តើអ្នក«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»ឬទេ?
«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។—ម៉ាថាយ ២២:៣៩
១, ២. តើបទគម្ពីរបង្ហាញយ៉ាងណាអំពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់?
សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិសំខាន់ចម្បងរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី១ ៤:១៦) ព្រះបានបង្កើតលោកយេស៊ូគ្រិស្តមុនអ្វីៗទាំងអស់ ហើយលោកយេស៊ូបានចំណាយពេលរាប់ពាន់លានឆ្នាំនៅស្ថានសួគ៌ជាមួយនឹងបិតាលោក ហើយបានឃើញថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង។ (កូឡុស ១:១៥) ក្នុងជីវិតលោកយេស៊ូ ទាំងនៅស្ថានសួគ៌ទាំងនៅផែនដី លោកបានបង្ហាញសេចក្ដីស្រឡាញ់ដូចបិតាលោក។ ដូច្នេះ យើងអាចជឿជាក់ថាព្រះយេហូវ៉ានិងលោកយេស៊ូនឹងគ្រប់គ្រងដោយសេចក្ដីស្រឡាញ់ជានិច្ច។
២ ពេលបុគ្គលម្នាក់បានសួរលោកយេស៊ូថាបញ្ញត្ដិមួយណាសំខាន់ជាងគេ លោកយេស៊ូបានមានប្រសាសន៍ថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។ បញ្ញត្ដិសំខាន់ទីពីរក៏ស្រដៀងនឹងនេះដែរ គឺ៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។—ម៉ាថាយ ២២:៣៧-៣៩
៣. តើអ្នកណាជា«អ្នកជិតខាង»យើង?
៣ ក្នុងទំនាក់ទំនងទាំងអស់របស់យើងគឺជាការសំខាន់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងផងដែរ។ ប៉ុន្តែ តើអ្នកណាគឺជា«អ្នកជិតខាង»យើង? បើយើងបានរៀបការហើយ អ្នកជិតខាងដែលជិតស្និទ្ធបំផុតគឺប្ដីឬប្រពន្ធរបស់យើង។ អ្នកជិតខាងយើងក៏រួមបញ្ចូលបងប្អូនក្នុងក្រុមជំនុំដែរ ព្រមទាំងមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងយើង។
ចូរស្រឡាញ់គូអាពាហ៍ពិពាហ៍របស់អ្នក
៤. តើតាមរបៀបណាអាពាហ៍ពិពាហ៍អាចបានជោគជ័យ ទោះជាមនុស្សមានភាពខុសឆ្គងក៏ដោយ?
៤ ព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា ហើយបានផ្សំផ្គុំពួកគេ។ នោះជាអាពាហ៍ពិពាហ៍ដំបូង។ ព្រះចង់ឲ្យពួកគេមានអាពាហ៍ពិពាហ៍ដ៏សប្បាយ ហើយចង់ឲ្យពួកគេបង្កើតកូនឲ្យមានពាសពេញផែនដី។ (លោកុប្បត្តិ ១:២៧, ២៨) ប៉ុន្តែ ក្រោយពីពួកគេមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ចំណងអាពាហ៍ពិពាហ៍របស់ពួកគេលែងល្អដូចពីមុនទៀត ហើយភាពខុសឆ្គងនិងសេចក្ដីស្លាប់បានឆ្លងដល់យើងទាំងអស់គ្នា។ (រ៉ូម ៥:១២) ទោះជាយ៉ាងនោះក៏ដោយ ចំណងអាពាហ៍ពិពាហ៍អាចបានជោគជ័យនៅសព្វថ្ងៃនេះ។ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍បានឲ្យឱវាទដ៏ល្អបំផុតសម្រាប់ប្ដីប្រពន្ធ។—សូមអាន ធីម៉ូថេទី២ ៣:១៦, ១៧
ព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើជាប្រមុខដែលបង្ហាញសេចក្ដីស្រឡាញ់
៥. តើសេចក្ដីស្រឡាញ់គឺសំខាន់យ៉ាងណាក្នុងចំណងអាពាហ៍ពិពាហ៍?
៥ គម្ពីរបញ្ជាក់ថាសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅនិងជ្រាលជ្រៅគឺសំខាន់ចាំបាច់ដើម្បីមានទំនាក់ទំនងដែលមានសុភមង្គល ហើយគឺច្បាស់ជាដូច្នេះចំពោះចំណងអាពាហ៍ពិពាហ៍។ សាវ័កប៉ូលបានរៀបរាប់អំពីសេចក្ដីស្រឡាញ់ដ៏ស្មោះពេលដែលគាត់បាននិយាយថា៖ «សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង មិនប្រព្រឹត្តឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត។ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត។ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីៗទាំងអស់ ជឿអ្វីៗទាំងអស់ សង្ឃឹមលើអ្វីៗទាំងអស់ ស៊ូទ្រាំនឹងអ្វីៗទាំងអស់។ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។ (កូរិនថូសទី១ ១៣:៤-៨) ពេលយើងគិតអំពីពាក្យសម្ដីរបស់ប៉ូល ហើយធ្វើតាមពាក្យទាំងនោះ យើងអាចមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។
៦, ៧. (ក) តើគម្ពីរចែងយ៉ាងណាអំពីប្រមុខភាព? (ខ) តើប្ដីដែលជាគ្រិស្តសាសនិកត្រូវប្រព្រឹត្តយ៉ាងណាចំពោះប្រពន្ធរបស់គាត់?
៦ ព្រះយេហូវ៉ាបានសម្រេចចិត្តអំពីអ្នកណាគួរធ្វើជាប្រមុខគ្រួសារ។ ប៉ូលបានពន្យល់ថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ»។ (កូរិនថូសទី១ ១១:៣) ប៉ុន្តែ ព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើជាប្រមុខដែលបង្ហាញសេចក្ដីស្រឡាញ់ គាត់មិនត្រូវឃោរឃៅឬគ្មានមេត្ដាទាល់តែសោះ។ ព្រះយេហូវ៉ាគឺជាប្រមុខដែលសប្បុរសនិងមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន។ ជាលទ្ធផល លោកយេស៊ូគោរពសិទ្ធិអំណាចរបស់ព្រះដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌»។ (យ៉ូហាន ១៤:៣១) លោកយេស៊ូច្បាស់ជាមិនមានអារម្មណ៍ដូច្នេះទេ បើព្រះយេហូវ៉ាបានប្រព្រឹត្តដោយឥតមេត្ដាចំពោះលោក។
៧ ទោះបីប្ដីគឺជាប្រមុខរបស់ប្រពន្ធក៏ដោយ គម្ពីរប្រាប់គាត់ឲ្យផ្ដល់កិត្ដិយសដល់នាង។ (ពេត្រុសទី១ ៣:៧) តើប្ដីអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គាត់អាចពិចារណាអំពីសេចក្ដីត្រូវការរបស់ប្រពន្ធ ហើយយល់អំពីចំណង់ចំណូលចិត្តរបស់នាងនិងខំព្យាយាមធ្វើតាម។ គម្ពីរចែងថា៖ «ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ»។ (អេភេសូរ ៥:២៥) ពិតមែន លោកយេស៊ូថែមទាំងបានលះបង់ជីវិតដើម្បីអ្នកកាន់តាមលោក។ ពេលប្ដីធ្វើជាប្រមុខដែលមានសេចក្ដីស្រឡាញ់ដូចលោកយេស៊ូ នោះនឹងងាយស្រួលជាងឲ្យប្រពន្ធរបស់គាត់ស្រឡាញ់និងគោរពគាត់ ព្រមទាំងគោរពការសម្រេចចិត្តរបស់គាត់។—សូមអាន ទីតុស ២:៣-៥
ចូរស្រឡាញ់បងប្អូនរួមជំនឿ
៨. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនរបស់យើង?
៨ សព្វថ្ងៃនេះ មនុស្សរាប់លាននាក់ទូទាំងផែនដីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគាត់គឺជាបងប្អូនរួមជំនឿរបស់យើង។ តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះពួកគាត់? គម្ពីរចែងថា៖ «ចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង»។ (កាឡាទី ៦:១០; សូមអាន រ៉ូម ១២:១០) សាវ័កពេត្រុសបានសរសេរថា ការ«ស្ដាប់បង្គាប់សេចក្ដីពិត»គួរតែនាំឲ្យមាន‹ការស្រឡាញ់គ្នាយ៉ាងស្មោះជាបងប្អូន›។ ពេត្រុសក៏បានប្រាប់គ្រិស្តសាសនិកឯទៀតដែរថា៖ «ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង»។—ពេត្រុសទី១ ១:២២; ៤:៨
៩, ១០. ហេតុអ្វីរាស្ត្ររបស់ព្រះមានសាមគ្គីភាព?
៩ អង្គការរបស់យើងនៅទូទាំងពិភពលោកគឺជាអ្វីដ៏ពិសេស។ ហេតុអ្វី? ដោយសារយើងមានសេចក្ដីស្រឡាញ់ដ៏ស្មោះនិងជ្រាលជ្រៅចំពោះបងប្អូនរបស់យើង។ សំខាន់ជាងនេះទៅទៀត ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងធ្វើតាមច្បាប់របស់លោក នោះលោកគាំទ្រយើងដោយថាមពលដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក ពោលគឺសកម្មពលបរិសុទ្ធរបស់លោក។ សកម្មពលរបស់ព្រះជួយយើងឲ្យមានសាមគ្គីភាពពិតជាមួយនឹងបងប្អូនរួមជំនឿទូទាំងពិភពលោក។—សូមអាន យ៉ូហានទី១ ៤:២០, ២១
១០ ប៉ូលបានបញ្ជាក់អំពីភាពចាំបាច់នៃសេចក្ដីស្រឡាញ់ក្នុងចំណោមគ្រិស្តសាសនិក ពេលគាត់បានសរសេរថា៖ «ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្តរាបទាប ចិត្តស្លូតបូត និងចិត្តធ្ងន់។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ។ ប៉ុន្តែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡុស ៣:១២-១៤) យើងសប្បាយណាស់ដោយសារសេចក្ដីស្រឡាញ់ដែលជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ» មាននៅក្នុងចំណោមយើង ទោះជាយើងមកពីប្រទេសណាក៏ដោយ!
សេចក្ដីស្រឡាញ់និងសាមគ្គីភាពបញ្ជាក់ថាសាក្សីព្រះយេហូវ៉ាគឺជាអ្នកកាន់តាមពិតរបស់គ្រិស្ត ដែលជាមនុស្សដែលព្រះកំពុងប្រើដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅទូទាំងពិភពលោក
១១. តើអ្វីបញ្ជាក់ថានេះជាអង្គការរបស់ព្រះ?
១១ សេចក្ដីស្រឡាញ់ដ៏ស្មោះនិងសាមគ្គីភាពរបស់អ្នកបម្រើព្រះយេហូវ៉ាបញ្ជាក់ថាពួកគេគឺជាអ្នកដែលកាន់សាសនាពិត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៤, ៣៥) ម្យ៉ាងទៀត សាវ័កយ៉ូហានបានសរសេរថា៖ «យើងអាចសម្គាល់កូនរបស់ព្រះ និងកូនរបស់មេកំណាចបាន ដោយសេចក្ដីនេះឯង គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត ឬមិនស្រឡាញ់បងប្អូនខ្លួន អ្នកនោះមិនកើតមកពីព្រះទេ។ ព្រោះថា នេះជាបណ្ដាំដែលអ្នករាល់គ្នាបានឮពីដើមដំបូងថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហានទី១ ៣:១០, ១១) សេចក្ដីស្រឡាញ់និងសាមគ្គីភាពបញ្ជាក់ថាសាក្សីព្រះយេហូវ៉ាគឺជាអ្នកកាន់តាមពិតរបស់គ្រិស្ត ដែលជាមនុស្សដែលព្រះកំពុងប្រើដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤
ការប្រមូល«មនុស្សមួយក្រុមធំ»
១២, ១៣. តើ«មនុស្សមួយក្រុមធំ»កំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ ហើយនៅអនាគតឆាប់ៗខាងមុខនេះ តើអ្វីនឹងកើតឡើងដល់ពួកគេ?
១២ អ្នកបម្រើព្រះយេហូវ៉ាភាគច្រើននៅសព្វថ្ងៃនេះ គឺជាសមាជិក«មនុស្សមួយក្រុមធំ»ដែលមកពីកន្លែងផ្សេងៗក្នុងពិភពលោកនេះ ហើយពួកគេបង្ហាញការគាំទ្រចំពោះរាជាណាចក្រព្រះ។ ពួកគេ«គឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម» ដោយបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ «មនុស្សមួយក្រុមធំ»ស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោក ហើយពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ទាំងយប់ទាំងថ្ងៃ»។—ការបើកបង្ហាញ ៧:៩, ១៤, ១៥
១៣ មិនយូរទៀត ព្រះនឹងបំផ្លាញចោលពិភពលោកដ៏អាក្រក់នេះក្នុងគ្រា«ទុក្ខវេទនាជាខ្លាំង»។ (ម៉ាថាយ ២៤:២១; សូមអាន យេរេមា ២៥:៣២, ៣៣) ប៉ុន្តែ ព្រះយេហូវ៉ានឹងការពារ ហើយដឹកនាំអ្នកបម្រើលោកឲ្យចូលក្នុងពិភពលោកថ្មីរបស់លោក ព្រោះលោកស្រឡាញ់ពួកគេ។ ដូចលោកបានសន្យាជិត២០០០ឆ្នាំមុនថា៖ «លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។ តើអ្នកទន្ទឹងរង់ចាំជីវិតក្នុងសួនឧទ្យាន ក្រោយពីលែងមានអំពើអាក្រក់ ទុក្ខវេទនា និងសេចក្ដីស្លាប់ឬទេ?—ការបើកបង្ហាញ ២១:៤
១៤. សព្វថ្ងៃនេះ តើមនុស្សមួយក្រុមធំមានគ្នាប៉ុន្មាននាក់?
១៤ នៅពេលដែលគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមក្នុងឆ្នាំ១៩១៤ មានអ្នកបម្រើរបស់ព្រះតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។ ដោយសារពួកគាត់ស្រឡាញ់អ្នកជិតខាងនិងដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ ក្រុមតូចនោះនៃបងប្អូនដែលព្រះបានរើសតាំង បានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ទោះជាមានការពិបាកផ្សេងៗក៏ដោយ។ តើនេះមានលទ្ធផលយ៉ាងណា? សព្វថ្ងៃនេះ មនុស្សមួយក្រុមធំដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីកំពុងត្រូវប្រមូល។ មានសាក្សីប្រហែលជា៨.០០០.០០០នាក់នៅក្នុងក្រុមជំនុំជាង១១៥.៤០០ទូទាំងពិភពលោក ហើយចំនួននេះបន្តកើនឡើង។ ជាឧទាហរណ៍ មានសាក្សីថ្មីជាង២៧៥.៥០០នាក់បានទទួលការជ្រមុជទឹកនៅឆ្នាំកិច្ចបម្រើ២០១៤។ នេះមានន័យថាមនុស្សជិត៥.៣០០នាក់បានទទួលការជ្រមុជទឹកជារៀងរាល់សប្ដាហ៍។
១៥. តើមនុស្សជាច្រើននាក់នៅសព្វថ្ងៃនេះឮអំពីដំណឹងល្អយ៉ាងដូចម្ដេច?
១៥ គឺពិតជាអស្ចារ្យមែនពេលឃើញថាមនុស្សជាច្រើននាក់បានឮដំណឹងល្អអំពីរាជាណាចក្រព្រះ។ សព្វថ្ងៃនេះ សៀវភៅផ្សេងៗរបស់យើងមានជាង៧០០ភាសា។ ទស្សនាវដ្ដីប៉មយាមគឺជាទស្សនាវដ្ដីដែលបានត្រូវចែកចាយច្រើនជាងគេបំផុតក្នុងពិភពលោក។ ទស្សនាវដ្ដីប៉មយាមជាង៥២.០០០.០០០ក្បាលបានត្រូវបោះពុម្ពជារៀងរាល់ខែ ហើយទស្សនាវដ្ដីនោះបានត្រូវចែកចាយជា២៤៧ភាសា។ ម្យ៉ាងទៀត សៀវភៅសិក្សារបស់យើងតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បានត្រូវបកប្រែជាង២៥០ភាសា។ រហូតមកដល់សព្វថ្ងៃនេះ សៀវភៅនេះបានត្រូវបោះពុម្ពជាង២០០លានក្បាល។
១៦. ហេតុអ្វីអង្គការរបស់ព្រះយេហូវ៉ាបន្តរីកចម្រើន?
១៦ អង្គការរបស់យើងបន្តរីកចម្រើនដោយសារយើងមានជំនឿលើព្រះ ហើយទទួលស្គាល់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ។ (ថែស្សាឡូនិចទី១ ២:១៣) យើងបន្តទទួលពរពីព្រះយេហូវ៉ា ទោះជាសាថានស្អប់និងប្រឆាំងយើងក៏ដោយ។—កូរិនថូសទី២ ៤:៤
ចូរស្រឡាញ់អ្នកឯទៀតជានិច្ច
១៧, ១៨. តើព្រះយេហូវ៉ាចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមិនគោរពប្រណិប័តន៍លោក?
១៧ មនុស្សមានប្រតិកម្មផ្សេងៗចំពោះកិច្ចផ្សព្វផ្សាយរបស់យើង។ មនុស្សខ្លះស្ដាប់ ប៉ុន្តែមនុស្សខ្លះទៀតស្អប់ដំណឹងដែលយើងផ្សាយ។ តើព្រះយេហូវ៉ាចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមិនគោរពប្រណិប័តន៍លោក? ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយចំពោះដំណឹងដែលយើងផ្សព្វផ្សាយ យើងធ្វើតាមឱវាទដែលបានកត់ទុកក្នុងគម្ពីរ។ គម្ពីរចែងថា៖ «ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»។ (កូឡុស ៤:៦) ពេលណាដែលយើងនិយាយការពារជំនឿរបស់យើង យើងចង់ធ្វើដូច្នេះ«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ» ពីព្រោះយើងស្រឡាញ់អ្នកជិតខាងយើង។—ពេត្រុសទី១ ៣:១៥
១៨ ទោះបីជាមនុស្សខឹង ហើយមិនព្រមទទួលយកដំណឹងដែលយើងផ្សព្វផ្សាយក្ដី យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងយើង ហើយធ្វើតាមគំរូរបស់លោកយេស៊ូ។ ពេលលោកយេស៊ូ«ត្រូវគេជេរប្រមាថ លោកមិនបានជេរប្រមាថគេវិញទេ។ ពេលដែលលោករងទុក្ខ នោះលោកមិនបានគំរាមកំហែងគេឡើយ»។ ផ្ទុយទៅវិញ លោកយេស៊ូបានទុកចិត្តទៅលើព្រះយេហូវ៉ា។ (ពេត្រុសទី១ ២:២៣) ដូច្នេះ នៅគ្រប់ពេលវេលា យើងបង្ហាញចិត្តរាបទាប ហើយធ្វើតាមឱវាទដែលថា៖ «មិនមែនដោយធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬជេរប្រមាថសងអ្នកដែលជេរប្រមាថខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ ចូរឲ្យពរ»។—ពេត្រុសទី១ ៣:៨, ៩
យើងត្រូវស្រឡាញ់សត្រូវរបស់យើង ទោះជាពួកគេប្រព្រឹត្តយ៉ាងណាចំពោះយើងក៏ដោយ
១៩. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះសត្រូវរបស់យើង?
១៩ ចិត្តរាបទាបជួយយើងធ្វើតាមគោលការណ៍ដ៏សំខាន់មួយដែលលោកយេស៊ូបានផ្ដល់ឲ្យ។ លោកបានពន្យល់ថា៖ «អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាង តែត្រូវស្អប់សត្រូវ›។ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានដើម្បីអ្នកដែលបៀតបៀនអ្នក ដើម្បីបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថាយ ៥:៤៣-៤៥) ក្នុងនាមជាអ្នកបម្រើព្រះ យើងត្រូវស្រឡាញ់សត្រូវរបស់យើង ទោះជាពួកគេប្រព្រឹត្តយ៉ាងណាចំពោះយើងក៏ដោយ។
២០. ហេតុអ្វីយើងដឹងថាសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងនឹងមានពាសពេញផែនដី? (សូមមើលរូបភាពនៅដើមអត្ថបទ)
២០ យើងត្រូវបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងយើងនៅគ្រប់ពេលវេលា។ ទោះជាមនុស្សប្រឆាំងយើងនិងដំណឹងដែលយើងផ្សព្វផ្សាយក៏ដោយ យើងជួយពួកគេពេលដែលពួកគេត្រូវការជំនួយ។ សាវ័កប៉ូលបានសរសេរថា៖ «អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាទេ សូម្បីតែអ្វីមួយក៏ដោយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ព្រោះអ្នកដែលស្រឡាញ់អ្នកឯទៀតបានបំពេញតាមច្បាប់យ៉ាងត្រឹមត្រូវ។ ព្រោះច្បាប់ទាំងប៉ុន្មានដែលថា‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ អ្នកមិនត្រូវលួចឲ្យសោះ អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃឲ្យសោះ› ហើយបញ្ញត្ដិណាផ្សេងទៀតបានត្រូវសង្ខេបក្នុងពាក្យថា‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ ដូច្នេះសេចក្ដីស្រឡាញ់ធ្វើឲ្យច្បាប់សម្រេចគ្រប់ជំពូក»។ (រ៉ូម ១៣:៨-១០) ក្នុងពិភពលោកដ៏អាក្រក់ ឃោរឃៅ និងបែកបាក់គ្នានេះដែលគ្រប់គ្រងដោយសាថាន អ្នកបម្រើព្រះបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកជិតខាងពួកគេ។ (យ៉ូហានទី១ ៥:១៩) ក្រោយពីព្រះយេហូវ៉ាបំផ្លាញសាថាន ពួកវិញ្ញាណកំណាចរបស់វា និងពិភពលោកដ៏អាក្រក់នេះ សេចក្ដីស្រឡាញ់នឹងមានពាសពេញផែនដី។ ពេលមនុស្សទាំងអស់នៅផែនដីស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងពួកគេ នេះពិតជាពរដ៏វិសេសមែន!