ចូរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើង
«ឱព្រះយេហូវ៉ាអើយ . . . ទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា»។—អេសាយ ៦៤:៨
១. ហេតុអ្វីព្រះយេហូវ៉ាគឺជាជាងស្មូនដ៏ឧត្តមបំផុត?
នៅខែវិច្ឆិកា ឆ្នាំ២០១០ នៅប្រទេសអង់គ្លេស ថូបុរាណចិនមួយដែលធ្វើពីដីឥដ្ឋបានត្រូវគេដាក់លក់ដេញថ្លៃបានតម្លៃជិត៧០លានដុល្លារ។ គឺជាការអស្ចារ្យណាស់ដែលជាងស្មូនអាចសូនដីឥដ្ឋដែលជាវត្ថុធម្មតានិងមានតម្លៃថោកឲ្យទៅជាថូដ៏ស្អាតនិងមានតម្លៃថ្លៃ។ ព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើងគឺអស្ចារ្យជាង ជាងស្មូនដែលជាមនុស្សឆ្ងាយណាស់។ គម្ពីរចែងថាព្រះយេហូវ៉ាបានបង្កើតបុរសល្អឥតខ្ចោះម្នាក់ពី«ធូលីដី» ពោលគឺដីឥដ្ឋ។ (លោកុប្បត្តិ ២:៧) បុរសនោះឈ្មោះអាដាម ហើយគាត់គឺជា«កូនព្រះ»។ ម្យ៉ាងទៀត គាត់បានត្រូវបង្កើតឲ្យមានសមត្ថភាពបង្ហាញគុណសម្បត្ដិដូចព្រះ។—លូកា ៣:៣៨
២, ៣. តើតាមរបៀបណាយើងអាចមានចិត្តគំនិតដូចជនជាតិអ៊ីស្រាអែលដែលបានប្រែចិត្ត?
២ ពេលអាដាមបានបះបោរប្រឆាំងនឹងអ្នកបង្កើតរបស់គាត់ គាត់លែងជាកូនព្រះទៀត។ ប៉ុន្តែ កូនចៅអាដាមជាច្រើននាក់បានជ្រើសរើសព្រះយេហូវ៉ាឲ្យធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេ។ (ហេប្រឺ ១២:១) តាមរយៈការស្ដាប់បង្គាប់អ្នកបង្កើតរបស់ពួកគេដោយចិត្តរាបទាប នោះពួកគេបានបង្ហាញថាពួកគេចង់ឲ្យលោកធ្វើជាបិតានិងជាងស្មូនរបស់ពួកគេ មិនមែនសាថានទេ។ (យ៉ូហាន ៨:៤៤) ភក្ដីភាពរបស់ពួកគេចំពោះព្រះរំលឹកយើងអំពីអ្វីដែលជនជាតិអ៊ីស្រាអែលដែលបានប្រែចិត្តបាននិយាយ ដែលថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ។ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា»។—អេសាយ ៦៤:៨
៣ អ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះក៏ព្យាយាមស្ដាប់បង្គាប់និងមានចិត្តរាបទាបដែរ។ ពួកគេចាត់ទុកថាការហៅព្រះយេហូវ៉ាជាបិតារបស់ពួកគេគឺជាកិត្ដិយសមួយ ហើយពួកគេចង់ឲ្យលោកធ្វើជាជាងស្មូនរបស់ពួកគេ។ តើយើងសុខចិត្តធ្វើដូចជាដីឥដ្ឋទន់ដែលព្រះអាចសូនឲ្យទៅជាភាជនៈដ៏មានតម្លៃឬទេ? តើយើងយល់ថាបងប្អូនម្នាក់ៗរបស់យើងនៅតែត្រូវសូនឬកំពុងទទួលការអប់រំពីព្រះឬទេ? ដើម្បីជួយយើងឲ្យមានចិត្តគំនិតត្រឹមត្រូវ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាជ្រើសរើសពួកអ្នកដែលលោកចង់សូនឬអប់រំ មូលហេតុដែលលោកអប់រំពួកគេ និងរបៀបដែលលោកធ្វើដូច្នេះ។
ព្រះយេហូវ៉ាជ្រើសរើសពួកអ្នកដែលលោកអប់រំ
៤. តើតាមរបៀបណាព្រះយេហូវ៉ាជ្រើសរើសពួកអ្នកដែលលោកទាញនាំមកឯលោក? សូមលើកឧទាហរណ៍ខ្លះ។
៤ របៀបដែលព្រះយេហូវ៉ាមើលមនុស្សគឺមិនដូចរបៀបដែលយើងមើលទេ។ ផ្ទុយទៅវិញ លោកពិនិត្យមើលចិត្ត ហើយឃើញថាយើងម្នាក់ៗពិតជាមនុស្សបែបណា។ (សូមអាន សាំយូអែលទី១ ១៦:៧ខ) ព្រះយេហូវ៉ាបានបង្ហាញថាលោកធ្វើដូច្នេះពេលលោកបានបង្កើតក្រុមជំនុំគ្រិស្តសាសនិក។ លោកបានទាញនាំមនុស្សជាច្រើនដែលប្រហែលជាបានត្រូវអ្នកខ្លះចាត់ទុកថាជាមនុស្សឥតប្រយោជន៍ ឲ្យមកឯលោកនិងបុត្ររបស់លោក។ (យ៉ូហាន ៦:៤៤) ជាឧទាហរណ៍ បុគ្គលបែបនោះគឺសុលដែលជាផារិស៊ីម្នាក់ គាត់«ជាអ្នកបៀតបៀនរាស្ត្ររបស់លោក និងជាមនុស្សព្រហើន»។ (ធីម៉ូថេទី១ ១:១៣) ប៉ុន្តែ ព្រះយេហូវ៉ាបានពិនិត្យមើលចិត្តរបស់សុល ហើយមិនបានគិតថាគាត់គឺជាដីឥដ្ឋដែលគ្មានប្រយោជន៍ឡើយ។ (សុភាសិត ១៧:៣) ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានឃើញថាសុលអាចសូនទៅជា‹ភាជនៈដែលបានត្រូវជ្រើសរើស›ដែលនឹងផ្សព្វផ្សាយដល់«ប្រជាជាតិទាំងឡាយ ព្រមទាំងនៅមុខស្តេចនានា និងពួកកូនអ៊ីស្រាអែល»។ (សកម្មភាព ៩:១៥) ព្រះយេហូវ៉ាក៏បានជ្រើសរើសមនុស្សឯទៀតដែលអាចសូនដើម្បី«ប្រើក្នុងការថ្លៃថ្នូរ» ដែលរួមមានមនុស្សដែលធ្លាប់ធ្វើជាចោរ អ្នកប្រមឹកស្រា និងអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាដើម។ (រ៉ូម ៩:២១; កូរិនថូសទី១ ៦:៩-១១) កាលដែលពួកគេសិក្សាបទគម្ពីរផ្សេងៗ ពួកគេបានពង្រឹងជំនឿទៅលើព្រះយេហូវ៉ា ហើយបានអនុញ្ញាតឲ្យលោកអប់រំពួកគេឬជួយពួកគេឲ្យកែប្រែ។
យើងមិនមែនជាអ្នកវិនិច្ឆ័យមនុស្សក្នុងតំបន់ផ្សាយរបស់យើងឬក្នុងក្រុមជំនុំរបស់យើងទេ
៥, ៦. ពេលយើងទុកចិត្តព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើង តើនោះគួរមានឥទ្ធិពលយ៉ាងណាទៅលើចិត្តគំនិតរបស់យើងចំពោះ (ក) មនុស្សក្នុងតំបន់ផ្សាយ? (ខ) បងប្អូនរបស់យើង?
៥ យើងទុកចិត្តថាព្រះយេហូវ៉ាអាចជ្រើសរើសនិងទាញនាំមនុស្សដែលត្រឹមត្រូវឲ្យមកឯលោក។ នោះគឺជាមូលហេតុដែលយើងមិនគួរវិនិច្ឆ័យអ្នកឯទៀតក្នុងតំបន់ផ្សាយរបស់យើង ឬក្នុងក្រុមជំនុំរបស់យើងឡើយ។ សូមពិចារណាឧទាហរណ៍មួយស្តីអំពីរបៀបដែលបុរសម្នាក់ឈ្មោះម៉ៃឃឺលបានប្រព្រឹត្តពេលសាក្សីព្រះយេហូវ៉ាទៅជួបគាត់។ គាត់និយាយថា៖ «ខ្ញុំបានបែរចេញ ហើយព្រងើយកន្តើយដាក់ពួកគេដោយធ្វើហាក់ដូចជាគ្មានពួកគេ។ ខ្ញុំពិតជាមិនគួរសមសោះ! ក្រោយមក ក្នុងស្ថានភាពផ្សេងទៀត ខ្ញុំបានជួបក្រុមគ្រួសារមួយដែលខ្ញុំកោតស្ងើចចំពោះការប្រព្រឹត្តល្អរបស់ពួកគេ។ នៅថ្ងៃមួយ ខ្ញុំបានភ្ញាក់ផ្អើលមែនពេលដែលដឹងថាពួកគេគឺជាសាក្សីព្រះយេហូវ៉ា! ការប្រព្រឹត្តរបស់ពួកគេបានជំរុញចិត្តខ្ញុំឲ្យពិនិត្យពិចារណាអំពីដើមហេតុដែលនាំឲ្យខ្ញុំរើសអើងសាក្សីព្រះយេហូវ៉ា។ មិនយូរក្រោយមក ខ្ញុំទទួលស្គាល់ថាចិត្តគំនិតរបស់ខ្ញុំគឺមានមូលដ្ឋានទៅលើអ្វីដែលខ្ញុំមិនសូវស្គាល់ច្បាស់ ហើយឮតៗគ្នា មិនមែនទៅលើអ្វីដែលពិតទេ»។ ដោយសារបងម៉ៃឃឺលចង់ស្គាល់ថែមទៀត គាត់បានយល់ព្រមសិក្សាគម្ពីរ។ ក្រោយមក គាត់បានទទួលការជ្រមុជទឹក ហើយបានក្លាយទៅជាអ្នកបម្រើពេញពេល។
៦ ពេលយើងទទួលស្គាល់ព្រះយេហូវ៉ាជាជាងស្មូនរបស់យើង នោះចិត្តគំនិតរបស់យើងចំពោះបងប្អូនយើងក៏នឹងផ្លាស់ប្ដូរដែរ។ យើងនឹងមានទស្សនៈដូចព្រះយេហូវ៉ាដោយយល់ឃើញថាពួកគេម្នាក់ៗនៅតែកំពុងទទួលការអប់រំពីលោក។ លោកឃើញអ្វីដែលនៅក្នុងចិត្តរបស់ពួកគេ ហើយដឹងថាភាពមិនល្អឥតខ្ចោះរបស់ពួកគេគឺមានតែមួយរយៈពេលប៉ុណ្ណោះ។ លោកក៏ដឹងដែរថាពួកគេម្នាក់ៗអាចក្លាយទៅជាមនុស្សបែបណា។ (ទំនុកតម្កើង ១៣០:៣) យើងអាចយកតម្រាប់ព្រះយេហូវ៉ា បើយើងមានទស្សនៈត្រឹមត្រូវដូចលោកចំពោះបងប្អូនរបស់យើង។ យើងថែមទាំងអាចសហការជាមួយនឹងជាងស្មូនរបស់យើងដោយជួយបងប្អូនឲ្យជឿនទៅមុខ។ (ថែស្សាឡូនិចទី១ ៥:១៤, ១៥) ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគួរតែទុកគំរូល្អក្នុងការធ្វើដូច្នេះ។—អេភេសូរ ៤:៨, ១១-១៣
ហេតុអ្វីព្រះយេហូវ៉ាអប់រំយើង?
៧. ហេតុអ្វីអ្នកឲ្យតម្លៃចំពោះការប្រដៅដែលមកពីព្រះយេហូវ៉ា?
៧ មនុស្សខ្លះប្រហែលជានិយាយថា៖ «ខ្ញុំមិនសូវឲ្យតម្លៃចំពោះការប្រៀនប្រដៅពីឪពុកម្ដាយរបស់ខ្ញុំទេ រហូតទាល់តែខ្ញុំមានកូនខ្លួនឯង»។ កាលដែលយើងកាន់តែចាស់ទៅៗ យើងប្រហែលជាចាប់ផ្ដើមឲ្យតម្លៃចំពោះការប្រៀនប្រដៅ ដោយសារយើងយល់ថានោះជារបៀបបង្ហាញសេចក្ដីស្រឡាញ់។ (សូមអាន ហេប្រឺ ១២:៥, ៦, ១១) ព្រះយេហូវ៉ាស្រឡាញ់យើងដូចជាកូនរបស់លោក នេះជាមូលហេតុដែលលោកប្រដៅឬសូនយើងដោយចិត្តអត់ធ្មត់។ លោកចង់ឲ្យយើងមានប្រាជ្ញា សប្បាយរីករាយ និងស្រឡាញ់លោកដូចជាបិតា។ (សុភាសិត ២៣:១៥) លោកមិនចង់ឃើញយើងរងទុក្ខ ហើយលោកក៏មិនចង់ឲ្យយើងស្លាប់ដោយសារយើងជាអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តឡើយ។—អេភេសូរ ២:២, ៣
ព្រះយេហូវ៉ាស្រឡាញ់យើងដូចជាកូនរបស់លោក នេះជាមូលហេតុដែលលោកប្រដៅឬសូនយើងដោយចិត្តអត់ធ្មត់
៨, ៩. តើតាមរបៀបណាព្រះយេហូវ៉ាកំពុងបង្រៀនយើងនៅសព្វថ្ងៃនេះ ហើយនៅថ្ងៃអនាគត តើការអប់រំនេះនឹងបន្តមានយ៉ាងដូចម្ដេច?
៨ មុនយើងស្គាល់ព្រះយេហូវ៉ា យើងប្រហែលជាមានគុណវិបត្ដិជាច្រើន។ ប៉ុន្តែ ព្រះយេហូវ៉ាបានអប់រំយើង និងជួយយើងឲ្យកែប្រែ ហើយជាលទ្ធផល ឥឡូវយើងមានគុណសម្បត្ដិដែលគួរឲ្យសរសើរ។ (អេសាយ ១១:៦-៨; កូឡុស ៣:៩, ១០) យើងរស់នៅក្នុងស្ថានភាពដ៏សុខសាន្តមួយដែលប្រៀបដូចជាសួនឧទ្យាន។ នេះជាស្ថានភាពដ៏ពិសេសមួយដែលព្រះយេហូវ៉ាធ្វើឲ្យមានក្នុងសម័យរបស់យើងដើម្បីជួយអប់រំយើង។ ក្នុងស្ថានភាពនេះ យើងមានអារម្មណ៍ថាមានសុវត្ថិភាពនិងសេចក្ដីសុខសាន្ត ទោះជាពិភពលោកនៅជុំវិញយើងគឺអាក្រក់ក្ដី។ ពួកអ្នកដែលបានធំឡើងក្នុងក្រុមគ្រួសារដែលគ្មានសេចក្ដីស្រឡាញ់ ឥឡូវមានអារម្មណ៍ថាពួកគេទទួលសេចក្ដីស្រឡាញ់ពិតពីបងប្អូនរួមជំនឿរបស់ពួកគេក្នុងស្ថានភាពដ៏សុខសាន្តមួយដែលប្រៀបដូចជាសួនឧទ្យាន។ (យ៉ូហាន ១៣:៣៥) ម្យ៉ាងទៀត យើងបានរៀនបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។ ប៉ុន្តែ អ្វីដែលសំខាន់បំផុត យើងស្គាល់ព្រះយេហូវ៉ា ហើយឥឡូវទទួលសេចក្ដីស្រឡាញ់ពីលោកដែលជាបិតារបស់យើង។—យ៉ាកុប ៤:៨
៩ ក្នុងពិភពលោកថ្មី យើងនឹងទទួលប្រយោជន៍យ៉ាងពេញលេញពីស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន។ យើងក៏នឹងមានជីវិតដ៏សប្បាយក្នុងសួនឧទ្យានពិតប្រាកដដែលនៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។ ឥឡូវនេះ យើងប្រហែលជាពិបាកស្រមៃគិតអំពីរបៀបដែលព្រះយេហូវ៉ានឹងបន្តអប់រំនិងបង្រៀនយើងក្នុងអំឡុងពេលនោះ។ (អេសាយ ១១:៩) ព្រះយេហូវ៉ាក៏នឹងធ្វើឲ្យគំនិត និងរូបកាយរបស់យើងទៅជាល្អឥតខ្ចោះដែរ។ នោះនឹងធ្វើឲ្យយើងកាន់តែងាយស្រួលយល់និងធ្វើតាមការណែនាំរបស់លោកយ៉ាងពេញលេញ។ ដូច្នេះ សូមឲ្យយើងបន្តអនុញ្ញាតឲ្យព្រះយេហូវ៉ាអប់រំយើង ហើយសូមឲ្យយើងបង្ហាញលោកថាយើងឲ្យតម្លៃចំពោះការអប់រំនេះដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់លោកចំពោះយើង។—សុភាសិត ៣:១១, ១២
របៀបដែលព្រះយេហូវ៉ាអប់រំយើង
១០. តើលោកយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថាលោកមានចិត្តអត់ធ្មត់និងជំនាញដូចជាងស្មូនដ៏ឧត្តម?
១០ ដូចជាងស្មូនដ៏មានជំនាញស្គាល់ប្រភេទដីឥដ្ឋដែលគាត់សូន នោះព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើងស្គាល់យើងយ៉ាងច្បាស់។ លោកស្គាល់អំពីភាពទន់ខ្សោយ កម្រិតសមត្ថភាព និងភាពរីកចម្រើនរបស់យើង ហើយលោកអប់រំយើងម្នាក់ៗស្របតាមអ្វីៗទាំងនេះ។ (សូមអាន ទំនុកតម្កើង ១០៣:១០-១៤) យើងអាចរៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះយើងដោយពិនិត្យមើលរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកសាវ័ក។ ជួនកាល ពួកសាវ័កបានប្រកែកគ្នាថាអ្នកណាធំជាងគេ។ បើអ្នកបាននៅទីនោះ តើអ្នកនឹងមានទស្សនៈយ៉ាងណាចំពោះការប្រព្រឹត្តរបស់ពួកសាវ័ក? អ្នកប្រហែលជាមានអារម្មណ៍ថាពួកគេមិនដូចជាដីឥដ្ឋទន់ទេ។ ប៉ុន្តែ លោកយេស៊ូបានដឹងថាពួកគេអាចទទួលការអប់រំបាន បើពួកគេស្ដាប់ឱវាទដែលប្រកបទៅដោយចិត្តសប្បុរសនិងចិត្តអត់ធ្មត់របស់លោក ហើយបើពួកគេមានចិត្តរាបទាបដូចលោក។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៧, ៤១-៤៥; លូកា ២២:២៤-២៧) បន្ទាប់ពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកសាវ័កបានទទួលសកម្មពលរបស់ព្រះ ហើយពួកគេលែងផ្ដោតអារម្មណ៍ទៅលើអ្នកណាដែលធំជាងគេទៀត។ ផ្ទុយទៅវិញ ពួកគេបានផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលលោកយេស៊ូបានផ្ដល់ឲ្យពួកគេ។—សកម្មភាព ៥:៤២
១១. តើតាមរបៀបណាដាវីឌបានបង្ហាញថាគាត់គឺដូចជាដីឥដ្ឋទន់ ហើយតើយើងអាចយកតម្រាប់គាត់យ៉ាងដូចម្ដេច?
១១ សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រើគម្ពីរ សកម្មពលបរិសុទ្ធរបស់លោក និងក្រុមជំនុំដើម្បីអប់រំយើង។ តើគម្ពីរអាចអប់រំយើងយ៉ាងដូចម្ដេច? យើងត្រូវអានគម្ពីរ រំពឹងគិតអំពីអ្វីដែលយើងអាន ហើយសុំព្រះយេហូវ៉ាឲ្យជួយយើងធ្វើតាមអ្វីដែលយើងបានរៀន។ ស្តេចដាវីឌបានសរសេរថា៖ «ទូលបង្គំនឹកដល់ទ្រង់នៅលើដំណេក ហើយរំពឹងគិតពីទ្រង់នៅអស់ទាំងយាមយប់»។ (ទំនុកតម្កើង ៦៣:៦) គាត់ក៏បានសរសេរដែរថា៖ «ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ។ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ»។ (ទំនុកតម្កើង ១៦:៧) ដាវីឌបានរំពឹងគិតអំពីឱវាទពីព្រះយេហូវ៉ា ហើយបានឲ្យឱវាទនោះអប់រំគំនិតនិងអារម្មណ៍ដែលកប់ជ្រៅនៅក្នុងចិត្តរបស់គាត់ សូម្បីតែនៅពេលដែលឱវាទនោះពិបាកទទួលយកក៏ដោយ។ (សាំយូអែលទី២ ១២:១-១៣) ដាវីឌបានទុកគំរូដ៏ល្អប្រសើរឲ្យយើងស្តីអំពីចិត្តរាបទាបនិងការស្ដាប់បង្គាប់។ ដូច្នេះ សូមសួរខ្លួនអ្នកថា ‹ពេលខ្ញុំអានគម្ពីរ តើខ្ញុំរំពឹងគិតអំពីអ្វីដែលខ្ញុំអាន ហើយឲ្យឱវាទពីព្រះមានឥទ្ធិពលទៅលើគំនិតនិងអារម្មណ៍ដែលកប់ជ្រៅនៅក្នុងចិត្តរបស់ខ្ញុំឬទេ? តើខ្ញុំអាចធ្វើដូច្នេះថែមទៀតឬទេ?›។—ទំនុកតម្កើង ១:២, ៣
១២, ១៣. តើព្រះយេហូវ៉ាអប់រំយើងយ៉ាងដូចម្ដេចតាមរយៈសកម្មពលបរិសុទ្ធនិងក្រុមជំនុំគ្រិស្តសាសនិកពិត?
១២ សកម្មពលបរិសុទ្ធអាចអប់រំយើងតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ សកម្មពលអាចជួយយើងរៀនឲ្យមានបុគ្គលិកលក្ខណៈដូចលោកយេស៊ូ ហើយបង្ហាញលក្ខណៈផ្សេងៗនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។ (កាឡាទី ៥:២២, ២៣) លក្ខណៈមួយនៃផលនោះគឺសេចក្ដីស្រឡាញ់។ យើងស្រឡាញ់ព្រះ ចង់ស្ដាប់បង្គាប់លោក និងទទួលការអប់រំពីលោក ដោយសារយើងដឹងថាបង្គាប់របស់លោកគឺដើម្បីជាប្រយោជន៍ដល់យើង។ បន្ថែមទៅទៀត សកម្មពលបរិសុទ្ធអាចផ្ដល់កម្លាំងចិត្តឲ្យយើងដើម្បីជៀសវាងពីឥទ្ធិពលនៃពិភពលោកដ៏អាក្រក់នេះ។ (អេភេសូរ ២:២) ពេលសាវ័កប៉ូលមានវ័យក្មេង គាត់បានទទួលឥទ្ធិពលពីអ្នកដឹកនាំសាសនាយូដាដែលមានអំណួត។ ប៉ុន្តែ សកម្មពលបរិសុទ្ធបានជួយគាត់ឲ្យកែប្រែ។ ក្រោយមក គាត់បានសរសេរថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភីលីព ៤:១៣) យើងក៏ត្រូវសុំសកម្មពលបរិសុទ្ធដែរ ដោយដឹងថាព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់យើង។—ទំនុកតម្កើង ១០:១៧
ព្រះយេហូវ៉ាប្រើពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្តសាសនិកឲ្យអប់រំយើង ប៉ុន្តែយើងត្រូវធ្វើតាមឱវាទដែលពួកគាត់ផ្ដល់ឲ្យយើង (សូមមើលវគ្គ១២, ១៣)
១៣ ព្រះយេហូវ៉ាក៏ប្រើក្រុមជំនុំនិងពួកអ្នកចាស់ទុំដើម្បីអប់រំយើងម្នាក់ៗដែរ។ ជាឧទាហរណ៍ បើពួកអ្នកចាស់ទុំឃើញថាយើងមានភាពទន់ខ្សោយ ពួកគាត់ព្យាយាមជួយយើង។ ប៉ុន្តែ ពួកគាត់មិនមែនផ្ដល់ឱវាទដោយផ្អែកទៅលើគំនិតផ្ទាល់របស់ពួកគាត់ឡើយ។ (កាឡាទី ៦:១) ផ្ទុយទៅវិញ ដោយចិត្តរាបទាបពួកគាត់អធិដ្ឋានសុំការយល់ដឹងនិងប្រាជ្ញាពីព្រះយេហូវ៉ា។ ក្រោយមក ពួកគាត់ធ្វើការស្រាវជ្រាវដោយប្រើគម្ពីរនិងសៀវភៅផ្សេងៗរបស់យើងដើម្បីស្វែងរកព័ត៌មានដែលនឹងជួយយើង។ ជាឧទាហរណ៍ អ្នកចាស់ទុំប្រហែលជាចង់ផ្ដល់ឱវាទដល់អ្នកអំពីរបៀបដែលអ្នកស្លៀកពាក់។ ដូច្នេះ ពេលពួកគាត់មកជួបអ្នក ហើយផ្ដល់ឱវាទដែលប្រកបដោយចិត្តសប្បុរសនិងសេចក្ដីស្រឡាញ់ ចូរចាំថាឱវាទនេះគឺជាទីសំអាងដែលបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក។ ពេលអ្នកធ្វើតាមឱវាទនោះ អ្នកនឹងដូចជាដីឥដ្ឋទន់ដែលព្រះយេហូវ៉ាអាចសូន ហើយអ្នកនឹងទទួលប្រយោជន៍។
១៤. ទោះជាព្រះយេហូវ៉ាមានអំណាចលើយើងដែលជាដីឥដ្ឋក្ដី តើលោកបង្ហាញយ៉ាងណាថាលោកឲ្យយើងធ្វើតាមចិត្តសេរីរបស់យើង?
១៤ បើយើងយល់អំពីរបៀបដែលព្រះយេហូវ៉ាអប់រំយើង នោះអាចជួយយើងឲ្យមានចំណងមិត្តភាពល្អជាមួយនឹងបងប្អូនរបស់យើង។ ម្យ៉ាងទៀត យើងនឹងមានទស្សនៈត្រឹមត្រូវចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង រួមទាំងសិស្សគម្ពីររបស់យើងដែរ។ នៅសម័យគម្ពីរ មុនជាងស្មូនសូនដីឥដ្ឋ គាត់ត្រូវសម្អាត ហើយយកក្រួសនិងកម្ទេចផ្សេងៗចេញ។ ព្រះយេហូវ៉ាដែលជាជាងស្មូនដ៏ឧត្តមជួយមនុស្សដែលចង់ទទួលការអប់រំ។ លោកមិនបង្ខំពួកគេឲ្យកែប្រែទេ តែផ្ទុយទៅវិញ លោកបង្ហាញពួកគេនូវខ្នាតតម្រាដ៏ស្អាតស្អំរបស់លោក។ ក្រោយមក ពួកគេត្រូវសម្រេចចិត្តថាពួកគេនឹងកែប្រែឬយ៉ាងណា។
១៥, ១៦. តើសិស្សគម្ពីរបង្ហាញយ៉ាងណាថាពួកគេចង់ឲ្យព្រះយេហូវ៉ាអប់រំពួកគេ? សូមលើកឧទាហរណ៍។
១៥ សូមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះបងស្រីថេស៊ីដែលរស់នៅប្រទេសអូស្ដ្រាលី។ គាត់ស្រួលរៀនណាស់អំពីអ្វីដែលគម្ពីរចែង។ ប៉ុន្តែ គាត់មិនសូវរីកចម្រើន ហើយមិនចូលរួមកិច្ចប្រជុំទេ។ បងស្រីដែលបង្រៀនគម្ពីរដល់គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ ហើយបានសម្រេចចិត្តឈប់សិក្សាគម្ពីរជាមួយនឹងបងថេស៊ី។ ក្រោយមក អ្វីដ៏អស្ចារ្យមួយបានកើតឡើង។ នៅពេលពួកគាត់កំពុងសិក្សាជាមួយគ្នា បងថេស៊ីបានប្រាប់អ្នកបង្រៀនគម្ពីរគាត់អំពីមូលហេតុដែលគាត់មិនបានរីកចម្រើន។ គាត់បាននិយាយថាគាត់មានអារម្មណ៍ដូចជាខ្លួនជាមនុស្សលាក់ពុត ដោយសារគាត់ចូលចិត្តលេងល្បែងស៊ីសងណាស់។ ប៉ុន្តែ ឥឡូវគាត់បានសម្រេចចិត្តឈប់លេងទៀតហើយ។
១៦ មិនយូរក្រោយមក បងថេស៊ីបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ ហើយបានបង្ហាញគុណសម្បត្ដិជាគ្រិស្តសាសនិកពិត ទោះជាមនុស្សខ្លះដែលធ្លាប់ជាមិត្តភក្ដិរបស់គាត់បានសើចចំអកឲ្យគាត់ក៏ដោយ។ ក្រោយមក បងថេស៊ីបានទទួលការជ្រមុជទឹក ហើយបានក្លាយទៅជាអ្នកត្រួសត្រាយពេញពេល ទោះបីជាគាត់មានកូនតូចៗក្ដី។ យើងឃើញច្បាស់ថាពេលសិស្សគម្ពីរចាប់ផ្ដើមកែប្រែដើម្បីធ្វើឲ្យព្រះពេញចិត្ត លោកនឹងចូលទៅជិតពួកគេ ហើយនឹងសូនពួកគេឲ្យទៅជាភាជនៈដ៏មានតម្លៃ។
១៧. (ក) តើអ្នកចូលចិត្តអ្វីអំពីព្រះយេហូវ៉ាដែលជាជាងស្មូនរបស់អ្នក? (ខ) នៅអត្ថបទបន្ទាប់ តើយើងនឹងពិចារណាលក្ខណៈអ្វីខ្លះនៃការអប់រំ?
១៧ សព្វថ្ងៃនេះ ដោយយកចិត្តទុកដាក់ជាងស្មូនខ្លះនៅតែប្រើដៃដើម្បីសូនដីឥដ្ឋឲ្យទៅជាភាជនៈដ៏ស្អាត។ ស្រដៀងគ្នាដែរ ដោយចិត្តអត់ធ្មត់ព្រះយេហូវ៉ាប្រើឱវាទរបស់លោកដើម្បីអប់រំយើង ហើយលោកមើលយ៉ាងដិតដល់អំពីប្រតិកម្មរបស់យើងចំពោះឱវាទនោះ។ (សូមអាន ទំនុកតម្កើង ៣២:៨) តើអ្នកអាចឃើញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកឬទេ? តើអ្នកឃើញរបៀបដែលព្រះយេហូវ៉ាកំពុងអប់រំអ្នកដោយយកចិត្តទុកដាក់ឬទេ? បើដូច្នេះ តើគុណសម្បត្ដិអ្វីខ្លះនឹងជួយអ្នកឲ្យរក្សាខ្លួនដូចជាដីឥដ្ឋទន់ដែលព្រះយេហូវ៉ាអាចសូន? តើអ្នកគួរជៀសវាងលក្ខណៈអ្វីខ្លះដើម្បីមិនឲ្យអ្នកទៅជាដីឥដ្ឋរឹងដែលមិនអាចសូនបាន? ម្យ៉ាងទៀត តើឪពុកម្ដាយអាចធ្វើការជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច ដើម្បីអប់រំកូនរបស់ពួកគាត់? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។