បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៦ ទំ. ៣-៨
  • គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​អស្ចារ្យ​មួយ​ដែល​បង្រៀន​យើង​អំពី​ចិត្ត​ទូលាយ
  • ​«​គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត​»​
  • ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ
  • ឥឡូវ​នេះ ចូរ​យក​តម្រាប់​ព្រះ​និង​គ្រិស្ត
  • តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ‹ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?
    អត្ថបទពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៤
  • លោកស្រឡាញ់មនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៦ ទំ. ៣-៨

គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ

​«​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ​»។—កូរិនថូស​ទី១ ១:២៤

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​លោក​យេស៊ូ​បាន​បង្ហាញ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​នៅ​ពេល​លោក​បាន​ធ្វើ​អព្ភូតហេតុ​ទី១​របស់​លោក?

  • ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ១៤:១៤​-​២១?

  • នៅ​ពេល​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ តើ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្វី?

១​. ហេតុ​អ្វី​ប៉ូល​បាន​និយាយ​ថា​៖ ​«​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ​»​?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឫទ្ធានុភាព​របស់​លោក​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ហើយ​លោក​យេស៊ូ​បាន​បង្ហាញ​ឫទ្ធានុភាព​នោះ​តាម​របៀប​ផ្សេង​ៗ​ដ៏​អស្ចារ្យ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​អព្ភូតហេតុ។ យើង​អាច​អាន​អំពី​ការ​អស្ចារ្យ​ទាំង​នោះ​ខ្លះ​ក្នុង​គម្ពីរ ហើយ​ការ​អស្ចារ្យ​ទាំង​នោះ​អាច​ពង្រឹង​ជំនឿ​របស់​យើង។ (​ម៉ាថាយ ៩:៣៥; លូកា ៩:១១​) ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​ខ្លាំង​ក្លា​ដល់​លោក​យេស៊ូ នោះ​សាវ័ក​ប៉ូល​អាច​និយាយ​ថា​៖ ​«​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ​»។ (​កូរិនថូស​ទី១ ១:២៤​) ប៉ុន្តែ តើ​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

២​. តើ​យើង​អាច​រៀន​អ្វី​ពី​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ?

២ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​លោក​យេស៊ូ​បាន​ធ្វើ​«​ការ​ដ៏​គួរ​ឲ្យ​កោត​ស្ងើច​»​ ឬ​ការ​អស្ចារ្យ។ (​សកម្មភាព ២:២២​) តើ​ការ​អស្ចារ្យ​ទាំង​នេះ​បង្រៀន​យើង​អំពី​អ្វី? ការ​អស្ចារ្យ​ទាំង​នេះ​បង្រៀន​យើង​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក។ នៅ​គ្រា​នោះ លោក​នឹង​ធ្វើ​អព្ភូតហេតុ​អស្ចារ្យ​ជាង​អព្ភូតហេតុ​ដែល​លោក​បាន​ធ្វើ​ពេល​លោក​នៅ​ផែន​ដី ហើយ​ការ​អស្ចារ្យ​ទាំង​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​នៅ​ផែន​ដី។ ការ​អស្ចារ្យ​របស់​លោក​ក៏​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ច្រើន​អំពី​គុណ​សម្បត្ដិរបស់​លោក​និង​របស់​បិតា​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិភាក្សា​អំពី​ការ​អស្ចារ្យ​បី​របស់​លោក​យេស៊ូ ហើយ​យើង​នឹង​រៀន​អំពី​របៀប​ដែល​ការ​អស្ចារ្យ​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​លើ​យើង​សព្វ​ថ្ងៃ​នេះ​និង​នៅ​ពេល​អនាគត។

ការ​អស្ចារ្យ​មួយ​ដែល​បង្រៀន​យើង​អំពី​ចិត្ត​ទូលាយ

៣​. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ទី១​របស់​លោក? (​ខ​) នៅ​ភូមិ​កាណា តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ទូលាយ​យ៉ាង​ដូច​ម្ដេច?

៣ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ទី១​របស់​លោក​នៅ​ពិធី​មង្គល​ការ​នា​ភូមិ​កាណា។ យើង​មិន​ដឹង​អំពី​មូលហេតុ​ដែល​គ្មាន​ស្រា​ទំពាំង​បាយ​ជូរ​គ្រប់​គ្រាន់​សម្រាប់​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូល​រួម​ឡើយ។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​ថ្មី​នោះ​ខ្មាស​គេ ដោយ​សារ​ពួក​គេ​មាន​ភារកិច្ច​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់។ ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ​ក៏​ជា​ភ្ញៀវ​ដែល​នៅ​ទី​នោះ​ដែរ។ តើ​នាង​បាន​សុំ​ជំនួយ​ពី​លោក​យេស៊ូ​ដោយ​សារ​នាង​ជឿ​ថា​លោក​មាន​សមត្ថភាព​ជួយ​ពួក​គេ​ឬ​ទេ? ម៉ារៀ​ច្បាស់​ជា​បាន​រំពឹង​គិត​អំពី​ទំនាយ​ទាំង​អស់​ស្តី​អំពី​កូន​ប្រុស​របស់​នាង ហើយ​នាង​ដឹង​ថា​លោក​នឹង​ត្រូវ​ហៅ​ថា​៖ ​«​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»។ (​លូកា ១:៣០​-​៣២; ២:៥២​) យើង​ឃើញ​ច្បាស់​ថា​ទាំង​ម៉ារៀ​ទាំង​លោក​យេស៊ូ​ចង់​ជួយ​គូ​អាពាហ៍ពិពាហ៍​នោះ។ ដូច្នេះ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដោយ​ធ្វើ​ឲ្យ​ទឹក​ប្រហែល​ជា​៣៨០​លី​ត្រ​ក្លាយ​ទៅ​ជា​«​ស្រា​ល្អ​»។ (​សូម​អាន យ៉ូហាន ២:៣, ៦​-​១១​) តើ​លោក​យេស៊ូ​ត្រូវ​ធ្វើ​អព្ភូតហេតុ​នេះ​ឬ​ទេ? មិន​មែន​ទេ។ ប៉ុន្តែ​លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស ហើយ​លោក​ចង់​យក​តម្រាប់​បិតា​របស់​លោក​ដែល​មាន​ចិត្ត​ទូលាយ។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​គួរ​មាន​«​ទម្លាប់​ឲ្យ​គេ​»

៤, ៥​. (​ក​) តើ​ការ​អស្ចារ្យ​ទី១​របស់​លោក​យេស៊ូ​បង្រៀន​យើង​អ្វី​ខ្លះ? (​ខ​) តើ​ការ​អស្ចារ្យ​នៅ​ភូមិ​កាណា​បង្រៀន​យើង​អ្វី​អំពី​អនាគត?

៤ ដោយ​អព្ភូតហេតុ លោក​យេស៊ូ​បាន​ផ្ដល់​ស្រា​ទំពាំង​បាយ​ជូរ​ជា​ច្រើន​ដែល​ល្មម​សម្រាប់​មនុស្ស​មួយ​ក្រុម​ធំ។ តើ​ការ​អស្ចារ្យ​នេះ​បង្រៀន​យើង​អំពី​អ្វី? យើង​រៀន​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មិន​មែន​កំណាញ់​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​ទាំង​ពីរ​មាន​ចិត្ត​ទូលាយ​ណាស់។ ការ​អស្ចារ្យ​នេះ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អារម្មណ៍​របស់​មនុស្ស។ ការ​អស្ចារ្យ​នេះ​ក៏​បង្ហាញ​ដែរ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ផ្ដល់​អាហារ​ជា​បរិបូរ​នៅ​ពិភព​លោក​ថ្មី ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ផែន​ដី។—សូម​អាន អេសាយ ២៥:៦

៥ សូម​គិត​ទៅ​មើល! មិន​យូរ​ទៀត​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ពិត​ជា​ត្រូវ​ការ។ បុគ្គល​គ្រប់​រូប​នឹង​មាន​ផ្ទះ​ស្អាត និង​អាហារ​ល្អ។ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ពេល​យើង​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដ៏​អស្ចារ្យ​ដែល​លោក​នឹង​ផ្ដល់​ឲ្យ​យើង​ដោយ​ចិត្ត​ទូលាយ​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី។

៦​. តើ​លោក​យេស៊ូ​តែង​តែ​ប្រើ​ឫទ្ធានុភាព​របស់​លោក​យ៉ាង​ដូច​ម្ដេច ហើយ​តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​លោក?

៦ លោក​យេស៊ូ​មិន​ដែល​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើងនៅ​ពេល​មេ​កំណាច​បាន​ល្បួង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ដុំ​ថ្ម​ក្លាយ​ទៅ​ជា​នំ​ប៉័ង។ លោក​យេស៊ូ​មិន​ព្រម​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ប្រយោជន៍​ខ្លួន​ឡើយ។ (​ម៉ាថាយ ៤:២​-​៤​) ប៉ុន្តែ លោក​យេស៊ូ​ពេញ​ចិត្ត​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដូច​លោក​យេស៊ូ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​គួរ​មាន​«​ទម្លាប់​ឲ្យ​គេ​»។ (​លូកា ៦:៣៨​) យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​ផ្ទះ​របស់​យើង​ដើម្បី​បរិភោគ​អាហារ​ជា​មួយ​គ្នា។ យើង​ក៏​អាច​ចំណាយ​ពេល​ក្រោយ​កិច្ច​ប្រជុំ​ដើម្បី​ជួយ​បង​ប្អូន​ណា​ម្នាក់​ដែរ ដូច​ជា​ស្ដាប់​បង​ប្អូន​ប្រុស​ហាត់​សុន្ទរកថា​របស់​គាត់ ឬ​ផ្ដល់​ជំនួយ​និង​ការ​បង្ហាត់​បង្រៀន​ដល់​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​បង្ហាញ​ចិត្ត​ទូលាយ​ដូច​លោក​យេស៊ូ​ពេល​យើង​ពេញ​ចិត្ត​ជួយ​អ្នក​ឯ​ទៀត កាល​ណា​ដែល​យើង​អាច​ធ្វើ​បាន។

​«​គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត​»​

៧​. តើ​ពិភព​លោក​របស់​សាថាន​តែង​តែ​មាន​បញ្ហា​អ្វី?

៧ ភាព​ក្រី​ក្រ​មិន​មែន​ជា​បញ្ហា​ថ្មី​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ​»។ (​ចោទិយកថា ១៥:១១​) រាប់​រយ​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ​»។ (​ម៉ាថាយ ២៦:១១​) តើ​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​ថា​នឹង​មាន​មនុស្ស​ក្រ​នៅ​ផែន​ដី​ជា​និច្ច​ឬ​ទេ? មិន​មែន​ទេ។ ពាក្យ​របស់​លោក​បញ្ជាក់​ថា​នឹង​មាន​ភាព​ក្រី​ក្រ​ដរាប​ណា​យើង​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន។ ពេល​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី ស្ថានភាព​ពិភព​លោក​នឹង​ខុស​ពី​នេះ​ឆ្ងាយ​ណាស់! នៅ​គ្រា​នោះ នឹង​លែង​មាន​ភាព​ក្រី​ក្រ​ទៀត។ មនុស្ស​ទាំង​អស់​នឹង​មាន​អាហារ​ជា​បរិបូរ ហើយ​នឹង​បរិភោគ​ឆ្អែត!

៨, ៩​. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់? (​ខ​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​អស្ចារ្យ​នេះ?

៨ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។ (​ទំនុក​តម្កើង ១៤៥:១៦​) ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​យក​តម្រាប់​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​លោក​ច្រើន​តែ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​មិន​គ្រាន់​តែ​បាន​ធ្វើ​ដូច្នេះ​ដើម្បី​បង្ហាញ​ថា​លោក​មាន​ឫទ្ធានុភាព​ប៉ុណ្ណោះ​ទេ តែ​លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​មនុស្ស។ សូម​ឲ្យ​យើង​ពិចារណា​ម៉ាថាយ ១៤:១៤​-​២១។ (​សូម​អាន​) មនុស្ស​មួយ​ក្រុម​ពី​ក្រុង​នានា​បាន​ដើរ​តាម​លោក​យេស៊ូ។ (​ម៉ាថាយ ១៤:១៣​) នៅ​ពេល​ល្ងាច ពួក​អ្នក​កាន់​តាម​លោក​បាន​បារម្ភ​ថា​មនុស្ស​ទាំង​នោះ​អស់​កម្លាំង ហើយ​ឃ្លាន។ ដូច្នេះ​ពួក​គេ​បាន​សុំ​លោក​យេស៊ូ​ប្រាប់​មនុស្ស​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដើម្បី​ទិញ​អាហារ​សម្រាប់​ខ្លួន។ តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី?

៩ លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ដោយ​ប្រើ​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​ដល់​បុរស​ប្រហែល​៥.០០០​នាក់​ដោយ​មិន​រាប់​ស្ត្រី​និង​កូន​ក្មេង​ឡើយ។ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​នេះ? ដោយ​សារ​លោក​ពិត​ជា​ស្រឡាញ់​មនុស្ស ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ លោក​យេស៊ូ​ច្បាស់​ជា​បាន​ផ្ដល់​អាហារ​ជា​ច្រើន ពី​ព្រោះ​បណ្ដា​ជន​«​បាន​បរិភោគ​ឆ្អែត​»។ អាហារ​ដែល​ពួក​គេ​បាន​បរិភោគ​បាន​ផ្ដល់​កម្លាំង​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ងាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ (​លូកា ៩:១០​-​១៧​) ក្រោយ​ពី​បណ្ដា​ជន​ទាំង​អស់​បាន​បរិភោគ​ឆ្អែត អ្នក​កាន់​តាម​លោក​ថែម​ទាំង​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​១២​កញ្ជើ​ទៀត​ផង!

១០​. នៅ​ពេល​អនាគត តើ​អ្វី​នឹង​កើត​ឡើង​ដល់​ភាព​ក្រី​ក្រ?

១០ ដោយ​សារ​អ្នក​គ្រប់​គ្រង​មាន​ចិត្ត​លោភ​លន់​និង​ពុក​រលួយ មនុស្ស​រាប់​លាន​នាក់​មាន​ជីវភាព​ក្រី​ក្រ។ សូម្បី​តែបង​ប្អូន​យើង​ខ្លះ​ក៏​មិន​មាន​អាហារ​គ្រប់​គ្រាន់​ដែរ។ ប៉ុន្តែ មិន​យូរ​ទៀត មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នឹង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​អំពើ​ពុក​រលួយ​ឬ​ភាព​ក្រី​ក្រ​ទៀត។ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​លោក​មាន​អំណាច​និង​មាន​ចិត្ត​ចង់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ទាំង​អស់។ លោក​សន្យា​ថា​មិន​យូរ​ទៀត​លោក​នឹង​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​លែង​មាន​ទៀត!—សូម​អាន ទំនុក​តម្កើង ៧២:១៦

ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា លោក​ចង់​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង

១១​. ហេតុ​អ្វី​អ្នក​ជឿ​ជាក់​ថា​មិន​យូរ​ទៀត​គ្រិស្ត​នឹង​ធ្វើ​អព្ភូតហេតុ​ទូ​ទាំង​ផែន​ដី? ដោយ​យល់​ដូច្នេះ តើ​អ្នក​ចង់​ធ្វើ​អ្វី?

១១ កាល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​អព្ភូតហេតុ​នៅ​តំបន់​តូច​មួយ​សម្រាប់​រយៈ​ពេល​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ (​ម៉ាថាយ ១៥:២៤​) ប៉ុន្តែ​ក្នុង​នាម​ជា​ស្តេច លោក​យេស៊ូ​នឹង​ជួយ​មនុស្សជាតិ​ទាំង​អស់​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក។ (​ទំនុក​តម្កើង ៧២:៨​) ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​លោក​ចង់​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ យើង​គ្មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ទេ ប៉ុន្តែ​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ យើង​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​បាន​ត្រូវ​សន្យា​ក្នុង​គម្ពីរ។ នេះ​ជា​ភារកិច្ច​របស់​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​រ៉ូម ១:១៤, ១៥​) ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​គ្រិស្ត​នឹង​ធ្វើ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ យើង​នឹង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ទាំង​នោះ។—ទំនុក​តម្កើង ៤៥:១; ៤៩:៣

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ

១២​. ហេតុ​អ្វី​យើង​អាច​ដឹង​ច្បាស់​ថា​លោក​យេស៊ូ​យល់​ទាំង​ស្រុង​អំពី​បរិស្ថាន​ផែន​ដី?

១២ ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែន​ដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី លោក​យេស៊ូ​បាន​«​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង​»។ (​សុភាសិត ៨:២២, ៣០, ៣១; កូឡុស ១:១៥​-​១៧​) ដូច្នេះ លោក​យេស៊ូ​យល់​ទាំង​ស្រុង​អំពី​បរិស្ថាន​របស់​ផែន​ដី។ លោក​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ​ទាំង​អស់ ហើយ​លោក​ក៏​ដឹង​អំពី​របៀប​ប្រើ​កម្លាំង​ធម្មជាតិ​ទាំង​នោះ​ដែរ។

១៣, ១៤​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​អំណាច​របស់​គ្រិស្ត​លើ​កម្លាំង​ធម្មជាតិ។

១៣ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្ហាញ​ថា​លោក​មាន​ឫទ្ធានុភាព​របស់​ព្រះ​ដោយ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អំណាច​ដែល​លោក​យេស៊ូ​មាន​លើ​ខ្យល់​ព្យុះ​មួយ។ (​សូម​អាន ម៉ាកុស ៤:៣៧​-​៣៩​) បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​ពន្យល់​ថា ពាក្យ​ភាសា​ក្រិច​«​ខ្យល់​ព្យុះ​»​នៅ​សៀវភៅ​ម៉ាកុស បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​ខ្យល់​យ៉ាង​ខ្លាំង​ឬ​ព្យុះ​សង្ឃរា។ ពាក្យ​នេះ​សំដៅ​លើ​ខ្យល់​ព្យុះ​ដែល​មក​ដោយ​មាន​ពពក​ខ្មៅ ខ្យល់​គំហុក​ខ្លាំង ផ្គរ​លាន់ និង​ភ្លៀង​ច្រើន។ នៅ​ពេល​ដែល​ខ្យល់​ព្យុះ​នោះ​ឈប់ អ្វី​ៗ​ទាំង​អស់​រប៉ាត់​រប៉ាយ។ សាវ័ក​ម៉ាថាយ​បាន​រៀប​រាប់​ថា​នេះ​ជា​«​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​»។—ម៉ាថាយ ៨:២៤

១៤ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ រលក​កំពុង​បោក​ទូក ហើយ​ធ្វើ​ឲ្យ​ទឹក​ចូល​ទូក​ម្ដង​ហើយ​ម្ដង​ទៀត។ ទោះ​ជា​មាន​សំឡេង​ខ្យល់​ព្យុះ ហើយ​ទូក​នោះ​ឃ្លេង​ឃ្លោង​ក្ដី លោក​យេស៊ូ​កំពុង​សម្រាន្ត​លក់​ដោយ​សារ​លោក​អស់​កម្លាំង។ ពេល​នោះ​ពួក​អ្នក​កាន់​តាម​លោក​ភ័យ​ខ្លាច ដូច្នេះ​ពួក​គេ​បាន​ដាស់​លោក​យេស៊ូ​ហើយ​និយាយ​ថា​៖ ​«​យើង​ជិត​វិនាស​ហើយ!​»។ (​ម៉ាថាយ ៨:២៥​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? លោក​បាន​ងើប​ឡើង​ហើយ​ប្រាប់​ខ្យល់​និង​សមុទ្រ​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។ (​ម៉ាកុស ៤:៣៩​) ខ្យល់​ព្យុះ​នោះ​បាន​ឈប់ ហើយ​«​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង​»។ នេះ​ពិត​ជា​ឧទាហរណ៍​ដ៏អស្ចារ្យ​ដែល​បង្ហាញ​អំពី​អំណាច​របស់​លោក​យេស៊ូ​លើ​កម្លាំង​ធម្មជាតិ!

១៥​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​អាច​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ?

១៥ ឫទ្ធានុភាព​របស់​គ្រិស្ត​មក​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ដឹង​ថា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​អាច​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ​បាន។ ជា​ឧទាហរណ៍ មុន​ទឹក​ជំនន់ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន​ដី​៤០​ថ្ងៃ​៤០​យប់​»។ (​លោកុប្បត្តិ ៧:៤​) និក្ខមនំ ១៤:២១​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត​ដែល​បក់​យ៉ាង​ខ្លាំង​»​ ហើយ​យ៉ូណាស ១:៤​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង​បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ​ដល់​ម្ល៉េះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ​»។ យើង​សប្បាយ​ចិត្ត​ណាស់​ដោយ​ដឹង​ថា នៅ​ពិភព​លោក​ថ្មី​ព្រះ​យេហូវ៉ា​នឹង​កាន់​កាប់​លើ​ធម្មជាតិ​ជា​និច្ច។

១៦​. ហេតុ​អ្វី​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ​អាច​ជួយ​សម្រាល​ទុក្ខ​យើង?

១៦ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ អាច​ជួយ​សម្រាល​ទុក្ខ​យើង។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត អស់​អ្នក​ដែល​រស់​នៅ​ផែន​ដី​នឹង​មាន​សុវត្ថិភាព។ គ្មាន​អ្នក​ណា​នឹង​ត្រូវ​របួស​ឬ​ស្លាប់​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​ដូច​ជា​ព្យុះ​សង្ឃរា រលក​យក្ស​ស៊ូណាមី ភ្នំ​ភ្លើង ឬ​ការ​រញ្ជួយ​ដី​ឡើយ។ យើង​នឹង​មិន​ខ្លាច​មហន្តរាយណា​ទាំង​អស់ ពី​ព្រោះ​«​ត្រសាល​របស់​ព្រះ​»​នឹង​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ដូច្នេះ​យើង​នឹង​ទទួល​ការ​ការពារ​ពី​ព្រះ! (​ការ​បើក​បង្ហាញ ២១:៣, ៤​) ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​លោក​យេស៊ូ​នូវ​ឫទ្ធានុភាព​ដើម្បី​កាន់​កាប់​លើ​កម្លាំង​ធម្មជាតិ។

ឥឡូវ​នេះ ចូរ​យក​តម្រាប់​ព្រះ​និង​គ្រិស្ត

១៧​. នៅ​ឥឡូវ​នេះ តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​ព្រះ​និង​គ្រិស្ត?

១៧ យើង​មិន​អាច​ទប់​ស្កាត់​មហន្តរាយ​ធម្មជាតិ​បាន​ទេ។ មាន​តែ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នោះ​បាន។ ប៉ុន្តែ មាន​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​បាន។ យើង​អាច​ធ្វើ​តាម​សុភាសិត ៣:២៧។ (​សូម​អាន​) ពេល​បង​ប្អូន​របស់​យើង​រង​ទុក្ខ យើង​អាច​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ខាង​រូប​កាយ​និង​ខាង​ផ្លូវ​ចិត្ត ដោយ​សម្រាល​ទុក្ខ​ពួក​គេ។ (​សុភាសិត ១៧:១៧​) ជា​ឧទាហរណ៍ យើង​អាច​ជួយ​ពួក​គេ​ក្រោយ​មហន្តរាយ​ធម្មជាតិ។ បង​ស្រី​មេ​ម៉ាយ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​បាន​ខូច​ខាត​ដោយ​សារ​ព្យុះ​សង្ឃរា បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​នៅ​ក្នុង​អង្គ​ការ​ព្រះ​យេហូវ៉ា មិន​គ្រាន់​តែ​ដោយ​សារ​ខ្ញុំ​បាន​ទទួល​ជំនួយ​ខាង​សម្ភារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​ជំនួយ​ដែល​ពង្រឹង​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ​»។ បង​ស្រី​ម្នាក់​ទៀត​ដែល​នៅ​លីវ អស់​សង្ឃឹម​ពេល​ខ្យល់​ព្យុះ​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​ខូច​ខាត។ ក្រោយ​ពី​បង​ប្អូន​បាន​ជួយ​គាត់​ជួស​ជុល​ផ្ទះ​វិញ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​រៀប​រាប់​ណាស់​អំពី​អារម្មណ៍​របស់​ខ្ញុំ​ឲ្យ​បាន​សព្វ​គ្រប់!​»។ គាត់​បាន​និយាយ​បន្ថែម​ថា​៖ ​«​អរគុណ​ព្រះ​យេហូវ៉ា!​»។ យើង​សប្បាយ​ចិត្ត​ដែល​បង​ប្អូន​របស់​យើង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ លើស​ពី​នោះ​ទៅ​ទៀត យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។

១៨​. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ស្ងើចសរសើរ​ចំពោះ​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ?

១៨ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​បាន​បង្ហាញ​ថា​លោក​ជា​«​ឫទ្ធានុភាព​របស់​ព្រះ​»។ ប៉ុន្តែ លោក​មិន​ដែល​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្ងើចសរសើរ ឬ​ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ធ្វើ​អព្ភូតហេតុ​ដោយ​សារ​លោក​ពិត​ជា​ស្រឡាញ់​មនុស្ស។ យើង​នឹង​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​នេះ​នៅ​អត្ថបទ​បន្ទាប់។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ​«​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ​»​: ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​លោក​យេស៊ូ​នូវ​ឫទ្ធានុភាព​ដើម្បី​ធ្វើ​អព្ភូតហេតុ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ លោក​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ ហើយ​នៅ​ពេល​តែ​មួយ​លោក​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់

  • ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត: ក្រោយ​ហាម៉ាគេដូន​ដែល​ជា​សង្គ្រាម​របស់​ព្រះ លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ លោក​យេស៊ូ​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ធ្វើ​អព្ភូតហេតុ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក