បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១២ ទំ. ២១-២៦
  • តើអ្នកឲ្យតម្លៃទៅលើអ្វីដែលអ្នកបានទទួលឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកឲ្យតម្លៃទៅលើអ្វីដែលអ្នកបានទទួលឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុគ្គល​ខ្លះ​ដែល​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល
  • បុគ្គល​ខ្លះ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល
  • ចូរ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ទទួល
  • តើ​អ្នក​នឹង​ធ្វើ​អ្វី?
  • កេរ្ដិ៍ដំណែលរបស់យើង—តើនេះមានន័យយ៉ាងណាចំពោះអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ប្អូនៗវ័យក្មេង អ្នកបង្កើតរបស់ប្អូនចង់ឲ្យប្អូនសប្បាយរីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរការពារមត៌កដ៏មានតម្លៃរបស់អ្នក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ចូររក្សាការពារកេរដំណែលរបស់អ្នកដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១២ ទំ. ២១-២៦

តើ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ទទួល​ឬ​ទេ?

​«​យើង . . . បាន​ទទួល​សកម្មពល​ពី​ព្រះ ដើម្បី​ឲ្យ​យើង​ដឹង​អ្វី​ដែល​ព្រះ​បាន​មេត្ដា​ផ្ដល់​ឲ្យ​យើង​»។—កូរិនថូស​ទី១ ២:១២

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​មនុស្ស​វ័យ​ក្មេង​និង​យើង​ទាំង​អស់​គ្នា​ត្រូវ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី?

  • តើ​មាន​គំរូ​ល្អ​អ្វី​ខ្លះ​អំពី​ពួក​អ្នក​ដែល​បាន​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អ្នក​បាន​ទទួល?

១​. តើ​មនុស្ស​ជា​ច្រើន​គិត​យ៉ាង​ណា​អំពី​អ្វី​ដែល​ពួក​គេ​មាន?

តើ​អ្នក​ធ្លាប់​ឮ​មនុស្ស​និយាយ​ថា​៖ ​«​យើង​មិន​ស្គាល់​តម្លៃ​នៃ​អ្វី​ដែល​យើង​មាន​រហូត​ដល់​បាត់​បង់​វា​»​ឬ​ទេ? ប្រហែល​ជា​អ្នក​ក៏​ធ្លាប់​គិត​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ដែល​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​មាន ប្រហែល​ជា​គិត​ថា​ទ្រព្យ​សម្បត្ដិ​ដែល​គាត់​មាន​ជា​អ្វី​ដែល​ធម្មតា។ ឬ​ដោយ​សារ​បុគ្គល​វ័យ​ក្មេង​មិន​សូវ​មាន​បទ​ពិសោធន៍ គាត់​ប្រហែល​ជា​មិន​យល់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់​ក្នុង​ជីវិត​ឡើយ។

២, ៣​. (​ក​) តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ត្រូវ​ជៀស​វាង​ពី​អ្វី? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​យើង​មាន?

២ បើ​អ្នក​នៅ​ក្មេង តើ​អ្វី​គឺ​សំខាន់​ចំពោះ​អ្នក? មនុស្ស​វ័យ​ក្មេង​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ច្រើន​តែ​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ថា​សំខាន់​ជាង​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ពួក​គេ​ប្រហែល​ជា​ចង់​បាន​ការ​ងារ​ល្អ ផ្ទះ​ស្អាត ឬ​គ្រឿង​អេឡិចត្រូនិច​ទំនើប​ៗ។ បើ​ក្នុង​ជីវិត ពួក​គេ​គិត​តែ​អំពី​អ្វី​ៗ​ទាំង​នេះ ពួក​គេ​កំពុង​ខ្វះ​អ្វី​មួយ​ដែល​សំខាន់​បំផុត ពោល​គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ បើ​អ្នក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ពិត អ្នក​បាន​ទទួល​អំណោយ​មួយ​ដ៏​អស្ចារ្យ​ពី​ព្រះ។ (​ម៉ាថាយ ៥:៣​) បើ​អ្នក​មិន​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​ទេ នេះ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អ្នក​ពេញ​មួយ​ជីវិត។

៣ នោះ​មិន​ចាំ​បាច់​កើត​ឡើង​ចំពោះ​អ្នក​ទេ។ យើង​នឹង​ពិចារណា​គំរូ​ខ្លះ​ពី​គម្ពីរ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ។ គំរូ​ទាំង​នេះ​នឹង​មិន​គ្រាន់​តែ​ជួយ​មនុស្ស​វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​យើង​ទាំង​អស់​គ្នា​ដែរ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។

បុគ្គល​ខ្លះ​ដែល​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល

៤​. តើ​សាំយូអែល​ទី១ ៨:១​-​៥​រៀប​រាប់​យ៉ាង​ណា​អំពី​កូន​ប្រុស​របស់​សាំយូអែល?

៤ បុគ្គល​ខ្លះ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​បាន​ទទួល​កេរ​ដំណែល​ដ៏​អស្ចារ្យ​ពី​ព្រះ ប៉ុន្តែ​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​នោះ​ទេ។ អ្នក​ប្រកាស​ទំនាយ​សាំយូអែល បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​គាត់​នៅ​ជា​ក្មេង​តូច ហើយ​គាត់​បាន​នៅ​ស្មោះ​ត្រង់​នឹង​លោក​ជា​និច្ច។ (​សាំយូអែល​ទី១ ១២:១​-​៥​) សាំយូអែល​បាន​ទុក​គំរូ​ដ៏​ល្អ ប៉ុន្តែ​យ៉ូអែល​និង​អាប៊ីយ៉ា[​ឬ​អ័ប៊ីយ៉ា​]ដែល​ជា​កូន​ប្រុស​របស់​គាត់ មិន​បាន​យក​តម្រាប់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទៅ​ជា​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។—សូម​អាន សាំយូអែល​ទី១ ៨:១​-​៥

៥, ៦​. តើ​អ្វី​បាន​កើត​ឡើង​ដល់​កូន​ប្រុស​ៗ​និង​ចៅ​ប្រុស​របស់​យ៉ូសៀស?

៥ កូន​ប្រុស​របស់​ស្តេច​យ៉ូសៀស​ក៏​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ។ យ៉ូសៀស​ជា​ស្តេច​ស្មោះ​ត្រង់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក។ នៅ​ពេល​ដែល​គេ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់​របស់​ព្រះ ហើយ​បាន​អាន​ឲ្យ​យ៉ូសៀស​ស្ដាប់ គាត់​បាន​អនុវត្ត​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​បំបាត់​ចោល​ការ​គោរព​បូជា​រូប​ព្រះ​និង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ចេញ​ពី​ស្រុក ហើយ​គាត់​បាន​ដាស់​តឿន​បណ្ដា​ជន​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​ពង្សាវតារ​ក្សត្រ​ទី២ ២២:៨; ២៣:២, ៣, ១២​-​១៥, ២៤, ២៥​) កូន​ប្រុស​ៗ​របស់​គាត់​បាន​ទទួល​កេរ​ដំណែល​ដ៏​អស្ចារ្យ​ដែល​មក​ពី​ព្រះ! ប៉ុន្តែ នៅ​ពេល​ក្រោយ​មក​កាល​ដែល​កូន​ប្រុស​បី​នាក់​និង​ចៅ​ម្នាក់​របស់​គាត់​បាន​ទៅ​ជា​ស្តេច ពួក​គេ​ទាំង​អស់​គ្នា​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល​នោះ​ទេ។

៦ ពេល​យ៉ូអាហាស​ដែល​ជា​កូន​ប្រុស​របស់​យ៉ូសៀស​បាន​ទៅ​ជា​ស្តេច គាត់​បាន​ធ្វើ​«​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះនេត្រព្រះ​យេហូវ៉ា​»។ គាត់​បាន​ធ្វើ​ជា​ស្តេច​តែ​បី​ខែ​ប៉ុណ្ណោះ ពេល​ផារ៉ូ​ជន​ជាតិ​អេស៊ីប​បាន​ចាប់​គាត់​ដាក់​គុក។ គាត់​បាន​ស្លាប់​ជា​ឈ្លើយ ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​គាត់។ (​ពង្សាវតារ​ក្សត្រ​ទី២ ២៣:៣១​-​៣៤​) បន្ទាប់​មក យេហូយ៉ាគីម​ដែល​ជា​បង​ប្រុស​របស់​គាត់ បាន​ធ្វើ​ជា​ស្តេច​អស់​រយៈ​ពេល​១១​ឆ្នាំ។ គាត់​ក៏​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ទទួល​ពី​ឪពុក​របស់​គាត់​ដែរ។ គាត់​អាក្រក់​ដល់​ម្ល៉េះ​បាន​ជា​យេរេមា​បាន​និយាយ​អំពី​គាត់​ថា​៖ ​«​គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា​»។ (​យេរេមា ២២:១៧​-​១៩​) សេដេគា​ដែល​ជា​កូន​ប្រុស​របស់​យ៉ូសៀស និង​យ៉ូយ៉ាគីន​ដែល​ជា​ចៅប្រុស​របស់​យ៉ូសៀស ក៏​ជា​ស្តេច​អាក្រក់​ដូច​គ្នា ហើយ​មិន​បាន​ធ្វើ​តាម​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​យ៉ូសៀស​ទេ។—ពង្សាវតារ​ក្សត្រ​ទី២ ២៤:៨, ៩, ១៨, ១៩

៧, ៨​. (​ក​) តើ​តាម​របៀប​ណា​សាឡូម៉ូន​បាន​ប្រើ​កេរ​ដំណែល​ដែល​គាត់​បាន​ទទួល​ពី​ព្រះ​ដោយ​ឥត​ប្រយោជន៍? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​ក្នុង​គម្ពីរ​អំពី​ពួក​អ្នក​ដែល​បាន​ប្រើ​កេរ​ដំណែល​ដោយ​ឥត​ប្រយោជន៍?

៧ ស្តេច​សាឡូម៉ូន​បាន​រៀន​ពី​ដាវីឌ​ជា​ឪពុក​គាត់​អំពី​របៀប​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​គាត់​លែង​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​គាត់​បាន​ទទួល​ពី​ព្រះ។ ​«​កាល​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ​ទ័យ​ទ្រង់​មិន​បាន​ស្មោះ​ត្រង់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ​ទ័យ​របស់​ដាវីឌ​ជា​បិតា​ទ្រង់​ទេ​»។ (​ពង្សាវតារ​ក្សត្រ​ទី១ ១១:៤​) ដោយ​សារ​គាត់​បាន​ធ្វើ​ដូច្នេះ សាឡូម៉ូន​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។

៨ បុរស​ទាំង​អស់​នេះ​មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គួរ​ឲ្យ​ស្ដាយ ពួក​គេ​មិន​បាន​ប្រើ​ឱកាស​ដែល​ពួក​គេ​មាន​ទេ។ ប៉ុន្តែ មិន​មែន​មនុស្ស​វ័យ​ក្មេង​ទាំង​អស់​ទេ ដែល​បាន​ប្រើ​កេរ​ដំណែល​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ​ដោយ​ឥត​ប្រយោជន៍។ ឥឡូវ​យើង​នឹង​ពិចារណា​គំរូ​ល្អ​ខ្លះ​អំពី​មនុស្ស​វ័យ​ក្មេង​ដែល​អ្នក​អាច​ធ្វើ​តាម។

បុគ្គល​ខ្លះ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល

៩​. តើ​តាម​របៀប​ណា​កូន​ប្រុស​របស់​ណូអេ​បាន​ទុក​គំរូ​ដ៏​ល្អ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

៩ កូន​ប្រុស​របស់​ណូអេ​បាន​ទុក​គំរូ​ដ៏​ល្អ។ ពួក​គេ​មាន​ឯកសិទ្ធិ​ជួយ​ណូអេ​សង់​ទូក​ធំ​ដើម្បី​សង្គ្រោះ​មនុស្ស។ ពួក​គេ​ដឹង​ថា​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ​មុន​ទឹក​ជំនន់​បាន​ចាប់​ផ្ដើម។ (​លោកុប្បត្តិ ៧:១, ៧​) តើ​មាន​លទ្ធផល​យ៉ាង​ណា? លោកុប្បត្តិ ៧:៣​ប្រាប់​ថា ពួក​គេ​បាន​យក​សត្វ​ចូល​ទៅ​ក្នុង​ទូក​ធំ​«​ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែន​ដី​»។ មនុស្ស​ក៏​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។ ដោយ​សារ​កូន​ប្រុស​របស់​ណូអេ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ ពួក​គេ​មាន​ឯកសិទ្ធិ​ជួយ​សង្គ្រោះ​មនុស្សជាតិ ហើយ​រៀបចំ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ពិត​លើ​ផែន​ដី។—លោកុប្បត្តិ ៨:២០; ៩:១៨, ១៩

បុរស​វ័យ​ក្មេង​ជន​ជាតិ​ហេប្រឺ​បួន​នាក់ មិន​បាន​ភ្លេច​ថា​ពួក​គេ​ជា​អ្នក​ណា​និង​អ្វី​ដែល​ពួក​គេ​បាន​រៀន​ឡើយ

១០​. តើ​បុរស​វ័យ​ក្មេង​ជន​ជាតិ​ហេប្រឺ​បួន​នាក់​នៅ​បាប៊ីឡូន​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ?

១០ រាប់​រយ​ឆ្នាំ​ក្រោយ​មក បុរស​វ័យ​ក្មេង​ជន​ជាតិ​ហេប្រឺ​បួន​នាក់​មិន​ព្រម​ធ្វើ​តាម​របៀប​រស់​នៅ​របស់​ជន​ជាតិ​បាប៊ីឡូន​ឡើយ។ ហាណានា មីសាអែល អ័សារា និង​ដានីយ៉ែល​បាន​ត្រូវ​គេ​ចាប់ ហើយ​យក​ទៅ​បាប៊ីឡូន​នៅ​ឆ្នាំ​៦១៧ មុន​គ.ស.។ ពួក​គេ​ជា​បុរស​សង្ហា ហើយ​ឆ្លាត ដែល​អាច​ងាយ​សម្រប​ខ្លួន​នឹង​ជីវិត​នៅ​បាប៊ីឡូន។ ប៉ុន្តែ ពួក​គេ​មិន​បាន​ភ្លេច​ថា​ពួក​គេ​ជា​អ្នក​ណា​និង​អ្វី​ដែល​ពួក​គេ​បាន​រៀន​ឡើយ ដោយ​សារ​ហេតុ​ទាំង​នេះ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ជា​ច្រើន​ដល់​ពួក​គេ។—សូម​អាន ដានីយ៉ែល ១:៨, ១១​-​១៥, ២០

១១​. តើ​អ្នក​ឯ​ទៀត​បាន​ទទួល​ប្រយោជន៍​ពី​កេរ​ដំណែល​ដែល​លោក​យេស៊ូ​បាន​ទទួល​ពី​ព្រះ​ឬ​ទេ?

១១ លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​អ្នក​ដែល​បាន​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​លោក​បាន​ទទួល​ពី​ព្រះ។ លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​អ្វី​ៗ​ដែល​បិតា​របស់​លោក​បាន​បង្រៀន​លោក។ នេះ​អាច​ស​ឲ្យ​ឃើញ​ច្បាស់​ពី​ពាក្យ​របស់​លោក​ដែល​ថា​៖ ​«​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ​»។ (​យ៉ូហាន ៨:២៨​) លោក​រីក​រាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​លោក​បាន​រៀន​ដើម្បី​ពួក​គេ​ក៏​អាច​ទទួល​ប្រយោជន៍​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះនេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:១៨, ៤៣​) ពិភព​លោក​មិន​ឲ្យ​តម្លៃ​ទៅ​លើ​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះ​ទេ ហើយ​នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​«​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ​»។—យ៉ូហាន ១៥:១៩

ចូរ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ទទួល

១២​. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​ធីម៉ូថេ​ទី២ ៣:១៤​-​១៧​សំដៅ​លើ​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?

១២ បើ​អ្នក​មាន​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា អ្នក​បាន​ទទួល​កេរ​ដំណែល​ដែល​មក​ពី​ព្រះ។ អ្វី​ដែល​គម្ពីរ​ចែង​អំពី​ធីម៉ូថេ​ក៏​អាច​សំដៅ​លើ​អ្នក​ដែរ។ (​សូម​អាន ធីម៉ូថេ​ទី២ ៣:១៤​-​១៧​) ឪពុក​ម្ដាយ​របស់​អ្នក​បាន​បង្រៀន​អ្នក​អំពី​ព្រះ​យេហូវ៉ា និង​របៀប​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ ពួក​គាត់​ប្រហែល​ជា​បាន​បង្រៀន​អ្នក​តាំង​ពី​ពេល​អ្នក​ជា​ទារក។ នេះ​បាន​ជួយ​អ្នក​ឲ្យ​«​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​ដែល​ទាក់​ទង​នឹង​គ្រិស្ត​យេស៊ូ​»​ ហើយ​ឲ្យ​អ្នក​«​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​»​ដើម្បី​បម្រើ​ព្រះ។ ប៉ុន្តែ តើ​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​អ្នក​មាន​ឬ​ទេ? សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សាក្សី​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​បាន​រស់​នៅ​មុន​ខ្ញុំ? តើ​ខ្ញុំ​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ខ្ញុំ​អាច​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច​ដែល​ព្រះ​ស្គាល់? តើ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​និង​ពិសេស​ឬ​ទេ?›។

១៣, ១៤​. តើ​មនុស្ស​ខ្លះ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​ប្រហែល​ជា​ចង់​ធ្វើ​អ្វី ប៉ុន្តែ​ហេតុ​អ្វី​នេះ​ពិត​ជា​ល្ងង់​ខ្លៅ? សូម​លើក​ឧទាហរណ៍​មួយ។

១៣ មនុស្ស​វ័យ​ក្មេង​ខ្លះ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ពិត ប្រហែល​ជា​មិន​ទទួល​ស្គាល់​ថា​សេចក្ដី​ពិត​គឺ​ល្អ​យ៉ាង​ណា ហើយ​ពិភព​លោក​របស់​សាថាន​គឺ​អាក្រក់​យ៉ាង​ណា​ទេ។ ពួក​គេ​ខ្លះ​ថែម​ទាំង​ចង់​សាក​មើល​ឲ្យ​ដឹង​ថា​ជីវិត​ក្នុង​ពិភព​លោក​គឺ​យ៉ាង​ណា។ ប៉ុន្តែ តើ​អ្នក​នឹង​រត់ទៅ​មុខ​ឡាន​ដែល​កំពុង​ធ្វើ​ដំណើរ​ដើម្បី​ដឹង​ថា​អ្នក​នឹង​ឈឺ ឬ​ក៏​ស្លាប់​ទេ? នោះ​ពិត​ជា​ល្ងង់​ខ្លៅ​មែន! ដូច្នេះ យើង​មិន​ចាំ​បាច់​សាកល្បង​អ្វី​ៗ​ដ៏​អាក្រក់​ក្នុង​ពិភព​លោក​នេះ​ទេ ដើម្បី​ដឹង​ថា​វា​នឹង​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត​យ៉ាង​ណា​នោះ។—ពេត្រុស​ទី១ ៤:៤

យើង​មិន​ចាំ​បាច់​សាកល្បង​អ្វី​ៗ​ដ៏​អាក្រក់​ក្នុង​ពិភព​លោក​នេះ​ទេ ដើម្បី​ដឹង​ថា​វា​នឹង​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត​យ៉ាង​ណា​នោះ

១៤ បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ជិនណឺ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​នៅ​ទ្វីប​អាស៊ី។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១២​ឆ្នាំ។ ប៉ុន្តែ ពេល​ដែល​គាត់​ជា​ក្មេង​ជំទង់ គាត់​ចង់​សាក​មើល​ជីវិត​ក្នុង​ពិភព​លោក ដោយ​សង្ឃឹម​ថា​គាត់​នឹង​មាន​សេរី​ភាព។ ប្អូន​ជិនណឺ​បាន​ចាប់​ផ្ដើម​កុហក​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​លាក់​រឿង​ខ្លះ​ពី​ពួក​គេ។ ពេល​ដែល​គាត់​មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ខ្លះ​ដែល​មិត្ត​ភក្ដិ​របស់​គាត់​ក៏​ធ្វើ​ដែរ ដូច​ជា​ផឹក​ស្រា​និង​ប្រើ​ពាក្យ​អសុរោះ​ជា​ដើម។ ប្អូន​ជិនណឺ​បាន​មក​ផ្ទះ​ពេល​យប់​ជ្រៅ ក្រោយ​ពី​គាត់​បាន​លេង​បុកប៊ីយ៉ា​និង​លេង​ហ្គេម​កុំព្យូទ័រ​ដែល​មាន​អំពើ​ឃោរ​ឃៅ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​គាត់។ នៅ​ទី​បំផុត គាត់​បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ​មិន​នាំ​ឲ្យ​គាត់​សប្បាយ​ទេ ហើយ​គាត់​មាន​អារម្មណ៍​ថា​ជីវិត​បែប​នេះ​គឺ​អសារ​ឥត​ការ។ ឥឡូវ​គាត់​បាន​ត្រឡប់​មក​សេចក្ដី​ពិត​វិញ។ គាត់​និយាយ​ថា ជួន​កាល គាត់​នៅ​តែ​បាន​ត្រូវ​ល្បួង​ដោយ​ពិភព​លោក​នេះ ប៉ុន្តែ​ចំពោះ​គាត់ ការ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង។

១៥​. ទោះ​បី​ជា​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក ឬ​មិន​បាន​ក៏​ដោយ តើ​យើង​ទាំង​អស់​គ្នា​គួរ​គិត​អំពី​អ្វី?

១៥ សូម្បី​តែ​ឪពុក​ម្ដាយ​របស់​អ្នក​មិន​នៅ​ក្នុង​សេចក្ដី​ពិត​ក្ដី សូម​គិត​អំពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែល​អ្នក​មាន​ដើម្បី​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត និង​ឯកសិទ្ធិ​បម្រើ​លោក! ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ផែន​ដី ដោយ​ចិត្ត​សប្បុរស ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​លោក។ នេះ​ពិត​ជា​ពរ​មួយ​មែន! (​យ៉ូហាន ៦:៤៤, ៤៥​) ទោះ​បី​ជា​យើង​បាន​រៀន​សេចក្ដី​ពិត​ពី​ឪពុក​ម្ដាយ​របស់​យើង​ឬ​មិន​បាន​ក៏​ដោយ យើង​អាច​មាន​ចិត្ត​សប្បាយ​យ៉ាង​ខ្លាំង ដោយ​សារ​យើង​ស្គាល់​សេចក្ដី​ពិត។ (​សូម​អាន កូរិនថូស​ទី១ ២:១២​) ប្អូន​ជិនណឺ​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​សកលលោក​ស្គាល់​ខ្ញុំ?​»។ (​ទំនុក​តម្កើង ៨:៤​) បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​និយាយ​ថា​៖​«​សិស្ស​មាន​មោទនភាព​ណាស់​បើ​គ្រូ​ស្គាល់​ពួក​គេ។ គឺ​ជា​ឯកសិទ្ធិ​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ជា​គ្រូ​បង្រៀន​ដ៏​ឧត្តម​ស្គាល់​យើង!​»។

តើ​អ្នក​នឹង​ធ្វើ​អ្វី?

១៦​. តើ​អ្វី​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​សម្រាប់​គ្រិស្ត​សាសនិក​វ័យ​ក្មេង?

១៦ សូម​រំពឹង​គិត​អំពី​កេរ​ដំណែល​ដ៏​អស្ចារ្យ​ដែល​អ្នក​បានទទួល​ពី​ព្រះ ហើយ​កំណត់​គោល​ដៅ​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​បុគ្គល​ស្មោះ​ត្រង់​នៅ​អតីតកាល។ សូម​កុំ​ធ្វើ​ដូច​មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ ដែល​ប្រើ​ជីវិត​ដោយ​ឥត​ប្រយោជន៍ ហើយ​ដែល​គ្មាន​អនាគត។—កូរិនថូស​ទី២ ៤:៣, ៤

១៧​-​១៩​. ហេតុ​អ្វី​ការ​ធ្វើ​ខុស​ពី​ពិភព​លោក​គឺ​ជា​ទង្វើ​ដ៏​ឈ្លាស​វៃ?

១៧ ការ​ធ្វើ​ជា​មនុស្ស​ខុស​ប្លែក​ពី​ពិភព​លោក​នេះ គឺ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ នេះ​ជា​ទង្វើ​ដ៏​ឈ្លាស​វៃ។ សូម​គិត​អំពី​កីឡាករ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ចូល​ប្រកួត​កីឡា​អូឡាំពិក។ ដើម្បី​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ គាត់​ត្រូវ​ខុស​គ្នា​ពី​មនុស្ស​ស្រករ​គាត់។ គាត់​ជៀស​វាង​អ្វី​ៗ​ជា​ច្រើន​ដែល​នឹង​បំបែរ​អារម្មណ៍​គាត់ និង​ជៀស​វាង​អ្វី​ដែល​ស៊ី​ពេល​របស់​គាត់។ គាត់​សុខ​ចិត្ត​ធ្វើ​ខុស​ពី​គេ​ដើម្បី​គាត់​អាច​ហ្វឹកហាត់​ច្រើន​ជាង​និង​ដើម្បី​សម្រេច​គោល​ដៅ​របស់​គាត់។

សូម​រំពឹង​គិត​អំពី​កេរ​ដំណែល​ដ៏​អស្ចារ្យ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ ហើយ​កំណត់​គោល​ដៅ​បម្រើ​ព្រះ​យេហូវ៉ា

១៨ មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​សូវ​គិត​អំពី​លទ្ធផល​អាក្រក់​ដែល​អាច​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទេ ប៉ុន្តែ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​គិត​អំពី​អ្វី​ទាំង​នេះ។ បើ​យើង​ខុស​ប្លែក​ពី​ពិភព​លោក ហើយ​ជៀស​វាង​ពី​ទង្វើ​ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​នឹង​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។ (​ធីម៉ូថេ​ទី១ ៦:១៩​) បង​ស្រី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ និយាយ​ថា​៖ ​«​បើ​យើង​និយាយ​ការពារ​ជំនឿ​របស់​យើង នៅ​ទី​បំផុត​យើង​នឹង​មាន​អារម្មណ៍​សប្បាយ​យ៉ាង​ខ្លាំង។ ការ​ធ្វើ​ដូច្នេះ​នឹង​បញ្ជាក់​ថា​យើង​មាន​កម្លាំង​ចិត្ត​ដើម្បី​ធ្វើ​ផ្ទុយ​ពី​ពិភព​លោក​របស់​សាថាន។ សំខាន់​បំផុត គឺ​ហាក់​ដូច​ជា​យើង​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​យើង ហើយ​កំពុង​ញញឹម​មក​យើង! នោះ​ជា​ពេល​ដែល​យើង​សប្បាយ​ចិត្ត​ដោយ​សារ​យើង​ខុស​ពី​គេ!​»។

១៩ សូម​កុំ​ប្រើ​ជីវិត​របស់​អ្នក​ដោយ​ឥត​ប្រយោជន៍​ដោយ​គិត​តែ​អំពី​អ្វី​ដែល​អ្នក​អាច​មាន​ឥឡូវ​នេះ​ប៉ុណ្ណោះ។ (​សាស្ដា ៩:២, ១០​) អ្នក​ដឹង​អំពី​មូលហេតុ​ដែល​អ្នក​មាន​ជីវិត ហើយ​ដឹង​ថា​អ្នក​មាន​ឱកាស​រស់​ជា​រៀង​រហូត។ នេះ​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ហើយ​ជៀស​វាង​ពី​ការ​«​ដើរ​ដូច​ជន​ជាតិ​ដទៃ​»។ ជីវិត​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ។—អេភេសូរ ៤:១៧; ម៉ាឡាគី ៣:១៨

២០, ២១​. បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ តើ​យើង​អាច​មាន​អនាគត​យ៉ាង​ណា? ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?

២០ បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ យើង​អាច​មាន​ជីវិត​សប្បាយ​ឥឡូវ​នេះ ហើយ​ថែម​ទាំង​អាច​មាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​យើង​ច្រើន​ជាង​យើង​អាច​គិត​ស្មាន​ទៅ​ទៀត។ (​ម៉ាថាយ ៥:៥; ១៩:២៩; ២៥:៣៤​) ប៉ុន្តែ លោក​មិន​ផ្ដល់​ពរ​ទាំង​នេះ​ដល់​មនុស្ស​ទាំង​អស់​ទេ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​លោក។ (​សូម​អាន យ៉ូហាន​ទី១ ៥:៣, ៤​) ប៉ុន្តែ ការ​ខំ​ព្យាយាម​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​នៅ​ឥឡូវ​នេះ ពិត​ជា​មាន​ប្រយោជន៍​មែន!

២១ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​រួច​ហើយ​នូវ​អ្វី​ៗ​ជា​ច្រើន។ យើង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​បណ្ដាំ​របស់​លោក ហើយ​យើង​យល់​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ពិត​អំពី​លោក​និង​គោល​បំណង​របស់​លោក។ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​មាន​ឯកសិទ្ធិ​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​លោក។ ព្រះ​សន្យា​នឹង​យើង​ថា លោក​នៅ​ខាង​យើង​ដើម្បី​ជួយ​យើង។ (​ទំនុក​តម្កើង ១១៨:៧​) ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក្ដី សូម​យើង​ទាំង​អស់​គ្នា​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ទៅ​លើ​កេរ​ដំណែល​ដែល​យើង​បាន​ទទួល​ពី​ព្រះ ហើយ​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​មាន​«​សិរី​រុងរឿង​ជា​រៀង​រហូត​ត​ទៅ​»។—រ៉ូម ១១:៣៣​-​៣៦; ទំនុក​តម្កើង ៣៣:១២

ការ​ពន្យល់​ពាក្យ​ខ្លះ

កេរ​ដំណែល​ពី​ព្រះ​ដែល​យើង​បាន​ទទួល​រួម​បញ្ចូល:

  • ការ​រៀន​អំពី​ព្រះ​យេហូវ៉ា និង​របៀប​បម្រើ​លោក

  • ការ​ដែល​យើង​បាន​ត្រូវ​ហៅ ដោយ​នាម​របស់​ព្រះ ហើយ​ក្លាយ​ជា​មិត្ត​របស់​លោក

  • ការ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​បណ្ដាំ របស់​លោក

  • ការ​រៀន​អំពី​គំរូ​ដ៏​ស្មោះ​ត្រង់ របស់​ឪពុក​ម្ដាយ​យើង

  • ការ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន រស់​នៅ​មុន​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក