តើអ្នកខំអស់ពីសមត្ថភាពដើម្បីរៀនពីព្រះយេហូវ៉ាឬទេ?
១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការអប់រំ?
១ ព្រះយេហូវ៉ាដែលជា«អ្នកបង្ហាត់បង្រៀនដ៏ឧត្តម»លោកចង់ឲ្យយើងទទួលការអប់រំល្អ។ (អេ. ៣០:២០; ព.ថ.) លោកបានចាប់ផ្ដើមបង្រៀនបន្ទាប់ពីលោកបានបង្កើតបុត្រច្បងរបស់លោក។ (យ៉ូន. ៨:២៨) ក្រោយពេលដែលអាដាមបានប្រឆាំងនឹងព្រះយេហូវ៉ា លោកមិនបានឈប់បង្រៀនទេ តែលោកបានផ្ដល់ការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់មនុស្សមិនល្អឥតខ្ចោះ។—អេ. ៤៨:១៧, ១៨; ២ធី. ៣:១៤, ១៥
២. តើកម្មវិធីសិក្សាអ្វីដែលកំពុងធ្វើឡើងនៅសព្វថ្ងៃនេះ?
២ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងដឹកនាំកម្មវិធីសិក្សាដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ត្រ។ ដូចអេសាយបានទាយ ក្នុងន័យធៀបមនុស្សរាប់លាននាក់ទូទាំងផែនដីកំពុងឡើងមកជាហូរហែលើ«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា»។ (អេ. ២:២) ហេតុអ្វីពួកគេឡើងទៅលើ«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា»? គឺដើម្បីទទួលការបង្ហាត់បង្រៀនអំពីផ្លូវរបស់ព្រះ ពោលគឺដើម្បីទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា! (អេ. ២:៣) ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០១០ សាក្សីព្រះយេហូវ៉ាបានចំណាយពេលជាង១,៦ពាន់លានម៉ោងក្នុងការផ្សព្វផ្សាយនិងការបង្រៀនមនុស្សអំពីសេចក្ដីពិត។ បន្ថែមទៅទៀត ជារៀងរាល់សប្ដាហ៍មានការបង្ហាត់បង្រៀនខាងគម្ពីរនៅជាង១០៥.០០០ក្រុមជំនុំនៅទូទាំងផែនដី ហើយមានសៀវភៅអប់រំគ្រិស្តសាសនិកច្រើនជាង៥០០ភាសាដែលខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាបានរៀបចំឡើង។
៣. តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការអប់រំដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ?
៣ ទទួលប្រយោជន៍យ៉ាងពេញលេញ: ការអប់រំពីព្រះនាំឲ្យយើងទទួលប្រយោជន៍ច្រើនណាស់! យើងបានរៀនដឹងថាព្រះមាននាម ហើយថាលោកគិតអំពីយើង។ (ទំនុក. ៨៣:១៨; ១ពេ. ៥:៦, ៧) យើងបានរៀនដឹងអំពីចម្លើយចំពោះសំណួរដ៏សំខាន់បំផុតក្នុងជីវិត ពោលគឺ: ហេតុអ្វីបានជាមនុស្សរងទុក្ខហើយស្លាប់? តើតាមរបៀបណាខ្ញុំអាចរកឃើញសុភមង្គលពិតប្រាកដ? តើអ្វីជាគោលបំណងនៃជីវិត? ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យយើងនូវគោលការណ៍ណែនាំខាងសីលធម៌ដែលជួយយើងឲ្យ«បានចំរើនឡើង»។—យ៉ូស. ១:៨
៤. តើកម្មវិធីសិក្សាអ្វីខ្លះដែលអ្នកបម្រើព្រះអាចចូលរួម? ហើយហេតុអ្វីយើងគួរខំអស់ពីសមត្ថភាពដើម្បីរៀនពីព្រះយេហូវ៉ា?
៤ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានផ្ដល់នូវការអប់រំជំនាញពិសេសដើម្បីជួយអ្នកបម្រើជាច្រើននាក់របស់លោកឲ្យពង្រីកកិច្ចបម្រើ។ កម្មវិធីសិក្សាមួយចំនួនដែលបងប្អូនខ្លះអាចចូលរួមបានមាននៅទំព័រ៤-៦។ ទោះជាស្ថានភាពរបស់យើងរារាំងយើងមិនឲ្យទទួលនូវការបង្ហាត់បង្រៀនដែលមាននៅក្នុងលេខទំព័រខាងលើក៏ដោយ តើយើងកំពុងទទួលប្រយោជន៍យ៉ាងពេញលេញពីការអប់រំរបស់ព្រះដែលយើងអាចចូលរួមបានឬទេ? ចំពោះប្អូនៗវ័យក្មេងដែលតែងតែទទួលការណែនាំពីគ្រូនៅសាលា និងអ្នកឯទៀតឲ្យបន្តការសិក្សាទៅសាកលវិទ្យាល័យរបស់ពិភពលោកនេះ តើយើងលើកទឹកចិត្តពួកគាត់ឲ្យកំណត់គោលដៅក្នុងការបម្រើព្រះ ហើយទទួលនូវការអប់រំពីព្រះយេហូវ៉ាដែលប្រសើរជាងការអប់រំរបស់ពិភពលោកនេះឬទេ? ការខំអស់ពីសមត្ថភាពដើម្បីរៀនពីព្រះយេហូវ៉ានឹងជួយយើងឲ្យមានជីវិតដ៏សប្បាយនៅឥឡូវនេះនិងមានជីវិតដ៏គ្មានទីបញ្ចប់នៅអនាគត។—ទំនុក. ១១៩:១០៥; យ៉ូន. ១៧:៣
កម្មវិធីសិក្សាខ្លះដែលអង្គការព្រះយេហូវ៉ាផ្ដល់ឲ្យ:
សាលាបង្រៀនឲ្យចេះអាននិងសរសេរ
• គោលបំណង: ដើម្បីបង្រៀនមនុស្សឲ្យចេះអាននិងសរសេរ ប្រយោជន៍ឲ្យពួកគេអាចសិក្សាគម្ពីរនិងបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិត។
• រយៈពេល: តាមសេចក្ដីត្រូវការ។
• ទីកន្លែង: សាលប្រជុំនៅក្នុងតំបន់។
• អ្នកដែលអាចចូលរួម: អ្នកផ្សាយទាំងអស់ និងបុគ្គលដែលចាប់អារម្មណ៍។
• របៀបចុះឈ្មោះសាលា: អ្នកចាស់ទុំក្នុងក្រុមជំនុំរៀបចំ សាលាបង្រៀនឲ្យចេះអាននិងសរសេរស្របតាមសេចក្ដីត្រូវការនៅក្នុងតំបន់ ហើយពួកគាត់លើកទឹកចិត្តអស់អ្នកដែលអត់ចេះអក្សរឲ្យចូលរួមសាលានេះ។
សាលាកិច្ចបម្រើផ្សាយ
• គោលបំណង: ដើម្បីបង្ហាត់បង្រៀនអ្នកផ្សាយឲ្យមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយនិងការបង្រៀនអំពីដំណឹងល្អ។
• រយៈពេល: មានជាបន្ត។
• ទីកន្លែង: សាលប្រជុំនៅក្នុងតំបន់។
• អ្នកដែលអាចចុះឈ្មោះសាលា: អ្នកផ្សាយទាំងអស់ រួមទាំងអ្នកដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមជំនុំ អ្នកដែលយល់ស្របជាមួយនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ និងដែលមានរបៀបរស់នៅសមស្របតាមគោលការណ៍គ្រិស្តសាសនិក។
• របៀបចុះឈ្មោះសាលា: ប្រាប់អ្នកត្រួតពិនិត្យសាលាអប់រំកិច្ចបម្រើ។
សាលាភាសាបរទេស
• គោលបំណង: ដើម្បីបង្រៀនអ្នកផ្សាយពីរបៀបផ្សាយដំណឹងល្អជាភាសាបរទេស។
• រយៈពេល: បួនឬប្រាំខែ។ ធម្មតាសាលានេះបើកនៅថ្ងៃសៅរ៍ព្រឹករយៈពេលមួយឬពីរម៉ោង។
• ទីកន្លែង: ជាទូទៅ នៅសាលប្រជុំជិតៗ។
• អ្នកដែលអាចចុះឈ្មោះសាលា: អ្នកផ្សាយដែលជាគំរូល្អក្នុងក្រុមជំនុំហើយចង់ផ្សព្វផ្សាយជាភាសាបរទេស។
• របៀបចុះឈ្មោះសាលា: សាលានេះបានត្រូវរៀបចំដោយការិយាល័យសាខាស្របតាមសេចក្ដីត្រូវការ។
ការសាងសង់សាលប្រជុំ
• គោលបំណង: ដើម្បីសាងសង់និងជួសជុលសាលប្រជុំ។ នេះមិនមែនជាសាលាទេ តែការរៀបចំនេះបង្រៀនអ្នកស្ម័គ្រចិត្តនូវជំនាញផ្សេងៗដើម្បីពួកគាត់អាចជួយសាងសង់តាមគម្រោង។
• រយៈពេល: ស្របតាមស្ថានភាពរបស់អ្នកស្ម័គ្រចិត្ត។
• ទីកន្លែង: គ្រប់កន្លែងនៅក្នុងតំបន់របស់គណៈកម្មាធិការខាងការសាងសង់តាមភូមិភាគ។ អ្នកស្ម័គ្រចិត្តខ្លះប្រហែលជាបានត្រូវអញ្ជើញឲ្យចូលរួមក្នុងការផ្ដល់ជំនួយនៅកន្លែងឆ្ងាយជាងដែលមានមហន្តរាយធម្មជាតិ។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលរួម: បងប្អូនប្រុសស្រីដែលបានទទួលការជ្រមុជទឹកហើយ និងទទួលការយល់ព្រមពីក្រុមអ្នកចាស់ទុំ។ ពួកគាត់អាចមានជំនាញឬគ្មានជំនាញ។
• របៀបចុះឈ្មោះ: បំពេញពាក្យសុំក្នុងក្រដាស Kingdom Hall Volunteer Worker Questionnaire (S-82) ដែលបានត្រូវផ្ដល់ឲ្យដោយអ្នកចាស់ទុំក្នុងតំបន់។
សាលាសម្រាប់អ្នកត្រួសត្រាយ
• គោលបំណង: ដើម្បីជួយអ្នកត្រួសត្រាយឲ្យ‹បំពេញកិច្ចបម្រើរបស់ពួកគេគ្រប់ជំពូក›។—២ធី. ៤:៥
• រយៈពេល: ពីរសប្ដាហ៍។
• ទីកន្លែង: ជាធម្មតានៅសាលប្រជុំជិតៗ ការិយាល័យសាខាជាអ្នកសម្រេច។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ពួកអ្នកដែលបានបម្រើជាអ្នកត្រួសត្រាយយ៉ាងតិចបំផុតមួយឆ្នាំ។
• របៀបចុះឈ្មោះសាលា: អ្នកត្រួសត្រាយដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងចូលរួមជាស្វ័យប្រវត្ដិ ហើយអ្នកត្រួតពិនិត្យមណ្ឌលនឹងប្រាប់ពួកគាត់ឲ្យដឹង។
សាលាបេតអែលសម្រាប់សមាជិកថ្មី
• គោលបំណង: សាលានេះគឺដើម្បីជួយអ្នកថ្មីឲ្យបំពេញកិច្ចបម្រើរបស់គាត់នៅបេតអែលដោយជោគជ័យ។
• រយៈពេល: ១៦សប្ដាហ៍ ក្នុងមួយសប្ដាហ៍រៀនមួយម៉ោង។
• ទីកន្លែង: បេតអែល។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ត្រូវជាសមាជិកអចិន្ត្រៃយ៍នៃក្រុមគ្រួសារបេតអែល ឬអ្នកស្ម័គ្រចិត្តធ្វើការបណ្ដោះអាសន្នរយៈពេលវែង (មួយឆ្នាំឬយូរជាង)។
• របៀបចុះឈ្មោះសាលា: សមាជិកក្រុមគ្រួសារបេតអែលដែលមានគុណសម្បត្ដិគ្រប់គ្រាន់អាចចូលសាលាជាស្វ័យប្រវត្ដិ។
សាលាកិច្ចបម្រើរាជាណាចក្រ
• គោលបំណង: ដើម្បីបង្ហាត់បង្រៀនអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើឲ្យបំពេញនូវភារកិច្ចរបស់ពួកគាត់ជាអ្នកត្រួតពិនិត្យ និងភារកិច្ចផ្សេងៗក្នុងអង្គការរបស់ព្រះ។ (សកម្ម. ២០:២៨) សាលានេះនឹងធ្វើឡើងពីរបីឆ្នាំម្ដង តាមការសម្រេចរបស់គណៈអភិបាល។
• រយៈពេល: នៅពេលថ្មីៗនេះ សាលានេះមានរយៈពេលមួយថ្ងៃកន្លះសម្រាប់អ្នកចាស់ទុំ និងមួយថ្ងៃសម្រាប់ជំនួយការខាងកិច្ចបម្រើ។
• ទីកន្លែង: ជាធម្មតានៅសាលប្រជុំ ឬសាលសន្និបាតជិតៗ។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ត្រូវជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើ។
• របៀបចុះឈ្មោះសាលា: អ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងត្រូវអញ្ជើញឲ្យចូលរួមដោយអ្នកត្រួតពិនិត្យមណ្ឌល។
សាលាសម្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំa
• គោលបំណង: ដើម្បីជួយអ្នកចាស់ទុំឲ្យបំពេញភារកិច្ចរបស់ពួកគាត់ក្នុងក្រុមជំនុំ។
• រយៈពេល: ប្រាំថ្ងៃ។
• ទីកន្លែង: ជាធម្មតានៅសាលប្រជុំ ឬសាលសន្និបាតជិតៗ សម្រេចដោយការិយាល័យសាខា។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ត្រូវជាអ្នកចាស់ទុំ។
• របៀបចុះឈ្មោះសាលា: អ្នកចាស់ទុំ ដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងត្រូវអញ្ជើញឲ្យចូលរួមដោយការិយាល័យសាខា។
សាលាសម្រាប់អ្នកធ្វើដំណើរ ត្រួតពិនិត្យនិងភរិយាb
• គោលបំណង: ដើម្បីជួយអ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់ ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការបម្រើក្រុមជំនុំនិងដើម្បី«ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀន» និងដើម្បីថែរក្សាសមាជិកក្រុមជំនុំ។—១ធី. ៥:១៧; ១ពេ. ៥:២, ៣
• រយៈពេល: ពីរខែ។
• ទីកន្លែង: សម្រេចដោយការិយាល័យសាខា។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ត្រូវជាអ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់។
• របៀបចុះឈ្មោះសាលា: អ្នកធ្វើដំណើរត្រួតពិនិត្យនិងភរិយា ដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងត្រូវអញ្ជើញឲ្យចូលរួមដោយការិយាល័យសាខា។
សាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរc
• គោលបំណង: ដើម្បីជួយអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើដែលមិនទាន់រៀបការដើម្បីបំពេញភារកិច្ចថែមទៀត។ អ្នកដែលបានចូលរួមសាលានោះភាគច្រើននឹងត្រូវចាត់ឲ្យទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកខ្លះប្រហែលជាត្រូវចាត់ឲ្យទៅបម្រើប្រទេសមួយទៀត បើពួកគាត់ប្រាប់ការិយាល័យសាខាថាពួកគាត់អាចទៅបម្រើនៅប្រទេសផ្សេងទៀតបាន។
• រយៈពេល: ពីរខែ។
• ទីកន្លែង: ជាធម្មតានៅសាលប្រជុំ ឬសាលសន្និបាត សម្រេចដោយការិយាល័យសាខា។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ជាបងប្រុសនៅលីវ មានអាយុរវាង២៣ឆ្នាំនិង៦២ឆ្នាំ ហើយមានសុខភាពល្អដែលចង់បម្រើបងប្អូននិងធ្វើឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខនៅកន្លែងណាដែលមានសេចក្ដីត្រូវការ។ (ម៉ាក. ១០:២៩, ៣០) ពួកគាត់ត្រូវបម្រើជាអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើយ៉ាងតិចបំផុតពីរឆ្នាំជាប់គ្នា។
• របៀបចុះឈ្មោះសាលា: បើសាលានេះមាននៅក្នុងតំបន់នៃការិយាល័យសាខារបស់អ្នក នៅក្នុងអំឡុងពេលសន្និបាតប្រចាំមណ្ឌល នឹងមានកិច្ចប្រជុំមួយសម្រាប់អ្នកដែលចង់ចុះឈ្មោះចូលសាលានោះ។ ព័ត៌មានបន្ថែមទៀត នឹងត្រូវផ្ដល់ឲ្យនៅកិច្ចប្រជុំនេះ។
សាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរd
• គោលបំណង: ដើម្បីឲ្យអ្នកដែលរៀបការហើយទទួលបាននូវការបង្ហាត់បង្រៀនជំនាញពិសេស ដើម្បីឲ្យព្រះយេហូវ៉ានិងអង្គការរបស់លោកប្រើពួកគាត់ឲ្យកាន់តែប្រសើរថែមទៀត។ អ្នកដែលបានចូលរួមសាលានោះភាគច្រើននឹងត្រូវចាត់ឲ្យទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកខ្លះប្រហែលជាត្រូវចាត់ឲ្យទៅបម្រើប្រទេសមួយទៀត បើពួកគាត់ប្រាប់ការិយាល័យសាខាថាពួកគាត់អាចទៅបម្រើនៅប្រទេសផ្សេងទៀតបាន។
• រយៈពេល: ពីរខែ។
• ទីកន្លែង: ពីរបីថ្នាក់ដំបូងនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលអប់រំនៃប៉មយាម នៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្រោយមក សាលានេះនឹងត្រូវធ្វើនៅកន្លែងដែលសម្រេចដោយការិយាល័យសាខា ជាទូទៅធ្វើនៅសាលសន្និបាតឬសាលប្រជុំ។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ប្ដីប្រពន្ធមានអាយុរវាង២៥ឆ្នាំនិង៥០ឆ្នាំ ហើយមានសុខភាពល្អដែលមានលទ្ធភាពបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការ និងដែលមានចិត្តគំនិតដូចអេសាយដែលថា ‹ខ្ញុំនៅឯណេះហើយ សូមចាត់ខ្ញុំចុះ›។ (អេ. ៦:៨) ម្យ៉ាងទៀត ពួកគាត់ត្រូវរៀបការយ៉ាងហោចណាស់ពីរឆ្នាំ ហើយសព្វថ្ងៃកំពុងបម្រើពេញពេលយ៉ាងតិចណាស់ពីរឆ្នាំជាប់គ្នា។
• របៀបចុះឈ្មោះសាលា: បើសាលានេះមាននៅក្នុងតំបន់នៃការិយាល័យសាខារបស់អ្នក នៅក្នុងអំឡុងពេលសន្និបាតពិសេស នឹងមានកិច្ចប្រជុំមួយសម្រាប់អ្នកដែលចង់ចុះឈ្មោះចូលសាលានោះ។ ព័ត៌មានបន្ថែមទៀត នឹងត្រូវផ្ដល់ឲ្យនៅកិច្ចប្រជុំនេះ។
សាលាគម្ពីរគីលាតនៃសមាគមប៉មយាម
• គោលបំណង: ដើម្បីបង្ហាត់បង្រៀនអ្នកត្រួសត្រាយ និងអ្នកបម្រើពេញពេលសម្រាប់កិច្ចបម្រើជាសាសនទូត។
• រយៈពេល: ប្រាំខែ។
• ទីកន្លែង: មជ្ឈមណ្ឌលអប់រំនៃប៉មយាម នៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: ប្ដីប្រពន្ធដែលបានជ្រមុជទឹកហើយយ៉ាងហោចណាស់បីឆ្នាំ ហើយពេលដាក់ពាក្យដំបូងត្រូវមានអាយុរវាង២១ឆ្នាំនិង៣៨ឆ្នាំ។ ម្យ៉ាងទៀត ពួកគាត់ត្រូវចេះភាសាអង់គ្លេស ហើយពួកគាត់ត្រូវរៀបការយ៉ាងហោចណាស់ពីរឆ្នាំ ហើយសព្វថ្ងៃកំពុងបម្រើពេញពេលយ៉ាងតិចណាស់ពីរឆ្នាំជាប់គ្នា។ អ្នកដាក់ពាក្យសុំត្រូវមានសុខភាពល្អ។ អ្នកត្រួសត្រាយកំពុងបម្រើនៅប្រទេសក្រៅ (រួមបញ្ចូលពួកអ្នកដែលមានតួនាទីជាសាសនទូត) អ្នកធ្វើដំណើរត្រួតពិនិត្យ សមាជិកក្រុមគ្រួសារបេតអែល និងអ្នកដែលធ្លាប់ចូលសាលាបង្ហាត់ខាងកិច្ចបម្រើ សាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ សាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរក៏អាចដាក់ពាក្យបានដែរ បើពួកគាត់មានគុណសម្បត្ដិគ្រប់គ្រាន់។
• របៀបចុះឈ្មោះសាលា: នៅក្នុងការិយាល័យសាខាមួយចំនួន មានកិច្ចប្រជុំមួយសម្រាប់អ្នកដែលចង់ចុះឈ្មោះចូលសាលានោះនៅក្នុងអំឡុងពេលមហាសន្និបាតប្រចាំតំបន់។ ព័ត៌មានបន្ថែមទៀត នឹងត្រូវផ្ដល់ឲ្យនៅកិច្ចប្រជុំនេះ។ បើគ្មានកិច្ចប្រជុំដូចនោះនៅមហាសន្និបាតនៅប្រទេសរបស់អ្នកទេ ហើយអ្នកចង់ដាក់ពាក្យសុំ អ្នកអាចសរសេរសំបុត្រទៅការិយាល័យសាខារបស់អ្នកដើម្បីសុំព័ត៌មានបន្ថែមទៀត។
សាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខានិងភរិយា
• គោលបំណង: ដើម្បីជួយអស់អ្នកដែលបម្រើជាគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខាឲ្យបំពេញភារកិច្ចកាន់តែប្រសើរជាងក្នុងការត្រួតពិនិត្យបេតអែលនានា យកចិត្តទុកដាក់ចំពោះកិច្ចបម្រើនៅក្នុងក្រុមជំនុំផ្សេងៗ ហើយត្រួតពិនិត្យលើមណ្ឌលនិងតំបន់ដែលនៅក្រោមការត្រួតពិនិត្យរបស់ការិយាល័យសាខានោះ ហើយក៏ពិនិត្យមើលផ្នែកបកប្រែ ផ្នែកបោះពុម្ព ផ្នែកដឹកជញ្ជូននិងផ្ញើសៀវភៅផ្សេងៗ និងត្រួតពិនិត្យមើលផ្នែកផ្សេងៗទៀត។—លូក. ១២:៤៨ខ
• រយៈពេល: ពីរខែ។
• ទីកន្លែង: មជ្ឈមណ្ឌលអប់រំនៃប៉មយាម នៅទីក្រុងផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។
• ល័ក្ខខ័ណ្ឌសម្រាប់ចូលសាលា: សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខា ឬសមាជិកគណៈកម្មាធិការត្រួតពិនិត្យប្រទេស ឬនឹងទទួលតួនាទីដូចខាងលើនេះ។
• របៀបចុះឈ្មោះសាលា: បងប្រុសនិងភរិយារបស់គាត់ដែលមានគុណសម្បត្ដិគ្រប់គ្រាន់នឹងត្រូវអញ្ជើញដោយគណៈអភិបាល។
[កំណត់សម្គាល់]
a សព្វថ្ងៃនេះ សាលានេះមិនទាន់មាននៅគ្រប់ប្រទេសនៅឡើយទេ។
b សព្វថ្ងៃនេះ សាលានេះមិនទាន់មាននៅគ្រប់ប្រទេសនៅឡើយទេ។
c សព្វថ្ងៃនេះ សាលានេះមិនទាន់មាននៅគ្រប់ប្រទេសនៅឡើយទេ។
d សព្វថ្ងៃនេះ សាលានេះមិនទាន់មាននៅគ្រប់ប្រទេសនៅឡើយទេ។