ចូរអរគុណព្រះយេហូវ៉ា ហើយទទួលពរ
«សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ»។—ទំនុកតម្កើង ១០៦:១
១. ហេតុអ្វីយើងអរគុណព្រះយេហូវ៉ា?
ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។ (យ៉ាកុប ១:១៧) លោកគឺជាគង្វាលរបស់យើងដែលស្រឡាញ់យើង ហើយលោកយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការទាំងអស់របស់យើង។ (ទំនុកតម្កើង ២៣:១-៣) ព្រះយេហូវ៉ាសមនឹងទទួលការអរគុណដ៏ស្មោះពីយើង។ លោកគឺជា«ទីពឹងជ្រក ក៏ជាកំឡាំង»របស់យើង ជាពិសេសពេលយើងមានទុក្ខលំបាក។ (ទំនុកតម្កើង ៤៦:១) យើងមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលបានសរសេរថា៖ «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច»។—ទំនុកតម្កើង ១០៦:១
បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៥គឺ: «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ»។—ទំនុកតម្កើង ១០៦:១
២, ៣. (ក) បើយើងទៅជាមនុស្សរមិលគុណ តើយើងនឹងមានលទ្ធផលអាក្រក់អ្វីខ្លះ? (ខ) តើយើងនឹងពិគ្រោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
២ ហេតុអ្វីយើងគួរដឹងគុណព្រះយេហូវ៉ា? ដូចទំនាយក្នុងគម្ពីរ មនុស្សនៅគ្រាចុងក្រោយបង្អស់បានទៅជាមនុស្សរមិលគុណ។ (ធីម៉ូថេទី២ ៣:២) មនុស្សជាច្រើនមិនដឹងគុណចំពោះអ្វីដ៏ល្អដែលព្រះយេហូវ៉ាបានធ្វើដើម្បីពួកគេឡើយ។ យើងរស់នៅក្នុងពិភពលោកដែលគិតតែពីទ្រព្យសម្បត្ដិ ហើយដែលលើកទឹកចិត្តមនុស្សរាប់លាននាក់ឲ្យទិញរបស់របរច្រើនជាងអ្វីដែលពួកគេពិតជាត្រូវការ។ ជាលទ្ធផល មនុស្សជាច្រើនមិនស្កប់ចិត្តនឹងអ្វីដែលពួកគេមានរួចហើយទេ។ ដូចជនជាតិអ៊ីស្រាអែលសម័យបុរាណ យើងអាចទៅជាមនុស្សរមិលគុណ ហើយលែងមានចិត្តដឹងគុណចំពោះទំនាក់ទំនងដ៏មានតម្លៃដែលយើងមានជាមួយនឹងព្រះយេហូវ៉ា និងចំពោះពរដែលលោកបានផ្ដល់ឲ្យយើង។—ទំនុកតម្កើង ១០៦:៧, ១១-១៣
៣ សូមគិតដែរអំពីអ្វីដែលអាចកើតឡើងពេលយើងរងទុក្ខលំបាកផ្សេងៗ។ បញ្ហារបស់យើងប្រហែលជាមានកាន់តែខ្លាំងរហូតដល់យើងផ្ដោតអារម្មណ៍ទៅលើវាជាជាងទៅលើពរដែលយើងបានទទួល។ (ទំនុកតម្កើង ១១៦:៣) តើតាមរបៀបណាយើងអាចមានចិត្តដឹងគុណជានិច្ច? តើតាមរបៀបណាយើងអាចរក្សាចិត្តគំនិតល្អទោះជាមានទុក្ខលំបាកយ៉ាងខ្លាំងក្ដី? សូមឲ្យយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
‹ឱព្រះយេហូវ៉ាអើយ ការអស្ចារ្យដែលលោកបានធ្វើ នោះមានច្រើនណាស់›
៤. តើតាមរបៀបណាយើងអាចមានចិត្តដឹងគុណជានិច្ចចំពោះព្រះយេហូវ៉ា?
៤ យើងត្រូវខំព្យាយាមដើម្បីមានចិត្តដឹងគុណជានិច្ចចំពោះព្រះយេហូវ៉ា។ មុនដំបូង យើងត្រូវស្វែងយល់អំពីរបៀបផ្សេងៗដែលព្រះយេហូវ៉ាបានផ្ដល់ពរដល់យើងផ្ទាល់។ បន្ទាប់មក យើងត្រូវគិតឲ្យបានដិតដល់អំពីរបៀបដែលពរទាំងនោះបង្ហាញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះយើង។ ពេលដែលអ្នកតែងទំនុកតម្កើងបានធ្វើដូច្នេះ គាត់បានកោតស្ងើចអំពីអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើដើម្បីគាត់។—សូមអាន ទំនុកតម្កើង ៤០:៥; ១០៧:៤៣
៥. តើយើងអាចរៀនអ្វីពីសាវ័កប៉ូលស្តីអំពីចិត្តដឹងគុណ?
៥ យើងអាចរៀនអំពីរបៀបដែលយើងអាចមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដោយពិចារណាគំរូរបស់សាវ័កប៉ូល។ យើងដឹងថាគាត់បានរំពឹងគិតអំពីពរដែលគាត់បានទទួល ដោយសារគាត់បានអរគុណព្រះជាទៀងទាត់ក្នុងសេចក្ដីអធិដ្ឋាន។ ប៉ូលបានទទួលស្គាល់ថាគាត់«ធ្លាប់ជាអ្នកប្រមាថព្រះ ជាអ្នកបៀតបៀនរាស្ត្ររបស់លោក និងជាមនុស្សព្រហើន»។ ទោះជាគាត់មានអតីតកាលបែបនេះក៏ដោយ គាត់ដឹងគុណព្រះនិងគ្រិស្តដែលបានបង្ហាញចិត្តមេត្ដាករុណាដល់គាត់ ហើយបានឲ្យគាត់នូវឯកសិទ្ធិផ្សព្វផ្សាយដល់អ្នកឯទៀត។ (សូមអាន ធីម៉ូថេទី១ ១:១២-១៤) ប៉ូលក៏បានដឹងគុណយ៉ាងខ្លាំងចំពោះបងប្អូនគ្រិស្តសាសនិកដែរ ហើយគាត់ច្រើនតែអរគុណព្រះយេហូវ៉ាចំពោះគុណសម្បត្ដិនិងកិច្ចបម្រើដ៏ស្មោះត្រង់របស់ពួកគេ។ (ភីលីព ១:៣-៥, ៧; ថែស្សាឡូនិចទី១ ១:២, ៣) ប៉ូលឆាប់អរគុណព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលបងប្អូនបានធ្វើដើម្បីគាត់ពេលគាត់បានស៊ូទ្រាំនឹងទុក្ខលំបាក។ (សកម្មភាព ២៨:១៥; កូរិនថូសទី២ ៧:៥-៧) យើងមិនភ្ញាក់ផ្អើលទេដែលប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកតាមរបៀបនេះ ដែលថា៖ «ចូរបង្ហាញអំណរគុណ . . . និងដាស់តឿនគ្នាទៅវិញទៅមក ដោយទំនុកតម្កើងពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ដ៏ពីរោះ[ឬ«អរព្រះគុណ»]»។—កូឡុស ៣:១៥-១៧; កូឡូស ៣:១៧ ខ.ស.
ការរំពឹងគិតនិងការអធិដ្ឋានជួយយើងមានចិត្តដឹងគុណជានិច្ច
៦. ហេតុអ្វីអ្នកដឹងគុណព្រះយេហូវ៉ា?
៦ តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់ប៉ូល? យើងអាចរំពឹងគិតទៅលើអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីយើងផ្ទាល់។ (ទំនុកតម្កើង ១១៦:១២) បើអ្នកណាម្នាក់សួរអ្នកថា «តើអ្នកមានចិត្តដឹងគុណចំពោះពរអ្វីខ្លះពីព្រះយេហូវ៉ា?» តើអ្នកនឹងឆ្លើយយ៉ាងណា? តើចម្លើយរបស់អ្នកនឹងរួមបញ្ចូលទំនាក់ទំនងដ៏មានតម្លៃដែលអ្នកមានជាមួយនឹងព្រះយេហូវ៉ា ឬការអភ័យទោសចំពោះអំពើខុសឆ្គងរបស់អ្នក ដោយសារគ្រឿងបូជាលោះរបស់គ្រិស្តឬទេ? តើអ្នកនឹងនិយាយអំពីបងប្អូនរួមជំនឿដែលបានជួយអ្នកក្នុងអំឡុងពេលដ៏ពិបាកឬទេ? តើអ្នកនឹងនិយាយថាអ្នកដឹងគុណយ៉ាងខ្លាំងចំពោះគូអាពាហ៍ពិពាហ៍ ឬកូនរបស់អ្នកឬទេ? សូមចំណាយពេលដើម្បីរំពឹងគិតអំពីពរជាច្រើនដែលព្រះបានឲ្យដល់អ្នក។ នេះនឹងជំរុញចិត្តអ្នកឲ្យអរគុណលោកជារៀងរាល់ថ្ងៃ។—សូមអាន ទំនុកតម្កើង ៩២:១, ២
សូមមានចិត្តដឹងគុណដូចហាណានិងហេសេគា ហើយអរគុណព្រះយេហូវ៉ាចំពោះអ្វីដែលលោកបានធ្វើដើម្បីអ្នក
៧. (ក) ហេតុអ្វីយើងគួរអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់យើង? (ខ) ពេលអ្នកអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន តើអ្នកនឹងទទួលប្រយោជន៍យ៉ាងណា?
៧ ពេលយើងរំពឹងគិតអំពីពរទាំងអស់ដែលយើងបានទទួល យើងនឹងចង់អរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន។ (ទំនុកតម្កើង ៩៥:២; ១០០:៤, ៥) មនុស្សខ្លះអធិដ្ឋានទៅព្រះគ្រាន់តែដើម្បីសុំអ្វីពីលោកប៉ុណ្ណោះ។ ប៉ុន្តែ ព្រះយេហូវ៉ាពេញចិត្ត ពេលសេចក្ដីអធិដ្ឋានរបស់យើងរួមបញ្ចូលអំណរគុណចំពោះលោកសម្រាប់អ្វីដែលយើងមានរួចហើយ។ ក្នុងគម្ពីរ យើងឃើញគំរូជាច្រើនរបស់អ្នកបម្រើព្រះដែលបានអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគាត់ ដូចជាហាណានិងហេសេគាជាដើម។ (សាំយូអែលទី១ ២:១-១០; អេសាយ ៣៨:៩-២០) ដូច្នេះ សូមមានចិត្តដឹងគុណដូចពួកគាត់ ហើយអរគុណព្រះយេហូវ៉ាចំពោះអ្វីដែលលោកបានធ្វើដើម្បីអ្នក។ (ថែស្សាឡូនិចទី១ ៥:១៧, ១៨) ពេលអ្នកធ្វើដូច្នេះ អ្នកនឹងមានកម្លាំងចិត្តឡើងវិញ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកាន់តែខ្លាំងឡើង ហើយអ្នកនឹងទៅជាមិត្តរបស់លោកជានិច្ច។—យ៉ាកុប ៤:៨
៨. តើអ្វីអាចធ្វើឲ្យយើងទៅជាមនុស្សរមិលគុណ?
៨ បើយើងមិនប្រយ័ត្នទេ យើងអាចងាយលែងមានចិត្តដឹងគុណចំពោះអំណោយល្អៗដែលមកពីព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងបានទទួលចិត្តគំនិតរមិលគុណពីឪពុកម្ដាយដំបូងរបស់យើង។ ព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ានូវទីលំនៅដែលជាសួនឧទ្យាន ហើយលោកបានធ្វើឲ្យប្រាកដថាពួកគេមានអ្វីទាំងអស់ដែលពួកគេត្រូវការ។ ពួកគេអាចរស់នៅជារៀងរហូតដោយមានសេចក្ដីសុខ។ (លោកុប្បត្តិ ១:២៨) ប៉ុន្តែ ពួកគេមិនមានចិត្តដឹងគុណចំពោះពរដែលពួកគេបានទទួលទេ។ ពួកគេមានចិត្តលោភលន់ដោយចង់បានថែមទៀត។ នៅទីបំផុត ពួកគេបានបាត់បង់អ្វីៗទាំងអស់។ (លោកុប្បត្តិ ៣:៦, ៧, ១៧-១៩) យើងរស់នៅក្នុងពិភពលោកដែលរមិលគុណ ហើយយើងក៏អាចលែងដឹងគុណដែរចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីយើង។ យើងអាចលែងមានចិត្តដឹងគុណចំពោះចំណងមិត្តភាពដ៏ជិតស្និទ្ធដែលយើងមានជាមួយនឹងព្រះ ឬឯកសិទ្ធិដែលយើងមានដើម្បីរួមចំណែកជាមួយនឹងបងប្អូនរបស់យើងទូទាំងពិភពលោក។ អ្វីៗក្នុងពិភពលោកនេះអាចបំបែរអារម្មណ៍យើង។ (យ៉ូហានទី១ ២:១៥-១៧) ដើម្បីជៀសវាងអន្ទាក់នោះ យើងត្រូវរំពឹងគិតអំពីពរជាច្រើនដែលយើងបានទទួល ហើយអរគុណព្រះជាទៀងទាត់ចំពោះឯកសិទ្ធិដែលយើងមានក្នុងការធ្វើជារាស្ត្ររបស់លោក។—សូមអាន ទំនុកតម្កើង ២៧:៤
ពេលស៊ូទ្រាំនឹងទុក្ខលំបាក
៩. ពេលយើងមានទុក្ខលំបាកយ៉ាងខ្លាំង ហេតុអ្វីយើងគួររំពឹងគិតអំពីពរដែលយើងបានទទួល?
៩ ចិត្តដឹងគុណនឹងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដ៏ខ្លាំងផ្សេងៗ។ យើងប្រហែលជាមានអារម្មណ៍ថាយើងមិនអាចស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាកដែលធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្ដូរភ្លាមៗ ដូចជាគូអាពាហ៍ពិពាហ៍ក្បត់យើង ជំងឺធ្ងន់ធ្ងរ មនុស្សជាទីស្រឡាញ់បានស្លាប់ ឬការឈឺចាប់ដែលមកពីមហន្តរាយធម្មជាតិ។ ការរំពឹងគិតអំពីពរដែលមកពីព្រះយេហូវ៉ានឹងជួយសម្រាលទុក្ខយើង ហើយនឹងពង្រឹងកម្លាំងយើងដើម្បីស៊ូទ្រាំ។ សូមពិចារណាអំពីគំរូនៅវគ្គបន្តបន្ទាប់។
១០. តើបងអ៊ីរីណាបានទទួលប្រយោជន៍យ៉ាងណាពីការរំពឹងគិតអំពីពរដែលគាត់បានទទួល?
១០ បងអ៊ីរីណាa(សូមមើលកំណត់សម្គាល់) ដែលជាអ្នកត្រួសត្រាយពេញពេលនៅអាម៉េរិកខាងជើង បានរៀបការជាមួយនឹងអ្នកចាស់ទុំម្នាក់ដែលបានក្បត់គាត់ និងបានបោះបង់គាត់ព្រមទាំងកូនៗ។ តើអ្វីជួយបងអ៊ីរីណាបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់? គាត់និយាយថា៖ «ខ្ញុំមានចិត្តដឹងគុណចំពោះការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះខ្ញុំ។ ដោយសម្រេចចិត្តពិចារណាជារៀងរាល់ថ្ងៃអំពីអ្វីៗដ៏ល្អដែលខ្ញុំបានទទួលក្នុងជីវិតរបស់ខ្ញុំ ខ្ញុំយល់ថាគឺជាឯកសិទ្ធិដែលបិតានៅស្ថានសួគ៌ដែលការពារយើង ស្គាល់និងស្រឡាញ់ខ្ញុំ។ ខ្ញុំដឹងថាលោកនឹងមិនបោះបង់ខ្ញុំទេ»។ ទោះបីជាបងអ៊ីរីណាបានស៊ូទ្រាំនឹងស្ថានភាពជាច្រើនដ៏គួរឲ្យខ្លោចផ្សាក្នុងជីវិតរបស់គាត់ក៏ដោយ អំណររបស់គាត់ជួយគាត់ទទួលជោគជ័យក្នុងការស៊ូទ្រាំ ហើយជួយគាត់លើកទឹកចិត្តអ្នកឯទៀត។
១១. តើអ្វីបានជួយបងខ្យុង ស៊ុកស៊ូទ្រាំនឹងជំងឺធ្ងន់ធ្ងរ?
១១ បងខ្យុង ស៊ុក ដែលរស់នៅទ្វីបអាស៊ី បានត្រួសត្រាយជាមួយនឹងប្ដីរបស់គាត់អស់រយៈពេលជាង២០ឆ្នាំ។ ភ្លាមៗ គាត់បានត្រូវគ្រូពេទ្យពិនិត្យឃើញថាមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ហើយបានប្រាប់គាត់ថាគាត់អាចរស់នៅ៣ខែទៅ៦ខែទៀត។ ទោះបីជាគាត់និងប្ដីរបស់គាត់បានស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើនពីមុនក៏ដោយ ពួកគាត់តែងតែមានសុខភាពល្អ។ គាត់និយាយថា៖ «បញ្ហាសុខភាពនេះបានប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីៗទាំងអស់ ហើយខ្ញុំខ្លាចណាស់»។ តើអ្វីបានជួយបងបងខ្យុង ស៊ុកឲ្យស៊ូទ្រាំ? គាត់និយាយថា៖ «រាល់យប់មុនចូលគេង ខ្ញុំឡើងទៅដំបូលផ្ទះ ហើយអធិដ្ឋានយ៉ាងឮៗអំពីអ្វីប្រាំយ៉ាងដែលខ្ញុំបានដឹងគុណសម្រាប់ថ្ងៃនោះ។ ក្រោយមក ខ្ញុំមានទំនុកចិត្តឡើងវិញ ហើយនេះជំរុញខ្ញុំឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះយេហូវ៉ា»។ តើបងខ្យុង ស៊ុកបានទទួលប្រយោជន៍យ៉ាងណាពីការអធិដ្ឋានទាំងនេះនៅពេលយប់? គាត់និយាយថា៖ «ខ្ញុំបានទទួលស្គាល់ថាព្រះយេហូវ៉ាគាំទ្រយើងពេលមានស្ថានភាពដ៏លំបាក ហើយថាក្នុងជីវិតរបស់យើងមានពរច្រើនជាងទុក្ខលំបាកឆ្ងាយណាស់»។
១២. តើបងចេសិនបានទទួលការសម្រាលទុក្ខយ៉ាងណាក្រោយពីប្រពន្ធរបស់គាត់បានស្លាប់?
១២ បងចេសិនដែលបម្រើនៅការិយាល័យសាខាមួយនាទ្វីបអាហ្វ្រិកបានបម្រើពេញពេលអស់រយៈពេលជាង៣០ឆ្នាំ។ គាត់និយាយថា៖ «ប្រាំពីរឆ្នាំមុន ប្រពន្ធរបស់ខ្ញុំបានស្លាប់ ហើយខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។ កាលដែលខ្ញុំចេះតែគិតអំពីពេលដែលគាត់បានតស៊ូនឹងជំងឺមហារីក នេះធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តណាស់»។ តើអ្វីបានជួយបងចេសិនឲ្យធូរស្រាលក្នុងចិត្ត? គាត់និយាយថា៖ «នៅពេលមួយ ខ្ញុំចាំអំពីពេលដ៏សប្បាយដែលប្រពន្ធរបស់ខ្ញុំនិងខ្ញុំបានចំណាយជាមួយគ្នា ហើយខ្ញុំបានអធិដ្ឋានអរគុណព្រះយេហូវ៉ាចំពោះការនឹកចាំនោះ។ ខ្ញុំបានធូរស្រាលក្នុងចិត្ត ហើយក្រោយមក ចាប់ផ្ដើមអរគុណព្រះយេហូវ៉ាជាទៀងទាត់ចំពោះការនឹកចាំដ៏សប្បាយទាំងនេះ។ ការដឹងគុណបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់ដោយសារបាត់បង់ប្រពន្ធ ប៉ុន្តែ ការអរគុណព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល និងចំពោះឯកសិទ្ធិបម្រើលោកជាមួយនឹងបុគ្គលម្នាក់ដែលបានស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ បានឲ្យខ្ញុំមានទស្សនៈល្អជាង»។
ប្អូនសេរិលនិយាយថា៖ «ខ្ញុំដឹងគុណព្រះយេហូវ៉ាណាស់ដែលលោកគឺជាព្រះរបស់ខ្ញុំ»
១៣. តើអ្វីបានជួយប្អូនសេរិលស៊ូទ្រាំនឹងការបាត់បង់សមាជិកគ្រួសារសឹងតែទាំងអស់?
១៣ ពេលព្យុះសង្ឃរាហាយយ៉ាន់បានបក់បោកទៅលើភាគកណ្ដាលនៃប្រទេសហ្វីលីពីននៅចុងឆ្នាំ២០១៣ ប្អូនស្រីសេរិលដែលមានអាយុតែ១៣ឆ្នាំប៉ុណ្ណោះនៅពេលនោះ បានបាត់បង់អ្វីៗស្ទើរតែទាំងអស់។ គាត់និយាយថា៖ «ខ្ញុំបានបាត់បង់ផ្ទះ ហើយខ្ញុំក៏បានបាត់បង់សមាជិកគ្រួសារសឹងតែទាំងអស់ដែរ»។ ឪពុកម្ដាយនិងបងប្អូនបង្កើតបីនាក់របស់គាត់បានស្លាប់ក្នុងទឹកជំនន់ដ៏ខ្លាំង។ តើអ្វីបានជួយប្អូនសេរិលស៊ូទ្រាំនឹងរឿងខ្លោចផ្សានេះដោយមិនមានចិត្តខឹង? ប្អូនសេរិលនៅតែដឹងគុណព្រះយេហូវ៉ា ដោយសារគាត់រំពឹងគិតអំពីពរទាំងអស់ដែលគាត់បានទទួល។ គាត់និយាយថា៖ «ខ្ញុំបានឃើញអ្វីទាំងអស់ដែលបងប្អូនបានធ្វើដើម្បីជួយសម្រាលទុក្ខ និងលើកទឹកចិត្តពួកអ្នកដែលត្រូវការជំនួយ។ ខ្ញុំបានដឹងថាបងប្អូនទាំងអស់នៅទូទាំងពិភពលោកបានអធិដ្ឋានឲ្យខ្ញុំ»។ គាត់បន្ថែមថា៖ «ខ្ញុំដឹងគុណព្រះយេហូវ៉ាណាស់ដែលលោកគឺជាព្រះរបស់ខ្ញុំ។ លោកតែងតែផ្ដល់អ្វីដែលយើងត្រូវការ»។ មែនហើយ ពេលយើងមានចិត្តដឹងគុណចំពោះពរដែលយើងបានទទួល យើងមិនមានទុក្ខសោកខ្លាំងពេករហូតដល់យើងអស់សង្ឃឹមទេ។ នេះនឹងជួយយើងស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងអាចជួបប្រទះ។—អេភេសូរ ៥:២០; សូមអាន ភីលីព ៤:៦, ៧
«ខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា»
១៤. តើយើងមានសេចក្ដីសង្ឃឹមអ្វី ដែលគួរឲ្យរំភើបចិត្ត? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៤ តាំងពីសម័យបុរាណមក រាស្ត្ររបស់ព្រះយេហូវ៉ាមានចិត្តដឹងគុណចំពោះពរដែលពួកគេបានទទួល។ ក្រោយពីជនជាតិអ៊ីស្រាអែលបានត្រូវសង្គ្រោះពីផារ៉ូនិងកងទ័ពរបស់គាត់នៅសមុទ្រក្រហម ពួកគេបានច្រៀងចម្រៀងសរសើរព្រះយេហូវ៉ាដោយអំណរ និងអរគុណលោក។ (និក្ខមនំ ១៥:១-២១) សព្វថ្ងៃនេះ ពរមួយក្នុងចំណោមពរដ៏មានតម្លៃបំផុតចំពោះយើងគឺការដឹងថាមិនយូរទៀតនឹងលែងមានការឈឺចាប់។ (ទំនុកតម្កើង ៣៧:៩-១១; អេសាយ ២៥:៨; ៣៣:២៤) សូមស្រមៃគិតអំពីអារម្មណ៍ដែលយើងនឹងមាន ពេលព្រះយេហូវ៉ាបំផ្លាញសត្រូវទាំងអស់របស់លោក ហើយទទួលស្វាគមន៍យើងចូលក្នុងពិភពលោកថ្មីដែលមានសេចក្ដីសុខសាន្តនិងសេចក្ដីសុចរិត។ នៅថ្ងៃនោះ យើងនឹងដឹងគុណព្រះយេហូវ៉ាមែន!—ការបើកបង្ហាញ ២០:១-៣; ២១:៣, ៤
ពរមួយក្នុងចំណោមពរដ៏មានតម្លៃបំផុតចំពោះយើង គឺការដឹងថាមិនយូរទៀតនឹងលែងមានការឈឺចាប់
១៥. តើអ្នកតាំងចិត្តធ្វើអ្វីក្នុងអំឡុងឆ្នាំ២០១៥?
១៥ ក្នុងអំឡុងឆ្នាំ២០១៥ យើងទន្ទឹងរង់ចាំពរជាច្រើនពីព្រះយេហូវ៉ា។ យើងប្រហែលជានឹងមានការឈឺចាប់ដោយសារទុក្ខលំបាកខ្លះ។ ប៉ុន្តែ ទោះជាមានអ្វីកើតឡើងក៏ដោយ យើងដឹងថាព្រះយេហូវ៉ានឹងមិនបោះបង់យើងទេ។ (ចោទិយកថា ៣១:៨; ទំនុកតម្កើង ៩:៩, ១០) លោកនឹងបន្តផ្ដល់ឲ្យយើងនូវអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីបម្រើលោកយ៉ាងស្មោះត្រង់។ សូមឲ្យយើងតាំងចិត្តមានចិត្តគំនិតដូចអ្នកប្រកាសទំនាយហាបាគុក ដែលបាននិយាយថា៖ «ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ»។ (ហាបាគុក ៣:១៧, ១៨) ក្នុងអំឡុងឆ្នាំនេះ សូមឲ្យយើងបន្តរំពឹងគិតអំពីពរទាំងអស់ដែលយើងបានទទួល ហើយធ្វើតាមការលើកទឹកចិត្តពីឱវាទនៃបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៥ដែលថា៖ «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ»។—ទំនុកតម្កើង ១០៦:១
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។