធី​សាសនា​នោះ​ឡើយ។ នេះ​ជា​របៀប​មួយ​ដែល​យើង​អាច​ជៀស​វាង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​មិន​ស្មោះ​ត្រង់​នឹង​ជំនឿ​របស់​យើង។

ចូរ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា

៨​. តើ​សៀវភៅ​លេវីវិន័យ​លើក​បញ្ជាក់​យ៉ាង​ណា​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

៨ សៀវភៅ​លេវីវិន័យ​លើក​បញ្ជាក់​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ជាង​៣០​ដង យើង​អាន​ថា​ច្បាប់​នៅ​ក្នុង​សៀវភៅ​លេវីវិន័យ​គឺ​មក​ពី​ព្រះ។ ម៉ូសេ​បាន​ដឹង​អំពី​ចំណុច​នេះ ហើយ​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​គាត់​ធ្វើ។ (លេវីវិន័យ ៨:៤, ៥) ដូច​ម៉ូសេ​ដែរ យើង​គួរ​ធ្វើ​ជា​និច្ច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​យើង ចង់​ឲ្យ​យើង​ធ្វើ។ ទោះ​ជា​អង្គ​ការ​របស់​ព្រះ​នឹង​ជួយ​យើង​ក៏​ដោយ ជួន​កាល​ជំនឿ​របស់​យើង​បាន​ត្រូវ​សាកល្បង​ពេល​យើង​នៅ​ម្នាក់​ឯង ដូច​ដែល​បាន​កើត​ឡើង​ដល់​លោក​យេស៊ូ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ (លូកា ៤:១​-​១៣) បើ​យើង​ទុក​ចិត្ត​លើ​ព្រះ ហើយ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក នោះ​គ្មាន​អ្នក​ណា​អាច​បណ្ដាល​ឲ្យ​យើង​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​ទេ។ យើង​នឹង​មិន​ភ័យ​ខ្លាច​ឡើយ។—សុភាសិត ២៩:២៥

ដូច​ម៉ូសេ​ដែរ យើង​គួរ​ធ្វើ​ជា​និច្ច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​យើង ចង់​ឲ្យ​យើង​ធ្វើ

៩​. ហេតុ​អ្វី​នៅ​គ្រប់​ប្រជា​ជាតិ រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​គេ​ស្អប់?

៩ យើង​គួរ​ដឹង​ថា រាស្ត្រ​របស់​ព្រះ​នៅ​ជុំ​វិញ​ពិភព​លោក​នឹង​ត្រូវ​គេ​បៀត​បៀន ពី​ព្រោះ​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា៖ «មនុស្ស​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រង​ទុក្ខ​វេទនា ក៏​នឹង​សម្លាប់​អ្នក ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ»។ (ម៉ាថាយ ២៤:៩) ទោះ​ជា​មនុស្ស​ស្អប់​យើង​ក៏​ដោយ យើង​បន្ត​ផ្សព្វ​ផ្សាយ ហើយ​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់។ យើង​ជា​មនុស្ស​ទៀង​ត្រង់ ហើយ​ស្អាត​ស្អំ​ខាង​រូប​កាយ​និង​ខាង​សីលធម៌។ យើង​ក៏​ជា​ពល​រដ្ឋ​ដ៏​ល្អ​ដែរ។ ដូច្នេះ ហេតុ​អ្វី​មនុស្ស​ខ្លះ​ស្អប់​យើង? (រ៉ូម ១៣:១​-​៧) គឺ​ដោយ​សារ​យើង​ស្ដាប់​បង្គាប់​តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​យើង​ប៉ុណ្ណោះ។ យើង​គោរព​ប្រណិប័តន៍«តែ​លោក​ប៉ុណ្ណោះ» ហើយ​នឹង​មិន​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​ដ៏​សុចរិត​របស់​លោក​សោះ​ឡើយ។—ម៉ាថាយ ៤:១០

១០​. តើ​អ្វី​បាន​កើត​ឡើង​ដល់​បង​ប្រុស​ម្នាក់​ដែល​បាន​បោះបង់​ជំហរ​អព្យាក្រឹត?

១០ យើង«មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ» ដូច្នេះ​យើង​កាន់​ជំហរ​អព្យាក្រឹត ហើយ​មិន​ចូល​រួម​ក្នុង​សង្គ្រាម​និង​ក្នុង​នយោបាយ​របស់​ពិភព​លោក​នេះ​ទេ។ (សូម​អាន យ៉ូហាន ១៥:១៨​-​២១; អេសាយ ២:៤) គ្រិស្ត​សាសនិក​ខ្លះ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ បាន​បោះបង់​ជំហរ​អព្យាក្រឹត​របស់​ខ្លួន។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ប្រែ​ចិត្ត ហើយ​បាន​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ (ទំនុក​តម្កើង ៥១:១៧) ប៉ុន្តែ អ្នក​ខ្លះ​មិន​បាន​ប្រែ​ចិត្ត​ទេ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្ដិធម៌​នៅ​ទូ​ទាំង​ប្រទេស​ហុងគ្រី។ ពួក​អាជ្ញាធរ​បាន​ប្រមូល​បង​ប្អូន​១៦០​នាក់​ពី​ចំណោម​បង​ប្អូន​ទាំង​នោះ ដែល​មាន​អាយុ​ក្រោម​៤៥​ឆ្នាំ​មក​ក្នុង​ក្រុង​មួយ ហើយ​បាន​បង្គាប់​ពួក​គាត់​ឲ្យ​ធ្វើ​ទាហាន។ បង​ប្អូន​ភាគ​ច្រើន​បាន​បដិសេធ ប៉ុន្តែ​មាន​៩​នាក់​បាន​ស្បថ​ចូល​ធ្វើ​ទាហាន ហើយ​បាន​ទទួល​យក​ឯកសណ្ឋាន។ ពីរ​ឆ្នាំ​ក្រោយ​មក ម្នាក់​ក្នុង​ចំណោម​៩​នាក់​ដែល​បាន​បោះបង់​ជំហរ​អព្យាក្រឹត បាន​ត្រូវ​គេ​ចាត់​ឲ្យ​ប្រហារ​ជីវិត​សាក្សី​ស្មោះ​ត្រង់។ ក្នុង​ចំណោមសាក្សី​ស្មោះ​ត្រង់​ទាំង​នោះ​មាន​បង​ប្រុស​បង្កើត​របស់​គាត់! ប៉ុន្តែ សាក្សី​ស្មោះ​ត្រង់​ដែល​បាន​ត្រូវ​គេ​កាត់​ទោស មិន​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​ឡើយ។

ចូរ​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត

១១, ១២​. តើ​យើង​អាច​រៀន​អ្វី​ពី​គ្រឿង​បូជា​ដែល​ពួក​អ្នក​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ជូន​ព្រះ?

១១ ច្បាប់​របស់​ព្រះ​បាន​បញ្ជាក់​ថា​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ជូន​គ្រឿង​បូជា​បែប​ណា។ (លេវីវិន័យ ៩:១​-​៤, ១៥​-​២១) គ្រឿង​បូជា​ត្រូវ​តែ​គ្មាន​ខ្ចោះ ពី​ព្រោះ​វា​បញ្ជាក់​អំពី​គ្រឿង​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​តាម​ទម្រង់​ការ​ជាក់​លាក់​សម្រាប់​គ្រឿង​បូជា​ប្រភេទ​នីមួយៗ។ លេវីវិន័យ ១២:៦ រៀប​រាប់​អំពី​អ្វី​ដែល​ម្ដាយ​នៃ​ទារក​ដែល​ទើប​នឹង​កើត​ត្រូវ​ធ្វើ ដោយ​ចែង​ថា៖ «លុះ​កាល​ណា​បាន​សំ​រេច​ថ្ងៃ​សំ​អា​ត​ខ្លួន ដោយ​ព្រោះ​សំ​រាល​កូន​ប្រុស​ឬ​កូន​ស្រី​ហើយ នោះ​នាង​ត្រូវ​យក​កូន​ចៀម​១​អាយុ​១​ខួប​សំ​រាប់​ជា​ដង្វាយ​ដុត នឹង​ព្រាប​ជំទើរ​១ ឬ​លលក​១​សំ​រាប់​ជា​ដង្វាយ​លោះ​បាប​មក ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។ ទោះ​ជា​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​គឺ​ជាក់​លាក់​ក៏​ដោយ ច្បាប់​ដែល​លោក​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មាន​សេចក្ដី​ស្រឡាញ់ ហើយ​សម​ហេតុ​សម​ផល។ ជា​ឧទាហរណ៍ បើ​ម្ដាយ​គ្មាន​លទ្ធភាព​ជូន​ចៀម​បាន​ទេ នាង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ជូន​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ។ (លេវីវិន័យ ១២:៨) ទោះ​ជា​នាង​ក្រី​ក្រ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​នាង ហើយ​បាន​ឲ្យ​តម្លៃ​ចំពោះ​នាង​ដូច​លោក​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ដែល​អាច​ជូន​គ្រឿង​បូជា​ថ្លៃៗដែរ។ តើ​យើង​អាច​រៀន​អ្វី​ពី​ចំណុច​នេះ?

ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មាន​សេចក្ដី​ស្រឡាញ់ ហើយ​សម​ហេតុ​សម​ផល

១២ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​ជូន​ព្រះ​នូវ«សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា»។ (ហេប្រឺ ១៣:១៥) យើង​ជូន​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា ពេល​យើង​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​នាម​របស់​ព្រះ​យេហូវ៉ា។ បង​ប្អូន​ដែល​ថ្លង់​ប្រើ​ភាសា​សញ្ញា​ដើម្បី​សរសើរ​ព្រះ។ គ្រិស្ត​សាសនិក​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ សរសើរ​ព្រះ​យេហូវ៉ា​ដោយ​សរសេរ​សំបុត្រ ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​មក​លេង​ពួក​គាត់។ យើង​អាច​ធ្វើ​ច្រើន ឬ​តិច​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា នោះ​នឹង​អាស្រ័យ​ទៅ​លើ​សុខភាព​និង​សមត្ថភាព​របស់​យើង ប៉ុន្តែ​អ្វី​ដែល​យើង​ជូន​ព្រះ គួរ​តែ​ល្អ​បំផុត​ជា​និច្ច។—រ៉ូម ១២:១; ធីម៉ូថេ​ទី២ ២:១៥

១៣​. ហេតុ​អ្វី​យើង​គួរ​រាយ​ការណ៍​អំពី​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

១៣ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ពេញ​ចិត្ត​ជូន​លោក​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា។ (ម៉ាថាយ ២២:៣៧, ៣៨) ប៉ុន្តែ តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា ពេល​អង្គ​ការ​សុំ​យើង​រាយ​ការណ៍​អំពី​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​រៀង​រាល់​ខែ? យើង​គួរ​តែ​ពេញ​ចិត្ត​នឹង​រាយ​ការណ៍ ពី​ព្រោះ​តាម​របៀប​នេះ យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ។ (ពេត្រុស​ទី២ ១:៧) ប៉ុន្តែ គ្មាន​អ្នក​ណា​គួរ​គិត​ថា​គាត់​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​គ្រាន់​តែ​ដើម្បី​រាយ​ការណ៍​ម៉ោង​ច្រើន​ជាង​ប៉ុណ្ណោះ​ទេ។ តាម​ពិត បើ​អ្នក​ផ្សាយ​ម្នាក់​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​សារ​អាយុ ឬ​សុខភាព​របស់​គាត់ នោះ​គាត់​អាច​រាយ​ការណ៍​រហូត​ដល់​តិច​បំផុត​១៥​នាទី។ ដោយ​សារ​គាត់​ខំ​អស់​ពី​សមត្ថភាព នោះ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​ដែរ​ថា​បង​ប្អូន​យើង​ស្រឡាញ់​លោក ហើយ​ពិត​ជា​ចង់​ធ្វើ​ជា​សាក្សី​របស់​លោក។ ដូច​ពួក​អ្នក​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​ដែល​ទោះ​ជា​ក្រី​ក្រ​ក្ដី ពួក​គេ​នៅ​តែ​អាច​ជូន​គ្រឿង​បូជា​ដល់​ព្រះ នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ដែល​មិន​មាន​សុខភាព​ល្អ ឬ​មាន​វ័យ​ចាស់​នៅ​តែ​អាច​ជូន​របាយការណ៍​មួយ​ដែល​ពួក​គាត់​អាច​ពេញ​ចិត្ត។ របាយការណ៍​របស់​យើង​បាន​ត្រូវ​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​សរុប​ទូ​ទាំង​ពិភព​លោក ដែល​ជួយ​អង្គ​ការ​យើង​ធ្វើ​គម្រោង​សម្រាប់​សេចក្ដី​ត្រូវការ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ នេះ​ជា​មូលហេតុ​ដែល​យើង​រាយ​ការណ៍​អំពី​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

ទម្លាប់​របស់​យើង​ក្នុង​ការ​សិក្សា​និង​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ដែល​យើង​ជូន​ព្រះ

១៤​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​គួរ​ពិនិត្យ​មើល​ទម្លាប់​របស់​យើង​ក្នុង​ការ​សិក្សា។

១៤ ក្រោយ​ពី​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​ទាំង​នេះ​ពី​សៀវភៅ​លេវីវិន័យ តើ​អ្នក​មាន​ការ​យល់​ដឹង​ច្រើន​ជាង​អំពី​មូលហេតុ​ដែល​សៀវភៅ​នេះ​បាន​ត្រូវ​បញ្ចូល​ទៅ​ក្នុង​បណ្ដាំ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ឬ​ទេ? (ធីម៉ូថេ​ទី២ ៣:១៦) តើ​អ្នក​តាំង​ចិត្ត​ខ្លាំង​ជាង​មុន​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ​ឬ​ទេ? ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត ហើយ​លោក​សម​នឹង​ទទួល​អ្វី​ទាំង​នោះ។ អ្នក​ក៏​ប្រហែល​ជា​ចង់​សិក្សា​សៀវភៅ​ឯ​ទៀត​ក្នុង​គម្ពីរ​ឲ្យ​កាន់​តែ​ជ្រាល​ជ្រៅ​ដែរ។ (សូម​អាន សុភាសិត ២:១​-​៥) សូម​ពិនិត្យ​មើល ហើយ​អធិដ្ឋាន​អំពី​ទម្លាប់​សិក្សា​របស់​អ្នក។ សូម​ដណ្ដឹង​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​កំពុង​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត​ឬ​ទេ? ឬ​តើ​ខ្ញុំ​ឲ្យ​កម្ម​វិធី​ទូរទស្សន៍ ហ្គេម​វីដេអូ ការ​លេង​កីឡា ឬ​ការ​កម្សាន្ត រារាំង​ខ្ញុំ​មិន​ឲ្យ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត?›។ បើ​ដូច្នេះ ប្រហែល​ជា​ការ​ល្អ​ដែល​អ្នក​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​ប៉ូល​បាន​និយាយ​នៅ​ក្នុង​សៀវភៅ​ហេប្រឺ។

១៥, ១៦​. ហេតុ​អ្វី​ប៉ូល​បាន​និយាយ​ត្រង់ ពេល​គាត់​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ?

១៥ ប៉ូល​បាន​និយាយ​ត្រង់ ពេល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ។ (សូម​អាន ហេប្រឺ ៥:៧, ១១​-​១៤) គាត់​បាន​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ក្រ​នឹង​យល់»។ ហេតុ​អ្វី​គាត់​និយាយ​ត្រង់​ដូច្នេះ? ដូច​ព្រះ​យេហូវ៉ា​ដែរ គាត់​ស្រឡាញ់​ពួក​គេ ហើយ​គាត់​បារម្ភ​ថា​ពួក​គេ​ព្យាយាម​មាន​ជីវិត​រស់​នៅ​ដោយ​សារ​តែ​ទឹក​ដោះ​ប៉ុណ្ណោះ ឬ​ដោយ​ផ្អែក​លើ​ចំណេះ​បឋម​នៃ​គម្ពីរ។ ទោះ​ជា​ការ​យល់​ដឹង​អំពី​សេចក្ដី​បង្រៀន​បឋម​គឺ​សំខាន់​ក៏​ដោយ យើង​ត្រូវ​បរិភោគ«អាហារ​រឹង» ពោល​គឺ​សេចក្ដី​បង្រៀន​ដែល​ជ្រាល​ជ្រៅ​ជាង​ក្នុង​គម្ពីរ បើ​យើង​ចង់​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត។

១៦ ជា​ជាង​អាច​បង្រៀន​អ្នក​ឯ​ទៀត គ្រិស្ត​សាសនិកជន​ជាតិ​ហេប្រឺ​ត្រូវ​ការ​ឲ្យ​អ្នក​ណា​ម្នាក់​បង្រៀន​ពួក​គេ។ ហេតុ​អ្វី? ពួក​គេ​បាន​ជៀស​វាង«អាហារ​រឹង»។ សូម​ដណ្ដឹង​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ជ្រាល​ជ្រៅ​ជាង​ក្នុង​គម្ពីរ​ឬ​ទេ? តើ​ខ្ញុំ​ចង់​សិក្សា​សេចក្ដី​បង្រៀន​នោះ​ឬ​ទេ? ឬ​តើ​ខ្ញុំ​ជៀស​វាង​អធិដ្ឋាន​និង​សិក្សា​យ៉ាង​ស៊ី​ជម្រៅ? បើ​ដូច្នេះ តើ​ទម្លាប់​របស់​ខ្ញុំ​ក្នុង​ការ​សិក្សា​ជា​ដើម​ហេតុ​មួយ​នៃ​បញ្ហា​ទាំង​នោះ​ឬ​ទេ?›។ យើង​មិន​គ្រាន់​តែ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បង្រៀន​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។—ម៉ាថាយ ២៨:១៩, ២០

១៧, ១៨​. (ក) ហេតុ​អ្វី​យើង​គួរ​បរិភោគ«អាហារ​រឹង»ជា​ទៀង​ទាត់? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ពិសា​ស្រា​មុន​កិច្ច​ប្រជុំ?

១៧ ព្រះ​យេហូវ៉ា​មិន​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​យើង​ខុស ដើម្បី​ជំរុញ​យើង​ឲ្យ​ចង់​សិក្សា​គម្ពីរ​ទេ។ សូម្បី​តែ​ការ​សិក្សា​គម្ពីរ​មិន​មែន​ស្រួល​សម្រាប់​យើង​ក្ដី យើង​គួរ​បន្ត​បរិភោគ«អាហារ​រឹង» ទោះ​ជា​យើង​ស្គាល់​សេចក្ដី​ពិត​អស់​រយៈ​ពេល​យូរ​ប៉ុន្មាន​ក៏​ដោយ។ នេះ​គឺ​សំខាន់​ចាំ​បាច់ បើ​យើង​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ។

១៨ ដើម្បី​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ យើង​ត្រូវ​ពិនិត្យ​មើល​បទ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​អ្វី​ដែល​ព្រះ​សុំ​យើង​ឲ្យ​ធ្វើ។ ណាដាប​និង​អ័ប៊ីហ៊ូវ​ដែល​ជា​កូន​ប្រុស​របស់​អេរ៉ុន​បាន​ត្រូវ​ប្រហារ​ជីវិត ដោយ​សារ​ពួក​គាត់​បាន​ជូន«ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ» ប្រហែល​ជា​ក្នុង​ពេល​ដែល​ពួក​គាត់​ស្រវឹង​ស្រា។ (លេវីវិន័យ ១០:១, ២) សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​បាន​ប្រាប់​អេរ៉ុន​នៅ​ពេល​ក្រោយ​មក។ (សូម​អាន លេវីវិន័យ ១០:៨​-​១១) តើ​ខ​គម្ពីរ​ទាំង​នេះ​ចង់​បញ្ជាក់​ថា​យើង​មិន​ត្រូវ​ផឹក​អ្វីៗដែល​មាន​ជាតិ​ស្រា​មុន​នឹង​ទៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ឬ? សូម​គិត​អំពី​ចំណុច​ទាំង​នេះ: យើង​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ឡើយ។ (រ៉ូម ១០:៤) នៅ​ប្រទេស​ខ្លះ បង​ប្អូន​រួម​ជំនឿ​របស់​យើង​ប្រើ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រា​ដោយ​ចេះ​ប្រមាណ​នៅ​ពេល​បរិភោគ​អាហារ​មុន​នឹង​ចូល​រួម​កិច្ច​ប្រជុំ។ ស្រា​ទំពាំង​បាយ​ជូរ​បួន​ពែង​បាន​ត្រូវ​ប្រើ​នៅ​បុណ្យ​រំលង។ ពេល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ពិធី​រំលឹក លោក​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ឲ្យ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ដែល​ជា​តំណាង​ឈាម​របស់​លោក។ (ម៉ាថាយ ២៦:២៧) គម្ពីរ​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ហួស​ប្រមាណ​និង​ការ​ប្រមឹក​ស្រា។ (កូរិនថូស​ទី១ ៦:១០; ធីម៉ូថេ​ទី១ ៣:៨) ម្យ៉ាង​ទៀត ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គាត់ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ប្រហែល​ជា​មិន​ពិសា​ស្រា​សោះ​មុន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ប៉ុន្តែ កាល:ទេស:គឺ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​គ្រិស្ត​សាសនិក គឺ«ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា»ឬ​របស់​មិន​បរិសុទ្ធ ដើម្បី​ពួក​គាត់​អាច​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ហើយ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

១៩​. (ក) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន​មាន​ន័យ​ខ្លឹម​សារ? (ខ) តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ណា​ថា​អ្នក​តាំង​ចិត្ត​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ?

១៩ មាន​គោល​ការណ៍​ល្អៗជា​ច្រើន​ក្នុង​គម្ពីរ​ដែល​យើង​អាច​រក​ឃើញ បើ​យើង​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​ក្នុង​បណ្ដាំ​របស់​ព្រះ។ សូម​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗសម្រាប់​ស្រាវ​ជ្រាវ​ដើម្បី​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន​មាន​ន័យ​ខ្លឹម​សារ។ សូម​ស្វែង​យល់​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​ឲ្យ​បាន​ប្រសើរ​ជាង។ សូម​ចូល​ទៅ​ជិត​លោក។ (យ៉ាកុប ៤:៨) សូម​អធិដ្ឋាន​ទៅ​ព្រះ​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​ច្រៀង​ថា៖ «សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ​នៅ​ក្នុង​ក្រិត្យ​វិន័យ​របស់​ទ្រង់»។ (ទំនុក​តម្កើង ១១៩:១៨) សូម​កុំ​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​គម្ពីរ​ឲ្យ​សោះ។ សូម​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​ដ៏​បរិសុទ្ធ»យ៉ាង​អស់​ពី​ចិត្ត ហើយ​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង«កិច្ច​ការ​ដ៏​បរិសុទ្ធ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះ»។ (ពេត្រុស​ទី១ ១:១៥; រ៉ូម ១៥:១៦) យើង​ត្រូវ​រក្សា​ខ្លួន​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​អាក្រក់​នេះ។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

a សូម​មើល«សំណួរ​ពី​អ្នក​អាន»នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០៣។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ការ​បំពាន​លើ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា: ការ​ធ្វើ​ខុស​ច្បាប់​របស់​ព្រះ​យេហូវ៉ា ឬ​មិន​អើពើ​នឹង​គោល​ការណ៍​របស់​លោក ពេល​មាន​ការ​បង្ខិត​បង្ខំ។ នេះ​ក៏​អាច​សំដៅ​លើ​ការ​មិន​ធ្វើ​តាម​ច្បាប់​និង​គោល​ការណ៍​របស់​លោក​ក្នុង​រឿង​តូច​តាច​ដែរ

  • សិទ្ធិ​គ្រប់​គ្រង: ឫទ្ធានុភាព​និង​អំណាច​ដែល​គ្មាន​កម្រិត​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​អ្វីៗទាំង​អស់​ដែល​លោក​បាន​បង្កើត។ លោក​មាន​សិទ្ធិ​គ្រប់​គ្រង និង​ធ្វើ​ច្បាប់​សម្រាប់​មនុស្សជាតិ។ យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក ពេល​យើង​ស្ដាប់​បង្គាប់​លោក ហើយ​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ

  • ចិត្ត​គំនិត: របៀប​ដែល​យើង​គិត ប្រព្រឹត្ត និង​មាន​អារម្មណ៍។ យើង​បង្ហាញ​ឲ្យ​ឃើញ​ចិត្ត​គំនិត​របស់​យើង​តាម​រយៈ​ប្រតិកម្ម​របស់​យើង​ចំពោះ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ តាម​រយៈ​ការ​សិក្សា​គម្ពីរ​ស៊ី​ជម្រៅ និង​ដោយ​រាយ​ការណ៍​អំពី​ការ​ផ្សព្វ​ផ្សាយ​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក