ជំពូកទី១
ការរស់នៅជានិរន្តរ៍មិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ
១, ២ ហេតុអ្វីក៏ពិបាកនឹងជឿថា មនុស្សលោកយើងអាចរស់នៅជានិរន្តរ៍ ដោយសុភមង្គលនៅលើផែនដីបាន?
សុភមង្គលនៅលើផែនដី—ហាក់ដូចជាមិនអាចទទួលបានសោះ សូម្បីតែមួយរយៈពេលយ៉ាងខ្លីក៏ដោយ។ ជម្ងឺ ភាពចាស់ជរា ការអត់ឃ្លាន ឧក្រិដ្ឋកម្ម—ជាបញ្ហាដែលគ្រាន់តែលើកមកថ្លែងប្រាប់បន្ដិចបន្តួចប៉ុណ្ណោះ—តែងតែធ្វើឲ្យជីវិតរងទុក្ខវេទនាយ៉ាងខ្លាំង។ អញ្ចឹង លោកអ្នកប្រហែលជាមានប្រសាសន៍ថា៖ ការនិយាយអំពីការរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីនោះ គឺជាការបិទភ្នែកចំពោះសេចក្ដីពិតទៅវិញទេ។ លោកអ្នកប្រហែលជាគិតថា ការនិយាយអំពីរឿងនេះជាការខាតពេលវេលាទេ ហើយថាការរស់នៅជានិរន្តរ៍គ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះ។
២ ប្រាកដហើយ មនុស្សភាគច្រើនមានគំនិតស្របនឹងលោកអ្នកដែរ។ ដូច្នេះ ហេតុអ្វីបានជាយើងអាចជឿជាក់ថា អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីបាន? ហេតុអ្វីក៏យើងអាចជឿបានថា ជីវិតដ៏អស់កល្បជានិច្ចមិនមែនជាការយល់សប្ដិប៉ុណ្ណោះទេនោះ?
ហេតុដែលយើងអាចជឿបាន
៣ អ្វីដែលបង្ហាញថា ព្រះទ្រង់មានព្រះទ័យចង់ឲ្យមនុស្សយើងសប្បាយរីករាយនៅលើផែនដីនេះ?
៣ យើងអាចជឿបានពីព្រោះអ្នកដែលមានមហិទ្ធិឫទ្ធិ គឺព្រះដែលមានគ្រប់ព្រះចេស្ដា ទ្រង់បានរៀបចំផែនដីឲ្យមានរបស់របរទាំងអស់ដែលយើងត្រូវការ ដើម្បីបំពេញតាមចំណង់របស់យើង។ ទ្រង់បានសូនធ្វើផែនដីយ៉ាងសុក្រឹតសំរាប់យើងទាំងអស់គ្នា! ហើយទ្រង់បានបង្កើតបុរសនិងស្ត្រីយ៉ាងប្រសើរបំផុត ដើម្បីឲ្យគេបានអរសប្បាយនឹងជីវិតយ៉ាងពេញលេញ នៅលើផែនដីដែលជាលំនៅរបស់គេ—ជានិរន្តរ៍ទៅ។—ទំនុកដំកើង ១១៥:១៦
៤ តើអ្វីដែលអ្នកវិទ្យាសាស្ត្របានរៀនអំពីរូបកាយរបស់មនុស្សដែលបង្ហាញថា នេះបានត្រូវបង្កើតមកដើម្បីឲ្យរស់នៅជានិរន្តរ៍?
៤ ពួកអ្នកវិទ្យាសាស្ត្របានដឹងជាយូរមកហើយ អំពីឥទ្ធិពលនៃរូបកាយរបស់មនុស្សដែលធ្វើខ្លួនឯងជាថ្មីឡើងវិញបាន។ ដោយមធ្យោបាយយ៉ាងអស្ចារ្យ កោសិកាអាចផ្លាស់ជាថ្មីឬក៏ជួសជុលតាមសេចក្ដីដែលត្រូវការ។ ហើយដំណើរធ្វើខ្លួនឯងជាថ្មីឡើងវិញនេះ ហាក់ដូចជាអាចមានដំណើរទៅមុខជានិរន្តរ៍បាន។ ប៉ុន្តែទៅជាមិនធ្វើបានដូចការនោះសោះ ហើយនេះជារឿងដែលអ្នកវិទ្យាសាស្ត្រមិនអាចពន្យល់បានឡើយ។ ពួកគេនៅតែយល់មិនច្បាស់ ហេតុអ្វីក៏មនុស្សយើងទៅជាចាស់ជរាអញ្ចឹង។ ពួកគេនិយាយថា នៅក្រោមស្ថានភាពដ៏ល្អត្រឹមត្រូវ មនុស្សលោកអាចរស់នៅជានិរន្តរ៍បាន។—ទំនុកដំកើង ១៣៩:១៤
៥ តើព្រះគម្ពីរបានចែងយ៉ាងណាអំពីគោលបំណងរបស់ព្រះចំពោះផែនដី?
៥ ប៉ុន្តែ តើពិតជាគោលបំណងរបស់ព្រះឬ ដែលមនុស្សលោករស់នៅដោយសុភមង្គលនៅលើផែនដីជានិរន្តរ៍នោះ? ប្រសិនបើអញ្ចឹងមែន ជីវិតដ៏អស់កល្បជានិច្ចមិនមែនគ្រាន់តែជាការប្រាថ្នា ឬក៏ជាការយល់សប្ដិប៉ុណ្ណោះទេ—គឺនឹងត្រូវតែមកជាពិតមែន! តើព្រះគម្ពីរ ជាសៀវភៅដែលសរសេរប្រាប់ពីបំណងព្រះ បានចែងយ៉ាងណាអំពីរឿងនេះ? ព្រះគម្ពីរបានចែងអំពីព្រះថា៖ «ទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី» ហើយបន្ថែមទៀតថា៖ «ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។—អេសាយ ៤៥:១៨
៦ (ក) តើមានស្ថានភាពយ៉ាងណានៅលើផែនដីសព្វថ្ងៃនេះ? (ខ) តើស្ថានភាពទាំងនេះជាគោលបំណងរបស់ព្រះចំពោះផែនដីឬ?
៦ តើអ្នកគិតថា ផែនដីឥឡូវនេះបានជាទីអាស្រ័យនៅសមតាមរបៀបដែលព្រះមានបំណងឬទេ? ពិតមែនហើយ មនុស្សលោកកំពុងតែរស់នៅសឹងតែគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីយើងនេះ។ ប៉ុន្តែ តើពួកគេរស់នៅជាមួយគ្នាដោយរីករាយ រួបរួមជាគ្រួសារដែលមានសាមគ្គីភាពតាមរបៀបដ៏ល្អ ដូចព្រះដែលជាអ្នកបង្កើតមានបំណងចំពោះពួកគេឬទេ? សព្វថ្ងៃនេះ លោកីយ៍កំពុងបែកខ្ញែកពីគ្នា។ មានសេចក្ដីសំអប់ មានឧក្រិដ្ឋកម្ម និងមានសង្គ្រាម។ មនុស្សរាប់លាននាក់កំពុងទទួលនូវការអត់ឃ្លាននិងជម្ងឺ។ អ្នកដទៃទៀតកំពុងមានចិត្តបារម្ភចំពោះលំនៅ ការងារ និងការចំណាយលុយកាក់។ ហើយបញ្ហាទាំងនេះមិននាំមកនូវកិត្ដិយសដល់ព្រះឡើយ។ យ៉ាងជាក់ស្តែងណាស់ ផែនដីសព្វថ្ងៃនេះ មិនបានអាស្រ័យនៅតាមរបៀបដូចព្រះដែលមានគ្រប់ព្រះចេស្ដា បានមានបំណងពីដើមមកទេ។
៧ អ្វីដែលជាគោលបំណងរបស់ព្រះចំពោះផែនដី ពេលដែលទ្រង់បានបង្កើតគូស្វាមីភរិយាទីមួយ?
៧ ក្រោយពីបានបង្កើតគូស្វាមីភរិយាទីមួយហើយ ព្រះទ្រង់បានដាក់ពួកគេនៅក្នុងសួនមនោរម្យមួយនៅលើផែនដី។ ទ្រង់មានព្រះហឫទ័យចង់ឲ្យពួកគេសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍។ គោលបំណងរបស់ទ្រង់ចំពោះពួកគេ គឺពង្រីកសួនមនោរម្យរបស់ពួកគេឲ្យពេញលើផែនដី។ រឿងនេះបង្ហាញឲ្យដឹងដោយសេចក្ដីបង្គាប់របស់ទ្រង់ចំពោះពួកគេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី»។ (លោកុប្បត្តិ ១:២៨) មែនហើយ គោលបំណងរបស់ព្រះគឺ នៅអនាគតកាល ផែនដីទាំងមូលត្រូវបានស្ថិតនៅក្រោមការត្រួតត្រារបស់គ្រួសារមនុស្សលោកដែលប្រកបដោយសេចក្ដីសុចរិត ហើយរស់នៅជាមួយគ្នាដោយសន្ដិភាពនិងសុភមង្គល។
៨ ទោះបីគូស្វាមីភរិយាទីមួយមិនបានស្ដាប់បង្គាប់ដល់ព្រះក៏ដោយ ហេតុអ្វីក៏យើងអាចដឹងជាពិតប្រាកដក្នុងចិត្តថា គោលបំណងរបស់ព្រះចំពោះផែនដីមិនបានផ្លាស់ប្ដូរទេនោះ?
៨ ទោះបីគូស្វាមីភរិយាទីមួយមិនបានគោរពស្ដាប់បង្គាប់ដល់ព្រះ ដែលបង្ហាញថាពួកគេមិនសមនឹងរស់នៅជានិរន្តរ៍ក៏ដោយ ក៏គោលបំណងរបស់ព្រះមិនបានផ្លាស់ប្ដូរឡើយ។ គោលបំណងនេះត្រូវតែសម្រេចជាមិនខាន! (អេសាយ ៥៥:១១) ព្រះគម្ពីរសន្យាថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ជាច្រើនដងព្រះគម្ពីរបានចែងអំពីការរៀបចំរបស់ព្រះ ដែលទ្រង់នឹងប្រទានដល់មនុស្សណាដែលបម្រើទ្រង់នូវជីវិតដ៏អស់កល្បជានិច្ច។—យ៉ូហាន ៣:១៤-១៦, ៣៦; អេសាយ ២៥:៨; វិវរណៈ ២១:៣, ៤
សេចក្ដីប្រាថ្នាចង់រស់នៅ—ទីណា?
៩ (ក) តាមធម្មតា តើមនុស្សលោកមានសេចក្ដីប្រាថ្នាអ្វី? (ខ) តើព្រះគម្ពីរមានន័យយ៉ាងណាកាលដែលចែងថា ‹ព្រះទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ›?
៩ យើងទាំងអស់គ្នាពិតជាអាចរីករាយបាន ដែលគោលបំណងរបស់ព្រះគឺឲ្យយើងទាំងអស់គ្នារស់នៅជានិរន្តរ៍នោះ។ សូមគិតមើល៖ ប្រសិនបើអ្នកត្រូវសម្រេចចិត្ត តើនៅថ្ងៃណាដែលអ្នកសម្រេចចង់ស្លាប់? អ្នកមិនអាចសម្រេចបានទេ មែនទេ? អ្នកមិនចង់ស្លាប់ទេ ហើយក៏គ្មានមនុស្សធម្មតាណាម្នាក់ដែលមានសុខភាពល្អគ្រប់គ្រាន់ចង់ធ្វើយ៉ាងនេះដែរ។ ព្រះទ្រង់បានបង្កើតយើងដោយមានសេចក្ដីប្រាថ្នានឹងរស់នៅ មិនមែនសេចក្ដីប្រាថ្នានឹងស្លាប់ទេ។ ចំពោះរបៀបដែលព្រះបានបង្កើតមនុស្សលោក ព្រះគម្ពីរបានចែងថា៖ «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ»។ (សាស្ដា ៣:១១) តើការនេះមានន័យយ៉ាងណា? នេះមានន័យថា មនុស្សធម្មតាប្រាថ្នានឹងរស់នៅបន្តហើយបន្តទៅទៀតជារហូត មិនចង់ស្លាប់ឡើយ។ ដោយព្រោះតែសេចក្ដីប្រាថ្នាចំពោះអនាគតដ៏គ្មានទីបញ្ចប់នេះ មនុស្សបានស្វែងរកជាយូរមកហើយនូវវិធីមួយដើម្បីឲ្យនៅក្មេងជានិរន្តរ៍បាន។
១០ (ក) តើទីណាដែលសេចក្ដីប្រាថ្នាពីកំណើតរបស់មនុស្សចង់រស់នៅជានិរន្តរ៍នោះ? (ខ) ហេតុអ្វីក៏យើងអាចទុកចិត្តថា ព្រះទ្រង់នឹងធ្វើឲ្យមានលទ្ធភាពចំពោះយើង ក្នុងការរស់នៅជានិរន្តរ៍លើផែនដី?
១០ តាមធម្មតា តើទីណាដែលមនុស្សលោកចង់រស់នៅជានិរន្តរ៍នោះ? គឺជាទីកន្លែងដែលគេធ្លាប់រស់នៅ គឺនៅលើផែនដីនេះឯង។ មនុស្សត្រូវបានបង្កើតមកសំរាប់ផែនដី ហើយផែនដីសំរាប់មនុស្ស។ (លោកុប្បត្តិ ២:៨, ៩, ១៥) ព្រះគម្ពីរបានចែងថា៖ «ទ្រង់[ព្រះ]បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកដំកើង ១០៤:៥) ពីព្រោះផែនដីបានត្រូវបង្កើតមកឲ្យស្ថិតស្ថេរជានិរន្តរ៍នោះ មនុស្សក៏គួរតែរស់នៅជានិរន្តរ៍ដែរ។ ពិតប្រាកដហើយ ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ទ្រង់នឹងមិនបង្កើតមនុស្សមកដោយមានសេចក្ដីប្រាថ្នានឹងរស់នៅជានិរន្តរ៍ ហើយបន្ទាប់មកមិនធ្វើឲ្យពួកគេមានលទ្ធភាពអាចសម្រេចនូវសេចក្ដីប្រាថ្នានោះឡើយ។—យ៉ូហានទី១ ៤:៨; ទំនុកដំកើង ១៣៣:៣
ជីវិតប្រភេទដែលអ្នកប្រាថ្នាចង់បាន
១១ តើព្រះគម្ពីរបានចែងយ៉ាងណា ដែលបង្ហាញថាមនុស្សលោកអាចរស់នៅជានិរន្តរ៍ដោយសុខភាពដ៏ល្អឥតខ្ចោះបាន?
១១ សូមលោកអ្នកពិនិត្យមើលនូវទំព័របន្តបន្ទាប់ទៅនេះ។ តើមនុស្សទាំងនេះកំពុងតែគាប់ចិត្តនឹងជីវិតយ៉ាងណា? តើអ្នកចង់ទៅជាមនុស្សម្នាក់ក្នុងចំណោមគេនេះទេ? ចង់ អ្នកនឹងឆ្លើយឡើង! សូមមើលហ្ន៎! ពួកគេពោរពេញដោយយុវភាពនិងសុខភាពដ៏ល្អម្ល៉េះហ្ន៎! ប្រសិនបើគេបានប្រាប់អ្នកថា មនុស្សទាំងនេះបានរស់រាប់ពាន់ឆ្នាំមកហើយនោះ តើអ្នកជឿទេ? ព្រះគម្ពីរប្រាប់យើងថា មនុស្សចាស់នឹងទៅជាក្មេងវិញ មនុស្សឈឺនឹងធ្វើឲ្យជា មនុស្សពិការ ខ្វាក់ ថ្លង់ និងមនុស្សគ នឹងត្រូវធ្វើឲ្យជាពីជម្ងឺទាំងអស់របស់គេវិញ។ ពេលដែលទ្រង់គង់នៅលើផែនដីនៅឡើយ ព្រះយេស៊ូវគ្រីស្ទបានធ្វើអព្ភូតហេតុជាច្រើន ដោយប្រោសអ្នកជម្ងឺឲ្យជាឡើងវិញ។ ដោយសារកិច្ចការទាំងនេះ ទ្រង់បានបង្ហាញថា នៅពេលដ៏ត្រចះត្រចង់ខាងមុខមិនយូរប៉ុន្មានទៀតនេះ អស់អ្នកណាដែលរស់នៅ អ្នកនោះនឹងត្រូវធ្វើឲ្យមានសុខភាពល្អឥតខ្ចោះឡើងវិញបាន។—យ៉ូប ៣៣:២៥; អេសាយ ៣៣:២៤; ៣៥:៥, ៦; ម៉ាថាយ ១៥:៣០, ៣១
១២ តើស្ថានភាពយ៉ាងណា ដែលយើងឃើញនៅក្នុងរូបភាពទាំងនេះ?
១២ សូមមើលសួនច្បារដែលជាលំនៅដ៏ស្រស់ល្អម្ល៉េះនេះ! ដូចជាព្រះគ្រីស្ទទ្រង់បានសន្យាមក នេះគឺពិតជាសួនមនោរម្យមួយ ដែលដូចនឹងសួនមនោរម្យដែលបានបាត់បង់ទៅដោយសារការមិនស្ដាប់បង្គាប់របស់បុរសនិងស្ត្រីទីមួយនោះ។ (លូកា ២៣:៤៣) ហើយសូមកត់សម្គាល់នូវសន្ដិភាព និងការចុះសម្រុងគ្នាដែលមាននៅទីនេះ។ មនុស្សគ្រប់សាសន៍មិនថាស្បែកខ្មៅ ស លឿង ពួកគេរស់នៅជាមួយគ្នាជាគ្រួសារតែមួយ។ សូម្បីតែសត្វចតុប្បាទក៏មានសន្ដិភាពដែរ។ មើលកូនក្មេង កំពុងប្រឡែងលេងជាមួយនឹងសត្វសិង្ហ។ ប៉ុន្តែគ្មានហេតុគួរឲ្យខ្លាចទេ។ ចំពោះរឿងនេះព្រះជាអ្នកបង្កើតបានមានបន្ទូលថ្លែងថា៖ «ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នាហើយក្មេងតូចៗជាអ្នកគង្វាលវា . . . ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន»។—អេសាយ ១១:៦-៩
១៣ តើអ្វីដែលនឹងឈប់មានទៀតនៅលើផែនដី ពេលដែលគោលបំណងរបស់ព្រះបានសម្រេចនោះ?
១៣ នៅក្នុងសួនមនោរម្យដែលព្រះមានបំណងចំពោះមនុស្សលោកនោះ នឹងមានហេតុផលជាច្រើនណាស់ដែលធ្វើឲ្យយើងរីករាយ។ ផែនដីនឹងផលិតរបស់ល្អជាច្រើនបរិបូរដើម្បីបរិភោគ។ គ្មានអ្នកណាម្នាក់នឹងទទួលនូវការអត់ឃ្លានទៀតឡើយ។ (ទំនុកដំកើង ៧២:១៦; ៦៧:៦) សង្គ្រាម ឧក្រិដ្ឋកម្ម អំពើឃោរឃៅ សូម្បីតែសេចក្ដីស្អប់ និងអាត្មានិយម នឹងទៅជារបស់អតីតកាលវិញ។ មែនហើយ ការទាំងអស់នេះនឹងកន្លងបាត់ទៅជានិរន្តរ៍! (ទំនុកដំកើង ៤៦:៨, ៩; ៣៧:៩-១១) តើអ្នកជឿថាការទាំងអស់នេះអាចសម្រេចទៅបានទេ?
១៤ តើអ្វីដែលធ្វើឲ្យអ្នកជឿថាព្រះទ្រង់នឹងបញ្ចប់នូវសេចក្ដីវេទនា?
១៤ អញ្ចឹង សូមពិចារណាមើល៖ ប្រសិនបើអ្នកមានអំណាច តើអ្នកនឹងកំចាត់ឲ្យអស់នូវអ្វីៗទាំងអស់ដែលនាំឲ្យមនុស្សរងទុក្ខវេទនាទេ? ហើយតើអ្នកនឹងនាំមកនូវស្ថានភាព ដែលចិត្តមនុស្សលោកចង់បានជាខ្លាំងទេ? ហ្នឹងហើយ អ្នកនឹងធ្វើអញ្ចឹងមែន។ ព្រះវរបិតារបស់យើងដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ ទ្រង់នឹងធ្វើយ៉ាងនោះដែរ។ ទ្រង់នឹងបំពេញសេចក្ដីត្រូវការ និងសេចក្ដីប្រាថ្នារបស់យើងរាល់គ្នា ពីព្រោះទំនុកដំកើង ១៤៥:១៦ បានចែងអំពីព្រះអង្គថា៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ ប៉ុន្តែ តើការទាំងនេះនឹងកើតឡើងនៅពេលណា?
ប្រសិទ្ធិពរដ៏សម្បើមជិតមកដល់ហើយ
១៥ (ក) តើទីបញ្ចប់នៃលោកីយ៍ នឹងមានន័យយ៉ាងណាចំពោះផែនដី? (ខ) តើការនេះនឹងមានន័យយ៉ាងណាចំពោះមនុស្សអាក្រក់? (គ) តើការនេះនឹងមានន័យយ៉ាងណាចំពោះអស់អ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ?
១៥ ដើម្បីធ្វើឲ្យមានលទ្ធភាពនូវប្រសិទ្ធិពរដ៏ប្រសើរនេះនៅលើផែនដី ព្រះសន្យាថា ទ្រង់នឹងបំបាត់អំពើអាក្រក់ជួជាតិ ព្រមទាំងអ្នកដែលបង្កនោះផង។ នៅពេលជាមួយគ្នានោះ ទ្រង់នឹងការពារអស់អ្នកណាដែលបម្រើទ្រង់ ដ្បិតព្រះគម្ពីរបានចែងថា៖ «ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វានោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧) តើនឹងមានការប្រែប្រួលដ៏ល្អប្រសើរយ៉ាងណាទៅហ្ន៎! ការបញ្ចប់នៃលោកីយ៍ មិនមានន័យថាជាការបញ្ចប់នៃផែនដីយើងនេះទេ។ ផ្ទុយទៅវិញ ដូចជាទឹកជំនន់ដែលបានកើតឡើងនៅជុំវិញពិភពលោកក្នុងសម័យលោកណូអេ រឿងនេះគឺមានន័យថា ជាការបញ្ចប់ចំពោះតែមនុស្សអាក្រក់ នឹងរបៀបរស់នៅរបស់គេតែប៉ុណ្ណោះ។ ប៉ុន្តែអស់អ្នកណាដែលបម្រើព្រះ នោះនឹងរួចរស់ជីវិតពីទីបញ្ចប់នៃលោកីយ៍នេះ។ បន្ទាប់មក នៅលើផែនដីដែលនឹងត្រូវបានបោសសំអាតនេះ ពួកគេនឹងអបអរនូវសេរីភាពដែលគេបានរួចពីពួកអ្នកដែលចង់ធ្វើទុក្ខ និងជិះជាន់ដល់គេ។—ម៉ាថាយ ២៤:៣, ៣៧-៣៩; សុភាសិត ២:២១, ២២
១៦ តើព្រឹត្ដិការណ៍ណាខ្លះ ដែលបានត្រូវទាយមកជាទីសម្គាល់នៃថ្ងៃចុងក្រោយបង្អស់នោះ?
១៦ ប៉ុន្តែប្រហែលមានអ្នកណាម្នាក់និយាយថា៖ ‹ស្ថានភាពសព្វថ្ងៃនេះរឹតតែយ៉ាប់យ៉ឺនឡើង មិនឃើញគ្រាន់បើសោះ។ តើយើងអាចដឹងជាពិតក្នុងចិត្តយ៉ាងណា ដែលថាការប្រែប្រួលដ៏ធំនេះ ជិតមកដល់មែននោះ›? ព្រះយេស៊ូវគ្រីស្ទបានទាយអំពីព្រឹត្ដិការណ៍ជាច្រើនដែលពួកសិស្សនៅអនាគតរបស់ទ្រង់ គួរតែពិនិត្យមើល ដើម្បីឲ្យដឹងនូវពេលវេលារបស់ព្រះ ដែលទ្រង់នឹងបញ្ចប់លោកីយ៍នេះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ថ្ងៃចុងក្រោយបង្អស់នៃរបបលោកីយ៍ ត្រូវកត់សម្គាល់ដោយការទាំងអស់នេះ ដូចជាសង្គ្រាមដ៏ធំ ការខ្វះនូវម្ហូបអាហារ រញ្ជួយផែនដីដ៏ធំ ការរីកចម្រើនឡើងនូវការទទឹងច្បាប់ និងការចម្រើននូវភាពរសាយនៃសេចក្ដីស្រឡាញ់។ (ម៉ាថាយ ២៤:៣-១២) ទ្រង់បានមានបន្ទូលទៀតថា នឹងមាន«សេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត»។ (លូកា ២១:២៥) ម្យ៉ាងទៀត ព្រះគម្ពីរបានចែងបន្តទៅទៀតថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១-៥) តើការទាំងនេះមិនមែនជាស្ថានការណ៍ដែលយើងកំពុងតែមានការពិសោធន៍ទេឬអ្វី?
១៧ តើបុគ្គលដែលចេះគិតពិចារណា បាននិយាយយ៉ាងណាខ្លះអំពីស្ថានការណ៍សព្វថ្ងៃនេះ?
១៧ មនុស្សជាច្រើនដែលស្រាវជ្រាវសិក្សាអំពីព្រឹត្ដិការណ៍ពិភពលោកនិយាយថា ការប្រែប្រួលដ៏ធំកំពុងតែមានចលនាឡើង។ ជាឧទាហរណ៍ អ្នកនិពន្ធនាយកនៃសារពត៌មាន ម៉ៃអាមី ហេរ៉ោល្ដ នៅប្រទេសអាមេរិកបានសរសេរថា៖ «សូម្បីតែអ្នកណាម្នាក់ដែលគ្រាន់តែចេះគិតឲ្យបានសមហេតុសមផលបន្ដិចបន្តួច ក៏អាចយល់ដឹងថា ព្រឹត្ដិការណ៍នៃមហាវិនាសប៉ុន្មានឆ្នាំកន្លងទៅនេះ នឹងឃើញថា ពិភពលោកបានមកដល់ច្រកចូលប្រវត្ដិសាស្ត្រដ៏ធំមួយ . . . ទាំងនេះនឹងប្ដូររបៀបរស់នៅរបស់មនុស្សជានិរន្តរ៍»។ ស្រដៀងគ្នានឹងរឿងនេះ លោកលូអីស មឹមហ្វ័ត អ្នកនិពន្ធអាមេរិកាំងម្នាក់បានមានប្រសាសន៍ថា៖ «អរិយធម៌កំពុងតែធ្លាក់ចុះអាប់ឱន។ យ៉ាងច្បាស់លាស់ណាស់ . . . នៅអតីតកាល ពេលដែលអរិយធម៌បានធ្លាក់ចុះអាប់ឱននោះ គឺគ្រាន់តែជាព្រឹត្ដិការណ៍ដ៏ចំឡែកតាមតំបន់ប៉ុណ្ណោះ . . . ឥឡូវនេះ ដោយព្រោះតែពិភពលោករឹតតែចាក់ភ្ជាប់គ្នា និងនៅរួមគ្នាដោយសារគមនាគមន៍ទំនើបនោះ ពេលណាអរិយធម៌ធ្លាក់ចុះអាប់ឱន ផែនដីទាំងមូលក៏ធ្លាក់ដែរ»។
១៨ (ក) តើស្ថានការណ៍ពិភពលោកបង្ហាញឲ្យឃើញយ៉ាងណា អំពីពេលអនាគត? (ខ) អ្វីដែលនឹងប្ដូរជំនួសរដ្ឋាភិបាលសព្វថ្ងៃនេះ?
១៨ ស្ថានការណ៍ទួទៅនៅក្នុងពិភពលោកសព្វថ្ងៃនេះបង្ហាញឲ្យដឹងថា យើងឥឡូវកំពុងតែរស់នៅក្នុងសម័យ ដែលការកំទេចនៃរបបលោកីយ៍ទាំងមូលជិតនឹងកើតមានឡើងហើយ។ មែនហើយ មិនយូរប៉ុន្មានទៀត ព្រះទ្រង់នឹងបោសសំអាតផែនដីដោយកំចាត់អស់អ្នកណាដែលនឹងបង្ខូចផែនដីនេះ។ (វិវរណៈ ១១:១៨) ទ្រង់នឹងដកយកនូវរដ្ឋាភិបាលទាំងឡាយសព្វថ្ងៃនេះចេញ ដើម្បីរៀបចំឲ្យរដ្ឋាភិបាលដ៏សុចរិតរបស់ទ្រង់បានគ្រប់គ្រងពេញផែនដីទាំងមូល។ នេះជារាជរដ្ឋាភិបាល ដែលព្រះគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានចំពោះនោះ។—ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០
១៩ ប្រសិនបើយើងចង់រស់នៅជានិរន្តរ៍នោះ តើយើងត្រូវធ្វើយ៉ាងណា?
១៩ ប្រសិនបើអ្នកស្រឡាញ់ជីវិត ហើយចង់រស់នៅជានិរន្តរ៍នៅលើផែនដីនៅក្រោមការគ្រប់គ្រងរបស់ព្រះនោះ អ្នកត្រូវតែប្រញាប់ប្រញាល់នឹងយកនូវតម្រិះវិជ្ជាដ៏ពិតរបស់ព្រះ ព្រមទាំងគោលបំណងនិងសេចក្ដីតម្រូវរបស់ទ្រង់ផង។ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលក្នុងសេចក្ដីអធិស្ឋានទៅព្រះថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) តើជាការរីករាយយ៉ាងណាទៅហ្ន៎ ដោយដឹងថាយើងអាចរស់នៅជានិរន្តរ៍បាន—រឿងនេះមិនមែនគ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះទេ! ប៉ុន្តែ ដើម្បីឲ្យបានសប្បាយនឹងពរដ៏ប្រសើរនេះពីព្រះ យើងត្រូវតែរៀនជាចាំបាច់អំពីសត្រូវដែលខំព្យាយាមបញ្ឈប់យើងពីការទទួលនូវពរនេះ។
[រូបភាពនៅទំព័រ៨, ៩]
តើព្រះទ្រង់មានព្រះហឫទ័យចង់ឲ្យពិភពលោកបានដូចនេះឬ?
[រូបភាពពេញមួយទំព័រនៅទំព័រ១១]