ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់
«ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក»។—អេភេសូរ ៥:១
១. តើសមត្ថភាពអ្វីដែលជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ា?
ព្រះយេហូវ៉ាបានបង្កើតយើងឲ្យចេះយល់អារម្មណ៍របស់អ្នកឯទៀត ទោះជាយើងមិនមានបញ្ហាដូចពួកគេក៏ដោយ។ (សូមអាន អេភេសូរ ៥:១, ២) តើតាមរបៀបណាសមត្ថភាពនេះជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ា? ម្យ៉ាងទៀត ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើសមត្ថភាពនេះ?
២. ពេលយើងរងទុក្ខលំបាក តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?
២ ព្រះយេហូវ៉ាបានសន្យាចំពោះយើងថាលោកនឹងឲ្យយើងមានអនាគតដ៏អស្ចារ្យមួយដែលគ្មានទុក្ខលំបាក។ ទាំងអ្នករើសតាំងទាំង«ចៀមឯទៀត»អាចសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ ទោះជានៅស្ថានសួគ៌ ឬនៅផែនដីក្ដី។ (យ៉ូហាន ១០:១៦; ១៧:៣; កូរិនថូសទី១ ១៥:៥៣) ប៉ុន្តែ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់យើង ពេលយើងជួបរឿងមិនល្អនៅសព្វថ្ងៃនេះ។ នៅអតីតកាល ព្រះយេហូវ៉ាឈឺចិត្តពេលរាស្ត្ររបស់លោករងទុក្ខនៅស្រុកអេស៊ីប។ គម្ពីរប្រាប់ថា៖ «ទ្រង់ក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) ក្រោយមក រាស្ត្ររបស់លោកបានភ័យខ្លាចសត្រូវរបស់ពួកគេ ដោយសារសត្រូវទាំងនោះបានប្រឆាំងពួកគេក្នុងការសង់វិហារឡើងវិញ ប៉ុន្តែព្រះយេហូវ៉ាយល់អារម្មណ៍របស់ពួកគេ។ លោកបានប្រាប់ពួកគេថា៖ ‹អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់ខ្ញុំដែរ›។ (សាការី ២:១២, ខ.ស. [សាការី ២:៨]) ដូចម្ដាយដែលស្រឡាញ់កូនរបស់ខ្លួន នោះព្រះយេហូវ៉ាក៏ស្រឡាញ់អ្នកបម្រើរបស់លោក ហើយចង់ជួយពួកគេដែរ។ (អេសាយ ៤៩:១៥) យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា ពេលយើងព្យាយាមយល់អារម្មណ៍របស់អ្នកឯទៀតដោយស្រមៃគិតថាខ្លួនយើងស្ថិតក្នុងស្ថានភាពរបស់ពួកគេ។—ទំនុកតម្កើង ១០៣:១៣, ១៤
លោកយេស៊ូបានយកតម្រាប់ព្រះយេហូវ៉ា ដោយស្រឡាញ់មនុស្ស
៣. តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស?
៣ លោកយេស៊ូយល់អារម្មណ៍របស់មនុស្សពេលដែលពួកគេរងទុក្ខ ទោះជាលោកមិនដែលស្ថិតក្នុងស្ថានភាពដូចពួកគេក៏ដោយ។ ជាឧទាហរណ៍ លោកដឹងថាមនុស្សជាច្រើនមានជីវិតដ៏ពិបាក។ អ្នកដឹកនាំសាសនាបានកុហកពួកគេ ហើយបានបង្កើតច្បាប់ជាច្រើនដែលមិនមកពីព្រះទេ។ បណ្ដាជនខ្លាចអ្នកដឹកនាំសាសនាទាំងនោះ។ (ម៉ាថាយ ២៣:៤; ម៉ាកុស ៧:១-៥; យ៉ូហាន ៧:១៣) ទោះជាលោកយេស៊ូមិនដែលខ្លាចអ្នកដឹកនាំសាសនាទាំងនោះនិងមិនដែលជឿពាក្យកុហករបស់ពួកគេក៏ដោយ ក៏លោកអាចយល់អារម្មណ៍របស់បណ្ដាជនដែរ។ លោកយេស៊ូឈឺចិត្តខ្លាំងណាស់ ពេលលោកឃើញអ្នកដឹកនាំសាសនាប្រព្រឹត្តអាក្រក់ទៅលើបណ្ដាជន។ គ្មានអ្នកណាជួយពួកគេសោះ ពួកគេ«នៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថាយ ៩:៣៦) លោកយេស៊ូបានរៀនបង្ហាញសេចក្ដីស្រឡាញ់ «សេចក្ដីមេត្ដាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ»ចំពោះមនុស្ស ពីបិតារបស់លោក។—ទំនុកតម្កើង ១០៣:៨
៤. ពេលលោកយេស៊ូឃើញមនុស្សរងទុក្ខ តើលោកបានធ្វើអ្វី?
៤ ពេលលោកយេស៊ូឃើញមនុស្សរងទុក្ខ លោកបានជួយពួកគេ ដោយសារលោកស្រឡាញ់ពួកគេ។ លោកមានគុណសម្បត្ដិដូចបិតារបស់លោក។ ជាឧទាហរណ៍ មានពេលមួយក្រោយពីពួកសាវ័ករបស់លោកយេស៊ូបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីផ្សព្វផ្សាយ ពួកគាត់បានអស់កម្លាំង ហើយត្រូវការសម្រាកនៅកន្លែងដ៏ស្ងប់ស្ងាត់មួយ។ ប៉ុន្តែ លោកយេស៊ូបានឃើញមនុស្សជាច្រើនកំពុងចាំលោក។ លោកយល់ថាពួកគេត្រូវការជំនួយពីលោក ហេតុនេះលោកបាន«ចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន»។—ម៉ាកុស ៦:៣០, ៣១, ៣៤
ចូរមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា
៥, ៦. បើយើងចង់មានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី? សូមលើកឧទាហរណ៍មួយ។ (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ បើយើងចង់មានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី? សូមគិតអំពីស្ថានភាពនេះ មានប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះអាឡិន។ គាត់កំពុងគិតអំពីបងប្រុសវ័យចាស់ម្នាក់ដែលពិបាកដើរ ហើយភ្នែកមើលមិនសូវច្បាស់ទៀត។ ប្អូនអាឡិនចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នក»។ (លូកា ៦:៣១) ដូច្នេះ ប្អូនអាឡិនបានសួរខ្លួនគាត់ថា ‹តើខ្ញុំចង់ឲ្យអ្នកឯទៀតប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំ?›។ គាត់ឆ្លើយថា ‹ខ្ញុំពិតជាចង់ឲ្យពួកគេលេងបាល់ជាមួយខ្ញុំណាស់!›។ ប៉ុន្តែ បងប្រុសវ័យចាស់នេះមិនអាចរត់លេងបាល់បានទេ។ ដូច្នេះ អ្វីដែលប្អូនអាឡិនពិតជាត្រូវសួរខ្លួនគាត់គឺ ‹បើខ្ញុំជាបងប្រុសនោះ តើខ្ញុំនឹងចង់ឲ្យមនុស្សឯទៀតប្រព្រឹត្តយ៉ាងណាចំពោះខ្ញុំ?›។
៦ ទោះជាប្អូនអាឡិននៅក្មេងក៏ដោយ គាត់ព្យាយាមស្រមៃគិតអំពីអារម្មណ៍របស់គាត់ពេលដែលគាត់ចាស់ទៅ។ គាត់បានចំណាយពេលជាមួយបងប្រុសវ័យចាស់នោះ ហើយស្ដាប់ដោយយកចិត្តទុកដាក់ពេលបងប្រុសនោះនិយាយ។ ក្រោយមក គាត់ចាប់ផ្ដើមដឹងថាបងប្រុសនោះពិបាកអានគម្ពីរនិងពិបាកដើរផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ប្អូនអាឡិនស្គាល់របៀបដែលគាត់អាចជួយបងប្រុសនោះ ហើយចង់ខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយបងប្រុសនោះ។ ពេលយើងយល់អារម្មណ៍របស់អ្នកឯទៀត ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ នោះយើងនឹងមានគុណសម្បត្ដិដូចព្រះយេហូវ៉ា។—កូរិនថូសទី១ ១២:២៦
៧. តើតាមរបៀបណាយើងអាចយល់អំពីអ្វីដែលបងប្អូនរបស់យើងកំពុងជួបប្រទះ?
៧ យើងមិនតែងតែស្រួលយល់អំពីអ្វីដែលអ្នកឯទៀតកំពុងជួបប្រទះទេ ជាពិសេសបើយើងមិនស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេ។ ជាឧទាហរណ៍ បងប្អូនជាច្រើនរងការឈឺចាប់ ដោយសារជំងឺ ដោយសាររបួស ឬដោយសារមានវ័យកាន់តែចាស់។ បងប្អូនខ្លះកំពុងមានទុក្ខលំបាកយ៉ាងខ្លាំង ដោយសារការធ្លាក់ទឹកចិត្ត ការមានកង្វល់យ៉ាងខ្លាំង ឬដោយសារកាលពីមុនពួកគាត់បានត្រូវគេធ្វើបាប ឬបំពារបំពានលើរូបកាយ។ រីឯបងប្អូនខ្លះទៀតកំពុងចិញ្ចឹមអប់រំកូនតែម្នាក់ឯង ឬមានសមាជិកក្រុមគ្រួសារដែលមិនបម្រើព្រះយេហូវ៉ា។ មនុស្សគ្រប់រូបមានបញ្ហា ហើយបញ្ហាភាគច្រើនរបស់ពួកគេគឺខុសគ្នាពីបញ្ហារបស់យើង។ ប៉ុន្តែ យើងចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត ហើយជួយពួកគេ។ ដូច្នេះ តើយើងអាចធ្វើអ្វី? មនុស្សម្នាក់ៗប្រហែលជាត្រូវការជំនួយខុសៗពីគ្នា។ ដូច្នេះ បើយើងស្ដាប់បុគ្គលណាម្នាក់យ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមយល់អារម្មណ៍របស់គាត់ នោះយើងនឹងដឹងអំពីរបៀបល្អបំផុតដើម្បីជួយគាត់។ ប្រហែលជាយើងអាចរំលឹកគាត់ថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបញ្ហារបស់គាត់ ឬយើងអាចជួយគាត់តាមរបៀបផ្សេងៗ។ ពេលយើងធ្វើដូច្នេះ យើងយកតម្រាប់ព្រះយេហូវ៉ា។—សូមអាន រ៉ូម ១២:១៥; ពេត្រុសទី១ ៣:៨
ចូរមានចិត្តសប្បុរសដូចព្រះយេហូវ៉ា
៨. តើអ្វីបានជួយលោកយេស៊ូឲ្យមានចិត្តសប្បុរស?
៨ ព្រះយេហូវ៉ាមានចិត្តសប្បុរសចំពោះមនុស្សទាំងអស់។ (លូកា ៦:៣៥) លោកយេស៊ូក៏មានចិត្តសប្បុរសដូចបិតារបស់លោកដែរ។ តើអ្វីបានជួយលោកយេស៊ូឲ្យមានចិត្តសប្បុរសចំពោះមនុស្សកាលដែលលោកនៅផែនដី? មុននឹងលោកនិយាយ ឬធ្វើអ្វីមួយ លោកបានគិតអំពីពាក្យសម្ដី ឬការប្រព្រឹត្តរបស់លោកថាអាចមានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់ពួកគេ។ ជាឧទាហរណ៍ ស្ត្រីម្នាក់ដែលបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនបានមកជួបលោកយេស៊ូ។ នាងបានយំសម្រក់ទឹកភ្នែកច្រើនដល់ម្ល៉េះបានជាទឹកភ្នែករបស់នាងបានធ្លាក់ទៅលើជើងរបស់លោកយេស៊ូ។ លោកយេស៊ូអាចឃើញថានាងស្ដាយក្រោយយ៉ាងខ្លាំងចំពោះអ្វីដែលនាងធ្លាប់ធ្វើ ហើយឃើញថានាងបានប្រែចិត្ត។ លោកបានទទួលស្គាល់ថាបើលោកប្រព្រឹត្តមិនសប្បុរសចំពោះនាង នោះនាងនឹងកាន់តែពិបាកចិត្ត។ ដូច្នេះ លោកបានសរសើរនាងចំពោះអ្វីដ៏ល្អដែលនាងបានធ្វើ ហើយបានអភ័យទោសឲ្យនាង។ លោកយេស៊ូក៏បានប្រើពាក្យសប្បុរសដែរ ពេលលោកមានប្រសាសន៍ទៅកាន់ផារិស៊ីម្នាក់ដែលមិនយល់ស្របនឹងអ្វីដែលលោកបានធ្វើចំពោះស្ត្រីនេះ។—លូកា ៧:៣៦-៤៨
មុននឹងធ្វើការសម្រេចចិត្ត យើងអាចស្រមៃគិតថា តើការសម្រេចចិត្តនោះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង ឬអ្នកឯទៀត?
៩. តើអ្វីអាចជួយយើងឲ្យបង្ហាញចិត្តសប្បុរសដូចព្រះយេហូវ៉ា? សូមលើកឧទាហរណ៍មួយ។
៩ តើតាមរបៀបណាយើងអាចមានចិត្តសប្បុរសដូចព្រះយេហូវ៉ា? មុននឹងយើងនិយាយ ឬធ្វើអ្វីមួយ យើងត្រូវគិតទុកជាមុនដើម្បីយើងអាចប្រព្រឹត្តដោយសុភាពចំពោះអ្នកឯទៀត ហើយមិនធ្វើឲ្យពួកគេឈឺចិត្ត។ ប៉ូលបានសរសេរថាគ្រិស្តសាសនិក«មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់»។ (ធីម៉ូថេទី២ ២:២៤) ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលអ្នកអាចបង្ហាញចិត្តសប្បុរសពេលស្ថិតក្នុងស្ថានភាពទាំងនេះ: បើនិយោជករបស់អ្នកមិនចេះចាត់ចែងកិច្ចការ តើអ្នកនឹងធ្វើអ្វី? បើបងប្អូនម្នាក់មកចូលរួមកិច្ចប្រជុំក្រោយពីខានចូលរួមអស់ជាច្រើនខែមកហើយ តើអ្នកនឹងនិយាយអ្វីទៅគាត់? បើអ្នកកំពុងផ្សព្វផ្សាយ ហើយម្ចាស់ផ្ទះនិយាយថាគាត់រវល់ណាស់គ្មានពេលនិយាយជាមួយនឹងអ្នកទេ តើអ្នកអាចបង្ហាញចិត្តសប្បុរសដល់គាត់យ៉ាងដូចម្ដេច? បើប្រពន្ធរបស់អ្នកសួរអ្នកអំពីមូលហេតុដែលអ្នកមិនបានប្រាប់នាងអំពីគម្រោងខ្លះដែលអ្នកបានធ្វើ តើអ្នកនឹងនិយាយទៅកាន់នាងដោយសប្បុរសឬទេ? យើងត្រូវស្រមៃគិតអំពីអារម្មណ៍របស់អ្នកឯទៀត ហើយស្រមៃគិតថាពាក្យសម្ដីរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ។ ពេលយើងធ្វើដូច្នេះ យើងនឹងដឹងអំពីអ្វីដែលយើងគួរនិយាយនិងប្រព្រឹត្ត ដើម្បីបង្ហាញចិត្តសប្បុរសដូចព្រះយេហូវ៉ា។—សូមអាន សុភាសិត ១៥:២៨
ចូរមានគំនិតឈ្លាសវៃដូចព្រះយេហូវ៉ា
១០, ១១. តើតាមរបៀបណាយើងអាចមានគំនិតឈ្លាសវៃដូចព្រះយេហូវ៉ា? សូមលើកឧទាហរណ៍មួយ។
១០ ព្រះយេហូវ៉ាមានគំនិតឈ្លាសវៃអស្ចារ្យ ហើយលោកអាចជ្រាបអំពីអ្វីដែលនឹងកើតឡើងនៅអនាគត បើលោកចង់ដឹង។ ទោះជាយើងមិនដឹងអំពីអនាគតក៏ដោយ យើងក៏អាចមានគំនិតឈ្លាសវៃបានដែរ។ តើតាមរបៀបណា? មុននឹងធ្វើការសម្រេចចិត្ត យើងអាចស្រមៃគិតថា តើការសម្រេចចិត្តនោះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង ឬអ្នកឯទៀត? យើងមិនគួរធ្វើដូចជនជាតិអ៊ីស្រាអែលទេ។ ពួកគេមិនបានគិតថាពួកគេនឹងទទួលលទ្ធផលយ៉ាងណាទេ បើពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពួកគេមិនបានគិតអំពីចំណងមិត្តភាពរបស់ពួកគេជាមួយនឹងលោក និងអ្វីៗទាំងអស់ដែលលោកបានធ្វើចំពោះពួកគេទេ។ ដោយសារម៉ូសេបានដឹងថាជនជាតិអ៊ីស្រាអែលមានចិត្តគំនិតបែបនេះ នោះគាត់ដឹងថាក្រោយមកពួកគេនឹងធ្វើអ្វីដែលអាក្រក់។ ហេតុនេះហើយបានជាគាត់និយាយថា៖ «ដ្បិតគេជាសាសន៍ដែលឥតមានសេចក្ដីដំបូន្មាន គេគ្មានយោបល់នៅក្នុងខ្លួនសោះ។ ឱបើគេមានប្រាជ្ញា ហើយបានយល់សេចក្ដីនេះ ឱបើគេនឹងពិចារណាពីចុងបំផុតរបស់គេទៅ»។—ចោទិយកថា ៣១:២៩, ៣០; ៣២:២៨, ២៩
១១ ជាឧទាហរណ៍ បើអ្នកកំពុងស្វែងយល់ចិត្តអ្នកណាម្នាក់ដើម្បីរៀបការ សូមចាំថាពេលអ្នកចាប់ចិត្តស្រឡាញ់បុគ្គលនោះ អ្នកនឹងពិបាកគ្រប់គ្រងអារម្មណ៍និងចំណង់ផ្លូវភេទរបស់អ្នក។ ដូច្នេះ ចូរមានគំនិតឈ្លាសវៃ ហើយកុំធ្វើអ្វីណាក៏ដោយដែលអាចបំផ្លាញចំណងមិត្តភាពដ៏មានតម្លៃរវាងអ្នកនិងព្រះយេហូវ៉ា! ចូរស្ដាប់ដំបូន្មានដ៏ឈ្លាសវៃរបស់ព្រះយេហូវ៉ាដែលថា៖ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។—សុភាសិត ២២:៣
ចូរគ្រប់គ្រងគំនិតរបស់អ្នក
១២. តើតាមរបៀបណាអ្វីដែលយើងគិតអាចធ្វើឲ្យយើងអន្តរាយ?
១២ មនុស្សដែលមានគំនិតឈ្លាសវៃចេះគ្រប់គ្រងគំនិតរបស់ខ្លួន។ គំនិតរបស់យើងអាចប្រៀបដូចជាភ្លើងដែលអាចជួយយើង ឬក៏អាចធ្វើឲ្យយើងអន្តរាយបានដែរ។ ពេលយើងប្រើភ្លើងតាមរបៀបត្រឹមត្រូវ យើងអាចប្រើវាដើម្បីចម្អិនអាហារបាន។ ប៉ុន្តែ បើយើងមិនប្រយ័ត្ន ភ្លើងអាចធ្វើឲ្យផ្ទះរបស់យើងឆេះ ហើយថែមទាំងអាចសម្លាប់យើងទៀតផង។ ចំពោះគំនិតរបស់យើងក៏ស្រដៀងគ្នាដែរ។ ពេលយើងគិតអំពីអ្វីដែលយើងបានរៀនពីព្រះយេហូវ៉ា នោះជាការល្អសម្រាប់យើង។ ប៉ុន្តែ បើយើងចេះតែគិតអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយស្រមៃគិតថាខ្លួនឯងកំពុងប្រព្រឹត្តអំពើអាក្រក់ នោះយើងនឹងចង់ធ្វើអ្វីទាំងនោះកាន់តែខ្លាំងរហូតដល់យើងអាចប្រព្រឹត្តអ្វីទាំងនោះមែន។ នោះអាចធ្វើឲ្យយើងបាត់បង់ចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។—សូមអាន យ៉ាកុប ១:១៤, ១៥
១៣. តើអេវ៉ាបានស្រមៃគិតអ្វីអំពីជីវិតរបស់នាង?
១៣ យើងអាចទាញមេរៀនពីគំរូរបស់ស្ត្រីទី១គឺអេវ៉ា។ ព្រះយេហូវ៉ាបានបង្គាប់អាដាមនិងអេវ៉ាមិនឲ្យបរិភោគផ្លែពី«ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៦, ១៧) ប៉ុន្តែ សាថានបានប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ។ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ អេវ៉ាបានស្រមៃគិតអំពីជីវិតរបស់នាងថានឹងប្រសើរជាងយ៉ាងណាទៅ បើនាងអាចសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ នាងបន្តគិតអំពីអ្វីទាំងនេះ ហើយ«ឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក»។ ក្រោយមក តើនាងបានធ្វើអ្វី? «នាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម»។ (លោកុប្បត្តិ ៣:១-៦) ជាលទ្ធផល ‹ភាពខុសឆ្គងបានចូលក្នុងពិភពលោក ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង›។ (រ៉ូម ៥:១២) បើអេវ៉ាមិនបានបន្តគិតអំពីអ្វីដែលមិនត្រឹមត្រូវ រឿងនោះមិនបានកើតឡើងទេ!
១៤. ស្តីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើគម្ពីរព្រមានយើងអំពីអ្វី?
១៤ ពិតមែនតែភាពខុសឆ្គងរបស់អេវ៉ាមិនជាប់ទាក់ទងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ប៉ុន្តែគម្ពីរព្រមានយើងយ៉ាងច្បាស់ថាមិនត្រូវបន្តស្រមៃគិតថាខ្លួនយើងកំពុងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។ (ម៉ាថាយ ៥:២៨) ម្យ៉ាងទៀត ប៉ូលក៏បានព្រមានដែរថា៖ «កុំមានគម្រោងដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឡើយ»។—រ៉ូម ១៣:១៤
១៥. តើយើងគួរផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិបែបណា ហើយហេតុអ្វី?
១៥ គម្ពីរក៏ប្រាប់យើងដែរថាយើងគួរផ្ដោតអារម្មណ៍ទៅលើការបំពេញចិត្តព្រះយេហូវ៉ា ហើយមិនបន្តគិតអំពីការក្លាយទៅជាអ្នកមានឡើយ។ ទោះជាបុគ្គលម្នាក់ជាអ្នកមានក្ដី លុយមិនអាចការពារគាត់បានទេ។ (សុភាសិត ១៨:១១) ស្តីអំពីរឿងនេះ លោកយេស៊ូបានមានប្រសាសន៍ថាបើមនុស្សម្នាក់ប្រមូលទ្រព្យសម្បត្ដិជាច្រើនទុកសម្រាប់ខ្លួន ប៉ុន្តែមិនចាត់ទុកព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិតរបស់គាត់ទេ បុគ្គលនោះជាមនុស្សដែលគ្មានគំនិតឈ្លាសវៃឡើយ។ ហេតុនេះគាត់«មិនមែនជាអ្នកមានចំពោះព្រះ»ទេ។ (លូកា ១២:១៦-២១) ពេលយើងប្រមូលទ្រព្យសម្បត្ដិទុក«នៅឯស្ថានសួគ៌» ដោយធ្វើអ្វីដែលបំពេញចិត្តព្រះយេហូវ៉ា នោះយើងនឹងធ្វើឲ្យលោកសប្បាយរីករាយ ហើយយើងក៏សប្បាយរីករាយដែរ។ (ម៉ាថាយ ៦:២០; សុភាសិត ២៧:១១) ម្យ៉ាងទៀត ចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ាគឺមានតម្លៃជាងអ្វីឯទៀតទាំងអស់។
ចូរឈប់ខ្វល់ខ្វាយ
១៦. ពេលយើងមានកង្វល់ តើអ្វីអាចជួយយើងបាន?
១៦ បើយើងព្យាយាមធ្វើជាអ្នកមានក្នុងពិភពលោកនេះ នោះនឹងនាំឲ្យយើងមានកង្វល់ជាច្រើន។ (ម៉ាថាយ ៦:១៩) លោកយេស៊ូបានមានប្រសាសន៍ថាពួកអ្នកដែលតែងតែព្រួយបារម្ភអំពីលុយនឹងពិបាកបន្តចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិតរបស់ពួកគេ។ (ម៉ាថាយ ១៣:១៨, ១៩, ២២) ម្យ៉ាងទៀត មនុស្សខ្លះព្រួយបារម្ភគ្រប់ពេលអំពីអ្វីមិនល្អដែលអាចកើតឡើងចំពោះពួកគេ។ ប៉ុន្តែ បើយើងចេះតែព្រួយបារម្ភ នោះយើងប្រហែលជាធ្លាក់ខ្លួនឈឺ ឬថែមទាំងចាប់ផ្ដើមបាត់បង់ជំនឿទៅលើព្រះយេហូវ៉ាទៀតផង។ ផ្ទុយទៅវិញ យើងត្រូវទុកចិត្តថាព្រះយេហូវ៉ានឹងជួយយើង។ គម្ពីរចែងថា៖ «ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ (សុភាសិត ១២:២៥) ដូច្នេះ បើអ្នកមានកង្វល់អំពីអ្វីមួយ សូមនិយាយជាមួយនឹងអ្នកណាម្នាក់ដែលបម្រើព្រះយេហូវ៉ានិងដែលស្គាល់អ្នកច្បាស់។ ជាឧទាហរណ៍ ឪពុក ម្ដាយ ប្ដី ប្រពន្ធ ឬមិត្តដ៏ល្អរបស់អ្នកអាចលើកទឹកចិត្តអ្នកឲ្យទុកចិត្តទៅលើព្រះយេហូវ៉ា ហើយជួយអ្នកកុំឲ្យមានកង្វល់ច្រើនពេក។
ពេលអ្នកមានកង្វល់ សូមអធិដ្ឋានទៅព្រះយេហូវ៉ា ហើយគិតអំពីជំនួយផ្សេងៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នក
១៧. ពេលយើងមានកង្វល់ តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេច?
១៧ ព្រះយេហូវ៉ាយល់អារម្មណ៍របស់យើងច្បាស់ជាងអ្នកណាទាំងអស់ ហើយលោកអាចជួយយើងឲ្យមានអារម្មណ៍ស្ងប់ជាងពេលយើងមានកង្វល់។ ប៉ូលបានសរសេរថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភីលីព ៤:៦, ៧) ដូច្នេះ ពេលអ្នកមានកង្វល់ សូមគិតអំពីជំនួយផ្សេងៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកដើម្បីរក្សាចំណងមិត្តភាពរវាងអ្នកនិងលោកឲ្យរឹងមាំ ដូចជាជំនួយតាមរយៈបងប្អូនរួមជំនឿ អ្នកចាស់ទុំ ខ្ញុំបម្រើដ៏ស្មោះត្រង់ ទេវតា និងលោកយេស៊ូជាដើម។
១៨. តើការចេះស្រមៃគិតអាចជួយយើងយ៉ាងដូចម្ដេច?
១៨ ដូចដែលយើងបានរៀនហើយ យើងយកតម្រាប់ព្រះយេហូវ៉ា ពេលយើងចេះយល់អារម្មណ៍របស់អ្នកឯទៀត។ (ធីម៉ូថេទី១ ១:១១; យ៉ូហានទី១ ៤:៨) យើងនឹងសប្បាយរីករាយ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសប្បុរសចំពោះអ្នកឯទៀត គិតពិចារណាអំពីលទ្ធផលនៃការប្រព្រឹត្តរបស់យើង ហើយមិនខ្វល់ចិត្តជាប់ជានិច្ច។ សូមឲ្យយើងស្រមៃគិតថាជីវិតរបស់យើងនឹងទៅជាយ៉ាងណាពេលនៅក្រោមការគ្រប់គ្រងរាជាណាចក្រ ហើយសូមខំប្រឹងអស់ពីសមត្ថភាពដើម្បីយកតម្រាប់ព្រះយេហូវ៉ា។—រ៉ូម ១២:១២