ជាងស្មូនដ៏ឧត្តមនិងកិច្ចការរបស់ទ្រង់
«[ឲ្យក្លាយទៅ]ជាប្រដាប់សំរាប់ការប្រសើរ . . . ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក»។—ធីម៉ូថេទី២ ២:២១
១, ២. (ក) តើការបង្កើតបុរសនិងស្ត្រីដោយព្រះ ជាកិច្ចការដ៏អស្ចារ្យយ៉ាងដូចម្ដេច? (ខ) តើជាងស្មូនដ៏ឧត្តមបានបង្កើតអ័ដាមនិងអេវ៉ា ចំពោះគោលបំណងអ្វី?
ព្រះយេហូវ៉ាជាជាងស្មូនដ៏ឧត្តម។ ស្នាដៃឯកនៃសេចក្ដីបង្កើតរបស់ទ្រង់ គឺអ័ដាម ដែលជាឪពុកទីមួយរបស់យើង។ ព្រះគម្ពីរចែងប្រាប់យើងថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះបុរសក៏បានក្លាយទៅជាព្រលឹងរស់ឡើង» ដែលជា‹សត្តនិករដែលដកដង្ហើម›។ (លោកុប្បត្តិ ២:៧, ព.ថ.) មនុស្សដំបូងនោះគឺល្អគ្រប់ល័ក្ខណ៍ ដែលបានបង្កើតដូចរូបអង្គព្រះ ហើយជាទីសំអាងនៃប្រាជ្ញារបស់ព្រះ ហើយដែលទ្រង់ស្រឡាញ់សេចក្ដីសុចរិតពិត ព្រមទាំងសេចក្ដីយុត្ដិធម៌ដែរ។
២ ដោយប្រើវត្ថុធាតុពីឆ្អឹងជំនីររបស់អ័ដាម នោះព្រះក៏បានសូនអ្នកបង្គ្រប់ ឬក៏អ្នកជំនួយសំរាប់បុរស នោះគឺស្ត្រីម្នាក់។ សោភ័ណភាពដ៏ឥតខ្ចោះរបស់នាងអេវ៉ា គឺស្អាតលើសលប់ជាងភេទស្ត្រីដ៏ស្អាតបំផុតសព្វថ្ងៃនេះទៅទៀត។ (លោកុប្បត្តិ ២:២១-២៣) ម្យ៉ាងវិញទៀត គូស្វាមីភរិយាដំបូងមានរូបកាយនិងញាណសតិ ដែលបានគូរប្លង់យ៉ាងគ្រប់ល័ក្ខណ៍ ដើម្បីសម្រេចកិច្ចការនៃការធ្វើឲ្យផែនដីនេះទៅជាសួនមនោរម្យ។ ពួកគេក៏បានត្រូវប្រទានឲ្យមានអំណាច ដើម្បីប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះ ដូចបានចែងមកនៅលោកុប្បត្តិ ១:២៨៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ ជាយថាហេតុ សួននេះដែលមានទូទាំងពិភពលោក នឹងបានត្រូវពេញដោយមនុស្សដ៏រីករាយជាច្រើនរយកោដិនាក់ ដែលមានចំណងជាប់ដោយសេចក្ដីស្រឡាញ់ ដែលជា«ចំណងនៃសេចក្ដីគ្រប់ល័ក្ខណ៍»។—កូល៉ុស ៣:១៤
៣. តើតាមរបៀបណា ដែលឪពុកម្ដាយដំបូងរបស់យើង បានក្លាយទៅជាប្រដាប់ដ៏មិនប្រសើរ ហើយតើមានលទ្ធផលយ៉ាងណា?
៣ គួរឲ្យស្ដាយណាស់ ឪពុកម្ដាយដំបូងរបស់យើង បានសម្រេចចិត្តដោយចេតនា ធ្វើការបះបោរប្រឆាំងនឹងអាជ្ញារបស់ព្រះមហាក្សត្រដ៏ជាព្រះអាទិទេព គឺជាងស្មូនដ៏ឧត្តម។ ដំណើររបស់គេបានក្លាយទៅដូចអ្វី ដែលបានរៀបរាប់នៅអេសាយ ២៩:១៥, ១៦៖ «វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ ‹តើមានអ្នកណាបានឃើញ តើមានអ្នកបានស្គាល់យើង›? . . . តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ ‹គេមិនបានបង្កើតអញទេ›! ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ ‹គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ› »! ដំណើរវៀចវេររបស់គេបាននាំឲ្យមានសេចក្ដីមហន្តរាយ គឺជាការជាប់ទោសនៃសេចក្ដីស្លាប់ជាអនន្ត។ ម្យ៉ាងវិញទៀត មនុស្សជាតិទាំងមូលដែលបានកើតពីពួកគេ ក៏មានបាបនិងសេចក្ដីស្លាប់ជាមរតកដែរ។ (រ៉ូម ៥:១២, ១៨) សោភ័ណភាពនៃសេចក្ដីបង្កើតរបស់ជាងស្មូនដ៏ឧត្តម បានទៅជាមានស្នាមដ៏អាក្រក់។
៤. តើយើងអាចបំរើដោយមានគោលបំណងដ៏ប្រសើរណា?
៤ ប៉ុន្តែ ទោះជានៅក្នុងសភាពដ៏ឥតគ្រប់ល័ក្ខណ៍របស់យើងឥឡូវនេះក៏ដោយ ជាកូនចៅរបស់អ័ដាមដ៏មានបាប យើងអាចសរសើរព្រះយេហូវ៉ាតាមពាក្យនៅទំនុកដំកើង ១៣៩:១៤ នេះដែរ ដែលថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។ ប៉ុន្តែ គឺគួរឲ្យស្ដាយមែន ដែលស្នាដៃដើមរបស់ជាងស្មូនដ៏ឧត្តម បានត្រូវមានស្នាមដ៏អាក្រក់នោះ!
ជាងស្មូនពង្រីកកិច្ចការរបស់ទ្រង់
៥. តើការប៉ិនប្រសប់របស់ជាងស្មូននឹងត្រូវអនុវត្តយ៉ាងណា?
៥ គួរឲ្យសប្បាយណាស់ ការប៉ិនប្រសប់របស់ព្រះអាទិទេពរបស់យើងជាជាងស្មូន នឹងត្រូវអនុវត្តឡើងហួសពីការសូនសេចក្ដីបង្កើតមនុស្សដំបូងទៅទៀត។ សាវ័កប៉ុលប្រាប់យើងថា៖ «ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា៖ ‹ហេតុអ្វីបានជាសូនធ្វើអញដូច្នេះ›ឬអី? តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី»?—រ៉ូម ៩:២០, ២១
៦, ៧. (ក) តើតាមរបៀបណាដែលមនុស្សជាច្រើនសព្វថ្ងៃនេះ សម្រេចចិត្តឲ្យបានត្រូវបំពាក់បំប៉នសំរាប់ការមិនប្រសើរនោះ? (ខ) តើតាមរបៀបណាដែលពួកសុចរិតបានត្រូវបំពាក់បំប៉នសំរាប់ការប្រសើរ?
៦ ត្រូវហើយ កិច្ចការខ្លះៗរបស់ជាងស្មូនដ៏ឧត្តម នឹងបានត្រូវសូនសំរាប់ការដ៏ប្រសើរ និងខ្លះទៀតសំរាប់ការមិនប្រសើរ។ អស់អ្នកដែលជ្រើសរើសទៅតាមលោកីយ៍នេះ កាលដែលលោកនេះកាន់តែធ្លាក់ជ្រៅឡើងៗ ចូលទៅក្នុងអន្ទាក់នៃភាពល្មើសនឹងព្រះ បានត្រូវសូនតាមរបៀបដែលនឹងសម្គាល់គេសំរាប់សេចក្ដីហិនវិនាស។ នៅពេលដែលស្តេចដ៏ជាសិរីរុងរឿង ព្រះយេស៊ូគ្រីស្ទយាងមកជំនះជំរះ ប្រដាប់មិនប្រសើរបែបនេះ នឹងរួមបញ្ចូលពួកមនុស្សដ៏រឹងចចេសដូចពពែ ដែលនឹង«ថយទៅមានទោសអស់កល្បជានិច្ច» ដូចបានចែងមកនៅក្នុងម៉ាថាយ ២៥:៤៦។ ប៉ុន្តែ«ពួកសុចរិត» ដែលមានលក្ខណៈដូចចៀម ដែលបានសូន«សំរាប់ការប្រសើរ» នឹងបាន«ជីវិតដ៏នៅអស់កល្បជានិច្ច»ជាមរតក។
៧ ពួកសុចរិតទាំងនេះនឹងបានចុះចូលដោយរាបទាបតាមការបំពាក់បំប៉នរបស់ព្រះ។ គេបានចូលតាមផ្លូវរបស់ព្រះខាងឯជីវិត។ គេបានទទួលយកឱវាទដែលមាននៅធីម៉ូថេទី១ ៦:១៧-១៩ «កុំឲ្យគេ . . . ទុកចិត្តនឹងទ្រព្យសម្បត្ដិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។ ពួកគេបានខំប្រឹង«ធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច»។ ពួកគេបានត្រូវបំពាក់បំប៉នដោយសេចក្ដីពិតរបស់ព្រះ និងអនុវត្តជំនឿដ៏មាំមួនលើសំវិធានការរបស់ព្រះយេហូវ៉ា តាមរយៈព្រះយេស៊ូគ្រីស្ទ ដែល«បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់» ដើម្បីស្ដារឡើងវិញនូវអ្វីដែលបានបាត់បង់ ដោយសារអំពើបាបរបស់អ័ដាម។ (ធីម៉ូថេទី១ ២:៦) ដូច្នេះ យើងត្រូវចុះចូលដោយស្ម័គ្រចិត្តតាមឱវាទរបស់ប៉ុល ឲ្យ«ប្រដាប់ខ្លួន[យើង]ដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក»!—កូល៉ុស ៣:១០
តើអ្នកនឹងបានជាប្រដាប់បែបណា?
៨. (ក) តើអ្វីដែលសម្រេចថាបុគ្គលម្នាក់នឹងជាប្រដាប់បែបណានោះ? (ខ) តើមានកត្ដាពីរយ៉ាងណាដែលធ្វើឲ្យមានរូបរាងតាមការបំពាក់បំប៉នរបស់បុគ្គលម្នាក់?
៨ តើអ្វីដែលនឹងសម្រេចថាបុគ្គលម្នាក់នឹងក្លាយទៅជាប្រដាប់បែបណានោះ? នេះគឺទាក់ទងនឹងអាកប្បកិរិយានិងឫកពារបស់គាត់។ នេះបានត្រូវសូនឡើងជាដំបូង ដោយសេចក្ដីប្រាថ្នានិងការបន្ទន់ទៅតាមនៃចិត្ត។ ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញា មានប្រសាសន៍ថា៖ «ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ»។ (សុភាសិត ១៦:៩) ទីពីរ គេបានត្រូវសូនដោយអ្វីដែលគេបានឮនិងអ្វីដែលគេបានឃើញ ដោយការសេពគប់និងបទពិសោធន៍។ ដូច្នេះ គឺសំខាន់មែនដែលយើងត្រូវធ្វើតាមឱវាទនេះ៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) ដូចជាពេត្រុសទី២ ១:១៦ ព្រមានប្រាប់យើង នោះយើងត្រូវតែជៀសវាងពី«រឿងព្រេងប្រឌិតដោយដំរិះ» ឬក៏យោងទៅតាមសេចក្ដីបកប្រែកាតូលិករ៉ូម៉ាំងរបស់លោកណុក នោះចែងថា៖ «រឿងមិនពិតដែលប្រឌិតឡើងដោយមនុស្ស»។ នេះគឺរួមបញ្ចូលសេចក្ដីបង្រៀននិងពិធីបុណ្យជាច្រើនរបស់ពិភពគ្រីស្ទសាសនា ដែលក្បត់ជំនឿ។
៩. តើដោយដូចម្ដេចដែលយើងអាចយល់ព្រមធ្វើតាមការបំពាក់បំប៉ន ដោយជាងស្មូនដ៏ឧត្តមនោះ?
៩ យោងទៅតាមការតបឆ្លើយរបស់យើង នោះព្រះអាចបំពាក់បំប៉នយើង។ ដោយមានចិត្តរាបទាបពីមុខព្រះយេហូវ៉ា យើងអាចនិយាយម្ដងទៀតតាមសេចក្ដីអធិស្ឋានរបស់ដាវីឌ ដែលថា៖ «ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច»។ (ទំនុកដំកើង ១៣៩:២៣, ២៤) ព្រះយេហូវ៉ាកំពុងតែឲ្យសារព្រះរាជាណាចក្របានផ្សព្វផ្សាយ។ ចិត្តរបស់យើងបានតបឆ្លើយដោយអំណរចំពោះដំណឹងល្អនិងការដឹកនាំនេះពីទ្រង់។ តាមរយៈអង្គការរបស់ទ្រង់ នោះទ្រង់ប្រទានឲ្យយើងនូវឯកសិទ្ធិផ្សេងៗគ្នា ដែលទាក់ទងនឹងការផ្សព្វផ្សាយដំណឹងល្អ។ ចូរឲ្យយើងទទួលយកឯកសិទ្ធិទាំងនេះ ហើយចាត់ទុកជាអ្វីដ៏សំខាន់បំផុត។—ភីលីព ១:៩-១១
១០. តើតាមរបៀបណាដែលយើងត្រូវខំប្រឹងធ្វើតាមកម្មវិធីខាងវិញ្ញាណ ?
១០ គឺជាការសំខាន់ណាស់ ដែលយើងយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះ ដោយធ្វើតាមកម្មវិធីអានព្រះគម្ពីរប្រចាំថ្ងៃ ហើយដោយធ្វើឲ្យបទគម្ពីរនិងកិច្ចបំរើរបស់ព្រះយេហូវ៉ា ជាមូលដ្ឋានសំរាប់ការពិគ្រោះក្នុងគ្រួសារនិងក្នុងចំណោមមិត្តរបស់យើង។ កម្មវិធីថ្វាយបង្គំរៀងរាល់ព្រឹក ដែលបានដឹកនាំនៅឯតុអាហារពេលព្រឹក ដោយក្រុមគ្រួសារបេតអែលនិងពួកសាសនទូតនៃស្មរបន្ទាល់ព្រះយេហូវ៉ា ធម្មតារួមបញ្ចូលការអានព្រះគម្ពីរជាមួយនឹងសៀវភៅប្រចាំឆ្នាំ។ តើក្រុមគ្រួសាររបស់អ្នក អាចរៀបឲ្យមានកម្មវិធីស្រដៀងនេះដែរបានទេ? យើងគ្រប់គ្នាទទួលបានផលប្រយោជន៍ច្រើនមែន តាមរយៈការចូលរួមក្នុងកិច្ចប្រជុំគ្រីស្ទាន ការមកជួបជុំគ្នា និងជាពិសេសការចូលរួមការសិក្សាទស្សនាវដ្ដីប៉មយាម!
បានបំពាក់បំប៉នដើម្បីប្រឈមដោះស្រាយនឹងការល្បងល
១១, ១២. (ក) តើតាមរបៀបណាដែលយើងអាចអនុវត្តតាមឱវាទរបស់យ៉ាកុប ដែលស្តីអំពីសេចក្ដីទុក្ខលំបាកក្នុងជីវិតរបស់យើងរៀងរាល់ថ្ងៃនោះ? (ខ) តើតាមរបៀបណាដែលបទពិសោធន៍របស់យ៉ូប លើកទឹកចិត្តយើងឲ្យរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នោះ?
១១ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ព្រះអនុញ្ញាតឲ្យមានស្ថានការណ៍ខ្លះកើតមានឡើង ហើយស្ថានការណ៍ខ្លះអាចជាការពិបាកចំពោះយើង។ តើយើងគួរមានទស្សនៈយ៉ាងណា ចំពោះស្ថានការណ៍បែបនេះ? ដូចយ៉ាកុប ៤:៨ ឲ្យឱវាទយើង នោះកុំឲ្យយើងទៅជាមានចិត្តជូរចត់ ប៉ុន្តែឲ្យយើងចូលទៅជិតព្រះ ដោយទុកចិត្តលើទ្រង់អស់ពីចិត្តរបស់យើង ដោយប្រាកដក្នុងចិត្តថា កាលដែលយើង‹ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតយើង›។ ពិតហើយ យើងនឹងត្រូវស៊ូទ្រាំនឹងសេចក្ដីពិបាកនិងការល្បងល ប៉ុន្តែនេះគឺអនុញ្ញាតឲ្យមាន ដើម្បីនឹងបំពាក់បំប៉នយើង ដោយមានលទ្ធផលដ៏សប្បាយ។ យ៉ាកុប ១:២, ៣ ធានារ៉ាប់រងយើងថា៖ «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន»។
១២ យ៉ាកុបក៏មានប្រសាសន៍ទៀតថា៖ «កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ»។ (យ៉ាកុប ១:១៣, ១៤) យើងប្រហែលជាមានសេចក្ដីទុក្ខលំបាកច្រើន ហើយផ្សេងៗពីគ្នា ប៉ុន្តែដូចក្នុងករណីរបស់យ៉ូប នោះរឿងទាំងនេះមានមុខនាទីក្នុងការបំពាក់បំប៉នយើង។ ដូច្នេះ យើងមានការធានារ៉ាប់រងដ៏ល្អ ដែលបទគម្ពីរជូនឲ្យយើងនៅយ៉ាកុប ៥:១១ ដែលថា៖ «មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ ជាប្រដាប់នៅក្នុងព្រះហស្តរបស់ជាងស្មូនដ៏ឧត្តម សូមឲ្យយើងមានចិត្តស្មោះគ្រប់ល័ក្ខណ៍ជានិច្ច ដោយមានការទុកចិត្តដូចយ៉ូបចំពោះលទ្ធផល!—យ៉ូប ២:៣, ៩, ១០; ២៧:៥; ៣១:១-៦; ៤២:១២-១៥
ការបំពាក់បំប៉នកូនក្មេងរបស់យើង
១៣, ១៤. (ក) តើនៅពេលណា ដែលឪពុកម្ដាយគួរចាប់ផ្ដើមបំពាក់បំប៉នកូនក្មេងរបស់គេ ហើយតើដោយគិតដល់លទ្ធផលយ៉ាងណា? (ខ) តើមានលទ្ធផលដ៏ល្អណាខ្លះដែលអ្នកអាចរៀបរាប់អំពីនោះ?
១៣ ឪពុកម្ដាយអាចចូលរួមក្នុងការបំពាក់បំប៉នកូនរបស់គេតាំងពីក្មេង ហើយពួកយុវជននឹងបានទៅជាមនុស្សដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍មែន! (ធីម៉ូថេទី២ ៣:១៤, ១៥) នេះបានទៅជាពិតមែន ទោះជាមានការល្បងលយ៉ាងខ្លាំងក៏ដោយ។ ប៉ុន្មានឆ្នាំមុននេះ នៅពេលមានការបៀតបៀនយ៉ាងខ្លាំងនៅក្នុងស្រុកមួយនៅទ្វីបអាហ្វ្រិក គ្រួសារដែលអាចទុកចិត្តបាន បានមើលថែរក្សាការបោះពុម្ពទស្សនាវដ្ដីប៉មយាមដោយសម្ងាត់នៅក្នុងរោងខាងក្រោយផ្ទះ។ នៅថ្ងៃមួយ ពួកទាហានបានដើរតាមផ្លូវ ដោយស្វែងរកពីផ្ទះមួយទៅផ្ទះមួយ នូវយុវបុរសឲ្យចូលធ្វើទាហាន។ យុវបុរសពីរនាក់ក្នុងគ្រួសារនេះនៅមានពេលនឹងពួន ប៉ុន្តែលទ្ធផលនៃការស្វែងរកដោយពួកទាហាន នឹងរកឃើញម៉ាស៊ីនបោះពុម្ពជាមិនខាន។ នេះអាចនាំឲ្យមានការធ្វើទារុណកម្ម ឬក៏ប្រហែលនឹងសម្លាប់សមាជិកទាំងអស់ក្នុងគ្រួសារនេះផង។ តើនឹងអាចធ្វើយ៉ាងណាទៅ? យុវបុរសពីរនាក់នេះបាននិយាយ ដោយរៀបរាប់យ៉ាងក្លាហានពាក្យនៅយ៉ូហាន ១៥:១៣ ដែលថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ គេបានសម្រេចចិត្តរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ពួកទាហាននឹងរកឃើញគេ និងប្រាកដជាធ្វើទារុណកម្មលើគេ ឬក៏ព្រមទាំងសម្លាប់គេផង ពេលដែលពួកគេបដិសេធមិនចូលធ្វើទាហាននោះ។ ប៉ុន្តែ ពួកទាហាននឹងមិនស្វែងរកថែមទៀតនោះទេ។ ម៉ាស៊ីនបោះពុម្ពនិងសមាជិកឯទៀតក្នុងគ្រួសារនឹងបានរួចរស់ជីវិត។ ប៉ុន្តែ គឺមានលទ្ធផលដ៏អស្ចារ្យមែន។ តាមការពិត ពួកទាហានបានរំលងផ្ទះមួយនេះ ហើយបានទៅផ្ទះផ្សេងៗទៀតវិញ! ពួកមនុស្សទាំងនេះដែលបានបំពាក់បំប៉នសំរាប់ការប្រសើរ បានរួចរស់ជីវិត ហើយក៏នៅមានម៉ាស៊ីនបោះពុម្ព ដើម្បីបន្តបោះពុម្ពអាហារខាងវិញ្ញាណដែលចំពេល។ យុវបុរសម្នាក់ក្នុងចំណោមពីរនាក់នេះ និងបងស្រីរបស់គាត់ឥឡូវនេះកំពុងតែបំរើនៅបេតអែល។ បុរសនេះនៅតែប្រើម៉ាស៊ីនចាស់នោះនៅឡើយ។
១៤ ពួកស្មរបន្ទាល់ដែលមានអាយុក្មេងៗ ក៏អាចបានត្រូវបង្រៀនឲ្យចេះអធិស្ឋានដែរ។ ប្រាកដហើយ ព្រះរបស់យើងក៏តបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់គេ។ ឧទាហរណ៍ដ៏អស្ចារ្យអំពីរឿងនេះបានកើតឡើង ក្នុងកំឡុងពេលនៃការប្រល័យពូជសាសន៍នៅក្នុងប្រទេសរ្វ៉ាន់ដា។ នៅពេលដែលក្មេងម្នាក់អាយុប្រាំមួយឆ្នាំ និងឪពុកម្ដាយរបស់នាងបានត្រូវពួកបះបោរបម្រុងនឹងប្រហារជីវិតដោយគ្រាប់បែក នោះកូនស្រីនេះបានអធិស្ឋានយ៉ាងខ្លាំងនិងដោយខ្នះខ្នែង ឲ្យគេបានរួចរស់ជីវិតដើម្បីបំរើព្រះយេហូវ៉ាឲ្យបានច្រើនថែមទៀត។ ពួកឃាតករដែលបម្រុងនឹងធ្វើនេះបានមានសមានចិត្ត ឲ្យគេរស់រានមានជីវិត ដោយនិយាយថា «យើងមិនអាចសម្លាប់អ្នកទេ ដោយសារក្មេងស្រីតូចនេះ»។—ពេត្រុសទី១ ៣:១២
១៥. តើប៉ុលបានព្រមានអំពីឥទ្ធិពលដ៏ពុករលួយណាខ្លះ?
១៥ យុវជនភាគច្រើនរបស់យើង មិនត្រូវប្រឈមដោះស្រាយនឹងស្ថានការណ៍ដ៏ពិបាក ដូចស្ថានការណ៍ដែលបានរៀបរាប់នៅខាងលើនេះទេ ប៉ុន្តែក៏មានសេចក្ដីល្បួងជាច្រើន ដែលគេប្រឈមមុខនៅឯសាលារៀន និងនៅក្នុងសង្គមដ៏ពុករលួយសព្វថ្ងៃនេះ ដូចជា៖ ពាក្យអាក្រក់ រូបអាសអាភាស គ្រឿងកំសាន្តដ៏ថោកទាប និងការបង្ខំពីពួកម៉ាកឲ្យចូលប្រព្រឹត្តអំពើខុសឆ្គង ដែលមានពាសពេញនៅក្នុងកន្លែងជាច្រើន។ ម្ដងហើយម្ដងទៀត សាវ័កប៉ុលបានព្រមានប្រាប់អំពីឥទ្ធិពលទាំងនេះ។—កូរិនថូសទី១ ៥:៦; ១៥:៣៣, ៣៤; អេភេសូរ ៥:៣-៧
១៦. តើតាមរបៀបណា ដែលបុគ្គលម្នាក់អាចក្លាយទៅជាប្រដាប់សំរាប់ការប្រសើរនោះ?
១៦ ក្រោយពីបាននិយាយអំពីគ្រឿងប្រដាប់ដែលបានទុក«សំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱន» នោះប៉ុលមានប្រសាសន៍ថា៖ «ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក»។ ដូច្នេះចូរឲ្យយើងលើកទឹកចិត្តយុវជនរបស់យើង ឲ្យប្រយ័ត្នប្រយែងនឹងការសេពគប់របស់គេ។ ចូរឲ្យគេ«រត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ»។ (ធីម៉ូថេទី២ ២:២០-២២) កម្មវិធីសំរាប់«ស្អាងចិត្តគ្នា ទៅវិញទៅមក»នៅក្នុងគ្រួសារ អាចទៅជាមានតម្លៃណាស់ ក្នុងការបំពាក់បំប៉នកូនរបស់យើង។ (ថែស្សាឡូនីចទី១ ៥:១១; សុភាសិត ២២:៦) ការអាននិងការសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ ដោយប្រើប្រកាសនវត្ថុរបស់សមាគម ក៏អាចទៅជាជំនួយដ៏ល្អដែរ។
ការបំពាក់បំប៉នមនុស្សគ្រប់គ្នា
១៧. តើការទូន្មាននឹងបំពាក់បំប៉នយើងយ៉ាងដូចម្ដេច និងមានលទ្ធផលដ៏សប្បាយរីករាយអ្វី?
១៧ ដើម្បីនឹងបំពាក់បំប៉នយើងរាល់គ្នា នោះព្រះយេហូវ៉ាប្រទានឲ្យឱវាទពីបន្ទូលរបស់ទ្រង់ និងតាមរយៈអង្គការរបស់ទ្រង់។ សូមកុំតទល់នឹងឱវាទរបស់ព្រះឡើយ! សូមធ្វើតាមដោយប្រាជ្ញាចុះ និងឲ្យឱវាទនេះបំពាក់បំប៉នអ្នកសំរាប់ការប្រសើរដោយព្រះយេហូវ៉ា។ សុភាសិត ៣:១១, ១២ ឲ្យឱវាទថា៖ «កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោសរបស់ទ្រង់ដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ»។ ឱវាទថែមទៀតដែលមកពីឪពុក គឺបានត្រូវផ្ដល់មកនៅក្នុងហេព្រើរ ១២:៦-១១ ដែលថា៖ «ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ . . . កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ»។ ខ្សែរយៈដ៏សំខាន់សំរាប់ការប្រដៅទូន្មានដូចនេះ គឺត្រូវមានមកពីបន្ទូលរបស់ព្រះដែលបានត្រូវបណ្ដាលឲ្យតែងមក។—ធីម៉ូថេទី២ ៣:១៦, ១៧
១៨. ស្តីអំពីការប្រែចិត្ត តើយើងរៀនអ្វីពីលូកាជំពូក ១៥?
១៨ ព្រះយេហូវ៉ាក៏មានព្រះហឫទ័យមេត្ដាករុណាដែរ។ (និក្ខមនំ ៣៤:៦) ទោះជាបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់បំផុត តែនៅពេលមានការប្រែចិត្តស្មោះ នោះទ្រង់ក៏អត់ឱនទោសឲ្យដែរ។ សូម្បីតែ‹ពួកកូនបង្ហិនទ្រព្យ›នៅសម័យនេះ ក៏អាចបានត្រូវបំពាក់បំប៉នឲ្យបានទៅជាប្រដាប់សំរាប់ការប្រសើរដែរ។ (លូកា ១៥:២២-២៤, ៣២) អំពើបាបរបស់យើងប្រហែលជាមិនធ្ងន់ដូចអំពើបាបរបស់កូនបង្ហិនទ្រព្យនោះទេ។ ប៉ុន្តែ ការតបឆ្លើយដ៏រាបទាបរបស់យើងចំពោះឱវាទពីបទគម្ពីរ នឹងតែងតែនាំឲ្យយើងបានត្រូវបំពាក់បំប៉ន ឲ្យបានក្លាយទៅជាប្រដាប់សំរាប់ការប្រសើរ។
១៩. តើតាមរបៀបណាដែលយើងអាចបន្តបំរើជាប្រដាប់ដ៏ប្រសើរ ក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា?
១៩ នៅពេលដែលយើងបានរៀនសេចក្ដីពិតដំបូង នោះយើងបានបង្ហាញនូវចិត្តស្ម័គ្រស្មោះឲ្យព្រះយេហូវ៉ាបំពាក់បំប៉នយើង។ យើងបានឈប់ប្រព្រឹត្តតាមផ្លូវខាងលោកីយ៍ បានចាប់ផ្ដើមបំពាក់បុគ្គលិកលក្ខណៈថ្មី ហើយបានថ្វាយខ្លួនទៅព្រះ និងបានជាគ្រីស្ទានដែលបានទទួលបុណ្យជ្រមុជទឹក។ យើងបានគោរពតាមឱវាទដែលចែងមកនៅអេភេសូរ ៤:២០-២៤ ដោយ‹ដោះចោលបុគ្គលិកលក្ខណៈចាស់ ដែលធ្វើតាមកិរិយាប្រព្រឹត្តកាលពីដើម និងខូចទៅតាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោក និងពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានបង្កើតស្របតាមបំណងព្រះហឫទ័យរបស់ព្រះ ក្នុងសេចក្ដីសុចរិតនិងសេចក្ដីស្មោះត្រង់›។ សូមឲ្យយើងម្នាក់ៗបន្តឲ្យស្រួលបញ្ចុះបញ្ចូល ក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ដែលជាជាងស្មូនដ៏ឧត្តម ដោយបំរើទ្រង់ជាប្រដាប់សំរាប់ការប្រសើររបស់ទ្រង់!
ការពិនិត្យមើលឡើងវិញ
◻ តើអ្វីជាគោលបំណងរបស់ជាងស្មូនដ៏ឧត្តមចំពោះផែនដីយើងនេះ?
◻ តើតាមរបៀបណាដែលអ្នកអាចបានបំពាក់បំប៉នសំរាប់ការប្រសើរ?
◻ តើតាមរបៀបណាដែលកូនរបស់យើងបានត្រូវបំពាក់បំប៉ននោះ?
◻ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការប្រដៅទូន្មាន?
[រូបភាពនៅទំព័រ១៤]
យុវជនអាចបានបំពាក់បំប៉នតាំងពីទារកភាព
[រូបភាពនៅទំព័រ១៥]
តើអ្នកនឹងបានត្រូវបំពាក់បំប៉នសំរាប់ការប្រសើរឬនឹងត្រូវបោះបង់ចោល?