បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១ ទំ. ២៧-៣២
  • តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ស្រឡាញ់​ពិត​អាច​មាន​មែន!
  • ពាក្យ​ដែល​បញ្ជាក់​អំពី‹សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ›
  • កុំ​ធ្វើ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​«​លុះ​ត្រា​តែ​នោះ​ផុស​ចេញ​ពី​ចិត្ត​»​
  • អនាគត​កូន​ក្រមុំ​របស់​ខ្ញុំ​«​ប្រៀប​ដូច​ជា​សួន​ច្បារ​ដែល​រាំង​ផ្លូវ​ចូល​»​
  • គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សាឡូម៉ូនគ្រប់គ្រងដោយប្រាជ្ញា
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ស្ត្រីក្រមុំពីភូមិស៊ូឡាមសមជាគំរូល្អឲ្យយើងធ្វើតាម
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១ ទំ. ២៧-៣២

តើ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​អាច​មាន​ឬ​ទេ?

​«​[​សេចក្ដី​ស្រឡាញ់​]ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ​»។—បទ​ចម្រៀង​សាឡូម៉ូន ៨:៦

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​បុរស​និង​ស្ត្រី​អាច​មាន​សេចក្ដី​ស្រឡាញ់​ពិត?

  • តើ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ហើយ​អាច​រៀន​អ្វី​ពី​បទ​ចម្រៀង​សាឡូម៉ូន?

  • តើ​គ្រិស្ត​សាសនិក​ដែល​មិន​ទាន់​រៀប​ការ​អាច​រៀន​អ្វី​អំពី​ការ​ស្វែង​យល់​ចិត្ត​អ្នក​ណា​ម្នាក់​ដើម្បី​រៀប​ការ និង​ចំណង​អាពាហ៍ពិពាហ៍?

១, ២​. តើ​អ្នក​ណា​ខ្លះ​អាច​ទទួល​ប្រយោជន៍​ពី​បទ​ចម្រៀង​សាឡូម៉ូន ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

កូន​ក្រមុំ​និង​កូន​កំលោះ​បាន​មើល​ភ្នែក​គ្នា​ចំ ហើយ​ញញឹម​ដាក់​គ្នា។ មនុស្ស​គ្រប់​គ្នា​អាច​ឃើញ​ថា​ពួក​គេ​ស្រឡាញ់​គ្នា។ បង​ប្រុស​ដែល​បាន​ថ្លែង​សុន្ទរកថា​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​កត់​សម្គាល់​របៀប​ដែល​ពួក​គេ​ឱប​គ្នា​យ៉ាង​ថ្នាក់​ថ្នម ហើយ​គាត់​បាន​ឆ្ងល់​ថា ‹យូរ​ៗ​ទៅ តើ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​នឹង​ជ្រាល​ជ្រៅ​ជាង​ឬ​ទេ? ឬ​តើ​សេចក្ដី​ស្រឡាញ់​នោះ​នឹង​រសាយ​បន្ដិច​ម្ដង​ៗ​?›។ ពេល​ប្ដី​និង​ប្រពន្ធ​ពិត​ជា​ស្រឡាញ់​គ្នា ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​អាច​ស្ថិតស្ថេរ ទោះ​ជា​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ដោយ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​ដែល​បាន​រៀប​ការ​លែង​មាន​សុភមង្គល ហើយ​លែង​រួម​រស់​ជា​មួយ​គ្នា។ ដូច្នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​អាច​ស្ថិតស្ថេរ​បាន​ឬ​ទេ?›។

២ សូម្បី​តែ​ពេល​ដែល​ស្តេច​សាឡូម៉ូន​នៅ​រស់​ក្ដី សេចក្ដី​ស្រឡាញ់​ពិត​មិន​សូវ​មាន​ទេ។ ហេតុ​អ្វី? សាឡូម៉ូន​បាន​ពន្យល់​ថា​៖ ​«​ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត[​ទៀង​ត្រង់​]តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង។ មើល យើង​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ​គេ​បាន​ស្វែងរក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ​»។ (​សាស្ដា ៧:២៦​-​២៩​) ស្ត្រីជន​ជាតិ​ដទៃ​ដែល​ប្រព្រឹត្តអំពើ​ប្រាសចាក​សីលធម៌ ហើយ​ដែល​គោរព​បូជា​ព្រះ​បាល​បាន​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ជា​លទ្ធផល បុរស​និង​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ក៏​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ដែរ។ ប៉ុន្តែ ប្រហែល​ជា​២០​ឆ្នាំ​មុន ស្តេច​សាឡូម៉ូន​បាន​សរសេរ​កំណាព្យ​មួយ​អំពី​បុរស​និង​ស្ត្រី​មួយ​គូ​ដែល​ពិត​ជា​ស្រឡាញ់​គ្នា។ ទោះ​ជា​យើង​បាន​រៀប​ការ ឬ​នៅ​លីវ​ក៏​ដោយ បទ​ចម្រៀង​សាឡូម៉ូន​អាច​ជួយ​យើង​ឲ្យ​យល់​ថា​អ្វី​ជា​សេចក្ដី​ស្រឡាញ់​ពិត និង​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​នោះ។

សេចក្ដី​ស្រឡាញ់​ពិត​អាច​មាន​មែន!

៣​. ហេតុ​អ្វី​បុរស​និង​ស្ត្រី​អាច​មាន​សេចក្ដី​ស្រឡាញ់​ពិត?

៣ សូម​អាន បទ​ចម្រៀង​សាឡូម៉ូន ៨:៦។ សេចក្ដី​ស្រឡាញ់​បាន​ត្រូវ​រៀប​រាប់​ថា ដូច​ជា‹អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា›។ ហេតុ​អ្វី? ពី​ព្រោះ​គុណ​សម្បត្ដិ​ដ៏​ធំ​ចម្បង​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​ស្រឡាញ់ ហើយ​លោក​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​មាន​សេចក្ដី​ស្រឡាញ់​ដូច​លោក។ (​លោកុប្បត្តិ ១:២៦, ២៧​) ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​ដែល​ជា​បុរស​ទី១ លោក​បាន​ឲ្យ​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ម្នាក់​ដល់​គាត់។ ពេល​ដែល​អាដាម​បាន​ឃើញ​អេវ៉ា​ជា​លើក​ដំបូង គាត់​សប្បាយ​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​គាត់​រៀប​រាប់​អំពី​អារម្មណ៍​ដែល​គាត់​មាន​ចំពោះ​នាង។ អេវ៉ា​ក៏​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ប្ដី​របស់​នាង​ដែរ។ អេវ៉ា​ទំនង​ជា​មាន​អារម្មណ៍​បែប​នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​នាង​ពី​អាដាម​មក។ (​លោកុប្បត្តិ ២:២១​-​២៣​) តាំង​ពី​ដើម​ដំបូង ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​បុរស​និង​ស្ត្រី​នូវ​សមត្ថភាព​មាន​សេចក្ដី​ស្រឡាញ់​ពិត​និង​ដ៏​ស្ថិតស្ថេរ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

៤, ៥​. តើ​បទ​ចម្រៀង​សាឡូម៉ូន​រៀប​រាប់​អំពី​រឿង​អ្វី?

៤ បទ​ចម្រៀង​សាឡូម៉ូន​រៀប​រាប់​យ៉ាង​ពីរោះ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​បុរស​និង​ស្ត្រី​អាច​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ បទ​ចម្រៀង​នេះ​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​រវាង​ស្ត្រី​ក្រមុំ​ជនបទ​ម្នាក់​ពី​ភូមិ​ស៊ូ​ណែម ឬ​ស៊ូឡាម និង​កំលោះ​គង្វាល​ម្នាក់។ រឿង​របស់​ពួក​គេ​គឺ ស្ត្រី​ក្រមុំ​ម្នាក់​បាន​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បង​ប្រុស​ៗ​នាង ជិត​កន្លែង​ស្តេច​សាឡូម៉ូន​និង​ទាហាន​របស់​គាត់​បាន​បោះជំរំ។ សាឡូម៉ូន​បាន​ឃើញ​ស្ត្រី​ក្រមុំ​នេះ ហើយ​បាន​បង្គាប់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​យក​នាង​មក​ជំរំ។ បន្ទាប់​មក គាត់​បាន​ប្រាប់​នាង​អំពី​សម្រស់​ដ៏​ស្អាត​របស់​នាង ហើយ​ស្នើ​ផ្ដល់​ឲ្យ​នាង​នូវ​អំណោយ​ជា​ច្រើន។ ប៉ុន្តែ នាង​ស្រឡាញ់​គង្វាល​ម្នាក់​រួច​ហើយ ហើយ​នាង​ទទូច​សុំ​នៅ​ក្បែរ​គាត់។ (​បទ​ចម្រៀង​សាឡូម៉ូន ១:៤​-​១៤​) គង្វាល​នោះ​ស្វែងរក​នាង ហើយ​បាន​ចូល​ទៅ​ក្នុង​ជំរំ។ ពេល​គាត់​រក​ឃើញ​នាង ពួក​គាត់​បាន​បញ្ជាក់​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​សម្ដី​ដ៏​ផ្អែម​ពីរោះ។—បទ​ចម្រៀង​សាឡូម៉ូន ១:១៥​-​១៧

៥ កាល​ដែល​សាឡូម៉ូន​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ គាត់​បាន​យក​ស្ត្រី​ក្រមុំ​នោះ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​កំលោះ​គង្វាល​នោះ​បាន​តាម​ពី​ក្រោយ​នាង។ (​បទ​ចម្រៀង​សាឡូម៉ូន ៤:១​-​៥, ៨, ៩​) ទោះ​ជា​សាឡូម៉ូន​បាន​និយាយ​អ្វី ឬ​ធ្វើ​អ្វី​ក៏​ដោយ គាត់​មិន​អាច​ផ្លាស់​ប្ដូរ​សេចក្ដី​ស្រឡាញ់​ដែល​ស្ត្រី​ក្រមុំ​នោះ​មាន​ចំពោះ​គង្វាល​ឡើយ។ (​បទ​ចម្រៀង​សាឡូម៉ូន ៦:៤​-​៧; ៧:១​-​១០​) ដូច្នេះ សាឡូម៉ូន​អនុញ្ញាត​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នៅ​ទី​បំផុត ស្ត្រី​ក្រមុំ​នោះ​ពី​ភូមិ​ស៊ូឡាម​បាន​ហៅ​បុរស​ជា​ទី​ស្រឡាញ់​របស់​នាង​ឲ្យ​រត់‹ដូច​ជា​ក្ដាន់​ស្ទាវ›មក​ជួប​នាង។—បទ​ចម្រៀង​សាឡូម៉ូន ៨:១៤

៦​. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​ដឹង​ថា​បុគ្គល​មួយ​ណា​កំពុង​និយាយ​ក្នុង​បទ​ចម្រៀង​សាឡូម៉ូន?

៦ បទ​ចម្រៀង​សាឡូម៉ូន​គឺ​ជា​ចម្រៀង​ដ៏​ពីរោះ។ តាម​ពិត ចម្រៀង​នេះ​បាន​ត្រូវ​ហៅ​ថា​៖ ​«​ចំ​រៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំង​ចំ​រៀង​»។ (​បទ​ចម្រៀង​សាឡូម៉ូន ១:១​) ប៉ុន្តែ​ក្នុង​ចម្រៀង​នេះ សាឡូម៉ូន​មិន​បាន​បញ្ចូល​ឈ្មោះ​នៃ​បុគ្គល​នីមួយ​ៗ ពេល​ដែល​ពួក​គេ​និយាយ​នោះ​ទេ។ គាត់​ចង់​ឲ្យ​កំណាព្យ​និង​ចម្រៀង​ដ៏​ពីរោះ​លេច​ធ្លោ ជា​ជាង​បន្ថែម​ព័ត៌មាន​ជា​ច្រើន។ ទោះ​ជា​ចម្រៀង​នេះ​មិន​បញ្ចូល​ឈ្មោះ​អ្នក​និយាយ​ក៏​ដោយ យើង​នៅ​តែ​អាច​ដឹង​ថា​បុគ្គល​នោះ​ជា​អ្នក​ណា​តាម​រយៈ​អ្វី​ដែល​គាត់​និយាយ។

ពាក្យ​ដែល​បញ្ជាក់​អំពី‹សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ›

៧, ៨​. តើ​កំលោះ​គង្វាល​និង​ស្ត្រី​ក្រមុំ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​ខ្លះ។

៧ ស្ត្រី​ក្រមុំ​និង​កំលោះ​គង្វាល​បាន​និយាយ​ពាក្យ​ពីរោះ​ៗ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់។ ពាក្យ​ខ្លះ​ដែល​ពួក​គាត់​និយាយ ពេល​បញ្ជាក់​អំពី​«​សេចក្ដី​ស្រឡាញ់​»​របស់​ពួក​គាត់ ប្រហែល​ជា​ចម្លែក​សម្រាប់​យើង ដោយ​សារ​នោះ​បាន​ត្រូវ​សរសេរ​ជាង​៣.០០០​ឆ្នាំ​មុន។ (​បទ​ចម្រៀង​សាឡូម៉ូន ១:២​) ទោះ​ជា​វប្បធម៌​របស់​ពួក​គាត់​ខុស​គ្នា​ពី​វប្បធម៌​របស់​យើង​សព្វ​ថ្ងៃ​ក៏​ដោយ យើង​អាច​យល់​អារម្មណ៍​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ឧទាហរណ៍ គង្វាល​នោះ​បាន​និយាយ​ថា​ភ្នែក​របស់​នាង​គឺ​ដូច​ជា​«​ភ្នែក​ព្រាប​»​ ដែល​មាន​ន័យ​ថា​គាត់​ស្រឡាញ់​ភ្នែក​ដ៏​ស្រទន់​របស់​នាង។ (​បទ​ចម្រៀង​សាឡូម៉ូន ១:១៥​) ម្យ៉ាង​ទៀត នាង​បាន​និយាយ​អំពី​ភ្នែក​របស់​គាត់​ថា​ស្អាត​ដូច​ជា​ព្រាប។ (​សូម​អាន បទ​ចម្រៀង​សាឡូម៉ូន ៥:១២​) សូម​ស្រមៃ​គិត​ថា​សត្វ​ព្រាប​ព័ណ៌​ខៀវ​លាយ​ប្រផេះ​នៅ​ក្នុង​ពាង​ដែល​មាន​ទឹក​ដោះ​គោ។ ដោយ​សារ​ទឹក​ដោះ​គោ​ព័ណ៌​ស សម្បុរ​នៃ​សត្វ​ព្រាប​នឹង​លេច​ធ្លោ។ ចំពោះ​នាង ព័ណ៌​នៃ​ប្រស្រី​ភ្នែក​ដ៏​ស្អាត​របស់​គង្វាល​បាន​លេច​ធ្លោ គឺ​ប្រៀប​ដូច​ជា​សត្វ​ព្រាប​លាង​ក្នុង​ទឹក​ដោះ​គោ។

៨ កំលោះ​គង្វាល​និង​ស្ត្រី​ក្រមុំ​បាន​សរសើរ​សម្រស់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​គាត់​មិន​គ្រាន់​តែ​បាន​សរសើរ​សម្រស់​គ្នា​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ គង្វាល​នោះ​បាន​ស្រឡាញ់​របៀប​ដែល​នាង​និយាយ​ដោយ​សប្បុរស​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ (​សូម​អាន បទ​ចម្រៀង​សាឡូម៉ូន ៤:៧, ១១​) ដូច្នេះ​គាត់​បាន​ប្រាប់​នាង​ដែល​ជា​អនាគត​កូន​ក្រមុំ​ថា​៖ ‹បបូរ​មាត់​អូន​ស្រក់​មក​ជា​ទឹក​ឃ្មុំ មាន​ទឹក​ឃ្មុំ​នឹង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្ដាត​អូន›។ ចំពោះ​គាត់ ពាក្យ​សម្ដី​របស់​នាង​ផ្អែម​និង​ល្អ​ដូច​ទឹក​ដោះ​គោ ហើយ​ដូច​ទឹក​ឃ្មុំ​ដ៏​ឆ្ងាញ់​ជាង​គេ។ កាល​ដែល​គង្វាល​នោះ​បាន​ប្រាប់​នាង​ថា​៖ ‹អូន​ស្រស់បស់​ល្អ​សព្វ​សារពាង្គ›និង​«​ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ​»​ គាត់​មិន​ត្រឹម​តែ​និយាយ​អំពី​សម្រស់​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​និយាយ​អំពី​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​របស់​នាង​ដែរ។

ប្ដី​និង​ប្រពន្ធ​ពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ពួក​គេ​ស្រឡាញ់​គ្នា​តាម​រយៈ​អ្វី​ដែល​ពួក​គេ​និយាយ និង​អ្វី​ដែល​ពួក​គេ​ធ្វើ

៩​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​រវាង​ប្ដី​និង​ប្រពន្ធ​រួម​បញ្ចូល​អ្វី​ខ្លះ? (​ខ​) ហេតុ​អ្វី​គឺ​សំខាន់​ដែល​ប្ដី​និង​ប្រពន្ធ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក?

៩ សព្វ​ថ្ងៃ​នេះ ចំពោះ​ប្ដី​និង​ប្រពន្ធ​ដែល​បម្រើ​ព្រះ​យេហូវ៉ា អាពាហ៍ពិពាហ៍​មិន​គ្រាន់​តែ​ជា​កិច្ច​សន្យា​ផ្លូវ​ការ​មួយ​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ពិត​ជា​ស្រឡាញ់​គ្នា ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ តើ​ពួក​គេ​គួរ​តែ​មាន​សេចក្ដី​ស្រឡាញ់​បែប​ណា? តើ​នេះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ដែល​គម្ពីរ​បង្រៀន​យើង​ឲ្យ​មាន​ចំពោះ​មនុស្ស​ទាំង​អស់​ឬ? (​យ៉ូហាន​ទី១ ៤:៨​) តើ​នេះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ដែល​យើង​មាន​ចំពោះ​ក្រុម​គ្រួសារ​របស់​យើង​ឬ​ទេ? តើ​នេះ​គឺ​ជា​ភាព​ជិត​ស្និទ្ធ​រវាង​មិត្ត​ល្អ​ពីរ​នាក់​ឬ? (​យ៉ូហាន ១១:៣​) ឬ​តើ​នេះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ក្នុង​ទំនាក់​ទំនង​ស្នេហា? (​សុភាសិត ៥:១៥​-​២០​) តាម​ពិត ជា​គូ​អាពាហ៍ពិពាហ៍ អ្នក​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ទាំង​អស់​នេះ។ តាម​រយៈ​អ្វី​ដែល​អ្នក​និយាយ​និង​អ្វី​ដែល​អ្នក​ធ្វើ អ្នក​អាច​ពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ថា​អ្នក​ស្រឡាញ់​គូ​របស់​អ្នក ហើយ​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ ពិត​មែន គឺ​សំខាន់​ណាស់​ដែល​អ្នក​ធ្វើ​ដូច្នេះ ទោះ​ជា​អ្នក​រវល់​យ៉ាង​ណា​ក្នុង​ជីវិត​ក៏​ដោយ។ ក្នុងវប្បធម៌​ខ្លះ​ដែល​ឪពុក​ម្ដាយ​ជា​អ្នក​ផ្សំផ្គុំ​អាពាហ៍ពិពាហ៍ ប្ដី​និង​ប្រពន្ធ​ប្រហែល​ជា​មិន​បាន​ស្គាល់​គ្នា​មុន​ថ្ងៃ​រៀប​ការ​ទេ។ ប៉ុន្តែ កាល​ដែល​ពួក​គេ​កាន់​តែ​ស្គាល់​គ្នា ហើយ​ស្រឡាញ់​គ្នា​កាន់​តែ​ច្រើន​ឡើង ពួក​គេ​ត្រូវ​ប្រាប់​គ្នា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​រឹង​មាំ។

១០​. តើ​ការ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

១០ ពេល​ប្ដី​ប្រពន្ធ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា ពួក​គេ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​តាម​របៀប​ផ្សេង​ទៀត។ ក្នុង​ចម្រៀង​របស់​ស្តេច​សាឡូម៉ូន គាត់​បាន​ស្នើ​ផ្ដល់​ឲ្យ​ស្ត្រី​ក្រមុំ​នូវ​គ្រឿង​អលង្ការ​«​មាស​ដាំ​ដោយ​ប្រាក់​»។ គាត់​បាន​សរសើរ​នាង​ដោយ​និយាយ​ថា នាង​«​ស្រស់​ល្អ​ដូច​ជា​ព្រះ​ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះអាទិត្យ​»។ (​បទ​ចម្រៀង​សាឡូម៉ូន ១:៩​-​១១; ៦:១០​) ប៉ុន្តែ ស្ត្រី​ក្រមុំ​នោះ​បាន​រក​ឃើញ​បុគ្គល​ដែល​នាង​ពិត​ជា​ស្រឡាញ់​រួច​ទៅ​ហើយ។ តើ​អ្វី​បាន​ជួយ​នាង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​គង្វាល​នោះ? ពេល​ពួក​គេ​មិន​បាន​នៅ​ក្បែរ​គ្នា តើ​អ្វី​បាន​សម្រាល​ទុក្ខ​នាង? (​សូម​អាន បទ​ចម្រៀង​សាឡូម៉ូន ១:២, ៣​) នាង​បាន​នឹក​ចាំ​ថា​នាង​សប្បាយ​ចិត្ត​យ៉ាង​ណា​ពេល​ឮ​សម្ដី​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​គង្វាល។ ចំពោះ​នាង ពាក្យ​សម្ដី​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​គាត់ នោះ​«​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ​»​ ហើយ​ពេល​នាង​នៅ​ក្នុង​រាជវាំង ពាក្យ​សម្ដី​ទាំង​នេះ​បាន​សម្រាល​ទុក្ខ​នាង​ដូច​«​ប្រេង​ក្រអូប​»​នៅ​លើ​ក្បាល។ (​ទំនុក​តម្កើង ២៣:៥; ១០៤:១៥​) គឺ​សំខាន់​ដែល​ប្ដី​និង​ប្រពន្ធ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ជា​រឿយ​ៗ ពី​ព្រោះ​នេះ​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​គ្នា​កាន់​តែ​ច្រើន​ឡើង។ ម្យ៉ាង​ទៀត ការ​នឹក​ចាំ​អំពី​អ្វី​ៗ​ទាំង​នេះ​នឹង​ជួយ​ពួក​គេ​រក្សា​សេចក្ដី​ស្រឡាញ់​ឲ្យ​នៅ​តែ​ខ្លាំង។

កុំ​ធ្វើ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​«​លុះ​ត្រា​តែ​នោះ​ផុស​ចេញ​ពី​ចិត្ត​»​

១១​. តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​ដែល​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​បាន​ប្រាប់​ពួក​ស្ត្រី​នៅ​រាជវាំង​របស់​សាឡូម៉ូន?

១១ ប្រសិនបើ​អ្នក​ចង់​រៀប​ការ តើ​អ្នក​អាច​រៀន​អ្វី​ពី​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម? នាង​មិន​បាន​ស្រឡាញ់​ស្តេច​សាឡូម៉ូន​ទេ ហើយ​បាន​ប្រាប់​ពួក​ស្ត្រី​នៅ​រាជវាំង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​កុំ​ខំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់ លុះ​ត្រា​តែ​នោះ​ផុស​ចេញ​ពី​ចិត្ត​ខ្ញុំ​វិញ​»។ (​បទ​ចម្រៀង​សាឡូម៉ូន ២:៧; ៣:៥; ព.ថ.​) ដូច្នេះ តើ​ជា​ការ​សម​ត្រឹម​ត្រូវ​ឬ​ទេ​ដែល​យើង​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នឹង​អ្នក​ណា​ក៏​ដោយ? មិន​មែន​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​អ្នក​រង់​ចាំ​ដោយ​អត់​ធ្មត់ ហើយ​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ដែល​អ្នក​ពិត​ជា​ស្រឡាញ់។

គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​អ្នក​រង់​ចាំ​ដោយ​អត់​ធ្មត់ ហើយ​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ដែល​អ្នក​ពិត​ជា​ស្រឡាញ់

១២​. ហេតុ​អ្វី​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​ស្រឡាញ់​កំលោះ​គង្វាល​នោះ?

១២ ហេតុ​អ្វី​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​ស្រឡាញ់​កំលោះ​គង្វាល​នោះ? ចំពោះ​នាង គាត់​ជា​បុរស​សង្ហា​ដូច​ជា​«​ក្ដាន់​ស្ទាវ​»។ ដៃ​របស់​គាត់​មាំ​ដូច​ជា​«​ចិញ្ចៀន​មាស​»​ឬ​បំពង់​មាស ហើយ​ជើង​របស់​គាត់​ស្អាត​និង​មាំ​ដូច​ជា​«​សសរ​ថ្ម​កែវ​»។ ប៉ុន្តែ គាត់​មិន​គ្រាន់​តែ​មាំ​មួន​និង​សង្ហា​ប៉ុណ្ណោះ​ទេ។ ស្ត្រី​ក្រមុំ​បាន​ដឹង​ថា​កំលោះ​គង្វាល​នេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​មាន​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​សរសើរ។ នោះ​ជា​មូលហេតុ​ដែល​គាត់​ជា​បុរស​ពិសេស​ចំពោះ​នាង ហើយ​គាត់​«​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្ដាល​ពួក​ឈើ​នៅ​ព្រៃ​»។—បទ​ចម្រៀង​សាឡូម៉ូន ២:៣, ៩; ៥:១៤, ១៥

១៣​. ហេតុ​អ្វី​កំលោះ​គង្វាល​នោះ​ស្រឡាញ់​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម?

១៣ ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​ជា​ស្ត្រី​ស្អាត​ណាស់។ សូម្បី​តែស្តេច​សាឡូម៉ូន​ក៏​បាន​ចាប់​អារម្មណ៍​នឹង​នាង​ដែរ ទោះ​ជា​គាត់​មាន​«​ភរិយា​៦០​នាក់ នឹង​អ្នក​ម្នាង​៨០​នាក់ ក៏​មាន​ស្រី​ក្រមុំ​ៗ​ឥត​គណនា​»​រួច​ហើយ​ក៏​ដោយ។ តើ​សម្រស់​របស់​នាង​ជា​មូលហេតុ​តែ​មួយ​ដែល​នាំ​ឲ្យ​គង្វាល​នោះ​ស្រឡាញ់​នាង​ឬ? មិន​មែន​ទេ។ នាង​ក៏​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែរ ហើយ​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ។ ជា​ឧទាហរណ៍ នាង​មាន​ចិត្ត​រាប​ទាប ហើយ​បាន​ប្រៀប​ប្រដូច​ខ្លួន​នាង​ទៅ​នឹង​ផ្កា​ដ៏​សាមញ្ញ​មួយ ពេល​នាង​ថា​នាង​ជា​«​ផ្កា​កុឡាប​ដែល​ដុះ​នៅ​វាល​សារ៉ុន​»។ ប៉ុន្តែ ចំពោះ​គង្វាល​នោះ គ្មាន​អ្នក​ណា​ដូច​នាង​ទេ ហើយ​នាង​«​ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា​»។—បទ​ចម្រៀង​សាឡូម៉ូន ២:១, ២; ៦:៨

១៤​. បើ​យើង​ចង់​រៀប​ការ តើ​យើង​អាច​រៀន​អ្វី​ពី​កំលោះ​គង្វាល​និង​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម?

១៤ ព្រះ​យេហូវ៉ា​បង្គាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​រៀប​ការ​តែ​ជា​មួយ​នឹង​«​អ្នក​កាន់​តាម​លោក​ម្ចាស់​»​ប៉ុណ្ណោះ។ (​កូរិនថូស​ទី១ ៧:៣៩​) នេះ​មាន​ន័យ​ថា​យើង​នឹង​មាន​ទំនាក់​ទំនង​ស្នេហា ឬ​រៀប​ការ​តែ​ជា​មួយ​នឹង​បុគ្គល​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ។ តើ​នេះ​នឹង​ជួយ​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច? ប្ដី​និង​ប្រពន្ធ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ កាល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អាពាហ៍ពិពាហ៍​របស់​ពួក​គេ​អាច​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល។ ដូច្នេះ បើ​អ្នក​ចង់​រៀប​ការ សូម​ធ្វើ​តាម​គំរូ​របស់​កំលោះ​គង្វាល​និង​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម។ ចូរ​រក​បុគ្គល​ម្នាក់​ដែល​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។

អនាគត​កូន​ក្រមុំ​របស់​ខ្ញុំ​«​ប្រៀប​ដូច​ជា​សួន​ច្បារ​ដែល​រាំង​ផ្លូវ​ចូល​»​

១៥​. តើ​ភក្ដី​ភាព​របស់​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​ជា​គំរូ​ល្អ​យ៉ាង​ណា​សម្រាប់​គ្រិស្ត​សាសនិក​ដែល​មាន​គម្រោង​រៀប​ការ?

១៥ សូម​អាន បទ​ចម្រៀង​សាឡូម៉ូន ៤:១២។ ហេតុ​អ្វី​កំលោះ​គង្វាល​បាន​និយាយ​ថា​ស្ត្រី​ក្រមុំ​ពី​ភូមិ​ស៊ូឡាម​«​ប្រៀប​ដូច​ជា​សួន​ច្បារ​ដែល​រាំង​ផ្លូវ​ចូល​»​? សួន​ច្បារ​ដែល​មាន​ទ្វារ​របង​ដែល​ចាក់​សោ គឺ​មិន​បើក​សម្រាប់​សាធារណជន​ទេ។ នាង​ដូច​ជា​សួន​ច្បារ​នោះ ដោយ​សារ​នាង​ស្រឡាញ់​តែ​គង្វាល​នោះ​ប៉ុណ្ណោះ។ នាង​មាន​គម្រោង​រៀប​ការ​ជា​មួយ​នឹង​គាត់ ដូច្នេះ​នាង​មិន​បាន​អើពើ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្តេច​ឡើយ។ ម្យ៉ាង​ទៀត នាង​នឹង​មិន​ផ្លាស់​ប្ដូរ​គំនិត​របស់​នាង​ទេ។ នាង​ដូច​ជា​«​កំផែង​»​ មិន​ដូច​ជា​«​ទ្វារ​»​ដែល​ងាយ​បើក​ទេ។ (​បទ​ចម្រៀង​សាឡូម៉ូន ៨:៨​-​១០​) ដូច​គ្នា​ដែរ គ្រិស្ត​សាសនិក​មួយ​គូ​ដែល​មាន​គម្រោង​រៀប​ការ​នឹង​មាន​ភក្ដី​ភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ណា​ផ្សេង​ទៀត​ក្នុង​បំណង​មាន​ទំនាក់​ទំនង​ស្នេហា​ឡើយ។

១៦​. បើ​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​អ្នក​ណា​ម្នាក់​ដើម្បី​រៀប​ការ តើ​អ្នក​អាច​រៀន​អ្វី​ពី​បទ​ចម្រៀង​សាឡូម៉ូន?

១៦ ពេល​កំលោះ​គង្វាល​បាន​សុំ​ស្ត្រី​ក្រមុំ​នោះ​ឲ្យ​ដើរ​តាម​ផ្លូវ​ជា​មួយ​នឹង​គាត់ បង​ប្រុស​ៗ​របស់​នាង​បាន​ឃាត់​នាង​មិន​ឲ្យ​ទៅ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បង្គាប់​នាង​ឲ្យ​ទៅ​យាម​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ។ តើ​ពួក​គេ​មិន​ទុក​ចិត្ត​នាង​ឬ? តើ​ពួក​គេ​គិត​ថា​ប្អូន​ស្រី​របស់​ពួក​គេ​និង​កំលោះ​គង្វាល​ចង់​ធ្វើ​អ្វី​ដែល​ប្រាសចាក​សីលធម៌​ឬ? មិន​មែន​ទេ។ បង​ប្រុស​ៗ​របស់​នាង​ចង់​ការពារ​ប្អូន​ស្រី​របស់​ពួក​គេ​ពី​ស្ថានភាព​មួយ​ដែល​អាច​ល្បួង​នាង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ (​បទ​ចម្រៀង​សាឡូម៉ូន ១:៦; ២:១០​-​១៥​) បើ​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​អ្នក​ណា​ម្នាក់​ដើម្បី​រៀប​ការ តើ​តាម​របៀប​ណា​អ្នក​អាច​ជៀស​វាង​ពី​អ្វី​ៗ​ដែល​អាច​នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ? ចូរ​សម្រេច​ចិត្ត​ទុក​ជា​មុន​អំពី​អ្វី​ដែល​អ្នក​នឹង​ជៀស​វាង​ដើម្បី​រក្សា​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​បាន​ស្អាត​ស្អំ។ កុំ​នៅ​តែ​ពីរ​នាក់​ពេល​នៅ​កន្លែង​ដែល​មនុស្ស​ឯ​ទៀត​មិន​អាច​ឃើញ​អ្នក។ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ដែល​ស្អាត​ស្អំ​ប៉ុណ្ណោះ។

១៧, ១៨​. តើ​ការ​ពិចារណា​នេះ​អំពី​បទ​ចម្រៀង​សាឡូម៉ូន​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៧ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​ស្ថិតស្ថេរ។ លោក​ចង់​ឲ្យ​ប្ដី​និង​ប្រពន្ធ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ជា​ការ​ធម្មតា​ដែល​ពួក​គេ​ស្រឡាញ់​គ្នា​ពេល​ពួក​គេ​រៀប​ការ។ ប៉ុន្តែ ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដែល​ស្ថិតស្ថេរ ពួក​គេ​ត្រូវ​រក្សា​សេចក្ដី​ស្រឡាញ់​ឲ្យ​នៅ​តែ​ខ្លាំង ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មិន​ចេះ​រលត់។—ម៉ាកុស ១០:៦​-​៩

១៨ បើ​អ្នក​ចង់​រៀប​ការ សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ពិត​ជា​ស្រឡាញ់។ ពេល​អ្នក​រក​ឃើញ​បុគ្គល​នោះ ចូរ​ខំ​ព្យាយាម​ជា​មួយ​គ្នា​ដើម្បី​រក្សា​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ដែល​អ្នក​មាន​ចំពោះ​គ្នា។ ដូច​យើង​បាន​រៀន​ពី​បទ​ចម្រៀង​សាឡូម៉ូន យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​និង​ដែល​ស្ថិតស្ថេរ ដោយ​សារ​នេះ​ជា‹អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា›។—បទ​ចម្រៀង​សាឡូម៉ូន ៨:៦

ការ​ពន្យល់​ពាក្យ​ខ្លះ

  • សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ: គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​មិន​រសាយ ហើយ​ដែល​ស្ថិតស្ថេរ។ សេចក្ដី​ស្រឡាញ់​នេះ​កើន​ឡើង ដោយ​សារ​នេះ​ជា​សេចក្ដី​ស្រឡាញ់​ស្មោះ ហើយ​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន

  • ការ​បង្ហាញ​ឬ​ការ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់: គឺ​ជា​របៀប​ផ្សេង​ៗ​ដែល​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​បុគ្គល​ម្នាក់។ ជា​ឧទាហរណ៍ ប្ដី​អាច​និយាយ​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ដឹង​ថា​គាត់​ស្រឡាញ់​នាង ហើយ​ប្រពន្ធ​ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ​ចំពោះ​ប្ដី។ បុគ្គល​ទាំង​ពីរ​នាក់​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​តាម​របៀប​ផ្សេង​ៗ​ដែល​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក