មូលហេតុដែលចិត្តសុភាពគឺសំខាន់
«ប្រាជ្ញាតែងនៅនឹងមនុស្សសុភាព»។—សុភាសិត ១១:២
១, ២. ហេតុអ្វីព្រះលែងទទួលស្គាល់សុល? (សូមមើលរូបភាពនៅដើមអត្ថបទ)
ពេលព្រះយេហូវ៉ាបានជ្រើសរើសសុលឲ្យធ្វើជាស្តេច សុលជាមនុស្សសុភាព។ (សាំយូអែលទី១ ៩:១, ២, ២១; ១០:២០-២៤) ប៉ុន្តែ ក្រោយគាត់បានទៅជាស្តេច គាត់ចាប់ផ្ដើមធ្វើអ្វីៗដែលគាត់គ្មានសិទ្ធិធ្វើ។ នៅពេលមួយ ជនជាតិភីលីស្ទីនរាប់ពាន់នាក់បានមកប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល។ សាំយូអែលដែលជាអ្នកប្រកាសទំនាយបានប្រាប់សុលថាគាត់នឹងមក ហើយជូនគ្រឿងបូជាទៅព្រះយេហូវ៉ា។ ប៉ុន្តែ មុនសាំយូអែលបានមកដល់ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមភ័យខ្លាច ហើយពួកគេជាច្រើននាក់បានបោះបង់ចោលសុល។ គាត់លែងមានចិត្តអត់ធ្មត់ ហើយជាជាងរង់ចាំសាំយូអែលឲ្យមកដល់ គាត់បានជូនគ្រឿងបូជាដោយខ្លួនឯង។ សុលមិនមានសិទ្ធិធ្វើដូច្នេះទេ ហើយព្រះយេហូវ៉ាមិនពេញចិត្តឡើយ។—សាំយូអែលទី១ ១៣:៥-៩
២ ពេលសាំយូអែលបានមកដល់ គាត់បានប្រដៅតម្រង់សុលដោយសារសុលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ប៉ុន្តែសុលមិនបានគិតថាគាត់បានធ្វើអ្វីខុសទេ។ គាត់បានព្យាយាមរកលេស ហើយថែមទាំងបានដាក់ទោសអ្នកឯទៀតចំពោះកំហុសរបស់ខ្លួនគាត់។ (សាំយូអែលទី១ ១៣:១០-១៤) ចាប់ពីពេលនោះមក សុលបានធ្វើអ្វីៗជាច្រើនទៀតដែលគាត់គ្មានសិទ្ធិធ្វើ។ ដូច្នេះ ព្រះយេហូវ៉ាលែងទទួលស្គាល់គាត់ជាស្តេចទៀត។ (សាំយូអែលទី១ ១៥:២២, ២៣) ដំបូងសុលជាមនុស្សល្អ តែក្រោយមកគាត់ទៅជាអាក្រក់ ហើយនៅទីបំផុតគាត់ជួបអន្តរាយ។—សាំយូអែលទី១ ៣១:១-៦
៣. (ក) តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះចិត្តសុភាព? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ សព្វថ្ងៃនេះ មនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនអាចធ្វើជាមនុស្សសុភាព ហើយនៅតែមានជីវិតឬអាជីពដែលជោគជ័យបានទេ។ ពួកគេអួតខ្លួនដើម្បីមើលទៅដូចជាខ្លួនប្រសើរជាងអ្នកឯទៀត។ ជាឧទាហរណ៍ តារាភាពយន្តដ៏ល្បីម្នាក់ដែលបានទៅជាអ្នកនយោបាយបាននិយាយថា៖ «ចិត្តសុភាពមិនមែនជាអ្វីដែលសំដៅមកលើខ្ញុំទាល់តែសោះ ហើយខ្ញុំសង្ឃឹមថានឹងនៅតែអ៊ីចឹងជានិច្ច»។ ប៉ុន្តែ ហេតុអ្វីគឺសំខាន់ដែលគ្រិស្តសាសនិកមានចិត្តសុភាព? តើអ្វីជាចិត្តសុភាព ហើយតើអ្វីមិនមែនជាចិត្តសុភាព? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ ម្យ៉ាងទៀត ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចរក្សាចិត្តសុភាព សូម្បីតែនៅពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។
ហេតុអ្វីចិត្តសុភាពគឺសំខាន់?
៤. តើការប្រព្រឹត្តដោយល្មើសគឺជាអ្វី?
៤ គម្ពីរបង្ហាញថាការធ្វើអ្វីដែលខ្លួនគ្មានសិទ្ធិធ្វើគឺផ្ទុយពីការធ្វើជាមនុស្សសុភាព។ (សូមអាន សុភាសិត ១១:២) ដាវីឌបានអង្វរសុំព្រះយេហូវ៉ាថា៖ «សូមរាំងរាទូលបង្គំជាអ្នកបំរើទ្រង់ឲ្យរួចពីបាបដែលធ្វើដោយល្មើស»។ (ទំនុកតម្កើង ១៩:១៣) តើការប្រព្រឹត្តដោយល្មើសគឺជាអ្វី? នេះគឺជាការធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ ប្រហែលជាដោយសារយើងមានអំណួតឬគ្មានចិត្តអត់ធ្មត់។ ដោយសារយើងមានភាពមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាធ្លាប់ធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ ប៉ុន្តែ ដូចដែលយើងរៀនពីគំរូរបស់ស្តេចសុល បើការធ្វើដូច្នេះក្លាយទៅជាទម្លាប់របស់យើង នោះព្រះយេហូវ៉ានឹងមិនពេញចិត្ត។ ទំនុកតម្កើង ១១៩:២១ចែងថា ព្រះយេហូវ៉ានឹង«បន្ទោសមនុស្សឆ្មើងឆ្មៃ»ឬអ្នកដែលធ្វើអ្វីដែលខ្លួនគ្មានសិទ្ធិធ្វើ។ ហេតុអ្វីលោកធ្វើដូច្នេះ?
យើងបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដោយមានចិត្តសុភាព
៥. ហេតុអ្វីការធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើគឺជាកំហុសធ្ងន់ធ្ងរ?
៥ ទី១ បើយើងធ្វើអ្វីមួយដែលយើងគ្មានសិទ្ធិធ្វើ យើងមិនបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងនិងជាព្រះរបស់យើងទេ។ ទី២ ពេលយើងធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ យើងទំនងជានឹងខ្វែងគំនិតនិងឈ្លោះប្រកែកជាមួយនឹងអ្នកឯទៀត។ (សុភាសិត ១៣:១០) ទី៣ យើងប្រហែលជាខ្មាសពេលអ្នកឯទៀតឃើញថាយើងបានធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ (លូកា ១៤:៨, ៩) ដូច្នេះ យើងអាចឃើញច្បាស់អំពីមូលហេតុដែលព្រះយេហូវ៉ាចង់ឲ្យយើងប្រព្រឹត្តដោយសុភាព។
តើចិត្តសុភាពរួមបញ្ចូលអ្វីខ្លះ?
៦, ៧. តើចិត្តសុភាពជាប់ទាក់ទងយ៉ាងណានឹងចិត្តរាបទាប?
៦ ចិត្តសុភាពជាប់ទាក់ទងយ៉ាងខ្លាំងនឹងចិត្តរាបទាប។ គ្រិស្តសាសនិកដែលមានចិត្តរាបទាបមិនមានអំណួតទេ តែគាត់ចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។ (ភីលីព ២:៣) តាមធម្មតា បុគ្គលដែលមានចិត្តរាបទាបក៏មានចិត្តសុភាពដែរ។ គាត់ទទួលស្គាល់ថាសមត្ថភាពរបស់ខ្លួនមានកម្រិត ហើយគាត់ក៏ចេះសារភាពកំហុសរបស់ខ្លួនដោយចិត្តរាបទាប។ គាត់សុខចិត្តស្ដាប់ទស្សនៈរបស់អ្នកឯទៀត ហើយរៀនពីពួកគេ។ ព្រះយេហូវ៉ាពេញចិត្តយ៉ាងខ្លាំងនឹងបុគ្គលដែលមានចិត្តរាបទាប។
៧ គម្ពីរបង្ហាញថាមនុស្សសុភាពស្គាល់ខ្លួនឯងយ៉ាងច្បាស់ ហើយទទួលស្គាល់ថាមានអ្វីខ្លះដែលគាត់មិនអាចធ្វើឬមិនបានត្រូវអនុញ្ញាតឲ្យធ្វើ។ នេះជួយគាត់ឲ្យគោរពអ្នកឯទៀត ហើយប្រព្រឹត្តចំពោះពួកគេដោយសប្បុរស។
៨. ដើម្បីរក្សាចិត្តសុភាព តើយើងគួរជៀសវាងគំនិតបែបណា?
៨ ប៉ុន្តែ ដោយមិនដឹងខ្លួន យើងអាចចាប់ផ្ដើមគិតធ្វើអ្វីដែលបំពានសិទ្ធិរបស់អ្នកឯទៀត។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? យើងប្រហែលជាចាប់ផ្ដើមគិតថាខ្លួនសំខាន់ជាងអ្នកឯទៀត ដោយសារខ្លួនយើងឬអ្នកដែលយើងស្គាល់ច្បាស់មានភារកិច្ចក្នុងក្រុមជំនុំ។ (រ៉ូម ១២:១៦) ឬយើងប្រហែលជាចាប់ផ្ដើមធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើយើងខ្លាំងពេក។ (ធីម៉ូថេទី១ ២:៩, ១០) ប្រហែលជាយើងថែមទាំងចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេគួរធ្វើឬមិនគួរធ្វើ។—កូរិនថូសទី១ ៤:៦
៩. ហេតុអ្វីបុគ្គលខ្លះបានបំពានសិទ្ធិអ្នកឯទៀត? សូមឲ្យឧទាហរណ៍មួយពីគម្ពីរ។
៩ បើយើងមិនគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាខុសឆ្គង យើងអាចចាប់ផ្ដើមធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។ មនុស្សជាច្រើនបានទៅជាអ្នកដែលបំពានសិទ្ធិអ្នកឯទៀតដោយសារពួកគេច្រណែនអ្នកឯទៀត ចង់ទទួលការសរសើរពីគេ ឬមិនបានគ្រប់គ្រងកំហឹងរបស់ខ្លួន។ នេះបានកើតឡើងចំពោះបុគ្គលខ្លះដែលបានត្រូវរៀបរាប់ក្នុងគម្ពីរដូចជាអាប់សាឡំម អូសៀស និងនេប៊ូក្នេសា។ ព្រះយេហូវ៉ាបានបង្ហាញយ៉ាងច្បាស់ថាពួកគេត្រូវមានចិត្តរាបទាប។—សាំយូអែលទី២ ១៥:១-៦; ១៨:៩-១៧; របាក្សត្រទី២ ២៦:១៦-២១; ដានីយ៉ែល ៥:១៨-២១
១០. ហេតុអ្វីយើងគួរជៀសវាងពីការវិនិច្ឆ័យបំណងចិត្តរបស់អ្នកឯទៀត? សូមលើកឧទាហរណ៍ពីគម្ពីរ។
១០ ប្រហែលជាមានមូលហេតុផ្សេងទៀតដែលជួនកាលមនុស្សមិនមានចិត្តសុភាព។ សូមគិតអំពីអ័ប៊ីម្ម៉ាឡិចនិងពេត្រុស។ (លោកុប្បត្តិ ២០:២-៧; ម៉ាថាយ ២៦:៣១-៣៥) តើបុរសពីរនាក់នេះបានប្រព្រឹត្តលើសពីសិទ្ធិរបស់ខ្លួនឬ? ឬតើពួកគេគ្រាន់តែមិនបានយល់ច្បាស់ ឬបានប្រព្រឹត្តដោយមិនពិចារណា? ដោយសារយើងមិនអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស នោះយើងមិនគួរវិនិច្ឆ័យបំណងចិត្តរបស់អ្នកឯទៀតឡើយ។—សូមអាន យ៉ាកុប ៤:១២
តួនាទីរបស់អ្នកក្នុងការរៀបចំរបស់ព្រះ
១១. តើយើងត្រូវយល់យ៉ាងណាអំពីតួនាទីរបស់យើងក្នុងការរៀបចំរបស់ព្រះ?
១១ មនុស្សសុភាពទទួលស្គាល់តួនាទីរបស់ខ្លួនក្នុងការរៀបចំរបស់ព្រះ។ ព្រះយេហូវ៉ាគឺជាព្រះដែលមានរបៀបរៀបរយ។ លោកបានឲ្យសមាជិកម្នាក់ៗនៃក្រុមជំនុំមានតួនាទីរៀងៗខ្លួន។ យើងទាំងអស់គ្នាគឺសំខាន់ចាំបាច់។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងម្នាក់ៗនូវជំនាញ អំណោយ ទេពកោសល្យ ឬសមត្ថភាពផ្សេងៗពីគ្នា ហើយលោកឲ្យយើងសម្រេចចិត្តអំពីរបៀបដែលយើងនឹងប្រើអ្វីទាំងនោះ។ បើយើងមានចិត្តសុភាព យើងនឹងប្រើអ្វីទាំងនោះដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ (រ៉ូម ១២:៤-៨) យើងទទួលស្គាល់ថាព្រះយេហូវ៉ាតម្រូវឲ្យយើងប្រើអ្វីទាំងនោះដើម្បីធ្វើឲ្យលោកទទួលការសរសើរតម្កើងនិងដើម្បីជួយអ្នកឯទៀត។—សូមអាន ពេត្រុសទី១ ៤:១០
តើយើងអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូពេលភារកិច្ចយើងបានត្រូវផ្លាស់ប្ដូរ? (សូមមើលវគ្គ១២-១៤)
១២, ១៣. បើយើងមានការផ្លាស់ប្ដូរក្នុងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា តើយើងគួរនឹកចាំអំពីអ្វីខ្លះ?
១២ កាលដែលពេលវេលាកន្លងទៅ អ្វីដែលយើងធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាប្រហែលជានឹងផ្លាស់ប្ដូរ។ ជាឧទាហរណ៍ សូមគិតអំពីការផ្លាស់ប្ដូរជាច្រើនដែលលោកយេស៊ូធ្លាប់មាន។ ដំបូង មានតែលោកនិងបិតាលោកដែលរស់នៅជាមួយគ្នា។ (សុភាសិត ៨:២២) ក្រោយមក លោកបានជួយព្រះយេហូវ៉ាក្នុងការបង្កើតទេវតា សកលលោក និងមនុស្ស។ (កូឡុស ១:១៦) ក្រោយមកទៀត លោកបានត្រូវចាត់ឲ្យមកផែនដី។ លោកបានកើតមកជាកូនមនុស្ស ហើយបានធំឡើងទៅជាមនុស្សពេញវ័យ។ (ភីលីព ២:៧) ក្រោយលោកយេស៊ូស្លាប់ លោកបានត្រឡប់ទៅស្ថានសួគ៌វិញ ហើយនៅឆ្នាំ១៩១៤លោកបានទៅជាស្តេចនៃរាជាណាចក្ររបស់ព្រះ។ (ហេប្រឺ ២:៩) ម្យ៉ាងទៀត នៅពេលអនាគត ក្រោយលោកបានគ្រប់គ្រងជាស្តេចអស់១.០០០ឆ្នាំ លោកយេស៊ូនឹងប្រគល់រាជាណាចក្រឲ្យព្រះយេហូវ៉ាវិញ ដើម្បីឲ្យ«ព្រះធ្វើជាអ្វីៗទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨
១៣ យើងក៏អាចមានការផ្លាស់ប្ដូរជាច្រើនក្នុងជីវិតរបស់យើងដែរ។ នៅពេលខ្លះ ភារកិច្ចរបស់យើងអាចផ្លាស់ប្ដូរដោយសារការសម្រេចចិត្តរបស់យើង។ ជាឧទាហរណ៍ ពីមុនយើងនៅលីវ ហើយក្រោយមកបានសម្រេចចិត្តរៀបការ ឬក៏យើងមានកូន។ ក្រោយមក យើងប្រហែលជាសម្រេចចិត្តធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាងដើម្បីយើងអាចបម្រើព្រះយេហូវ៉ាពេញពេល។ នៅពេលផ្សេងទៀត ភារកិច្ចរបស់យើងបានត្រូវផ្លាស់ប្ដូរដោយសារកាលៈទេសៈរបស់យើង។ យើងប្រហែលជាអាចធ្វើច្រើនជាង ឬយើងប្រហែលជាត្រូវធ្វើតិចជាង។ ប៉ុន្តែ ទោះជាយើងមានវ័យក្មេងឬចាស់ ហើយមានសុខភាពល្អឬមិនល្អក្ដី ព្រះយេហូវ៉ាដឹងអំពីរបៀបដែលយើងម្នាក់ៗអាចបម្រើលោកឲ្យបានល្អបំផុត។ លោកមិនតម្រូវឲ្យយើងធ្វើហួសពីអ្វីដែលយើងអាចធ្វើទេ។ ម្យ៉ាងទៀត លោកឲ្យតម្លៃចំពោះអ្វីដែលយើងធ្វើដើម្បីលោក។—ហេប្រឺ ៦:១០
១៤. ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ តើចិត្តសុភាពអាចជួយយើងឲ្យមានអំណរនិងការស្កប់ចិត្តយ៉ាងដូចម្ដេច?
១៤ លោកយេស៊ូមានអំណរក្នុងភារកិច្ចណាក៏ដោយដែលព្រះយេហូវ៉ាបានឲ្យលោក ហើយយើងក៏អាចមានអំណរក្នុងភារកិច្ចរបស់យើងដែរ។ (សុភាសិត ៨:៣០, ៣១) មនុស្សសុភាពស្កប់ចិត្តនឹងភារកិច្ចរបស់ខ្លួនក្នុងក្រុមជំនុំ។ គាត់មិនផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកឯទៀតកំពុងធ្វើទេ។ ផ្ទុយទៅវិញ គាត់ស្កប់ចិត្តនឹងតួនាទីរបស់ខ្លួនក្នុងអង្គការរបស់ព្រះ ហើយគាត់ចាត់ទុកថាតួនាទីនេះមកពីព្រះយេហូវ៉ា។ មនុស្សសុភាពក៏គោរពអ្នកឯទៀត ហើយរីករាយគាំទ្រពួកគេ។ គាត់ទទួលស្គាល់ថាព្រះយេហូវ៉ាបានប្រគល់តួនាទីឲ្យអ្នកនោះដែរ។—រ៉ូម ១២:១០
ទស្សនៈត្រឹមត្រូវចំពោះចិត្តសុភាព
១៥. តើយើងអាចរៀនអ្វីពីគំរូរបស់គេឌាន?
១៥ គេឌានគឺជាគំរូល្អប្រសើរស្តីអំពីចិត្តសុភាព។ ពេលព្រះយេហូវ៉ាបានផ្ដល់ភារកិច្ចឲ្យគាត់សង្គ្រោះជនជាតិអ៊ីស្រាអែលពីជនជាតិម៉ាឌាន គេឌានបាននិយាយថា៖ «ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង»។ (ពួកចៅហ្វាយ ៦:១៥) ប៉ុន្តែ គេឌានបានទុកចិត្តព្រះយេហូវ៉ា ហើយបានទទួលភារកិច្ចនោះ។ ក្រោយមកគេឌានបានធ្វើឲ្យប្រាកដថាគាត់យល់ច្បាស់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យគាត់ធ្វើ ហើយគាត់បានអធិដ្ឋានសុំការណែនាំពីលោក។ (ពួកចៅហ្វាយ ៦:៣៦-៤០) គេឌានគឺជាបុរសខ្លាំងពូកែ ហើយគាត់មានចិត្តក្លាហាន តែគាត់ក៏ប្រុងប្រយ័ត្ន ហើយមានប្រាជ្ញាដែរ។ (ពួកចៅហ្វាយ ៦:១១, ២៧) ក្រោយមក ពេលបណ្ដាជនចង់ឲ្យគាត់គ្រប់គ្រងលើពួកគេ គាត់បានបដិសេធ។ ក្រោយពីគាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាបានសុំឲ្យគាត់ធ្វើ គាត់បានត្រឡប់ទៅផ្ទះវិញ។—ពួកចៅហ្វាយ ៨:២២, ២៣, ២៩
១៦, ១៧. តើមនុស្សសុភាពអាចរីកចម្រើនយ៉ាងដូចម្ដេច?
១៦ បើបុគ្គលម្នាក់ទទួលភារកិច្ចថ្មីឬចង់ទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ នេះមិនមានន័យថាគាត់មិនមានចិត្តសុភាពទេ។ គម្ពីរបញ្ជាក់ថាគឺជាការល្អដែលអ្នកបម្រើព្រះយេហូវ៉ាចង់បម្រើបងប្អូនរបស់គាត់ច្រើនជាង ហើយចង់រីកចម្រើនឬមានជំនឿន។ (ធីម៉ូថេទី១ ៤:១៣-១៥) ប៉ុន្តែ តើយើងត្រូវទទួលភារកិច្ចថ្មីដើម្បីរីកចម្រើនឬទេ? មិនមែនទេ។ យើងទាំងអស់គ្នាអាចបន្តធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងជាគ្រិស្តសាសនិកកាន់តែប្រសើរឡើង ហើយយើងអាចបន្តបង្កើនសមត្ថភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។ ពេលយើងធ្វើដូច្នេះយើងអាចបម្រើលោកយ៉ាងល្អប្រសើរជាង ហើយជួយអ្នកឯទៀត។
១៧ មុនមនុស្សសុភាពព្រមទទួលភារកិច្ចមួយ គាត់ស្វែងយល់ថាភារកិច្ចនោះនឹងតម្រូវឲ្យគាត់ធ្វើអ្វីខ្លះ។ គាត់អធិដ្ឋានអំពីរឿងនោះ ហើយពិចារណាឲ្យបានដិតដល់ថាគាត់អាចធ្វើកិច្ចការនោះបានឬយ៉ាងណា។ តើគាត់នឹងនៅតែមានពេលវេលានិងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើអ្វីផ្សេងទៀតដែលសំខាន់ឬទេ? បើមិនមាន តើគាត់អាចប្រគល់កិច្ចការខ្លះដែលគាត់កំពុងធ្វើឥឡូវនេះឲ្យអ្នកឯទៀតឬទេ? ក្រោយពីមនុស្សសុភាពបានពិចារណាអំពីចំណុចទាំងនេះ ហើយឃើញថាគាត់មិនអាចធ្វើបាន គាត់ប្រហែលជានឹងសម្រេចចិត្តថាគាត់មិនអាចបំពេញភារកិច្ចថ្មីនោះយ៉ាងពេញលេញបានទេ។ បើយើងមានចិត្តសុភាព ជួនកាលយើងប្រហែលជាមិនព្រមទទួលភារកិច្ចណាមួយ។
១៨. (ក) តើមនុស្សសុភាពនឹងធ្វើអ្វីពេលគាត់ទទួលភារកិច្ចថ្មី? (ខ) តើរ៉ូម ១២:៣ជួយយើងឲ្យមានចិត្តសុភាពយ៉ាងដូចម្ដេច?
១៨ ព្រះយេហូវ៉ាចង់ឲ្យយើង«ដើរជាមួយនឹង»លោក«ដោយសុភាពរាបទាប»។ (មីកា ៦:៨) ដូច្នេះ ពេលយើងទទួលភារកិច្ចថ្មីមួយ យើងស្វែងរកការណែនាំពីលោក ហើយសុំលោកឲ្យជួយយើង ដូចដែលគេឌានបានធ្វើ។ យើងត្រូវគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលព្រះយេហូវ៉ាបង្រៀនយើងតាមរយៈគម្ពីរនិងអង្គការរបស់លោក។ សូមយើងចាំថាអ្វីណាក៏ដោយដែលយើងអាចធ្វើក្នុងកិច្ចបម្រើលោក គឺមិនមែនដោយសារសមត្ថភាពរបស់យើងទេ តែគឺដោយសារព្រះយេហូវ៉ាមានចិត្តរាបទាប ហើយពេញចិត្តជួយយើង។ (ទំនុកតម្កើង ១៨:៣៥) មនុស្សសុភាពនឹងមិន«គិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត»នោះទេ។—សូមអានរ៉ូម ១២:៣
១៩. ហេតុអ្វីយើងគួរមានចិត្តសុភាព?
១៩ មនុស្សសុភាពដឹងថាព្រះយេហូវ៉ាប៉ុណ្ណោះគឺសមនឹងទទួលការសរសើរទាំងអស់ ដោយសារលោកជាអ្នកបង្កើត ហើយក៏ជាបុគ្គលដែលខ្ពស់បំផុតក្នុងសកលលោក។ (ការបើកបង្ហាញ ៤:១១) បើយើងមានចិត្តសុភាព យើងនឹងសប្បាយធ្វើអ្វីដែលយើងអាចធ្វើបានក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងនឹងគោរពទស្សនៈនិងអារម្មណ៍របស់បងប្អូនយើង ហើយជាលទ្ធផលយើងទាំងអស់គ្នានឹងមានសាមគ្គីភាព។ មនុស្សសុភាពគិតយ៉ាងហ្មត់ចត់មុនគាត់ធ្វើអ្វីមួយ យ៉ាងនេះគាត់ជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។ ព្រះយេហូវ៉ាពិតជាពេញចិត្តនឹងមនុស្សសុភាព។ ដោយសារហេតុទាំងនេះ ចិត្តសុភាពគឺសំខាន់ចំពោះរាស្ត្រព្រះ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចរក្សាចិត្តសុភាព សូម្បីតែនៅពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។