បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១១ ទំ. ២៧-៣២
  • រាជាណាចក្ររបស់ព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាជាណាចក្ររបស់ព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឧបករណ៍​ដែល​ជួយ​អ្នក​បម្រើ​របស់​ព្រះ ឲ្យ​ផ្សព្វ​ផ្សាយ
  • អ្នក​បម្រើ​ព្រះ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឯ​ទៀត
  • ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​ព្រះ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ
  • ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូររក្សាទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១១ ទំ. ២៧-៣២

រាជាណាចក្រ​របស់​ព្រះ​បាន​គ្រប់​គ្រង​អស់​១០០​ឆ្នាំ​ហើយ!

​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត . . . សូម​ឲ្យ​លោក​ផ្ដល់​អ្វី​ៗ​ល្អ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»។—ហេប្រឺ ១៣:២០, ២១

ចម្រៀង​លេខ: ១៣៦, ១៤

ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​នេះ . . . 

  • តើ​រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​ឧបករណ៍​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ?

  • តើ​អ្នក​បម្រើ​ព្រះ​បាន​ប្រើ​វិធី​ថ្មី​ណា​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ?

  • តើ​អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ណា​ខ្លះ?

១​. តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​លោក​យេស៊ូ? សូម​ពន្យល់។

លោក​យេស៊ូ​ចូល​ចិត្ត​និយាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ខ្លាំង​ណាស់។ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​និយាយ​អំពី​រាជាណាចក្រ​ព្រះ​ច្រើន​ជាង​និយាយ​អំពី​ប្រធានបទ​ផ្សេង​ៗ​ទៀត។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ លោក​បាន​និយាយ​អំពី​រាជាណាចក្រ​ជាង​១០០​ដង។ រាជាណាចក្រ​ព្រះ​គឺ​ពិត​ជា​សំខាន់​ចំពោះ​លោក​យេស៊ូ។—សូម​អាន ម៉ាថាយ ១២:៣៤

២​. តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ឮ​បង្គាប់​នៅ​ម៉ាថាយ ២៨:១៩, ២០ ហើយ​ហេតុ​អ្វី​យើង​និយាយ​ដូច្នោះ?

២ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​ក្រុម​មនុស្ស​ជាង​៥០០​នាក់។ (​កូរិនថូស​ទី១ ១៥:៦​) ប្រហែល​ជា​នៅ​ពេល​នោះ​លោក​យេស៊ូ​បាន​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​«​មនុស្ស​គ្រប់​ជាតិ​សាសន៍​»។ កិច្ច​ការ​នេះ​គឺ​មិន​ស្រួល​នោះ​ទេ។a (​សូម​មើល​កំណត់​សម្គាល់​) លោក​បាន​ប្រាប់​ពួក​គេ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹងបន្ត​អស់​មួយ​រយៈ​ពេល​យូរ រហូត​ដល់​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​កំពុង​ជួយ​ធ្វើ​ឲ្យ​ទំនាយ​នោះ​ក្លាយ​ទៅ​ជា​ការ​ពិត។—ម៉ាថាយ ២៨:១៩, ២០

៣​. តើ​អ្វី​បី​យ៉ាង​ណា​ខ្លះ​បាន​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

៣ ក្រោយ​ពី​លោក​យេស៊ូ​បាន​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ លោក​បាន​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:២០​) ដូច្នេះ លោក​យេស៊ូ​បាន​សន្យា​ដល់​អ្នក​កាន់​តាម​លោក​ថា​លោក​នឹង​បន្ត​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ថា​លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ ព្រះ​យេហូវ៉ា​ក៏​នៅ​ជា​មួយ​នឹង​យើង​ដែរ ហើយ​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​«​អ្វី​ៗ​ល្អ​គ្រប់​យ៉ាង​»​ដើម្បី​ជួយ​យើង​ផ្សព្វ​ផ្សាយ។ (​ហេប្រឺ ១៣:២០, ២១​) នៅ​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អ្វី​បី​យ៉ាង​ក្នុង​ចំណោម​អ្វី​ៗ​ល្អ​ទាំង​នោះ​គឺ​៖ (​១​) ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដែល​យើង​បាន​ទទួល (​២​) វិធី​ផ្សេង​ៗ​ដែល​យើង​បាន​ប្រើ ហើយ (​៣​) ការ​បង្ហាត់​បង្រៀន​ដែល​យើង​បាន​ទទួល។ ដំបូង សូម​ឲ្យ​យើង​ពិចារណា​អំពី​ឧបករណ៍​ខ្លះ​ដែល​យើង​បាន​ប្រើ​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​នេះ។

ឧបករណ៍​ដែល​ជួយ​អ្នក​បម្រើ​របស់​ព្រះ ឲ្យ​ផ្សព្វ​ផ្សាយ

៤​. តើ​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​បាន​ជួយ​យើង​យ៉ាង​ណា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

៤ លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​ដំណឹង​អំពី​រាជាណាចក្រ​ទៅ​នឹង​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​ដាំ​នៅ​លើ​ដី​ប្រភេទ​ផ្សេង​ៗ។ (​ម៉ាថាយ ១៣:១៨, ១៩​) ដើម្បី​ជ្រួយ​ដី អ្នក​ថែ​សួន​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន។ ស្រដៀង​គ្នា​ដែរ ស្តេច​របស់​យើង​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​អាច​ប្រើ​ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត​ទទួល​យក​ដំណឹង​របស់​យើង។ ឧបករណ៍​ជំនួយ​ខ្លះ​មាន​ប្រយោជន៍​សម្រាប់​មួយ​រយៈ​ពេល​ខ្លី រីឯ​ឧបករណ៍​ជំនួយ​ខ្លះ​ទៀត​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ ឧបករណ៍​ទាំង​អស់​បាន​ជួយ​យើង​ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

កាត​ផ្សព្វ​ផ្សាយ​បាន​ជួយ​បុគ្គល​ជា​ច្រើន​នាក់​ឲ្យ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ

៥​. តើ​កាត​ផ្សព្វ​ផ្សាយ​គឺ​ជា​អ្វី ហើយ​តើ​កាត​នោះ​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច?

៥ នៅ​ឆ្នាំ​១៩៣៣ អ្នក​ផ្សាយ​បាន​ចាប់​ផ្ដើម​ប្រើ​កាត​ផ្សព្វ​ផ្សាយ ដែល​ជា​ឧបករណ៍​មួយ​ដែល​បាន​ជួយ​បុគ្គល​ជា​ច្រើន​នាក់​ឲ្យ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ។ វា​ជា​កាត​តូច​មួយ​ដែល​មាន​ព័ត៌មាន​ខ្លី​ៗ​អំពី​គម្ពីរ។ ជួន​កាល កាត​ថ្មី​មួយ​ដែល​មាន​ព័ត៌មាន​ថ្មី​បាន​ត្រូវ​បោះ​ពុម្ព។ ពេល​បង​ប្រុស​អឺឡេនម៉ាយអឺ​មាន​អាយុ​ប្រហែល​ជា​១០​ឆ្នាំ គាត់​បាន​ប្រើ​កាត​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង។ គាត់​បាន​ពន្យល់​ថា​៖ ​«​តាម​ធម្មតា ពាក្យ​ផ្ដើម​ផ្សព្វ​ផ្សាយ​គឺ ‹តើ​លោក​អ្នក​ចង់​អាន​កាត​នេះ​ឬ​ទេ?›។ ក្រោយ​ពី​ម្ចាស់​ផ្ទះ​អាន​កាត​នោះ យើង​បាន​បង្ហាញ​សៀវភៅ​របស់​យើង ហើយ​ទៅ​ជួប​អ្នក​ផ្សេង​ទៀត​»។

៦​. តើ​កាត​ផ្សព្វ​ផ្សាយ​មាន​ប្រយោជន៍​យ៉ាង​ណា?

៦ កាត​ផ្សព្វ​ផ្សាយ​បាន​ជួយ​អ្នក​ផ្សាយ​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អ្នក​ផ្សាយ​ខ្លះ​ជា​មនុស្ស​អៀន​ខ្មាស ហើយ​ទោះ​ជា​ពួក​គេ​ពិត​ជា​ចង់​ផ្សព្វ​ផ្សាយ​ក៏​ដោយ ពួក​គេ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ទេ។ អ្នក​ផ្សាយ​ខ្លះ​ទៀត​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន​ណាស់។ ពួក​គេ​បាន​ប្រាប់​ម្ចាស់​ផ្ទះ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ដឹង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​មិន​តែង​តែ​បង្ហាញ​ថា​ពួក​គេ​គិត​អំពី​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ​ឡើយ។ កាត​ផ្សព្វ​ផ្សាយ​បាន​ជួយ​អ្នក​ផ្សាយ​ទាំង​អស់​ឲ្យ​ផ្សព្វ​ផ្សាយ​តាម​របៀប​ដែល​ច្បាស់​និង​ស្រួល​យល់។

៧​. តើ​ការ​ប្រើ​កាត​ផ្សព្វ​ផ្សាយ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

៧ ការ​ប្រើ​កាត​ផ្សព្វ​ផ្សាយ​ក៏​មាន​ការ​ពិបាក​ដែរ។ បង​ស្រី​ក្រេស អ៊ីសស្តេប បាន​និយាយ​ថា​៖ ​«​ជួន​កាល គេ​សួរ​យើង​ថា ‹តើ​កាត​នេះ​ចង់​និយាយ​អំពី​អ្វី? ប្រាប់​ខ្ញុំ​បាន​ឬ​អត់?›​»។ ម្យ៉ាង​ទៀត ម្ចាស់​ផ្ទះ​ខ្លះ​មិន​អាច​អាន​អ្វី​ដែល​បាន​សរសេរ​នៅ​លើ​កាត​បាន​ឡើយ។ ម្ចាស់​ផ្ទះ​ខ្លះ​ទៀត​គ្រាន់​តែ​យក​កាត ហើយ​ក៏​បិទ​ទ្វារ​ទៅ។ មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​ដំណឹង​ដែល​យើង​ផ្សាយ​ទេ ហេតុ​នេះ​ពួក​គេ​បាន​ហែក​កាត​នោះ​ចោល។ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី កាត​នោះ​បាន​ជួយ​អ្នក​ផ្សាយ​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង ហើយ​ជួយ​អ្នក​ឯ​ទៀត​ស្គាល់​ថា​ពួក​គេ​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។

៨​. តើ​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ដែល​អាច​យួរ បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៨ ឧបករណ៍​មួយ​ទៀត​ដែល​បាន​ត្រូវ​ប្រើ​ក្រោយ​ឆ្នាំ​១៩៣០​គឺ ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ដែល​អាច​យួរ។ សាក្សី​ខ្លះ​បាន​ហៅ​វា​ថា​អេរ៉ុន ពី​ព្រោះ​ម៉ាស៊ីន​នេះ​បាន​និយាយ​ជំនួស​ពួក​គេ។ (​សូម​អាន និក្ខមនំ ៤:១៤​-​១៦​) បើ​ម្ចាស់​ផ្ទះ​យល់​ព្រម​ស្ដាប់ អ្នក​ផ្សាយ​បាន​ចាក់​សុន្ទរកថា​មួយ​ដ៏​ខ្លី ហើយ​បន្ទាប់​មក​ស្នើ​ផ្ដល់​សៀវភៅ​ខ្លះ​របស់​យើង។ ជួន​កាល ក្រុម​គ្រួសារ​ទាំង​មូល​បាន​នាំ​គ្នា​មក​ស្ដាប់​សុន្ទរកថា! នៅ​ឆ្នាំ​១៩៣៤ សមាគម​ប៉ម​យាម​បាន​ចាប់​ផ្ដើម​ផលិត​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ដែល​អាច​យួរ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​កិច្ច​បម្រើ​ផ្សាយ។ នៅ​ទី​បំផុត សុន្ទរកថា​ផ្សេង​ៗ​ចំនួន​៩២​បាន​ត្រូវ​ថត​ចម្លង។

៩​. តើ​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ដែល​អាច​យួរ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា?

៩ ពេល​បង​ប្រុស​ហ៊ីលឡារី ហ្គោស្លិន​បាន​ស្ដាប់​សុន្ទរកថា​មួយ​ក្នុង​ចំណោម​សុន្ទរកថា​ទាំង​នោះ គាត់​បាន​ខ្ចី​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​នោះ​អស់​មួយ​អាទិត្យ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ពី​គម្ពីរ​ដល់​អ្នក​ជិត​ខាង​គាត់។ ជា​លទ្ធផល មនុស្ស​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ទី​បំផុត កូន​ស្រី​ពីរ​នាក់​របស់​បង​ហ្គោស្លិន​បាន​ចូល​សាលា​គីលាត ហើយ​បាន​ទៅ​ជា​សាសនទូត។ ដូច​កាត​ផ្សព្វ​ផ្សាយ​ដែរ ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ដែល​អាច​យួរ បាន​ជួយ​អ្នក​ផ្សាយ​ជា​ច្រើន​ឲ្យ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ។ ក្រោយ​មក តាម​រយៈ​សាលា​កិច្ច​បម្រើ​ផ្សាយ ស្តេច​របស់​យើង​នឹង​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​លោក​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព។

អ្នក​បម្រើ​ព្រះ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឯ​ទៀត

១០, ១១​. តើ​កាសែត​និង​វិទ្យុ​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ហេតុ​អ្វី​វិធី​ទាំង​នោះ​មាន​ប្រសិទ្ធភាព?

១០ ក្រោម​ការ​ដឹក​នាំ​របស់​ស្តេច​យើង រាស្ត្រ​របស់​ព្រះ​បាន​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ វិធី​ផ្សព្វ​ផ្សាយ​ទាំង​នោះ​គឺ​សំខាន់​ណាស់ ជា​ពិសេស​ពេល​យើង​មាន​កម្មករ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ (​សូម​អាន ម៉ាថាយ ៩:៣៧​) ជា​ឧទាហរណ៍ ជា​ច្រើន​ឆ្នាំ​មុន កាសែត​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ រាល់​សប្ដាហ៍​បង​រ៉ាសិល​បាន​ផ្ញើ​សុន្ទរកថា​ទៅ​ក្រុម​ហ៊ុន​ខាង​ព័ត៌មាន។ ក្រោយ​មក ពួក​គេ​បាន​បញ្ជូន​សុន្ទរកថា​របស់​គាត់​ទៅ​បោះ​ពុម្ព​ក្នុង​កាសែត​នៅ​ប្រទេស​កាណាដា ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក។ មក​ដល់​ឆ្នាំ​១៩១៣ ចំនួន​កាសែត​ផ្សេង​ៗ​ដែល​បាន​បោះ​ពុម្ព​សុន្ទរកថា​របស់​បង​រ៉ាសិល​បាន​កើន​ឡើង​ដល់​២០០០​កាសែត ហើយ​មនុស្ស​ប្រហែល​ជា​១៥.០០០.០០០​នាក់​បាន​អាន​សុន្ទរកថា​ទាំង​នោះ!

កាសែត​និង​វិទ្យុ​មាន​ប្រយោជន៍​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន​នៅ​តំបន់​ដែល​មាន​អ្នក​ផ្សាយ​តិច

១១ វិទ្យុ​ក៏​បាន​ត្រូវ​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព​ដែរ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ នៅ​គ្រា​ដំបូង​ដែល​យើង​ចាប់​ផ្ដើម​ផ្សាយ​សុន្ទរកថា​តាម​វិទ្យុ បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩២២ ដែល​មាន​អ្នក​ស្ដាប់​ប្រហែល​ជា​៥០.០០០​នាក់។ មិន​យូរ​ក្រោយ​មក យើង​បាន​ចាប់​ផ្ដើម​ប្រើ​ប៉ុស្តិ៍​វិទ្យុ​របស់​យើង​ផ្ទាល់ (​WBBR​) ហើយ​កម្ម​វិធី​ដំបូង​បាន​ត្រូវ​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ១៩២៤។ ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩២៤ បាន​សរសេរ​ថា​៖ ​«​យើង​ជឿ​ថា​វិទ្យុ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​និង​ដែល​ធូរ​ថ្លៃ​បំផុត សម្រាប់​ផ្សាយ​សេចក្ដី​ពិត​»។ ដូច​កាសែត​ដែរ វិទ្យុ​បាន​ជួយ​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន​នៅ​តំបន់​ដែល​មាន​អ្នក​ផ្សាយ​តិច។

១២​. (​ក​) តើ​អ្នក​ចូល​ចិត្ត​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​បែប​ណា​ខ្លាំង​ជាង​គេ? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ?

១២ ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​គឺ​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​យើង​កំពុង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឯ​ទៀត។ រាស្ត្រ​របស់​ព្រះ​កំពុង​ខំ​ព្យាយាម​ថែម​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​នៅ​កន្លែង​ចាំ​ឡាន​ក្រុង ស្ថានីយ​រថភ្លើង ចំណត​ឡាន​ម៉ូតូ កន្លែង​សាធារណៈ និង​នៅ​ផ្សារ។ តើ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច​ឬ​ទេ? បើ​ដូច្នេះ​មែន ចូរ​អធិដ្ឋាន​សុំ​ជំនួយ ហើយ​ពិចារណា​អំពី​អ្វី​ដែល​បង​ប្រុស​ម៉ាណេរ៉ា​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​និយាយ។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​បាន​ចាត់​ទុក​វិធី​ផ្សព្វ​ផ្សាយ​ថ្មី​នីមួយ​ៗ​ថា​ជា​វិធី​មួយ​ទៀត​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​លោក និង​ដើម្បី​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង ហើយ​យើង​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​មនុស្ស​ដែល​សុខ​ចិត្ត​បម្រើ​លោក​តាម​របៀប​ណា​ក៏​ដោយ​ដែល​លោក​សុំ​យើង​»។ ពេល​យើង​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង ហើយ​ប្រើ​វិធី​ថ្មី​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ នោះ​យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ដែល​ប៉ិន​ប្រសប់​ជាង។—សូម​អាន កូរិនថូស​ទី២ ១២:៩, ១០

១៣​. ហេតុ​អ្វី​ការ​ប្រើ​គេហទំព័រ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​វិធី​ផ្សព្វ​ផ្សាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ពី​ការ​ប្រើ​គេហទំព័រ​នោះ?

១៣ អ្នក​ផ្សាយ​ជា​ច្រើន​នាក់​សប្បាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គេហទំព័រ​jw.org។ ក្នុង​គេហទំព័រ​នោះ​មនុស្ស​អាច​អាន​និង​ថត​ចម្លង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជាង​៧០០​ភាសា។ ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ជាង​១​លាន​៦​សែន​នាក់​ចូល​មើល​គេហទំព័រ​របស់​យើង។ កាល​ពី​មុន វិទ្យុ​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​នៅ​តំបន់​ដាច់​ស្រយាល។ សព្វ​ថ្ងៃ​នេះ គេហទំព័រ​របស់​យើង​ក៏​ដូច្នេះ​ដែរ។

ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​ព្រះ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

១៤​. តើ​អ្នក​ផ្សាយ​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​អ្វី ហើយ​តើ​សាលា​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​ប៉ិន​ប្រសប់?

១៤ ឧបករណ៍​និង​វិធី​ផ្សព្វ​ផ្សាយ​ដែល​យើង​បាន​ពិចារណា បាន​ត្រូវ​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ ប៉ុន្តែ អ្នក​ផ្សាយ​នៅ​សម័យ​មុន​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​អំពី​របៀប​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ដែល​ប៉ិន​ប្រសប់។ ជា​ឧទាហរណ៍ ពេល​ខ្លះ​ម្ចាស់​ផ្ទះ​មិន​យល់​ស្រប​នឹង​អ្វី​ដែល​គាត់​បាន​ឮ​តាម​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​ទេ។ ពេល​ខ្លះ​ទៀត​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ ហើយ​ចង់​រៀន​ថែម​ទៀត។ អ្នក​ផ្សាយ​ត្រូវ​ដឹង​អំពី​របៀប​ទប់​ទល់​នឹង​ការ​ជំទាស់​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត ហើយ​ដឹង​អំពី​របៀប​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​ប៉ិន​ប្រសប់​ជាង។ ដោយ​ច្បាស់​ជា​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ បង​ន័រ​បាន​ឃើញ​ថា​គឺ​ជា​ការ​សំខាន់​ដែល​អ្នក​ផ្សាយ​រៀន​អំពី​របៀប​និយាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដូច្នេះ ចាប់​ពី​ឆ្នាំ​១៩៤៣ ក្រុម​ជំនុំ​បាន​ចាប់​ផ្ដើម​រៀប​ចំ​សាលា​កិច្ច​បម្រើ​ផ្សាយ។ សាលា​នេះ​បាន​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​ប៉ិន​ប្រសប់។

១៥​. (​ក​) តើ​បង​ប្អូន​ខ្លះ​ធ្លាប់​មាន​បទ​ពិសោធន៍​បែប​ណា​ពេល​ពួក​គាត់​បាន​ថ្លែង​សុន្ទរកថា​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ? (​ខ​) ចំពោះ​អ្នក តើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​ទំនុក​តម្កើង ៣២:៨​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

១៥ បង​ប្អូន​ជា​ច្រើន​នាក់​មិន​ធ្លាប់​និយាយ​នៅ​មុខ​អ្នក​ស្ដាប់​ទេ។ បង​ប្រុស​រ៉ាមូ​នឹក​ចាំ​អំពី​សុន្ទរកថា​ដំបូង​របស់​គាត់​កាល​ពី​ឆ្នាំ​១៩៤៤។ សុន្ទរកថា​នោះ​បាន​និយាយ​អំពី​បុគ្គល​ម្នាក់​ក្នុង​គម្ពីរ គឺ​ដូអេក។ គាត់​បាន​និយាយ​ថា​៖ ​«​ជើង​របស់​ខ្ញុំ​ញ័រ ដៃ​ខ្ញុំ​ក៏​ញ័រ ហើយ​ថ្គាម​របស់​ខ្ញុំ​ក៏​ញ័រ​ទៀត​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​នោះ​គឺ​ជា​បទ​ពិសោធន៍​ដំបូង​របស់​ខ្ញុំ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​លើ​វេទិកា ប៉ុន្តែ​ខ្ញុំ​មិន​បាន​ឈប់​ឡើយ​»។ ទោះ​ជា​ការ​ថ្លែង​សុន្ទរកថា​គឺ​មិន​ស្រួល​ក៏​ដោយ កូន​ក្មេង​ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​សាលា​នោះ​ដែរ។ បង​ម៉ាណេរ៉ា​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ក្មេង​ប្រុស​ម្នាក់​បាន​ថ្លែង​សុន្ទរកថា​ដំបូង​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ក្មេង​ប្រុស​នោះ​ភ័យ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពេល​គាត់​បាន​ចាប់​ផ្ដើម​សុន្ទរកថា​របស់​គាត់ គាត់​បាន​ចាប់​ផ្ដើម​យំ​ខ្សឹក​ខ្សួល។ ប៉ុន្តែ ដោយ​សារ​គាត់​បាន​តាំង​ចិត្ត​ថ្លែង​សុន្ទរកថា​នោះ គាត់​យំ​បែប​នោះ​រហូត​ដល់​ចប់​សុន្ទរកថា​របស់​គាត់​»។ ប្រហែល​ជា​អ្នក​មិន​ឆ្លើយ​នៅ​កិច្ច​ប្រជុំ ឬ​មិន​រួម​ចំណែក​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​កិច្ច​ប្រជុំ ដោយ​សារ​អ្នក​អៀន​ខ្មាស ឬ​ក៏​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ទេ។ បើដូច្នេះ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​នោះ។ លោក​នឹង​ជួយ​អ្នក​ដូច​ដែល​លោក​បាន​ជួយ​ពួក​អ្នក​ដែល​ជា​សិស្សសាលា​កិច្ច​បម្រើ​ផ្សាយ​នៅ​សម័យ​មុន។—សូម​អាន ទំនុក​តម្កើង ៣២:៨

តាំង​ពី​ឆ្នាំ​១៩៤៣ សាសនទូត​ជាង​៨.៥០០​នាក់​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​សាលា​គីលាត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​១៧០​ប្រទេស

១៦​. តើ​អ្វី​ជា​គោល​ដៅ​នៃ​សាលា​គីលាត (​ក​) នៅ​សម័យ​មុន និង (​ខ​) តាំង​ពី​ឆ្នាំ​២០១១?

១៦ អង្គ​ការ​ព្រះ​ក៏​បាន​ផ្ដល់​ការ​បង្ហាត់​បង្រៀន​តាម​រយៈ​សាលា​គីលាត​ដែរ។ គោល​ដៅ​មួយ​នៃ​សាលា​នោះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ចិត្ត​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​កាន់​តែ​ខ្លាំង។ សាលា​គីលាត​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៤៣ ហើយ​តាំង​ពី​ពេល​នោះ​មក សិស្ស​៨.៥០០​នាក់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​១៧០​ប្រទេស។ តាំង​ពី​ឆ្នាំ​២០១១ ពួក​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​នេះ​គឺ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ សមាជិក​បេតអែល ឬ​សាសនទូត​ដែល​មិន​ទាន់​ចូល​សាលា​គីលាត។

១៧​. តើ​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គីលាត​មាន​ប្រសិទ្ធភាព​យ៉ាង​ណា?

១៧ តើ​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គីលាត​មាន​ប្រសិទ្ធភាព​ឬ​ទេ? មាន​ប្រសិទ្ធភាព​មែន។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន។ នៅ​ខែ​សីហា ឆ្នាំ​១៩៤៩ មាន​អ្នក​ផ្សព្វ​ផ្សាយ​តិច​ជាង​១០​នាក់​ក្នុង​ប្រទេស​នោះ។ ប៉ុន្តែ មក​ដល់​ដំណាច់​ឆ្នាំ​នោះ សាសនទូត​១៣​នាក់​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ផ្សាយ​នៅ​តំបន់​នោះ។ សព្វ​ថ្ងៃ​នេះ មាន​អ្នក​ផ្សាយ​ប្រហែល​ជា​២១៦.០០០​នាក់​នៅ​ប្រទេស​ជប៉ុន ហើយ​ស្ទើរតែ​ពាក់​កណ្ដាល​នៃ​ពួក​គេ​គឺ​ជា​អ្នក​ត្រួស​ត្រាយ!

១៨​. តើ​យើង​មាន​សាលា​ផ្សេង​ទៀត​អ្វី​ខ្លះ?

១៨ យើង​មាន​សាលា​ផ្សេង​ទៀត​ជា​ច្រើន​ដូច​ជា​៖ សាលា​កិច្ច​បម្រើ​រាជាណាចក្រ សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ សាលា​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ ព្រម​ទាំង​សាលា​សម្រាប់​សមាជិក​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​និង​ប្រពន្ធ។ សាលា​ទាំង​នេះ​បាន​បង្ហាត់​បង្រៀន​បង​ប្អូន​ដោយ​មាន​ប្រសិទ្ធភាព ហើយ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គាត់។ យើង​អាច​ឃើញ​ច្បាស់​ថា​លោក​យេស៊ូ​កំពុង​បន្ត​បង្ហាត់​បង្រៀន​មនុស្ស​ជា​ច្រើន។

១៩​. តើ​បង​រ៉ាសិល​បាន​និយាយ​យ៉ាង​ណា​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​តើ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

១៩ រាជាណាចក្រ​ព្រះ​បាន​គ្រប់​គ្រង​ជាង​១០០​ឆ្នាំ​ហើយ។ ក្នុង​អំឡុង​ពេល​នោះ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង កំពុង​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ នៅ​ឆ្នាំ​១៩១៦ បង​រ៉ាសិល​បាន​ជឿ​ថា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នឹង​ត្រូវ​ធ្វើ​ឡើង​កាន់​តែ​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក។ គាត់​បាន​និយាយ​ថា​៖ ​«​កិច្ច​ការ​នោះ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​វា​នឹង​បន្ត​កើន​ឡើង ដោយ​សារ​យើង​ត្រូវ​ផ្សព្វ​ផ្សាយ‹ដំណឹង​ល្អ​នៃ​រាជាណាចក្រ›នៅ​ទូ​ទាំង​ពិភព​លោក​»​ (​Faith on the March សៀវភៅ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​អាឡិច​សេន​ដឺ ម៉ាក់មីល្លិន នៅ​ទំព័រ​៦៩​)។ កិច្ច​ការ​នោះ​កំពុង​ធ្វើ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ! យើង​អរគុណ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក!

a បុគ្គល​ភាគ​ច្រើន​ក្នុង​ក្រុម​នោះ​ទំនង​ជា​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក។ ហេតុ​អ្វី​យើង​និយាយ​ដូច្នោះ? ពី​ព្រោះ​សាវ័ក​ប៉ូល​បាន​ហៅ​ពួក​គេ​ថា‹បង​ប្អូន​ប្រាំ​រយ​នាក់›។ គាត់​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​បង​ប្អូន​ភាគ​ច្រើន​ពី​ចំណោម​បង​ប្អូន​ទាំង​នោះ នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ តែ​ពួក​គាត់​ខ្លះ​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ​»។ ដូច្នេះ តាម​មើល​ទៅ​ប៉ូល​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​បាន​ស្គាល់​ពួក​គេ​ជា​ច្រើន​នាក់​ដែល​បាន​ឮ​ដោយ​ផ្ទាល់​នូវ​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​«​អ្វី​ៗ​ល្អ​គ្រប់​យ៉ាង​»​ដើម្បី​ជួយ​យើង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ អ្វី​ៗ​ល្អ​ទាំង​នេះ​រួម​មាន ឧបករណ៍​ផ្សេង​ៗ វិធី​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ និង​ការ​បង្ហាត់​បង្រៀន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក