អត្ថបទសិក្សា ៤៩
យើងអាចរស់នៅជារៀងរហូត
«អំណោយដែលព្រះផ្ដល់ឲ្យ គឺជាជីវិតដែលគ្មានទីបញ្ចប់»។—រ៉ូម ៦:២៣
ចម្រៀងលេខ១៤៧ ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់
សេចក្ដីសង្ខេបa
១. តើការរំពឹងគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីជីវិតដែលគ្មានទីបញ្ចប់មានឥទ្ធិពលយ៉ាងណាមកលើយើង?
ព្រះយេហូវ៉ាសន្យាថាអស់អ្នកដែលស្ដាប់បង្គាប់លោកនឹងបាន«ជីវិតដែលគ្មានទីបញ្ចប់»។ (រ៉ូម ៦:២៣) ពេលយើងរំពឹងគិតអំពីសេចក្ដីសន្យាដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង យើងស្រឡាញ់លោកកាន់តែខ្លាំងឡើង។ សូមគិតអំពីនេះ៖ បិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ រហូតដល់លោកចង់ឲ្យយើងនៅជាប់ជាមួយលោកជារៀងរហូត។
២. តើសេចក្ដីសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់ជួយយើងយ៉ាងណា?
២ សេចក្ដីសន្យារបស់ព្រះអំពីជីវិតដែលគ្មានទីបញ្ចប់ ជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាករបស់យើងនៅសព្វថ្ងៃនេះ។ ទោះជាពួកសត្រូវគំរាមសម្លាប់យើងក្ដី យើងនឹងមិនឈប់បម្រើព្រះយេហូវ៉ាឡើយ។ ហេតុអ្វី? មូលហេតុមួយគឺដោយសារយើងដឹងថាបើយើងស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ស្លាប់ លោកនឹងប្រោសយើងឲ្យរស់ឡើងវិញដោយមានសេចក្ដីសង្ឃឹមថាយើងនឹងមិនស្លាប់ទៀតទេ។ (យ៉ូន. ៥:២៨, ២៩; ១កូ. ១៥:៥៥-៥៨; ហេ. ២:១៥) ហេតុអ្វីយើងអាចជឿជាក់ថាយើងអាចរស់ជារៀងរហូត? សូមពិចារណាមូលហេតុដូចតទៅនេះ។
ព្រះយេហូវ៉ារស់ជារៀងរហូត
៣. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាអាចទ្រទ្រង់ជីវិតយើងជារៀងរហូត? (ចម្រៀងសរសើរព្រះ ១០២:១២, ២៤, ២៧)
៣ យើងដឹងថាព្រះយេហូវ៉ាអាចទ្រទ្រង់ជីវិតយើងជារៀងរហូត ដោយសារលោកជាប្រភពនៃជីវិត ហើយលោករស់ជារៀងរហូត។ (ចសព. ៣៦:៩) សូមកត់សម្គាល់បទគម្ពីរខ្លះដែលបង្ហាញថាព្រះយេហូវ៉ាតែងតែមានជីវិត ហើយលោកនឹងរស់នៅរហូតតទៅ។ ចម្រៀងសរសើរព្រះ ៩០:២ចែងថា ព្រះយេហូវ៉ា«គ្មានទីចាប់ផ្ដើម និងគ្មានទីបញ្ចប់»។ ចម្រៀងសរសើរព្រះ ១០២ លើកឡើងចំណុចស្រដៀងនឹងនោះ។ (សូមអាន ចម្រៀងសរសើរព្រះ ១០២:១២, ២៤, ២៧) ម្យ៉ាងទៀត អ្នកប្រកាសទំនាយហាបាគុកបានសរសេរអំពីបិតារបស់យើងនៅស្ថានសួគ៌ថា៖ «ឱព្រះយេហូវ៉ាអើយ! តើលោកមិនមែនជាព្រះតាំងពីយូរលង់មកហើយទេឬ? ឱព្រះដ៏បរិសុទ្ធរបស់ខ្ញុំអើយ! លោកមិនចេះស្លាប់ឡើយ»។—ហាប. ១:១២
៤. បើយើងពិបាកយល់គំនិតថាព្រះយេហូវ៉ាគ្មានទីចាប់ផ្ដើម តើយើងគួរបារម្ភឬទេ? សូមពន្យល់។
៤ តើអ្នកពិបាកយល់គំនិតដែលថាព្រះយេហូវ៉ា«មានជីវិតជារៀងរហូត»ឬទេ? (អេ. ៤០:២៨) មនុស្សជាច្រើនពិបាកយល់គំនិតនេះ។ អេលីហ៊ូបាននិយាយអំពីព្រះថា៖ «គ្មានអ្នកណាអាចរាប់អាយុរបស់លោកបានឡើយ»។ (យ៉ូប ៣៦:២៦) ប៉ុន្តែ កាលដែលយើងមិនយល់អ្វីមួយ មិនមានន័យថានោះមិនពិតទេ។ ជាឧទាហរណ៍ ទោះជាយើងមិនយល់ច្បាស់ថាពន្លឺដំណើរការយ៉ាងណាក្ដី តើនេះមានន័យថាពន្លឺនោះមិនមានឬ? មិនមែនទាល់តែសោះ! ស្រដៀងគ្នាដែរ យើងជាមនុស្សប្រហែលជាមិនអាចយល់ច្បាស់ថាព្រះយេហូវ៉ាគ្មានទីចាប់ផ្ដើម ហើយគ្មានទីបញ្ចប់តាមរបៀបណាទេ។ ប៉ុន្តែ នេះមិនមានន័យថាព្រះមិនរស់នៅជារៀងរហូតឡើយ។ ការពិតអំពីអ្នកបង្កើតយើងមិនអាស្រ័យលើអ្វីដែលយើងអាចយល់ឬមិនអាចយល់នោះទេ។ (រ៉ូម ១១:៣៣-៣៦) ម្យ៉ាងទៀត លោកមានជីវិតមុនអ្វីៗទាំងអស់ក្នុងសកលលោក រួមមានដួងអាទិត្យនិងផ្កាយ ដែលជាប្រភពនៃពន្លឺ។ យើងជឿជាក់ថាព្រះយេហូវ៉ាជា«អ្នកបង្កើតផែនដីដោយឫទ្ធានុភាពខ្លាំងក្លា»។ មួយវិញទៀត លោកមានជីវិតមុនលោក«លាតសន្ធឹងផ្ទៃមេឃ»។ (យេ. ៥១:១៥; សកម្ម. ១៧:២៤) តើមានមូលហេតុអ្វីទៀតដែលយើងអាចជឿជាក់ថាយើងអាចរស់ជារៀងរហូត?
ព្រះយេហូវ៉ាបានបង្កើតយើងឲ្យរស់ជារៀងរហូត
៥. តើគូប្ដីប្រពន្ធដំបូងមានសេចក្ដីសង្ឃឹមអ្វី?
៥ ជីវិតទាំងឡាយដែលព្រះយេហូវ៉ាបានបង្កើតនៅលើផែនដី នៅទីបំផុតនឹងស្លាប់ លើកលែងតែមនុស្សជាតិប៉ុណ្ណោះ។ លោកបានឲ្យគូប្ដីប្រពន្ធដំបូងនូវសេចក្ដីសង្ឃឹមដ៏ល្អឯកអំពីការមិនស្លាប់។ ទោះជាយ៉ាងនេះក៏ដោយ ព្រះយេហូវ៉ាបានព្រមានអាដាមថា៖ «អ្នកមិនត្រូវបរិភោគផ្លែពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ព្រោះនៅថ្ងៃណាដែលអ្នកបរិភោគ អ្នកនឹងស្លាប់ជាមិនខាន»។ (ដក. ២:១៧) បើអាដាមនិងអេវ៉ាបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ពួកគាត់នឹងមិនស្លាប់ឡើយ។ គឺសមហេតុសមផលឲ្យសន្និដ្ឋានថា នៅពេលក្រោយមកព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យពួកគាត់បរិភោគផ្លែពី«ដើមឈើដែលផ្ដល់ជីវិត»។ នេះនឹងមានន័យថាពួកគាត់មានការធានាពីលោកថាពួកគាត់នឹង«រស់ជារៀងរហូត»។b—ដក. ៣:២២
៦-៧. (ក) តើអ្វីទៀតបង្ហាញថាមនុស្សមិនបានត្រូវបង្កើតមកឲ្យស្លាប់? (ខ) នៅថ្ងៃអនាគត តើអ្នកចង់ធ្វើអ្វី? (សូមមើលរូបភាព)
៦ អ្នកវិទ្យាសាស្ត្រខ្លះបានរកឃើញភ័ស្តុតាងដែលបង្ហាញថាខួរក្បាលរបស់យើងអាចផ្ទុកព័ត៌មានច្រើនជាងយើងអាចរៀនក្នុងជីវិតរបស់យើងនៅឥឡូវនេះ។ នេះគួរឲ្យចាប់អារម្មណ៍ណាស់! នៅឆ្នាំ២០១០ អត្ថបទក្នុងទស្សនាវដ្ដីមួយពន្យល់ថា យោងទៅតាមការប៉ាន់ស្មានមួយ ខួរក្បាលរបស់យើងអាចផ្ទុកព័ត៌មានប្រហែលជាស្មើនឹងវីដេអូដែលមានរយៈពេលបីលានម៉ោង។ វីដេអូនោះត្រូវការពេល៣០០ឆ្នាំដើម្បីទស្សនា។ (Scientific American Mind) ម្យ៉ាងទៀត ខួរក្បាលរបស់យើងប្រហែលជាអាចផ្ទុកព័ត៌មានច្រើនជាងនោះទៅទៀត។ នេះបង្ហាញថាព្រះយេហូវ៉ាបានបង្កើតខួរក្បាលរបស់យើងឲ្យផ្ទុកព័ត៌មានច្រើនជាងយើងរៀនក្នុងរយៈពេលតែ៧០ឬ៨០ឆ្នាំ។—ចសព. ៩០:១០
៧ ព្រះយេហូវ៉ាក៏បានបង្កើតយើងឲ្យមានបំណងចិត្តជាខ្លាំងដើម្បីបន្ដរស់នៅ។ គម្ពីរចែងថា៖ «[ព្រះ]បានដាក់គំនិតអំពីជីវិតដែលគ្មានទីបញ្ចប់នៅក្នុងចិត្តមនុស្ស»។ (អទ. ៣:១១) នេះគឺជាមូលហេតុមួយដែលយើងចាត់ទុកសេចក្ដីស្លាប់ជាសត្រូវ។ (១កូ. ១៥:២៦) បើយើងធ្លាក់ខ្លួនឈឺធ្ងន់ តើយើងមិនធ្វើអ្វីសោះ ហើយគ្រាន់តែដេកចាំស្លាប់ឬ? មិនមែនទេ។ ជាធម្មតាយើងទៅជួបពេទ្យ ហើយប្រហែលជាខំលេបថ្នាំដើម្បីជាពីជំងឺ។ យើងច្បាស់ជាខំអស់ពីសមត្ថភាពដើម្បីកុំឲ្យស្លាប់។ ម្យ៉ាងទៀត ពេលបុគ្គលជាទីស្រឡាញ់របស់យើងស្លាប់ មិនថាគាត់ក្មេងឬចាស់ក្ដី យើងកើតទុក្ខយ៉ាងខ្លាំងអស់រយៈពេលយូរ។ (យ៉ូន. ១១:៣២, ៣៣) ច្បាស់ណាស់ អ្នកបង្កើតរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងមិនឲ្យយើងមានបំណងប្រាថ្នានិងសមត្ថភាពរស់ជារៀងរហូត បើនោះមិនមែនជាគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ ប៉ុន្តែ យើងមានមូលហេតុថែមទៀតឲ្យជឿថាយើងអាចរស់ជារៀងរហូត។ សូមយើងពិចារណាអំពីការប្រព្រឹត្តខ្លះរបស់ព្រះយេហូវ៉ានៅអតីតកាលនិងបច្ចុប្បន្នកាល ដែលបង្ហាញថាលោកមិនបានផ្លាស់ប្ដូរគោលបំណងដើមរបស់លោកឡើយ។
ដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅថ្ងៃខាងមុខ យើងចូលចិត្តស្រមៃគិតអំពីអ្វីដែលយើងអាចធ្វើនៅពេលនោះ (សូមមើលវគ្គ៧)c
គោលបំណងរបស់ព្រះយេហូវ៉ា មិនបានផ្លាស់ប្ដូរឡើយ
៨. តើអេសាយ ៥៥:១១បង្រៀនយើងយ៉ាងណាអំពីគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់យើង?
៨ ទោះជាអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ហើយបាននាំឲ្យកូនចៅរបស់ពួកគាត់ស្លាប់ក្ដី ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ។ (សូមអាន អេសាយ ៥៥:១១) លោកនៅតែមានគោលបំណងឲ្យមនុស្សស្មោះត្រង់រស់ជារៀងរហូត។ យើងដឹងដូច្នេះ ដោយព្រោះអ្វីៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍និងបានធ្វើដើម្បីសម្រេចគោលបំណងរបស់លោក។
៩. តើព្រះបានសន្យាអ្វី? (ដានីយ៉ែល ១២:២, ១៣)
៩ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ឱកាសឲ្យពួកគេរស់ជារៀងរហូត។ (សកម្ម. ២៤:១៥; ទីត. ១:១, ២) យ៉ូបដែលជាបុរសដ៏ស្មោះត្រង់ជឿជាក់ថាព្រះយេហូវ៉ាពិតជាចង់ប្រោសពួកអ្នកដែលបានស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) អ្នកប្រកាសទំនាយដានីយ៉ែលដឹងថាមនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានឱកាសរស់ជារៀងរហូត។ (ចសព. ៣៧:២៩; សូមអាន ដានីយ៉ែល ១២:២, ១៣) ជនជាតិយូដានៅសម័យរបស់លោកយេស៊ូ ក៏ដឹងថាព្រះយេហូវ៉ាអាចឲ្យអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនូវ«ជីវិតដែលគ្មានទីបញ្ចប់»។ (លូក. ១០:២៥; ១៨:១៨) លោកយេស៊ូបានមានប្រសាសន៍ម្ដងហើយម្ដងទៀតអំពីសេចក្ដីសន្យានេះ ហើយលោកផ្ទាល់បានត្រូវប្រោសឲ្យរស់ឡើងវិញដោយបិតាលោក។—ម៉ាថ. ១៩:២៩; ២២:៣១, ៣២; លូក. ១៨:៣០; យ៉ូន. ១១:២៥
តើការប្រោសឲ្យរស់ឡើងវិញដែលអេលីយ៉ាបានធ្វើ ពង្រឹងទំនុកចិត្តអ្នកអំពីអ្វី? (សូមមើលវគ្គ១០)
១០. តើការប្រោសឲ្យរស់ឡើងវិញនៅអតីតកាលបង្ហាញអំពីអ្វី? (សូមមើលរូបភាព)
១០ ព្រះយេហូវ៉ាជាអ្នកផ្ដល់ជីវិតឲ្យយើង ហើយលោកមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ លោកបានឲ្យឫទ្ធានុភាពដល់អ្នកប្រកាសទំនាយអេលីយ៉ា ដើម្បីប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ពីក្រុងសេរ៉ាផាតឲ្យរស់ឡើងវិញ។ (១បស. ១៧:២១-២៣) ក្រោយមក ដោយមានជំនួយពីព្រះ អ្នកប្រកាសទំនាយអេលីសេបានប្រោសកូនប្រុសរបស់ស្ត្រីម្នាក់ពីក្រុងស៊ូណែមឲ្យរស់ឡើងវិញ។ (២បស. ៤:១៨-២០, ៣៤-៣៧) ការប្រោសឲ្យរស់ឡើងវិញទាំងនោះនិងការប្រោសឲ្យរស់ឡើងវិញឯទៀតបង្ហាញថាព្រះយេហូវ៉ាមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ កាលដែលនៅផែនដី លោកយេស៊ូបានបង្ហាញថាបិតាលោកបានផ្ដល់សមត្ថភាពនេះដល់លោក។ (យ៉ូន. ១១:២៣-២៥, ៤៣, ៤៤) ឥឡូវលោកយេស៊ូនៅស្ថានសួគ៌ ហើយលោកបានទទួល«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ ដូច្នេះ លោកអាចសម្រេចសេចក្ដីសន្យាថា«អស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក» នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—ម៉ាថ. ២៨:១៨; យ៉ូន. ៥:២៥-២៩
១១. តើតាមរបៀបណាថ្លៃលោះបើកឱកាសឲ្យយើងរស់ជារៀងរហូត?
១១ ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យបុត្រជាទីស្រឡាញ់របស់លោកស្លាប់យ៉ាងឈឺចាប់? លោកយេស៊ូបានបង្ហាញអំពីមូលហេតុនេះ ពេលលោកមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) ដោយឲ្យបុត្ររបស់លោកជាថ្លៃលោះដើម្បីគ្របបាំងការខុសឆ្គងរបស់យើង ព្រះបើកឱកាសឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។ (ម៉ាថ. ២០:២៨) សាវ័កប៉ូលបានពន្យល់អំពីផ្នែកដ៏សំខាន់នេះនៃគោលបំណងរបស់ព្រះ ពេលគាត់បានសរសេរថា៖ «សេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ។ ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ដោយសារអាដាម នោះទាំងអស់គ្នាក៏នឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញដោយសារគ្រិស្តដែរ»។—១កូ. ១៥:២១, ២២
១២. តើព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោកតាមរបៀបណា?
១២ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានឲ្យរាជាណាចក្ររបស់ព្រះមកដល់ និងឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី។ (ម៉ាថ. ៦:៩, ១០) ផ្នែកមួយនៃគោលបំណងរបស់ព្រះ គឺឲ្យមនុស្សរស់ជារៀងរហូតនៅលើផែនដី។ ដើម្បីសម្រេចគោលបំណងនេះ ព្រះយេហូវ៉ាបានតែងតាំងបុត្ររបស់លោកជាស្ដេចនៃរាជាណាចក្រមេស្ស៊ី។ ព្រះកំពុងប្រមូលមនុស្ស១៤៤.០០០នាក់ពីផែនដីដើម្បីរួមកិច្ចការជាមួយលោកយេស៊ូក្នុងការសម្រេចបំណងប្រាថ្នារបស់ព្រះ។—បប. ៥:៩, ១០
១៣. តើព្រះយេហូវ៉ាកំពុងធ្វើអ្វីនៅឥឡូវនេះ ហើយតើនេះជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?
១៣ ឥឡូវព្រះយេហូវ៉ាកំពុងប្រមូល«មនុស្សមួយក្រុមធំ» និងបង្ហាត់បង្រៀនពួកគេឲ្យធ្វើជាពលរដ្ឋនៃរាជាណាចក្ររបស់លោក។ (បប. ៧:៩, ១០; យ៉ា. ២:៨) ទោះជាមនុស្សភាគច្រើនក្នុងពិភពលោកសព្វថ្ងៃនេះបែកបាក់គ្នាដោយសារការស្អប់និងសង្គ្រាមក្ដី មនុស្សមួយក្រុមធំនេះខំប្រឹងបំបាត់ចោលការស្អប់គ្រប់យ៉ាងពីចិត្តគំនិតរបស់ពួកគេ។ ពួកគេហាក់ដូចជាកំពុងដំដាវធ្វើជាផាលនង្គ័ល។ (មីកា ៤:៣) ជាជាងចូលរួមធ្វើសង្គ្រាមដែលនាំឲ្យមានការស្លាប់ជាច្រើន ពួកគេកំពុងជួយមនុស្សឲ្យរកឃើញ«ជីវិតដ៏ពិតប្រាកដ» ដោយបង្រៀនមនុស្សទាំងនោះអំពីព្រះពិតនិងគោលបំណងរបស់លោក។ (១ធី. ៦:១៩) សមាជិកក្រុមគ្រួសារប្រហែលជាប្រឆាំងពួកគេ ឬក៏ដោយសារពួកគេនៅខាងរាជាណាចក្ររបស់ព្រះ នោះពួកគេប្រហែលជាមានបញ្ហាលុយកាក់ ប៉ុន្តែព្រះយេហូវ៉ាធ្វើឲ្យប្រាកដថាពួកគេមានអ្វីៗដែលពួកគេត្រូវការ។ (ម៉ាថ. ៦:២៥, ៣០-៣៣; លូក. ១៨:២៩, ៣០) អ្វីទាំងនោះពង្រឹងទំនុកចិត្តរបស់យើងថារាជាណាចក្ររបស់ព្រះគឺមានពិតប្រាកដ ហើយថារាជាណាចក្រនោះនឹងបន្ដសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។
អនាគតដ៏អស្ចារ្យនៅខាងមុខយើង
១៤-១៥. តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាឲ្យបំផ្លាញសេចក្ដីស្លាប់ជារៀងរហូតនឹងត្រូវសម្រេចតាមរបៀបណា?
១៤ ឥឡូវលោកយេស៊ូជាស្ដេចនៃរាជាណាចក្រព្រះនៅស្ថានសួគ៌ ហើយលោកនឹងធ្វើឲ្យសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាបានសម្រេច។ (២កូ. ១:២០) តាំងពីឆ្នាំ១៩១៤ លោកយេស៊ូបានបង្ក្រាបសត្រូវរបស់លោក។ (ចសព. ១១០:១, ២) មិនយូរទៀត លោកយេស៊ូនិងពួកអ្នកគ្រប់គ្រងជាមួយលោក នឹងបង្ហើយជ័យជម្នះរបស់ពួកគេ ហើយនឹងបំផ្លាញមនុស្សទុច្ចរិតទាំងអស់។—បប. ៦:២
១៥ ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមនុស្សដែលស្ដាប់បង្គាប់នឹងទៅជាល្អឥតខ្ចោះ។ ក្រោយពីការសាកល្បងចុងក្រោយ ពួកអ្នកដែលព្រះយេហូវ៉ាវិនិច្ឆ័យថាជាមនុស្សសុចរិត«នឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។ (ចសព. ៣៧:១០, ១១, ២៩) គឺជារឿងដ៏គួរឲ្យសប្បាយមែនដែល«សត្រូវចុងក្រោយដែលជាសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ»!—១កូ. ១៥:២៦
១៦. តើអ្វីគួរជាមូលហេតុដ៏សំខាន់បំផុតដែលយើងបម្រើព្រះយេហូវ៉ា?
១៦ យើងបានឃើញក្នុងអត្ថបទនេះថា សេចក្ដីសង្ឃឹមរបស់យើងអំពីការរស់នៅជារៀងរហូត គឺមានមូលដ្ឋានដ៏មុតមាំលើបណ្ដាំរបស់ព្រះ។ សេចក្ដីសង្ឃឹមនេះអាចជួយយើងឲ្យរក្សាភក្ដីភាពក្នុងអំឡុងគ្រាចុងក្រោយដ៏ពិបាកនេះ។ ប៉ុន្តែ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងមិនគ្រាន់តែត្រូវមានបំណងចិត្តចង់បន្ដរស់នៅប៉ុណ្ណោះទេ។ តែមូលហេតុសំខាន់ចម្បងរបស់យើងចំពោះការរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ គឺថាយើងស្រឡាញ់លោកទាំងពីរខ្លាំងណាស់។ (២កូ. ៥:១៤, ១៥) សេចក្ដីស្រឡាញ់នេះជំរុញចិត្តយើងឲ្យយកតម្រាប់លោកទាំងពីរ ហើយប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមរបស់យើង។ (រ៉ូម ១០:១៣-១៥) កាលដែលយើងរៀនឲ្យចេះលះបង់ប្រយោជន៍ខ្លួននិងមានចិត្តទូលាយ យើងទៅជាមនុស្សដែលព្រះយេហូវ៉ាចង់យកធ្វើជាមិត្តសម្លាញ់របស់លោកជារៀងរហូត។—ហេ. ១៣:១៦
១៧. តើយើងម្នាក់ៗមានភារកិច្ចអ្វី? (ម៉ាថាយ ៧:១៣, ១៤)
១៧ តើយើងនឹងនៅក្នុងចំណោមពួកអ្នកដែលទទួលជីវិតដែលគ្មានទីបញ្ចប់ឬទេ? ព្រះយេហូវ៉ាបានបើកឱកាសនោះឲ្យយើង។ ដូច្នេះ នៅឥឡូវនេះយើងត្រូវសម្រេចចិត្តបន្ដនៅលើផ្លូវដែលនាំទៅឯជីវិត។ (សូមអាន ម៉ាថាយ ៧:១៣, ១៤) តើជីវិតនឹងទៅជាយ៉ាងណាពេលយើងរស់ជារៀងរហូត? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ១៤១ ភាពអស្ចារ្យនៃជីវិត
a តើអ្នកទន្ទឹងរង់ចាំរស់នៅជារៀងរហូតឬទេ? ព្រះយេហូវ៉ាបានសន្យានឹងយើងថានៅថ្ងៃណាមួយ យើងនឹងអាចរស់ជារៀងរហូត ដោយមិនខ្វល់ថាយើងនឹងស្លាប់ឡើយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុខ្លះដែលយើងអាចមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោក។
b សូមមើលប្រអប់ដែលមានចំណងជើងថា «ពាក្យ‹ជារៀងរហូត›ក្នុងគម្ពីរ»។
c ការពណ៌នាអំពីរូបភាព: បងប្រុសវ័យចាស់ម្នាក់ស្រមៃគិតអំពីអ្វីខ្លះដែលគាត់អាចធ្វើពេលរស់ជារៀងរហូត។