អ្នកអាចរក្សាចិត្តសុភាពសូម្បីតែនៅពេលដែលពិបាកធ្វើដូច្នេះ
«ដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរាបទាប»។—មីកា ៦:៨
១-៣. តើអ្នកប្រកាសទំនាយម្នាក់ពីស្រុកយូដាមិនបានធ្វើអ្វី ហើយតើនេះមានលទ្ធផលយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
នៅក្រុងបេតអែល យេរ៉ូបោមដែលជាស្តេចនៃស្រុកអ៊ីស្រាអែលបានសង់ទីបូជាសម្រាប់គោរពបូជាព្រះមិនពិត។ ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយម្នាក់ពីស្រុកយូដាឲ្យប្រាប់យេរ៉ូបោមនូវដំណឹងអំពីការវិនិច្ឆ័យទោស។ អ្នកប្រកាសទំនាយដែលមានចិត្តរាបទាបនោះ បានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបានប្រាប់ដំណឹងនោះ។ ស្តេចនោះខឹងយ៉ាងខ្លាំងនឹងអ្នកប្រកាសទំនាយនោះ ប៉ុន្តែព្រះយេហូវ៉ាបានការពារគាត់។—ពង្សាវតារក្សត្រទី១ ១៣:១-១០
២ ព្រះយេហូវ៉ាបានបង្គាប់អ្នកប្រកាសទំនាយនោះមិនឲ្យបរិភោគឬផឹកនៅស្រុកអ៊ីស្រាអែលទេ ហើយឲ្យគាត់ត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លូវផ្សេង។ ពេលគាត់ធ្វើដំណើរត្រឡប់ទៅវិញ អ្នកប្រកាសទំនាយនោះបានជួបបុរសវ័យចាស់ម្នាក់ដែលបាននិយាយកុហកថាគាត់មានដំណឹងពីព្រះយេហូវ៉ា។ បុរសវ័យចាស់នោះបានអញ្ជើញអ្នកប្រកាសទំនាយឲ្យទៅផ្ទះគាត់ដើម្បីបរិភោគនិងផឹក។ អ្នកប្រកាសទំនាយនោះមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបានទៅជាមួយនឹងបុរសវ័យចាស់។ ព្រះយេហូវ៉ាមិនពេញចិត្តទេ។ ពេលអ្នកប្រកាសទំនាយនោះបានដើរតាមផ្លូវទៅផ្ទះវិញ សត្វតោបានវាយប្រហារនិងសម្លាប់គាត់។—ពង្សាវតារក្សត្រទី១ ១៣:១១-២៤
៣ យើងមិនដឹងអំពីមូលហេតុដែលអ្នកប្រកាសទំនាយនោះបានសម្រេចចិត្តស្ដាប់បុរសវ័យចាស់នោះជាជាងស្ដាប់ព្រះយេហូវ៉ាទេ។ ប៉ុន្តែយើងដឹងថាគាត់មិនបានបន្ត«ដើរជាមួយនឹង»ព្រះយេហូវ៉ា«ដោយសុភាពរាបទាប»ឡើយ។ (សូមអាន មីកា ៦:៨) ក្នុងគម្ពីរ ការដើរជាមួយនឹងព្រះយេហូវ៉ារួមបញ្ចូលការទុកចិត្តលើព្រះយេហូវ៉ា ការពឹងផ្អែកលើការណែនាំរបស់លោក និងការស្ដាប់បង្គាប់លោក។ មនុស្សសុភាពដឹងថាគាត់ត្រូវអធិដ្ឋានជានិច្ច។ បើអ្នកប្រកាសទំនាយនោះមានចិត្តសុភាព គាត់នឹងសួរព្រះយេហូវ៉ាថាការណែនាំរបស់លោកបានផ្លាស់ប្ដូរឬយ៉ាងណា។ ជួនកាល យើងក៏ត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកដែរ ហើយយើងប្រហែលជាមិនដឹងច្បាស់ថាព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីទេ។ ប៉ុន្តែ បើយើងមានចិត្តសុភាព យើងនឹងសុំព្រះយេហូវ៉ាណែនាំយើងដើម្បីយើងអាចជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ ក្នុងអត្ថបទមុន យើងបានរៀនថាចិត្តសុភាពរួមបញ្ចូលអ្វីខ្លះ ហើយយើងក៏បានរៀនអំពីមូលហេតុដែលចិត្តសុភាពគឺសំខាន់ចំពោះយើងសព្វថ្ងៃនេះ។ ប៉ុន្តែ តើយើងអាចកាន់តែមានចិត្តសុភាពយ៉ាងដូចម្ដេច? តើស្ថានភាពអ្វីខ្លះអាចនាំឲ្យយើងពិបាកធ្វើជាមនុស្សសុភាព ពោលគឺបង្ហាញថាយើងមានចិត្តសុភាពឬមិនមាន? សូមយើងពិចារណាស្ថានភាពបីយ៉ាង។—សុភាសិត ១១:២
ពេលដែលកាលៈទេសៈរបស់យើងផ្លាស់ប្ដូរ
៥, ៦. តើបារស៊ីឡាយបានបង្ហាញយ៉ាងដូចម្ដេចថាគាត់ជាមនុស្សសុភាព?
៥ របៀបដែលយើងប្រព្រឹត្តពេលកាលៈទេសៈឬភារកិច្ចរបស់យើងផ្លាស់ប្ដូរអាចបង្ហាញថាយើងពិតជាមនុស្សសុភាពឬមិនមែន។ យើងអាចរៀនពីគំរូរបស់បារស៊ីឡាយដែលជាមិត្តភក្ដិដ៏ស្មោះត្រង់របស់ស្តេចដាវីឌ។ ពេលបារស៊ីឡាយមានអាយុ៨០ឆ្នាំ ដាវីឌបានអញ្ជើញគាត់ឲ្យរស់នៅក្នុងវាំង។ ទោះជានោះគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់ក្ដី បារស៊ីឡាយបាននិយាយថាគឺល្អជាងប្រគល់ឯកសិទ្ធិនេះទៅគីមហាំដែលប្រហែលជាកូនប្រុសរបស់គាត់។—សាំយូអែលទី២ ១៩:៣១-៣៧
៦ ហេតុអ្វីបារស៊ីឡាយមិនព្រមទទួលការអញ្ជើញនោះ? តើគាត់ចង់មានជីវិតសុខស្រួល ឬមិនចង់ទទួលភារកិច្ចឬទេ? មិនមែនទេ គឺដោយសារបារស៊ីឡាយជាមនុស្សសុភាព។ គាត់បានយល់ថាកាលៈទេសៈរបស់គាត់បានផ្លាស់ប្ដូរ ហើយក៏បានទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន។ (សូមអាន កាឡាទី ៦:៤, ៥) យើងក៏ត្រូវមានចិត្តសុភាពដូចបារស៊ីឡាយ។ ជាជាងផ្ដោតអារម្មណ៍ទៅលើភារកិច្ចដែលយើងចង់ទទួល ឬប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត យើងផ្ដោតអារម្មណ៍លើការជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា។ នេះគឺសំខាន់ជាងការមានភារកិច្ចពិសេស ឬការមានបងប្អូនជាច្រើនស្គាល់យើង។ (កាឡាទី ៥:២៦) បើយើងមានចិត្តសុភាព យើងនឹងរួមធ្វើការជាមួយនឹងបងប្អូនរបស់យើងដើម្បីឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ហើយដើម្បីជួយអ្នកឯទៀត។—កូរិនថូសទី១ ១០:៣១
៧, ៨. តើតាមរបៀបណាចិត្តសុភាពអាចជួយយើងមិនឲ្យពឹងផ្អែកលើខ្លួន?
៧ បើយើងទទួលអំណាចឬភារកិច្ចច្រើនជាង យើងប្រហែលជាពិបាកនឹងរក្សាចិត្តសុភាព។ ប៉ុន្តែ យើងអាចរៀនពីគំរូរបស់នេហេមា។ ពេលនេហេមាបានឮថាបណ្ដាជននៅក្រុងយេរូសាឡិមមានបញ្ហាជាច្រើន គាត់បានអង្វរសុំព្រះយេហូវ៉ាឲ្យជួយពួកគេ។ (នេហេមា ១:៤, ១១) ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់នេហេមា។ ស្តេចអើថាស៊ើកសេសបានតែងតាំងនេហេមាឲ្យធ្វើជាអភិបាលនៅតំបន់នោះ។ ទោះជានេហេមាមានអំណាច ហើយជាអ្នកមានក៏ដោយ គាត់មិនដែលពឹងផ្អែកលើខ្លួនគាត់ទេ។ គាត់បានស្វែងរកការណែនាំពីព្រះយេហូវ៉ា ហើយបានអានច្បាប់របស់លោកជាទៀងទាត់។ (នេហេមា ៨:១, ៨, ៩) នេហេមាមានអំណាចលើមនុស្សជាច្រើន។ ប៉ុន្តែ គាត់មិនដែលប្រើអំណាចរបស់គាត់ដើម្បីជាប្រយោជន៍ខ្លួន ឬដើម្បីប្រព្រឹត្តទៅលើអ្នកឯទៀតដោយគ្មានមេត្ដាទេ។—នេហេមា ៥:១៤-១៩
៨ ដូចនេហេមា បើយើងទទួលភារកិច្ចច្រើនជាង ឬភារកិច្ចរបស់យើងបានត្រូវផ្លាស់ប្ដូរ យើងចង់ធ្វើឲ្យប្រាកដថាយើងរក្សាចិត្តសុភាព។ យើងមិនចង់ពឹងផ្អែកតែលើសមត្ថភាពរបស់ខ្លួន ឬបទពិសោធន៍ដែលយើងធ្លាប់មានប៉ុណ្ណោះទេ។ តើបុគ្គលម្នាក់អាចចាប់ផ្ដើមពឹងផ្អែកលើខ្លួនយ៉ាងដូចម្ដេច? ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់ប្រហែលជាធ្វើកិច្ចការសម្រាប់ក្រុមជំនុំដោយមិនបានអធិដ្ឋានជាមុន។ ឬបងប្អូនណាម្នាក់ប្រហែលជាធ្វើការសម្រេចចិត្តដោយមិនបានអធិដ្ឋានជាមុន ហើយបន្ទាប់មកគាត់អធិដ្ឋានសុំព្រះយេហូវ៉ាឲ្យពរចំពោះការសម្រេចចិត្តនោះ។ ប៉ុន្តែ មនុស្សសុភាពមិនពឹងផ្អែកលើខ្លួនឯងទេ សូម្បីតែពេលគាត់ធ្វើអ្វីដែលគាត់ធ្លាប់ធ្វើច្រើនដងហើយក៏ដោយ។ គាត់តែងតែចាំថាសមត្ថភាពរបស់គាត់មិនអាចប្រៀបផ្ទឹមនឹងសមត្ថភាពរបស់ព្រះយេហូវ៉ា។ (សូមអាន សុភាសិត ៣:៥, ៦) ក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនគិតតែប្រយោជន៍ខ្លួន ហើយចង់ធ្វើឲ្យខ្លួនប្រសើរជាងអ្នកឯទៀត។ ប៉ុន្តែ អ្នកបម្រើព្រះយេហូវ៉ាមិនមែនដូច្នេះឡើយ។ យើងមិនគិតថាការមានភារកិច្ចធ្វើឲ្យយើងប្រសើរជាងអ្នកឯទៀតក្នុងក្រុមជំនុំឬក្នុងក្រុមគ្រួសាររបស់យើងទេ។ ផ្ទុយទៅវិញ យើងចាំអំពីតួនាទីរបស់យើងក្នុងការរៀបចំរបស់ព្រះ ហើយរួមធ្វើការជាមួយនឹងបងប្អូនរបស់យើង។—ធីម៉ូថេទី១ ៣:១៥
ពេលអ្នកឯទៀតរិះគន់ឬសរសើរយើង
៩, ១០. តើចិត្តសុភាពអាចជួយយើងយ៉ាងណាពេលអ្នកឯទៀតរិះគន់យើងដោយគ្មានមូលហេតុត្រឹមត្រូវ?
៩ យើងប្រហែលជាឈឺចិត្ត ពេលអ្នកឯទៀតរិះគន់យើងដោយគ្មានមូលហេតុត្រឹមត្រូវ។ នេះបានកើតឡើងដល់ហាណា។ ទោះជាប្ដីរបស់គាត់ស្រឡាញ់គាត់យ៉ាងខ្លាំងក៏ដោយ ហាណាមិនសប្បាយចិត្តទេ។ ពេនីណាដែលជាគូវិវាទរបស់គាត់តែងតែរិះគន់គាត់។ ហាណាចង់មានកូន ប៉ុន្តែគាត់មិនអាចមានទេ។ នៅថ្ងៃមួយ ពេលហាណាពិបាកចិត្តយ៉ាងខ្លាំង គាត់បានទៅឯត្រសាលដើម្បីអធិដ្ឋាន។ អេលីដែលជាសម្ដេចសង្ឃបានឃើញគាត់យំ ហើយបានចោទថាគាត់ស្រវឹងស្រា! នោះអាចធ្វើឲ្យហាណាខឹងយ៉ាងខ្លាំង។ តែគាត់បានឆ្លើយតបទៅអេលីដោយបង្ហាញការគោរព។ ក្រោយមក ហាណាបានពោលសេចក្ដីអធិដ្ឋានមួយដែលបង្ហាញអំពីជំនឿរបស់គាត់ទៅលើព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះលោក។—សាំយូអែលទី១ ១:៥-៧, ១២-១៦; ២:១-១០
១០ ចិត្តសុភាពអាចជួយយើងឲ្យ«បន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ»។ (រ៉ូម ១២:២១) របៀបរបបពិភពលោករបស់សាថានគឺពេញទៅដោយអ្វីៗដ៏អាក្រក់។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេពេលដែលគេប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះយើង។ ទោះជានេះធ្វើឲ្យយើងខឹងក៏ដោយ យើងត្រូវតយុទ្ធនឹងកំហឹងរបស់យើង។ (ទំនុកតម្កើង ៣៧:១) តែយើងប្រហែលជាឈឺចិត្តខ្លាំងជាងនៅពេលដែលយើងមានបញ្ហាជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ។ បើនេះកើតឡើង យើងចង់យកតម្រាប់លោកយេស៊ូ។ គម្ពីរចែងថា៖ «ពេលដែលលោកត្រូវគេជេរប្រមាថ លោកមិនបានជេរប្រមាថគេវិញទេ»។ ផ្ទុយទៅវិញ«លោកតែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យដោយសុចរិតយុត្ដិធម៌»។ (ពេត្រុសទី១ ២:២៣) លោកយេស៊ូមានចិត្តរាបទាប ហើយដឹងថាព្រះយេហូវ៉ានឹងដោះស្រាយអំពើអយុត្ដិធម៌ណាក៏ដោយដែលលោកជួបប្រទះ។ (រ៉ូម ១២:១៩) យើងក៏ចង់មានចិត្តរាបទាប ហើយយើង‹មិនធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន›។—ពេត្រុសទី១ ៣:៨, ៩
១១, ១២. (ក) ពេលអ្នកឯទៀតសរសើរឬនិយាយបញ្ជោរយើង តើយើងអាចរក្សាចិត្តសុភាពយ៉ាងដូចម្ដេច? (ខ) តើការប្រព្រឹត្តនិងរបៀបដែលយើងស្លៀកពាក់អាចបង្ហាញយ៉ាងណាថាយើងមានចិត្តសុភាព?
១១ យើងក៏ប្រហែលជាពិបាករក្សាចិត្តសុភាពពេលដែលមនុស្សសរសើរឬនិយាយបញ្ជោរយើង។ អេសធើរបានទទួលការបញ្ជោរនិងការសរសើរជាច្រើន។ នៅស្រុកពើស៊ីគាត់ជាស្ត្រីដ៏ស្រស់ស្អាតណាស់។ អស់រយៈពេលមួយឆ្នាំ អេសធើរនិងស្ត្រីវ័យក្មេងជាច្រើននាក់ទៀតបានត្រូវគេយកចិត្តទុកដាក់ចំពោះការថែរក្សាសម្ផស្ស។ ពួកគេកំពុងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញអារម្មណ៍របស់ស្តេច។ ស្តេចនោះបានជ្រើសរើសអេសធើរឲ្យធ្វើជាមហាក្សត្រី។ ប៉ុន្តែ ទោះជាអេសធើរបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ គុណសម្បត្ដិរបស់គាត់មិនបានប្រែប្រួលឡើយ។ អេសធើរមិនបានគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទេ។ គាត់បានរក្សាចិត្តសុភាព ចិត្តសប្បុរស និងការគោរព។—នាងអេសធើរ ២:៩, ១២, ១៥, ១៧
តើរបៀបដែលយើងស្លៀកពាក់បង្ហាញថាយើងគោរពព្រះយេហូវ៉ានិងអ្នកឯទៀតឬទេ ឬតើនេះបង្ហាញថាយើងមិនមានចិត្តសុភាព? (សូមមើលវគ្គ១២)
១២ បើយើងមានចិត្តសុភាព យើងនឹងប្រព្រឹត្ត ហើយស្លៀកពាក់តាមរបៀបដែលបង្ហាញថាយើងគោរពអ្នកឯទៀតព្រមទាំងខ្លួនយើង។ ជាជាងអួតឬព្យាយាមធ្វើឲ្យអ្នកឯទៀតកោតស្ងើច យើងព្យាយាមមាន«ចិត្តស្ងៀមស្ងាត់និងស្លូតបូត»។ (សូមអាន ពេត្រុសទី១ ៣:៣, ៤; យេរេមា ៩:២៣, ២៤) នៅទីបំផុត ទស្សនៈដែលយើងមានចំពោះខ្លួននឹងសឲ្យឃើញក្នុងការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើង។ ជាឧទាហរណ៍ យើងប្រហែលជាព្យាយាមធ្វើឲ្យអ្នកឯទៀតគិតថាយើងជាបុគ្គលពិសេសដោយសារឯកសិទ្ធិដែលយើងមាន បុគ្គលដែលយើងស្គាល់ ឬព័ត៌មានដែលយើងដឹង។ ឬយើងប្រហែលជាព្យាយាមធ្វើហាក់ដូចជាយើងបានសម្រេចកិច្ចការណាមួយដោយម្នាក់ឯង ទោះជាតាមពិតអ្នកឯទៀតបានជួយយើងក្ដី។ ប៉ុន្តែ សូមគិតអំពីលោកយេស៊ូ។ ជាជាងធ្វើឲ្យមនុស្សកោតស្ងើចចំពោះប្រាជ្ញារបស់លោក លោកយេស៊ូច្រើនតែមានប្រសាសន៍ដែលដកស្រង់ពីបណ្ដាំរបស់ព្រះ។ លោកមិនចង់ឲ្យមនុស្សសរសើរតម្កើងលោកទេ។ លោកតែងតែចង់ឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។—យ៉ូហាន ៨:២៨
ពេលយើងធ្វើការសម្រេចចិត្ត
១៣, ១៤. ដើម្បីធ្វើការសម្រេចចិត្តល្អ តើចិត្តសុភាពអាចជួយយើងយ៉ាងណា?
១៣ យើងត្រូវមានចិត្តសុភាពពេលយើងធ្វើការសម្រេចចិត្ត ឬពេលអ្នកឯទៀតធ្វើការសម្រេចចិត្តដែលមានឥទ្ធិពលមកលើយើង។ ពេលសាវ័កប៉ូលបានស្នាក់នៅក្រុងសេសារៀ គាត់ចង់ទៅក្រុងយេរូសាឡិមដើម្បីបង្ហើយកិច្ចការដែលព្រះយេហូវ៉ាបានឲ្យគាត់។ ប៉ុន្តែអាហ្គាប៊ូសដែលជាអ្នកប្រកាសទំនាយបានប្រាប់ប៉ូលថាបើគាត់ទៅ គាត់នឹងត្រូវគេចាប់ខ្លួន។ គាត់ក៏ប្រហែលជានឹងត្រូវគេសម្លាប់ដែរ។ បងប្អូនរួមជំនឿបានអង្វរប៉ូលមិនឲ្យទៅ។ តែប៉ូលបានសម្រេចចិត្តទៅក្រុងយេរូសាឡិម។ តើគាត់សម្រេចចិត្តដូច្នេះដោយសារគាត់ពឹងផ្អែកលើខ្លួនឬទេ? មិនមែនទេ។ ប៉ូលជាមនុស្សសុភាព ហើយគាត់បានទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ បងប្អូនទាំងនោះក៏ជាមនុស្សសុភាពដែរ។ ដូច្នេះ ពួកគេបានគាំទ្រការសម្រេចចិត្តរបស់ប៉ូល ហើយបានឲ្យគាត់ទៅ។—សកម្មភាព ២១:១០-១៤
១៤ ការមានចិត្តសុភាពនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ សូម្បីតែនៅពេលដែលយើងមិនអាចដឹងឬគ្រប់គ្រងអ្វីដែលនឹងកើតឡើង។ ជាឧទាហរណ៍ យើងប្រហែលជាគិតអំពីការចាប់ផ្ដើមកិច្ចបម្រើពេញពេល។ ប៉ុន្តែ ចុះយ៉ាងណាបើក្រោយមកយើងធ្លាក់ខ្លួនឈឺ? ចុះបើឪពុកម្ដាយយើងធ្លាក់ខ្លួនឈឺ ហើយត្រូវការជំនួយ? តើយើងនឹងចិញ្ចឹមខ្លួនយ៉ាងដូចម្ដេចពេលយើងមានវ័យចាស់? ទោះជាយើងអធិដ្ឋាននិងគិតអំពីសំណួរទាំងអស់នេះក្ដី យើងមិនអាចដឹងចម្លើយចំពោះសំណួរទាំងនេះបានទេ។ (សាស្ដា ៨:១៦, ១៧) ប៉ុន្តែ បើយើងទុកចិត្តលើព្រះយេហូវ៉ា យើងនឹងទទួលស្គាល់កម្រិតសមត្ថភាពរបស់យើង។ យើងនឹងធ្វើការស្រាវជ្រាវ សុំយោបល់ ហើយសំខាន់បំផុតសុំការណែនាំពីព្រះតាមរយៈសេចក្ដីអធិដ្ឋាន។ បន្ទាប់មក យើងត្រូវធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។ (សូមអាន សាស្ដា ១១:៤-៦) ព្រះយេហូវ៉ាអាចឲ្យពរទៅលើការសម្រេចចិត្តរបស់យើង ឬលោកអាចជួយយើងឲ្យផ្លាស់ប្ដូរគម្រោងរបស់យើង។—សុភាសិត ១៦:៣, ៩
របៀបដែលយើងអាចកាន់តែមានចិត្តសុភាព
១៥. តើតាមរបៀបណាការរំពឹងគិតអំពីព្រះយេហូវ៉ាជួយយើងឲ្យរក្សាចិត្តសុភាព?
១៥ តើតាមរបៀបណាយើងអាចកាន់តែមានចិត្តសុភាព? យើងនឹងពិចារណារបៀបបួនយ៉ាង។ ទី១ យើងត្រូវរំពឹងគិតអំពីព្រះយេហូវ៉ា ពោលគឺយើងគិតឲ្យបានដិតដល់អំពីគុណសម្បត្ដិរបស់លោក។ ពេលយើងប្រៀបធៀបខ្លួនទៅនឹងព្រះយេហូវ៉ា យើងទទួលស្គាល់ថាយើងគឺតូចតាចណាស់ ហើយថាអ្វីដែលយើងដឹងគឺតែបន្ដិចបន្តួចប៉ុណ្ណោះ។ (អេសាយ ៨:១៣) សូមចាំថាយើងបម្រើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត មិនមែនមនុស្សឬទេវតាទេ។ ការរំពឹងគិតអំពីចំណុចនេះនឹងជួយយើងឲ្យ«បន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ»។—ពេត្រុសទី១ ៥:៦
១៦. តើការរំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជួយយើងឲ្យមានចិត្តសុភាពយ៉ាងដូចម្ដេច?
១៦ របៀបទី២ដែលយើងអាចកាន់តែមានចិត្តសុភាពគឺដោយរំពឹងគិតអំពីសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលព្រះយេហូវ៉ាមានចំពោះយើង។ ប៉ូលបានប្រៀបប្រដូចក្រុមជំនុំទៅនឹងរូបកាយមនុស្ស។ ព្រះយេហូវ៉ាបានបង្កើតផ្នែកទាំងអស់នៃរូបកាយឲ្យមានតម្លៃ។ (កូរិនថូសទី១ ១២:២៣, ២៤) យើងម្នាក់ៗក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ។ លោកមិនប្រៀបធៀបយើងជាមួយនឹងអ្នកឯទៀតទេ ហើយលោកក៏មិនឈប់ស្រឡាញ់យើងពេលយើងធ្វើខុសដែរ។ យើងអាចមានអារម្មណ៍សុខស្រួលដោយដឹងថាព្រះយេហូវ៉ាស្រឡាញ់យើង។
១៧. តើការស្វែងរកគុណសម្បត្ដិរបស់អ្នកឯទៀតនឹងមានឥទ្ធិពលយ៉ាងណាទៅលើយើង?
១៧ ទី៣ យើងនឹងកាន់តែមានចិត្តសុភាព បើយើងយកតម្រាប់ព្រះយេហូវ៉ាដោយស្វែងរកគុណសម្បត្ដិរបស់អ្នកឯទៀត។ ជាជាងព្យាយាមធ្វើឲ្យមនុស្សផ្ដោតអារម្មណ៍ទៅលើខ្លួនយើងជានិច្ច ឬប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេត្រូវធ្វើ យើងនឹងសុំយោបល់ពីពួកគេ ហើយព្រមទទួលគំនិតរបស់ពួកគេ។ (សុភាសិត ១៣:១០) យើងសប្បាយពេលបងប្អូនរបស់យើងទទួលភារកិច្ចពិសេស។ ម្យ៉ាងទៀត យើងអរគុណព្រះយេហូវ៉ាដែលលោកឲ្យយើងទាំងអស់គ្នាបម្រើលោក។—ពេត្រុសទី១ ៥:៩
១៨. តើការបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងនឹងជួយយើងយ៉ាងណាឲ្យកាន់តែមានចិត្តសុភាព?
១៨ ទី៤ យើងនឹងកាន់តែមានចិត្តសុភាពពេលយើងប្រើគោលការណ៍គម្ពីរដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ គោលការណ៍ទាំងនោះបង្រៀនយើងអំពីទស្សនៈនិងគំនិតរបស់ព្រះយេហូវ៉ា។ ពេលយើងរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ា យើងអាចធ្វើការសម្រេចចិត្តដែលនាំឲ្យលោកពេញចិត្ត។ ពេលយើងសិក្សា អធិដ្ឋាននិងធ្វើតាមអ្វីដែលយើងរៀន នោះយើងនឹងមានសមត្ថភាពវិនិច្ឆ័យកាន់តែល្អប្រសើរឡើង។ (ធីម៉ូថេទី១ ១:៥) យើងរៀនឲ្យចេះចាត់ទុកអ្នកឯទៀតថាសំខាន់ជាងខ្លួន។ បើយើងធ្វើអ្វីទាំងនេះ ព្រះយេហូវ៉ាសន្យាថាលោកនឹង«បង្គ្រប់ការហ្វឹកហ្វឺន»របស់យើង នេះរួមបញ្ចូលការជួយយើងឲ្យកាន់តែមានចិត្តសុភាព។—ពេត្រុសទី១ ៥:១០
១៩. តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តសុភាពជារៀងរហូត?
១៩ តើអ្នកចាំអំពីអ្នកប្រកាសទំនាយដែលមកពីស្រុកយូដាដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះឬទេ? គាត់បានបាត់បង់ជីវិតនិងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា ព្រោះគាត់មិនបានរក្សាចិត្តសុភាព។ ប៉ុន្តែ យើងអាចរក្សាចិត្តសុភាព សូម្បីតែនៅពេលដែលយើងពិបាកធ្វើដូច្នេះក៏ដោយ។ គំរូជាច្រើននៃអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបង្ហាញថាយើងអាចធ្វើដូច្នេះបាន។ កាលដែលយើងបម្រើព្រះយេហូវ៉ាកាន់តែយូរ នោះយើងគួរពឹងផ្អែកលើលោកកាន់តែខ្លាំង។ (សុភាសិត ៨:១៣) ទោះជាយើងមានកាលៈទេសៈបែបណាក៏ដោយ យើងនៅតែអាចដើរជាមួយនឹងព្រះយេហូវ៉ា។ នេះគឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតដែលយើងអាចមាន។ ដូច្នេះ សូមយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីរក្សាចិត្តសុភាព ហើយដើរជាមួយនឹងព្រះយេហូវ៉ាជារៀងរហូត។