តើអ្នកអនុញ្ញាតឲ្យជាងស្មូនដ៏ឧត្តមសូនអ្នកឬទេ?
«មើល! . . . ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ»។—យេរេមា ១៨:៦
១, ២. ហេតុអ្វីព្រះចាត់ទុកដានីយ៉ែលជា«អ្នកសំណប់យ៉ាងសំខាន់» ហើយតើតាមរបៀបណាយើងអាចស្ដាប់បង្គាប់ព្រះដូចដានីយ៉ែល?
នៅពេលដែលជនជាតិយូដាបានត្រូវចាប់យកទៅក្រុងបាប៊ីឡូន ពួកគេបានចូលទៅក្នុងក្រុងដែលពេញទៅដោយរូបព្រះនិងមនុស្សដែលគោរពប្រណិប័តន៍ពួកវិញ្ញាណកំណាច។ ប៉ុន្តែ ជនជាតិយូដាដ៏ស្មោះត្រង់ដូចជាដានីយ៉ែលនិងមិត្តភក្ដិបីនាក់របស់គាត់ មិនព្រមឲ្យមនុស្សនៅក្រុងបាប៊ីឡូនមានឥទ្ធិពលលើពួកគាត់ឡើយ។ (ដានីយ៉ែល ១:៦, ៨, ១២; ៣:១៦-១៨) ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់ព្រមទទួលព្រះយេហូវ៉ាជាជាងស្មូនរបស់ពួកគេ ហើយបន្តគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ ទោះបីជាដានីយ៉ែលបានរស់នៅក្នុងស្ថានភាពដ៏អាក្រក់ស្ទើរតែពេញមួយជីវិតរបស់គាត់ក៏ដោយ ទេវតារបស់ព្រះបាននិយាយថាគាត់គឺជា«អ្នកសំណប់យ៉ាងសំខាន់»។—ដានីយ៉ែល ១០:១១, ១៩
២ នៅសម័យគម្ពីរ ជាងស្មូនអាចសង្កត់ដីឥដ្ឋចូលក្នុងពុម្ពដើម្បីចេញជារូបរាងណាមួយ។ សព្វថ្ងៃនេះ អ្នកគោរពប្រណិប័តន៍ពិតដឹងថាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងសកលលោក ហើយលោកមានសិទ្ធិអំណាចដើម្បីកែតម្រង់ប្រជាជាតិនានា។ (សូមអាន យេរេមា ១៨:៦) ព្រះក៏មានសិទ្ធិអំណាចដើម្បីកែតម្រង់យើងម្នាក់ៗដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបង្ខំអ្នកណាម្នាក់ឲ្យកែប្រែទេ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងសុខចិត្តឲ្យលោកអប់រំយើង។ នៅក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលយើងអាចរក្សាខ្លួនដូចជាដីឥដ្ឋទន់នៅក្នុងដៃរបស់ព្រះ។ យើងនឹងពិចារណាសំណួរបីយ៉ាងដូចតទៅនេះ៖ (១) តើតាមរបៀបណាយើងអាចប្រយ័ត្នកុំឲ្យមានលក្ខណៈដែលអាចធ្វើឲ្យយើងទៅដូចជាដីឥដ្ឋរឹង ពោលគឺមិនព្រមទទួលឱវាទពីព្រះ? (២) តើតាមរបៀបណាយើងអាចបណ្ដុះឲ្យមានគុណសម្បត្ដិដែលជួយយើងបន្តស្ដាប់បង្គាប់? (៣) តើតាមរបៀបណាឪពុកម្ដាយដែលជាគ្រិស្តសាសនិកអាចសហការជាមួយនឹងព្រះពេលអប់រំកូន?
ចូរប្រយ័ត្នកុំឲ្យមានលក្ខណៈដែលអាចធ្វើឲ្យចិត្តទៅជារឹងចចេស
៣. តើលក្ខណៈអ្វីខ្លះអាចធ្វើឲ្យចិត្តយើងទៅជារឹងចចេស? សូមលើកឧទាហរណ៍។
៣ សុភាសិត ៤:២៣ចែងថា៖ «ចូររក្សាចិត្តដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមក»។ ដើម្បីរក្សាចិត្តរបស់យើងមិនឲ្យទៅជារឹងចចេស យើងត្រូវជៀសវាងលក្ខណៈមិនល្អដូចជាអំណួត ការប្រព្រឹត្តអំពើខុសឆ្គង និងការគ្មានជំនឿ។ ប្រសិនបើយើងមិនប្រយ័ត្ន អ្វីទាំងនោះអាចធ្វើឲ្យយើងលែងស្ដាប់បង្គាប់និងបះបោរប្រឆាំងព្រះ។ (ដានីយ៉ែល ៥:១, ២០; ហេប្រឺ ៣:១៣, ១៨, ១៩) នោះជាអ្វីដែលបានកើតឡើងចំពោះស្តេចអូសៀសនៃស្រុកយូដា។ (សូមអាន របាក្សត្រទី២ ២៦:៣-៥, ១៦-២១) នៅដើមដំបូង ស្តេចអូសៀសបានស្ដាប់បង្គាប់ព្រះ ហើយមានចំណងមិត្តភាពជាមួយនឹងលោក ដូច្នេះព្រះបានផ្ដល់កម្លាំងឲ្យគាត់។ ប៉ុន្តែ «កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំ»។ គាត់មានអំណួតខ្លាំងដល់ម្ល៉េះបានជាគាត់បានព្យាយាមដុតគ្រឿងក្រអូបនៅក្នុងវិហារ ទោះបីជាមានតែពួកសង្ឃប៉ុណ្ណោះដែលគួរធ្វើដូច្នោះក្ដី។ ពេលដែលពួកសង្ឃបានប្រាប់គាត់ថាគាត់បានធ្វើខុស អូសៀសបានខឹងយ៉ាងខ្លាំង! ព្រះយេហូវ៉ាបានបន្ទាបស្តេចដែលមានអំណួតនេះ ហើយគាត់មានជំងឺឃ្លង់រហូតដល់ស្លាប់។—សុភាសិត ១៦:១៨
៤, ៥. តើអ្វីអាចកើតឡើងបើយើងមានអំណួត? សូមលើកឧទាហរណ៍មួយ។
៤ បើយើងមិនជៀសវាងអំណួត យើងអាចចាប់ផ្ដើមគិតថាយើងប្រសើរជាងអ្នកឯទៀត ហើយប្រហែលជាចាប់ផ្ដើមមិនព្រមទទួលឱវាទពីគម្ពីរ។ (សុភាសិត ២៩:១; រ៉ូម ១២:៣) នោះជាអ្វីដែលបានកើតឡើងចំពោះបងប្រុសជីមដែលជាអ្នកចាស់ទុំម្នាក់។ គាត់បានខ្វែងគំនិតគ្នាជាមួយនឹងអ្នកចាស់ទុំឯទៀតនៅក្នុងក្រុមជំនុំអំពីរឿងមួយ។ បងជីមនិយាយថា៖ «ខ្ញុំបានប្រាប់បងប្រុសៗទាំងនោះថាពួកគាត់គ្មានសេចក្ដីស្រឡាញ់ទេ ហើយខ្ញុំបានចាកចេញពីកិច្ចប្រជុំអ្នកចាស់ទុំនោះ»។ ប្រហែលជា៦ខែក្រោយមក បងជីមបានរើទៅក្រុមជំនុំផ្សេង ប៉ុន្តែគាត់មិនបានត្រូវតែងតាំងជាអ្នកចាស់ទុំនៅទីនោះទេ។ បងជីមបានខកចិត្តយ៉ាងខ្លាំង។ គាត់បានជឿជាក់ខ្លាំងដល់ម្ល៉េះថាខ្លួនគាត់គឺជាអ្នកត្រូវ បានជាគាត់ឈប់បម្រើព្រះយេហូវ៉ា ហើយអសកម្មអស់រយៈពេល១០ឆ្នាំ។ គាត់និយាយថានៅពេលនោះគាត់មានអំណួត ហើយថាគាត់បានចាប់ផ្ដើមបន្ទោសព្រះយេហូវ៉ាចំពោះអ្វីដែលកំពុងកើតឡើង។ អស់ជាច្រើនឆ្នាំ បងប្អូនប្រុសបានទៅសួរសុខទុក្ខគាត់ ហើយព្យាយាមជួយគាត់ ប៉ុន្តែបងជីមមិនព្រមទទួលជំនួយពីពួកគាត់ឡើយ។
៥ បងជីមនិយាយថា៖ «ខ្ញុំបានគិតថាពួកគាត់បានធ្វើខុស ហើយខ្ញុំមិនអាចឈប់ផ្ដោតអារម្មណ៍ទៅលើអ្វីនោះបានទេ»។ គំរូរបស់គាត់បង្ហាញយើងថាអំណួតអាចធ្វើឲ្យយើងដោះសាចំពោះការប្រព្រឹត្តខុសរបស់យើង។ ពេលដែលនោះកើតឡើង យើងលែងដូចជាដីឥដ្ឋទន់ទៀត។ (យេរេមា ១៧:៩) តើមានបងប្អូនណាម្នាក់ធ្លាប់ធ្វើឲ្យអ្នកទើសចិត្តឬទេ? តើអ្នកធ្លាប់ពិបាកចិត្តដោយសារអ្នកបានបាត់បង់ឯកសិទ្ធិឬទេ? តើអ្នកបានប្រព្រឹត្តយ៉ាងណា? នៅពេលនោះ តើអ្នកមានអំណួត ឬតើអ្នកទទួលស្គាល់ថាការធ្វើឲ្យមានសេចក្ដីសុខសាន្តជាមួយនឹងបងប្អូនរបស់អ្នក និងការរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាគឺជាអ្វីដែលសំខាន់បំផុត?—សូមអាន ទំនុកតម្កើង ១១៩:១៦៥; កូឡុស ៣:១៣
៦. តើអ្វីអាចកើតឡើងបើយើងបន្តប្រព្រឹត្តអំពើខុសឆ្គង?
៦ ពេលបុគ្គលម្នាក់បន្តប្រព្រឹត្តអំពើខុសឆ្គង ហើយថែមទាំងលាក់បាំងអ្វីដែលគាត់កំពុងធ្វើ នោះគាត់ប្រហែលជាពិបាកទទួលយកឱវាទដែលមកពីព្រះ។ នោះអាចធ្វើឲ្យគាត់កាន់តែងាយស្រួលប្រព្រឹត្តអំពើខុសឆ្គង។ បងប្រុសម្នាក់និយាយថាយូរៗទៅ គាត់មិនសូវខ្វល់អំពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួនគាត់ទេ។ (សាស្ដា ៨:១១) បងប្រុសម្នាក់ទៀតដែលមានទម្លាប់មើលរូបអាសអាភាសអស់មួយរយៈ បាននិយាយនៅពេលក្រោយមកថា៖ «ខ្ញុំឃើញថាខ្ញុំចាប់ផ្ដើមមានចិត្តគំនិតរិះគន់ពួកអ្នកចាស់ទុំ»។ ទម្លាប់របស់គាត់បានបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ ពេលដែលអ្នកឯទៀតបានដឹងអំពីអ្វីដែលគាត់កំពុងធ្វើ គាត់បានទទួលជំនួយពីអ្នកចាស់ទុំ។ ពិតមែនតែយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ប៉ុន្តែបើយើងចាប់ផ្ដើមរិះគន់ពួកអ្នកដែលផ្ដល់ឱវាទឲ្យយើង ឬបើយើងរកលេសពេលដែលយើងធ្វើខុស ជាជាងសុំព្រះអភ័យទោសឲ្យយើងនិងជួយយើង នោះចិត្តរបស់យើងអាចទៅជារឹងចចេស។
ជនជាតិអ៊ីស្រាអែលដែលមិនស្ដាប់បង្គាប់ព្រះបានស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំ ដោយសារពួកគេមានចិត្តរឹងចចេសនិងគ្មានជំនឿ
៧, ៨. (ក) តើជនជាតិអ៊ីស្រាអែលនៅសម័យបុរាណបានបង្ហាញយ៉ាងណាថាពួកគេមានចិត្តរឹងចចេសដោយសារពួកគេគ្មានជំនឿ? (ខ) តើយើងអាចទាញមេរៀនអ្វី?
៧ នៅពេលដែលព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឃើញលោកធ្វើអព្ភូតហេតុដ៏អស្ចារ្យជាច្រើន។ ទោះជាយ៉ាងនោះក៏ដោយ កាលដែលពួកគេបានទៅជិតដល់ស្រុកដែលព្រះបានសន្យា ចិត្តរបស់ពួកគេបានទៅជារឹងចចេស។ ហេតុអ្វី? ពួកគេគ្មានជំនឿទៅលើព្រះទេ។ ជាជាងទុកចិត្តលើព្រះយេហូវ៉ា ពួកគេបានភ័យខ្លាច ហើយត្អូញត្អែរដាក់ម៉ូសេ។ ពួកគេថែមទាំងចង់ត្រឡប់ទៅស្រុកអេស៊ីបវិញដែលជាកន្លែងដែលពួកគេធ្លាប់ធ្វើជាខ្ញុំបម្រើ! ព្រះយេហូវ៉ាបានឈឺចិត្តយ៉ាងខ្លាំង ហើយបានមានប្រសាសន៍ថា៖ «តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត?»។ (ជនគណនា ១៤:១-៤, ១១; ទំនុកតម្កើង ៧៨:៤០, ៤១) ជនជាតិអ៊ីស្រាអែលទាំងនោះបានស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំ ដោយសារពួកគេមានចិត្តរឹងចចេសនិងគ្មានជំនឿ។
៨ សព្វថ្ងៃនេះ យើងក៏ជិតចូលពិភពលោកថ្មីដែរ ហើយជំនឿរបស់យើងកំពុងត្រូវសាកល្បង។ ដូច្នេះយើងត្រូវពិនិត្យពិចារណាថាជំនឿរបស់យើងគឺយ៉ាងណា។ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាជំនឿរបស់យើងគឺមាំមួន? យើងអាចពិចារណាប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ៦:៣៣។ សូមសួរខ្លួនអ្នកថា ‹តើគោលដៅនិងការសម្រេចចិត្តរបស់ខ្ញុំបង្ហាញថាខ្ញុំពិតជាជឿប្រសាសន៍នេះរបស់លោកយេស៊ូឬទេ? តើខ្ញុំនឹងខកខានចូលរួមកិច្ចប្រជុំ ឬកិច្ចការផ្សព្វផ្សាយដើម្បីរកលុយឲ្យបានច្រើនជាងឬទេ? តើខ្ញុំនឹងធ្វើយ៉ាងណាប្រសិនបើការងាររបស់ខ្ញុំតម្រូវឲ្យខ្ញុំចំណាយពេលនិងកម្លាំងច្រើនជាង? តើខ្ញុំនឹងអនុញ្ញាតឲ្យពិភពលោកនេះមានឥទ្ធិពលមកលើខ្ញុំ ហើយថែមទាំងធ្វើឲ្យខ្ញុំឈប់បម្រើព្រះយេហូវ៉ាឬទេ?›។
៩. ហេតុអ្វីយើងគួរ«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់»ដើម្បីឲ្យដឹងថាយើងកំពុងកាន់ខ្ជាប់នូវជំនឿ ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
៩ បើយើងមិនធ្វើតាមអ្វីដែលគម្ពីរចែងអំពីការសេពគប់អាក្រក់ ការបណ្ដាច់មិត្តភាព ឬការកម្សាន្ត នោះចិត្តរបស់យើងអាចទៅជារឹងចចេស។ តើអ្នកគួរធ្វើអ្វីប្រសិនបើនេះចាប់ផ្ដើមកើតឡើងចំពោះអ្នក? ភ្លាមៗអ្នកត្រូវតែពិនិត្យពិចារណាជំនឿរបស់អ្នក! គម្ពីរចែងថា៖ «ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿឬយ៉ាងណា ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។ (កូរិនថូសទី២ ១៣:៥) ចូរទទួលស្គាល់ការពិតអំពីខ្លួនអ្នក ហើយប្រើបណ្ដាំរបស់ព្រះជាទៀងទាត់ដើម្បីកែតម្រូវទស្សនៈរបស់អ្នក។
ចូររក្សាខ្លួនដូចជាដីឥដ្ឋទន់
១០. តើអ្វីអាចជួយយើងឲ្យធ្វើខ្លួនដូចជាដីឥដ្ឋទន់ក្នុងដៃរបស់ព្រះយេហូវ៉ា?
១០ ដើម្បីជួយយើងឲ្យរក្សាខ្លួនដូចជាដីឥដ្ឋទន់ ព្រះបានផ្ដល់ឲ្យយើងនូវបណ្ដាំរបស់លោក ក្រុមជំនុំគ្រិស្តសាសនិក និងកិច្ចបម្រើផ្សាយ។ ការអានគម្ពីរនិងការរំពឹងគិតអំពីអ្វីដែលយើងអានជារៀងរាល់ថ្ងៃ ជួយយើងឲ្យក្លាយទៅជាដីឥដ្ឋទន់ក្នុងដៃរបស់ព្រះយេហូវ៉ា ហើយអនុញ្ញាតឲ្យលោកសូនឬអប់រំយើង។ ព្រះយេហូវ៉ាបានបង្គាប់ស្តេចអ៊ីស្រាអែលឲ្យចម្លងច្បាប់របស់ព្រះនិងអានច្បាប់នោះជារៀងរាល់ថ្ងៃ។ (ចោទិយកថា ១៧:១៨, ១៩) ពួកសាវ័កបានដឹងថាការអាននិងការរំពឹងគិតអំពីបទគម្ពីរគឺសំខាន់ណាស់សម្រាប់កិច្ចបម្រើផ្សាយរបស់ពួកគេ។ ពួកគេបានប្រើផ្នែកផ្សេងៗនៃបទគម្ពីរភាសាហេប្រឺអស់រាប់រយដងក្នុងសំណេររបស់ពួកគេ ហើយពេលដែលពួកគេផ្សព្វផ្សាយដល់មនុស្សឯទៀត ពួកគេបានលើកទឹកចិត្តមនុស្សទាំងនោះឲ្យប្រើបទគម្ពីរនោះផងដែរ។ (សកម្មភាព ១៧:១១) ស្រដៀងគ្នាដែរ យើងក៏យល់ដែរថាការអាននិងការរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃគឺជាអ្វីដ៏សំខាន់។ (ធីម៉ូថេទី១ ៤:១៥) នេះជួយយើងឲ្យរក្សាចិត្តរាបទាប យ៉ាងនេះព្រះយេហូវ៉ាអាចអប់រំយើង។
ចូរប្រើអ្វីៗដែលព្រះផ្ដល់ឲ្យដើម្បីជួយអ្នកឲ្យរក្សាខ្លួនដូចជាដីឥដ្ឋទន់ (សូមមើលវគ្គ១០-១៣)
១១, ១២. តើតាមរបៀបណាព្រះយេហូវ៉ាអាចប្រើក្រុមជំនុំគ្រិស្តសាសនិកដើម្បីអប់រំយើងស្របតាមសេចក្ដីត្រូវការរបស់យើង? សូមលើកឧទាហរណ៍។
១១ ព្រះយេហូវ៉ាដឹងអំពីសេចក្ដីត្រូវការរបស់យើងម្នាក់ៗ ហើយលោកប្រើក្រុមជំនុំគ្រិស្តសាសនិកដើម្បីអប់រំយើង។ បងជីមដែលបានរៀបរាប់ខាងលើបានចាប់ផ្ដើមកែប្រែចិត្តគំនិតរបស់គាត់ ពេលដែលអ្នកចាស់ទុំម្នាក់បានបង្ហាញការយកចិត្តទុកដាក់ចំពោះគាត់។ បងជីមនិយាយថា៖ «គាត់មិនដែលចាប់កំហុសខ្ញុំចំពោះស្ថានភាពរបស់ខ្ញុំ ឬរិះគន់ខ្ញុំទេ។ ផ្ទុយទៅវិញ គាត់បានរក្សាទស្សនៈល្អ ហើយបង្ហាញថាគាត់ចង់ជួយខ្ញុំយ៉ាងស្មោះ»។ ប្រហែលជាបីខែក្រោយមក អ្នកចាស់ទុំនោះបានអញ្ជើញបងជីមឲ្យចូលរួមកិច្ចប្រជុំមួយ។ បងជីមនិយាយថាបងប្អូនក្នុងក្រុមជំនុំបានទទួលស្វាគមន៍គាត់យ៉ាងកក់ក្ដៅ ហើយថាសេចក្ដីស្រឡាញ់របស់ពួកគេបានជួយគាត់ឲ្យកែប្រែទស្សនៈរបស់គាត់។ គាត់បានចាប់ផ្ដើមយល់ថាអារម្មណ៍របស់គាត់មិនមែនជាអ្វីដែលសំខាន់បំផុតឡើយ។ ប្រពន្ធរបស់បងជីមនិងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់គាត់បានលើកទឹកចិត្តគាត់ ហើយបន្ដិចម្ដងៗគាត់បានត្រឡប់មកបម្រើព្រះយេហូវ៉ាវិញ។ បងជីមក៏បានទទួលប្រយោជន៍ពីការអានអត្ថបទដែលមានចំណងជើងថា«ព្រះយេហូវ៉ាមិនមែនជាដើមហេតុ»និង«ចូរបម្រើព្រះយេហូវ៉ាដោយមានភក្ដីភាព»ដែលមាននៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩២ ជាភាសាអង់គ្លេស។
១២ ក្រោយមក បងជីមបានទៅជាអ្នកចាស់ទុំម្ដងទៀត។ តាំងពីពេលនោះមក គាត់បានជួយបងប្អូនឯទៀតឲ្យដោះស្រាយបញ្ហាដែលស្រដៀងនឹងនោះ ហើយពង្រឹងជំនឿរបស់ពួកគេ។ គាត់និយាយថា គាត់បានគិតថាខ្លួនគាត់មានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ប៉ុន្តែតាមពិតមិនមែនទេ! គាត់សោកស្ដាយដែលគាត់បានឲ្យអំណួតធ្វើឲ្យគាត់ផ្ដោតអារម្មណ៍ទៅលើកំហុសរបស់អ្នកឯទៀតជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាង។—កូរិនថូសទី១ ១០:១២
ពេលដែលយើងយកតម្រាប់គ្រិស្ត នោះធ្វើឲ្យមនុស្សចាប់អារម្មណ៍ដំណឹងដែលយើងផ្សាយ ហើយប្រហែលជាកែប្រែចិត្តគំនិតរបស់ពួកគេចំពោះយើង
១៣. តើកិច្ចបម្រើផ្សាយអាចជួយយើងឲ្យមានគុណសម្បត្ដិអ្វីខ្លះ ហើយតើនេះនាំឲ្យមានប្រយោជន៍អ្វី?
១៣ កិច្ចបម្រើផ្សាយក៏អាចអប់រំយើង ហើយជួយយើងឲ្យក្លាយទៅជាគ្រិស្តសាសនិកដែលល្អប្រសើរជាង។ តើតាមរបៀបណា? ពេលដែលយើងផ្សព្វផ្សាយដំណឹងល្អ យើងត្រូវបង្ហាញគុណសម្បត្ដិផ្សេងៗដូចជាចិត្តរាបទាប និងផលផ្សេងៗដែលបង្កើតដោយសកម្មពលរបស់ព្រះ។ (កាឡាទី ៥:២២, ២៣) សូមគិតអំពីគុណសម្បត្ដិផ្សេងៗដែលអ្នកមានដោយសារកិច្ចបម្រើផ្សាយ។ ពេលដែលយើងយកតម្រាប់គ្រិស្ត នោះធ្វើឲ្យមនុស្សចាប់អារម្មណ៍ដំណឹងដែលយើងផ្សាយ ហើយប្រហែលជាកែប្រែចិត្តគំនិតរបស់ពួកគេចំពោះយើង។ ជាឧទាហរណ៍ នៅប្រទេសអូស្ដ្រាលី សាក្សីពីរនាក់បានព្យាយាមផ្សព្វផ្សាយដល់ស្ត្រីម្នាក់នៅផ្ទះរបស់នាង ប៉ុន្តែនាងបានខឹងយ៉ាងខ្លាំង ហើយគ្មានសុជីវធម៌ចំពោះពួកគេឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ដោយបង្ហាញការគោរព សាក្សីនោះបានស្ដាប់នាង។ ក្រោយមក ស្ត្រីនោះស្ដាយចំពោះការប្រព្រឹត្តរបស់នាង ហើយនាងបានសរសេរសំបុត្រមួយទៅការិយាល័យសាខា។ នាងបានសុំការអភ័យទោសចំពោះអ្វីដែលនាងបានធ្វើ។ នាងបាននិយាយថា៖ «ខ្ញុំជាមនុស្សល្ងង់ណាស់ដែលខ្ញុំបានឈរនៅមុខមនុស្សពីរនាក់ដែលកំពុងផ្សព្វផ្សាយបណ្ដាំរបស់ព្រះ តែបែរជាធ្វើដាក់ពួកគេដូច្នោះទៅវិញ»។ តាមរយៈបទពិសោធន៍នេះ យើងអាចយល់ថាការមានចិត្តស្លូតបូតពេលដែលយើងផ្សព្វផ្សាយគឺមានប្រយោជន៍។ មែនហើយ កិច្ចបម្រើផ្សាយរបស់យើងជួយអ្នកឯទៀត ប៉ុន្តែនោះក៏ជួយធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងកាន់តែល្អប្រសើរដែរ។
ចូរសហការជាមួយនឹងព្រះពេលអប់រំកូនរបស់អ្នក
១៤. តើឪពុកម្ដាយត្រូវធ្វើអ្វីខ្លះបើពួកគាត់ពិតជាចង់អប់រំកូនៗដោយមានប្រសិទ្ធិភាព?
១៤ កូនតូចៗភាគច្រើនមានចិត្តរាបទាបនិងចង់រៀន។ (ម៉ាថាយ ១៨:១-៤) ដូច្នេះ ជាការល្អដែលឪពុកម្ដាយជួយកូនៗរបស់ពួកគាត់ឲ្យរៀននិងស្រឡាញ់សេចក្ដីពិតកាលដែលពួកគេនៅក្មេង។ (ធីម៉ូថេទី២ ៣:១៤, ១៥) ដើម្បីទទួលបានជោគជ័យ ឪពុកម្ដាយផ្ទាល់ត្រូវតែស្រឡាញ់សេចក្ដីពិត ហើយធ្វើតាមអ្វីដែលគម្ពីរចែងនៅក្នុងជីវិតរបស់ពួកគាត់។ ពេលដែលឪពុកម្ដាយធ្វើដូច្នេះ នោះកាន់តែងាយស្រួលឲ្យកូនៗរបស់ពួកគាត់ស្រឡាញ់សេចក្ដីពិត។ កូនៗក៏នឹងយល់ដែរថាការប្រៀនប្រដៅពីឪពុកម្ដាយរបស់ពួកគេបង្ហាញថាឪពុកម្ដាយនិងព្រះយេហូវ៉ាស្រឡាញ់ពួកគេ។
១៥, ១៦. បើកូនៗបានត្រូវបណ្ដាច់មិត្តភាព តើឪពុកម្ដាយគួរបង្ហាញយ៉ាងណាថាពួកគាត់ទុកចិត្តលើព្រះ?
១៥ សូម្បីតែឪពុកម្ដាយបង្រៀនកូនៗរបស់ពួកគាត់អំពីសេចក្ដីពិតក្ដី កូនខ្លះចាកចេញពីព្រះយេហូវ៉ា ឬបានត្រូវបណ្ដាច់មិត្តភាព។ បើនេះកើតឡើង ក្រុមគ្រួសារឈឺចិត្តយ៉ាងខ្លាំង។ បងស្រីម្នាក់ដែលរស់នៅប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយថា៖ «ពេលដែលបងប្រុសរបស់ខ្ញុំបានត្រូវបណ្ដាច់មិត្តភាព នោះគឺហាក់ដូចជាគាត់បានស្លាប់។ នេះធ្វើឲ្យខ្ញុំឈឺចិត្តណាស់!»។ ប៉ុន្តែ តើគាត់និងឪពុកម្ដាយរបស់គាត់បានធ្វើអ្វី? ពួកគាត់បានធ្វើតាមការណែនាំដែលមាននៅក្នុងគម្ពីរ។ (សូមអាន កូរិនថូសទី១ ៥:១១, ១៣) ឪពុកម្ដាយនោះបានដឹងថាការធ្វើតាមឱវាទរបស់ព្រះនឹងនាំឲ្យគ្រប់គ្នាទទួលប្រយោជន៍។ ម្យ៉ាងទៀត ពួកគាត់ទទួលស្គាល់ថាការបណ្ដាច់មិត្តភាពគឺជាការប្រៀនប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា។ ដូច្នេះ ពួកគាត់បានទាក់ទងជាមួយនឹងកូនប្រុសរបស់ពួកគាត់ លុះត្រាតែពេលពួកគាត់ត្រូវនិយាយអំពីរឿងសំខាន់ចាំបាច់ជាមួយនឹងកូននោះ។
១៦ តើកូនប្រុសនោះមានអារម្មណ៍យ៉ាងណា? ក្រោយមក គាត់បាននិយាយថា៖ «ខ្ញុំដឹងថាក្រុមគ្រួសាររបស់ខ្ញុំមិនស្អប់ខ្ញុំទេ តែពួកគាត់ស្ដាប់បង្គាប់ព្រះយេហូវ៉ានិងអង្គការរបស់លោក»។ គាត់ក៏បាននិយាយដែរថា៖ «ពេលដែលយើងគ្មានទីពឹងពំនាក់ ហើយត្រូវអង្វរសុំជំនួយនិងការអភ័យទោសពីព្រះយេហូវ៉ា នោះយើងឃើញថាយើងពិតជាត្រូវការលោកយ៉ាងខ្លាំង»។ សូមស្រមៃគិតថា ក្រុមគ្រួសារនោះមានអំណរយ៉ាងណាទៅ ពេលដែលបុរសវ័យក្មេងម្នាក់នេះបានត្រឡប់មកព្រះយេហូវ៉ាវិញ! មែនហើយ ពេលដែលយើងតែងតែស្ដាប់បង្គាប់ព្រះ នោះយើងនឹងសប្បាយរីករាយ ហើយទទួលជោគជ័យ។—សុភាសិត ៣:៥, ៦; ២៨:២៦
ពេលដែលយើងមានចិត្តរាបទាប ហើយតែងតែស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះយើងនឹងមានតម្លៃខ្លាំងណាស់ចំពោះលោក
១៧. ហេតុអ្វីយើងគួរចុះចូលចំពោះព្រះយេហូវ៉ាជានិច្ច ហើយតើការធ្វើដូច្នេះនឹងនាំឲ្យយើងទទួលប្រយោជន៍យ៉ាងណា?
១៧ អេសាយដែលជាអ្នកប្រកាសទំនាយបានប្រកាសទុកជាមុនថាជនជាតិយូដាដែលរស់នៅក្រុងបាប៊ីឡូននឹងប្រែចិត្ត ហើយនិយាយថា៖«ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ។ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា»។ ពួកគេក៏នឹងសុំអង្វរព្រះយេហូវ៉ាដែរថា៖ «សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ។ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់»។ (អេសាយ ៦៤:៨, ៩) ពេលដែលយើងមានចិត្តរាបទាប ហើយតែងតែស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះយើងនឹងមានតម្លៃខ្លាំងណាស់ចំពោះលោកដូចដានីយ៉ែលដែរ។ ព្រះយេហូវ៉ានឹងបន្តអប់រំយើងដោយប្រើសកម្មពលរបស់លោក បណ្ដាំរបស់លោក និងអង្គការរបស់លោក ដើម្បីនៅថ្ងៃអនាគតយើងនឹងក្លាយទៅជា«កូនព្រះ»ដ៏ល្អឥតខ្ចោះ។—រ៉ូម ៨:២១