ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យបម្រើព្រះយេហូវ៉ា
«សូមឲ្យអ្នកសំណប់របស់ព្រះ . . . បង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ»។—ពួកចៅហ្វាយ ១៣:៨
១. តើម៉ាណូអាបានធ្វើអ្វីពេលគាត់ឮថាគាត់នឹងធ្វើជាឪពុកម្នាក់?
ម៉ាណូអានិងប្រពន្ធរបស់គាត់បានជឿជាក់ថាពួកគាត់មិនអាចមានកូនបានទេ។ ប៉ុន្តែថ្ងៃមួយ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់ប្រពន្ធរបស់ម៉ាណូអាថានាងនឹងមានកូនប្រុសមួយ។ នោះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន! ពេលនាងបានប្រាប់ម៉ាណូអាអំពីដំណឹងនោះ គាត់រំភើបចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ គាត់ក៏បានគិតយ៉ាងដិតដល់ដែរអំពីអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យគាត់ធ្វើក្នុងនាមជាឪពុកម្នាក់។ កាលដែលមនុស្សជាច្រើននាក់នៅស្រុកអ៊ីស្រាអែលកំពុងធ្វើអ្វីដែលអាក្រក់ តើតាមរបៀបណាគាត់និងប្រពន្ធរបស់គាត់អាចបង្ហាត់បង្រៀនកូនរបស់ពួកគាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបម្រើលោក? ម៉ាណូអាបានអង្វរសុំព្រះយេហូវ៉ាចាត់ទេវតារបស់លោកមកម្ដងទៀត ហើយគាត់បាននិយាយថា៖ «សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះបានមកម្ដងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ»។—ពួកចៅហ្វាយ ១៣:១-៨
២. តើអ្នកត្រូវបង្រៀនកូនរបស់អ្នកអំពីអ្វី ហើយតើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«សិស្សគម្ពីរដែលសំខាន់បំផុតរបស់អ្នក»)
២ បើអ្នកជាឪពុកឬម្ដាយ អ្នកទំនងជាយល់អំពីអារម្មណ៍របស់ម៉ាណូអា។ អ្នកក៏មានភារកិច្ចជួយកូនរបស់អ្នកឲ្យស្គាល់ព្រះយេហូវ៉ានិងស្រឡាញ់លោកដែរ។ (សុភាសិត ១:៨) ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចជួយពួកគេបន្តរៀនអំពីព្រះយេហូវ៉ានិងរៀនគម្ពីរ។ ប៉ុន្តែ អ្នកមិនគ្រាន់តែត្រូវសិក្សាគម្ពីរជាមួយនឹងកូនរបស់អ្នករាល់សប្ដាហ៍ប៉ុណ្ណោះទេ។ (សូមអាន ចោទិយកថា ៦:៦-៩) តើអ្វីទៀតនឹងជួយអ្នកបង្ហាត់បង្រៀនពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបម្រើលោក? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគំរូរបស់លោកយេស៊ូ។ ទោះជាលោកមិនមែនជាឪពុកក៏ដោយ អ្នកអាចរៀនពីរបៀបដែលលោកបង្រៀននិងបង្វឹកបង្ហាត់ពួកអ្នកកាន់តាមលោក។ លោកយេស៊ូស្រឡាញ់ពួកគេ ហើយលោកមានចិត្តរាបទាប។ ម្យ៉ាងទៀត លោកមានការយល់ធ្លុះជ្រៅ ពោលគឺលោកយល់អំពីអារម្មណ៍របស់ពួកគេ ហើយស្គាល់អំពីរបៀបជួយពួកគេ។ ឥឡូវនេះ សូមឲ្យយើងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់លោកយេស៊ូ។
ចូរស្រឡាញ់កូនរបស់អ្នក
៣. តើពួកអ្នកកាន់តាមលោកយេស៊ូដឹងយ៉ាងដូចម្ដេចថាលោកស្រឡាញ់ពួកគេ?
៣ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកជាច្រើនដងថាលោកស្រឡាញ់ពួកគេ។ (សូមអាន យ៉ូហាន ១៥:៩) លោកក៏បានចំណាយពេលយ៉ាងច្រើនជាមួយនឹងពួកគេដែរ។ (ម៉ាកុស ៦:៣១, ៣២; យ៉ូហាន ២:២; ២១:១២, ១៣) លោកយេស៊ូមិនគ្រាន់តែជាគ្រូរបស់ពួកគេប៉ុណ្ណោះទេ លោកក៏ជាមិត្តភក្ដិរបស់ពួកគេដែរ។ ដូច្នេះ ពួកគេបានជឿជាក់ថាលោកស្រឡាញ់ពួកគេ។ តើអ្នកអាចរៀនអ្វីពីលោកយេស៊ូ?
៤. តើតាមរបៀបណាអ្នកអាចបង្ហាញកូនរបស់អ្នកថាអ្នកស្រឡាញ់ពួកគេ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ ចូរប្រាប់កូនរបស់អ្នកថាអ្នកស្រឡាញ់ពួកគេ ហើយចូរបង្ហាញឲ្យពួកគេឃើញថាពួកគេគឺសំខាន់យ៉ាងណាចំពោះអ្នក។ (សុភាសិត ៤:៣; ទីតុស ២:៤) សាំយូអែលដែលរស់នៅប្រទេសអូស្ដ្រាលី និយាយថា៖ «ពេលខ្ញុំនៅក្មេង ឪពុកខ្ញុំធ្លាប់អានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឲ្យខ្ញុំស្ដាប់ជារៀងរាល់ល្ងាច។ គាត់ឆ្លើយសំណួររបស់ខ្ញុំ ឱបខ្ញុំ ហើយថើបខ្ញុំមុនពេលចូលគេង។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលខ្ញុំដឹងក្រោយមកថាឪពុករបស់ខ្ញុំបានធំឡើងក្នុងក្រុមគ្រួសារដែលមិនសូវឱបនិងថើបទេ! ប៉ុន្តែ គាត់ខំព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធខ្លាំងជាមួយនឹងគាត់ ហើយខ្ញុំមានអារម្មណ៍ស្កប់ចិត្តនិងមានសុវត្ថិភាព»។ ចូរជួយកូនរបស់អ្នកឲ្យមានអារម្មណ៍ដូច្នេះ ដោយឧស្សាហ៍និយាយទៅកាន់ពួកគេថា «ពុកស្រឡាញ់កូន» ឬ«ម៉ែស្រឡាញ់កូន»។ ចូរឱបនិងថើបពួកគេ។ ចូរចំណាយពេលនិយាយជាមួយនឹងពួកគេ បរិភោគជាមួយនឹងពួកគេ ហើយលេងជាមួយនឹងពួកគេ។
៥, ៦. (ក) ដោយសារលោកយេស៊ូស្រឡាញ់ពួកអ្នកកាន់តាមលោក តើលោកបានធ្វើអ្វី? (ខ) តើអ្នកគួរប្រដៅកូនរបស់អ្នកតាមរបៀបណា?
៥ លោកយេស៊ូបានមានប្រសាសន៍ថា៖«ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់»។a(សូមមើលកំណត់សម្គាល់) (ការបើកបង្ហាញ ៣:១៩) ជាឧទាហរណ៍ អ្នកកាន់តាមលោកបានប្រកែកគ្នាជាច្រើនដងថាអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ លោកយេស៊ូមិនបានព្រងើយកន្តើយនឹងបញ្ហានេះទេ។ ផ្ទុយទៅវិញ ដោយចិត្តអត់ធ្មត់ លោកបានឲ្យឱវាទពួកគេម្ដងហើយម្ដងទៀត។ ប៉ុន្តែ លោកតែងតែសប្បុរស ហើយលោករង់ចាំពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីកែតម្រង់ពួកគេ។—ម៉ាកុស ៩:៣៣-៣៧
ចូរជ្រើសរើសពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីប្រដៅកូន ហើយធ្វើដូច្នេះដោយស្លូតបូត
៦ ដោយសារអ្នកស្រឡាញ់កូនរបស់អ្នក អ្នកដឹងថាអ្នកត្រូវប្រដៅពួកគេ។ ពេលខ្លះការពន្យល់ពួកគេអំពីមូលហេតុដែលការប្រព្រឹត្តខ្លះគឺត្រឹមត្រូវ ឬមិនត្រឹមត្រូវ នោះគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ចុះយ៉ាងណាបើពួកគេនៅតែមិនស្ដាប់បង្គាប់? (សុភាសិត ២២:១៥) ចូររៀនពីលោកយេស៊ូ។ ដោយចិត្តអត់ធ្មត់ ចូរបន្តប្រដៅពួកគេដោយណែនាំ បង្ហាត់បង្រៀន និងកែតម្រង់ពួកគេ។ ចូរជ្រើសរើសពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីប្រដៅពួកគេ ហើយធ្វើដូច្នេះដោយស្លូតបូត។ បងស្រីអ៊ីឡេននៅប្រទេសអាហ្វ្រិកខាងត្បូងនឹកចាំអំពីរបៀបដែលឪពុកម្ដាយរបស់នាងប្រដៅនាង។ ឪពុកម្ដាយនាងតែងតែពន្យល់នាងអំពីអ្វីដែលពួកគាត់តម្រូវឲ្យនាងធ្វើ។ បើពួកគាត់ប្រាប់នាងថានាងនឹងត្រូវដាក់ទោសដោយសារនាងមិនស្ដាប់បង្គាប់ នោះពួកគាត់ធ្វើមែន។ ប៉ុន្តែ នាងនិយាយថា៖ «ពួកគាត់មិនដែលប្រដៅខ្ញុំដោយសារពួកគាត់ខឹង ឬដោយមិនពន្យល់ខ្ញុំអំពីមូលហេតុដែលខ្ញុំទទួលការប្រដៅទេ»។ ដោយសារឪពុកម្ដាយរបស់នាងធ្វើដូច្នេះ នាងតែងតែដឹងថាពួកគាត់ស្រឡាញ់នាង។
ចូរមានចិត្តរាបទាប
៧, ៨. (ក) តើពួកអ្នកកាន់តាមលោកយេស៊ូបានរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់លោក? (ខ) តើតាមរបៀបណាសេចក្ដីអធិដ្ឋានរបស់អ្នកអាចបង្រៀនកូនអ្នកឲ្យពឹងផ្អែកលើព្រះ?
៧ ពេលលោកយេស៊ូហៀបនឹងត្រូវគេចាប់ខ្លួននិងសម្លាប់ លោកបានអង្វរបិតារបស់លោកថា៖ «អប្បា បិតាអើយ! លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែងនេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។b(សូមមើលកំណត់សម្គាល់) (ម៉ាកុស ១៤:៣៦) សូមស្រមៃគិតអំពីអារម្មណ៍របស់អ្នកកាន់តាមលោកយេស៊ូពេលពួកគេបានឮ ឬបានដឹងនៅពេលក្រោយមកអំពីសេចក្ដីអធិដ្ឋានរបស់លោក។ ពួកគេទទួលស្គាល់ថាទោះជាលោកជាមនុស្សល្អឥតខ្ចោះក៏ដោយ លោកនៅតែសុំជំនួយពីបិតារបស់លោក។ ដូច្នេះ ពួកគេយល់ថាពួកគេក៏គួរមានចិត្តរាបទាប ហើយពឹងផ្អែកលើព្រះយេហូវ៉ាដែរ។
ពេលកូនរបស់អ្នកឮអ្នកអធិដ្ឋានសុំឲ្យព្រះយេហូវ៉ាជួយអ្នក ពួកគេក៏រៀនពឹងផ្អែកលើព្រះយេហូវ៉ាដែរ
៨ កូនរបស់អ្នកអាចរៀនច្រើនពីសេចក្ដីអធិដ្ឋានរបស់អ្នក។ នេះមិនមានន័យថាអ្នកអធិដ្ឋានដើម្បីទុកគំរូឲ្យកូនរបស់អ្នកប៉ុណ្ណោះទេ។ ប៉ុន្តែ ពេលពួកគេស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក ពួកគេអាចរៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋានរបស់អ្នក ចូរកុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយកូនរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែចូរអធិដ្ឋានសុំលោកជួយអ្នកដែរ។ បងស្រីអាណាដែលរស់នៅប្រទេសប្រេស៊ីលនិយាយថា៖ «ពេលមានបញ្ហាដូចជាពេលយាយតាខ្ញុំឈឺ ឪពុកម្ដាយរបស់ខ្ញុំបានសុំព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យពួកគាត់ដើម្បីស៊ូទ្រាំនឹងស្ថានភាពនោះ ហើយផ្ដល់ប្រាជ្ញាដើម្បីធ្វើការសម្រេចចិត្តល្អត្រឹមត្រូវ។ ទោះជាពេលពួកគាត់មានការតានតឹងចិត្តយ៉ាងខ្លាំងក៏ដោយ ពួកគាត់ទុកចិត្តលើព្រះយេហូវ៉ាថាលោកនឹងជួយដោះស្រាយបញ្ហារបស់ពួកគាត់។ ហេតុនេះ ខ្ញុំបានរៀនចេះពឹងផ្អែកលើព្រះយេហូវ៉ា»។ ពេលកូនរបស់អ្នកឮអ្នកអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ចិត្តក្លាហានឲ្យអ្នកដើម្បីផ្សព្វផ្សាយដល់អ្នកជិតខាង ឬសុំច្បាប់ពីនិយោជករបស់អ្នកដើម្បីចូលរួមមហាសន្និបាត ពួកគេទទួលស្គាល់ថាអ្នកពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នក ហើយពួកគេក៏រៀនធ្វើដូច្នេះដែរ។
៩. (ក) តើតាមរបៀបណាលោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានចិត្តរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន? (ខ) បើអ្នកមានចិត្តរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន តើកូនរបស់អ្នកនឹងរៀនអ្វី?
៩ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យមានចិត្តរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយលោកក៏បានទុកគំរូឲ្យពួកគេដែរ។ (សូមអាន លូកា ២២:២៧) ពួកសាវ័ករបស់លោកបានឃើញថាលោកបានលះបង់ប្រយោជន៍ខ្លួនដើម្បីបម្រើព្រះយេហូវ៉ានិងជួយអ្នកឯទៀត ហើយពួកគេបានរៀនធ្វើដូច្នេះដែរ។ អ្នកក៏អាចបង្រៀនកូនរបស់អ្នកដោយគំរូរបស់អ្នកដែរ។ បងស្រីដេប៊ីដែលមានកូនពីរនាក់និយាយថា៖ «ខ្ញុំមិនដែលច្រណែនដោយសារប្ដីរបស់ខ្ញុំបានចំណាយពេលជាមួយបងប្អូនឯទៀតក្នុងនាមជាអ្នកចាស់ទុំឡើយ។ ខ្ញុំដឹងថាពេលណាគ្រួសាររបស់យើងត្រូវការការយកចិត្តទុកដាក់ពីប្ដីរបស់ខ្ញុំ គាត់នឹងធ្វើដូច្នេះមែន»។ (ធីម៉ូថេទី១ ៣:៤, ៥) តើគំរូរបស់បងដេប៊ីនិងបងប្រាណាសដែលជាប្ដីរបស់នាងមានឥទ្ធិពលយ៉ាងណាលើក្រុមគ្រួសាររបស់ពួកគាត់? បងប្រាណាសបាននិយាយថាកូនរបស់គាត់តែងតែស្ម័គ្រចិត្តជួយនៅសន្និបាត។ ពួកគេសប្បាយរីករាយ រកបានមិត្តភក្ដិល្អ ហើយចង់សេពគប់ជាមួយនឹងបងប្អូនរួមជំនឿ។ ឥឡូវនេះ សមាជិកទាំងអស់ក្នុងក្រុមគ្រួសារកំពុងបម្រើព្រះយេហូវ៉ាក្នុងកិច្ចបម្រើពេញពេល។ បើអ្នកមានចិត្តរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកកំពុងបង្រៀនកូនរបស់អ្នកឲ្យស្ម័គ្រចិត្តជួយអ្នកឯទៀត។
ចូរមានការយល់ធ្លុះជ្រៅ
១០. ពេលមនុស្សខ្លះនៅស្រុកកាលីឡេបានមករកលោកយេស៊ូ តើលោកបានប្រើសមត្ថភាពយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច?
១០ លោកយេស៊ូមានការយល់ធ្លុះជ្រៅយ៉ាងល្អឥតខ្ចោះ។ លោកមិនបានផ្ដោតអារម្មណ៍តែទៅលើអ្វីដែលមនុស្សធ្វើប៉ុណ្ណោះទេ តែលោកផ្ដោតអារម្មណ៍ទៅលើមូលហេតុដែលពួកគេធ្វើអ្វីនោះ។ លោកអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់ពួកគេ។ ជាឧទាហរណ៍ មានពេលមួយមនុស្សខ្លះនៅស្រុកកាលីឡេបានមករកលោក។ (យ៉ូហាន ៦:២២-២៤) លោកបានដឹងថាមូលហេតុធំចម្បងដែលពួកគេនៅទីនោះ គឺមិនមែនដោយសារពួកគេចង់ស្ដាប់សេចក្ដីបង្រៀនរបស់លោកទេ តែគឺដោយសារពួកគេចង់បានអាហារ។ (យ៉ូហាន ២:២៥) លោកយេស៊ូស្គាល់អ្វីដែលនៅក្នុងចិត្តរបស់ពួកគេ។ ក្រោយមក ដោយចិត្តអត់ធ្មត់ លោកបានកែតម្រង់ពួកគេ ហើយពន្យល់ពួកគេអំពីការកែប្រែដែលពួកគេត្រូវធ្វើ។—សូមអាន យ៉ូហាន ៦:២៥-២៧
១១. (ក) តើតាមរបៀបណាអ្នកអាចព្យាយាមយល់អារម្មណ៍របស់កូនអ្នកចំពោះកិច្ចផ្សព្វផ្សាយ? (ខ) តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកមានអំណរក្នុងកិច្ចបម្រើផ្សាយ?
១១ ទោះជាអ្នកមិនអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្សឯទៀតក៏ដោយ អ្នកក៏អាចមានការយល់ធ្លុះជ្រៅដែរ។ ជាឧទាហរណ៍ អ្នកអាចព្យាយាមយល់អំពីអារម្មណ៍របស់កូនអ្នកចំពោះកិច្ចបម្រើផ្សាយ។ អ្នកអាចសួរខ្លួនអ្នកថា ‹ក្នុងកិច្ចបម្រើផ្សាយ តើប្រហែលជាពួកគេទន្ទឹងរង់ចាំតែពេលយើងឈប់សម្រាកនិងបរិភោគឬផឹកភេសជ្ជៈប៉ុណ្ណោះឬ?›។ បើអ្នកឃើញថាកូនរបស់អ្នកមិនសូវមានអំណរក្នុងកិច្ចបម្រើផ្សាយ សូមព្យាយាមធ្វើឲ្យកិច្ចបម្រើផ្សាយកាន់តែគួរឲ្យចាប់អារម្មណ៍ចំពោះពួកគេ។ ចូរឲ្យពួកគេធ្វើកិច្ចការដែលពួកគេអាចធ្វើបានដើម្បីពួកគេមានអារម្មណ៍ថាពួកគេក៏មានប្រយោជន៍ដែរ។
១២. (ក) តើលោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកអំពីអ្វី? (ខ) ហេតុអ្វីពួកអ្នកកាន់តាមលោកយេស៊ូពិតជាត្រូវការការព្រមានពីលោក?
១២ តើលោកយេស៊ូបានប្រើសមត្ថភាពយល់ធ្លុះជ្រៅតាមរបៀបណាទៀត? លោកដឹងថាកំហុសមួយអាចនាំទៅដល់កំហុសមួយទៀត និងថែមទាំងនាំឲ្យប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទៀតផង ហើយលោកបានព្រមានពួកអ្នកកាន់តាមលោកអំពីរឿងនេះ។ ជាឧទាហរណ៍ អ្នកកាន់តាមលោកបានដឹងថាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺជាការខុស។ ប៉ុន្តែ លោកយេស៊ូបានព្រមានពួកគេអំពីអ្វីដែលអាចនាំឲ្យបុគ្គលម្នាក់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ លោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ។ ដូច្នេះ ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ»។ (ម៉ាថាយ ៥:២៧-២៩) ពួកអ្នកកាន់តាមលោកយេស៊ូបានរស់នៅក្នុងចំណោមជនជាតិរ៉ូមដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដែលចូលចិត្តមើលរឿងល្ខោនដែលពោរពេញទៅដោយឈុតរួមភេទនិងដែលប្រើពាក្យចំអេសចំអាស។ ហេតុនេះដោយសេចក្ដីស្រឡាញ់ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកឲ្យជៀសវាងអ្វីណាក៏ដោយដែលនាំឲ្យពួកគេពិបាកធ្វើអ្វីដែលត្រឹមត្រូវ។
១៣, ១៤. តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកជៀសវាងការកម្សាន្តដែលប្រាសចាកសីលធម៌?
១៣ ក្នុងនាមជាឪពុកឬម្ដាយ អ្នកអាចប្រើសមត្ថភាពយល់ធ្លុះជ្រៅដើម្បីការពារកូនរបស់អ្នកពីការធ្វើអ្វីមួយដែលនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្ត។ គួរឲ្យស្ដាយណាស់ សព្វថ្ងៃនេះសូម្បីតែកូនក្មេងតូចក៏ងាយស្រួលឃើញរូបអាសអាភាសនិងអ្វីៗផ្សេងទៀតដែលប្រាសចាកសីលធម៌ដែរ។ អ្នកគួរតែប្រាប់កូនរបស់អ្នកថាការមើលអ្វីដែលប្រាសចាកសីលធម៌ គឺជាការខុស។ ប៉ុន្តែ មានអ្វីទៀតដែលអ្នកអាចធ្វើដើម្បីការពារពួកគេ។ សូមសួរខ្លួនអ្នកថា ‹តើកូនរបស់ខ្ញុំដឹងអំពីមូលហេតុដែលរូបអាសអាភាសនាំឲ្យមានគ្រោះថ្នាក់ខ្លាំងម្ល៉េះឬទេ? តើអ្វីអាចធ្វើឲ្យពួកគេចង់មើលរូបភាពទាំងនោះ? តើខ្ញុំធ្វើឲ្យពួកគេងាយស្រួលនិយាយជាមួយនឹងខ្ញុំអំពីរឿងអ្វីក៏ដោយឬទេ ដើម្បីពួកគេនឹងសុំជំនួយពីខ្ញុំសូម្បីតែពេលពួកគេជួបប្រទះការល្បួងឲ្យមើលរូបអាសអាភាស?›។ សូម្បីតែពេលកូននៅតូចក៏ដោយ អ្នកអាចនិយាយទៅកាន់ពួកគេថា៖ «បើកូនឃើញអ្វីមួយតាមអ៊ីនធឺណិតដែលធ្វើឲ្យកូនចង់ដឹងអំពីការរួមភេទ ហើយកូនចង់មើលវា សូមកូនមកនិយាយជាមួយពុកម៉ែ។ កូនកុំខ្លាចឬអៀនខ្មាសសុំជំនួយពីពុកម៉ែឡើយ។ ពុកម៉ែចង់ជួយកូន»។
១៤ ពេលអ្នកជ្រើសរើសការកម្សាន្តសម្រាប់ខ្លួនអ្នក សូមគិតយ៉ាងដិតដល់ផងដែរអំពីរបៀបដែលអ្នកអាចធ្វើជាគំរូល្អដល់កូនរបស់អ្នក។ បងប្រាណាសដែលបានត្រូវរៀបរាប់នៅវគ្គខាងលើនិយាយថា៖ «អ្នកអាចនិយាយយ៉ាងច្រើនអំពីរឿងជាច្រើន ប៉ុន្តែកូននឹងសង្កេតមើលអ្វីដែលអ្នកធ្វើ ហើយយកតម្រាប់អ្នក»។ បើអ្នកតែងតែប្រុងប្រយ័ត្នពេលជ្រើសរើសចម្រៀង ភ្លេង សៀវភៅ និងរឿងភាពយន្ត ដែលជាការកម្សាន្តស្អាតស្អំ អ្នកអាចជួយកូនរបស់អ្នកឲ្យធ្វើដូច្នេះដែរ។—រ៉ូម ២:២១-២៤
ព្រះយេហូវ៉ានឹងជួយអ្នក
១៥, ១៦. (ក) ហេតុអ្វីអ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នក? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៥ តើអ្វីបានកើតឡើងពេលម៉ាណូអាបានសុំព្រះយេហូវ៉ាជួយគាត់ឲ្យក្លាយទៅជាឪពុកដ៏ល្អម្នាក់? «ព្រះទ្រង់ក៏ស្ដាប់តាមពាក្យរបស់ម៉ាណូអា»។ (ពួកចៅហ្វាយ ១៣:៩) ឪពុកម្ដាយទាំងឡាយ ព្រះយេហូវ៉ាក៏នឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែរ។ លោកនឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នក។ ម្យ៉ាងទៀត លោកនឹងជួយអ្នកបង្ហាញសេចក្ដីស្រឡាញ់ មានចិត្តរាបទាប និងមានការយល់ធ្លុះជ្រៅ។
១៦ ដូចព្រះយេហូវ៉ានឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នកពេលពួកគេនៅក្មេង លោកក៏អាចជួយអ្នកបង្ហាត់បង្រៀនពួកគេដែរពេលដែលពួកគេមានវ័យជំទង់។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលគំរូរបស់លោកយេស៊ូស្តីអំពីសេចក្ដីស្រឡាញ់ ចិត្តរាបទាបនិងការយល់ធ្លុះជ្រៅ អាចជួយអ្នកបង្ហាត់បង្រៀនកូនវ័យជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា។
a គម្ពីរបង្រៀនថាការប្រដៅមានន័យថាការណែនាំ ការបង្ហាត់បង្រៀន ការកែតម្រង់ និងជួនកាលការដាក់ទោស។ ឪពុកម្ដាយគួរតែប្រដៅកូនតាមរបៀបស្លូតបូត ហើយមិនមែនប្រដៅកូននៅពេលដែលខ្លួនកំពុងខឹងនោះទេ។
b ឯកសារយោងមួយពន្យល់ថា នៅសម័យលោកយេស៊ូ កូនៗហៅឪពុករបស់ពួកគេថាអប្បា។ ពាក្យនេះគឺបញ្ជាក់អំពីសេចក្ដីស្រឡាញ់និងការគោរព (The International Standard Bible Encyclopedia)។