«ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»
«ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»។—ទំនុកតម្កើង ៣៧:៣
១. តើព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានសមត្ថភាពពិសេសអ្វីខ្លះ?
ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានសមត្ថភាពពិសេស។ លោកបានឲ្យយើងមានសមត្ថភាពគិតគូរដែលជួយយើងឲ្យដោះស្រាយបញ្ហានិងរៀបចំគម្រោងសម្រាប់ពេលអនាគត។ (សុភាសិត ២:១១) លោកបានឲ្យសមត្ថភាពដល់យើងដើម្បីជួយយើងធ្វើអ្វីដែលយើងបានគ្រោងទុក ហើយសម្រេចគោលដៅរបស់យើង។ (ភីលីព ២:១៣) លោកក៏បានឲ្យយើងនូវសមត្ថភាពវិនិច្ឆ័យ ពោលគឺសមត្ថភាពដើម្បីដឹងអ្វីដែលខុសនិងអ្វីដែលត្រូវ។ សមត្ថភាពវិនិច្ឆ័យរបស់យើងជួយយើងឲ្យជៀសវាងពីការធ្វើខុស ហើយកែប្រែកំហុសរបស់យើង។—រ៉ូម ២:១៥
២. តើព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើសមត្ថភាពផ្សេងៗរបស់យើងយ៉ាងដូចម្ដេច?
២ ព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើសមត្ថភាពផ្សេងៗរបស់យើងតាមរបៀបដ៏ល្អ។ ហេតុអ្វី? ពីព្រោះលោកស្រឡាញ់យើង ហើយដឹងថាយើងនឹងសប្បាយចិត្តពេលយើងប្រើអំណោយដែលលោកបានផ្ដល់ឲ្យយើង។ ជាឧទាហរណ៍ បទគម្ពីរភាសាហេប្រឺចែងថា៖ «គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង» ហើយ«ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ»។ (សុភាសិត ២១:៥; សាស្ដា ៩:១០) បទគម្ពីរភាសាក្រិចចែងថា៖ «ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់» ហើយ«ចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល»។ (កាឡាទី ៦:១០; ពេត្រុសទី១ ៤:១០) យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជាប្រយោជន៍ដល់យើងនិងអ្នកឯទៀត។
៣. តើសមត្ថភាពរបស់មនុស្សមានកម្រិតណា?
៣ ព្រះយេហូវ៉ាចង់ឲ្យយើងប្រើសមត្ថភាពផ្សេងៗរបស់យើង ប៉ុន្តែលោកដឹងថាសមត្ថភាពរបស់យើងមានកម្រិត។ ជាឧទាហរណ៍ យើងមិនអាចបំបាត់ភាពមិនល្អឥតខ្ចោះ អំពើខុសឆ្គង និងសេចក្ដីស្លាប់បានទេ។ (ពង្សាវតារក្សត្រទី១ ៨:៤៦) ម្យ៉ាងទៀត យើងមិនអាចគ្រប់គ្រងលើមនុស្សឯទៀត ដោយសារមនុស្សទាំងអស់មានសិទ្ធិធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត ទោះជាយើងមានចំណេះឬបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយ យើងមិនអាចមានស្មើនឹងព្រះយេហូវ៉ាឡើយ។—អេសាយ ៥៥:៩
ពេលដែលអ្នកមានបញ្ហា «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ យើងគួរឲ្យព្រះយេហូវ៉ាណែនាំយើងជានិច្ចដោយទុកចិត្តថាលោកនឹងគាំទ្រយើង ហើយធ្វើសម្រាប់យើងនូវអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនបាន។ ប៉ុន្តែ ព្រះយេហូវ៉ាក៏ចង់ឲ្យយើងគិតអំពីអ្វីដែលយើងអាចធ្វើដើម្បីដោះស្រាយបញ្ហានិងជួយអ្នកឯទៀត។ (សូមអាន ទំនុកតម្កើង ៣៧:៣) យើងត្រូវ«ទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អ»។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមយើងពិចារណាគំរូរបស់ណូអេ ដាវីឌ និងអ្នកបម្រើស្មោះត្រង់ឯទៀតរបស់ព្រះដែលបានពឹងផ្អែកលើព្រះយេហូវ៉ា។ យើងនឹងឃើញថាមានអ្វីខ្លះដែលពួកគាត់មិនអាចធ្វើ ប៉ុន្តែពួកគាត់បានសម្រេចចិត្តផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគាត់អាចធ្វើ។
ពេលអំពើទុច្ចរិតនៅជុំវិញយើង
៥. សូមរៀបរាប់អំពីស្ថានភាពរបស់ណូអេ។
៥ ណូអេបានរស់នៅក្នុងពិភពលោកដែល«មានពេញជាសេចក្ដីកាចសហ័ស»និងអំពើប្រាសចាកសីលធម៌។ (លោកុប្បត្តិ ៦:៤, ៩-១៣) ទោះជាណូអេដឹងថានៅទីបំផុតព្រះយេហូវ៉ានឹងបំផ្លាញពិភពលោកដ៏អាក្រក់នោះក៏ដោយ គាត់ច្បាស់ជាពិបាកចិត្តអំពីការប្រព្រឹត្តរបស់មនុស្ស។ ក្នុងស្ថានភាពនោះ ណូអេបានទទួលស្គាល់ថាមានអ្វីខ្លះដែលគាត់មិនអាចធ្វើ ប៉ុន្តែគាត់ក៏ទទួលស្គាល់ដែរថាមានអ្វីខ្លះដែលគាត់អាចធ្វើបាន។
ការប្រឆាំងចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង (សូមមើលវគ្គ៦-៩)
៦, ៧. (ក) តើណូអេមិនអាចធ្វើអ្វីខ្លះ? (ខ) តើស្ថានភាពរបស់យើងស្រដៀងនឹងស្ថានភាពរបស់ណូអេយ៉ាងដូចម្ដេច?
៦ អ្វីដែលណូអេមិនអាចធ្វើ។ ណូអេបានផ្សព្វផ្សាយយ៉ាងស្មោះត្រង់អំពីការព្រមានរបស់ព្រះយេហូវ៉ា ប៉ុន្តែគាត់មិនអាចបង្ខំមនុស្សឲ្យទទួលយកដំណឹងនោះបានទេ។ ម្យ៉ាងទៀត គាត់មិនអាចធ្វើឲ្យទឹកជំនន់មកលឿនជាងបានឡើយ។ ណូអេត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោកដែលថាលោកនឹងបំបាត់ចោលអំពើទុច្ចរិត ហើយជឿថាព្រះនឹងធ្វើដូច្នេះនៅពេលត្រឹមត្រូវ។—លោកុប្បត្តិ ៦:១៧
៧ យើងក៏រស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយអំពើទុច្ចរិត ហើយយើងដឹងថាព្រះយេហូវ៉ាបានសន្យាថាលោកនឹងបំផ្លាញពិភពលោកនេះ។ (យ៉ូហានទី១ ២:១៧) ទម្រាំដល់ពេលនោះ យើងមិនអាចបង្ខំមនុស្សឲ្យទទួលយក‹ដំណឹងល្អអំពីរាជាណាចក្រ›ឡើយ។ ម្យ៉ាងទៀត យើងមិនអាចធ្វើឲ្យគ្រា«ទុក្ខវេទនាជាខ្លាំង»ចាប់ផ្ដើមលឿនជាងបានទេ។ (ម៉ាថាយ ២៤:១៤, ២១) ដូចណូអេ យើងត្រូវមានជំនឿមាំមួនដោយទុកចិត្តថាមិនយូរទៀតព្រះនឹងបំបាត់អំពើទុច្ចរិតទាំងអស់។ (ទំនុកតម្កើង ៣៧:១០, ១១) យើងជឿជាក់ថាព្រះយេហូវ៉ានឹងមិនទុកពិភពលោកដ៏អាក្រក់នេះឲ្យបន្តយូរជាងពេលកំណត់របស់លោក សូម្បីតែមួយថ្ងៃក៏ដោយ។—ហាបាគុក ២:៣
ដូចណូអេ យើងត្រូវមានជំនឿមាំមួនដោយទុកចិត្តថាមិនយូរទៀត ព្រះនឹងបំបាត់អំពើទុច្ចរិតទាំងអស់
៨. តើណូអេបានផ្ដោតអារម្មណ៍ទៅលើអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៨ អ្វីដែលណូអេអាចធ្វើ។ ជាជាងឈប់ព្យាយាមដោយសារអ្វីដែលគាត់មិនអាចធ្វើ ណូអេបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់អាចធ្វើ។ ណូអេបានផ្សព្វផ្សាយយ៉ាងស្មោះត្រង់អំពីការព្រមានរបស់ព្រះយេហូវ៉ា។ (ពេត្រុសទី២ ២:៥) កិច្ចការនោះច្បាស់ជាបានជួយគាត់ឲ្យរក្សាជំនឿមាំមួន។ ក្រៅពីការផ្សព្វផ្សាយ គាត់បានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដើម្បីសង់ទូក។—សូមអាន ហេប្រឺ ១១:៧
៩. តើយើងអាចធ្វើតាមគំរូរបស់ណូអេយ៉ាងដូចម្ដេច?
៩ ដូចណូអេ យើង‹ជាប់រវល់ក្នុងកិច្ចការរបស់លោកម្ចាស់›។ (កូរិនថូសទី១ ១៥:៥៨) ជាឧទាហរណ៍ យើងប្រហែលជាជួយសាងសង់និងថែទាំសាលប្រជុំនិងសាលសន្និបាតរបស់យើង ស្ម័គ្រចិត្តជួយនៅសន្និបាតនិងមហាសន្និបាត ឬក៏ធ្វើការនៅការិយាល័យសាខាឬការិយាល័យបកប្រែ។ សំខាន់បំផុត យើងជាប់រវល់ក្នុងកិច្ចបម្រើផ្សាយដែលធ្វើឲ្យសេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគតកាន់តែមាំមួន។ បងស្រីដ៏ស្មោះត្រង់ម្នាក់បាននិយាយថាពេលគាត់និយាយជាមួយនឹងមនុស្សឯទៀតអំពីពរដែលមកពីរាជាណាចក្ររបស់ព្រះ គាត់ឃើញថាមនុស្សគ្មានសេចក្ដីសង្ឃឹមសោះ ហើយពួកគេគិតថាបញ្ហារបស់ពួកគេនឹងមានជារៀងរហូត។ ពិតមែន យើងមានសេចក្ដីសង្ឃឹម ហើយពេលដែលយើងប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមនេះ សេចក្ដីសង្ឃឹមរបស់យើងកាន់តែមាំមួន។ សេចក្ដីសង្ឃឹមនេះជួយយើងឲ្យបន្តនៅក្នុងការរត់ប្រណាំងដើម្បីបានជីវិត!—កូរិនថូសទី១ ៩:២៤
ពេលយើងប្រព្រឹត្តអំពើខុសឆ្គង
១០. សូមរៀបរាប់អំពីស្ថានភាពរបស់ដាវីឌ។
១០ ស្តេចដាវីឌគឺជាបុរសស្មោះត្រង់ ហើយព្រះយេហូវ៉ាស្រឡាញ់គាត់យ៉ាងខ្លាំង។ (សកម្មភាព ១៣:២២) ទោះជាយ៉ាងនោះក៏ដោយ ដាវីឌបានរួមដំណេកជាមួយនឹងបាតសេបា។ នេះគឺជាអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរ។ អាក្រក់ជាងនេះទៅទៀត គាត់ព្យាយាមលាក់អំពើខុសឆ្គងរបស់ខ្លួនដោយរៀបគម្រោងឲ្យអ៊ូរីដែលជាប្ដីរបស់បាតសេបាត្រូវស្លាប់ក្នុងការប្រយុទ្ធ។ ដាវីឌថែមទាំងបានចាត់អ៊ូរីឲ្យយកសំបុត្រដែលមានការណែនាំដើម្បីធ្វើឲ្យអ៊ូរីស្លាប់! (សាំយូអែលទី២ ១១:១-២១) នៅទីបំផុត អំពើខុសឆ្គងរបស់ដាវីឌបានត្រូវលាតត្រដាង។ (ម៉ាកុស ៤:២២) តើដាវីឌបានប្រព្រឹត្តយ៉ាងណាពេលនោះបានកើតឡើង?
អំពើខុសឆ្គងនៅអតីតកាល (សូមមើលវគ្គ១១-១៤)
១១, ១២. (ក) តើដាវីឌមិនអាចធ្វើអ្វីក្រោយពីគាត់បានធ្វើខុស? (ខ) បើយើងប្រែចិត្ត តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះយើង?
១១ អ្វីដែលដាវីឌមិនអាចធ្វើ។ ដាវីឌមិនអាចត្រឡប់ក្រោយចំពោះអ្វីដែលគាត់បានធ្វើខុសនោះទេ។ តាមពិត គាត់បានទទួលផលវិបាកខ្លះពីអំពើខុសឆ្គងរបស់គាត់អស់មួយជីវិត។ (សាំយូអែលទី២ ១២:១០-១២, ១៤) ដូច្នេះគាត់ត្រូវការជំនឿ។ គាត់ត្រូវមានទំនុកចិត្តថាពេលគាត់បានប្រែចិត្តយ៉ាងស្មោះ នោះព្រះយេហូវ៉ានឹងអភ័យទោសឲ្យគាត់ ហើយជួយគាត់ឲ្យស៊ូទ្រាំនឹងផលវិបាកដែលមកពីការប្រព្រឹត្តរបស់គាត់។
១២ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះយើងទាំងអស់គ្នាធ្វើខុស។ ប៉ុន្តែ កំហុសខ្លះគឺធ្ងន់ធ្ងរជាងកំហុសឯទៀត ហើយក្នុងករណីខ្លះយើងប្រហែលជាមិនអាចត្រឡប់ក្រោយចំពោះកំហុសរបស់យើងបានទេ។ យើងក៏ប្រហែលជានឹងត្រូវរងផលវិបាកដែលមកពីការប្រព្រឹត្តរបស់យើងដែរ។ (កាឡាទី ៦:៧) ប៉ុន្តែ យើងមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះដែលថាបើយើងប្រែចិត្ត លោកនឹងគាំទ្រយើងក្នុងគ្រាដ៏ពិបាក សូម្បីតែនៅពេលដែលការពិបាកទាំងនោះមកពីកំហុសរបស់យើងក្ដី។—សូមអាន អេសាយ ១:១៨, ១៩; សកម្មភាព ៣:១៩
១៣. តើដាវីឌបានផ្សះផ្សាចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៣ អ្វីដែលដាវីឌអាចធ្វើ។ ដាវីឌចង់ផ្សះផ្សាចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ តើគាត់បានធ្វើដូច្នេះយ៉ាងដូចម្ដេច? ដាវីឌបានឲ្យព្រះយេហូវ៉ាជួយគាត់។ ជាឧទាហរណ៍ គាត់បានទទួលយកការកែតម្រង់ពីណាថាន់ដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ (សាំយូអែលទី២ ១២:១៣) ដាវីឌក៏បានអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីសារភាពកំហុសរបស់គាត់។ នេះបង្ហាញថាគាត់ពិតជាចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ាម្ដងទៀត។ (ទំនុកតម្កើង ៥១:១-១៧) ជាជាងបន្ទោសខ្លួនរហូតដល់អស់សង្ឃឹម ដាវីឌបានរៀនពីកំហុសរបស់គាត់។ គាត់មិនដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាំងនោះម្ដងទៀតទេ។ គាត់បានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ ហើយព្រះយេហូវ៉ានឹកចាំគាត់ជាមនុស្សស្មោះត្រង់។—ហេប្រឺ ១១:៣២-៣៤
១៤. តើយើងអាចរៀនអ្វីពីគំរូរបស់ដាវីឌ?
១៤ តើយើងអាចរៀនអ្វីពីគំរូរបស់ដាវីឌ? បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងត្រូវប្រែចិត្តយ៉ាងស្មោះ សារភាពកំហុសរបស់យើងទៅព្រះយេហូវ៉ា ហើយសុំការអភ័យទោសពីលោក។ (យ៉ូហានទី១ ១:៩) យើងក៏ត្រូវនិយាយជាមួយនឹងអ្នកចាស់ទុំដែរ ពីព្រោះពួកគាត់អាចជួយយើងឲ្យផ្សះផ្សាចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (សូមអាន យ៉ាកុប ៥:១៤-១៦) ពេលយើងទទួលយកជំនួយពីព្រះយេហូវ៉ា យើងបង្ហាញថាយើងមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់លោកដើម្បីអភ័យទោសឲ្យយើង។ ក្រោយមកទៀត យើងត្រូវរៀនពីកំហុសរបស់យើង ហើយបន្តបម្រើព្រះយេហូវ៉ាដោយមានទំនុកចិត្ត។—ហេប្រឺ ១២:១២, ១៣
ក្នុងស្ថានភាពផ្សេងទៀត
បញ្ហាសុខភាព (សូមមើលវគ្គ១៥)
១៥. តើយើងរៀនអ្វីពីគំរូរបស់ហាណា?
១៥ អ្នកទំនងជាអាចគិតអំពីអ្នកបម្រើដ៏ស្មោះត្រង់ឯទៀតក្នុងគម្ពីរដែលបានទុកចិត្តព្រះយេហូវ៉ា ហើយបានធ្វើអ្វីដែលពួកគាត់អាចធ្វើបានក្នុងស្ថានភាពដ៏ពិបាក។ ជាឧទាហរណ៍ អស់មួយរយៈពេល ហាណាមិនអាចមានកូន។ គាត់មិនអាចផ្លាស់ប្ដូរស្ថានភាពនោះបានទេ។ ប៉ុន្តែគាត់ទុកចិត្តថាព្រះយេហូវ៉ានឹងសម្រាលទុក្ខគាត់។ ដូច្នេះគាត់បានបន្តគោរពប្រណិប័តន៍ព្រះនៅឯត្រសាល ហើយអធិដ្ឋានទៅព្រះយេហូវ៉ាដោយប្រាប់លោកអំពីអារម្មណ៍របស់ខ្លួន។ (សាំយូអែលទី១ ១:៩-១១) គាត់ជាគំរូដ៏ល្អប្រសើរសម្រាប់យើង! ពេលយើងមានបញ្ហាសុខភាព ឬការពិបាកផ្សេងទៀតដែលយើងមិនអាចផ្លាស់ប្ដូរ យើងផ្ទេរកង្វល់ទៅព្រះយេហូវ៉ា ហើយទុកចិត្តថាលោកយកចិត្តទុកដាក់ចំពោះយើង។ (ពេត្រុសទី១ ៥:៦, ៧) ម្យ៉ាងទៀត យើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីទទួលប្រយោជន៍ពីកិច្ចប្រជុំគ្រិស្តសាសនិកនិងកម្មវិធីឯទៀតដែលអង្គការរបស់ព្រះយេហូវ៉ារៀបចំ។—ហេប្រឺ ១០:២៤, ២៥
ហាណាទុកចិត្តព្រះយេហូវ៉ា ដូច្នេះគាត់បានបន្តគោរពប្រណិប័តន៍ព្រះនៅឯត្រសាល ហើយអធិដ្ឋាន
កូនឈប់បម្រើព្រះយេហូវ៉ា (សូមមើលវគ្គ១៦)
១៦. តើឪពុកម្ដាយអាចរៀនអ្វីពីសាំយូអែល?
១៦ ចុះយ៉ាងណាចំពោះឪពុកម្ដាយដ៏ស្មោះត្រង់ដែលមានកូនដែលឈប់បម្រើព្រះយេហូវ៉ា? សាំយូអែលដែលជាអ្នកប្រកាសទំនាយមិនអាចបង្ខំកូនប្រុសរបស់គាត់ដែលធំពេញវ័យឲ្យរក្សាភក្ដីភាពចំពោះព្រះឡើយ។ (សាំយូអែលទី១ ៨:១-៣) គាត់ត្រូវទុករឿងនេះឲ្យព្រះយេហូវ៉ាដោះស្រាយ។ ទោះជាយ៉ាងនេះក៏ដោយ សាំយូអែលបានធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីរក្សាភក្ដីភាពចំពោះព្រះ ហើយបានធ្វើឲ្យបិតារបស់គាត់នៅស្ថានសួគ៌ពេញចិត្ត។ (សុភាសិត ២៧:១១) សព្វថ្ងៃនេះ ឪពុកម្ដាយគ្រិស្តសាសនិកជាច្រើននាក់មានស្ថានភាពស្រដៀងគ្នានេះ។ ពួកគាត់មានទំនុកចិត្តថាដូចឪពុកក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីកូនបង្ហិនទ្រព្យ ព្រះយេហូវ៉ាក៏ប្រុងប្រៀបជានិច្ចដើម្បីស្វាគមន៍អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ (លូកា ១៥:២០) នៅពេលដំណាលគ្នានោះ ឪពុកម្ដាយអាចផ្ដោតអារម្មណ៍ទៅលើការរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ដោយសង្ឃឹមថាគំរូរបស់ពួកគាត់នឹងជំរុញចិត្តកូនឲ្យត្រឡប់មកលោកវិញ។
បញ្ហាលុយកាក់ (សូមមើលវគ្គ១៧)
១៧. ហេតុអ្វីគំរូរបស់ស្ត្រីមេម៉ាយក្រីក្រម្នាក់លើកទឹកចិត្តយើង?
១៧ គំរូល្អមួយទៀតគឺស្ត្រីមេម៉ាយក្រីក្រម្នាក់នៅសម័យលោកយេស៊ូ។ (សូមអាន លូកា ២១:១-៤) គាត់មិនអាចបំបាត់អំពើពុករលួយនៅវិហារបានទេ ហើយគាត់ក៏មិនអាចកែប្រែស្ថានភាពរបស់ខ្លួនជាអ្នកក្រទៅជាអ្នកមានបានដែរ។ (ម៉ាថាយ ២១:១២, ១៣) ប៉ុន្តែ ទំនុកចិត្តដែលគាត់មានចំពោះព្រះយេហូវ៉ាបានជំរុញចិត្តគាត់ឲ្យគាំទ្រការគោរពប្រណិប័តន៍ពិត។ គាត់បានបង្ហាញចិត្តទូលាយដោយឲ្យ«កាក់ពីរ»ដែលជាប្រាក់ទាំងអស់ដែលគាត់មាន។ ស្ត្រីដ៏ស្មោះត្រង់នេះបានបង្ហាញថាគាត់ទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ គាត់ដឹងថា បើគាត់ចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុត លោកនឹងធ្វើឲ្យប្រាកដថាគាត់នឹងមានអ្វីដែលគាត់ត្រូវការ។ ស្រដៀងគ្នាដែរ យើងមានទំនុកចិត្តថា បើយើងចាត់ទុករាជាណាចក្ររបស់ព្រះថាសំខាន់បំផុត ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាយើងមានអ្វីដែលយើងត្រូវការ។—ម៉ាថាយ ៦:៣៣
១៨. សូមរៀបរាប់អំពីគំរូរបស់បងប្រុសម្នាក់ដែលមានទស្សនៈត្រឹមត្រូវ។
១៨ ស្រដៀងគ្នាដែរ សព្វថ្ងៃនេះបងប្អូនរបស់យើងជាច្រើននាក់បង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ាដោយផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគេអាចធ្វើជាជាងអ្វីដែលពួកគេមិនអាចធ្វើ។ សូមពិចារណាអំពីគំរូរបស់បងប្រុសម៉ាលខឹមដែលបាននៅស្មោះត្រង់ចំពោះព្រះរហូតដល់គាត់ស្លាប់នៅឆ្នាំ២០១៥។ ក្នុងអំឡុងជាច្រើនឆ្នាំដែលគាត់និងប្រពន្ធរបស់គាត់បានបម្រើព្រះយេហូវ៉ា ពួកគាត់មានទាំងពេលសប្បាយទាំងពេលកើតទុក្ខ។ គាត់បាននិយាយថា៖«ជីវិតអាចលំបាក មិនទៀង ហើយជួនកាលយើងមិនដឹងថាអ្វីនឹងកើតឡើងទេ។ ប៉ុន្តែព្រះយេហូវ៉ាឲ្យពរដល់អ្នកដែលពឹងផ្អែកលើលោក»។ តើបងម៉ាលខឹមបានផ្ដល់ឱវាទអ្វី? គាត់និយាយថា៖«យើងត្រូវអធិដ្ឋានសុំព្រះជួយយើងឲ្យខំព្យាយាម ហើយទទួលជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន មិនមែនលើអ្វីដែលយើងមិនអាចធ្វើបាននោះទេ»a (សូមមើលកំណត់សម្គាល់)។
១៩. (ក) ហេតុអ្វីបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៧គឺសមត្រឹមត្រូវ? (ខ) តើអ្នកនឹងធ្វើតាមបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៧យ៉ាងដូចម្ដេចក្នុងជីវិតរបស់អ្នក?
១៩ ពិភពលោកដ៏អាក្រក់នេះ«កាន់តែអាក្រក់ទៅៗ» ដូច្នេះយើងអាចរំពឹងថាយើងនឹងមានការពិបាកកាន់តែច្រើន។ (ធីម៉ូថេទី២ ៣:១,១៣) គឺរឹតតែសំខាន់ដែលយើងមិនឲ្យការពិបាកគ្របសង្កត់យើង។ ផ្ទុយទៅវិញ យើងត្រូវមានទំនុកចិត្តយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា ហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន។ នេះជាមូលហេតុដែលបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៧គឺសមត្រឹមត្រូវដែលថា៖ «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»!—ទំនុកតម្កើង ៣៧:៣
បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៧គឺ: «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»—ទំនុកតម្កើង ៣៧:៣