បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៦ ទំ. ២២-២៦
  • ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​»​
  • ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​
  • ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​
  • ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី​»​
  • «សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើ​អ្នក​ត្រូវ​អធិដ្ឋាន​តាម​របៀប​ណា​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • លោកយេស៊ូបង្រៀនយើងឲ្យចេះអធិដ្ឋាន
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៦ ទំ. ២២-២៦

ចូរ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​គំរូ ភាគ​ទី១

​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—ម៉ាថាយ ៦:៩

តើ​អ្នក​ចាំ​ឬ​ទេ?

  • តើ​យើង​រៀន​អ្វី​ពី​ពាក្យ​«​បិតា​របស់​យើង​»​?

  • ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​សូម​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ?

  • តើ​ការ​គ្រាន់​តែ​អធិដ្ឋាន​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី​គឺ​គ្រប់​គ្រាន់​ឬ​ទេ? សូម​ពន្យល់។

១​. ពេល​យើង​ផ្សព្វ​ផ្សាយ តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៩​-​១៣?

មនុស្ស​ជា​ច្រើន​ស្គាល់​ពាក្យ​នៃ​សេចក្ដី​អធិដ្ឋាន​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៦:៩​-​១៣។ ពេល​យើង​ផ្សព្វ​ផ្សាយ យើង​ប្រើ​ពាក្យ​នៃ​សេចក្ដី​អធិដ្ឋាន​នេះ​ដើម្បី​បង្រៀន​មនុស្ស​ថា​រាជាណាចក្រ​ព្រះ​ជា​រដ្ឋាភិបាល​ដ៏​ពិត​ប្រាកដ​ដែល​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ យើង​ក៏​ប្រើ​ពាក្យ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​ដែរ ដើម្បី​បង្ហាញ​ថា​ព្រះ​មាន​នាម ហើយ​ថា​យើង​ត្រូវ​ចាត់​ទុក​នាម​នោះ​ជា​បរិសុទ្ធ។—ម៉ាថាយ ៦:៩

២​. ហេតុ​អ្វី​យើង​ដឹង​ថា​លោក​យេស៊ូ​មិន​ចង់​ឲ្យ​យើង​ប្រើ​ពាក្យ​ដដែល​ៗ​រាល់​លើក​ដែល​យើង​អធិដ្ឋាន?

២ តើ​លោក​យេស៊ូ​ចង់​ឲ្យ​យើង​ពោល​ពាក្យ​នេះ​ដដែល​ៗ​រាល់​លើក​ដែល​យើង​អធិដ្ឋាន ដូច​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ឬ? មិន​មែន​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​»។ (​ម៉ាថាយ ៦:៧​) នៅ​ពេល​ផ្សេង​ទៀត កាល​លោក​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន លោក​បាន​ប្រើ​សេចក្ដី​អធិដ្ឋាន​នេះ​ម្ដង​ទៀត ប៉ុន្តែ​លោក​មិន​បាន​ប្រើ​ពាក្យ​ដូច​គ្នា​ទាំង​ស្រុង​ទេ។ (​លូកា ១១:១​-​៤​) ដូច្នេះ លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​អធិដ្ឋាន​គំរូ​ដើម្បី​បង្រៀន​យើង​ថា​យើង​ត្រូវ​អធិដ្ឋាន​សុំ​អ្វី​ខ្លះ។

៣​. ពេល​អ្នក​សិក្សា​សេចក្ដី​អធិដ្ឋាន​គំរូ តើ​អ្នក​អាច​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​អ្វី​ខ្លះ?

៣ ក្នុង​អត្ថបទ​នេះ និង​អត្ថបទ​បន្ទាប់​យើង​នឹង​សិក្សា​យ៉ាង​ហ្មត់​ចត់​នូវ​សេចក្ដី​អធិដ្ឋាន​គំរូនេះ។ ពេល​យើង​ធ្វើ​ដូច្នេះ សូម​សួរ​ខ្លួន​យើង​ថា ‹តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​នេះ​អាច​ជួយ​ខ្ញុំ​អធិដ្ឋាន​ឲ្យ​បាន​ប្រសើរ​ជាង?› ហើយ​សំខាន់​ជាង​នេះ ‹តើ​ខ្ញុំ​កំពុង​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​គំរូ​នេះ​ឬ​ទេ?›។

​«​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​»​

៤​. តើ​ពាក្យ​«​បិតា​របស់​យើង​»​រំលឹក​យើង​អំពី​អ្វី ហើយ​តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង?

៤ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​នោះ​ដោយ​ពាក្យ​«​ឱ​បិតា​របស់​យើង​»។ នេះ​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​បង​ប្អូន​ទាំង​អស់​របស់​យើង​ទូ​ទាំង​ពិភព​លោក។ (​ពេត្រុស​ទី១ ២:១៧​) ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌ បាន​ត្រូវ​ទទួល​ជា​កូន​របស់​លោក ដូច្នេះ​លោក​ជា​បិតា​របស់​ពួក​គាត់​តាម​របៀប​ដ៏​ពិសេស​មួយ។ (​រ៉ូម ៨:១៥​-​១៧​) ពួក​អ្នក​ដែល​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ក៏​អាច​ហៅ​លោក​ថា​«​បិតា​»​ដែរ ដោយ​សារ​ព្រះ​យេហូវ៉ា​ផ្ដល់​ជីវិត​ឲ្យ​ពួក​គេ ហើយ​ដោយ​សេចក្ដី​ស្រឡាញ់​លោក​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​«​កូន​ព្រះ​»​ក្រោយ​ពី​ពួក​គេ​បាន​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​បាន​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ក្នុង​ការ​សាកល្បង​ចុង​ក្រោយ​បង្អស់។—រ៉ូម ៨:២១; ការ​បើក​បង្ហាញ ២០:៧, ៨

៥, ៦​. តើ​ឪពុក​ម្ដាយ​អាច​ផ្ដល់​ឲ្យ​កូន​នូវ​អំណោយ​ល្អ​បំផុត​អ្វី ហើយ​ដោយ​សារ​កូន​បាន​ទទួល​អំណោយ​នេះ តើ​កូន​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី?(​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៥ ឪពុក​ម្ដាយ​ផ្ដល់​ឲ្យ​កូន​នូវ​អំណោយ​មួយ​ពេល​ពួក​គាត់​ជួយ​កូន​យល់​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌ និង​ពេល​ដែល​ពួក​គាត់​បង្រៀន​កូន​ឲ្យ​អធិដ្ឋាន​ទៅ​លោក។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា​៖ ​«​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កូន​ស្រី​យើង​បាន​កើត​មក ខ្ញុំ​បាន​អធិដ្ឋាន​ជា​មួយ​នឹង​ពួក​គេ​រាល់​យប់ លើក​លែង​តែ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ។ កូន​ស្រី​របស់​យើង​បាន​និយាយ​ច្រើន​ដង​ថា​ពួក​គេ​មិន​នឹក​ចាំ​ពាក្យ​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​នឹក​ចាំ​ថា​ការ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​គឺ​ពិសិដ្ឋ ហើយ​ថា​ពួក​គេ​មាន​អារម្មណ៍​ស្ងប់​និង​ឥត​ភ័យ​ខ្លាច។ ពេល​ពួក​គេ​ចេះ​និយាយ​ច្រើន​ល្មម ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អធិដ្ឋាន​ឮ​ៗ ដើម្បី​ខ្ញុំ​អាច​ស្ដាប់​ពេល​ពួក​គេ​និយាយ​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ​ប្រាប់​ព្រះ​យេហូវ៉ា។ នោះ​ជា​ឱកាស​ល្អ​ដើម្បី​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។ ក្រោយ​មក ដោយ​ស្លូតបូត​ខ្ញុំ​បាន​បង្រៀន​ពួក​គេ​ឲ្យ​បញ្ចូល​ចំណុច​សំខាន់​ៗ​ពី​សេចក្ដី​អធិដ្ឋាន​គំរូ ដើម្បី​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​មាន​ន័យ​ខ្លឹម​សារ​ជាង​»។

៦ កូន​ស្រី​របស់​គាត់​បាន​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​សូម្បី​តែ​នៅ​ពេល​ពួក​គេ​ពេញ​វ័យ​ក្ដី។ ឥឡូវ​នេះ​ពួក​គេ​បាន​រៀប​ការ​ហើយ និង​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ជា​មួយ​នឹង​ប្ដី​របស់​ពួក​គេ។ អំណោយ​ដ៏​ល្អ​បំផុត​ដែល​ឪពុក​ម្ដាយ​អាច​ផ្ដល់​ឲ្យ​កូន​គឺ​បង្រៀន​ពួក​គេ​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ប្រាកដ ហើយ​ថា​ពួក​គេ​អាច​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​បាន។ ប៉ុន្តែ កូន​ម្នាក់​ៗ​ត្រូវ​រក្សា​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ទំនុក​តម្កើង ៥:១១, ១២; ៩១:១៤

​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​

៧​. តើ​យើង​មាន​កិត្ដិយស​អ្វី ប៉ុន្តែ​តើ​យើង​ត្រូវ​ធ្វើ​អ្វី?

៧ យើង​មាន​កិត្ដិយស​ដែល​បាន​ស្គាល់​នាម​របស់​ព្រះ​និង​ធ្វើ​ជា​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្មភាព ១៥:១៤; អេសាយ ៤៣:១០​) យើង​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ ម្យ៉ាង​ទៀត យើង​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​មិន​ធ្វើ​អ្វី​ឬ​និយាយ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​កិត្ដិយស​លោក។ យើង​មិន​គួរ​ធ្វើ​ដូច​បុគ្គល​ខ្លះ​នៅ​សតវត្សរ៍​ទី១​ដែល​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បង្រៀន​ឡើយ។ ប៉ូល​បាន​សរសេរ​ទៅ​ពួក​គេ​ថា​៖ ​«​ក្នុង​ប្រជា​ជាតិ​នានា​គេ​កំពុង​ប្រមាថ​នាម​របស់​ព្រះ ព្រោះ​តែ​អ្នក​រាល់​គ្នា​»។—រ៉ូម ២:២១​-​២៤

៨, ៩​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​ពួក​អ្នក​ដែល​ចង់​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។

៨ យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា។ នៅ​ប្រទេស​ន័រ​វ៉េ បង​ស្រី​ម្នាក់​ដែល​មាន​កូន​ប្រុស​អាយុ​២​ឆ្នាំ បាន​ទៅ​ជា​ស្ត្រី​មេ​ម៉ាយ​ក្រោយ​ប្ដីរបស់​គាត់​ស្លាប់។ គាត់​និយាយ​ថា​៖ ​«​នោះ​ជា​គ្រា​ដ៏​ពិបាក​ខ្លាំង​ណាស់​ក្នុង​ជីវិត​របស់​ខ្ញុំ។ ជា​រៀង​រាល់​ថ្ងៃ ស្ទើរតែ​រាល់​ម៉ោង​ខ្ញុំ​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​ដើម្បី​រក្សា​លំនឹង​ខាង​ផ្លូវ​ចិត្ត ហើយ​នេះ​នឹង​ជួយ​ខ្ញុំ​មិន​ឲ្យ​ផ្ដល់​មូលហេតុ​ឲ្យ​សាថាន​តិះ​ដៀល​ព្រះ​យេហូវ៉ា​ដោយ​សារ​ការ​សម្រេច​ចិត្ត​មិន​ល្អ ឬ​ដោយ​សារ​ខ្ញុំ​មិន​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​ស្មោះ​ត្រង់​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ហើយ​ខ្ញុំ​ចង់​ឲ្យ​កូន​របស់​ខ្ញុំ​ជួប​ឪពុក​របស់​គាត់​ម្ដង​ទៀត​ក្នុង​សួន​ឧទ្យាន​»។—សុភាសិត ២៧:១១

៩ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​បង​ស្រី​នោះ​ឬ​ទេ? លោក​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​មែន។ គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​ជា​ទៀង​ទាត់។ ប្រាំ​ឆ្នាំ​ក្រោយ​មក គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់។ ឥឡូវ​កូន​ប្រុស​របស់​គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ស្រី​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ប្ដី​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ចិញ្ចឹម​អប់រំ​កូន​»។

១០​. តើ​តាម​របៀប​ណា​ព្រះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​យ៉ាង​ពេញ​លេញ?

១០ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​យ៉ាង​ពេញ​លេញ​នៅ​ពេល​លោក​ដក​ចេញ​នូវ​អស់​អ្នក​ដែល​បង្ខូច​កិត្ដិយស​លោក ហើយ​ដែល​មិន​ចង់​ទទួល​ស្គាល់​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ (​សូម​អាន អេសេគាល ៣៨:២២, ២៣​) នៅ​ពេល​នោះ មនុស្ស​ទាំង​អស់​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​លើក​តម្កើង​នាម​ដ៏​បរិសុទ្ធ​របស់​លោក។ នៅ​ទី​បំផុត បិតា​ដែល​ស្រឡាញ់​យើង​នឹង​«​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់​»។—កូរិនថូស​ទី១ ១៥:២៨

​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​

១១, ១២​. នៅ​ឆ្នាំ​១៨៧៦ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​យល់​អំពី​អ្វី?

១១ មុន​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ពួក​អ្នក​កាន់​តាម​លោក​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?​»។ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​នោះ​មិន​ទាន់​ជា​គ្រា​ដែល​ពួក​គេ​ត្រូវ​ដឹង​អំពី​ពេល​វេលា​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ឡើយ។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ជា​កិច្ច​ការ​ដ៏​សំខាន់។ (​សូម​អាន សកម្មភាព ១:៦​-​៨​) ប៉ុន្តែ លោក​ក៏​បាន​បង្រៀន​ពួក​គេ​ឲ្យ​អធិដ្ឋាន​សុំ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ ហើយ​បង្រៀន​ពួក​គេ​ឲ្យ​ទន្ទឹង​រង់​ចាំ​គ្រា​នោះ​ដោយ​ចិត្ត​រំភើប។ នេះ​ជា​មូលហេតុ​ដែល​យើង​នៅ​តែ​អធិដ្ឋាន​សុំ​រាជាណាចក្រ​ព្រះ​មក​ដល់។

១២ ពេល​ជិត​មក​ដល់​ពេល​វេលា​ដែល​លោក​យេស៊ូ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ ព្រះ​យេហូវ៉ា​បាន​ជួយ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​ដឹង​ថា​ព្រឹត្ដិការណ៍​នោះ​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ណា។ នៅ​ឆ្នាំ​១៨៧៦ បង​ឆាល ថេស រ៉ាសិល​បាន​សរសេរ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​នឹង​ចប់​នៅ​ពេល​ណា?​»។ គាត់​បាន​ពន្យល់​ថា​«​៧​ខួប​»​ក្នុង​ទំនាយ​របស់​ដានីយ៉ែល​គឺ​ដូច​គ្នា​នឹង​«​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​»​ក្នុង​ទំនាយ​របស់​លោក​យេស៊ូ។ អត្ថបទ​នោះ​បាន​ពន្យល់​ថា​គ្រា​នោះ​នឹង​ចប់​នៅ​ឆ្នាំ​១៩១៤a (​សូម​មើល​កំណត់​សម្គាល់​)។—ដានីយ៉ែល ៤:១៦; លូកា ២១:២៤

១៣​. តើ​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤ ហើយ​តើ​ព្រឹត្ដិការណ៍​ពិភព​លោក​តាំង​ពី​ឆ្នាំ​១៩១៤​បញ្ជាក់​អំពី​អ្វី?

១៣ នៅ​ឆ្នាំ​១៩១៤ សង្គ្រាម​បាន​ចាប់​ផ្ដើម​នៅ​ទ្វីប​អឺរ៉ុប ហើយ​មិន​យូរ​ក្រោយ​មក​បាន​រីក​រាល​ដាល​ដល់​ពិភព​លោក​ទាំង​មូល។ សង្គ្រាម​នោះ​បាន​នាំ​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន។ នៅ​ទី​បញ្ចប់​នៃ​សង្គ្រាម​នោះ​នា​ឆ្នាំ​១៩១៨ នៅ​ទូ​ទាំង​ពិភព​លោក​គ្រុន​ផ្ដាសាយ​ម្យ៉ាង​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​សង្គ្រាម​នោះ​ទៅ​ទៀត។ អ្វី​ៗ​ទាំង​អស់​នេះ​ជា​ផ្នែក​នៃ​«​សញ្ញា​សម្គាល់​»​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ ហើយ​សញ្ញា​សម្គាល់​នោះ​បាន​បញ្ជាក់​ថា​លោក​យេស៊ូ​បាន​ទៅ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ (​ម៉ាថាយ ២៤:៣​-​៨; លូកា ២១:១០, ១១​) នៅ​ឆ្នាំ​នោះ លោក​បាន​«​ចេញ​ទៅ​យក​ជ័យ​ជម្នះ ហើយ​ដើម្បី​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​»។ (​ការ​បើក​បង្ហាញ ៦:២​) លោក​យេស៊ូ​បាន​បោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ ក្រោយ​មក ទំនាយ​នេះ​បាន​ចាប់​ផ្ដើម​សម្រេច គឺ​ទំនាយ​ដែល​ថា​៖ ​«​វេទនា​ដល់​ផែន​ដី និង​សមុទ្រ ពី​ព្រោះ​មេ​កំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។—ការ​បើក​បង្ហាញ ១២:៧​-​១២

១៤​. (​ក​) ហេតុ​អ្វី​យើង​នៅ​តែ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់? (​ខ​) នៅ​ឥឡូវ​នេះ តើ​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​អ្វី?

១៤ ទំនាយ​នៅ​ការ​បើក​បង្ហាញ​ជំពូក​១២​ជួយ​ធ្វើ​ឲ្យ​យើង​យល់​អំពី​មូលហេតុ​ដែល​ហេតុ​ការណ៍​អាក្រក់​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ផែន​ដី​នៅ​គ្រា​ដែល​លោក​យេស៊ូ​បាន​ទៅ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ទោះ​ជា​លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ក៏​ដោយ សាថាន​នៅ​តែ​គ្រប់​គ្រង​លើ​ផែន​ដី។ ប៉ុន្តែ មិន​យូរ​ទៀត​លោក​យេស៊ូ​នឹង​«​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​»​ដោយ​ដក​អំពើ​អាក្រក់​ទាំង​អស់​ចេញ​ពី​ផែន​ដី។ ទម្រាំ​ដល់​ពេល​នោះ យើង​បន្ត​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ ហើយ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នោះ។ កិច្ច​ការ​របស់​យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​លោក​យេស៊ូ​បាន​សម្រេច គឺ​ទំនាយ​ដែល​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី​»​

១៥, ១៦​. តើ​ការ​គ្រាន់​តែ​អធិដ្ឋាន​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី​គឺ​គ្រប់​គ្រាន់​ឬ​ទេ? សូម​ពន្យល់។

១៥ ប្រហែល​ជា​៦.០០០​ឆ្នាំ​មុន បំណង​ប្រាថ្នា​របស់​ព្រះ​កំពុង​សម្រេច​នៅ​ផែន​ដី។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​អ្វី​ៗ​ទាំង​អស់​គឺ​«​ជា​ការ​ល្អ​ប្រពៃ​»។ (​លោកុប្បត្តិ ១:៣១​) ក្រោយ​មក​សាថាន​បាន​បះបោរ ហើយ​ចាប់​ពី​ពេល​នោះ​មក មនុស្ស​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ទេ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រហែល​៨​លាន​នាក់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​គេ​អធិដ្ឋាន​សុំឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី ហើយ​ពួក​គេ​ក៏​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែរ។ ពួក​គេ​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ហើយ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​លោក​ដោយ​ចិត្ត​ខ្នះ​ខ្នែង។

១៦ ជា​ឧទាហរណ៍ សាសនទូត​ម្នាក់​ដែល​មាន​អាយុ​៨០​ឆ្នាំ​នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៨​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ​សុំ​ឲ្យ​យើង​ជួប​មនុស្ស​ទាំង​អស់​ដែល​មាន​លក្ខណៈ​ដូច​ចៀម ហើយ​ជួយ​ពួក​គាត់​ស្គាល់​ព្រះ​យេហូវ៉ា​មុន​នឹង​ហួស​ពេល។ ម្យ៉ាង​ទៀត មុន​ខ្ញុំ​ផ្សព្វ​ផ្សាយ​ដល់​បុគ្គល​ណា​ម្នាក់ ខ្ញុំ​សុំ​ប្រាជ្ញា​ដើម្បី​ឲ្យ​អ្វី​ដែល​ខ្ញុំ​និយាយ​អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​បុគ្គល​នោះ។ ស្តី​អំពី​បុគ្គល​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ដែល​យើង​បាន​រក​ឃើញ​ហើយ ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​លើ​ការ​ខំ​ព្យាយាម​របស់​យើង​ដើម្បី​ថែ​រក្សា​ពួក​គាត់​»។ បង​ស្រី​វ័យ​ចាស់​នេះ​បាន​ជួយ​មនុស្ស​ជា​ច្រើន​រៀន​អំពី​ព្រះ​យេហូវ៉ា។ តើ​អ្នក​អាច​នឹក​ឃើញ​បង​ប្អូន​វ័យ​ចាស់​ឯ​ទៀត​ដែល​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ឬ​ទេ?—សូម​អាន ភីលីព ២:១៧

១៧​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ពេល​អនាគត​ចំពោះ​មនុស្ស​និង​ផែន​ដី?

១៧ ទម្រាំ​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​ដក​សត្រូវ​របស់​លោក​ចេញ​ពី​ផែន​ដី យើង​នឹង​បន្ត​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។ ពេល​នោះ​ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ហើយ​មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក​»។ (​យ៉ូហាន ៥:២៨, ២៩​) សូម​ស្រមៃ​គិត​ថា​យើង​នឹង​សប្បាយ​យ៉ាង​ណា​ពេល​យើង​ទទួល​ស្វាគមន៍​បុគ្គល​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់! ព្រះ​នឹង​«​ជូត​អស់​ទាំង​ទឹក​ភ្នែក​»​ចេញ​ពី​ភ្នែក​របស់​យើង។ (​ការ​បើក​បង្ហាញ ២១:៤​) មនុស្ស​ភាគ​ច្រើន​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ជា​«​មនុស្ស​មិន​សុចរិត​»​ជា​ពួក​អ្នក​ដែល​មិន​បាន​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ យើង​នឹង​រីក​រាយ​បង្រៀន​ពួក​គេ​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ដើម្បី​ពួក​គេ​អាច​មាន​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—សកម្មភាព ២៤:១៥; យ៉ូហាន ១៧:៣

១៨​. តើ​មនុស្សជាតិ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់?

១៨ ពេល​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ហើយ​មនុស្ស​ទាំង​អស់​ក្នុង​សកលលោក​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គី​ភាព។ ព្រះ​នឹង​ផ្ដល់​ឲ្យ​មនុស្សជាតិ​នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់ ពេល​លោក​ធ្វើ​តាម​សំណូម​ពរ​ទាំង​បី​ដំបូង​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិភាក្សា​អំពី​សេចក្ដី​ត្រូវ​ការ​ឯ​ទៀត​ដ៏​សំខាន់​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សុំ​ពី​ព្រះ​យេហូវ៉ា។

a ដើម្បី​យល់​អំពី​មូលហេតុ​ដែល​យើង​ដឹង​ថា​ទំនាយ​នេះ​បាន​សម្រេច​នៅ​ឆ្នាំ​១៩១៤ សូម​មើល​សៀវភៅតើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ទំព័រ​២៤៧​-​២៤៩។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • សេចក្ដី​អធិដ្ឋាន​គំរូ: សេចក្ដី​អធិដ្ឋាន​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​ដើម្បី​បង្រៀន​យើង​អំពី​របៀប​អធិដ្ឋាន។ លោក​មិន​ចង់​ឲ្យ​យើង​ពោល​ពាក្យ​ដដែល​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​នេះ​រាល់​លើក​ដែល​យើង​អធិដ្ឋាន​ទេ ប៉ុន្តែ​លោក​បង្រៀន​យើង​អំពី​អ្វី​ដែល​យើង​គួរ​សុំ​ពី​ព្រះ

  • ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ: យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា។ យើង​មិន​ចង់​ធ្វើ​អ្វី​ឬ​និយាយ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​និយាយ​មិន​ល្អ​អំពី​លោក​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​យ៉ាង​ពេញ​លេញ​នៅ​ពេល​លោក​ដក​ចេញ​នូវ​អស់​អ្នក​ដែល​បង្ខូច​កិត្ដិយស​លោក ហើយ​ដែល​មិន​ចង់​ទទួល​ស្គាល់​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក