បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 កុម្ភៈ ទំ. ២០-២៦
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​យេស៊ូ​ដឹក​នាំ​គណៈ​អភិបាល
  • ​«​នេះ​មិន​មែន​ជា​កិច្ច​ការ​របស់​មនុស្ស​ទេ​»​
  • ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​?
  • ​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​
  • តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • ការប្រព្រឹត្តតាមការថ្វាយខ្លួនជាគ្រីស្ទានដោយសេរីភាព
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «យើងបានសម្រេចចិត្តរួមគ្នា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 កុម្ភៈ ទំ. ២០-២៦
គណៈអភិបាលនៅសតវត្សរ៍ទី១

តើ​អ្នក​ណា​កំពុង​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ?

​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា​»។—ហេប្រឺ ១៣:៧

ចម្រៀង​លេខ: ៤៣, ៤៦

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

នៅ​សម័យ​ពួក​សាវ័ក​និង​នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​នាំ​មុខ​រាស្ត្រ​របស់​ព្រះ​បាន . . .

  • ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ?

  • ទទួល​ជំនួយ​ពី​ទេវតា?

  • ត្រូវ​ណែនាំ​ដោយ​បណ្ដាំ​របស់​ព្រះ?

១, ២​. ក្រោយ​លោក​យេស៊ូ​បាន​ទៅ​ស្ថាន​សួគ៌ តើ​ពួក​សាវ័ក​ប្រហែល​ជា​បាន​ឆ្ងល់​អំពី​អ្វី?

សាវ័ក​របស់​លោក​យេស៊ូ​បាន​ឈរ​លើ​ភ្នំ​ដើម​អូលីវ។ ពួក​គាត់​បាន​មើល​កាល​ដែល​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​និង​ជា​មិត្ត​ភក្ដិ​របស់​ពួក​គាត់​បាន​ត្រូវ​លើក​ឡើង ហើយ​ពពក​មួយ​បាន​មក​បាំង​លោក​បាត់​ពី​ភ្នែក​ពួក​គាត់។ (​សកម្មភាព ១:៩, ១០​) អស់​ប្រហែល​ជា​ពីរ​ឆ្នាំ លោក​យេស៊ូ​បាន​បង្រៀន លើក​ទឹក​ចិត្ត និង​ណែនាំ​ពួក​គាត់។ ប៉ុន្តែ ឥឡូវ​លោក​លែង​នៅ​ផែន​ដី​ជា​មួយ​នឹង​ពួក​គាត់។ តើ​ពួក​គាត់​នឹង​ធ្វើ​អ្វី?

២ មុន​ទៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្មភាព ១:៨​) តើ​ពួក​គាត់​អាច​ធ្វើ​កិច្ច​ការ​នោះ​បាន​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​បាន​សន្យា​ថា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នឹង​ជួយ​ពួក​គាត់។ (​សកម្មភាព ១:៥​) ប៉ុន្តែ តើ​អ្នក​ណា​នឹង​ដឹក​នាំ​ពួក​គាត់ ហើយ​ចាត់​ចែង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក? ពួក​សាវ័ក​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​បុរស​មួយ​ចំនួន​ដើម្បី​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​មុន។ ដូច្នេះ ពួក​គាត់​ប្រហែល​ជា​បាន​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្មី​នៅ​ឥឡូវ​នេះ​ឬ​ទេ?

៣​. (​ក​) ក្រោយ​លោក​យេស៊ូ​បាន​ទៅ​ស្ថាន​សួគ៌ តើ​ពួក​សាវ័ក​ស្មោះ​ត្រង់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

៣ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទៅ​ស្ថាន​សួគ៌ អ្នក​កាន់​តាម​លោក​បាន​ពិចារណា​បទ​គម្ពីរ អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ហើយ​បាន​ជ្រើស​រើស​ម៉ាធាស​ឲ្យ​ជំនួស​យូដាស អ៊ីស្ការីយ៉ុត​ដើម្បី​បង្គ្រប់​ចំនួន​សាវ័ក​ទាំង​១២។ (​សកម្មភាព ១:១៥​-​២៦​) ហេតុ​អ្វី​ការ​ជ្រើស​រើស​នេះ​គឺ​សំខាន់​ណាស់​ចំពោះ​ពួក​គាត់​និង​ចំពោះ​ព្រះ​យេហូវ៉ា? ពួក​អ្នក​កាន់​តាម​លោក​បាន​ទទួល​ស្គាល់​ថា​ត្រូវ​មាន​សាវ័ក​១២​នាក់។a (​សូម​មើល​កំណត់​សម្គាល់​) លោក​យេស៊ូ​បាន​ជ្រើស​រើស​ពួក​សាវ័ក ហើយ​បាន​បង្ហាត់​បង្រៀន​ពួក​គាត់​ឲ្យ​មាន​តួនាទី​ដ៏​សំខាន់​ណាស់​ក្នុង​ចំណោម​រាស្ត្រ​ព្រះ។ តើ​តួនាទី​នោះ​គឺ​ជា​អ្វី? តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ជួយ​ពួក​គាត់​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​តួនាទី​នោះ​យ៉ាង​ដូច​ម្ដេច? នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​មាន​ការ​រៀប​ចំ​អ្វី​ដែល​ស្រដៀង​នឹង​នោះ? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​យើង​អាច​«​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​យើង ជា​ពិសេស​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​?—ហេប្រឺ ១៣:៧; ម៉ាថាយ ២៤:៤៥

លោក​យេស៊ូ​ដឹក​នាំ​គណៈ​អភិបាល

៤​. តើ​ពួក​សាវ័ក​និង​អ្នក​ចាស់​ទុំ​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម​មាន​តួនាទី​អ្វី?

៤ ពួក​សាវ័ក​បាន​ចាប់​ផ្ដើម​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ គម្ពីរ​ចែង​ថា​៖ ​«​ពេត្រុស​បាន​ក្រោក​ឡើង​ជា​មួយ​នឹង​សាវ័ក​ដប់​មួយ​នាក់​ទៀត​»​ ហើយ​បាន​បង្រៀន​មនុស្ស​មួយ​ក្រុម​ធំ​អំពី​សេចក្ដី​ពិត​ដែល​ជួយ​សង្គ្រោះ​ជីវិត។ (​សកម្មភាព ២:១៤, ១៥​) មនុស្ស​ជា​ច្រើន​ពី​ក្រុម​នោះ​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។ ក្រោយ​មក គ្រិស្ត​សាសនិក​ថ្មី​ទាំង​នោះ​បាន​«​បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»។ (​សកម្មភាព ២:៤២​) ពួក​សាវ័ក​មាន​ភារកិច្ច​ចាត់​ចែង​លុយ​កាក់​របស់​ក្រុម​ជំនុំ។ (​សកម្មភាព ៤:៣៤, ៣៥​) ពួក​គាត់​ក៏​បាន​បង្រៀន​រាស្ត្រ​ព្រះ ហើយ​បាន​អធិដ្ឋាន​សម្រាប់​ពួក​គេ។ ពួក​សាវ័ក​បាន​និយាយ​ថា​៖ ​«​យើង​នឹង​ព្យាយាម​ក្នុង​សេចក្ដី​អធិដ្ឋាន​និង​ក្នុង​កិច្ច​បម្រើ​ដែល​ទាក់​ទង​នឹង​បណ្ដាំ​របស់​ព្រះ​»។ (​សកម្មភាព ៦:៤​) ម្យ៉ាង​ទៀត ពួក​គាត់​បាន​ចាត់​ឲ្យ​គ្រិស្ត​សាសនិក​ដែល​មាន​បទ​ពិសោធន៍​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ថ្មី។ (​សកម្មភាព ៨:១៤, ១៥​) ក្រោយ​មក អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែល​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ក៏​បាន​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ជា​មួយ​នឹង​ពួក​សាវ័ក​ដែរ។ ក្នុង​នាម​ជា​គណៈ​អភិបាល ពួក​គាត់​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ។—សកម្មភាព ១៥:២

គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​គណៈ​អភិបាល​តាម​រយៈ​លោក​យេស៊ូ

៥, ៦​. (​ក​) តើ​សកម្មពល​បរិសុទ្ធ​បាន​ជួយ​គណៈ​អភិបាល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​តាម​របៀប​ណា​ទេវតា​បាន​ជួយ​គណៈ​អភិបាល? (​គ​) តើ​បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​គណៈ​អភិបាល​យ៉ាង​ដូច​ម្ដេច?

៥ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​គណៈ​អភិបាល​តាម​រយៈ​លោក​យេស៊ូ។ ហេតុ​អ្វី​ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​ដូច្នេះ? ទី១ គណៈ​អភិបាល​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ។ (​យ៉ូហាន ១៦:១៣​) គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ទទួល​សកម្មពល​បរិសុទ្ធ ប៉ុន្តែ​ជា​ពិសេស​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ទទួល​ឫទ្ធា​នុភាព​ពី​សកម្មពល​បរិសុទ្ធ​ដើម្បី​ពួក​គាត់​អាច​បំពេញ​តួនាទី​ជា​អ្នក​ត្រួតពិនិត្យ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​៤៩ គ.ស. សកម្មពល​បរិសុទ្ធ​បាន​ណែនាំ​គណៈ​អភិបាល​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​កាត់​ចុង​ស្បែក។ ក្រុម​ជំនុំ​នា​នា​បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ពី​គណៈ​អភិបាល។ ជា​លទ្ធផល ​«​ជំនឿ​របស់​ក្រុម​ជំនុំ​នា​នា​បាន​ត្រូវ​ពង្រឹង ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​បាន​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​»។ (​សកម្មភាព ១៦:៤, ៥​) សំបុត្រ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ក្រុម​ជំនុំ​នា​នា​បង្ហាញ​ថា​គណៈ​អភិបាល​មាន​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ហើយ​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ជំនឿ។—សកម្មភាព ១៥:១១, ២៥​-​២៩; កាឡាទី ៥:២២, ២៣

៦ ទី២ ទេវតា​បាន​ជួយ​គណៈ​អភិបាល។ ជា​ឧទាហរណ៍ ទេវតា​មួយ​រូប​បាន​ប្រាប់​កូនេលាស​ឲ្យ​រក​សាវ័ក​ពេត្រុស។ ក្រោយ​ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ដល់​កូនេលាស​និង​ញាតិ​សន្ដាន​របស់​គាត់ ពួក​គាត់​បាន​ទទួល​សកម្មពល​បរិសុទ្ធ ទោះ​ជា​បុរស​ក្នុង​ចំណោម​ពួក​គាត់​មិន​បាន​ត្រូវ​កាត់​ចុង​ស្បែក​ក៏​ដោយ។ ដូច្នេះ កូនេលាស​គឺ​ជា​ជន​ជាតិ​ដទៃ​ដំបូង​ដែល​មិន​បាន​ត្រូវ​កាត់​ចុង​ស្បែក​ដែល​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។ ពេល​ពួក​សាវ័ក​និង​បង​ប្អូន​ឯ​ទៀត​បាន​ឮ​អំពី​រឿង​នេះ ពួក​គាត់​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដោយ​ស្វាគមន៍​ជន​ជាតិ​ដទៃ​ដែល​មិន​បាន​កាត់​ចុង​ស្បែក​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​សកម្មភាព ១១:១៣​-​១៨​) ដូច្នេះ​យើង​អាច​ឃើញ​ថា ទេវតា​បាន​គាំ​ទ្រ​យ៉ាង​សកម្ម​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​គណៈ​អភិបាល​បាន​ដឹក​នាំ។ (​សកម្មភាព ៥:១៩, ២០​) ទី៣ បណ្ដាំ​របស់​ព្រះ​បាន​ណែនាំ​គណៈ​អភិបាល។ បុរស​ទាំង​នោះ​បាន​ប្រើ​បទ​គម្ពីរ​ដើម្បី​ជួយ​ពួក​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ៗ​ស្តី​អំពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនិក ហើយ​ដើម្បី​ដឹក​នាំ​ក្រុម​ជំនុំ​នា​នា។—សកម្មភាព ១:២០​-​២២; ១៥:១៥​-​២០

៧​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​លោក​យេស៊ូ​បាន​ដឹក​នាំ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម?

៧ ទោះ​ជា​គណៈ​អភិបាល​មាន​អំណាច​ក្នុង​ក្រុម​ជំនុំក្ដី សមាជិក​គណៈ​អភិបាល​បាន​យល់​ថា​លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គាត់។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? សាវ័ក​ប៉ូល​បាន​និយាយ​ថា​គឺ​គ្រិស្ត​ដែល​បាន​តែង​តាំង​«​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាវ័ក​»។ គាត់​ក៏​បាន​និយាយ​ថា​គ្រិស្ត​ជា​«​ប្រមុខ​»​ឬ​អ្នក​ដឹក​នាំ​របស់​ក្រុម​ជំនុំ។ (​អេភេសូរ ៤:១១, ១៥​) ម្យ៉ាង​ទៀត ពួក​អ្នក​កាន់​តាម​មិន​បាន​ហៅ​ខ្លួន​តាម​ឈ្មោះ​នៃ​សាវ័ក​ណា​ម្នាក់ តែ​ពួក​គាត់​«​បាន​ត្រូវ​ហៅ​ថា គ្រិស្ត​សាសនិក . . . តាម​ការ​ណែនាំ​របស់​ព្រះ​»។ (​សកម្មភាព ១១:២៦​) ប៉ូល​ដឹង​ថា​ការ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​និង​បុរស​ឯ​ទៀត​ដែល​បាន​នាំ​មុខ​គឺ​សំខាន់។ សេចក្ដី​បង្រៀន​ទាំង​នោះ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ តែ​ប៉ូល​បាន​និយាយ​ថា​៖ ​«​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត​»។ ពាក្យ​នេះ​រួម​បញ្ចូល​សមាជិក​ម្នាក់​ៗ​នៃ​គណៈ​អភិបាល។ ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ​»។ (​កូរិនថូស​ទី១ ១១:២, ៣​) យើង​អាច​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​ដឹក​នាំ​ក្រុម​ជំនុំ។

​«​នេះ​មិន​មែន​ជា​កិច្ច​ការ​របស់​មនុស្ស​ទេ​»​

៨, ៩​. តើ​បង​រ៉ាសិល​មាន​តួនាទី​ដ៏​សំខាន់​អ្វី?

៨ ចាប់​ពី​ឆ្នាំ​១៨៧០ បង​ប្រុស​ឆាល ថេស រ៉ាសិល​និង​មិត្ត​ភក្ដិ​ខ្លះ​របស់​គាត់​បាន​ខំ​ព្យាយាម​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​សម​ស្រប​តាម​គម្ពីរ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ នេះ​រួម​បញ្ចូល​ការ​ជួយ​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ៗ។ ដូច្នេះ នៅ​ឆ្នាំ​១៨៨៤ សមាគម​ប៉ម​យាម​ខាង​ខិត្តប័ណ្ណ​នៃ​ភ្នំ​ស៊ីយ៉ូន​បាន​ត្រូវ​បង្កើត​ឡើង​ស្រប​ច្បាប់ ហើយ​បង​រ៉ាសិល​បាន​ទៅ​ជា​ប្រធាន។b (​សូម​មើល​កំណត់​សម្គាល់​) គាត់​បាន​សិក្សា​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​គាត់​មិន​ខ្លាច​នឹង​ប្រាប់​អ្នក​ឯ​ទៀត​ថា​សេចក្ដី​បង្រៀន​របស់​វិហារ ដូច​ជា​ព្រលឹង​អមតៈ​និង​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​គឺ​មិន​មាន​ក្នុង​គម្ពីរ​ទេ។ គាត់​បាន​រៀន​ថា​គ្រិស្ត​នឹង​ត្រឡប់​មក​វិញ​ដោយមនុស្ស​មើល​មិន​ឃើញ ហើយ​ថា​«​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា​»​នឹង​ចប់​នៅ​ឆ្នាំ​១៩១៤។ (​លូកា ២១:២៤​) បង​រ៉ាសិល​បាន​ប្រើ​កម្លាំង ពេល​វេលា និង​លុយ​កាក់​របស់​ខ្លួន​ដើម្បី​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ដល់​អ្នក​ឯ​ទៀត។ យើង​អាច​ឃើញ​ច្បាស់​ថា​នៅ​ពេល​ដ៏​សំខាន់​នេះ​ក្នុង​ប្រវត្ដិសាស្ត្រ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ប្រើ​បង​រ៉ាសិល​ដើម្បី​នាំ​មុខ។

៩ បង​រ៉ាសិល​មិន​ចង់​ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​គាត់​ទេ។ នៅ​ឆ្នាំ​១៨៩៦ គាត់​បាន​សរសេរ​ថា​គាត់​និង​បុរស​ឯ​ទៀត​ដែល​មាន​ភារកិច្ច​មិន​ចង់​ទទួល​ការ​លើក​តម្កើង​ទេ។ ពួក​គាត់​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ផ្ដល់​ឋានៈ​ពិសេស​ដល់​ពួក​គាត់ ហើយ​ក៏​មិន​ចង់​ឲ្យ​ក្រុម​ណា​មួយ​ប្រើ​ឈ្មោះ​របស់​ពួក​គាត់​ដែរ។ គាត់​បាន​និយាយ​ក្រោយ​មក​ថា​៖ ​«​នេះ​មិន​មែន​ជា​កិច្ច​ការ​របស់​មនុស្ស​ទេ​»។

​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ជា​បង​ប្រុស​ៗ​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ធ្វើ​ជា​គណៈ​អភិបាល

១០​. (​ក​) តើ​លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​នៅ​ពេល​ណា? (​ខ​) សូម​ពន្យល់​អំពី​របៀប​ដែល​បន្ដិច​ម្ដង​ៗ​យើង​បាន​ដឹង​ថា​គណៈ​អភិបាល​គឺ​ខុស​គ្នា​ពី​សមាគម​ប៉ម​យាម។

១០ នៅ​ឆ្នាំ​១៩១៩ ដែល​ជា​បី​ឆ្នាំ​ក្រោយ​ពី​បង​រ៉ាសិល​បាន​ស្លាប់ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ហេតុ​អ្វី? គឺ​ដើម្បី​ឲ្យ​អ្នក​កាន់​តាម​លោក​ទទួល‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›។ (​ម៉ាថាយ ២៤:៤៥​) សូម្បី​តែ​នៅ​សម័យ​នោះ បុរស​មួយ​ក្រុម​តូច​ដែល​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​នា​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក បាន​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ។ បុរស​មួយ​ក្រុម​តូច​នោះ​គឺ​ជា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ក្រោយ​ពី​ឆ្នាំ​១៩៤០ សៀវភៅ​របស់​យើង​បាន​ចាប់​ផ្ដើម​ប្រើ​ពាក្យ​«​គណៈ​អភិបាល​»។ នៅ​ពេល​នោះ គណៈ​អភិបាល​ជាប់​ទាក់​ទង​នឹង​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គណៈ​អភិបាល​ខុស​គ្នា​ពី​សមាគម​ប៉ម​យាម។ សមាគម​ប៉ម​យាម​ទទួល​ខុស​ត្រូវ​ចំពោះ​តែ​រឿង​ទាក់​ទង​នឹង​ខាង​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។ តាំង​ពី​ពេល​នោះ​មក បុរស​ដែល​បាន​ត្រូវ​រើស​តាំង​អាច​ទៅ​ជា​សមាជិក​គណៈ​អភិបាល ទោះ​ជា​គាត់​មិន​មែន​ជា​សមាជិក​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​ប៉ម​យាម​ក៏​ដោយ។ ក្រោយ​មក បុរស​ពី​«​ចៀម​ឯ​ទៀត​»​បាន​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​នាយក​និង​សមាជិក​សាជីវកម្ម​ឯ​ទៀត​ដែល​រាស្ត្រ​របស់​ព្រះ​ប្រើ។ ជា​លទ្ធផល គណៈ​អភិបាល​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ផ្ដល់​ការ​ណែនាំ​និង​ការ​បង្រៀន​ពី​គម្ពីរ។ (​យ៉ូហាន ១០:១៦; សកម្មភាព ៦:៤​) ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ បាន​ពន្យល់​ថា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​គឺ​ជា​គណៈ​អភិបាល ដែល​ជា​បង​ប្រុស​ៗ​មួយ​ក្រុម​តូច​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។

គណៈអភិបាលនៅទសវត្សរ៍ឆ្នាំ១៩៥០

គណៈ​អភិបាល​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០

១១​. តើ​គណៈ​អភិបាល​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១១ គណៈ​អភិបាល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ៗ​ជា​ក្រុម​នៅ​ពេល​ដែល​សមាជិក​គណៈ​អភិបាល​ជួប​ជុំ​គ្នា​រាល់​សប្ដាហ៍។ ការ​ប្រជុំ​គ្នា​បែប​នេះ​ជួយ​ពួក​គាត់​ឲ្យ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​រក្សា​សាមគ្គី​ភាព។ (​សុភាសិត ២០:១៨​) គ្មាន​សមាជិក​គណៈ​អភិបាល​ណា​ម្នាក់​ដែល​សំខាន់​ជាង​សមាជិក​ឯ​ទៀត​ទេ ដូច្នេះ​រាល់​ឆ្នាំ​ពួក​គាត់​ផ្លាស់​វេន​គ្នា​ដើម្បី​មាន​បង​ប្រុស​ផ្សេង​នាំ​មុខ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ។ (​ពេត្រុស​ទី១ ៥:១​) គណៈ​កម្មាធិការ​ទាំង​៦​នៃ​គណៈ​អភិបាល​ក៏​ធ្វើ​ដូច្នេះ​ដែរ។ គ្មាន​សមាជិក​គណៈ​អភិបាល​ណា​ម្នាក់​ដែល​គិត​ថា​គាត់​ជា​អ្នក​ដឹក​នាំ​របស់​បង​ប្អូន​គាត់​ទេ។ ពួក​គាត់​ម្នាក់​ៗ​ក៏ជា​សមាជិក​នៃ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»។ ម្យ៉ាង​ទៀត ពួក​គាត់​ម្នាក់​ៗ​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែរ។

ទស្សនាវដ្ដីប៉មយាមចាប់ពីសតវត្សរ៍ទី១៩រហូតដល់សព្វថ្ងៃ គណៈអភិបាលសព្វថ្ងៃនេះ

តាំង​ពី​ពេល​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​តែង​តាំង​នៅ​ឆ្នាំ​១៩១៩ ខ្ញុំ​បម្រើ​នោះ​បាន​រៀប​ចំ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​សម្រាប់​រាស្ត្រ​របស់​ព្រះ (​សូម​មើល​វគ្គ​១០, ១១​)

​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​?

១២​. នៅ​ឥឡូវ​នេះ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

១២ ព្រះ​មិន​និយាយ​ដោយ​ផ្ទាល់​ទៅ​គណៈ​អភិបាល​ទេ ហើយ​គណៈ​អភិបាល​ក៏​មិន​មែន​ល្អ​ឥត​ខ្ចោះ​ដែរ។ គណៈ​អភិបាល​អាច​ពន្យល់​ខុស​អំពី​គម្ពីរ ឬ​ផ្ដល់​ការ​ណែនាំ​មិន​ត្រឹម​ត្រូវ​ដល់​អង្គ​ការ​យើង។ ជា​ឧទាហរណ៍ សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា​មាន​ចំណង​ជើង​តូច​ថា​«​របៀប​ដែល​ជំនឿ​របស់​យើង​ទៅ​ជា​ច្បាស់​ជាង​»​ ហើយ​ក្រោម​ចំណង​ជើង​តូច​នោះ​មាន​បញ្ជី​អំពី​ការ​កែ​តម្រូវ​ក្នុង​ការ​យល់​ដឹង​របស់​យើង​ស្តី​អំពី​គម្ពីរ។ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដ៏​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច្នេះ តើ​យើង​អាច​ឆ្លើយ​សំណួរ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​ដែល​ថា​៖ ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​? (​ម៉ាថាយ ២៤:៤៥​) តើ​មាន​ទី​សំអាង​អ្វី​ដែល​បញ្ជាក់​ថា​គណៈអភិបាល​គឺ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់? សូម​យើង​ពិចារណា​អំពី​អ្វី​បី​យ៉ាង ដែល​ដូច​គ្នា​នឹង​អ្វី​ដែល​បាន​ជួយ​គណៈ​អភិបាល​នៅ​សម័យ​ពួក​សាវ័ក។

១៣​. តើ​សកម្មពល​បរិសុទ្ធ​បាន​ជួយ​គណៈ​អភិបាល​យ៉ាង​ដូច​ម្ដេច?

១៣ សកម្មពល​បរិសុទ្ធ​ជួយ​គណៈ​អភិបាល។ សកម្មពល​បរិសុទ្ធ​បាន​ជួយ​គណៈ​អភិបាល​ឲ្យ​យល់​សេចក្ដី​ពិត​ពី​គម្ពីរ​ដែល​មិន​បាន​យល់​ពី​មុន​ទេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បញ្ជី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​ស្តី​អំពី​របៀប​ដែល​ជំនឿ​របស់​យើង​បាន​ទៅ​ជា​ច្បាស់​ជាង។ គ្មាន​មនុស្ស​ណា​ដែល​អាច​យល់​និង​ពន្យល់​«​សេចក្ដី​ជ្រាល​ជ្រៅ​»​ទាំង​នោះ​របស់​ព្រះ​ដោយ​គ្មាន​ជំនួយ​ឡើយ! (​សូម​អាន កូរិនថូស​ទី១ ២:១០​) គណៈ​អភិបាល​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖ ​«​យើង​ក៏​និយាយ​ការ​ទាំង​នេះ​ដែរ មិន​មែន​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ប្រាជ្ញា​របស់​មនុស្ស​ទេ តែ​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​សកម្មពល​របស់​ព្រះ​វិញ​»។ (​កូរិនថូស​ទី១ ២:១៣​) ក្រោយ​ពី​មាន​សេចក្ដី​បង្រៀន​មិន​ពិត​និង​គ្មាន​ការ​ណែនាំ​ច្បាស់​លាស់​អស់​រាប់​រយ​ឆ្នាំ ហេតុ​អ្វី​ការ​យល់​ដឹង​អំពី​គម្ពីរ​បាន​កើន​ឡើង​តាំង​ពី​ឆ្នាំ​១៩១៩? មាន​តែ​មូលហេតុ​មួយ​ប៉ុណ្ណោះ​គឺ​ព្រះ​បាន​ផ្ដល់​ជំនួយ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក!

១៤​. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ១៤:៦, ៧ តើ​តាម​របៀប​ណា​ពួក​ទេវតា​ជួយ​គណៈ​អភិបាល​និង​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ ពួក​ទេវតា​ជួយ​គណៈ​អភិបាល។ គណៈ​អភិបាល​មាន​ភារកិច្ច​ធ្ងន់​ដើម្បី​ណែនាំ​អ្នក​ផ្សាយ​ជាង​៨​លាន​នាក់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ ហេតុ​អ្វី​កិច្ច​ការ​នោះ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង? មូលហេតុ​មួយ​គឺ​ដោយ​សារ​ការ​គាំ​ទ្រ​ពី​ពួក​ទេវតា។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:៦, ៧​) ក្នុង​ករណី​ជា​ច្រើន ពួក​ទេវតា​បាន​ណែនាំ​អ្នក​ផ្សាយ​ឲ្យ​ជួប​បុគ្គល​ដែល​ទើប​តែ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ!c (​សូម​មើល​កំណត់​សម្គាល់​) កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​កិច្ច​ការ​បង្រៀន​បន្ត​រីក​ចម្រើន សូម្បី​តែ​នៅ​កន្លែង​ដែល​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្ដី។ នេះ​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ជំនួយ​ពី​ពួក​ទេវតា។

១៥​. តើ​គណៈ​អភិបាល​ខុស​គ្នា​យ៉ាង​ណា​ពី​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា? សូម​លើក​ឧទាហរណ៍​មួយ។

១៥ បណ្ដាំ​របស់​ព្រះ​ណែនាំ​គណៈ​អភិបាល។ (​សូម​អាន យ៉ូហាន ១៧:១៧​) សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៧៣។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មិថុនា ជា​ភាសា​អង់គ្លេស បាន​សួរ​ថា តើ​«​បុគ្គល​ដែល​មិន​បាន​ផ្ដាច់​ការ​ញៀន​ថ្នាំ​ជក់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ​»​? ចម្លើយ​ក្នុង​ទស្សនាវដ្ដី​នោះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​គឺ​ថា​មិន​មាន​ទេ! ទស្សនាវដ្ដី​ប៉ម​យាម​នោះ​បាន​ប្រើ​បទ​គម្ពីរ​មួយ​ចំនួន ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​បុគ្គល​ដែល​មិន​ព្រម​ឈប់​ជក់​បារី​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ (​កូរិនថូស​ទី១ ៥:៧; កូរិនថូស​ទី២ ៧:១​) ទស្សនាវដ្ដី​នោះ​បាន​ពន្យល់​ថា​ខ្នាត​តម្រា​ដ៏​ម៉ឺង​ម៉ាត់​នេះ​មិន​មែន​មក​ពី​មនុស្ស​ទេ តែ​មក​«​ពី​ព្រះ ដែល​ប្រាប់​យើង​អំពី​ទស្សនៈ​របស់​លោក​តាម​រយៈ​បណ្ដាំ​របស់​លោក​ជា​លាយ​លក្ខណ៍​អក្សរ​»។ គ្មាន​អង្គ​ការ​សាសនា​ណា​ទៀត​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​បណ្ដាំ​របស់​ព្រះ សូម្បី​តែ​ពេល​ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​ពិបាក​យ៉ាង​ខ្លាំង​ចំពោះ​សមាជិក​ខ្លះ​ក្ដី។ សៀវភៅ​មួយ​ដែល​បាន​ចេញ​ថ្មី​ៗ​នេះ​អំពី​សាសនា​នៅ​សហរដ្ឋ​អាម៉េរិក​ចែង​ថា​៖ ​«​អ្នក​ដឹក​នាំ​គ្រិស្ត​សាសនា​ច្រើន​តែ​កែ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ឲ្យ​សម​ស្រប​នឹង​ជំនឿ​និង​មតិ​របស់​សមាជិក​ជា​ច្រើន​នៃ​វិហារ​របស់​ពួក​គេ ព្រម​ទាំង​ជំនឿ​និង​មតិ​របស់​សង្គម​ដែរ​»។ ប៉ុន្តែ គណៈ​អភិបាល​មិន​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ភាគ​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ សមាជិក​គណៈ​អភិបាល​ទទួល​ការ​ណែនាំ​ពី​បណ្ដាំ​របស់​ព្រះ ហើយ​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​អ្នក​ដែល​កំពុង​ដឹក​នាំ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។

​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​

១៦​. តើ​អ្វី​ជា​របៀប​មួយ​ដែល​យើង​ចាំ​អំពី​គណៈ​អភិបាល?

១៦ សូម​អាន ហេប្រឺ ១៣:៧។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា​»។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​គឺ​ដោយ​អធិដ្ឋាន​អំពី​គណៈ​អភិបាល។ (​អេភេសូរ ៦:១៨​) ពួក​គាត់​មាន​ភារកិច្ច​ជា​ច្រើន​ដែល​រួម​បញ្ចូល​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ការ​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វិភាគ​ទាន​ដែល​អង្គ​ការ​ទទួល។ ដូច្នេះ ពួក​គាត់​ពិត​ជា​ត្រូវ​ការ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ជា​ទៀង​ទាត់!

១៧, ១៨​. (​ក​) តើ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​គណៈ​អភិបាល​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​គាំ​ទ្រ​គណៈ​អភិបាល​និង​លោក​យេស៊ូ?

១៧ យើង​ក៏​អាច​ចាំ​អំពី​គណៈ​អភិបាល​ដែរ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល។ គណៈ​អភិបាល​ផ្ដល់​ការ​ណែនាំ​ដល់​យើង​តាម​រយៈ​សៀវភៅ កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​របស់​យើង។ គណៈ​អភិបាល​ក៏​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​តែង​តាំង​អ្នក​ចាស់​ទុំ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​អ្នក​ចាស់​ទុំ​បង្ហាញ​ថា​ពួក​គាត់​ចាំ​អំពី​គណៈ​អភិបាល ដោយ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គាត់​ទទួល។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​បង្ហាញ​ថា​យើង​គោរព​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង​ដោយ​ស្ដាប់​បង្គាប់​បុរស​ដែល​លោក​កំពុង​ប្រើ​សព្វ​ថ្ងៃ​នេះ។—ហេប្រឺ ១៣:១៧

១៨ របៀប​មួយ​ទៀត​ដែល​យើង​អាច​ចាំ​អំពី​គណៈ​អភិបាល​គឺ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ហេប្រឺ ១៣:៧​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​យក​តម្រាប់​ជំនឿ​របស់​ពួក​អ្នក​ដែល​នាំ​មុខ។ គណៈ​អភិបាល​បាន​បង្ហាញ​ជំនឿ​ខ្លាំង​ដោយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​និង​ដោយ​លើក​ស្ទួយ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ តើ​យើង​គាំ​ទ្រ​បង​ប្រុស​ទាំង​នោះ​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ​ឬ​ទេ? បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ចិត្ត​សប្បាយ​ពេល​យើង​ឮ​លោក​យេស៊ូ​ប្រាប់​យើង​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​របស់​ខ្ញុំ នោះ​ក៏​ដូច​ជា​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ​»។—ម៉ាថាយ ២៥:៣៤​-​៤០

១៩​. ហេតុ​អ្វី​អ្នក​តាំង​ចិត្ត​ធ្វើ​តាម​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង?

១៩ ពេល​លោក​យេស៊ូ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌ លោក​មិន​បាន​បោះ​បង់​អ្នក​កាន់​តាម​លោក​ឡើយ។ (​ម៉ាថាយ ២៨:២០​) លោក​ដឹង​ថា​សកម្មពល​បរិសុទ្ធ ទេវតា និង​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​លោក​ដើម្បី​នាំ​មុខ​ពេល​លោក​នៅ​ផែន​ដី។ លោក​យេស៊ូ​ផ្ដល់​ជំនួយ​ដូច​គ្នា​ដល់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​សព្វ​ថ្ងៃ​នេះ។ គណៈ​អភិបាល​បន្ត​«​ដើរ​តាម​កូន​ចៀម​»​ពោល​គឺ​លោក​យេស៊ូ ​«​ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ​»។ (​ការ​បើក​បង្ហាញ ១៤:៤​) ដូច្នេះ ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​គណៈ​អភិបាល យើង​ដើរ​តាម​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង។ មិន​យូរ​ទៀត លោក​នឹង​នាំ​យើង​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ការ​បើក​បង្ហាញ ៧:១៤​-​១៧​) អ្នក​ដឹក​នាំ​ដែល​ជា​មនុស្ស​មិន​អាច​សន្យា​ដូច្នេះ​បាន​ទេ!

a តាម​មើល​ទៅ​ព្រះ​យេហូវ៉ា​ចង់​មាន​សាវ័ក​១២​នាក់​ដើម្បី​នៅ​ពេល​អនាគត​ពួក​គាត់​អាច​ធ្វើ​ជា​«​ថ្ម​គ្រឹះ​ដប់​ពីរ​»​នៃ​ក្រុង​យេរូសាឡិម​ថ្មី។ (​ការ​បើក​បង្ហាញ ២១:១៤​) នេះ​គឺ​ជា​មូលហេតុ​ដែល​ក្រោយ​ពី​ពួក​សាវ័ក​ស្មោះ​ត្រង់​បាន​ស្លាប់​មិន​ចាំ​បាច់​មាន​អ្នក​ជំនួស​ពួក​គាត់​ទេ។

b តាំង​ពី​ឆ្នាំ​១៩៥៥ សាជីវកម្ម​នោះ​បាន​ត្រូវ​ស្គាល់​ថា​ជា​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី។

c សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០០១ ទំព័រ​១៧ វគ្គ​១៦។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​នៅ​ម៉ាថាយ ២៤:៤៥ គឺ​ជា​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ដែល​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ទោះ​ជា​ពួក​គេ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​ជា​ចៀម​ឯ​ទៀត​ក៏​ដោយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក