កម្មវិធីថ្មីនៃថ្ងៃសន្និបាតពិសេស
ចំណងជើងនៃកម្មវិធីថ្ងៃសន្និបាតពិសេសសម្រាប់ឆ្នាំកិច្ចបម្រើ២០០៨គឺ «យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយ[ព្រះយេហូវ៉ា]ជាជាងស្មូន» ដែលមានមូលដ្ឋានលើបទគម្ពីរអេសាយ ៦៤:៨។ ការដាស់តឿនពីបទគម្ពីរតាមរយៈកម្មវិធីនេះ នឹងបង្កើនការសរសើរនិងការយល់ដឹងរបស់យើង ចំពោះប្រាជ្ញា យុត្ដិធម៌ តេជានុភាព និងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាជាជាងស្មូនដ៏ឧត្តម។
សុន្ទរកថានៃអ្នកត្រួតពិនិត្យមណ្ឌលដែលមានចំណងជើងថា «ចូរធ្វើជាភាជនៈដ៏ប្រសើរក្នុងកិច្ចបម្រើផ្សាយ» នឹងបង្ហាញរបៀបដែលមនុស្សកាន់តែច្រើនឡើង កំពុងតែទទួលពរជាបរិបូរក្នុងការស្គាល់សេចក្ដីពិត ហើយពាំនាំសេចក្ដីពិតនោះដល់អ្នកឯទៀត។ សុន្ទរកថា«ការរំពឹងគិតនឹងជួយការពារអ្នក» នឹងបញ្ជាក់ពីរបៀបដែលការរំពឹងគិតយ៉ាងហ្មត់ចត់អំពីគោលការណ៍ដ៏សុចរិតរបស់ព្រះយេហូវ៉ាអាចការពារយើង។ អ្នកថ្លែងដែលជាភ្ញៀវនឹងថ្លែងសុន្ទរកថាដែលមានចំណងជើងថា «កុំឲ្យត្រាប់តាមសម័យនេះឡើយ» និង«ចូរអនុញ្ញាតឲ្យជាងស្មូនដ៏ឧត្តមកែលម្អអ្នក»។ មាតាបិតានិងយុវវ័យទាំងឡាយនឹងទទួលការលើកទឹកចិត្តពីសុន្ទរកថា «យុវវ័យដែលមានប្រយោជន៍ចំពោះព្រះយេហូវ៉ា» ហើយ«តួនាទីដ៏សំខាន់របស់មាតាបិតាក្នុងការបង្ហាត់បង្រៀនកូន»។ តាមរយៈការសម្ដែងនិងបទសម្ភាសន៍ យើងនឹងមានចិត្តរំភើបដោយឮហើយឃើញអ្វីដែលបងប្អូនគ្រិស្តសាសនិករបស់យើងកំពុងតែបំពេញតាមក្នុងកិច្ចបម្រើផ្សាយ។ អស់អ្នកដែលមានចិត្តចង់បង្ហាញការឧទ្ទិសថ្វាយខ្លួនដល់ព្រះដោយការជ្រមុជទឹក គួរជម្រាបប្រធានត្រួតពិនិត្យជាប្រញាប់។ សូមកុំភ្លេចយកទស្សនាវដ្ដីប៉មយាមដែលយើងនឹងសិក្សាសម្រាប់សប្ដាហ៍នោះ។
អ្វីៗទាំងអស់ដែលជាងស្មូនដ៏ឧត្តមចង់ធ្វើ ទ្រង់នឹងបំពេញបាន។ ប៉ុន្តែរបៀបដែលយើងម្នាក់ៗនឹងតបឆ្លើយចំពោះការសូនពីព្រះ គឺអាស្រ័យទៅលើយើង។ អស់អ្នកដែលចុះចូលដោយប្រាជ្ញាក្រោមខ្នាតតម្រា និងការកែលម្អរបស់ព្រះយេហូវ៉ា គឺប្រៀបដូចជាដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន ដែលអាចបង្កើត ហើយធ្វើឲ្យប្រសើរឡើង និងកែប្រែដីឥដ្ឋនោះឲ្យទៅជាភាជនៈដ៏ល្អ។ កាលណាយើងសហការគ្នាជាមួយនឹងព្រះយេហូវ៉ា យើងលើកតម្កើងសិទ្ធិគ្រប់គ្រងពេញច្បាប់របស់ទ្រង់ ព្រមទាំងទទួលប្រយោជន៍ជាច្រើនដែរ។