បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១២ ទំ. ១៧-២២
  • ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​គួរ​តែ​និយាយ​នៅ​ពេល​ណា?
  • តើ​យើង​គួរ​និយាយ​អ្វី​ខ្លះ?
  • តើ​តាម​របៀប​ណា​យើង​គួរ​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត?
  • តើអ្នកអាចនិយាយពាក្យសម្ដីបែបណាដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើពេលណាជាពេលគួរនិយាយ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «ចូរបំផុសទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១២ ទំ. ១៧-២២

ចូរ​ប្រើ​អំណាច​នៃ​អណ្ដាត​របស់​អ្នក​ឲ្យ​បាន​ល្អ

​«​ឱ​ព្រះ​យេហូវ៉ា . . . សូម​ឲ្យ​ពាក្យ​សំ​ដី​ដែល​ចេញ​មក​ពី​មាត់​ទូល​បង្គំ . . . គួរ​គាប់​នៅ​ព្រះ​នេត្រ​ទ្រង់​»។—ទំនុក​តម្កើង ១៩:១៤

ចម្រៀង​លេខ: ២១, ៣៥

តើ​តាម​របៀប​ណា​គំរូ​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ . . . 

  • ដឹង​ថា​ពេល​ណា​យើង​គួរ​និយាយ?

  • ជ្រើស​រើស​ពាក្យ​ត្រឹម​ត្រូវ?

  • និយាយ​ដោយ​ស្លូតបូត?

១, ២​. ហេតុ​អ្វី​គម្ពីរ​ប្រៀប​ប្រដូច​សមត្ថភាព​និយាយ​របស់​យើង​ទៅ​នឹង​ភ្លើង?

នៅ​ឆ្នាំ​១៨៧១ ភ្លើង​បាន​ឆេះ​ព្រៃ​នៅ​រដ្ឋ​វិស្កុនស៊ិន សហរដ្ឋ​អាម៉េរិក។ ភ្លើង​នោះ​បាន​ឆេះ​រាល​ដាល​យ៉ាង​លឿន ហើយ​ដើម​ឈើ​ប្រហែល​ជា​២.០០០​លាន​ដើម​បាន​ឆេះ​អស់។ មនុស្ស​ជាង​១.២០០​នាក់​បាន​ស្លាប់។ តាម​ពិត​ទៅ មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​នោះ​គឺ​មាន​ច្រើន​ជាង​ភ្លើង​ឆេះ​ផ្សេង​ៗ​ទៀត​នៅ​សហរដ្ឋ​អាម៉េរិក។ តាម​មើល​ទៅ​ផ្កា​ភ្លើង​តូច​ៗ​ដែល​ចេញ​ពី​រថភ្លើង​ដែល​បើក​ក្បែរ​ព្រៃ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ធំ​សម្បើម។ នេះ​រំលឹក​យើង​អំពី​ខ​គម្ពីរ​មួយ​ថា​៖ ​«​គ្រាន់​តែ​អណ្ដាត​ភ្លើង​ដ៏​តូច​មួយ​ធ្វើ​ឲ្យ​ព្រៃ​ធំ​ឆេះ!​»។ (​យ៉ាកុប ៣:៥​) ហេតុ​អ្វី​យ៉ាកុប​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​ម្នាក់​និយាយ​ដូច្នេះ?

២ គាត់​ពន្យល់​ថា​៖ ​«​អណ្ដាត​ជា​ភ្លើង​»។ (​យ៉ាកុប ៣:៦​) ​«​អណ្ដាត​»​សំដៅ​លើ​សមត្ថភាព​និយាយ​របស់​យើង។ ដូច​ភ្លើង​ដែរ អ្វី​ដែល​យើង​និយាយ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។ ពាក្យ​សម្ដី​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ឯ​ទៀត។ គម្ពីរ​ថែម​ទាំង​ប្រាប់​យើង​ថា​អ្វី​ដែល​យើង​និយាយ​អាច​នាំ​ឲ្យ​ពួក​គេ​បាន​ជីវិត​ឬ​ក៏​នាំ​ឲ្យ​ពួក​គេ​ស្លាប់។ (​សុភាសិត ១៨:២១​) ប៉ុន្តែ តើ​នោះ​មាន​ន័យ​ថា​យើង​មិន​ត្រូវ​និយាយ​អ្វី​សោះ ដោយ​សារ​តែ​យើង​អាច​និយាយ​អ្វី​ដែល​ខុស​ឬ? ប្រាកដ​ជា​មិន​មែន​ដូច្នេះ​ទេ។ យើង​មិន​ឈប់​ប្រើ​ភ្លើង​ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​រលាក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​យើង​ប្រើ​វា។ ជា​ឧទាហរណ៍ យើង​អាច​ប្រើ​ភ្លើង​ដើម្បី​ចម្អិន​អាហារ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កក់​ក្ដៅ ហើយ​ដើម្បី​ឲ្យ​មាន​ពន្លឺ។ ដូច​គ្នា​ដែរ បើ​យើង​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​យើង​និយាយ យើង​អាច​ប្រើ​សមត្ថភាព​នេះ​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា និង​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍។—ទំនុក​តម្កើង ១៩:១៤

៣​. តើ​អ្វី​ជា​ចំណុច​បី​យ៉ាង​ដែល​នឹង​ជួយ​យើង​ពេល​យើង​និយាយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត?

៣ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​សមត្ថភាព​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គំនិត​និង​អារម្មណ៍​របស់​យើង ដោយ​និយាយ​ឬ​ក៏​ធ្វើ​សញ្ញា​ដោយ​ដៃ។ ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត? (​សូម​អាន យ៉ាកុប ៣:៩, ១០​) យើង​ត្រូវ​ដឹង​អំពី​ពេល​ណា​ដែល​យើង​គួរ​និយាយ អំពី​អ្វី​ដែល​យើង​គួរ​និយាយ និង​អំពី​របៀប​ដែល​យើង​គួរ​និយាយ។

តើ​យើង​គួរ​តែ​និយាយ​នៅ​ពេល​ណា?

៤​. តើ​យើង​គួរ​តែ​នៅ​ស្ងៀម​នៅ​ពេល​ណា​ខ្លះ?

៤ ជួន​កាល គឺ​ជា​ការ​ល្អ​ដែល​យើង​មិន​និយាយ។ គម្ពីរ​ចែង​ថា​មាន​«​ពេល​ដែល​គួរ​នៅ​ស្ងៀម​»។ (​សាស្ដា ៣:៧​) ជា​ឧទាហរណ៍ យើង​នៅ​ស្ងៀម​កាល​ដែល​អ្នក​ឯ​ទៀត​កំពុង​និយាយ​ដើម្បី​បង្ហាញ​ថា​យើង​គោរព​ពួក​គេ។ (​យ៉ូប ៦:២៤​) ម្យ៉ាង​ទៀត យើង​មិន​និយាយ​អំពី​អ្វី​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ និង​អំពី​អ្វី​ដែល​មនុស្ស​ឯ​ទៀត​មិន​គួរ​ដឹង​ឡើយ។ (​សុភាសិត ២០:១៩​) ម្យ៉ាង​វិញ​ទៀត ពេល​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ខឹង យើង​នឹង​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ បើ​យើង​ព្យាយាម​រក្សា​ចិត្ត​ស្ងប់ និង​មិន​និយាយ។—ទំនុក​តម្កើង ៤:៤

៥​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ដឹង​គុណ​លោក​ដោយ​សារ​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​និយាយ?

៥ ប៉ុន្តែ ក៏​មាន​ពេល​ដែល​យើង​គួរ​និយាយ​ដែរ។ (​សាស្ដា ៣:៧​) មាន​ពេល​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត ដើម្បី​ប្រាប់​អំពី​អារម្មណ៍​របស់​យើង និង​ដើម្បី​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ។ (​ទំនុក​តម្កើង ៥១:១៥​) ម្យ៉ាង​ទៀត បើ​យើង​ប្រើ​សមត្ថភាព​និយាយ​របស់​យើង​តាម​របៀប​នេះ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ដឹង​គុណ​លោក​ដោយ​សារ​លោក​បាន​ផ្ដល់​អំណោយ​នេះ​ឲ្យ​យើង។ យ៉ាង​ណា​មិញ ពេល​មិត្ត​ភក្ដិ​ឲ្យ​អំណោយ​ដ៏​ស្អាត​មួយ​ដល់​យើង យើង​ចង់​ប្រើ​វា​តាម​របៀប​ដ៏​ល្អ​បំផុត។

៦​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ?

៦ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ? សុភាសិត ២៥:១១ ចែង​ថា​៖ ​«​ពាក្យ​សំ​ដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់​»។ ផ្លែ​សារី​មាស​គឺ​ស្អាត ប៉ុន្តែ​ផ្លែ​នោះ​នឹង​ស្អាត​ជាង ពេល​វា​នៅ​មុខ​អ្វី​ដែល​មាន​ពណ៌​ប្រាក់។ ស្រដៀង​គ្នា​ដែរ យើង​ប្រហែល​ជា​មាន​អ្វី​ដែល​ល្អ​ដើម្បី​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់។ ប៉ុន្តែ បើ​យើង​ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ យើង​អាច​ជួយ​បុគ្គល​នោះ​ច្រើន​ជាង។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច្នេះ?

៧, ៨​. តើ​តាម​របៀប​ណា​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ជប៉ុន​បាន​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ?

៧ បើ​យើង​និយាយ​នៅ​ពេល​ដែល​មិន​ត្រឹម​ត្រូវ មនុស្ស​ឯ​ទៀត​ប្រហែល​ជា​មិន​យល់​ឬ​មិន​ព្រម​ទទួល​យក​អ្វី​ដែល​យើង​និយាយ​ឡើយ។ (​សូម​អាន សុភាសិត ១៥:២៣​) ជា​ឧទាហរណ៍ នៅ​ខែ​មីនា ឆ្នាំ​២០១១ ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​បាន​បំផ្លាញ​ក្រុង​ជា​ច្រើន​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ជប៉ុន។ មនុស្ស​ជាង​១៥.០០០​នាក់​បាន​ស្លាប់។ ទោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​បាត់​បង់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ក្ដី ពួក​គាត់​ចង់​ប្រើ​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ដែល​មាន​ស្ថានភាព​ដូច​ពួក​គាត់​ដែរ។ ប៉ុន្តែ ពួក​គាត់​ដឹង​ថា​មនុស្ស​ជា​ច្រើន​ទាំង​នោះ​គឺ​ជា​អ្នក​កាន់​ពុទ្ធសាសនា ហើយ​ពួក​គេ​មិន​សូវ​ស្គាល់​គម្ពីរ​ទេ។ ហេតុ​នេះ នៅ​ពេល​នោះ​ជា​ជាង​ប្រាប់​ពួក​គេ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បង​ប្អូន​របស់​យើង​បាន​សម្រាល​ទុក្ខ​ពួក​គេ ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​រឿង​ដ៏​អាក្រក់​បែប​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ។

៨ បង​ប្អូន​ទាំង​នោះ​បាន​យក​តម្រាប់​លោក​យេស៊ូ។ លោក​បាន​ដឹង​ថា​ពេល​ណា​គួរ​នៅ​ស្ងៀម ប៉ុន្តែ​លោក​ក៏​ដឹង​ដែរ​ថា​ពេល​ណា​គួរ​និយាយ។ (​យ៉ូហាន ១៨:៣៣​-​៣៧; ១៩:៨​-​១១​) ម្យ៉ាង​ទៀត លោក​បាន​រង់​ចាំ​ពេល​ត្រឹម​ត្រូវ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​រឿង​ខ្លះ។ (​យ៉ូហាន ១៦:១២​) បង​ប្អូន​នៅ​ប្រទេស​ជប៉ុន​បាន​រង់​ចាំ​ពេល​ត្រឹម​ត្រូវ​ដើម្បីប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពីរ​ឆ្នាំ​កន្លះ​ក្រោយ​ពី​រលក​យក្ស​ស៊ូណាមី ពួក​គាត់​បាន​ស្នើ​ផ្ដល់​ឲ្យ​មនុស្ស​ឯ​ទៀត​នូវ​ខិត្តប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា តើ​មនុស្ស​ស្លាប់​ពិត​ជា​អាច​រស់​ម្ដង​ទៀត​ឬ? មនុស្ស​ជា​ច្រើន​បាន​យក​ខិត្តប័ណ្ណ​នោះ ហើយ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្វី​ដែល​ពួក​គេ​អាន។ យើង​ក៏​គួរ​គិត​ដែរ​អំពី​វប្បធម៌​និង​ជំនឿ​របស់​មនុស្ស​ដែល​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ដើម្បី​យើង​អាច​ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ​ទៅ​កាន់​ពួក​គេ។

យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ហើយ​រក​ពេល​មួយ​ដែល​មនុស្ស​ឯ​ទៀត​សុខ​ចិត្ត​ស្ដាប់​យើង

៩​. តើ​មាន​ស្ថានភាព​ណា​ផ្សេង​ទៀត​ដែល​យើង​គួរ​រង់​ចាំ​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ?

៩ តើ​មាន​ស្ថានភាព​ណា​ផ្សេង​ទៀត​ដែល​យើង​គួរ​រង់​ចាំ​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ? ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ជា​ជាង​តប​ឆ្លើយ​ភ្លាម​ៗ ហើយ​និយាយ​អ្វី​ដោយ​មិន​បាន​គិត ជា​ការ​ល្អ​ដែល​យើង​ទុក​ពេល​គិត​សិន ហើយ​សួរ​ខ្លួន​ថា ‹តើ​គាត់​មាន​បំណង​ចង់​និយាយ​មិន​ស្លូតបូត​បែប​នេះ​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ត្រូវ​និយាយ​ទៅ​គាត់​អំពី​អ្វី​ដែល​គាត់​បាន​និយាយ​ឬ​ទេ?›។ ប្រហែល​ជា​ការ​ល្អ​បំផុត​ដែល​យើង​មិន​និយាយ​អ្វី​ទេ។ ប៉ុន្តែ បើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​និយាយ​ទៅ​គាត់ យើង​គួរ​រង់​ចាំ​រហូត​ដល់​ពេល​យើង​ឈប់​ខឹង។ (​សូម​អាន សុភាសិត ១៥:២៨​) ឬ​ក៏​ប្រហែល​ជា​យើង​ចង់​លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ដែល​មិន​មែន​ជា​សាក្សី​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ត្រូវ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​យើង​នឹង​និយាយ ហើយ​រក​ពេល​មួយ​ដែល​ពួក​គេ​ប្រហែល​ជា​នឹង​សុខ​ចិត្ត​ស្ដាប់។

តើ​យើង​គួរ​និយាយ​អ្វី​ខ្លះ?

១០​. (​ក​) ហេតុ​អ្វី​យើង​គួរ​ប្រុង​ប្រយ័ត្ន​អំពី​ពាក្យ​ដែល​យើង​និយាយ? (​ខ​) តើ​របៀប​និយាយ​បែប​ណា​ដែល​យើង​ត្រូវ​ជៀស​វាង?

១០ អ្វី​ដែល​យើង​និយាយ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង ឬ​អាច​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ពិបាក​ចិត្ត។ (​សូម​អាន សុភាសិត ១២:១៨​) មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន​ប្រើ​«​ពាក្យ​ជូរ​ចត់​»​ឬ​ពាក្យ​ឃោរ​ឃៅ ដែល​ដូច​ជា​«​ព្រួញ​»​ឬ​«​ដាវ​»​ ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចិត្ត​និង​ទើស​ចិត្ត។ (​ទំនុក​តម្កើង ៦៤:៣​) មនុស្ស​ជា​ច្រើន​រៀន​និយាយ​តាម​ភាពយន្ត និង​កម្ម​វិធី​ទូរទស្សន៍​ដែល​ពួក​គេ​មើល។ ប៉ុន្តែ គ្រិស្ត​សាសនិក​មិន​និយាយ​ដោយ​មិន​ស្លូតបូត​និង​ទ្រ​គោះ​បោះ​បោក​ឡើយ សូម្បី​តែ​និយាយ​កំប្លែង។ ការ​និយាយ​បែប​កំប្លែង​គឺ​ល្អ ហើយ​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​យើង​និយាយ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ យើង​មិន​គួរ​ប្រើ​ពាក្យ​ចំអក​បញ្ឈឺ​ចិត្ត ពោល​គឺ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ខ្មាស​គេ ឬ​ថែម​ទាំង​និយាយ​ប្រមាថ​មើល​ងាយ​បុគ្គល​នោះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សើច​ឡើយ។ គម្ពីរ​បង្គាប់​គ្រិស្ត​សាសនិក​មិន​ឲ្យ​ប្រើ​«​ពាក្យ​ប្រមាថ​មើល​ងាយ​»​ឡើយ។ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​»។—អេភេសូរ ៤:២៩, ៣១

១១​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ពាក្យ​ត្រឹម​ត្រូវ?

១១ លោក​យេស៊ូ​បាន​បង្រៀន​ថា​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។ (​ម៉ាថាយ ១២:៣៤​) នេះ​មាន​ន័យ​ថា​អ្វី​ដែល​យើង​និយាយ​អាច​បង្ហាញ​អំពី​អារម្មណ៍​របស់​យើង។ ហេតុ​នេះ បើ​យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត ហើយ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ យើង​នឹង​ទំនង​ជា​ជ្រើស​រើស​ពាក្យ​ត្រឹម​ត្រូវ​ដើម្បី​និយាយ​ទៅ​កាន់​ពួក​គេ។ បើ​ដូច្នេះ យើង​នឹង​និយាយ​អ្វី​ដែល​ល្អ​និង​ដែល​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

១២​. តើ​អ្វី​ទៀត​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​ពាក្យ​ត្រឹម​ត្រូវ?

១២ យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​រក​ពាក្យ​ត្រឹម​ត្រូវ​ដើម្បី​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត។ ទោះ​ជា​ស្តេច​សាឡូម៉ូន​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ក៏​ដោយ គាត់​«​បាន​រំពឹង​គិត​»​ ព្រម​ទាំង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ឲ្យ​សំណេរ​របស់​គាត់​ត្រឹម​ត្រូវ​និង​ដើម្បី​ឲ្យ​មនុស្ស​ឯ​ទៀត​ចូល​ចិត្ត​អាន។ (​សាស្ដា ១២:៩, ១០​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​ពាក្យ​ដែល​យើង​គួរ​និយាយ? យើង​អាច​ពិនិត្យ​មើល​គម្ពីរ​និង​សៀវភៅ​របស់​យើង​ដែល​ជួយ​យើង​រក​ឃើញ​របៀប​ថ្មី​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អារម្មណ៍​និង​គំនិត​របស់​យើង។ យើង​អាច​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ផ្សេង​ៗ​ដែល​យើង​មិន​យល់។ យើង​ក៏​អាច​សិក្សា​អំពី​គំរូ​របស់​លោក​យេស៊ូ​ដែរ ដើម្បី​ចេះ​និយាយ​តាម​របៀប​ដែល​នឹង​ជួយ​អ្នក​ឯ​ទៀត។ លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​គួរ​និយាយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​លោក​ឲ្យ​«​ចេះ​ប្រើ​ពាក្យ​សំ​ដី នឹង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង​»។ (​អេសាយ ៥០:៤​) ការ​គិត​អំពី​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី​របស់​យើង​ទៅ​លើ​អ្នក​ឯ​ទៀត ក៏​សំខាន់​ដែរ។ (​យ៉ាកុប ១:១៩​) យើង​អាច​សួរ​ខ្លួន​យើង​ថា ‹បើ​ខ្ញុំ​និយាយ​ដូច្នេះ តើ​បុគ្គល​នោះ​នឹង​យល់​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​គាត់​ឬ​ទេ? តើ​គាត់​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?›។

១៣​. ហេតុ​អ្វី​យើង​គួរ​និយាយ​ឲ្យ​គេ​ស្រួល​យល់?

១៣ នៅ​អ៊ីស្រាអែល គេ​ប្រើ​សំឡេង​ត្រែ​ដើម្បី​ឲ្យ​សញ្ញា។ សំឡេង​មួយ​នៃ​ត្រែ​នោះ​ឲ្យ​សញ្ញា​ថា​បណ្ដា​ជន​គួរ​ជួប​ជុំ​គ្នា។ សំឡេង​មួយ​ទៀត​ឲ្យ​សញ្ញា​ថា​ពួក​ទាហាន​គួរ​វាយ​ប្រហារ។ សូម​ស្រមៃ​គិត​ថា​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​ទាហាន បើ​ត្រែ​បន្លឺ​សំឡេង​មិន​ច្បាស់! គម្ពីរ​ប្រៀប​ប្រដូច​សំឡេង​ច្បាស់​របស់​ត្រែ​ទៅ​នឹង​ពាក្យ​សម្ដី​ដែល​ស្រួល​យល់។ បើ​យើង​មិន​ពន្យល់​អ្វី​មួយ​យ៉ាង​ច្បាស់​លាស់​ទេ មនុស្ស​ឯ​ទៀត​អាច​យល់​ច្រឡំ ឬ​អាច​ជឿ​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត។ ទោះ​បី​ជា​យើង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​បាន​ច្បាស់​អំពី​អារម្មណ៍​និង​គំនិត​របស់​យើង​ក៏​ដោយ យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ថា​អ្វី​ដែល​យើង​និយាយ​គឺ​គួរ​សម ឬ​បង្ហាញ​ការ​គោរព។—សូម​អាន កូរិនថូស​ទី១ ១៤:៨, ៩

១៤​. តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា​របៀប​ដែល​លោក​យេស៊ូ​និយាយ​គឺ​ស្រួល​យល់?

១៤ ម៉ាថាយ ជំពូក​ទី​៥​ដល់​ជំពូក​ទី​៧ គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​ប្រសើរ​ស្តី​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ជ្រើស​រើស​ពាក្យ​ដែល​ស្រួល​យល់។ ក្នុង​សុន្ទរកថា​របស់​លោក លោក​មិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច​ដោយ​ប្រើ​ពាក្យ​ដែល​ស្មុគ​ស្មាញ ឬ​ពាក្យ​ដែល​មិន​ចាំ​បាច់​ឡើយ។ ម្យ៉ាង​ទៀត លោក​មិន​បាន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ទេ។ លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​សំខាន់​ណាស់​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​និយាយ​គឺ​ស្រួល​យល់។ ជា​ឧទាហរណ៍ លោក​យេស៊ូ​ចង់​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​មិន​ចាំ​បាច់​បារម្ភ​ថា​នឹង​បាន​អ្វី​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ដូច្នេះ លោក​បាន​ពន្យល់​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​អាហារ​ឲ្យ​សត្វ​ស្លាប។ ក្រោយ​មក លោក​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ?​»។ (​ម៉ាថាយ ៦:២៦​) ដោយ​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​ទាំង​នោះ លោក​យេស៊ូ​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​មេ​រៀន​ដ៏​សំខាន់​មួយ និង​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត។

តើ​តាម​របៀប​ណា​យើង​គួរ​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត?

១៥​. ហេតុ​អ្វី​យើង​ត្រូវ​និយាយ​ដោយ​ស្លូតបូត?

១៥ របៀប​ដែល​យើង​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត​ក៏​អាច​សំខាន់​ដូច​អ្វី​ដែល​យើង​និយាយ​ដែរ។ មនុស្ស​ចូល​ចិត្ត​ស្ដាប់​លោក​យេស៊ូ ដោយ​សារ​លោក​បាន​និយាយ​«​ពីរោះ​»​ ឬ​និយាយ​ដោយ​ស្លូតបូត។ (​លូកា ៤:២២​) ពេល​យើង​និយាយ​ដោយ​ស្លូតបូត មនុស្ស​ទំនង​ជា​ចង់​ស្ដាប់​យើង​និង​ទទួល​យក​អ្វី​ដែល​យើង​និយាយ។ (​សុភាសិត ២៥:១៥​) យើង​នឹង​អាច​និយាយ​ដោយ​ស្លូតបូត​ទៅ​កាន់​អ្នក​ឯ​ទៀត បើ​យើង​គោរព​ពួក​គេ ហើយ​គិត​អំពី​អារម្មណ៍​របស់​ពួក​គេ។ នោះ​គឺ​ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ជា​ឧទាហរណ៍ ពេល​លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ទៅ​ស្ដាប់​លោក លោក​ពិត​ជា​សប្បាយ​រីក​រាយ​ចំណាយ​ពេល​ជា​មួយ​នឹងពួក​គេ​និង​បង្រៀន​ពួក​គេ។ (​ម៉ាកុស ៦:៣៤​) ទោះ​ជា​ពេល​មនុស្ស​ជេរ​ប្រមាថ​លោក​យេស៊ូ​ក៏​ដោយ លោក​មិន​បាន​ជេរ​ប្រមាថ​គេ​វិញ​ទេ។—ពេត្រុស​ទី១ ២:២៣

១៦, ១៧​. (​ក​) ពេល​យើង​និយាយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​យើង តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​ម្ដាយ​ម្នាក់​បាន​ទទួល​លទ្ធផល​ល្អ​យ៉ាង​ណា​ពី​ការ​និយាយ​ដោយ​ស្លូតបូត?

១៦ ទោះ​ជា​យើង​ស្រឡាញ់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​យើង​ក្ដី យើង​ប្រហែល​ជា​និយាយ​អ្វី​ដែល​មិន​បង្ហាញ​ចិត្ត​ស្លូតបូត​ទៅ​កាន់​ពួក​គេ ដោយ​សារ​យើង​ស្គាល់​ពួក​គេ​ច្បាស់។ យើង​ប្រហែល​ជា​គិត​ថា​យើង​មិន​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​យើង​និយាយ​ទៅ​កាន់​ពួក​គេ​ទេ។ ប៉ុន្តែ លោក​យេស៊ូ​មិន​ដែល​និយាយ​ដោយ​មិន​ស្លូតបូត​ទៅ​កាន់​មិត្ត​ភក្ដិ​របស់​លោក​ឡើយ។ ពេល​ពួក​គេ​ខ្លះ​ឈ្លោះ​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ លោក​បាន​កែ​តម្រង់​ពួក​គេ​ដោយ​ស្លូតបូត ហើយ​បាន​យក​កូន​ក្មេង​ជា​គំរូ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​ពួក​គេ។ (​ម៉ាកុស ៩:៣៣​-​៣៧​) អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​ផ្ដល់​ឱវាទ​ឲ្យ​អ្នក​ឯ​ទៀត​តាម​របៀប​ស្លូតបូត។—កាឡាទី ៦:១

១៧ សូម្បី​តែ​ពេល​អ្នក​ណា​ម្នាក់​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត បើ​យើង​និយាយ​ដោយ​ស្លូតបូត នោះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ (​សុភាសិត ១៥:១​) ជា​ឧទាហរណ៍ កូន​ប្រុស​ជំទង់​របស់​ម្ដាយ​ដែល​គ្មាន​គូ បាន​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​កាល​ដែល​កូន​នោះ​ធ្វើ​ពុត​ជា​បម្រើ​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​អាណិត​ម្ដាយ​នោះ ហើយ​បាន​ប្រាប់​គាត់​ថា​៖ ​«​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​បង​បាន​បរាជ័យ​ក្នុង​ការ​អប់រំ​កូន​»។ ម្ដាយ​នោះ​បាន​គិត​មួយ​ស្របក់ ហើយ​ក្រោយ​មក​បាន​និយាយ​ថា​៖ ​«​ពិត​មែន​តែ​អ្វី​ៗ​គឺ​មិន​សូវ​ល្អ​មែន​នៅ​ឥឡូវ​នេះ ប៉ុន្តែ​ការ​អប់រំ​កូន​របស់​ខ្ញុំ​មិន​ទាន់​ចប់​ទេ។ សូម​មក​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ក្រោយ​សង្គ្រាម​ហាម៉ាគេដូន​ដើម្បី​ឲ្យ​យើង​ដឹង​ជាក់​ជា​មិន​ខាន​»។ ដោយ​សារ​ម្ដាយ​នោះ​បាន​រក្សា​ចិត្ត​ស្ងប់ និង​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​បង​ស្រី​នោះ ពួក​គាត់​នៅ​តែ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។ ម្យ៉ាង​ទៀត កូន​ប្រុស​នោះ​បាន​ឮ​អ្វី​ដែល​ម្ដាយ​របស់​គាត់​និយាយ ហើយ​បាន​ទទួល​ស្គាល់​ថា​ម្ដាយ​គាត់​នៅ​តែ​ជឿ​ថា​គាត់​អាច​កែ​ប្រែ​បាន។ ហេតុ​នេះ គាត់​បាន​ឈប់​ដើរ​លេង​ជា​មួយ​នឹង​មិត្ត​ភក្ដិ​មិន​ល្អ បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ក្រោយ​មក​បាន​បម្រើ​នៅ​បេតអែល។ ទោះ​ជា​យើង​និយាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ក្រុម​គ្រួសារ​របស់​យើង ឬ​មនុស្ស​ដែល​យើង​មិន​ស្គាល់​ក៏​ដោយ ពាក្យ​សម្ដី​របស់​យើង​គួរ​តែ​«​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»​ជា​និច្ច។—កូឡុស ៤:៦

១៨​. ស្តី​អំពី​របៀប​ដែល​យើង​និយាយ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៨ សមត្ថភាព​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គំនិត​និង​អារម្មណ៍​របស់​យើង គឺ​ពិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ​ពី​ព្រះ​យេហូវ៉ា។ បើ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ យើង​នឹង​ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ យើង​នឹង​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ដែល​យើង​និយាយ ហើយ​យើង​នឹង​តែង​តែ​ព្យាយាម​និយាយ​ដោយ​ស្លូតបូត។ ហេតុ​នេះ សូម​ឲ្យ​យើង​ប្រើ​ពាក្យ​សម្ដី​របស់​យើង​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត និង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • និយាយ​ពីរោះ​ឬ​ប្រើ​សម្ដី​ដែល​ប្រកប​ដោយ​ភាព​សប្បុរស: យើង​និយាយ​ដោយ​ស្លូតបូត​និង​សុភាព​ទៅ​កាន់​អ្នក​ឯ​ទៀត ដោយ​សារ​យើង​គោរព​ពួក​គេ។ យើង​គិត​អំពី​អារម្មណ៍​របស់​ពួក​គេ ហើយ​មិន​ចង់​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត

ចូរ​និយាយ​តាម​របៀប​មួយ​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា

  • ពេល​ណា: ជ្រើស​រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​និយាយ

  • និយាយ​អ្វី: ជ្រើស​រើស​ពាក្យ​ត្រឹម​ត្រូវ

  • របៀប​ណា: និយាយ​ដោយ​ស្លូតបូត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក