បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kr ជំ. ១៧ ទំ. ២០៥-២១៥
  • ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ​»​
  • ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ
  • ការ​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ៗ​ដើម្បី​បំពេញ​ភារកិច្ច​ពិសេស
  • សាលាកិច្ចបម្រើ ភ័ស្ដុតាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្នកខំអស់ពីសមត្ថភាពដើម្បីរៀនពីព្រះយេហូវ៉ាឬទេ?
    ២០១១ កិច្ចបម្រើព្រះ
  • តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • សាលាបង្ហាត់ខាងកិច្ចបំរើប្រៀបដូចជាទ្វារយ៉ាងធំបើកឲ្យបំពេញកិច្ចបំរើ
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
kr ជំ. ១៧ ទំ. ២០៥-២១៥

ជំពូក​ទី១៧

ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​រាជាណាចក្រ​ព្រះ

គោល​ចំណុច​នៃ​ជំពូក​នេះ

សាលា​ផ្សេង​ៗ​របស់​អង្គ​ការ​ព្រះ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​រាជាណាចក្រ​ឲ្យ​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​របស់​ខ្លួន

១​-​៣​. តើ​លោក​យេស៊ូ​បាន​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​សំណួរ​អ្វី​ខ្លះ?

អស់​រយៈ​ពេល​ពីរ​ឆ្នាំ លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​តំបន់​កាលីឡេ។ (​សូម​អាន ម៉ាថាយ ៩:៣៥​-​៣៨​) លោក​បាន​ទៅ​ក្រុង​និង​ភូមិ​ជា​ច្រើន ដោយ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ កន្លែង​ណា​ដែល​លោក​ទៅ មនុស្ស​តែង​ចោម​រោម​លោក។ លោក​យេស៊ូ​សង្កេត​ឃើញ​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន​»​ ហើយ​ត្រូវ​ការ​កម្មករ​ថែម​ទៀត​ដើម្បី​ជួយ​ប្រមូល​ផល​ដំណាំ​នោះ។

២ លោក​យេស៊ូ​បាន​រៀប​ចំ​ដើម្បី​ពង្រីក​ទំហំ​នៃ​ការ​ផ្សព្វ​ផ្សាយ​នោះ។ តើ​តាម​របៀប​ណា? គឺ​លោក​បាន​ចាត់​សាវ័ក​១២​នាក់​«​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូក. ៩:១, ២​) ពួក​សាវ័ក​ប្រហែល​ជា​មាន​សំណួរ​អំពី​របៀប​បំពេញ​កិច្ច​ការ​នោះ។ មុន​លោក​យេស៊ូ​ចាត់​ពួក​គេ​ទៅ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ដល់​អ្វី​មួយ​ដែល​បិតា​របស់​លោក​បាន​ផ្ដល់​ឲ្យ​លោក​ផង​ដែរ ពោល​គឺ​ការ​បង្ហាត់​បង្រៀន។

៣ នេះ​ធ្វើ​ឲ្យ​យើង​មាន​សំណួរ​មួយ​ចំនួន​ដូច​ជា តើ​លោក​យេស៊ូ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អ្វី​ខ្លះ​ពី​បិតា​របស់​លោក? តើ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​បង្ហាត់​បង្រៀន​អ្វី​ខ្លះ​ដល់​អ្នក​កាន់​តាម​លោក? ហើយ​ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ​វិញ តើ​ស្តេច​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​បំពេញ​កិច្ច​បម្រើ​ឬ​ទេ? បើ​លោក​បាន​បង្ហាត់​បង្រៀន​ពួក​គេ​មែន តើ​លោក​បាន​បង្រៀន​ពួក​គេ​តាម​របៀប​ណា?

​«​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ​»​

៤​. តើ​លោក​យេស៊ូ​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​បិតា​លោក​នៅ​កន្លែង​ណា និង​នៅ​ពេល​ណា?

៤ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា បិតា​របស់​លោក​បាន​បង្រៀន​លោក។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ​»។ (​យ៉ូន. ៨:២៨​) តើ​លោក​យេស៊ូ​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​បិតា​លោក​នៅ​កន្លែង​ណា និង​នៅ​ពេល​ណា? តាម​មើល​ទៅ លោក​យេស៊ូ​ដែល​ជា​បុត្រ​ច្បង​របស់​ព្រះ​ចាប់​ផ្ដើម​ទទួល​ការ​បង្ហាត់​បង្រៀន​មិន​យូរ​ក្រោយ​ពី​លោក​បាន​ត្រូវ​បង្កើត។ (​កូឡ. ១:១៥​) បុត្រ​ព្រះ​បាន​ចំណាយ​ពេល​អស់រាប់​លាន​ឆ្នាំ​ជា​មួយ​នឹង​បិតា​លោក​នៅ​ស្ថាន​សួគ៌ ដោយ​ស្ដាប់​និង​សង្កេត​មើល​បិតា​លោក​ដែល​ជា​គ្រូ ដែល​គ្មាន‹គ្រូ​ឯ​ណា​ប្រៀប​ផ្ទឹម​នឹង​ទ្រង់​បាន›ឡើយ។ (​យ៉ូប ៣៦:២២​) ជា​លទ្ធផល បុត្រ​ព្រះ​បាន​ទទួល​ការ​អប់រំ​ដ៏​ប្រសើរ​បំផុត​អំពី​គុណ​សម្បត្ដិ កិច្ច​ការ និង​គោល​បំណង​របស់​បិតា​លោក។

៥​. តើ​បិតា​បាន​បង្ហាត់​បង្រៀន​បុត្រ​លោក​អ្វី​ខ្លះ​អំពី​កិច្ច​បម្រើ​ដែល​លោក​ត្រូវ​ធ្វើ​នៅ​ផែន​ដី?

៥ នៅ​ពេល​កំណត់ ព្រះ​យេហូវ៉ា​បាន​បង្រៀន​បុត្រ​របស់​លោក​អំពី​កិច្ច​បម្រើ​ដែល​បុត្រ​លោក​ត្រូវ​ធ្វើ​នៅ​ផែន​ដី។ សូម​ពិចារណា​ទំនាយ​មួយ​ដែល​បញ្ជាក់​ទំនាក់​ទំនង​រវាង​គ្រូ​ដ៏​ឧត្តម​បំផុត និង​បុត្រ​ច្បង​របស់​លោក។ (​សូម​អាន អេសាយ ៥០:៤, ៥​) ទំនាយ​នោះ​ចែង​ថា ព្រះ​យេហូវ៉ា​បាន​ដាស់​បុត្រ​លោក​«​រាល់​តែ​ព្រឹក​»។ ការ​ព័ណ៌នា​នេះ​ធ្វើ​ឲ្យ​នឹក​ឃើញ​គ្រូ​ដែល​ដាស់​សិស្ស​រាល់​ព្រឹក​ដើម្បី​បង្រៀន​គាត់។ ឯកសារ​យោង​មួយ​អំពី​គម្ពីរ​បញ្ជាក់​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . ហាក់​ដូច​ជា​នាំ[​បុត្រ​]លោក​ចូល​សាលា​រៀន​ដូច​ជា​សិស្ស​ម្នាក់ ហើយ​បង្រៀន​លោក​នូវ​អ្វី​ដែល​លោក​ត្រូវ​ផ្សព្វ​ផ្សាយ​»។ នៅ​ស្ថាន​សួគ៌​ដែល​ប្រៀប​ដូច​ជា​«​សាលា​»​របស់​បុត្រ​លោក នោះ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​លោក​នូវ‹អ្វី​ដែល​លោក​ត្រូវ​ប្រាប់ និង​អ្វី​ដែល​លោក​ត្រូវ​និយាយ›។ (​យ៉ូន. ១២:៤៩​) បិតា​ក៏​បាន​បង្រៀន​បុត្រ​លោក​អំពី​របៀប​បង្រៀន​ផង​ដែរ។a កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​អនុវត្ត​អ្វី​ដែល​លោក​បាន​រៀន​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត មិន​គ្រាន់​តែ​ដោយ​បំពេញ​កិច្ច​បម្រើ​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​ដោយ​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​ដែរ។

៦, ៧​. (​ក​) តើ​លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​សាវ័ក​របស់​លោក​អំពី​អ្វី ហើយ​តើ​នោះ​បាន​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ខ្លះ? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​លោក​យេស៊ូ​បាន​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា​អ្នក​កាន់​តាម​លោក​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​បែប​ណា?

៦ តើ​លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​សាវ័ក​របស់​លោក​អំពី​អ្វី​ខ្លះ? យោង​ទៅ​តាម​ម៉ាថាយ​ជំពូក​ទី​១០ លោក​យេស៊ូ​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​អំពី​ការ​ផ្សព្វ​ផ្សាយ រួម​ទាំង​ចំណុច​ដូច​ត​ទៅ​នេះ​ថា: ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា (​ខ​៥​និង​៦​) ត្រូវ​ផ្សព្វ​ផ្សាយ​អំពី​អ្វី (​ខ​៧​) ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា (​ខ​៩​និង​១០​) របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ (​ខ​១១​-​១៣​) របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ពេល​ដែល​មនុស្ស​មិន​ចង់​ស្ដាប់ (​ខ​១៤​និង​១៥​) និង​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​មាន​ការ​បៀត​បៀន (​ខ​១៦​-​២៣​)។b ការ​បង្ហាត់​បង្រៀន​ជាក់​លាក់​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​សាវ័ក​របស់​លោក បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​នាំ​មុខ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី១ គ.ស.។

៧ ចុះ​យ៉ាង​ណា​វិញ​សព្វ​ថ្ងៃ​នេះ? លោក​យេស៊ូ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ បាន​ផ្ដល់​ភារកិច្ច​ដ៏​ធំ​បំផុត​ដល់​អ្នក​កាន់​តាម​លោក គឺ​ការ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ . . . នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»។ (​ម៉ាថ. ២៤:១៤​) តើ​ស្តេច​បាន​បង្ហាត់​បង្រៀន​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​បំផុត​នេះ​ឬ​ទេ? លោក​ពិត​ជា​បាន​បង្ហាត់​បង្រៀន​យើង​មែន! ពី​ស្ថាន​សួគ៌ ស្តេច​បាន​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា​អ្នកកាន់​តាម​លោក​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អំពី​របៀប​ផ្សព្វ​ផ្សាយ​ក្រៅ​ក្រុម​ជំនុំ និង​អំពី​របៀប​បំពេញ​ភារកិច្ច​ពិសេស​ក្នុង​ក្រុម​ជំនុំ។

ការ​បង្ហាត់​បង្រៀន​អ្នក​បម្រើ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

៨, ៩​. (​ក​) តើ​អ្វី​ជា​គោល​បំណង​សំខាន់​បំផុត​នៃ​សាលា​កិច្ច​បម្រើ​ផ្សាយ? (​ខ​) តើ​តាម​របៀប​ណា​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍​បាន​ជួយ​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ?

៨ តាំង​ពី​យូរ​យារ​មក​ហើយ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​សន្និបាត មហា​សន្និបាត និង​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ ដូច​ជា​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ជា​ដើម ដើម្បី​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​ព្រះ​ឲ្យ​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ។ ក៏​ប៉ុន្តែ ក្រោយ​ឆ្នាំ​១៩៤០ បង​ប្អូន​ដែល​នាំ​មុខ​នៅ​មន្ទីរ​ចាត់​ការ​ចាប់​ផ្ដើម​រៀប​ចំ​ការ​បង្ហាត់​បង្រៀន​តាម​រយៈ​សាលា​ផ្សេង​ៗ។

៩ សាលា​កិច្ច​បម្រើ​ផ្សាយ: ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​១៦​នោះ សាលា​កិច្ច​បម្រើ​ផ្សាយ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៤៣។ តើ​គោល​បំណង​នៃ​សាលា​នេះ​ត្រឹម​តែ​បង្ហាត់​បង្រៀន​សិស្ស​ដើម្បី​ថ្លែង​សុន្ទរកថា​ដែល​មាន​ប្រសិទ្ធភាព​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ គោល​បំណង​នៃ​សាលា​នោះ​គឺ​ដើម្បី​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​ព្រះ​ឲ្យ​ចេះ​ប្រើ​សមត្ថភាព​និយាយ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ទំនុក. ១៥០:៦​) សាលា​នោះ​បង្កើន​សមត្ថភាព​បង​ប្រុស​បង​ស្រី​ទាំង​អស់​គ្នា​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​រាជាណាចក្រ។ នៅ​សព្វ​ថ្ងៃ​នេះ ការ​បង្ហាត់​បង្រៀន​ដូច​នោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍។

១០, ១១​. សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​អាច​ចូល​សាលា​គីលាត ហើយ​តើ​វគ្គ​សិក្សា​នៅ​សាលា​នោះ​មាន​គោល​បំណង​អ្វី?

១០ សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម: សាលា​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​១៩៤៣។ នៅ​ដើម​ដំបូង គោល​បំណង​នៃ​សាលា​នោះ​គឺ​បង្ហាត់​បង្រៀន​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​និង​អ្នក​ឯ​ទៀត​ដែល​បម្រើ​ពេញ​ពេល ដើម្បី​ធ្វើ​ជា​សាសនទូត​នៅ​ប្រទេស​ផ្សេង។ ប៉ុន្តែ​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ អ្នក​ដែល​អាច​ចូល​រួម​បាន​មាន​តែ​អ្នក​ដែល​កំពុង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស​ប៉ុណ្ណោះ ពោល​គឺ​អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ប្រពន្ធ អ្នក​បម្រើ​នៅ​បេតអែល និង​សាសនទូត​ដែល​មិន​ទាន់​ចូល​រួម​សាលា​នោះ។

១១ តើ​វគ្គ​សិក្សា​នៅ​សាលា​គីលាត​មាន​គោល​បំណង​អ្វី? អ្នក​បង្ហាត់​បង្រៀន​យូរ​ឆ្នាំ​ម្នាក់​នៅ​សាលា​នោះ​ឆ្លើយ​ថា​៖ ​«​គោល​បំណង​គឺ​ដើម្បី​ពង្រឹង​ជំនឿ​របស់​សិស្ស តាម​រយៈ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ស៊ី​ជម្រៅ និង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ។ គោល​បំណង​សំខាន់​មួយ​ទៀត​នៃ​សាលា​នោះ គឺ​ដើម្បី​ជំរុញ​ចិត្ត​សិស្ស​ឲ្យ​ចង់​ចូល​រួម​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​»។—អេភ. ៤:១១

១២, ១៣​. តើ​សាលា​គីលាត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក? សូម​ឲ្យ​ឧទាហរណ៍។

១២ តើ​សាលា​គីលាត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក? តាំង​ពី​ឆ្នាំ​១៩៤៣ បង​ប្អូន​ជាង​៨.៥០០​នាក់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​នោះc ហើយ​សាសនទូត​ដែល​បាន​រៀន​នៅ​សាលា​នោះ​បាន​បម្រើ​នៅ​ជាង​១៧០​ប្រទេស​ទូ​ទាំង​ពិភព​លោក។ សាសនទូត​អនុវត្ត​ការ​បង្ហាត់​បង្រៀន​ដែល​ពួក​គេ​បាន​ទទួល ដោយ​ទុក​គំរូ​ល្អ​ស្តី​អំពី​ការ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ។ ពួក​គេ​ក៏​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​ករណី​ជា​ច្រើន សាសនទូត​ជា​អ្នក​ដែល​បាន​នាំ​មុខ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​មិន​សូវ​មាន​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ឬ​មិន​មាន​អ្នក​ផ្សព្វ​ផ្សាយ​សោះ។

១៣ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ សឹង​តែ​គ្មាន​ការ​ផ្សព្វ​ផ្សាយ​សោះ។ មក​ដល់​ខែ​សីហា ឆ្នាំ​១៩៤៩ មាន​អ្នក​ផ្សាយ​តិច​ជាង​១០​នាក់​នៅ​ប្រទេស​ជប៉ុន។ ក៏​ប៉ុន្តែ មក​ដល់​ដំណាច់​ឆ្នាំ​នោះ មាន​សាសនទូត​១៣​នាក់​ដែល​បាន​រៀន​នៅ​សាលា​គីលាត កំពុង​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ។ ក្រោយ​មក សាសនទូត​ច្រើន​នាក់​ទៀត​បាន​មក។ នៅ​ដើម​ដំបូង សាសនទូត​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ធំ​ៗ។ ក្រោយ​មក ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ឯ​ទៀត។ សាសនទូត​ទាំង​នោះ​បាន​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​របស់​ពួក​គេ និង​អ្នក​ឯ​ទៀត​ឲ្យ​ត្រួស​ត្រាយ។ ការ​ខ្នះ​ខ្នែង​របស់​សាសនទូត​បាន​បង្កើត​ផល​ច្រើន។ ឥឡូវ​មាន​អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ជាង​២១៦.០០០​នាក់​នៅ​ប្រទេស​ជប៉ុន ហើយ​ជិត​៤០​ភាគ​រយ​ជា​អ្នក​ត្រួស​ត្រាយ!d

១៤​. តើ​សាលា​ផ្សេង​ៗ​របស់​អង្គ​ការ​ព្រះ​ជា​ភ័ស្តុតាង​ច្បាស់​លាស់​អំពី​អ្វី? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​សាលា​ផ្សេង​ៗ​ដែល​បង្ហាត់​បង្រៀន​អ្នក​បម្រើ​រាជាណាចក្រ​ព្រះ​»​)

១៤ សាលា​ឯ​ទៀត​របស់​អង្គ​ការ​ព្រះ: សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ និង​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ បាន​ជួយ​អ្នក​ដែល​ចូល​រួម​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​នាំ​មុខ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។e សាលា​ទាំង​អស់​នេះ​ជា​ភ័ស្តុតាង​ច្បាស់​លាស់​ដែល​បង្ហាញ​ថា ស្តេច​របស់​យើង​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​គ្រប់​លក្ខណៈ​ដើម្បី​បំពេញ​កិច្ច​បម្រើ។—២ធី. ៤:៥

ការ​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ៗ​ដើម្បី​បំពេញ​ភារកិច្ច​ពិសេស

១៥​. តើ​បុរស​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ចង់​ធ្វើ​តាម​គំរូ​អ្វី​របស់​លោក​យេស៊ូ?

១៥ សូម​គិត​អំពី​ទំនាយ​របស់​អេសាយ​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​នឹង​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​ព្រះ។ ក្នុង​«​សាលា​»​ស្ថាន​សួគ៌​នោះ បុត្រ​ព្រះ​បាន​រៀន​របៀប‹ប្រើ​ពាក្យ​សំ​ដី ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង›។ (​អេ. ៥០:៤​) លោក​យេស៊ូ​បាន​អនុវត្ត​ការ​ណែនាំ​នោះ។ កាល​ដែល​លោក​នៅ​ផែន​ដី លោក​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​«​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​»​ មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ (​ម៉ាថ. ១១:២៨​-​៣០​) តាម​គំរូ​របស់​លោក​យេស៊ូ បុរស​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ចង់​ធ្វើ​ឲ្យ​បង​ប្អូន​មាន​កម្លាំង​ចិត្ត​ឡើងវិញ។ ដើម្បី​សម្រេច​គោល​បំណង​នោះ សាលា​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង ដើម្បី​ជួយ​បង​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​បម្រើ​បង​ប្អូន​រួម​ជំនឿ។

១៦, ១៧​. តើ​អ្វី​ជា​គោល​បំណង​នៃ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

១៦ សាលា​កិច្ច​បម្រើ​រាជាណាចក្រ: វគ្គ​សិក្សា​ដំបូង​បង្អស់​នៃ​សាលា​នេះ បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​១៩៥៩ នៅ​ក្រុង​សោត​ឡាន​ស៊ី​ង រដ្ឋ​ញូវយ៉ក។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ព្រម​ទាំង​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​វគ្គ​សិក្សា​មួយ​ខែ​នោះ។ ក្រោយ​មក វគ្គ​សិក្សា​នោះ​បាន​ត្រូវ​បក​ប្រែ​ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ផ្សេង​ៗ ហើយ​បន្ដិច​ម្ដង​ៗ បង​ប្រុស​ៗ​ទូ​ទាំង​ពិភព​លោក​ចាប់​ផ្ដើម​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​សាលា​នោះ។f

បងឡយដ៍ បារីកំពុងបង្រៀននៅសាលាកិច្ចបម្រើរាជាណាចក្រ នាប្រទេសជប៉ុន ឆ្នាំ១៩៧០

បង​ឡយដ៍ បារី​កំពុង​បង្រៀន​នៅ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ នា​ប្រទេស​ជប៉ុន ឆ្នាំ​១៩៧០

១៧ ស្តី​អំពី​គោល​បំណង​នៃ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា សម្រាប់​ឆ្នាំ​១៩៦២ បាន​ចែង​ថា​៖ ​«​ក្នុង​ពិភព​លោក​ដ៏​រវល់​ខ្លាំង​នេះ អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា ត្រូវ​ជា​បុរស​ដែល​រៀប​ចំ​ជីវិត​របស់ខ្លួន​ដើម្បី​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ហើយ​ធ្វើ​ជា​ពរ​សម្រាប់​ពួក​គេ។ ក៏​ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​ជួយ​ក្រុម​ជំនុំ​រហូត​ដល់​ភ្លេច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ចេះ​ពិចារណា។ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ពី​ប្រទេស​ផ្សេង​ៗ​មាន​ឱកាស​ដ៏​អស្ចារ្យ​ណាស់ គឺ​ពួក​គេ​អាច​ជួប​ជុំ​គ្នា​នៅ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​បំពេញ​កិច្ច​ការ​ដែល​គម្ពីរ​ចែង​ថា​អ្នក​ត្រួត​ពិនិត្យ​គួរ​បំពេញ!​»។—១ធី. ៣:១​-​៧; ទីត. ១:៥​-​៩

១៨​. តើ​តាម​របៀប​ណា​រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​ទទួល​ប្រយោជន៍​ពី​សាលា​កិច្ច​បម្រើ​រាជាណាចក្រ?

១៨ រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​បាន​ទទួល​ប្រយោជន៍​ពី​សាលា​កិច្ច​បម្រើ​រាជាណាចក្រ។ តើ​ពួក​គេ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? ពេល​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​អនុវត្ត​អ្វី​ដែល​ពួក​គាត់​បាន​រៀន​នៅ​សាលា​នោះ ពួក​គាត់​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដែរ។ ពេល​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ សរសើរ​អ្នក ស្ដាប់​អ្នក ឬ​មក​លេង​ផ្ទះ​របស់​អ្នក​ដើម្បី​លើក​ទឹក​ចិត្ត នោះ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ណាស់ មែន​ទេ? (​១ថែ. ៥:១១​) បុរស​ដែល​មាន​គុណ​សម្បត្ដិ​បែប​នេះ ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ទទួល​ពរ​មែន!

១៩​. តើ​គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន ត្រួត​ពិនិត្យ​សាលា​អ្វី​ទៀត ហើយ​តើ​សាលា​ទាំង​នោះ​មាន​គោល​បំណង​អ្វី?

១៩ សាលា​ឯ​ទៀត​របស់​អង្គ​ការ​ព្រះ: គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន​នៃ​គណៈ​អភិបាល ត្រួត​ពិនិត្យ​សាលា​ឯ​ទៀត​ដែល​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ៗ​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​អង្គ​ការ​យើង។ សាលា​ទាំង​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​បង​ប្រុស​ៗ​ដែល​មាន​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា ឲ្យ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ប្រសិទ្ធភាព​ច្រើន​ជាង។ វគ្គ​សិក្សា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទាំង​នេះ លើក​ទឹក​ចិត្ត​បង​ប្រុស​ៗ​ឲ្យ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​ចៀម​ជា​ទី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ញើ​ទុក​នឹង​ពួក​គេ។—១ពេ. ៥:១​-​៣

សាលាបង្ហាត់ខាងកិច្ចបម្រើដំបូងនៅប្រទេសម៉ាឡាវី

សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ​ដំបូង នៅ​ប្រទេស​ម៉ាឡាវី នា​ឆ្នាំ​២០០៧

២០​. ហេតុ​អ្វី​លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ថា​យើង​ទាំង​អស់​គ្នា‹បាន​ត្រូវ​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា› ហើយ​តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ យើង​អាច​ឃើញ​ច្បាស់​ថា ស្តេច​ដែល​ជា​មេស្ស៊ី​បាន​ចាត់​ចែង​ឲ្យ​ប្រាកដ​ថា​អ្នក​កាន់​តាម​លោក​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​ល្អ​ប្រសើរ។ ការ​បង្ហាត់​បង្រៀន​ទាំង​អស់​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​តាម​លំដាប់​ថ្នាក់ គឺ​ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​បុត្រ​លោក ហើយ​បុត្រ​លោក​បាន​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា‹បាន​ត្រូវ​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា›។ (​យ៉ូន. ៦:៤៥; អេ. ៥៤:១៣​) សូម​ឲ្យ​យើង​តាំង​ចិត្ត​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​បង្ហាត់​បង្រៀន​ដែល​ស្តេច​របស់​យើង​បាន​រៀប​ចំ​ឲ្យ​យើង។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​ចាំ​មិន​ភ្លេច​ថា គោល​បំណង​នៃ​ការ​បង្ហាត់​បង្រៀន​នេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​ជា​លទ្ធផល​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក។

a ហេតុ​អ្វី​យើង​ដឹង​ថា​បិតា​បាន​បង្រៀន​បុត្រ​លោក​អំពី​របៀប​បង្រៀន? សូម​ពិចារណា​ថា​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ជា​ច្រើន​ពេល​ដែល​លោក​បង្រៀន។ នេះ​គឺ​សម​ស្រប​តាម​ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​រាប់​រយ​ឆ្នាំ​មុន​លោក​យេស៊ូ​កើត​នៅ​ផែន​ដី។ (​ទំនុក. ៧៨:២; ម៉ាថ. ១៣:៣៤, ៣៥​) ព្រះ​យេហូវ៉ា​ជា​អ្នក​ដឹក​នាំ​ឲ្យ​សរសេរ​ទំនាយ​នោះ។ ដូច្នេះ​នេះ​បញ្ជាក់​ថា​លោក​បាន​សម្រេច​ចិត្ត​ជា​យូរ​ទុក​ជា​មុន​ថា បុត្រ​របស់​លោក​នឹង​បង្រៀន​ដោយ​ប្រើ​ឧទាហរណ៍។—២ធី. ៣:១៦, ១៧

b ប៉ុន្មាន​ខែ​ក្រោយ​មក លោក​យេស៊ូ​បាន​«​រើស​ចិតសិប​នាក់​ទៀត ក៏​ចាត់​គេ​ជា​គូ​ៗ​»​ ដើម្បី​ផ្សព្វ​ផ្សាយ។ លោក​ក៏​បាន​បង្ហាត់​បង្រៀន​ពួក​គេ​ដែរ។—លូក. ១០:១​-​១៦

c បង​ប្អូន​ខ្លះ​បាន​ចូល​រួម​សាលា​គីលាត​លើស​ពី​ម្ដង។

d ដើម្បី​ដឹង​ថែម​ទៀត​ថា​សាសនទូត​ពី​សាលា​គីលាត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក សូម​មើល​សៀវភៅ​សាក្សី​ព្រះ​យេហូវ៉ា​ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ (​Jehovah’s Witnesses—Proclaimers of God’s Kingdom​) ជំពូក​ទី​២៣។

e សាលា​ទាំង​ពីរ​ដែល​រៀប​រាប់​ចុង​ក្រោយ​នោះ​បាន​ត្រូវ​ជំនួស​ដោយ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។

f ឥឡូវ​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​ដែល​មាន​រយៈ​ពេល​ខុស​ៗ​គ្នា ហើយ​ត្រូវ​រៀប​ចំ​ឡើង​ពីរ​បី​ឆ្នាំ​ម្ដង។ តាំង​ពី​ឆ្នាំ​១៩៨៤ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក៏​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​នោះ​ដែរ។

តើ​រាជាណាចក្រ​គឺ​ពិត​ប្រាកដ​យ៉ាង​ណា​ចំពោះ​អ្នក?

  • តើ​លោក​យេស៊ូ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អ្វី​ពី​បិតា​លោក?

  • តើ​តាម​របៀប​ណា​ស្តេច​របស់​យើង​បាន​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

  • តើ​តាម​របៀប​ណា​បង​ប្អូន​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​បំពេញ​ភារកិច្ច​របស់​ខ្លួន?

  • តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​ការ​បង្ហាត់​បង្រៀន​ដែល​ស្តេច​បាន​ផ្ដល់​ឲ្យ?

សាលា​ផ្សេង​ៗ​ដែល​បង្ហាត់​បង្រៀន​អ្នក​បម្រើ​រាជាណាចក្រ​ព្រះ

កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អំពី​ដំណឹង​ល្អ។

រយៈ​ពេល: មាន​ជា​បន្ត។

ទី​កន្លែង: សាល​ប្រជុំ​នៅ​ក្នុង​តំបន់។

របៀប​ចុះ​ឈ្មោះ: ដើម្បី​ចុះ​ឈ្មោះ សូម​និយាយ​ជា​មួយ​នឹង​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។ អស់​អ្នក​ដែល​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​ជំនុំ យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ និង​ដែល​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​គ្រិស្ត​សាសនិក។

ប្រយោជន៍: កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍​បាន​បង្រៀន​យើង​ឲ្យ​ចេះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ហើយ​ឲ្យ​ចេះ​ផ្ដល់​ព័ត៌មាន​យ៉ាង​សម​ហេតុ​ផល។ យើង​ក៏​រៀន​ផ្ដោត​អារម្មណ៍​មិន​មែន​ទៅ​លើ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ តែ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

បង​អារនី​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​យូរ​ឆ្នាំ​មាន​យោបល់​ថា៖ «តាំង​ពី​តូច​ដល់​ធំ ខ្ញុំ​និយាយ​ត្រដិត​ឬ​និយាយ​ជាប់ៗ​អណ្ដាត ហើយ​ពិបាក​មើល​ចំ​មុខ​អ្នក​ឯ​ទៀត។ ប៉ុន្តែ​[កិច្ច​ប្រជុំ]​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុក​ចិត្ត ហើយ​ឲ្យ​តម្លៃ​លើ​ខ្លួន​ច្រើន​ជាង។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​បង្ហាត់​បង្រៀន​នេះ ខ្ញុំ​បាន​រៀន​របៀប​គ្រប់​គ្រង​ដង្ហើម​និង​របៀប​ផ្ចង់​អារម្មណ៍។ ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​ខ្ញុំ​មាន​សមត្ថភាព​សរសើរ​លោក ក្នុង​ក្រុម​ជំនុំ និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ»។

អ្នកផ្សាយវ័យក្មេងម្នាក់អានអំណានគម្ពីរក្នុងសាលាកិច្ចបម្រើផ្សាយ

សាលា​សម្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំg

គោល​បំណង: ដើម្បី​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ។

រយៈ​ពេល: ប្រាំ​ថ្ងៃ។

ទី​កន្លែង: តាម​ការ​សម្រេច​របស់​ការិយាល័យ​សាខា ជា​ធម្មតា​នៅ​សាល​ប្រជុំ ឬ​សាល​សន្និបាត។

របៀប​ចុះ​ឈ្មោះ: ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ចាស់​ទុំ។

ប្រយោជន៍: សូម​កត់​សម្គាល់​នូវ​យោបល់​របស់​បង​ប្អូន​ខ្លះ​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​៩២ នា​សហរដ្ឋ​អាម៉េរិក:

​«​ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​សាលា​នេះ។ សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ពិចារណា​អំពី​ខ្លួន​ខ្ញុំ ហើយ​ដឹង​នូវ​របៀប​ថែ​រក្សា​ចៀម​របស់​ព្រះ​យេហូវ៉ា​»។

​«​ខ្ញុំ​នឹង​ប្រើ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​រៀន​ពី​សាលា​នេះ​អស់​មួយ​ជីវិត​របស់​ខ្ញុំ​»។

សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ

គោល​បំណង: ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឲ្យ‹បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក›។—២ធី. ៤:៥

រយៈ​ពេល: ប្រាំមួយ​ថ្ងៃ។

ទី​កន្លែង: តាម​ការ​សម្រេច​របស់​ការិយាល័យ​សាខា ធម្មតា​ធ្វើ​នៅ​សាល​ប្រជុំ។

របៀប​ចុះ​ឈ្មោះ: អ្នក​ដែល​បាន​ត្រួស​ត្រាយ​ពេញ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ​មាន​ឈ្មោះ​ជា​ស្វ័យប្រវត្ដិ ហើយ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង។ បង​ប្អូន​ខ្លះ​ដែល​បាន​ត្រួស​ត្រាយ​យូរ​ឆ្នាំ​ហើយ តែ​មិន​បាន​ចូល​រួម​សាលា​នោះ​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​កន្លង​ទៅ​ហើយ ប្រហែល​ជា​អាច​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ម្ដង​ទៀត។

ប្រយោជន៍: បង​ស្រី​លីលី​បាន​និយាយ​ថា​៖ ​«​សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​នូវ​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ និង​ក្នុង​ជីវិត​របស់​ខ្ញុំ។ របៀប​ដែល​ខ្ញុំ​សិក្សា បង្រៀន និង​ប្រើ​គម្ពីរ គឺ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់។ ខ្ញុំ​ត្រៀម​លក្ខណៈ​បាន​ប្រសើរ​ជាង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ដើម្បី​គាំ​ទ្រ​អ្នក​ចាស់​ទុំ និង​ដើម្បី​ជួយ​ក្រុម​ជំនុំ​ឲ្យ​រីក​ចម្រើន​»។

បង​ប្រេនដឺ​ដែល​បាន​ចូល​រៀន​នៅ​សាលា​នេះ​ពីរ​ដង​ហើយ កត់​សម្គាល់​ថា​៖ ​«​សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​ខ្ញុំ ពង្រឹង​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ ហើយ​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ជួយ​អ្នក​ឯ​ទៀត។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ចិត្ត​ទូលាយ​មែន!​»។

សាលា​បេតអែល​សម្រាប់​សមាជិក​ថ្មី

គោល​បំណង: សាលា​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ថ្មី​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់​នៅ​បេតអែល​ដោយ​ជោគ​ជ័យ។

រយៈ​ពេល: បួន​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​បួន​ម៉ោង។

ទី​កន្លែង: បេតអែល។

របៀប​ចុះ​ឈ្មោះ: សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​គ្រួសារ​បេតអែល ឬ​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បណ្ដោះ​អាសន្ន​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បម្រើ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ឬ​យូរ​ជាង មាន​ឈ្មោះ​ជា​ស្វ័យប្រវត្ដិ។

ប្រយោជន៍: បង​ដេមេទ្រាស​ដែល​បាន​ចូល​រៀន​នៅ​សាលា​នេះ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​និយាយ​ថា​៖ ​«​សាលា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទម្លាប់​សិក្សា​កាន់​តែ​ប្រសើរ​ឡើង ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​បម្រើ​នៅ​បេតអែល​ឲ្យ​បាន​យូរ​អង្វែង។ ឱវាទ​ដ៏​មាន​ប្រយោជន៍ កម្ម​វិធី​សិក្សា និង​អ្នក​បង្ហាត់​បង្រៀន បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ ហើយ​លោក​ចង់​ឲ្យ​ខ្ញុំ​បាន​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​របស់​ខ្ញុំ​នៅ​បេតអែល​»។

សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះh

គោល​បំណង: ដើម្បី​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ពិសេស​ដល់​បង​ប្អូន​ដែល​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ហើយ គឺ​ប្ដី​ប្រពន្ធ​និង​បង​ប្អូន​ប្រុស​ស្រី​ដែល​នៅ​លីវ។ ក្រោយ​ពី​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នេះ ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក​អាច​ប្រើ​ពួក​គេ​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ។ បង​ប្អូន​ជា​ច្រើន​ដែល​រៀន​នៅ​សាលា​នេះ នឹង​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ស្រុក​កំណើត​របស់​ខ្លួន នា​តំបន់​ដែល​ត្រូវ​ការ​បង​ប្អូន​ច្រើន​ជាង។ បង​ប្អូន​ដែល​រៀន​នៅ​សាលា​នេះ ហើយ​មាន​អាយុ​ក្រោម​៥០​ឆ្នាំ ប្រហែល​ជា​នឹង​ត្រូវ​ចាត់​ឲ្យ​បម្រើ​បណ្ដោះ​អាសន្ន​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ដើម្បី​ចាប់​ផ្ដើម​និង​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល។

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: តាម​ការ​សម្រេច​របស់​ការិយាល័យ​សាខា ធម្មតា​ធ្វើ​នៅ​សាល​ប្រជុំ​ឬ​សាល​សន្និបាត។

បងស្រីម្នាក់ពេលផ្សព្វផ្សាយ

បង​ប្អូន​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាត់​បង្រៀន​ដែល​មក​ពី​អង្គ​ការ​របស់​ព្រះ

របៀប​ចុះ​ឈ្មោះ: បង​ប្អូន​ដែល​អាច​សុំ​ចុះ​ឈ្មោះ​គឺ​អ្នក​ដែល​មាន​អាយុ​រវាង​២៣​ឆ្នាំ​និង​៦៥​ឆ្នាំ​ដែល​កំពុង​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល មាន​សុខភាព​ល្អ ហើយ​ដែល​អាច​បម្រើ​នៅ​កន្លែង​ណា​ដែល​ត្រូវ​ការ​បង​ប្អូន​ច្រើន​ជាង ហើយ​ដែល​មាន​គំនិត​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ​»។ (​អេ. ៦:៨​) បង​ប្អូន​ទាំង​អស់​ដែល​ចូល​រួម​សាលា​នេះ ទោះ​ជា​នៅ​លីវ​ឬ​បាន​រៀប​ការ​ហើយ​ក្ដី ត្រូវ​ជា​អ្នក​បម្រើ​ពេញ​ពេល​យ៉ាង​តិច​ពីរ​ឆ្នាំ ដោយ​មិន​បាន​ផ្អាក​កិច្ច​បម្រើ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​នោះ។ ប្ដី​ប្រពន្ធ​ត្រូវ​រៀប​ការ​យ៉ាង​តិច​ពីរ​ឆ្នាំ​ហើយ។ បង​ប្រុស​ៗ​ត្រូវ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​យ៉ាង​តិច​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​គ្នា។ បើ​មាន​សាលា​នោះ​ក្នុង​តំបន់​ការិយាល័យ​សាខា​របស់​អ្នក នោះ​នឹង​មាន​កិច្ច​ប្រជុំ​នៅ​មហា​សន្និបាត​តាម​ភូមិ​ភាគ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​បង​ប្អូន​ដែល​ចង់​ចុះ​ឈ្មោះ។

ប្រយោជន៍: បង​ប្អូន​ជា​ច្រើន​ដែល​បាន​រៀន​នៅ​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ​ឬ​សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ បាន​និយាយ​ល្អ​ៗ​អំពី​សាលា​នោះ។ នៅឆ្នាំ​២០១៣ គណៈ​អភិបាល​បាន​បញ្ចូល​សាលា​ពីរ​នេះ​ជា​សាលា​តែ​មួយ ហៅ​ថា​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ឥឡូវ​អ្នក​ត្រួស​ត្រាយ​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​អាច​ទទួល​ប្រយោជន៍​ពី​វគ្គ​សិក្សា​នោះ រួម​ទាំង​បង​ស្រី​ដែល​នៅ​លីវ។

សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​បម្រើ​ជា​សាសនទូត អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​ឲ្យ​ធ្វើ​ការ​នៅ​បេតអែល។ អ្នក​ដែល​រៀន​នៅ​សាលា​នេះ​ប្រើ​ការ​បង្ហាត់​បង្រៀន​ដែល​ពួក​គេ​បាន​ទទួល ដើម្បី​ពង្រឹង​កិច្ច​ផ្សព្វ​ផ្សាយ​និង​ជួយ​ឲ្យ​ការិយាល័យ​សាខា​មាន​ដំណើរ​ការ​ល្អ​ជាង។

រយៈ​ពេល: ប្រាំ​ខែ។

ទី​កន្លែង: មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉ម​យាម នៅ​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក។

អ្នករៀននៅក្នុងថ្នាក់នៃសាលាគីលាតស្ដាប់អ្នកបង្រៀន

សាលា​គីលាត​នៅ​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក

របៀប​ចុះ​ឈ្មោះ: ប្ដី​ប្រពន្ធ​និង​បង​ប្អូន​ដែល​នៅ​លីវ ដែល​កំពុង​បម្រើ​ពេញ​ពេល​ពិសេស រួម​ទាំង​សាសនទូត​ដែល​មិន​ទាន់​បាន​ចូល​សាលា​នេះ អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ប្រពន្ធ ឬ​អ្នក​ធ្វើ​ការ​នៅ​បេតអែល អាច​ត្រូវ​អញ្ជើញ​ដោយ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ឲ្យ​ចុះ​ឈ្មោះ។ ពួក​គាត់​ត្រូវ​ចេះ​និយាយ អាន និង​សរសេរ​ភាសា​អង់គ្លេស។

ប្រយោជន៍: បង​ឡាដេ​និង​បង​ម៉ូនីក​ដែល​ជា​ប្ដី​ប្រពន្ធ​មក​ពី​សហរដ្ឋ​អាម៉េរិក ហើយ​បាន​បម្រើ​អស់​ប៉ុន្មាន​ឆ្នាំ​នៅ​កន្លែង​ដែល​អង្គ​ការ​យើង​បាន​ចាត់​ឲ្យ​ទៅ​នោះ និយាយ​ថា​៖

បង​ឡាដេ:​«​សាលា​គីលាត​បាន​ជួយ​យើង​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ទៅ​កន្លែង​ណា​ក៏​ដោយ​ក្នុង​ពិភព​លោក ហើយ​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ជា​មួយ​នឹង​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​»។

បង​ម៉ូនីក:​«​ពេល​ខ្ញុំ​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ភារកិច្ច​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​អំណរ​នោះ​គឺ​ជា​ភ័ស្តុតាង​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​»។

សាលា​កិច្ច​បម្រើ​រាជាណាចក្រ

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​ចាស់​ទុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឲ្យ​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ជា​អ្នក​ត្រួត​ពិនិត្យ និង​ភារកិច្ច​ឯ​ទៀត​ក្នុង​អង្គ​ការ​របស់​ព្រះ។ (​សកម្ម. ២០:២៨​) ស្ថានភាព និន្នាការ និង​សេចក្ដី​ត្រូវ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ក្រុម​ជំនុំ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា។ សាលា​នេះ​នឹង​ធ្វើ​ឡើង​ពីរ​បី​ឆ្នាំ​ម្ដង​តាម​ការ​សម្រេច​របស់​គណៈ​អភិបាល។

រយៈ​ពេល: នៅ​ពេល​ថ្មី​ៗ​នេះ សាលា​នេះ​មាន​រយៈ​ពេល​ខុស​ៗ​គ្នា។

ទី​កន្លែង: ជា​ធម្មតា​នៅ​សាល​ប្រជុំ​ឬ​នៅ​សាល​សន្និបាត។

របៀប​ចុះ​ឈ្មោះ: អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទទួល​សេចក្ដី​អញ្ជើញ​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។

ប្រយោជន៍: បង​ឃ្វិន​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​សាលា​នេះ​ពិភាក្សា​ព័ត៌មាន​ជា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​សាលា​នេះ​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​រក្សា​អំណរ ហើយ​ឲ្យ​ប្រព្រឹត្ត​ដូច​បុរស​ក្នុង​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា។ អ្នក​ចាស់​ទុំ​ថ្មី​និង​អ្នក​ចាស់​ទុំ​ដែល​បម្រើ​យូរ​ឆ្នាំ​ហើយ រៀន​អំពី​របៀប​ទៅ​លេង​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ជំនឿ​បង​ប្អូន​ដោយ​មាន​ប្រសិទ្ធភាព ហើយ​មាន​គំនិត​ឯកភាព​ដោយ​មាន​របៀប​គិត​គូរ​តែ​មួយ​»។

បង​ម៉ៃឃើល​បាន​ស្រដី​ថា​៖ ​«​ការ​បង្ហាត់​បង្រៀន​នេះ​បាន​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​យ៉ាង​ល្អ​ប្រសើរ​បី​យ៉ាង​គឺ យល់​តម្លៃ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់ និង​ផ្ដល់​យោបល់​ល្អ​ៗ​សម្រាប់​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ​»។

សាលា​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធi

គោល​បំណង: ដើម្បី​ជួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ក្រុម​ជំនុំ ក្នុង​ការ​ឃ្វាល​បង​ប្អូន និង​ជួយ​ពួក​គេ​ឲ្យ​«​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​»។—១ធី. ៥:១៧; ១ពេ. ៥:២, ៣

រយៈ​ពេល: មួយ​ខែ។

ទី​កន្លែង: សម្រេច​ដោយ​ការិយាល័យ​សាខា។

របៀប​ចុះ​ឈ្មោះ: ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ។

ប្រយោជន៍: បង​ជោអែល​និង​បង​ខន្នី​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី១ នា​ឆ្នាំ​១៩៩៩ បាន​និយាយ​ថា​៖ ​«​យើង​គោរព​ប្រមុខ​ភាព​របស់​លោក​យេស៊ូ​ក្នុង​អង្គ​ការ​របស់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ យើង​បាន​ដឹង​ថា​យើង​ត្រូវ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​យើង​បម្រើ ហើយ​ពង្រឹង​សាមគ្គី​ភាព​នៅ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ។ កម្ម​វិធី​សាលា​នេះ​ធ្វើ​ឲ្យ​យើង​ចាំ​ចំណុច​មួយ​មិន​ភ្លេច ពោល​គឺ​ទោះ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ផ្ដល់​ឱវាទ​និង​ជួន​កាល​កែ​តម្រង់​ក៏​ដោយ តែ​គោល​ដៅ​សំខាន់​ចម្បង​របស់​គាត់​គឺ​ជួយ​បង​ប្អូន​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គាត់​»។

សាលា​សម្រាប់​សមាជិក​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​និង​ប្រពន្ធ

គោល​បំណង: ដើម្បី​ជួយ​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ឲ្យ​បំពេញ​ភារកិច្ច​កាន់​តែ​ប្រសើរ​ជាង​ក្នុង​ការ​ត្រួត​ពិនិត្យ​បេតអែល​នានា យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ត្រួត​ពិនិត្យ​លើ​មណ្ឌល​និង​តំបន់​ផ្សេង​ៗ។—លូក. ១២:៤៨​ខ

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉ម​យាម នៅ​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក។

របៀប​ចុះ​ឈ្មោះ: គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​នៃ​គណៈ​អភិបាល​អញ្ជើញ​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា ឬ​សមាជិក​គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស​និង​ប្រពន្ធ។

ប្រយោជន៍: បង​ឡូអែល​និង​បង​ខារ៉ា​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​២៥។ ឥឡូវ​ពួក​គាត់​កំពុង​បម្រើ​នៅ​ប្រទេស​នីហ្សេរីយ៉ា។

បង​ឡូអែល​និយាយ​ថា​៖ ​«​សាលា​នោះ​រំលឹក​ខ្ញុំ​ថា ទោះ​ជា​ខ្ញុំ​រវល់​យ៉ាង​ណា​ឬ​ទទួល​កិច្ច​ការ​អ្វី​ក៏​ដោយ ខ្ញុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ទើប​ខ្ញុំ​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»។

បង​ខារ៉ា​បញ្ជាក់​មេរៀន​មួយ​ដែល​គាត់​បាន​ទាញ​ពី​សាលា​នោះ​ថា​៖ ​«​បើ​ខ្ញុំ​មិន​អាច​ពន្យល់​រឿង​មួយ​តាម​របៀប​ដែល​ស្រួល​យល់​ទេ ខ្ញុំ​ត្រូវ​ស្រាវ​ជ្រាវ​ចំណុច​នោះ​មុន​នឹង​ព្យាយាម​បង្រៀន​អ្នក​ឯ​ទៀត​»។

g មិន​មាន​សាលា​នេះ​នៅ​គ្រប់​ប្រទេស​ទេ។

h មិន​មាន​សាលា​នេះ​នៅ​គ្រប់​ប្រទេស​ទេ។

i មិន​មាន​សាលា​នេះ​នៅ​គ្រប់​ប្រទេស​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក