បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មេសា ទំ. ១០-១៤
  • តើរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​អាក្រក់
  • ស្ថាប័ន​ពុក​រលួយ
  • អំពើ​អាក្រក់
  • ស្ថានភាព​អាក្រក់
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើពិភពលោកនេះកំពុងឈានទៅរកទីបញ្ចប់ឬ?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • កៀកណាស់ហើយ! គ្រាដែលរាជ្យរបស់ព្រះនឹងប្រោសយើងឲ្យរួច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ការរស់នៅជានិរន្ដរ៍មិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មេសា ទំ. ១០-១៤
លោកយេស៊ូកំពុងជិះសេះមួយសម្បុរស ហើយកងទ័ពនៅស្ថានសួគ៌ជិះតាមក្រោយលោក

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​អ្វី?

​«​ពិភព​លោក​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។—យ៉ូហាន​ទី១ ២:១៧

ចម្រៀង​លេខ: ៥៥, ២៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​មនុស្ស​អាក្រក់​និង​ស្ថាប័ន​ពុក​រលួយ?

  • តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​អំពើ​អាក្រក់​និង​ស្ថានភាព​អាក្រក់?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ប្រាកដ​ថា​អ្នក​នឹង​រួច​ជីវិត​ពេល​ដែល​ពិភព​លោក​ដ៏​អាក្រក់​នេះ​សាប​សូន្យ​ទៅ?

១, ២​. (​ក​) តើ​តាម​របៀប​ណា​ពិភព​លោក​ដ៏​អាក្រក់​នេះ​ស្រដៀង​គ្នា​នឹង​ឧក្រិដ្ឋជន​ដែល​ហៀបនឹង​ត្រូវ​ប្រហារ​ជីវិត? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​បុគ្គល​គ្រប់​រូប​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ក្រោយ​ពី​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​បាន​ត្រូវ​បំផ្លាញ?

សូម​ស្រមៃ​គិត​អំពី​ឧក្រិដ្ឋជន​ដ៏​សាហាវ​ម្នាក់​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ អ្នក​យាម​នាំ​គាត់​ទៅ​ប្រហារ​ជីវិត។ ទោះ​ជា​ឧក្រិដ្ឋជន​នោះ​នៅ​មាន​ជីវិត​និង​តាម​មើល​ទៅ​មាន​សុខភាព​ល្អ​ក្ដី គាត់​ជិត​ដល់​ពេល​ស្លាប់។

២ ពិភព​លោក​ដ៏​អាក្រក់​នេះ​គឺ​ស្រដៀង​នឹង​ឧក្រិដ្ឋជន​ដែល​ជិត​ត្រូវ​គេ​ប្រហារ​ជីវិត។ គម្ពីរ​ចែង​ថា​៖ ​«​ពិភព​លោក​នេះ . . . កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»។ (​យ៉ូហាន​ទី១ ២:១៧​) ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​មក​ដល់ ដូច្នេះ​នេះ​នឹង​កើត​ឡើង​ជា​មិន​ខាន។ ប៉ុន្តែ មាន​ចំណុច​ដ៏​សំខាន់​ដែល​ខុស​គ្នា​រវាង​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​និង​ការ​ប្រហារ​ជីវិត​របស់​ឧក្រិដ្ឋជន​នោះ។ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា​ការ​វិនិច្ឆ័យ​ទោស​ឧក្រិដ្ឋជន​នោះ​គឺ​អយុត្ដិធម៌ ហើយ​តវ៉ា​ប្រឆាំង​ដោយ​សង្ឃឹម​ថា​ឧក្រិដ្ឋជន​នោះ​នឹង​មិន​ត្រូវ​ប្រហារ​ជីវិត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​គឺ​ជា​ចៅ​ក្រម​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ការ​សម្រេច​ចិត្ត​របស់​លោក​ដើម្បី​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ​គឺ​ប្រកប​ដោយ​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ។ (​ចោទិយកថា ៣២:៤​) ការ​បំផ្លាញ​នៃ​របៀប​របប​ពិភព​លោកនេះ​នឹង​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ។ ក្រោយ​ពី​របៀប​របប​ពិភព​លោក​នេះ​បាន​ត្រូវ​បំផ្លាញ បុគ្គល​គ្រប់​រូប​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​យល់​ស្រប​ថា​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ។ ទាំង​អស់​គ្នា​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល!

៣​. មាន​បញ្ហា​បួន​ដែល​នឹង​លែង​មាន​ទៀត​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ តើ​នោះ​គឺ​ជា​អ្វី?

៣ តើ​«​ពិភព​លោក​»​ដែល​«​កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ​»​រួម​បញ្ចូល​អ្វី​ខ្លះ? នេះ​រួម​បញ្ចូល​អ្វី​ៗ​ដែល​អាក្រក់​ដែល​មាន​ក្នុង​ជីវិត​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ មិន​យូរ​ទៀត អ្វី​ៗ​ទាំង​នោះ​នឹង​លែង​មាន​ទៀត។ តាម​ពិត នេះ​ជា​ផ្នែក​មួយ​នៃ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›។ (​ម៉ាថាយ ២៤:១៤​) ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​បញ្ហា​បួន​ដែល​នឹង​លែង​មាន​ទៀត​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​គឺ​៖ មនុស្ស​អាក្រក់ ស្ថាប័ន​ពុក​រលួយ អំពើ​អាក្រក់ និង​ស្ថានភាព​អាក្រក់។ ពេល​យើង​ពិចារណា​អំពី​បញ្ហា​នីមួយ​ៗ​យើង​នឹង​រៀន​អំពី (​១​) របៀប​ដែល​បញ្ហា​នោះ​មាន​ឥទ្ធិពល​មក​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ (​២​) អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ចំពោះ​បញ្ហា​នោះ និង (​៣​) ព្រះ​នឹង​ជំនួស​បញ្ហា​នោះ​ដោយ​អ្វី។

មនុស្ស​អាក្រក់

៤​. នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​មនុស្ស​អាក្រក់?

៤ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​មនុស្ស​អាក្រក់? សាវ័ក​ប៉ូល​បាន​និយាយ​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​«​នឹង​លំបាក​ណាស់​»។ រួច​គាត់​ក៏​បាន​និយាយ​បន្ថែម​ថា​៖ ​«​មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៥, ១៣​) តើ​អ្នក​បាន​ឃើញ​ពាក្យ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ការ​ពិត​ឬ​ទេ? យើង​ជា​ច្រើន​នាក់​បាន​រង​គ្រោះ​ដោយ​សារ​មនុស្ស​អាក្រក់ ដូច​ជា​មនុស្ស​ដែល​ធ្វើ​បាប​អ្នក​ឯ​ទៀត​យ៉ាង​ឃោរ​ឃៅ អ្នក​ដែល​ប្រកាន់​ពូជ​សាសន៍ និង​ឧក្រិដ្ឋជន​ដ៏​សាហាវ។ អ្នក​ខ្លះ​មិន​ព្យាយាម​លាក់​បាំង​អំពើ​អាក្រក់​ដែល​ពួក​គេ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដោយ​បើក​ចំហ។ ខ្លះ​ទៀត​ធ្វើ​ពុត​ជា​ជួយ​អ្នក​ឯ​ទៀត ប៉ុន្តែ​តាម​ពិត​ពួក​គេ​ជា​មនុស្ស​អាក្រក់។ ទោះ​ជា​យើង​មិន​បាន​រង​គ្រោះ​ដោយ​បទ​ឧក្រិដ្ឋ​ណា​មួយ​ក្ដី យើង​នៅ​តែ​រង​ការ​ពិបាក​ដោយ​សារ​មនុស្ស​អាក្រក់។ យើង​ឈឺ​ចិត្ត​ពេល​ដែល​យើង​ឮ​អំពី​ទង្វើ​ដ៏​សាហាវ​របស់​ពួក​គេ​ចំពោះ​កូន​ក្មេង មនុស្ស​ចាស់ និង​អ្នក​ដែល​ទន់​ខ្សោយ។ មនុស្ស​អាក្រក់​ទាំង​នោះ​ប្រព្រឹត្ត​ដូច​សត្វ​តិរច្ឆាន​ឬ​ថែម​ទាំង​ដូច​ពួក​វិញ្ញាណ​កំណាច។ (​យ៉ាកុប ៣:១៥​) ប៉ុន្តែ យើង​សប្បាយ​រីក​រាយ​ដោយ​សារ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម។

៥​. (​ក​) តើ​មនុស្ស​អាក្រក់​នៅ​តែ​មាន​ឱកាស​ធ្វើ​អ្វី? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​កែ​ប្រែ?

៥ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? នៅ​ឥឡូវ​នេះ ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​អាក្រក់​កែ​ប្រែ។ (​អេសាយ ៥៥:៧​) ទោះ​ជា​របៀប​របប​ពិភព​លោក​នេះ​ជិត​នឹង​ត្រូវ​បំផ្លាញ​ក៏​ដោយ ពួក​គេ​មិន​ទាន់​បាន​ទទួល​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​នៅ​ឡើយ​ទេ។ ប៉ុន្តែ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​កែ​ប្រែ​និង​ដែល​គាំ​ទ្រ​របៀប​របប​ពិភព​លោក​នេះ​រហូត​ដល់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​ដល់? ព្រះ​យេហូវ៉ា​សន្យា​ថា​មនុស្ស​អាក្រក់​ទាំង​អស់​នឹង​ត្រូវ​បំបាត់​ចោល​ពី​ផែន​ដី។ (​សូម​អាន ទំនុក​តម្កើង ៣៧:១០​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លាក់​បាំង​អំពើ​អាក្រក់​ដែល​ពួក​គេ​ធ្វើ ហើយ​ជា​ច្រើន​ដង​ពួក​គេ​មិន​បាន​ទទួល​ការ​ដាក់​ទោស​ទេ។ (​យ៉ូប ២១:៧, ៩​) ប៉ុន្តែ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ព្រះ​នេត្រ​ទ្រង់​បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ។ គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា​ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ​»។ (​យ៉ូប ៣៤:២១, ២២​) ដូច្នេះ គ្មាន​អ្វី​ដែល​អាច​លាក់​បាំង​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ លោក​អាច​ឃើញ​គ្រប់​ការ​ទាំង​អស់​ដែល​មនុស្ស​អាក្រក់​ធ្វើ។ ក្រោយ​សង្គ្រាម​ហាម៉ាគេដូន យើង​ប្រហែល​ជា​នឹង​មើល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​នៅ ប៉ុន្តែ​យើង​នឹង​មិន​ឃើញ​ពួក​គេ​ទេ។ ពួក​គេ​នឹង​សាប​សូន្យ​ទៅ​ជា​រៀង​រហូត!—ទំនុក​តម្កើង ៣៧:១២​-​១៥

៦​. តើ​អ្នក​ណា​នឹង​នៅ​មាន​ជីវិត​ពេល​ដែល​លែង​មាន​មនុស្ស​អាក្រក់ ហើយ​ហេតុ​អ្វី​នេះ​ជា​ដំណឹង​ល្អ?

៦ តើ​អ្នក​ណា​នឹង​នៅ​មាន​ជីវិត​ពេល​ដែល​លែង​មាន​មនុស្ស​អាក្រក់? ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​មនុស្ស​រាប​សា​គេ​នឹង​បាន​ផែន​ដី​ជា​មរ​ដក ហើយ​នឹង​បាន​ចិត្ត​រីក​រាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។ ទំនុក​នោះ​ក៏​ចែង​ក្រោយ​មក​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរ​ដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​ទំនុក​តម្កើង ៣៧:១១, ២៩​) តើ​«​មនុស្ស​រាប​សា​»​និង​«​ពួក​អ្នក​សុចរិត​»​ជា​អ្នក​ណា? មនុស្ស​រាប​សា​ជា​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ដែល​រៀន​ពី​ព្រះ​យេហូវ៉ា​និង​ស្ដាប់​បង្គាប់​លោក។ ពួក​អ្នក​សុចរិត​គឺ​ជា​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។ នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ទុច្ចរិត​ច្រើន​ជាង​មនុស្ស​សុចរិត។ ប៉ុន្តែ ក្នុង​ពិភព​លោក​ថ្មី នឹង​មាន​តែ​មនុស្ស​សុចរិត​និង​រាប​សា​ប៉ុណ្ណោះ ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន!

ស្ថាប័ន​ពុក​រលួយ

៧​. នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​ស្ថាប័ន​ពុក​រលួយ?

៧ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​ស្ថាប័ន​ពុក​រលួយ? ជា​ច្រើន​ដង​អំពើ​អាក្រក់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​មិន​មែន​មក​ពី​បុគ្គល​ម្នាក់​ៗ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​ស្ថាប័ន។ អង្គ​ការ​សាសនា​បោក​បញ្ឆោត​មនុស្ស​រាប់​លាន​នាក់។ ជា​ឧទាហរណ៍ ពួក​គេ​កុហក​អំពី​ព្រះ ពួក​គេ​និយាយ​ថា​គម្ពីរ​មិន​អាច​ទុក​ចិត្ត​បាន​ទេ ហើយ​ពួក​គេ​បោក​បញ្ឆោត​មនុស្ស​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​ចំពោះ​ផែន​ដី​និង​មនុស្សជាតិ។ រដ្ឋាភិបាល​ពុក​រលួយ​លើក​ស្ទួយ​ការ​ធ្វើ​សង្គ្រាម ការ​ប្រើ​អំពើ​ហិង្សា​ដោយ​សារ​ការ​ប្រកាន់​ពូជ​សាសន៍ ហើយ​ការ​ជិះ​ជាន់​ជន​ទាល់​ក្រ​និង​អ្នក​ដែល​គ្មាន​ទី​ពឹង។ ដោយ​ទទួល​សំណូក​ឬ​លម្អៀង​ទៅ​ម្ខាង​ៗ រដ្ឋាភិបាល​បែប​នោះ​មាន​អំណាច​កាន់​តែ​ខ្លាំង​និង​មាន​ទ្រព្យ​សម្បត្ដិ​កាន់​តែ​ច្រើន។ ក្រុម​ហ៊ុន​ដែល​លោភ​លន់​បង្ខូច​បរិស្ថាន បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​កេង​ប្រវ័ញ្ច​មនុស្ស ដើម្បី​បុគ្គល​មួយ​ចំនួន​អាច​ទៅ​ជា​អ្នក​មាន។ ដូច្នេះ ការ​រង​ទុក្ខ​ជា​ច្រើន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​បណ្ដាល​មក​ពី​ស្ថាប័ន​ពុក​រលួយ។

៨​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្ថាប័ន​ពុក​រលួយ​ដែល​សព្វ​ថ្ងៃ​នេះ​មើល​ទៅ​មាំ​មួន?

៨ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី? គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​ពេល​ដែល​រដ្ឋាភិបាល​នា​នា​រួម​គ្នា​វាយ​ប្រហារ​សាសនា​មិន​ពិត​ទាំង​ឡាយ ដែល​គម្ពីរ​បាន​រៀប​រាប់​ថា​ជា​ស្ត្រី​ពេស្យា​ដែល​បាន​ត្រូវ​ហៅ​ថា​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​ការ​បើក​បង្ហាញ ១៧:១, ២, ១៦; ១៨:១​-​៤​) អង្គ​ការ​សាសនា​ទាំង​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្តែ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ស្ថាប័ន​ពុក​រលួយ​ឯ​ទៀត​ទាំង​អស់? គម្ពីរ​ប្រៀប​ប្រដូច​ស្ថាប័ន​ទាំង​នោះ​ទៅ​នឹង​ភ្នំ​និង​កោះ ដោយ​សារ​ស្ថាប័ន​ទាំង​នោះ​មើល​ទៅ​មាំ​មួន​និង​ខ្លាំង​ក្លា។ (​សូម​អាន ការ​បើក​បង្ហាញ ៦:១៤​) ប៉ុន្តែ​គម្ពីរ​ចែង​ថា​រដ្ឋាភិបាល​និង​ស្ថាប័ន​ឯ​ទៀត​ទាំង​អស់​ដែល​មិន​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​បំផ្លាញ។ នេះ​គឺ​ជា​ផ្នែក​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ (​យេរេមា ២៥:៣១​-​៣៣​) ក្រោយ​មក នឹង​គ្មាន​ស្ថាប័ន​ពុក​រលួយ​ណា​សោះ!

៩​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ពិភព​លោក​ថ្មី​នឹង​មាន​របៀប​រៀប​រយ?

៩ តើ​ស្ថាប័ន​ពុក​រលួយ​នឹង​ត្រូវ​ជំនួស​ដោយ​អ្វី? ក្រោយ​សង្គ្រាម​ហាម៉ាគេដូន តើ​នឹង​មាន​របៀប​រៀប​ចំ​នៅ​ផែន​ដី​ឬ​ទេ? គម្ពីរ​ចែង​ថា​៖ ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។ (​ពេត្រុស​ទី២ ៣:១៣​) មេឃ​ចាស់​និង​ផែន​ដី​ចាស់​គឺ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​និង​មនុស្ស​ទុច្ចរិត​ដែល​នៅ​ក្រោម​អំណាច​នៃ​រដ្ឋាភិបាល​ទាំង​នោះ។ ក្រោយ​ពី​លែង​មាន​ពួក​គេ​ទៀត តើ​នឹង​មាន​អ្វី​ជំនួស​ពួក​គេ? ​«​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី​»។ មេឃ​ថ្មី​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ថ្មី ពោល​គឺ​រាជាណាចក្រ​ដែល​មាន​លោក​យេស៊ូ​គ្រិស្ត​និង​ពួក​១៤៤​.​០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក។ ផែន​ដី​ថ្មី​សំដៅ​ទៅ​លើ​សង្គម​មនុស្ស​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។ លោក​យេស៊ូ​និង​ពួកអ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នឹង​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ។ (​កូរិនថូស​ទី១ ១៤:៣៣​) ដូច្នេះ​«​ផែន​ដី​ថ្មី​»​នឹង​មាន​របៀប​រៀប​រយ។ នៅ​ពេល​នោះ​នឹង​មាន​បុរស​ដ៏​ល្អ​ដែល​នឹង​ចាត់​ចែង​អ្វី​ផ្សេង​ៗ។ (​ទំនុក​តម្កើង ៤៥:១៦​) បុរស​ទាំង​នោះ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​គ្រិស្ត​និង​ពួក​១៤៤​.​០០០​នាក់។ សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​ស្ថាប័ន​ពុក​រលួយ​ទាំង​អស់​នឹង​ត្រូវ​ជំនួស​ដោយ​អង្គ​ការ​តែ​មួយ​ដែល​មាន​សាមគ្គី​ភាព ហើយ​ដែល​មិន​អាច​ពុក​រលួយ!

អំពើ​អាក្រក់

១០​. នៅ​តំបន់​ដែល​អ្នក​រស់​នៅ តើ​មាន​អំពើ​អាក្រក់​បែប​ណា​ជា​ទូ​ទៅ ហើយ​តើ​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​ពិបាក​យ៉ាង​ណា?

១០ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ណា​ដោយ​សារ​អំពើ​អាក្រក់? យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌ ភាព​មិន​ស្មោះ​ត្រង់ និង​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ។ ការ​កម្សាន្ត​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​អ្វី​បែប​នេះ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ ហើយ​ក៏​មើល​ងាយ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​អេសាយ ៥:២០​) ជា​ពិសេស ឪ​ពុក​ម្ដាយ​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ការពារ​កូន​ៗ​របស់​ពួក​គេ​ពី​ឥទ្ធិពល​ដ៏​អាក្រក់​ទាំង​នោះ។ តាម​ពិត នៅ​ក្នុង​ពិភព​លោក​ដែល​មិន​គោរព​ខ្នាត​តម្រា​របស់​ព្រះ គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ការពារ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១១​. តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា?

១១ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​អំពើ​អាក្រក់? សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អំពើ​អាក្រក់​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ (​សូម​អាន ពេត្រុស​ទី២ ២:៦​-​៨​) ឡុត​ជា​មនុស្ស​សុចរិត ហើយ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​អំពើ​អាក្រក់​ទាំង​អស់​ដែល​មនុស្ស​នៅ​ជុំ​វិញ​ពួក​គាត់​បាន​ប្រព្រឹត្ត។ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​តំបន់​នោះ​ទាំង​មូល​ដើម្បី​បំបាត់​ចោល​នូវ​អំពើ​អាក្រក់​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ទី​នោះ។ លោក​ក៏​បាន​«​ទុក​គំរូ​»​ដល់​មនុស្ស​អាក្រក់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច​នៅ​សម័យ​នោះ​ព្រះ​យេហូវ៉ា​បាន​បំបាត់​ចោល​អំពើ​ប្រាស​ចាក​សីលធម៌​ទាំង​អស់​នៅ​កន្លែង​នោះ លោក​ក៏​នឹង​បំបាត់​ចោល​អំពើ​ទាំង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពេល​ដែល​លោក​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។

១២​. តើ​អ្នក​ទន្ទឹង​រង់​ចាំ​ធ្វើ​អ្វី​ខ្លះ​ពេល​ដែល​របៀប​របប​ពិភព​លោក​នេះ​លែង​មាន​ទៀត?

១២ តើ​អ្វី​នឹង​ជំនួស​អំពើ​អាក្រក់? នៅ​ពិភព​លោក​ថ្មី យើង​នឹង​ជាប់​រវល់​ក្នុង​សកម្មភាព​ជា​ច្រើន​ដែល​សប្បាយ​រីក​រាយ។ ជា​ឧទាហរណ៍ យើង​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន ហើយ​សង់​ផ្ទះ​សម្រាប់​ខ្លួន​យើង​និង​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ យើង​ក៏​នឹង​ទទួល​ស្វាគមន៍​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​និង​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​មនុស្សជាតិ។ (​អេសាយ ៦៥:២១, ២២; សកម្មភាព ២៤:១៥​) នៅ​ពេល​នោះ យើង​នឹង​ជាប់​រវល់​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ ហើយ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ!

ស្ថានភាព​អាក្រក់

១៣​. តើ​ការ​បះ​បោរ​នៅ​សួន​អេដែន​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៣ នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​រង​គ្រោះ​យ៉ាង​ណា​ដោយ​សារ​ស្ថានភាព​អាក្រក់? ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​អាក្រក់ ស្ថាប័ន​ពុក​រលួយ និង​អំពើ​អាក្រក់​បាន​នាំ​ឲ្យ​មាន​ស្ថានភាព​អាក្រក់​ក្នុង​ជីវិត។ យើង​ទាំង​អស់​គ្នា​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម ភាព​ក្រី​ក្រ ការ​ប្រកាន់​ពូជ​សាសន៍ ជំងឺ និង​សេចក្ដី​ស្លាប់។ ស្ថានភាព​ដ៏​អាក្រក់​ទាំង​នេះ​បណ្ដាល​មក​ពី​ការ​បះ​បោរ​ប្រឆាំង​របស់​សាថាន អាដាម និង​អេវ៉ា​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ទាំង​អស់​គ្នា​បាន​រង​ទុក្ខ​ដោយ​សារ​ការ​បះ​បោរ​របស់​ពួក​គេ។

១៤​. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​ស្ថានភាព​អាក្រក់?

១៤ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​ស្ថានភាព​អាក្រក់? សូមពិចារណា​ឧទាហរណ៍​ខ្លះ។ ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​បំបាត់​សង្គ្រាម​ទាំង​អស់។ (​សូម​អាន ទំនុក​តម្កើង ៤៦:៨, ៩​) លោក​នឹង​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ​ទៀត។ (​អេសាយ ៣៣:២៤​) លោក​នឹង​បំបាត់​ចោល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត។ (​អេសាយ ២៥:៨​) លោក​នឹង​ធ្វើ​ឲ្យ​លែង​មាន​ភាព​ក្រី​ក្រ។ (​ទំនុក​តម្កើង ៧២:១២​-​១៦​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ស្ថានភាព​អាក្រក់​ទាំង​អស់​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​នៅ​សព្វ​ថ្ងៃ​នេះ។ លោក​ថែម​ទាំង​នឹង​បំបាត់​ចោល​ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា!—អេភេសូរ ២:២

មនុស្សពេញវ័យនិងកូនក្មេងសប្បាយរីករាយនឹងជីវិតនៅក្នុងពិភពលោកដែលគ្មានសង្គ្រាម ជំងឺ ឬសេចក្ដីស្លាប់

សូម​ស្រមៃ​គិត​អំពី​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម ជំងឺ ឬ​សេចក្ដី​ស្លាប់! (​សូម​មើល​វគ្គ​១៥​)

១៥​. ក្រោយ​ពី​សង្គ្រាម​ហាម៉ាគេដូន តើ​អ្វី​ខ្លះ​នឹង​លែង​មាន​ជា​រៀង​រហូត?

១៥ សូម​ស្រមៃ​គិត​ថា​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម ជំងឺ ឬ​សេចក្ដី​ស្លាប់! នៅ​ពេល​នោះ​នឹង​គ្មាន​កង​ទ័ព ឬ​អាវុធ​ឡើយ។ យើង​នឹង​មិន​ត្រូវ​ការ​មន្ទីរ​ពេទ្យ គ្រូ​ពេទ្យ កន្លែង​តម្កល់​សព ឬ​កន្លែង​បូជា​ឬ​ក៏​កប់​សព​ទេ។ ម្យ៉ាង​ទៀត នឹង​មិន​មាន​បទ​ឧក្រិដ្ឋ ដូច្នេះ​យើង​នឹង​មិន​ត្រូវ​ការ​ប៉ូលិស ឬ​ប្រហែល​ជា​មិន​ទាំង​ចាក់​សោ​រ​ឬ​ក៏​ត្រូវ​ការ​កូន​សោ​រ​ទេ! ស្ថានភាព​អាក្រក់​ទាំង​អស់​នោះ​ដែល​នាំ​ឲ្យ​យើង​មាន​កង្វល់​ជា​ច្រើន​នឹង​លែង​មាន​ជា​រៀង​រហូត។

១៦, ១៧​. (​ក​) តើ​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? សូម​ឲ្យ​ឧទាហរណ៍។ (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​នឹង​នៅ​តែ​មាន​ជីវិត​ក្រោយ​ពី​ពិភព​លោក​ចាស់​នេះ​លែង​មាន​ទៀត?

១៦ តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​ពេល​ដែល​លែង​មាន​ស្ថានភាព​អាក្រក់? នេះ​មិន​ស្រួល​ស្រមៃ​គិត​ទេ។ ពី​ព្រោះ​យើង​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​អស់​ជា​យូរ​ណាស់​មក​ហើយ យើង​ប្រហែល​ជា​មិន​សម្គាល់​ថា​ស្ថានភាព​អាក្រក់​នោះ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ខ្លាំង​យ៉ាង​ណា​ឡើយ។ ជា​ឧទាហរណ៍ មនុស្ស​ដែល​រស់​នៅ​ជិត​បេន​ឡាន​ក្រុង​ប្រហែល​ជា​លែង​សម្គាល់​សំឡេង​ឡូឡា​ដែល​មក​ពី​ទី​នោះ​ទៀត។ ម្យ៉ាង​ទៀត អ្នក​ដែល​រស់​នៅ​ជិត​កន្លែង​ចាក់​សំរាម​ប្រហែល​ជា​លែង​ដឹង​ក្លិន​ស្អុយ​ដែល​មក​ពី​ទី​នោះ​ទៀត។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ស្ថានភាព​អាក្រក់​ទាំង​អស់ យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល!

១៧ តើ​អ្វី​នឹង​ជំនួស​ការ​តាន​តឹង​ចិត្ត​ទាំង​អស់​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ? ទំនុក​តម្កើង ៣៧:១១ ចែង​ថា​៖ ​«​មនុស្ស​រាប​សា . . . នឹង​បាន​ចិត្ត​រីក​រាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។ ការ​ដឹង​ថា​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ធ្វើ​សម្រាប់​យើង ពិត​ជា​ជួយ​សម្រាល​ទុក្ខ​យើង​មែន! ក្នុង​គ្រា​ដែល​តាន​តឹង​ចិត្ត​នេះ សូម​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក។ សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​អនាគត​គឺ​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​សូម​រំពឹង​គិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​សង្ឃឹម​នេះ ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ពិត​ជា​ជឿ​ជាក់​លើ​សេចក្ដី​សង្ឃឹម​នេះ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នេះ។ (​ធីម៉ូថេ​ទី១ ៤:១៥, ១៦; ពេត្រុស​ទី១ ៣:១៥​) ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​ប្រាកដ​ថា​ពេល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់ អ្នក​នឹង​រួច​ជីវិត ហើយ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ជា​រៀង​រហូត!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក