បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១០ ទំ. ២១-២៦
  • ចូររំពឹងគិតជានិច្ចអំពីអ្វីៗពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររំពឹងគិតជានិច្ចអំពីអ្វីៗពីព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​អ្នក​សិក្សា
  • អ្វី​ៗ​ដ៏​ល្អ​ដែល​យើង​អាច​រំពឹង​គិត
  • ចូរ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ
  • ហេតុ​អ្វី​ការ​រំពឹង​គិត​គឺ​សំខាន់​ម្ល៉េះ?
  • តើ​តាម​របៀប​ណា​អ្នក​អាច​រក​ពេល?
  • ដើម្បីផ្សព្វផ្សាយដោយខ្នះខ្នែងត្រូវអធិដ្ឋាននិងរំពឹងគិត
    ២០១០ កិច្ចបម្រើព្រះ
  • ចូរ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើអ្នកមានរបៀបគិតគូរដូចព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • របៀបទទួលកម្លាំងចិត្តពីការអានបទគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១០ ទំ. ២១-២៦

ចូរ​រំពឹង​គិត​ជា​និច្ច​អំពី​អ្វី​ៗ​ពី​ព្រះ

​«​ចូរ​សញ្ជឹង​គិត​អំពី​ការ​ទាំង​នេះ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​មាន​ជំនឿន​»។—ធីម៉ូថេ​ទី១ ៤:១៥

ចម្រៀង​លេខ: ២២, ៥២

តើ​អ្នក​គិត​យ៉ាង​ណា?

  • តើ​ការ​រំពឹង​គិត​មាន​ន័យ​យ៉ាង​ណា?

  • តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី​ដ៏​ល្អ​ណា​ខ្លះ?

  • តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ?

១, ២​. តើ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​ខុស​គ្នា​ពី​សត្វ?

ខួរ​ក្បាល​របស់​មនុស្ស​គឺ​ពិសេស​ណាស់។ ជា​ឧទាហរណ៍ មនុស្ស​មាន​សមត្ថភាព​រៀន​ភាសា ហើយ​ភាសា​នោះ​ធ្វើ​ឲ្យ​យើង​ចេះ​អាន ចេះ​សរសេរ ចេះ​និយាយ និង​យល់​អ្វី​ដែល​យើង​ឮ។ ភាសា​ក៏​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​អធិដ្ឋាន​និង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ផង​ដែរ។ អ្វី​ៗ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ខុស​គ្នា​ពី​សត្វ។ អ្នក​វិទ្យា​សាស្ត្រ​មិន​អាច​យល់​យ៉ាង​សព្វ​គ្រប់​អំពី​របៀប​ដែល​ខួរ​ក្បាល​របស់​យើង​អាច​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ​បាន​ឡើយ។

២ សមត្ថភាព​របស់​យើង​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១៣៩:១៤; ការ​បើក​បង្ហាញ ៤:១១​) លោក​ក៏​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អំណោយ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ខុស​គ្នា​ពី​សត្វ​ដែរ។ មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ‹មាន​ភាព​ដូច​ព្រះ›។ យើង​មាន​ចិត្ត​សេរី ពោល​គឺ​សេរី​ភាព​ដើម្បី​សម្រេច​ចិត្ត​ដោយ​ខ្លួន​យើង។ ម្យ៉ាង​ទៀត យើង​អាច​សម្រេច​ចិត្ត​ប្រើ​ភាសា​ដែល​យើង​ចេះ​ដើម្បី​បម្រើ​និង​សរសើរ​ព្រះ​យេហូវ៉ា។—លោកុប្បត្តិ ១:២៦

៣​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ឲ្យ​យើង​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា?

៣ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យើង​អំពី​របៀប​បម្រើ​និង​សរសើរ​លោក ដោយ​ផ្ដល់​គម្ពីរ​ឲ្យ​យើង។ គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​មាន​ជាង​២.៨០០​ភាសា។ នៅ​ពេល​ដែល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង យើង​អាច​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​ព្រះ។ (​ទំនុកតម្កើង ៤០:៥; ៩២:៥; ១៣៩:១៧​) ម្យ៉ាង​ទៀត ពេល​យើង​មាន​គំនិត​ដូច​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា ហើយ​នាំ​យើង​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន ធីម៉ូថេ​ទី២ ៣:១៤​-​១៧

៤​. តើ​ការ​រំពឹង​គិត​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី​ខ្លះ?

៤ ការ​រំពឹង​គិត​គឺ​ជា​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​មួយ ហើយ​គិត​យ៉ាង​ស៊ី​ជម្រៅ​និង​ដិត​ដល់​អំពី​អ្វី​នោះ។ (​ទំនុក​តម្កើង ៧៧:១២; សុភាសិត ២៤:១, ២​) យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពេល​ដែល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ (​យ៉ូហាន ១៧:៣​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ដើម្បី​ងាយ​ស្រួល​រំពឹង​គិត​ជាង តើ​យើង​អាច​អាន​តាម​របៀប​ណា? តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី​ខ្លះ? តើ​អ្វី​អាច​ជួយ​យើង​រំពឹង​គិត​ជា​ទៀង​ទាត់ ហើយ​ចូល​ចិត្ត​រំពឹង​គិត?

ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​អ្នក​សិក្សា

៥, ៦​. តើ​អ្វី​អាច​ជួយ​អ្នក​នឹក​ចាំ​និង​យល់​អ្វី​ដែល​អ្នក​បាន​អាន​ច្រើន​ជាង?

៥ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ថា​មាន​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដោយ​មិន​គិត ដូច​ជា​ដក​ដង្ហើម ដើរ ឬ​ក៏​ជិះ​កង់​ជា​ដើម? គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​អាន​ដោយ​មិន​គិត​សោះ។ យើង​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​គិត​អំពី​រឿង​ផ្សេង​ៗ​កាល​ដែល​យើង​កំពុង​អាន។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង? គឺ​សំខាន់​ណាស់​ដែល​អ្នក​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​កំពុង​អាន ហើយ​គិត​អំពី​អត្ថន័យ​នៃ​អ្វី​ទាំង​នោះ។ បន្ទាប់​មក ពេល​ដែល​អ្នក​អាន​ចប់​វគ្គ​មួយ ឬ​ក៏​អាន​ដល់​ចំណង​ជើង​តូច​មួយ​ទៀត​ក្នុង​សៀវភៅ​មួយ សូម​ផ្អាក​បន្ដិច ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​ទើប​តែ​បាន​អាន។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ពិត​ជា​យល់​អ្វី​ទាំង​នោះ។

ការ​អាន​គម្ពីរ​ដោយ​បញ្ចេញ​សំឡេង​នឹង​ជួយ​អ្នក​ស្រួល​ផ្ដោត​អារម្មណ៍​ជាង​ព្រម​ទាំង​នឹក​ចាំ​អ្វី​ដែល​អ្នក​បាន​អាន​ច្រើន​ជាង

៦ អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា ការ​អាន​ដោយ​បញ្ចេញ​សំឡេង​ធ្វើ​ឲ្យ​យើង​ស្រួល​ចាំ​ជាង​នូវ​អ្វី​ដែល​យើង​អាន។ ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង​ជ្រាប​អំពី​រឿង​នេះ ហេតុ​នេះ​លោក​បាន​ប្រាប់​យ៉ូស្វេ​ឲ្យ​«​នឹក​ជញ្ជឹង​»​អំពី​គម្ពីរ​ក្រឹត្យ​វិន័យ ឬ​ពាក្យ​ភាសា​ហេប្រឺ​នៅ​បទ​គម្ពីរ​នេះ​ក៏​អាច​បក​ប្រែ​ដែរ​ថា​«​អាន​ដោយ​បញ្ចេញ​សំឡេង​តិច​ៗ​»​ដើម្បី​ឲ្យ​ខ្លួន​ឮ។ (​សូម​អាន យ៉ូស្វេ ១:៨​) ការ​អាន​គម្ពីរ​ដោយ​បញ្ចេញ​សំឡេង​ក៏​នឹង​ជួយ​អ្នក​ស្រួល​ផ្ដោត​អារម្មណ៍​ជាង ព្រម​ទាំង​នឹក​ចាំ​អ្វី​ដែល​អ្នក​បាន​អាន​ច្រើន​ជាង​ដែរ។

៧​. តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ដើម្បី​រំពឹង​គិត​អំពី​គម្ពីរ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៧ យើង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រំពឹង​គិត​និង​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​យើង​រៀន។ ហេតុ​នេះ គឺ​ជា​ការ​ល្អ​បំផុត​ដែល​អ្នក​រំពឹង​គិត​នៅ​ពេល​ដែល​អ្នក​មិន​អស់​កម្លាំង ហើយ​នៅ​កន្លែង​ស្ងប់​ស្ងាត់​ដែល​គ្មាន​អ្វី​ៗ​ជា​ច្រើន​អាច​បំបែរ​អារម្មណ៍​របស់​អ្នក។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​បាន​រំពឹង​គិត​កាល​ដែល​គាត់​នៅ​លើ​គ្រែ​នៅ​ពេល​យប់។ (​ទំនុក​តម្កើង ៦៣:៦​) លោក​យេស៊ូ​ដែល​ជា​បុគ្គល​ល្អ​ឥត​ខ្ចោះ​បាន​ជ្រើស​រើស​កន្លែង​ដែល​ស្ងាត់​ដើម្បី​រំពឹង​គិត​និង​អធិដ្ឋាន។—លូកា ៦:១២

អ្វី​ៗ​ដ៏​ល្អ​ដែល​យើង​អាច​រំពឹង​គិត

៨​. (​ក​) តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក?

៨ បន្ថែម​ពី​លើ​អ្វី​ដែល​អ្នក​អាន​ក្នុង​គម្ពីរ មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​រំពឹង​គិត។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​អ្នក​ឃើញ​អ្វី​មួយ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត អ្នក​អាច​ឈប់​បន្ដិច ហើយ​សួរ​ខ្លួន​ថា ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?›។ ការ​គិត​បែប​នេះ​ច្បាស់​ជា​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត បើ​អ្នក​នៅ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត អ្នក​នឹង​ចង់​ប្រាប់​ពួក​គេ​អំពី​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១០៤:២៤; សកម្មភាព ១៤:១៧​) ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់ ហើយ​ពេញ​ចិត្ត​ពេល​ដែល​យើង​រំពឹង​គិត អធិដ្ឋាន ហើយ​និយាយ​គ្នា​អំពី​លោក។ គម្ពីរ​ធានា​ថា​៖ ​«​សៀវភៅ​រំឭក​បាន​កត់​ទុក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​សំ​រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ​នាម​ទ្រង់​»។—ម៉ាឡាគី ៣:១៦

៩​. (​ក​) តើ​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​រំពឹង​គិត​អំពី​អ្វី​ខ្លះ? (​ខ​) តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី​ខ្លះ​ពេល​ដែល​យើង​រៀប​ចំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

៩ សាវ័ក​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​រំពឹង​គិត​អំពី​ឥទ្ធិពល​នៃ​ការ​និយាយ ការ​ប្រព្រឹត្ត និង​ការ​បង្រៀន​របស់​គាត់​ទៅ​លើ​អ្នក​ឯ​ទៀត។ (​សូម​អាន ធីម៉ូថេ​ទី១ ៤:១២​-​១៦​) អ្នក​ក៏​អាច​រំពឹង​គិត​អំពី​អ្វី​ទាំង​នោះ​ផង​ដែរ។ ជា​ឧទាហរណ៍ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រំពឹង​គិត​ពេល​ដែល​យើង​រៀប​ចំ​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ។ សូម​គិត​អំពី​សិស្ស​គម្ពីរ​របស់​អ្នក ហើយ​ព្យាយាម​ស្វែង​រក​សំណួរ​មួយ ឬ​ក៏​ឧទាហរណ៍មួយ​ដែល​នឹង​ជួយ​គាត់​ឲ្យ​រីក​ចម្រើន។ ពេល​ដែល​អ្នក​រៀប​ចំ​បង្រៀន​សិស្ស​គម្ពីរ​របស់​អ្នក​ដោយ​ធ្វើ​បែប​នេះ ជំនឿ​របស់​អ្នក​នឹង​ត្រូវ​ពង្រឹង ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​គម្ពីរ​ដែល​កាន់​តែ​ល្អ​ប្រសើរ​និង​ខ្នះ​ខ្នែង​ជាង។ អ្នក​ក៏​នឹង​ទទួល​ប្រយោជន៍​ផង​ដែរ​ពេល​ដែល​អ្នក​រំពឹង​គិត​មុន​ពេល​អ្នក​ចេញ​ទៅ​ផ្សព្វ​ផ្សាយ។ (​សូម​អាន អែសរ៉ា ៧:១០​) អ្នក​ប្រហែល​ជា​អាច​អាន​ជំពូក​មួយ​ពី​សៀវភៅ​សកម្មភាព​ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​ខំ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ។ អ្នក​ក៏​អាច​រំពឹង​គិត​អំពី​ខ​គម្ពីរ​ខ្លះ​ដែល​អ្នក​ចង់​ប្រើ​ពេល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នោះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​អ្នក​ចង់​ស្នើ​ផ្ដល់។ (​ធីម៉ូថេ​ទី២ ១:៦​) សូម​គិត​អំពី​មនុស្ស​ក្នុង​តំបន់​ផ្សាយ​និង​អ្វី​ដែល​អ្នក​អាច​និយាយ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍។ នៅ​ពេល​ដែល​អ្នក​រៀប​ចំ​ដូច​នេះ អ្នក​នឹង​អាច​ប្រើ​គម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។—កូរិនថូស​ទី១ ២:៤

ទុក​ឲ្យ​អ្វី​ដែល​អ្នក​អាន​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​អ្នក ហើយ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ដ៏​ល្អ​ដែល​អ្នក​កំពុង​រៀន

១០​. តើ​យើង​អាច​រំពឹង​គិត​អំពី​អ្វី​ដ៏​ល្អ​ណា​ខ្លះ​ទៀត?

១០ តើ​អ្នក​អាច​រំពឹង​គិត​អំពី​អ្វី​ទៀត? បើ​អ្នក​កត់​កំណត់​ក្នុង​អំឡុង​សុន្ទរកថា​សាធារណៈ សន្និបាត និង​មហា​សន្និបាត សូម​ចំណាយ​ពេល​ដើម្បី​ពិនិត្យ​កំណត់​នោះ​ឡើង​វិញ។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​ពី​បណ្ដាំ​របស់​ព្រះ និង​ពី​អង្គ​ការ​របស់​លោក?›។ អ្នក​ក៏​អាច​រំពឹង​គិត​អំពី​ព័ត៌មាន​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​ចេញ​ជា​រៀង​រាល់​ខែ ព្រម​ទាំង​សៀវភៅ​ថ្មី​ៗ​ដែល​ចេញ​នៅ​មហា​សន្និបាត។ ពេល​ដែល​អ្នក​អាន​បទ​ពិសោធន៍​ផ្សេង​ៗ សូម​ផ្អាក​បន្ដិច​ដើម្បី​គិត ហើយ​ឲ្យ​ព័ត៌មាន​នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​អ្នក។ ពេល​ដែល​អ្នក​អាន​សៀវភៅ​ផ្សេង​ៗ​របស់​យើង អ្នក​ប្រហែល​ជា​ចង់​គូស​ចំណាំ​នូវ​គំនិត​សំខាន់​ៗ ឬ​ក៏​កត់​កំណត់​មួយ​ចំនួន​នៅ​រឹម​ទំព័រ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​អ្នក​កាល​ដែល​អ្នក​រៀប​ចំ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប រៀប​ចំ​ទៅ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល ឬ​ក៏​រៀប​ចំ​សុន្ទរកថា​មួយ។ សំខាន់​បំផុត ពេល​អ្នក​ផ្អាក​និង​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន អ្នក​ទុក​ពេល​ឲ្យ​ព័ត៌មាន​ទាំង​នោះ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​អ្នក ហើយ​ទុក​ពេល​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ដ៏​ល្អ​ដែល​អ្នក​កំពុង​រៀន។

ចូរ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ

១១​. តើ​សៀវភៅ​មួយ​ណា​ជា​សៀវភៅ​ដ៏​សំខាន់​បំផុត​ដែល​យើង​គួរ​តែ​រំពឹង​គិត ហើយ​តើ​តាម​របៀប​ណា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើង?

១១ គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​សំខាន់​បំផុត​ដែល​យើង​គួរ​តែ​រំពឹង​គិត។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ថ្ងៃ​ណា​មួយ​អ្នក​ត្រូវ​គេ​ហាម​មិន​ឲ្យ​មាន​គម្ពីរ​ទៀត? គ្មាន​អ្នក​ណា​ម្នាក់​អាច​ឃាត់​អ្នក​មិន​ឲ្យ​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​នឹក​ចាំ​នោះ​ទេ ដូច​ជា​ខ​គម្ពីរ ឬ​ក៏​ចម្រៀង​រាជាណាចក្រ​មួយ​ចំនួន​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ​ជា​ដើម។ (​សកម្មភាព ១៦:២៥​) ម្យ៉ាង​ទៀត សកម្មពល​របស់​ព្រះ​នឹង​ជួយ​អ្នក​នឹក​ចាំ​អ្វី​ដែល​អ្នក​ធ្លាប់​រៀន ហើយ​នេះ​នឹង​ជួយ​អ្នក​រក្សា​ភាព​ស្មោះ​ត្រង់។—យ៉ូហាន ១៤:២៦

១២​. តើ​អ្វី​ជា​វិធី​មួយ​ដែល​អ្នក​អាច​រៀប​ចំ​កាល​វិភាគ​សម្រាប់​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ?

១២ តើ​អ្វី​ជា​វិធី​មួយ​ដែល​អ្នក​អាច​រៀប​ចំ​កាល​វិភាគ​សម្រាប់​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ? រាល់​សប្ដាហ៍ នៅ​ថ្ងៃ​ខ្លះ​អ្នក​ប្រហែល​ជា​អាច​អាន​និង​រំពឹង​គិត​អំពី​អំណាន​គម្ពីរប្រចាំ​សប្ដាហ៍​សម្រាប់​សាលា​កិច្ច​បម្រើ​ផ្សាយ។ នៅ​ថ្ងៃ​ផ្សេង​ទៀត អ្នក​អាច​អាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​អ្វី​ដែល​លោក​បាន​ធ្វើ។ (​រ៉ូម ១០:១៧; ហេប្រឺ ១២:២; ពេត្រុស​ទី១ ២:២១​) យើង​ក៏​មាន​សៀវភៅ​មួយ​ដែល​រៀប​រាប់​ជា​លំដាប់​លំដោយ​អំពី​ព្រឹត្ដិការណ៍​នៃ​ជីវិត​របស់​លោក​យេស៊ូ​ដែរ។ សៀវភៅ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​ការ​អាន​សៀវភៅ​ដំណឹង​ល្អ។—យ៉ូហាន ១៤:៦

ហេតុ​អ្វី​ការ​រំពឹង​គិត​គឺ​សំខាន់​ម្ល៉េះ?

១៣, ១៤​. ហេតុ​អ្វី​ការ​បន្ត​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គឺ​សំខាន់​ម្ល៉េះ​សម្រាប់​យើង ហើយ​តើ​ការ​ធ្វើ​បែប​នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៣ ការ​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អាច​ជួយ​បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ហើយ​ជួយ​គាត់​រក្សា​ជំនឿ​មាំ​មួន។ (​ហេប្រឺ ៥:១៤; ៦:១​) បុគ្គល​ម្នាក់​ដែល​មិន​សូវ​ចំណាយ​ពេល​គិត​អំពី​ព្រះ​យេហូវ៉ា​នឹង​បាត់​បង់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​លោក​បន្ដិច​ម្ដង​ៗ ឬ​នៅ​ទី​បំផុត​គាត់​ថែម​ទាំង​បដិសេធ​លោក​ទៀត​ផង។ (​ហេប្រឺ ២:១; ៣:១២​) លោក​យេស៊ូ​បាន​ព្រមាន​ថា បើ​យើង​មិន​ស្ដាប់ ឬ​ទទួល​យក​បណ្ដាំ​របស់​ព្រះ​ដោយ​«​មាន​ចិត្ត​ល្អ​ដែល​ប្រកប​ដោយ​គុណធម៌​»​ យើង​នឹង​មិន​«​រក្សា​ទុក​»​នូវ​បណ្ដាំ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ‹ការ​ខ្វល់​ខ្វាយ ទ្រព្យ​សម្បត្ដិ និង​ការ​សប្បាយ​នៃ​ជីវិត​នេះ​អាច​ទាញ​បំបែរ​អារម្មណ៍›របស់​យើង​យ៉ាង​ងាយ​ស្រួល។—លូកា ៨:១៤, ១៥

១៤ ដូច្នេះ សូម​យើង​បន្ត​រំពឹង​គិត​អំពី​គម្ពីរ ហើយ​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​បែប​នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​មាន​គុណ​សម្បត្ដិ​និង​បុគ្គលិក​លក្ខណៈ​ដូច​លោក​កាន់​តែ​ច្រើន។ (​កូរិនថូស​ទី២ ៣:១៨​) យើង​អាច​បន្ត​រៀន​ថែម​ទៀត​អំពី​បិតា​របស់​យើង​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​យក​តម្រាប់​លោក​ជា​រៀង​រហូត។ គ្មាន​ឯកសិទ្ធិ​ណា​ដែល​អស្ចារ្យ​ជាង​នេះ​ឡើយ!—សាស្ដា ៣:១១

ការ​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ជួយ​អ្នក​រក្សា​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​សេចក្ដី​ពិត

១៥, ១៦​. (​ក​) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ? (​ខ​) ហេតុ​អ្វី​ពេល​ខ្លះ​យើង​ប្រហែល​ជា​ពិបាក​រំពឹង​គិត ប៉ុន្តែ​ហេតុ​អ្វី​យើង​គួរ​បន្ត​ព្យាយាម?

១៥ ការ​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ជួយ​អ្នក​រក្សា​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​សេចក្ដី​ពិត។ ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​នឹង​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ព្រម​ទាំង​មនុស្ស​ដែល​អ្នក​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក​ដោយ​ផ្ដល់​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ នោះ​អ្នក​នឹង​បន្ត​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​របស់​អ្នក​ជា​មួយ​នឹង​ព្រះ។ (​រ៉ូម ៣:២៤; យ៉ាកុប ៤:៨​) នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បង​ប្រុស​ម៉ាក​ដែល​បាន​ជាប់​គុក​អស់​បី​ឆ្នាំ​ដោយ​សារ​ជំនឿ​របស់​គាត់​បាន​និយាយ​ថា​៖ ​«​ការ​រំពឹង​គិត​អាច​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ កាល​ដែល​យើង​រំពឹង​គិត​កាន់​តែ​ច្រើន​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ព្រះ យើង​នឹង​កាន់​តែ​រក​ឃើញ​អ្វី​ថ្មី​ៗ​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ នៅ​ពេល​ខ្លះ ពេល​ខ្ញុំ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បន្ដិច​បន្តួច​ឬ​ខ្វល់​អំពី​អនាគត ខ្ញុំ​យក​គម្ពីរ​មក ហើយ​រំពឹង​គិត​អំពី​ខ​គម្ពីរ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​ធ្វើ​បែប​នេះ​ពិត​ជា​នាំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្ងប់​»។

១៦ ជីវិត​ក្នុង​ពិភព​លោក​នេះ​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​បំបែរ​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​ពិបាក​ស្វែង​រក​ពេល​ដើម្បី​រំពឹង​គិត​អំពី​គម្ពីរ។ បង​ប្រុស​ផាទ្រីក​ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​បាន​និយាយ​ថា ព័ត៌មាន​ផ្សេង​ៗ​ជា​ច្រើន​បាន​ចូល​ក្នុង​គំនិត​របស់​គាត់ មាន​ទាំង​ព័ត៌មាន​ដែល​គាត់​ត្រូវ​ការ​និង​មិន​ត្រូវ​ការ ហេតុ​នេះ​ជា​រៀង​រាល់​ថ្ងៃ​គាត់​ត្រូវ​បែង​ចែក​ព័ត៌មាន​ទាំង​នោះ។ គាត់​បាន​និយាយ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​ស្វែង​យល់​គំនិត​របស់​ខ្ញុំ ខ្ញុំ​ច្រើន​តែ​ឃើញ​ថា​ខ្ញុំ​មាន‹គំនិត​សាន់វ័ណ្ឌ› ហើយ​ខ្ញុំ​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​ទាំង​នោះ មុន​ពេល​ដែល​ខ្ញុំ​អាច​រំពឹង​គិត​ដោយ​មាន​អារម្មណ៍​ស្រឡះ​ល្អ។ ទោះ​បី​ជា​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​វេលា​បន្ដិច​បន្តួច​មុន​នឹង​ខ្ញុំ​អាច​ចាប់​ផ្ដើម​រំពឹង​គិត​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​បើក​ចិត្ត​គំនិត​របស់​ខ្ញុំ​ឲ្យ​យល់​សេចក្ដី​ពិត​កាន់​តែ​ច្បាស់​»។ (​ទំនុក​តម្កើង ៩៤:១៩​) យើង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។—សកម្មភាព ១៧:១១

តើ​តាម​របៀប​ណា​អ្នក​អាច​រក​ពេល?

១៧​. តើ​តាម​របៀប​ណា​អ្នក​អាច​រក​ពេល​ដើម្បី​រំពឹង​គិត?

១៧ បុគ្គល​ខ្លះ​ភ្ញាក់​ពី​ព្រលឹម​ដើម្បី​អាន​គម្ពីរ រំពឹង​គិត និង​អធិដ្ឋាន។ អ្នក​ឯ​ទៀត​ធ្វើ​បែប​នេះ​នៅ​ពេល​សម្រាក​ថ្ងៃ​ត្រង់។ ចំពោះ​អ្នក ប្រហែល​ជា​ពេល​ដែល​ល្អ​បំផុត​ដើម្បី​អាន​គម្ពីរ​គឺ​នៅ​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​ដំណេក។ អ្នក​ខ្លះ​ចូល​ចិត្ត​អាន​គម្ពីរ​នៅ​ពេល​ព្រឹក ហើយ​អាន​ម្ដង​ទៀត​មុន​ចូល​ដំណេក។ (​យ៉ូស្វេ ១:៨​) អ្វី​ដែល​សំខាន់​គឺ​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​ ពោល​គឺ​យក​ពេល​ដែល​អ្នក​ទុក​សម្រាប់​ធ្វើ​អ្វី​ដែល​មិន​សូវ​សំខាន់ ទៅ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។—អេភេសូរ ៥:១៥, ១៦

១៨​. តើ​គម្ពីរ​សន្យា​អ្វី​ចំពោះ​អ្នក​ដែល​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន?

១៨ គម្ពីរ​សន្យា​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​រំពឹង​គិត​អំពី​បណ្ដាំ​របស់​លោក​ហើយ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន។ (​សូម​អាន ទំនុក​តម្កើង ១:១​-​៣​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។ (​លូកា ១១:២៨​) ប៉ុន្តែ​សំខាន់​បំផុត ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​ការ​សរសើរ។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ដល់​យើង ពោល​គឺ​សុភមង្គល​នៅ​ឥឡូវ​នេះ និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពិភព​លោក​ថ្មី​របស់​លោក។—យ៉ាកុប ១:២៥; ការ​បើក​បង្ហាញ ១:៣

ការ​ពន្យល់​ពាក្យ​ខ្លះ

  • រំពឹង​គិត​អំពី​អ្វី​ៗ​ពី​ព្រះ: គឺ​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​អ្វី​មួយ​ដែល​ព្រះ​បាន​បង្កើត​ដែល​អ្នក​បាន​ឃើញ ឬ​អំពី​អ្វី​ដែល​អ្នក​អាន​ក្នុង​គម្ពីរ ឬ​ក៏​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ អ្នក​ស្វែង​យល់​ថា​អ្វី​នោះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ របៀប​ដែល​អ្នក​អាច​យក​តម្រាប់​លោក​ទាំង​ពីរ និង​របៀប​ដែល​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក