បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៦ ទំ. ១៧-២១
  • «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​មាន​ន័យ​យ៉ាង​ណា?
  • របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង
  • របៀប​ដ៏​ប្រសើរ​បំផុត​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់
  • ការ​រៀប​រាប់​របស់​ប៉ូល​អំពី​សេចក្ដី​ស្រឡាញ់
  • ចូរ​បន្ត​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក
  • វិធីបង្ហាញសេចក្ដីស្រឡាញ់ចំអ្នកជិតខាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើអ្នក«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើសេចក្ដីស្រឡាញ់របស់អ្នកមានទំហំធំទូលាយប៉ុនណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • «តើមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមកទេ»?
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៦ ទំ. ១៧-២១

​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»​

​«​បញ្ញត្ដិ​សំខាន់​ទី​ពីរ​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។—ម៉ាថ. ២២:៣៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តាម​ពិត តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​យើង?

  • ហេតុ​អ្វី​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង? តើ​តាម​របៀប​ណាខ្លះ​យើង​អាច​ធ្វើ​ដូច្នេះ?

  • ហេតុ​អ្វី​យើង​នឹង​សប្បាយ​រីក​រាយ បើ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​យើង?

១, ២​. (​ក​) តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​បញ្ញត្ដិ​សំខាន់​ទី​២​គឺ​ជា​អ្វី? (​ខ​) តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ពេល​ផារិស៊ី​ម្នាក់​បាន​សួរ​លោក​យេស៊ូ​ថា​អ្វី​ជា​បញ្ញត្ដិ​សំខាន់​បំផុត​នៅ​ក្នុង​ច្បាប់ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត​»។ យើង​បាន​ពិភាក្សា​អំពី​អត្ថ​ន័យ​នៃ​ពាក្យ​ទាំង​នេះ​នៅ​អត្ថបទ​មុន។ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​អ្វី​ជា​បញ្ញត្ដិ​សំខាន់​ទី​២ ពេល​ដែល​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។—ម៉ាថ. ២២:៣៤​-​៣៩

២ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង។ ប៉ុន្តែ តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង? តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​ពាក្យ​របស់​លោក​យេស៊ូ? នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នោះ ហើយ​យើង​នឹង​ឃើញ​របៀប​ដែល​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប។

តើ​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​មាន​ន័យ​យ៉ាង​ណា?

៣, ៤​. (​ក​) តើ​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អ្វី ដើម្បី​បង្ហាញ​ថា​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​មាន​ន័យ​យ៉ាង​ណា? (​ខ​) តើ​បុរស​ជន​ជាតិ​សាម៉ារី​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បុរស​ដែល​ចោរ​បាន​ប្លន់ វាយ​ដំ ហើយ​ទុក​ចោល​ឲ្យ​ស្លាប់​នៅ​លើ​ផ្លូវ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

៣ ធម្មតា​យើង​គិត​ថា​អ្នក​ជិត​ខាង​គឺ​បុគ្គល​ម្នាក់​ដែល​រស់​នៅ​ជិត​យើង។ (​សុភ. ២៧:១០​) ប៉ុន្តែ ពេល​បុរស​ម្នាក់​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាងរបស់​ខ្ញុំ?​»​ លោក​បាន​ឆ្លើយ​ទៅ​គាត់​ដោយ​ប្រើ​ឧទាហរណ៍​អំពី​ជន​ជាតិ​សាម៉ារី ហើយ​បាន​ពន្យល់​អំពី​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​អ្នក​ឯ​ទៀត។ (​សូម​អាន លូកា ១០:២៩​-​៣៧​) បុរស​ជន​ជាតិ​យូដា​ម្នាក់​បាន​ត្រូវ​ចោរ​ប្លន់ វាយ​ដំ ហើយ​ទុក​ចោល​ឲ្យ​ស្លាប់​នៅ​លើ​ផ្លូវ។ សង្ឃ​ម្នាក់​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​និង​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​លេវី ដែល​គួរ​តែ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ បាន​ឃើញ​គាត់ ប៉ុន្តែ​មិន​បាន​ជួយ​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់​បាន​ជួយ​គាត់។ នៅ​សម័យ​នោះ ជន​ជាតិ​យូដា​និង​ជន​ជាតិ​សាម៉ារី​ភាគ​ច្រើន​ស្អប់​គ្នា។—យ៉ូន. ៤:៩

៤ បុរស​ជន​ជាតិ​សាម៉ារី​នោះ​បាន​ចាក់​ប្រេង​និង​ស្រា​លើ​របួស​របស់​បុរស​នោះ​ដើម្បី​ជួយ​ព្យាបាល​របួស​គាត់។ បន្ទាប់​មក គាត់​បាន​យក​បុរស​នោះ​ទៅ​ផ្ទះ​សម្នាក់​មួយ ហើយ​បាន​ឲ្យ​ប្រាក់​ពីរ​ឌីណារី​ដល់​ម្ចាស់​ផ្ទះ​សម្នាក់​នោះ។ នេះ​ស្មើ​នឹង​ប្រាក់​ឈ្នួល​ដែល​បុគ្គល​ម្នាក់​នឹង​ទទួល​សម្រាប់​ការ​ងារ​ពីរ​ថ្ងៃ។ (​ម៉ាថ. ២០:២​) ពេល​យើង​គិត​ថា​បុរស​ជន​ជាតិ​សាម៉ារី​បាន​ជួយ​បុរស​ដែល​មាន​របួស​នោះ​ច្រើន​ប៉ុន្មាន នោះ​យើង​ដឹង​ថា​គាត់​មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​អ្នក​ជិត​ខាង។ បើ​យើង​មាន​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស យើង​អាច​ដូច​បុរស​ជន​ជាតិ​សាម៉ារី​នោះ។

៥​. តើ​តាម​របៀប​ណា​សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង ក្រោយ​ពី​ព្យុះ​សង្ឃរា​សែនឌី?

៥ យើង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ជា​គ្រា​ដែល​មនុស្ស​ភាគ​ច្រើន​មិន​មាន​សេចក្ដី​មេត្ដា​ករុណា​ទេ។ មនុស្ស​ជា​ច្រើន​នាក់​កាច​សាហាវ ចូល​ចិត្ត​អំពើ​ឃោរ​ឃៅ ហើយ​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង។ (​២ធី. ៣:១​-​៣​) ជា​ឧទាហរណ៍ នៅ​ខែ​តុលា ឆ្នាំ​២០១២ ព្យុះ​សង្ឃរា​សែនឌី បាន​បំផ្លិចបំផ្លាញ​តំបន់​មួយ​នៃ​ក្រុង​ញូវ​យ៉ក។ បណ្ដា​ជន​ជា​ច្រើន​នាក់​គ្មាន​អគ្គិសនី ភ្លើង​កម្ដៅ ឬ​របស់​ដែល​ពួក​គេ​ត្រូវ​ការ​ទេ។ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ខ្លះ​បាន​លួច​របស់​របរ​ពី​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ។ សាក្សី​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា។ ពួក​គេ​បាន​រៀបចំ​ជំនួយ​សម្រាប់​បង​ប្អូន​រួម​ជំនឿ​និង​មនុស្ស​ឯ​ទៀត​នៅ​ក្នុង​តំបន់​នោះ ពីព្រោះ​គ្រិស្ត​សាសនិក​ពិត​ស្រឡាញ់​អ្នក​ជិត​ខាង។ តើ​មាន​របៀប​ណា​ទៀត​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង?

របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង

៦​. តើ​មាន​ជំនួយ​អ្វី​ពី​គម្ពីរ​ដែល​យើង​អាច​ផ្ដល់​ឲ្យ​អ្នក​ជិត​ខាង?

៦ ចូរ​ផ្ដល់​ជំនួយ​ពី​គម្ពីរ។ ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង យើង​ផ្ដល់​ឲ្យ​អ្នក​ជិត​ខាង​នូវ​«​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់ ពេល​យើង​ប្រើ​គម្ពីរ​ដើម្បី​ប្រាប់​គាត់​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ។ (​ម៉ាថ. ២៤:១៤​) ការ​ប្រាប់​អ្នក​ជិត​ខាង​អំពី​ដំណឹង​នេះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ពី​ព្រះ​យេហូវ៉ា គឺ​ជា​កិត្ដិយស​មួយ។—រ៉ូម ១៥:១៣

៧​. តើ​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​គឺ​ជា​អ្វី ហើយ​តើ​អ្វី​នឹង​កើត​ឡើង ពេល​យើង​ធ្វើ​តាម​គោល​ការណ៍​នោះ?

៧ ចូរ​ធ្វើ​តាម​គោល​ការណ៍​ដ៏​ល្បី​ល្បាញ។ លោក​យេស៊ូ​បាន​ប្រាប់​យើង​ថា​គោល​ការណ៍​ដ៏​ល្បី​ល្បាញ​គឺ​ជា​អ្វី ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ។ តាម​ពិត នេះ​ជា​ខ្លឹម​សារ​នៃ​សេចក្ដី​បង្រៀន​នៅ​ក្នុង​ច្បាប់ និង​សេចក្ដី​បង្រៀន​របស់​អ្នក​ប្រកាស​ទំនាយ​»។ (​ម៉ាថ. ៧:១២​) ​«​សេចក្ដី​បង្រៀន​នៅ​ក្នុង​ច្បាប់​»​សំដៅ​លើ​សៀវភៅ​ពី​លោកុប្បត្តិ​ដល់​ចោទិយកថា ហើយ​«​សេចក្ដី​បង្រៀន​របស់​អ្នក​ប្រកាស​ទំនាយ​»​សំដៅ​លើ​សៀវភៅ​ទំនាយ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​«​សេចក្ដី​បង្រៀន​នៅ​ក្នុង​ច្បាប់​»​និង​«​សេចក្ដី​បង្រៀន​របស់​អ្នក​ប្រកាស​ទំនាយ​»​ដល់​រាស្ត្រ​របស់​លោក ពីព្រោះ​លោក​បាន​ស្រឡាញ់​ពួក​គេ ហើយ​ចង់​ឲ្យ​ពួក​គេ​ស្រឡាញ់​គ្នា។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​ដែរ។ នៅ​សៀវភៅ​អេសាយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​រក្សា​សេចក្ដី​យុត្ដិធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ . . . មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​»។ (​អេ. ៥៦:១, ២​) បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង ហើយ​ធ្វើ​តាម​គោល​ការណ៍​ដ៏​ល្បី​ល្បាញ យើង​នឹង​មាន​សុភមង្គល។

៨​. ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​តើ​អ្វី​ប្រហែល​ជា​នឹង​កើត​ឡើង បើ​យើង​ធ្វើ​ដូច្នោះ?

៨ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក។ ព្រះ​យេហូវ៉ា​តែង​តែ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​សត្រូវ​របស់​យើង។ នៅ​សម័យលោក​យេស៊ូ អ្នក​ខ្លះ​បាន​បង្រៀន​ថា​មនុស្ស​គួរ​ស្អប់​សត្រូវ​របស់​ខ្លួន។ ប៉ុន្តែ លោក​យេស៊ូ​បាន​ផ្ដល់​ឱវាទ​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀតបៀន​អ្នក​»។ (​ម៉ាថ. ៥:៤៣​-​៤៥​) ប៉ូល​បាន​ផ្ដល់​ឱវាទ​ស្រដៀង​គ្នា ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ប្រសិនបើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​អាហារ​គាត់​បរិភោគ ហើយ​ប្រសិនបើ​គាត់​ស្រេក ចូរ​ឲ្យ​គាត់​ផឹក​ចុះ​»។ (​រ៉ូម ១២:២០; សុភ. ២៥:២១​) នៅ​អ៊ីស្រាអែល​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ឲ្យ​រាស្ត្រ​របស់​លោក​នូវ​ច្បាប់​ដែល​ណែនាំ​ពួក​គេ​ឲ្យ​ជួយ​សត្រូវ​របស់​ពួក​គេ និង​សូម្បី​តែ​សត្វ​របស់​សត្រូវ​ទាំង​នោះ​ផង។ (​និក្ខ. ២៣:៥​) ដោយ​ធ្វើ​តាម​ឱវាទ​នោះ មនុស្ស​ខ្លះ​ដែល​ធ្លាប់​ស្អប់​គ្នា​ប្រហែល​ជា​នឹង​ក្លាយ​ទៅ​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ។ ជា​គ្រិស្ត​សាសនិក ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សត្រូវ​របស់​យើង ប្រហែល​ជា​កែ​ប្រែ​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​យើង។ ពួក​គេ​ខ្លះ​ប្រហែល​ជា​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទៀត​ផង។

៩​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ស្តី​អំពី​ការ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង?

៩ ​«​ចូរ​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។ (​ហេ. ១២:១៤​) បើ​យើង​ត្រូវ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ យើង​ច្បាស់​ជា​ត្រូវ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ប្រសិនបើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។ (​ម៉ាថ. ៥:២៣, ២៤​) កាល​ណា​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​យើង​ណា​ម្នាក់ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ដោយ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ឲ្យ​បាន​ឆាប់​បំផុត។ ពេល​យើង​ឆាប់​ធ្វើ​ឲ្យ​មាន​សន្ដិភាព នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្លាំង​ណាស់។

១០​. ហេតុ​អ្វី​យើង​មិន​គួរ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត?

១០ ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត។ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ​»។ លោក​យេស៊ូ​បាន​បង្រៀន​យើង​មិន​ឲ្យ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ចំពោះ​កំហុស​ដែល​ពួក​គេ​ធ្វើ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​មើល​កម្ទេច​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​គិត​អំពី​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​វិញ? ហើយ​តើ​អ្នក​អាច​ប្រាប់​បង​ប្អូន​បាន​យ៉ាង​ដូច​ម្ដេច​ថា​៖ ‹សូម​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​អ្នក› ពេល​ដែល​អ្នក​មាន​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​ដូច្នោះ? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​អ្នក​ជា​មុន​សិន ទើប​អ្នក​អាច​មើល​ឃើញ​ច្បាស់ ដើម្បី​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​»។ (​ម៉ាថ. ៧:១​-​៥​) មេរៀន​គឺ​ថា​យើង​មិន​គួរ​រិះ​គន់​អ្នក​ឯ​ទៀត​ទេ​ពេល​ពួក​គេ​ធ្វើ​ខុស ពីព្រោះ​ខ្លួន​យើង​ក៏​ធ្វើ​ខុស​ច្រើន​ដែរ។

របៀប​ដ៏​ប្រសើរ​បំផុត​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់

១១, ១២​. តើ​អ្វី​ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង?

១១ មាន​របៀប​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង។ ប៉ុន្តែ​លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​របៀប​ដ៏​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​ដូច្នោះ គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ (​លូក. ៨:១​) លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៨:១៩, ២០​) ពេល​យើង​ស្ដាប់​បង្គាប់​លោក​យេស៊ូ យើង​អាច​ជួយ​អ្នក​ជិត​ខាង​ឲ្យ​ចេញ​ពី​ផ្លូវ​ទូលាយ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត ហើយ​បង្ហាញ​គាត់​អំពី​របៀប​ដើរ​លើ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត។ (​ម៉ាថ. ៧:១៣, ១៤​) យើង​ដឹង​ថា​ការ​ខំ​ព្យាយាម​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្លាំង​ណាស់។

១២ លោក​យេស៊ូ​បាន​ជួយ​មនុស្ស​ជា​ច្រើន​នាក់​ឲ្យ​យល់​ថា​ពួក​គេ​ត្រូវ​ការ​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៥:៣​) យើង​យក​តម្រាប់​លោក​យេស៊ូ​ពេល​យើង​ប្រាប់​មនុស្ស​អំពី​«​ដំណឹង​ល្អ​របស់​ព្រះ​»។ (​រ៉ូម ១:១​) យើង​បង្រៀន​ពួក​គេ​ថា​គ្រឿង​បូជា​របស់​លោក​យេស៊ូ​បើក​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា ហើយ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ (​២កូ. ៥:១៨, ១៩​) ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ពិត​ជា​របៀប​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង។

១៣​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​បង្រៀន​មនុស្ស​អំពី​ព្រះ​យេហូវ៉ា?

១៣ ពេល​យើង​រៀបចំ​យ៉ាង​ល្អ​សម្រាប់​ការ​ត្រឡប់​ទៅ​ជួប និង​ការ​សិក្សា​គម្ពីរ យើង​អាច​បង្រៀន​មនុស្ស​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ មនុស្ស​ខ្លះ​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ។ (​១កូ. ៦:៩​-​១១​) យើង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​យើង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​ជឿន​ទៅ​មុខ ហើយ​ក្លាយ​ទៅ​ជា​មិត្ត​របស់​លោក។ (​សកម្ម. ១៣:៤៨​) ពេល​មនុស្ស​ដែល​ធ្លាប់​តែ​គ្មាន​សេចក្ដី​សង្ឃឹម​សិក្សា​គម្ពីរ ពួក​គេ​មាន​ចិត្ត​សប្បាយ​រីក​រាយ​វិញ។ ពួក​គេ​ដែល​ពី​មុន​មាន​ចិត្ត​ខ្វល់​ខ្វាយ ឥឡូវ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​តាម​រយៈ​កិច្ច​ការ​ពិសេស​នេះ គឺ​ជា​កិត្ដិយស​មួយ។

ការ​រៀប​រាប់​របស់​ប៉ូល​អំពី​សេចក្ដី​ស្រឡាញ់

១៤​. នៅ​កូរិនថូសទី១ ១៣:៤​-​៨ តើ​ប៉ូល​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់?

១៤ បើ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​តាម​របៀប​ដែល​ប៉ូល​បាន​រៀប​រាប់ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មិន​សូវ​មាន​បញ្ហា ហើយ​យើង​នឹង​មាន​ចិត្ត​សប្បាយ​រីក​រាយ។ អ្វី​ដែល​ប៉ូល​បាន​សរសេរ​នៅ​កូរិនថូសទី១ ១៣:៤​-​៨ នឹង​បង្រៀន​យើង​អំពី​របៀប​ផ្សេង​ៗ​ទៀត​ដើម្បី​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​យើង (​សូម​អាន​)។

១៥​. (​ក​) ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​ធ្ងន់​ហើយ​សប្បុរស? (​ខ​) ហេតុ​អ្វី​យើង​មិន​គួរ​ច្រណែន ឬ​គិត​ថា​យើង​សំខាន់​ជាង​អ្នក​ឯ​ទៀត?

១៥ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស​»។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​ធ្ងន់​ហើយ​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ ដូច្នេះ យើង​ត្រូវ​មាន​ចិត្ត​ធ្ងន់​ហើយ​សប្បុរស ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស សូម្បី​តែ​ពួក​គេ​មិន​សប្បុរស ឬ​មិន​គួរ​សម​ចំពោះ​យើង​ក៏​ដោយ។ គម្ពីរ​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន​»។ បង​ប្អូន​យើង​ខ្លះ​ប្រហែល​ជា​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ក្រុម​ជំនុំ ឬ​អ្វី​ៗ​ផ្សេង​ទៀត​ដែល​យើង​មិន​មាន។ ប៉ុន្តែ បើ​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន យើង​នឹង​មិន​ច្រណែន​ពួក​គាត់​ឡើយ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​គិត​ថា​យើង​សំខាន់​ជាង​អ្នក​ឯ​ទៀត ឬ​អួត​ខ្លួន​ឡើយ។ គម្ពីរ​ប្រាប់​យើង​ថា​ព្រះ​យេហូវ៉ា​ស្អប់​ពួក​អ្នក​ដែល​មាន​«​ឫ​ក​ខ្ពស់​នឹង​ចិត្ត​អំនួត​»។—សុភ. ២១:៤

១៦, ១៧​. តើ​កូរិនថូសទី១ ១៣:៥, ៦​រៀប​រាប់​អំពី​របៀប​ណាខ្លះ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង?

១៦ សេចក្ដី​ស្រឡាញ់​«​មិន​ប្រព្រឹត្ត​ឥត​សមរម្យ​»។ បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង យើង​នឹង​មិន​កុហក​គាត់ ឬ​លួច​ពី​គាត់ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឡើយ។ ម្យ៉ាង​ទៀត​យើង​នឹង​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​«​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​ទេ។ ដូច្នេះ យើង​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ជិត​ខាង។—ភី. ២:៤

១៧ សេចក្ដី​ស្រឡាញ់​«​មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»។ បើ​បុគ្គល​ណាម្នាក់​ធ្វើ​អ្វី​មិន​សប្បុរស​ចំពោះ​យើង យើង​មិន​ឆាប់​ខឹង​ឡើយ។ យើង​មិន​គួរ​កត់​ទុក​ក្នុង​ចិត្ត​រាល់​ដង​ដែល​បុគ្គល​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ទេ។ (​១ថែ. ៥:១៥​) បើ​យើង​ចង​គំនុំ កំហឹង​របស់​យើង​អាច​ឆេះ​ដូច​ជា​ភ្លើង ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង​និង​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ (​លេវី. ១៩:១៨​) ផ្ទុយ​ទៅ​វិញ យើង​គួរ​អភ័យ​ទោស ហើយ​បំភ្លេច​ចោល។ សេចក្ដី​ស្រឡាញ់​«​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ​»។ បើ​មាន​គេ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​លើ​បុគ្គល​ម្នាក់​ដែល​ស្អប់​យើង នោះ​យើង​មិន​សប្បាយ​នឹង​ឃើញ​គាត់​រង​ទុក្ខ​ឡើយ។—សូម​អាន សុភាសិត ២៤:១៧, ១៨

១៨​. ស្តី​អំពី​សេចក្ដី​ស្រឡាញ់ តើ​យើង​រៀន​អ្វី​ពី​កូរិនថូសទី១ ១៣:៧, ៨?

១៨ ប៉ូល​បាន​សរសេរ​ថា​សេចក្ដី​ស្រឡាញ់​«​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់​»។ ពេល​យើង​ស្រឡាញ់​អ្នក​ជិត​ខាង យើង​នឹង​អភ័យ​ទោស​ឲ្យ​គាត់​ពេល​គាត់​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត។ ប៉ូល​ក៏​បាន​និយាយ​ដែរ​ថា​សេចក្ដី​ស្រឡាញ់​«​ជឿ​អ្វី​ៗ​ទាំង​អស់​»។ យើង​ជឿ​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ ហើយ​យើង​ដឹង​គុណ​អង្គការ​ព្រះ​យេហូវ៉ា​ដែល​បង្រៀន​យើង។ សេចក្ដី​ស្រឡាញ់​«​សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់​»។ យើង​មាន​សេចក្ដី​សង្ឃឹម ដោយ​សារ​យើង​ទុក​ចិត្ត​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​យើង។ ដោយ​សារ​យើង​ស្រឡាញ់​មនុស្ស យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ (​១ពេ. ៣:១៥​) ពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាក​ខ្លាំង យើង​អធិដ្ឋាន ហើយ​សង្ឃឹម​ថា​នឹង​មាន​លទ្ធផល​ល្អ​បំផុត។ ទោះ​ជា​អ្នក​ណា​ម្នាក់​ធ្វើ​ខុស​នឹង​យើង ឬ​បៀតបៀន​យើង​ក៏​ដោយ យើង​ស៊ូ​ទ្រាំ។ ដូច​ប៉ូល​បាន​និយាយ សេចក្ដី​ស្រឡាញ់​«​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ គាត់​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។ ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​ជា​រៀង​រហូត។

ចូរ​បន្ត​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក

១៩, ២០​. តើ​បទ​គម្ពីរ​ណាខ្លះ​បង្រៀន​យើង​ថា​យើង​ត្រូវ​បន្ត​ស្រឡាញ់​អ្នក​ជិត​ខាង?

១៩ បើ​យើង​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ យើង​នឹង​ស្រឡាញ់​អ្នក​ជិត​ខាង​ជា​និច្ច​ដូច​ស្រឡាញ់​ខ្លួន​យើង។ (​ម៉ាថ. ២២:៣៩​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យើង​ត្រូវ​ស្រឡាញ់​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​មក​ពី​ប្រទេស​ណា ឬ​មាន​វប្បធម៌​អ្វី​ក៏​ដោយ។ កាល​ណា​យើង​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​សកម្មពល​បរិសុទ្ធ​របស់​លោក។ យើង​ដឹង​ថា​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​លោក​នឹង​ជួយ​យើង។—រ៉ូម ៨:២៦, ២៧

២០ បង្គាប់​ដែល​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង គឺ​សំខាន់​ដល់​ម្ល៉េះ​បាន​ជា​គេ​ហៅ​បង្គាប់​នោះ​ថា​«​ច្បាប់​របស់​ស្តេច​»។ (​យ៉ា. ២:៨​) ក្នុង​ច្បាប់​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​ឲ្យ​រាស្ត្រ​របស់​លោក​នូវ​បង្គាប់​ជា​ច្រើន​ដែល​បាន​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​បញ្ញត្ដិ​ណា​ផ្សេង​ទៀត​បាន​ត្រូវ​សង្ខេប​ក្នុង​ពាក្យ​ថា‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។—រ៉ូម ១៣:៨​-​១០

២១, ២២​. ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង?

២១ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​ជិត​ខាង ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​បិតា​របស់​លោក​«​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​»។ (​ម៉ាថ. ៥:៤៣​-​៤៥​) លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​ជា​មនុស្ស​សុចរិត ឬ​មនុស្ស​ទុច្ចរិត​ក៏​ដោយ។ ដូច​បាន​រៀប​រាប់​នៅ​វគ្គ​មុន​ៗ របៀប​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង គឺ​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក។ បើ​អ្នក​ជិត​ខាង​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន​ពី​គម្ពីរ គាត់​អាច​មាន​អំណរ​ក្រៃ​លែង​ដោយ​សារ​គាត់​ក្លាយ​ទៅ​ជា​មិត្ត​របស់​ព្រះ។

២២ យើង​បាន​រៀន​រួច​ហើយ​អំពី​មូលហេតុ​ដែល​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត។ យើង​ក៏​បាន​រៀន​ដែរ​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង។ បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង យើង​កំពុង​ធ្វើ​តាម​បញ្ញត្ដិ​ដ៏​សំខាន់​បំផុត​ពីរ។ អ្វី​ដែល​ប្រសើរ​បំផុត គឺ​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ពេញ​ចិត្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក