បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 កុម្ភៈ ទំ. ៣១-ទំ. ៣២ វ. ៣
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាជួយយើងពេលមានទុក្ខលំបាក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • របៀបរក្សាអំណរពេលមានទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ទោះជាមានសេចក្ដីទុក្ខលំបាក សូមកាន់ជាប់នឹងជំនឿរបស់អ្នក!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 កុម្ភៈ ទំ. ៣១-ទំ. ៣២ វ. ៣

សំណួរ​ពី​អ្នក​អាន

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​ព្រះ​យេហូវ៉ា​«​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ​»។ (​កូរិនថូស​ទី១ ១០:១៣​) តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​គិត​ពិចារណា​ទុក​ជា​មុន​អំពី​អ្វី​ដែល​យើង​អាច​ស៊ូ​ទ្រាំ ហើយ​ក្រោយ​មក​ជ្រើស​រើស​ទុក្ខ​លំបាក​ដែល​យើង​នឹង​ជួប​ប្រទះ​ឬ​ទេ?

បើ​នេះ​ជា​ការ​ពិត សូម​គិត​អំពី​ឥទ្ធិពល​ដែល​នេះ​នឹង​មាន​លើ​ជីវិត​របស់​យើង។ ជា​ឧទាហរណ៍ កូន​ប្រុស​របស់​បង​ប្រុស​ម្នាក់​បាន​ធ្វើ​អត្តឃាត។ បង​ប្រុស​នោះ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​បាន​ដឹង​អំពី​ពេល​អនាគត​របស់​គាត់ ហើយ​បាន​គិត​ពិចារណា​ថា​គាត់​និង​ប្រពន្ធ​គាត់​អាច​ស៊ូ​ទ្រាំ​នឹង​រឿង​ខ្លោច​ផ្សា​នេះ​ឬ​ទេ? ក្នុង​របៀប​របប​ពិភព​លោក​នេះ យើង​ជា​ច្រើន​នាក់​នឹង​ជួប​ប្រទះ​នឹង​រឿង​ខ្លោច​ផ្សា។ ដូច្នេះ តើ​យើង​គួរ​ជឿ​ថា​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ?

កាល​ដែល​យើង​ពិចារណា​កូរិនថូស​ទី១ ១០:១៣ យើង​នឹង​ឃើញ​ថា​គម្ពីរ​មិន​គាំ​ទ្រ​ទស្សនៈ​ថា​ព្រះ​យេហូវ៉ា​ដឹង​ទុក​ជា​មុន​អំពី​អ្វី​ៗ​ដែល​យើង​អាច​ស៊ូ​ទ្រាំ ហើយ​ក្រោយ​មក​សម្រេច​ចិត្ត​ថា​យើង​នឹង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​បែប​ណា​ទេ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​យើង​ពិចារណា​មូលហេតុ​បួន​យ៉ាង។

ទី១ ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​នូវ​ចិត្ត​សេរី ពោល​គឺ​សេរី​ភាព​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ លោក​ចង់​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ (​ចោទិយកថា ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥​) បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​អាច​ពឹង​ផ្អែក​លើ​លោក​ដើម្បី​ណែនាំ​យើង។ (​សុភាសិត ១៦:៩​) ប៉ុន្តែ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ យើង​ត្រូវ​ទទួល​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​នោះ។ (​កាឡាទី ៦:៧​) ដូច្នេះ បើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា​យើង​នឹង​ឆ្លង​កាត់​បញ្ហា​ខ្លះ​ក្នុង​ជីវិត​របស់​យើង តើ​យើង​ពិត​ជា​មាន​ចិត្ត​សេរី​ឬ​ទេ?

ទី២ ព្រះ​យេហូវ៉ា​មិន​ការពារ​យើង​ពី​«​ពេល​វេលា​នឹង​ឱកាស​»​ឬ​ព្រឹត្ដិការណ៍​ដែល​យើង​មិន​បាន​រំពឹង​ទុក​ទេ។ (​សាស្ដា ៩:១១​) បុគ្គល​ម្នាក់​អាច​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​គាត់​នៅ​កន្លែង​មួយ​ចំ​ពេល​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​គ្រោះ​ថ្នាក់​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់​ស្លាប់​ដោយ​សារ​ប៉ម​បាន​រលំ​លើ​ពួក​គេ។ លោក​បាន​បញ្ជាក់​ច្បាស់​ថា​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទេ។ (​លូកា ១៣:១​-​៥​) គឺ​មិន​សម​ហេតុ​ផល​ទេ​ដែល​គិត​ថា​មុន​គ្រោះ​ថ្នាក់​មួយ​កើត​ឡើង ព្រះ​បាន​សម្រេច​ចិត្ត​ថា​អ្នក​ណា​នឹង​រស់ ឬ​អ្នក​ណា​នឹង​ស្លាប់​ឡើយ។

ទី៣ យើង​ម្នាក់​ៗ​ត្រូវ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា។ សាថាន​បាន​និយាយ​ថា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បម្រើ​លោក​ដោយ​សារ​តែ​ផល​ប្រយោជន៍​ដែល​ពួក​គេ​ទទួល​ពី​លោក។ សាថាន​បាន​ចោទ​ថា​បើ​យើង​មាន​ទុក្ខ​លំបាក យើង​នឹង​មិន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ (​យ៉ូប ១:៩​-​១១; ២:៤; ការ​បើក​បង្ហាញ ១២:១០​) បើ​ព្រះ​យេហូវ៉ា​បាន​ការពារ​យើង​ពី​ទុក្ខ​លំបាក​ខ្លះ នេះ​អាច​មើល​ទៅ​ហាក់​ដូច​ជា​សាថាន​និយាយ​ត្រឹម​ត្រូវ។

ទី​៤ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​មិន​ដឹង​ទុក​ជា​មុន​អំពី​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​ដល់​យើង។ ព្រះ​យេហូវ៉ា​ពិត​ជា​អាច​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត បើ​លោក​ចង់​ធ្វើ​ដូច្នេះ។ (​អេសាយ ៤៦:១០​) ប៉ុន្តែ គម្ពីរ​បង្ហាញ​ថា​លោក​សម្រេច​ចិត្ត​មិន​ដឹង​ទុក​ជា​មុន​អំពី​អ្វី​មួយ​ចំនួន។ (​លោកុប្បត្តិ ១៨:២០, ២១; ២២:១២​) ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ក៏​សុចរិត ដូច្នេះ​លោក​មិន​បំពាន​លើ​សេរី​ភាព​របស់​យើង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។—ចោទិយកថា ៣២:៤; កូរិនថូស​ទី២ ៣:១៧

ពេល​ប៉ូល​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​«​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​»​ តើ​គាត់​ចង់​សំដៅ​លើ​អ្វី? ក្នុង​ខ​គម្ពីរ​នេះ ប៉ូល​កំពុង​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក មិន​មែន​មុន​យើង​មាន​ទុក្ខ​លំបាក​ទេ។a (​សូម​មើល​កំណត់​សម្គាល់​) បើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​យើង។ (​ទំនុក​តម្កើង ៥៥:២២​) យើង​នឹង​ពិចារណា​នៅ​ឥឡូវ​នេះ​អំពី​មូលហេតុ​ពីរ​យ៉ាង​ដែល​ប៉ូល​អាច​និយាយ​ដូច្នេះ។

មូលហេតុ​ទី១​គឺ​ដោយ​សារ‹មនុស្ស​ឯ​ទៀត​ក៏​ធ្លាប់​ជួប›ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ​ដែរ។ ដរាប​ណា​យើង​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន ដរាប​នោះ​យើង​ទាំង​អស់​គ្នា​នឹង​ជួប​ប្រទះ​នឹង​ស្ថានភាព​ពិបាក ថែម​ទាំង​ជួប​ប្រទះ​នឹង​រឿង​ដ៏​ខ្លោច​ផ្សា។ ប៉ុន្តែ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ព្រះយេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ ហើយ​រក្សា​ចិត្ត​ស្មោះ​ភក្ដី។ (​ពេត្រុស​ទី១ ៥:៨, ៩​) នៅ​កូរិនថូស​ទី១ ជំពូក​១០ ប៉ូល​បាន​សរសេរ​អំពី​សេចក្ដី​ល្បួង​មួយ​ចំនួន​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជួប​ប្រទះ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ (​កូរិនថូស​ទី១ ១០:៦​-​១១​) ពួក​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​នោះ​បាន។ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​មិន​បាន​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ដោយ​សារ​ពួក​គេ​មិន​បាន​ពឹង​ផ្អែក​លើ​លោក​ឡើយ។

មូលហេតុ​ទី២​គឺ​ដោយ​សារ​«​ព្រះ​គឺ​ស្មោះ​ត្រង់​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ពេល​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​អ្នក​បម្រើ​របស់​លោក​ក្នុង​ប្រវត្ដិសាស្ត្រ យើង​អាច​ឃើញ​ថា​ដោយ​ចិត្ត​ស្មោះ​ត្រង់​លោក​ជួយ​«​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់​»។ (​ចោទិយកថា ៧:៩​) យើង​ក៏​អាច​ឃើញ​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ (​យ៉ូស្វេ ២៣:១៤​) យើង​អាច​ប្រាកដ​ថា (​១​) ព្រះ​យេហូវ៉ា​នឹង​មិន​ឲ្យ​ទុក្ខ​លំបាក​ណា​ទៅ​ជា​ពិបាក​ខ្លាំង​ពេក​ដែល​យើង​ស៊ូ​ទ្រាំ​មិន​បាន ហើយ(​២​) លោក​«​នឹង​រៀប​ចំ​ផ្លូវ​ចេញ​»​សម្រាប់​យើង។

បងស្រីម្នាក់កំពុងអានគម្ពីរ អធិដ្ឋាន ហើយជួបអ្នកចាស់ទុំពីរនាក់

ព្រះ​យេហូវ៉ា​«​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»​

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​«​រៀប​ចំ​ផ្លូវ​ចេញ​»​សម្រាប់​ពួក​អ្នក​ដែល​ពឹង​ផ្អែក​លើ​លោក? លោក​ពិត​ជា​អាច​ដក​ចេញ​ទុក្ខ​លំបាក​ណា​មួយ។ ប៉ុន្តែ​សូម​ចាំ​ថា ប៉ូល​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​នឹង​«​រៀប​ចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​ប្រទះ​សេចក្ដី​ល្បួង​នោះ​»។ ដូច្នេះ ព្រះ​យេហូវ៉ា​ច្រើន​តែ​រៀប​ចំ​ផ្លូវ​ចេញ​សម្រាប់​យើង​ដោយ​ពង្រឹង​កម្លាំង​យើង​ដើម្បី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ភក្ដី។ សូម​យើង​ពិចារណា​របៀប​ខ្លះ​ដែល​លោក​ធ្វើ​ដូច្នេះ។

  • ព្រះ​យេហូវ៉ា​«​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។ (​កូរិនថូស​ទី២ ១:៣, ៤​) លោក​អាច​ធ្វើ​ឲ្យ​យើង​ស្ងប់​ចិត្ត អារម្មណ៍ និង​គំនិត​តាម​រយៈ​គម្ពីរ សកម្មពល​បរិសុទ្ធ និង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់។—ម៉ាថាយ ២៤:៤៥; យ៉ូហាន ១៤:១៦, កំ.ស.; រ៉ូម ១៥:៤

  • ព្រះ​យេហូវ៉ា​អាច​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ណែនាំ​យើង។ (​យ៉ូហាន ១៤:២៦​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ចាំ​អំពី​កំណត់​ហេតុ​និង​គោល​ការណ៍​ក្នុង​គម្ពីរ​ដើម្បី​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

  • ព្រះ​យេហូវ៉ា​អាច​ប្រើ​ទេវតា​របស់​លោក​ដើម្បី​ជួយ​យើង។—ហេប្រឺ ១:១៤

  • ព្រះ​យេហូវ៉ា​អាច​ប្រើ​បង​ប្អូន​របស់​យើង​ដើម្បី​ជួយ​យើង។ ពួក​គាត់​អាច​ពង្រឹង​កម្លាំង​យើង​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់។—កូឡុស ៤:១១

ដូច្នេះ តើ​យើង​បាន​រៀន​អ្វី​ពី​ពាក្យ​របស់​ប៉ូល​នៅ​កូរិនថូស​ទី១ ១០:១៣? ព្រះ​យេហូវ៉ា​មិន​ជ្រើស​រើស​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ​ទេ។ ប៉ុន្តែ​យើង​អាច​ប្រាកដ​ថា បើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​រៀប​ចំ​ផ្លូវ​ចេញ​ដើម្បី​ឲ្យ​យើង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។

a ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ការ​ល្បួង​»​ក៏​មាន​ន័យ​ថា​ទុក្ខ​លំបាក​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក