ចូររៀនពីគំរូរបស់ពួកអ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះភក្ដី
«ត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។—អេភេសូរ ៤:២៤
១, ២. តើដាវីឌបានបង្ហាញយ៉ាងណាថាគាត់មានភក្ដីភាពចំពោះព្រះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
សុល[សូល]និងទាហានរបស់គាត់៣.០០០នាក់កំពុងរកដាវីឌនៅតំបន់ស្ងាត់ជ្រងំយូដាដើម្បីសម្លាប់គាត់។ ប៉ុន្តែនៅយប់មួយ ដាវីឌនិងពួកបុរសរបស់គាត់បានរកឃើញកន្លែងដែលសុលនិងទាហានរបស់គាត់បានបោះជំរំ។ ពួកគេដេកលក់ទាំងអស់គ្នា ដូច្នេះដាវីឌនិងអ័ប៊ីសាយបានដើរលបៗកាត់ពួកទាហាន ហើយបានរកឃើញសុល។ អ័ប៊ីសាយបានខ្សឹបដាក់ដាវីឌថា៖ «សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។ ប៉ុន្តែដាវីឌមិនបានអនុញ្ញាតឲ្យគាត់សម្លាប់សុលទេ។ គាត់បានប្រាប់អ័ប៊ីសាយថា៖ «កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ?»។ បន្ទាប់មកដាវីឌបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើយ!»។—សាំយូអែលទី១ ២៦:៨-១២
២ ដាវីឌបានយល់អំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា។ គាត់ដឹងថាគាត់គួរគោរពសុល ហើយគាត់មិនទាំងគិតថានឹងធ្វើបាបសុលឡើយ។ ហេតុអ្វី? ពីព្រោះព្រះបានជ្រើសរើសសុលឲ្យធ្វើជាស្តេចនៃអ៊ីស្រាអែល។ ដូចសម័យមុន នៅសព្វថ្ងៃនេះព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើទាំងអស់របស់លោកបង្ហាញភក្ដីភាពចំពោះលោក ហើយគោរពពួកអ្នកដែលលោកអនុញ្ញាតឲ្យមានអំណាច។—សូមអាន អេភេសូរ ៤:២៤
៣. តើអ័ប៊ីសាយបានបង្ហាញភក្ដីភាពយ៉ាងដូចម្ដេចចំពោះដាវីឌ?
៣ អ័ប៊ីសាយបានគោរពដាវីឌ ដោយសារគាត់ដឹងថាព្រះបានជ្រើសរើសដាវីឌឲ្យធ្វើជាស្តេច។ ប៉ុន្តែ ក្រោយពីដាវីឌបានទៅជាស្តេច គាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ គាត់បានរួមដំណេកជាមួយនឹងប្រពន្ធរបស់អ៊ូរី ហើយក្រោយមកបានប្រាប់យ៉ូអាប់ឲ្យធ្វើឲ្យប្រាកដថាអ៊ូរីនឹងស្លាប់ក្នុងការប្រយុទ្ធ។ (សាំយូអែលទី២ ១១:២-៤, ១៤, ១៥; របាក្សត្រទី១ ២:១៦) យ៉ូអាប់គឺជាប្អូនប្រុសរបស់អ័ប៊ីសាយ ដូច្នេះអ័ប៊ីសាយប្រហែលជាបានឮអំពីអ្វីដែលដាវីឌបានធ្វើ ប៉ុន្តែគាត់នៅតែគោរពដាវីឌ។ បន្ថែមទៅទៀត អ័ប៊ីសាយគឺជាមេទ័ព ហើយគាត់អាចប្រើអំណាចរបស់គាត់ដើម្បីតាំងខ្លួនជាស្តេច ប៉ុន្តែគាត់មិនដែលធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ គាត់បានបម្រើដាវីឌ ហើយបានការពារដាវីឌពីសត្រូវ។—សាំយូអែលទី២ ១០:១០; ២០:៦; ២១:១៥-១៧
៤. (ក) ស្តីអំពីការមានភក្ដីភាពចំពោះព្រះ តើដាវីឌជាគំរូល្អយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាគំរូណាទៀត?
៤ ដាវីឌមានភក្ដីភាពចំពោះព្រះយេហូវ៉ាអស់មួយជីវិតរបស់គាត់។ ពេលគាត់នៅក្មេង គាត់បានសម្លាប់កូលីយ៉ាតដែលជាមនុស្សធំសម្បើម ដែលបានប្រមាថព្រះយេហូវ៉ានិងជនជាតិអ៊ីស្រាអែល។ (សាំយូអែលទី១ ១៧:២៣, ២៦, ៤៨-៥១) ក្រោយពីដាវីឌបានធ្វើជាស្តេច គាត់បានប្រព្រឹត្តអំពើខុសឆ្គង ដូច្នេះណាថាន់ដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានកែតម្រង់គាត់។ ភ្លាមៗ ដាវីឌបានទទួលស្គាល់ថាគាត់បានប្រព្រឹត្តអំពើខុសឆ្គង ហើយគាត់បានកែប្រែ។ (សាំយូអែលទី២ ១២:១-៥, ១៣) ក្រោយមក ពេលដាវីឌមានវ័យចាស់ គាត់បានផ្ដល់ឲ្យវត្ថុជាច្រើនដែលមានតម្លៃដើម្បីជួយសង់វិហាររបស់ព្រះយេហូវ៉ា។ (របាក្សត្រទី១ ២៩:១-៥) យើងអាចឃើញច្បាស់ថា ទោះជាដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរក្នុងជីវិតរបស់គាត់ក្ដី គាត់មិនដែលឈប់មានភក្ដីភាពចំពោះព្រះទេ។ (ទំនុកតម្កើង ៥១:៤, ១០; ៨៦:២) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគំរូរបស់ដាវីឌនិងអ្នកឯទៀតដែលបានរស់នៅសម័យគាត់ ហើយរៀនអំពីរបៀបដែលយើងអាចបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាច្រើនជាងអ្នកណាទៀត។ ម្យ៉ាងទៀត យើងនឹងពិចារណាគុណសម្បត្ដិផ្សេងទៀតដែលនឹងជួយយើងធ្វើដូច្នេះ។
តើអ្នកនឹងមានភក្ដីភាពចំពោះព្រះយេហូវ៉ាឬទេ?
៥. តើកំហុសរបស់អ័ប៊ីសាយបង្រៀនយើងអ្វី?
៥ ពេលដែលអ័ប៊ីសាយចង់សម្លាប់សុល គាត់បានព្យាយាមបង្ហាញភក្ដីភាពចំពោះដាវីឌ។ ប៉ុន្តែ ដោយសារដាវីឌដឹងថាគឺជាការខុសបើធ្វើបាប«អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ» នោះគាត់មិនឲ្យអ័ប៊ីសាយសម្លាប់ស្តេចសុលទេ។ (សាំយូអែលទី១ ២៦:៨-១១) នេះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយគឺ ពេលយើងត្រូវសម្រេចចិត្តថាយើងនឹងមានភក្ដីភាពខ្លាំងបំផុតចំពោះអ្នកណា យើងត្រូវគិតអំពីគោលការណ៍ខ្លះក្នុងគម្ពីរដែលអាចជួយយើងក្នុងស្ថានភាពនោះ។
គឺសំខាន់ដែលយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាជាជាងអ្នកណាទៀត
៦. ទោះជាតាមធម្មតាយើងមានភក្ដីភាពចំពោះក្រុមគ្រួសារនិងមិត្តភក្ដិរបស់យើងក្ដី ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្ន?
៦ គឺជាការធម្មតាដែលយើងមានភក្ដីភាពចំពោះអ្នកដែលយើងស្រឡាញ់ដូចជាមិត្តភក្ដិ ឬសមាជិកក្រុមគ្រួសារជាដើម។ ប៉ុន្តែ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ចិត្តរបស់យើងអាចបំភាន់យើង។ (យេរេមា ១៧:៩) ដូច្នេះ បើបុគ្គលម្នាក់ដែលយើងស្រឡាញ់កំពុងធ្វើអ្វីដ៏អាក្រក់ ហើយចាកចេញពីសេចក្ដីពិត យើងត្រូវចាំថាគឺសំខាន់ដែលយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាជាជាងអ្នកណាទៀត។—សូមអាន ម៉ាថាយ ២២:៣៧
៧. តើតាមរបៀបណាបងស្រីម្នាក់បានរក្សាភក្ដីភាពចំពោះព្រះក្នុងស្ថានភាពដ៏ពិបាក?
៧ បើបុគ្គលម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នកបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ អ្នកអាចបង្ហាញព្រះយេហូវ៉ាថាអ្នកមានភក្ដីភាពចំពោះលោក។ ជាឧទាហរណ៍ ម្ដាយរបស់បងស្រីអានបានត្រូវបណ្ដាច់មិត្តភាព។ នៅថ្ងៃមួយគាត់បានទូរស័ព្ទមកបងអានដើម្បីនិយាយថាគាត់ចង់មកលេងបងអាន។ [១](សូមមើលកំណត់នៅចុងអត្ថបទ) ម្ដាយរបស់បងអានបាននិយាយថាគាត់មិនសប្បាយចិត្តសោះ ដោយសារក្រុមគ្រួសារគាត់មិនព្រមនិយាយជាមួយគាត់។ នេះបានធ្វើឲ្យបងអានព្រួយចិត្ត ហើយគាត់បានសន្យាថាគាត់នឹងតបឆ្លើយទៅម្ដាយវិញដោយសរសេរសំបុត្រមួយ។ មុនបងអានសរសេរសំបុត្រនោះ គាត់បានរំពឹងគិតអំពីគោលការណ៍គម្ពីរខ្លះ។ (កូរិនថូសទី១ ៥:១១; យ៉ូហានទី២ ៩-១១) បន្ទាប់មក ក្នុងសំបុត្រនោះ គាត់បានពន្យល់ដោយសេចក្ដីសប្បុរសថាគឺជាម្ដាយគាត់ដែលជាអ្នកចាកចេញពីក្រុមគ្រួសារនៅពេលដែលម្ដាយគាត់បានប្រព្រឹត្តអំពើខុសឆ្គង ហើយមិនព្រមកែប្រែ។ បងអានបានប្រាប់ម្ដាយរបស់គាត់ថា វិធីតែមួយគត់ដែលគាត់អាចសប្បាយរីករាយឡើងវិញគឺដោយត្រឡប់មកព្រះយេហូវ៉ាវិញ។—យ៉ាកុប ៤:៨
៨. តើគុណសម្បត្ដិអ្វីខ្លះនឹងជួយយើងឲ្យមានភក្ដីភាពចំពោះព្រះ?
៨ អ្នកបម្រើព្រះដ៏ស្មោះភក្ដីនៅសម័យដាវីឌក៏សប្បុរស មានចិត្តរាបទាប និងចិត្តក្លាហាន។ សូមយើងពិចារណាអំពីរបៀបដែលគុណសម្បត្ដិទាំងនេះអាចជួយយើងឲ្យមានភក្ដីភាពចំពោះព្រះយេហូវ៉ា។
យើងត្រូវមានចិត្តរាបទាប
៩. ហេតុអ្វីអ័ប៊ីនើរបានព្យាយាមសម្លាប់ដាវីឌ?
៩ យ៉ូណាថានដែលជាកូនប្រុសរបស់សុល និងអ័ប៊ីនើរដែលជាមេបញ្ជាការនៃពលទ័ពអ៊ីស្រាអែល បានឃើញដាវីឌយកក្បាលរបស់កូលីយ៉ាតមកឯស្តេចសុល។ យ៉ូណាថានបានទៅជាមិត្តសម្លាញ់របស់ដាវីឌ ហើយបានរក្សាភក្ដីភាពចំពោះគាត់។ (សាំយូអែលទី១ ១៧:៥៧–១៨:៣) ប៉ុន្តែអ័ប៊ីនើរមិនបានធ្វើដូច្នេះឡើយ។ តាមពិត ក្រោយមកគាត់ថែមទាំងបានជួយសុលដែលចង់សម្លាប់ដាវីឌ។ (សាំយូអែលទី១ ២៦:១-៥; ទំនុកតម្កើង ៥៤:៣) យ៉ូណាថាននិងអ័ប៊ីនើរដឹងថាព្រះចង់ឲ្យដាវីឌធ្វើជាស្តេចបន្ទាប់នៃអ៊ីស្រាអែល។ ប៉ុន្តែក្រោយពីសុលស្លាប់ អ័ប៊ីនើរមិនបានគាំទ្រដាវីឌទេ។ ផ្ទុយទៅវិញ គាត់បានព្យាយាមធ្វើឲ្យអ៊ីសបូសែតដែលជាកូនប្រុសរបស់សុលទៅជាស្តេច។ ក្រោយមក ប្រហែលជាអ័ប៊ីនើរចង់តាំងខ្លួនគាត់ធ្វើជាស្តេច ហើយប្រហែលនេះជាមូលហេតុដែលគាត់បានរួមដំណេកជាមួយនឹងអ្នកម្នាងម្នាក់របស់ស្តេចសុល។ (សាំយូអែលទី២ ២:៨-១០; ៣:៦-១១) ហេតុអ្វីយ៉ូណាថាននិងអ័ប៊ីនើរមានអារម្មណ៍ខុសគ្នាយ៉ាងខ្លាំងចំពោះដាវីឌ? ពីព្រោះយ៉ូណាថានមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយមានចិត្តរាបទាប តែអ័ប៊ីនើរមិនមែនដូច្នេះទេ។
១០. ហេតុអ្វីអាប់សាឡំមមិនមានភក្ដីភាពចំពោះព្រះ?
១០ អាប់សាឡំមដែលជាកូនប្រុសរបស់ស្តេចដាវីឌ មិនមានភក្ដីភាពចំពោះព្រះទេ ពីព្រោះគាត់មិនមានចិត្តរាបទាប។ គាត់ចង់ធ្វើជាស្តេច ដូច្នេះគាត់បាន‹ចាត់ចែងរទេះនឹងសេះ ហើយមនុស្ស៥០នាក់សំរាប់រត់ខាងមុខគាត់›។ (សាំយូអែលទី២ ១៥:១) គាត់ក៏បានបញ្ចុះបញ្ចូលជនជាតិអ៊ីស្រាអែលជាច្រើននាក់ឲ្យមានភក្ដីភាពចំពោះគាត់។ គាត់ថែមទាំងព្យាយាមសម្លាប់ឪពុកគាត់ ទោះជាគាត់ដឹងថាព្រះយេហូវ៉ាបានតែងតាំងដាវីឌជាស្តេចនៃអ៊ីស្រាអែលក្ដី។—សាំយូអែលទី២ ១៥:១៣, ១៤; ១៧:១-៤
១១. តើយើងអាចទទួលប្រយោជន៍អ្វីពីកំណត់ហេតុក្នុងគម្ពីរអំពីអ័ប៊ីនើរ អាប់សាឡំម និងបារូក?
១១ ពេលដែលបុគ្គលម្នាក់មិនមានចិត្តរាបទាបនិងចង់មានអំណាចច្រើនជាង គឺពិបាកឲ្យគាត់រក្សាភក្ដីភាពចំពោះព្រះ។ យើងច្បាស់ជាស្រឡាញ់ព្រះយេហូវ៉ា ហើយមិនចង់ប្រព្រឹត្តអាក្រក់និងគិតតែប្រយោជន៍ខ្លួនដូចអ័ប៊ីនើរនិងអាប់សាឡំមទេ។ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នមិនចាប់ផ្ដើមមានចិត្តចង់បានលុយច្រើន ឬការងារដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនគឺជាបុគ្គលសំខាន់។ នេះនឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ អស់មួយរយៈពេល បារូកដែលជាលេខាធិការរបស់យេរេមាចង់បានអ្វីមួយដែលគាត់មិនមាន ហើយគាត់លែងសប្បាយក្នុងការបម្រើព្រះ។ នៅពេលនោះព្រះយេហូវ៉ាមានប្រសាសន៍ទៅបារូកថា៖ «មើល! របស់អ្វីដែលអញបានស្អាងឡើង នោះអញនឹងរំលំចុះ ហើយរបស់អ្វីដែលអញបានដាំ នោះអញនឹងដករំលើងវិញ ក៏នឹងធ្វើយ៉ាងនោះនៅពេញក្នុងស្រុកផង។ ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ? កុំឡើយ»។ (យេរេមា ៤៥:៤, ៥) បារូកបានស្ដាប់ព្រះយេហូវ៉ា។ យើងក៏ត្រូវស្ដាប់លោកដែរ ពីព្រោះបន្ដិចទៀតលោកនឹងបំផ្លាញពិភពលោកដ៏អាក្រក់នេះ។
ពេលអ្នកលើកទឹកចិត្តបងប្អូនណាម្នាក់ឲ្យសុំជំនួយពីពួកអ្នកចាស់ទុំ អ្នកកំពុងបង្ហាញសេចក្ដីសប្បុរសចំពោះគាត់ ហើយបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា
១២. សូមបង្ហាញអំពីមូលហេតុដែលយើងមិនអាចមានភក្ដីភាពចំពោះព្រះបើយើងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
១២ បងប្រុសដានីយ៉ែលដែលរស់នៅប្រទេសម៉ិកស៊ិក ត្រូវសម្រេចចិត្តថាគាត់នឹងបង្ហាញភក្ដីភាពចំពោះអ្នកណា។ គាត់ចង់រៀបការជាមួយនឹងនារីម្នាក់ដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ បងដានីយ៉ែលនិយាយថា៖ «ខ្ញុំបន្តសរសេរសំបុត្រឲ្យនាង សូម្បីតែក្រោយពីខ្ញុំបានចាប់ផ្ដើមត្រួសត្រាយក្ដី»។ ប៉ុន្តែ ក្រោយមកគាត់បានយល់ថាគាត់កំពុងគិតតែប្រយោជន៍ផ្ទាល់ខ្លួនដោយធ្វើអ្វីដែលគាត់ចង់ធ្វើ គាត់មិនបានបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយថាគាត់ត្រូវមានចិត្តរាបទាប។ ដូច្នេះ គាត់បានប្រាប់អំពីនារីនោះដល់អ្នកចាស់ទុំម្នាក់ដែលមានបទពិសោធន៍ច្រើន។ បងដានីយ៉ែលពន្យល់ថា៖ «គាត់បានជួយខ្ញុំឲ្យយល់ថាដើម្បីមានភក្ដីភាពចំពោះព្រះ ខ្ញុំត្រូវឈប់សរសេរសំបុត្រឲ្យនាង។ ក្រោយពីខ្ញុំបានយំនិងអធិដ្ឋានច្រើនដង ខ្ញុំបានធ្វើដូច្នេះមែន។ មិនយូរក្រោយមក ខ្ញុំមានអំណរកាន់តែច្រើនក្នុងកិច្ចបម្រើផ្សាយ»។ ឥឡូវ បងដានីយ៉ែលមានប្រពន្ធដែលស្រឡាញ់ព្រះយេហូវ៉ា ហើយគាត់បម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។
ភក្ដីភាពចំពោះព្រះជួយយើងឲ្យបង្ហាញចិត្តសប្បុរស
បើអ្នកឃើញថាមិត្តភក្ដិបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើអ្នកនឹងនិយាយជាមួយនឹងគាត់ ហើយធ្វើឲ្យប្រាកដថាគាត់ទទួលជំនួយពីពួកអ្នកចាស់ទុំឬទេ? (សូមមើលវគ្គ១៤)
១៣. នៅពេលដាវីឌបានប្រព្រឹត្តអំពើខុសឆ្គង តើណាថាន់បានរក្សាភក្ដីភាពចំពោះព្រះនិងដាវីឌយ៉ាងដូចម្ដេច?
១៣ ពេលយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា យើងក៏អាចមានភក្ដីភាពចំពោះអ្នកឯទៀតដែរ ហើយជួយពួកគេតាមរបៀបដ៏ល្អបំផុត។ ណាថាន់ដែលជាអ្នកប្រកាសទំនាយ បានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយក៏បង្ហាញភក្ដីភាពចំពោះដាវីឌដែរ។ ក្រោយដាវីឌបានយកប្រពន្ធរបស់បុរសម្នាក់ ហើយបានធ្វើឲ្យបុរសនោះស្លាប់ ព្រះយេហូវ៉ាបានចាត់ណាថាន់ឲ្យផ្ដល់ឱវាទដល់ដាវីឌ។ ណាថាន់មានចិត្តក្លាហាន ហើយបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ប៉ុន្តែគាត់ក៏ប្រព្រឹត្តដោយឈ្លាសវៃនិងនិយាយទៅដាវីឌយ៉ាងសប្បុរសដែរ។ គាត់ចង់ជួយដាវីឌឲ្យយល់ថាអំពើខុសឆ្គងរបស់ដាវីឌគឺធ្ងន់ធ្ងរយ៉ាងខ្លាំង។ ដូច្នេះ គាត់បានប្រាប់ដាវីឌរឿងមួយអំពីអ្នកមានម្នាក់ដែលបានលួចកូនចៀមតែមួយគត់របស់អ្នកក្រម្នាក់។ ពេលដាវីឌបានស្ដាប់រឿងនោះ ដាវីឌខឹងអ្នកមាននោះយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើ។ បន្ទាប់មកណាថាន់បាននិយាយថា៖ «ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ!»។ ដាវីឌបានទទួលស្គាល់ថាគាត់បានធ្វើខុសនឹងព្រះយេហូវ៉ា។—សាំយូអែលទី២ ១២:១-៧, ១៣
១៤. តើអ្នកអាចមានភក្ដីភាពចំពោះព្រះយេហូវ៉ានិងមិត្តភក្ដិឬសាច់ញាតិរបស់អ្នកយ៉ាងដូចម្ដេច?
១៤ អ្នកក៏អាចមានភក្ដីភាពខ្លាំងបំផុតចំពោះព្រះយេហូវ៉ា ហើយមានភក្ដីភាពចំពោះអ្នកឯទៀត ដោយបង្ហាញចិត្តសប្បុរស។ ជាឧទាហរណ៍ អ្នកប្រហែលជាមានភ័ស្តុតាងថាបងប្អូនម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ អ្នកប្រហែលជាចង់រក្សាភក្ដីភាពចំពោះគាត់ ជាពិសេសបើគាត់ជាមិត្តជិតស្និទ្ធឬសមាជិកក្រុមគ្រួសារអ្នក។ ប៉ុន្តែ អ្នកក៏ដឹងដែរថាគឺសំខាន់ជាងដែលអ្នកមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ ដូច្នេះដូចណាថាន់ ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ប៉ុន្តែចូរបង្ហាញសេចក្ដីសប្បុរសចំពោះបងប្អូននោះ។ ចូរប្រាប់គាត់ថាគាត់គួរសុំជំនួយពីពួកអ្នកចាស់ទុំ ហើយគាត់គួរនិយាយជាមួយពួកគាត់ភ្លាមៗ។ បើគាត់មិនធ្វើដូច្នេះ អ្នកគួរប្រាប់ពួកអ្នកចាស់ទុំ។ ដោយធ្វើដូច្នេះ អ្នករក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយនៅពេលដំណាលគ្នាអ្នកបង្ហាញសេចក្ដីសប្បុរសចំពោះបងប្អូននោះ ដោយសារពួកអ្នកចាស់ទុំអាចជួយគាត់ឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ ពួកគាត់នឹងកែតម្រង់គាត់ដោយស្លូតបូត។—សូមអាន លេវីវិន័យ ៥:១; កាឡាទី ៦:១
យើងត្រូវមានចិត្តក្លាហានដើម្បីមានភក្ដីភាពចំពោះព្រះ
១៥, ១៦. ហេតុអ្វីហ៊ូសាយត្រូវការចិត្តក្លាហានដើម្បីមានភក្ដីភាពចំពោះព្រះ?
១៥ ហ៊ូសាយគឺជាមិត្តស្មោះភក្ដីម្នាក់របស់ដាវីឌ។ នៅពេលដែលបណ្ដាជនជាច្រើននាក់ចង់លើកអាប់សាឡំមធ្វើជាស្តេច ហ៊ូសាយត្រូវការចិត្តក្លាហានដើម្បីរក្សាភក្ដីភាពចំពោះដាវីឌនិងចំពោះព្រះ។ គាត់ដឹងថាអាប់សាឡំមបានមកឯក្រុងយេរូសាឡិមជាមួយនឹងទាហានរបស់គាត់ ហើយដាវីឌបានរត់គេចខ្លួន។ (សាំយូអែលទី២ ១៥:១៣; ១៦:១៥) តើហ៊ូសាយបានធ្វើអ្វី? តើគាត់បានបោះបង់ដាវីឌ ហើយគាំទ្រអាប់សាឡំមឬ? មិនមែនទេ។ ទោះជាដាវីឌមានវ័យចាស់ ហើយមនុស្សជាច្រើននាក់ចង់សម្លាប់គាត់ក៏ដោយ ហ៊ូសាយបានរក្សាភក្ដីភាពចំពោះគាត់ដោយសារព្រះយេហូវ៉ាបានតែងតាំងដាវីឌឲ្យធ្វើជាស្តេច។ ដូច្នេះហ៊ូសាយបានទៅភ្នំដើមអូលីវដើម្បីជួបដាវីឌ។—សាំយូអែលទី២ ១៥:៣០, ៣២
១៦ ដាវីឌបានសុំហ៊ូសាយឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយធ្វើពុតជាមិត្តភក្ដិរបស់អាប់សាឡំម ដើម្បីគាត់អាចបញ្ចុះបញ្ចូលអាប់សាឡំមឲ្យស្ដាប់ឱវាទរបស់គាត់ជាជាងស្ដាប់ឱវាទរបស់អ័ហ៊ីថូផែល។ ហ៊ូសាយមានចិត្តក្លាហាន ហើយបានប្រថុយជីវិតដើម្បីស្ដាប់បង្គាប់ដាវីឌនិងដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ដាវីឌបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយហ៊ូសាយ ហើយនោះជាអ្វីដែលបានកើតឡើង។ អាប់សាឡំមបានស្ដាប់ហ៊ូសាយជាជាងស្ដាប់អ័ហ៊ីថូផែល។—សាំយូអែលទី២ ១៥:៣១; ១៧:១៤
១៧. ហេតុអ្វីយើងត្រូវការចិត្តក្លាហានដើម្បីមានភក្ដីភាព?
១៧ យើងត្រូវការចិត្តក្លាហានដើម្បីមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយដើម្បីស្ដាប់បង្គាប់លោកជាជាងធ្វើអ្វីដែលសមាជិកក្រុមគ្រួសារ អ្នករួមការងារ ឬពួកអាជ្ញាធររដ្ឋាភិបាលចង់ឲ្យយើងធ្វើ។ ជាឧទាហរណ៍ នៅប្រទេសជប៉ុន តាំងពីបងប្រុសថារ៉ូនៅក្មេង គាត់បានខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត។ បងថារ៉ូបានស្ដាប់បង្គាប់ពួកគាត់និងមានភក្ដីភាពចំពោះពួកគាត់ មិនគ្រាន់តែដោយសារគាត់ត្រូវធ្វើដូច្នេះប៉ុណ្ណោះទេ តែដោយសារគាត់ស្រឡាញ់ពួកគាត់។ ប៉ុន្តែ ពេលគាត់ចាប់ផ្ដើមសិក្សាជាមួយនឹងសាក្សីព្រះយេហូវ៉ា ឪពុកម្ដាយរបស់គាត់ចង់ឲ្យគាត់ឈប់។ នេះបានធ្វើឲ្យបងថារ៉ូព្រួយចិត្ត។ គាត់ក៏ពិបាកប្រាប់ឪពុកម្ដាយថាគាត់បានសម្រេចចិត្តទៅប្រជុំ។ បងថារ៉ូនិយាយថា៖ «ពួកគាត់ខឹងដល់ម្ល៉េះបានជាពួកគាត់បានហាមឃាត់ខ្ញុំមិនឲ្យទៅលេងផ្ទះរបស់ពួកគាត់អស់ប៉ុន្មានឆ្នាំ។ ខ្ញុំបានអធិដ្ឋានសុំឲ្យមានចិត្តក្លាហានដើម្បីបន្តធ្វើតាមការសម្រេចចិត្តរបស់ខ្ញុំ។ ឥឡូវចិត្តគំនិតរបស់ពួកគាត់ល្អជាងមុន ហើយខ្ញុំអាចទៅលេងពួកគាត់ជាទៀងទាត់»។—សូមអាន សុភាសិត ២៩:២៥
១៨. តើអ្នកបានទទួលប្រយោជន៍អ្វីពីអត្ថបទសិក្សានេះ?
១៨ ដូចដាវីឌ យ៉ូណាថាន ណាថាន់ និងហ៊ូសាយដែរ សូមឲ្យយើងមានអំណរដែលមកពីការបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា។ យើងមិនចង់ធ្វើតាមអ័ប៊ីនើរនិងអាប់សាឡំមដែលមិនមានភក្ដីភាពឡើយ។ ពិតមែនតែយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស ប៉ុន្តែសូមយើងបង្ហាញព្រះយេហូវ៉ាថាការមានភក្ដីភាពចំពោះលោកគឺជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។
^ [១] (វគ្គ៧) ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។