បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៧ ទំ. ២១-២៦
  • តើជីវិតអស់កល្បជានិច្ចពិតជាអាចមានមែនឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជីវិតអស់កល្បជានិច្ចពិតជាអាចមានមែនឬ?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បាន​គ្រោង​ការណ៍​ឲ្យ​រស់​នៅ​ជា​និរន្តរ៍
  • សេចក្ដី​ប្រាថ្នា​ចង់​រស់​នៅ​ជា​និរន្តរ៍
  • តើ​យើង​ត្រូវ​ទុក​ចិត្ត​លើ​អ្នក​ណា?
  • តើ​ពិត​ជា​គោល​បំណង​របស់​ព្រះ​មែន​ឬ?
  • គោល​បំណង​របស់​ព្រះ​ឥត​បាន​ផ្លាស់​ប្ដូរ​ទេ
  • យើងអាចរស់នៅជារៀងរហូត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ការរស់នៅជានិរន្ដរ៍មិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើតាមរបៀបណាអ្នកអាចរស់ជារៀងរហូត?
    សំណួរនិងចម្លើយពីគម្ពីរ
  • អ្នកអាចរស់ជារៀងរហូតលើផែនដីនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៧ ទំ. ២១-២៦

តើ​ជីវិត​អស់​កល្ប​ជា​និច្ច​ពិត​ជា​អាច​មាន​មែន​ឬ?

«លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជា​និច្ច»?—ម៉ាថាយ ១៩:១៦

១. តើ​អាច​និយាយ​យ៉ាង​ណា​អំពី​រយៈ​ពេល​ជីវិត​មនុស្ស?

ស្តេច​ស៊ើកសេស​ទី​១​នៃ​សាសន៍​ពើស៊ី ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ព្រះ​នាម​ជា​អ័ហាស៊ូរុស កំពុង​ពិនិត្យ​មើល​ទ័ព​របស់​ទ្រង់ មុន​នឹង​ទៅ​ធ្វើ​ចម្បាំង​មួយ នៅ​ក្នុង​ឆ្នាំ​៤៨០ ម.​ស.យ.។ (នាង​អេសធើរ ១:១, ២) យោង​ទៅ​តាម​ហ៊ីរ៉ូដូថុស ដែល​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ជាតិ​ក្រិក នោះ​ស្តេច​នេះ​បាន​ព្រះ​កន្សែង កាល​ដែល​ទ្រង់​ពិនិត្យ​មើល​ពួក​ទ័ព​របស់​ទ្រង់។ ហេតុ​អ្វី? ស្តេច​ស៊ើកសេស​មាន​បន្ទូល​ថា៖ «ខ្ញុំ​ពិបាក​ព្រះ​ទ័យ​ណាស់ កាល​ដែល​ខ្ញុំ​នឹក​គិត​អំពី​ជីវិត​មនុស្ស​ដែល​មាន​រយៈ​ពេល​ដ៏​ខ្លី​នោះ។ រីឯ​ពួក​បុរស​ទាំង​អស់​នេះ នោះ​មួយ​រយ​ឆ្នាំ​ទៅ​មុខ គ្មាន​អ្នក​ណា​ម្នាក់​នឹង​នៅ​រស់​ឡើយ»។ អ្នក​ក៏​ប្រហែល​ជា​បាន​ឃើញ​ថា ជីវិត​គឺ​មាន​រយៈ​ខ្លី​យ៉ាង​គួរ​ឲ្យ​ស្ដាយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​ចង់​ទៅ​ចាស់​ជរា ឈឺ ហើយ​ស្លាប់​ទៅ​នោះ​ទេ។ ឱ! បើ​យើង​អាច​មាន​ជីវិត ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល​និង​សុខភាព​វ័យ​ក្មេង វា​ជា​ការ​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎!—យ៉ូប ១៤:១, ២

២. តើ​មនុស្ស​ជា​ច្រើន​មាន​សេចក្ដី​សង្ឃឹម​អ្វី ហើយ​ហេតុ​អ្វី?

២ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ដែល​ទស្សនាវដ្ដី​ញូវយ៉ក​ថែម្ស នៃ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​១៩៩៧ មាន​អត្ថបទ​មួយ ដែល​ថា «ពួក​គេ​ចង់​រស់​នៅ»។ គឺ​បាន​ដក​ស្រង់​ពាក្យ​របស់​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ ដែល​បាន​លាន់​មាត់​ថា៖ «ខ្ញុំ​ពិត​ជា​ជឿ​ថា យើង​អាច​ជា​មនុស្ស​តំណ​ដំបូង ដែល​អាច​រស់​នៅ​ជា​រហូត»! អ្នក​ក៏​ប្រហែល​ជា​ជឿ​ថា ជីវិត​អស់​កល្ប​ជា​និច្ច​គឺ​អាច​មាន​ទៅ​បាន។ អ្នក​ប្រហែល​ជា​គិត​ដូច្នេះ ពី​ព្រោះ​ព្រះ​គម្ពីរ​សន្យា​ថា យើង​អាច​រស់​នៅ​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​នេះ​បាន។ (ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣, ៤) ក៏​ប៉ុន្តែ មនុស្ស​ខ្លះ​ជឿ​ថា ជីវិត​អស់​កល្ប​ជា​និច្ច​គឺ​អាច​មាន​បាន ដោយ​មាន​មូលហេតុ​ផ្សេង ពី​មូលហេតុ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ការ​ពិនិត្យ​មើល​មូលហេតុ​ខ្លះ​ៗ​នេះ នឹង​ជួយ​យើង​ឲ្យ​អបអរ​ថា ជីវិត​អស់​កល្ប​ជា​និច្ច​គឺ​ពិត​ជា​អាច​មាន​មែន។

បាន​គ្រោង​ការណ៍​ឲ្យ​រស់​នៅ​ជា​និរន្តរ៍

៣, ៤. (ក) ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​ជឿ​ថា យើង​គួរ​ចេះ​រស់​នៅ​ជា​និរន្តរ៍​បាន? (ខ) តើ​ដាវីឌ​និយាយ​យ៉ាង​ណា​អំពី​ការ​បណ្ដុះ​នូវ​រូប​កាយ​របស់​គាត់?

៣ មូលហេតុ​មួយ ដែល​មនុស្ស​ជា​ច្រើន​ជឿ​ថា មនុស្ស​អាច​រស់​នៅ​ជា​និរន្តរ៍ គឺ​ទាក់​ទង​នឹង​របៀប​ដ៏​អស្ចារ្យ​ដែល​យើង​បាន​ត្រូវ​បង្កើត​មក។ ជា​ឧទាហរណ៍ គឺ​ពិត​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មែន នូវ​របៀប​យើង​បាន​ត្រូវ​បណ្ដុះ​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ម្ដាយ​យើង! អ្នក​ចេះ​ដឹង​យ៉ាង​ធំ​ដុំ​ម្នាក់​ខាង​ឯ​ដំណើរ​ចាស់​ជរា បាន​សរសេរ​ថា៖ «ក្រោយ​ពី​ធ្វើ​អព្ភូតហេតុ​ដែល​នាំ​យើង​ពី​ការ​ចាប់​កំណើត​ទៅ​ដល់​កាល​សម្រាល​ជា​កូន ហើយ​រួច​មក ទៅ​ពេល​មាន​ភាព​ពេញ​វ័យ​ខាង​កាម និង​ភាព​វ័យ​ចាស់ នោះ​កម្លាំង​រស់​បាន​សម្រេច​មិន​បង្កើត​នូវ​វិធី​ដែល​មើល​ទៅ​ជា​ស្រួល​ជាង ដែល​នឹង​បញ្ចប់​ដំណើរ​ទៅ​ជា​ចាស់​ជរា ហើយ​ដែល​ធ្វើ​ដូច្នេះ​នឹង​រក្សា​អព្ភូតហេតុ​នេះ​ជា​រៀង​រហូត​ត​ទៅ»។ ត្រូវ​ហើយ ដោយ​ពិនិត្យ​មើល​នូវ​សមាសភាព​ដ៏​អព្ភូតហេតុ​របស់​យើង នោះ​នៅ​មាន​សំនួរ​ដែល​ត្រូវ​សួរ​គឺ​ថា ហេតុ​អ្វី​ក៏​យើង​ត្រូវ​ស្លាប់​ទៅ​វិញ?

៤ ជា​ច្រើន​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ ដាវីឌ​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​ជញ្ជឹង​គិត​លើ​អព្ភូតហេតុ​នេះ ទោះ​បើ​គាត់​ឥត​អាច​ឃើញ​នៅ​ខាង​ក្នុង​ផ្ទៃ ដូច​ពួក​វិទ្យា​សាស្ត្រ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។ ដាវីឌ​បាន​ជញ្ជឹង​គិត​ដូច​គាត់​បាន​សរសេរ អំពី​ការ​បណ្ដុះ​ឡើង​នៃ​រូប​កាយ​របស់​គាត់ កាល​ដែល​គាត់​បាន​ត្រូវ‹បង្កប់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ›។ គាត់​មាន​ប្រសាសន៍​ថា នៅ​គ្រា​នោះ‹ថ្លើម​របស់​គាត់​បាន​ត្រូវ​បង្កើត​មក›។ គាត់​ក៏​បាន​ប្រាប់​អំពី​ការ​បណ្ដុះ​នូវ«ឆ្អឹង»របស់​គាត់​ដែរ នៅ​ពេល​ដែល​គាត់​បាន​សង្កេត​ថា «ទូល​បង្គំ​កើត​មាន​នៅ​ទី​កំបាំង»។ រួច​មក ដាវីឌ​បាន​និយាយ​អំពី«ធាតុ​នៃ​ទូល​បង្គំ» ហើយ​បាន​កត់​សម្គាល់​គភ៌​នោះ ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​គាត់ ដោយ​ថា៖ ‹ផ្នែក​វា​ទាំង​អស់​បាន​កត់​ទុក​ហើយ›។—ទំនុកដំកើង ១៣៩:១៣​-​១៦

៥. តើ​អព្ភូតហេតុ​អ្វី​ដែល​បាន​ទាក់​ទង នឹង​ការ​បណ្ដុះ​នូវ​រូប​កាយ​របស់​យើង​នៅ​ក្នុង​ផ្ទៃ?

៥ យ៉ាង​ច្បាស់​ណាស់ គឺ​ឥត​មាន​គម្រោង​សរសេរ​មែន​ទែន​ទេ ឲ្យ​បាន​បណ្ដុះ​រូប​កាយ​របស់​ដាវីឌ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​គាត់​នោះ។ ប៉ុន្តែ នៅ​ក្នុង​ការ​ជញ្ជឹង​គិត​របស់​ដាវីឌ​លើ​ការ​បង្កើត«ថ្លើម»និង«ឆ្អឹង» ហើយ​អវយវៈ​ផ្សេង​ៗ​ទៀត​របស់​គាត់ នេះ​គឺ​ដូច​ជា ការ​បង្កើត​អវយវៈ​ទាំង​នេះ​គឺ​ស្រប​តាម​ប្លង់​អ៊ីចឹង ដែល​អវយវៈ​ទាំង​អស់ គឺ‹បាន​កត់​ទុក​ហើយ›។ នេះ​គឺ​ដូច​ជា​កោសិកា​ដែល​មាន​ផល​ក្នុង​ផ្ទៃ​ម្ដាយ​គាត់ មាន​បន្ទប់​ដ៏​ធំ​មួយ ដែល​មាន​សៀវភៅ​ជា​ច្រើន ដែល​មាន​អនុទ្ទេស​យ៉ាង​ល្អិត​ល្អន់​ពី​របៀប​បង្កើត​ទារក​មនុស្ស ហើយ​អនុទ្ទេស​ដ៏​ស្មុគ​ស្មាញ​ទាំង​នេះ បាន​ឲ្យ​ដល់​កោសិកា​និមួយ​ៗ​ដែល​ដុះ​លេច​ឡើង​ទៀត។ ដូច្នេះ​ហើយ ទស្សនាវដ្ដី ពិភព​វិទ្យា​សាស្ត្រ ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ថា‹កោសិកា​ក្នុង​គភ៌​ដែល​កំពុង​លូត​លាស់ នោះ​មាន​ទូរ​រៀង​ៗ​ខ្លួន​ដែល​ពេញ​ដោយ​គម្រោង​ការណ៍›។

៦. តើ​មាន​ភស្តុ​តាង​អ្វី​ដែល​ថា យើង‹បាន​បង្កើត​មក​យ៉ាង​គួរ​អស្ចារ្យ› ដូច​ជា​ដាវីឌ​បាន​សរសេរ​នោះ?

៦ តើ​អ្នក​ដែល​គិត​អំពី​ដំណើរ​ដ៏​អព្ភូតហេតុ​នៃ​រូប​កាយ​របស់​យើង​ឬ​ទេ? លោក ចារិឌ ដៃម៉ុន ជា​ជីវវិទូ​ម្នាក់​បាន​កត់​សម្គាល់​ថា៖ «យើង​ប្ដូរ​ស្រទាប់​កោសិកា​ក្នុង​ពោះ​វៀន​របស់​យើង​បី​បួន​ថ្ងៃ​ម្ដង ព្រម​ទាំង​ប្ដូរ​ស្រទាប់​ក្នុង​ក្រពះ​នោម​ពីរ​ខែ​ម្ដង និង​ប្ដូរ​គោលិកា​ក្រហម​របស់​យើង​បួន​ខែ​ម្ដង»។ គាត់​បាន​សន្និដ្ឋាន​ថា៖ «ជា​រៀង​រាល់​ថ្ងៃ​នោះ ធម្មជាតិ​កំពុង​តែ​បោះ​បង់​កោសិកា​ចាស់​ហើយ​ក្រោយ​មក​ដាក់​ចូល​វិញ​នូវ​កោសិកា​ថ្មី។ តើ​នេះ​ពិត​ជា​មាន​ន័យ​យ៉ាង​ណា? គឺ​មាន​ន័យ​ថា មិន​ថា​យើង​បាន​រស់​នៅ​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ មិន​ថា​៨​ឆ្នាំ ៨០​ឆ្នាំ​ឬ​ក៏​៨០០​ឆ្នាំ នោះ​រូប​កាយ​របស់​យើង​គឺ​នៅ​ក្មេង​ដដែល។ អ្នក​វិទ្យា​សាស្ត្រ​ម្នាក់ នៅ​ពេល​មួយ​បាន​ស្មានថា៖ «នៅ​ក្នុង​មួយ​ឆ្នាំ ប្រមាណ​៩៨​ភាគ​រយ​នៃ​អាតូម​ដែល​នៅ​ក្នុង​យើង នឹង​បាន​ត្រូវ​ប្ដូរ​ដោយ​អាតូម​ផ្សេង​ទៀត ដែល​យើង​បាន​យក​ចូល​តាម​រយៈ​ខ្យល់ អាហារ និង​ទឹក»។ ប្រាកដ​ហើយ ដូច​ដាវីឌ​បាន​សរសើរ នោះ​យើង​បាន‹បង្កើត​មក​យ៉ាង​គួរ​អស្ចារ្យ›។—ទំនុកដំកើង ១៣៩:១៤

៧. តើ​មនុស្ស​ខ្លះ​បាន​សន្និដ្ឋាន​យ៉ាង​ណា ដោយ​គិត​ពី​របៀប​ដែល​រូប​កាយ​យើង​បាន​គ្រោង​ការណ៍​នោះ?

៧ ដោយ​មាន​មូលដ្ឋាន​លើ​គម្រោង​ការណ៍​រូប​កាយ​យើង នោះ​អ្នក​ចេះ​ដឹង​ម្នាក់​ខាង​ដំណើរ​ចាស់​ជរា ចែង​ថា៖ «គឺ​មិន​ឃើញ​ជាក់​ស្តែង​សោះ នូវ​មូលហេតុ​ដែល​មាន​ដំណើរ​ចាស់​ជរា​នោះ»។ ដូច្នេះ​គឺ​មាន​ទំនង​ដូច​ជា យើង​គួរ​តែ​រស់​នៅ​ជា​រៀង​រហូត​បាន។ អ៊ីចឹង​ហើយ បាន​ជា​មនុស្ស​ខំ​ប្រឹង​ឲ្យ​បាន​សម្រេច​គោល​ដៅ​នេះ តាម​រយៈ​វិទ្យា​សាស្ត្រ​បច្ចេកទេស​របស់​គេ។ មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ​នេះ វេជ្ជបណ្ឌិត លោក​អាលវិន សិល្វើស្ទីន បាន​សរសេរ​យ៉ាង​ទុក​ចិត្ត​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ ការ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ថា៖ «យើង​នឹង​ដោះ​ស្រាយ​សារៈ​សំខាន់​នៃ​ជីវិត។ យើង​នឹង​យល់ . . . នូវ​របៀប​ដែល​មនុស្ស​ម្នាក់​ទៅ​ជា​ចាស់»។ តើ​នឹង​មាន​ផល​អ្វី? គាត់​បាន​ទាយ​ថា៖ «គឺ​នឹង​លែង​មាន​មនុស្ស‹ចាស់›ទៀត ដ្បិត​ចំណេះ​ដែល​នាំ​ឲ្យ​ឈ្នះ​សេចក្ដី​ស្លាប់ ក៏​នឹង​នាំ​ឲ្យ​មាន​យុវភាព​ដ៏​ជា​និរន្តរ៍​ដែរ»។ ដោយ​បាន​ពិចារណា​មើល​នូវ​ការ​ស្វែង​យល់​សមាសភាព​របស់​មនុស្ស ដោយ​ប្រើ​វិទ្យា​សាស្ត្រ​ទំនើប​នេះ នោះ​តើ​គំនិត​អំពី​ជីវិត​អស់​កល្ប ជា​ទី​ពិបាក​ជឿ​ចំពោះ​អ្នក​ឬ​ទេ? គឺ​មាន​មូលហេតុ​មួយ​ទៀត​ដែល​ខ្លាំង​ជាង​នេះ ក្នុង​ការ​ជឿ​លើ​លទ្ធភាព​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​នោះ។

សេចក្ដី​ប្រាថ្នា​ចង់​រស់​នៅ​ជា​និរន្តរ៍

៨, ៩. តើ​សេចក្ដី​ប្រាថ្នា​ដ៏​ធម្មតា​មួយ​ណា ដែល​មនុស្ស​ទូទាំង​ប្រវត្ដិសាស្ត្រ​មាន​នោះ?

៨ តើ​អ្នក​ដែល​កត់​សម្គាល់​ថា ការ​រស់​នៅ​ជា​និរន្តរ៍​ជា​សេចក្ដី​ប្រាថ្នា​ធម្មតា​របស់​មនុស្ស​ឬ​ទេ? គ្រូ​ពេទ្យ​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​កាសែត​អាល្លឺម៉ង់​ថា៖ «សេចក្ដី​ប្រាថ្នា​ចង់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ប្រហែល​ជា​មាន​ចំណាស់​ស្មើ​នឹង​មនុស្ស​លោក​ដែរ»។ ការ​ពណ៌នា​អំពី​ជំនឿ​ខ្លះ​នៃ​ពួក​អឺរ៉ុប​ពី​បុរាណ នោះ​សព្វវចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី ចែង​ថា៖ «មនុស្ស​ដែល​សម​គួរ នោះ​នឹង​រស់​នៅ​ជា​រៀង​រហូត​នៅ​ក្នុង​មហា​សាល​ដ៏​ត្រចះ​ត្រចង់ ដែល​បាន​ត្រូវ​ប្រក់​ដោយ​មាស»។ ហើយ​កំរិត​ដែល​មនុស្ស​បាន​ខំ​ប្រឹង​តាម ដើម្បី​សម្រេច​សេចក្ដី​ប្រាថ្នា​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច នោះ​គឺ​មាន​ច្រើន​មែន!

៩ សព្វវចនាធិប្បាយ​អាមេរិកាណា​សង្កេត​ឃើញ​ថា ជាង​២.០០០​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ប្រទេស​ចិន «អធិរាជ​និង​មនុស្ស​ធម្មតា ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សង្ឃ​ដៅអីស្ទ គឺ​ឥត​អើពើ​នឹង​កិច្ច​ការ​ទេ បែរ​ជា«ស្វែង​រក​ថ្នាំ​ទទួល​ទាន​ឲ្យ​អាយុ​វែង​ទៅ​វិញ» ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រភព​នៃ​យុវភាព​ណា​មួយ។ ប្រាកដ​ហើយ នៅ​ក្នុង​ទូទាំង​ប្រវត្ដិសាស្ត្រ មនុស្ស​បាន​ជឿ​ថា ដោយ​ទទួល​ថ្នាំ​ដែល​លាយ​គ្នា​នោះ ឬ​ក៏​ផឹក​ទឹក​ណា​មួយ នោះ​គេ​នឹង​នៅ​មាន​អាយុ​ក្មេង។

១០. តើ​មាន​ការ​ខំ​ប្រឹង​យ៉ាង​ណា​នៅ​សម័យ​ទំនើប​នេះ ដើម្បី​ឲ្យ​ទទួល​បាន​ជីវិត​យូរ​អង្វែង​នោះ?

១០ ការ​ខំ​ប្រឹង​នៅ​សម័យ​ទំនើប​នេះ ដើម្បី​សម្រេច​នូវ​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​ខាង​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​មាន​ដូច​គ្នា។ ឧទាហរណ៍​ដ៏​ធំ​ដុំ​មួយ គឺ​ការ​ធ្វើ​ឲ្យ​កក​សាក​សព​មនុស្ស​ដែល​ស្លាប់​ដោយ​ព្រោះ​មាន​រោគ។ គេ​ធ្វើ​អ៊ីចឹង​ដោយ​សង្ឃឹម​ថា នឹង​ស្ដារ​ជីវិត​ឡើង​វិញ​នៅ​អនាគត ជា​មួយ​ការ​រីក​ចំរើន​របស់វិទ្យា​សាស្ត្រ។ អ្នក​គាំទ្រ​ម្នាក់​ខាង​ការ​ប្រព្រឹត្ត​នេះ ដែល​បាន​ត្រូវ​ហៅ​ថា​មុខ​វិជ្ជា​ធ្វើ​ឲ្យ​កក​សព បាន​សរសេរ​ថា៖ «ប្រសិន​បើ​គំនិត​សុទិដ្ឋិនិយម​របស់​យើង​បញ្ជាក់​ថា​សម​ហេតុ​ផល ហើយ​បាន​ត្រូវ​រៀន​ចេះ​ប្រោស​ឲ្យ​ជា ឬ​ជួស​ជុល​ការ​ខូច​ខាត​ទាំង​អស់ ដែល​រួម​បញ្ចូល​ភាព​អន់​ខ្សោយ​របស់​អ្នក​ចាស់​ជរា នោះ​អស់​អ្នក​ដែល‹ស្លាប់›ឥឡូវ នឹង​មាន​ជីវិត​ដែល​ពន្យារ​ដោយ​ឥត​កំរិត​ត​ទៅ​ទៀត នៅ​ពេល​អនាគត»។

១១. ហេតុ​អ្វី​ក៏​មនុស្ស​មាន​ចិត្ត​ប្រាថ្នា​ចង់​រស់​នៅ​ជា​និរន្តរ៍?

១១ អ្នក​ប្រហែល​ជា​សួរ​ថា ហេតុ​អ្វី​ក៏​សេចក្ដី​ប្រាថ្នា​នេះ​ចំពោះ​ជីវិត​អស់​កល្ប​ជា​និច្ច បាន​ត្រូវ​មាន​ជាប់​ក្នុង​គំនិត​របស់​យើង​ម្ល៉េះ? តើ​នេះ​ដោយ​ព្រោះ«[ព្រះ]អោយ​គេ​ចេះ​គិត​អំពី​ពេល​វេលា . . . អស់​កល្ប​ជា​និច្ច»ឬ? (សាស្ដា ៣:១១; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) នេះ​ជា​រឿង ដែល​យើង​គួរ​យក​មក​ត្រិះរិះ​យ៉ាង​ប្រាកដ​ប្រជា! ចូរ​គិត​ទៅ​មើល៖ ប្រសិន​បើ​ព្រះ​អាទិទេព​ឥត​មាន​គោល​បំណង​នឹង​សម្រេច​សេចក្ដី​ប្រាថ្នា​នោះ តើ​ហេតុ​អ្វី​បាន​ជា​តាំង​ពី​កំណើត យើង​មាន​សេចក្ដី​ប្រាថ្នា​ចង់​រស់​នៅ​អស់​កល្ប​ជា​និច្ច ជា​រៀង​រហូត​អ៊ីចឹង? ហើយ​តើ​ជា​ការ​មាន​សេចក្ដី​ស្រឡាញ់​ទេ​ឬ បើ​ទ្រង់​បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ចង់​រស់​នៅ​អស់​កល្ប​ជា​និច្ច ហើយ​រួច​មក​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អន្ទះអន្ទែង ដោយ​ឥត​ឲ្យ​យើង​សម្រេច​សេចក្ដី​ប្រាថ្នា​នោះ?—ទំនុកដំកើង ១៤៥:១៦

តើ​យើង​ត្រូវ​ទុក​ចិត្ត​លើ​អ្នក​ណា?

១២. តើ​មនុស្ស​ខ្លះ​មាន​ការ​ទុក​ចិត្ត​អ្វី ប៉ុន្តែ​តើ​អ្នក​ជឿ​ថា​នេះ មាន​គ្រឹះ​មាំ​មួន​ឬ​ទេ?

១២ ប៉ុន្តែ នៅ​កន្លែង​ណា​ឬ​ក្នុង​អ្វី ដែល​យើង​ត្រូវ​ទុក​ចិត្ត​ដើម្បី​ឲ្យ​ទទួល​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច? តើ​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​វិទ្យា​សាស្ត្រ​បច្ចេកទេស​នៅ​សតវត្ស​ទី​២០​ឬ​ទី​២១​ឬ? នៅ​ក្នុង​អត្ថបទ​មួយ​នៃ​ទស្សនាវដ្ដី​ញូវយ៉ក​ថែម្ស ដែល​មាន​ចំណង​ជើង «ពួក​គេ​ចង់​រស់​នៅ» នោះ​បាន​និយាយ​អំពី «ព្រះ គឺ​ជា​វិទ្យា​សាស្ត្រ​បច្ចេកទេស» និង​អំពី«សេចក្ដី​សាទរ​អំពី​លទ្ធភាព​នៃ​វិទ្យា​សាស្ត្រ​បច្ចេកទេស»។ គេ​បាន​និយាយ​អំពី​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ថា «ដោយ​មិន​សូវ​ចេះ​រិះ​គិត​នោះ ក៏​ទុក​ចិត្ត . . . ថា​វិធី​បំផ្លាស់​ប្រែ​ពន្ធុ នឹង​បាន​ទាន់​ពេល​ដើម្បី​សង្គ្រោះ[យើង] ដោយ​បញ្ឈប់​ដំណើរ​ចាស់​ជរា ប្រហែល​ទាំង​អាច​ប្ដូរ​បញ្ច្រាស​ដំណើរ​នេះ​ទៀត​ផង»។ ក៏​ប៉ុន្តែ ការ​ខំ​ប្រឹង​របស់​មនុស្ស​បាន​បង្ហាញ​ភស្តុ​តាង​ថា​ឥត​មាន​ប្រយោជន៍​ទេ ក្នុង​ការ​បញ្ឈប់​ដំណើរ​ចាស់​ជរា ឬ​ក៏​ការ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​នោះ។

១៣. តើ​តាម​របៀប​ណា​ដែល​រចនា​សម្ព័ន្ធ​នៃ​ខួរ​ក្បាល​យើង បង្ហាញ​ថា​យើង​បាន​ត្រូវ​បម្រុង​ឲ្យ​រស់​នៅ​ជា​និរន្តរ៍​នោះ?

១៣ តើ​នេះ​មាន​សេចក្ដី​ថា គឺ​គ្មាន​ផ្លូវ​ណា​សោះ ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ឬ? គឺ​មិន​ដូច្នេះ​ទេ! គឺ​មាន​ផ្លូវ​មួយ​មែន! រចនា​សម្ព័ន្ធ​នៃ​ខួរ​ក្បាល​ដ៏​អស្ចារ្យ​របស់​យើង ដែល​មាន​សមត្ថភាព​រៀន​សឹង​តែ​ឥត​កំរិត នោះ​ត្រូវ​ធ្វើ​ឲ្យ​យើង​ជឿ​អំពី​រឿង​នេះ។ អ្នក​ជីវសាស្ត្រ​ខាង​ម៉ូលេគុល​ម្នាក់​ឈ្មោះ ជេម្ស វាត់​សិន បាន​ហៅ​ខួរ​ក្បាល​យើង«ជា​របស់​ដ៏​ស្មុគ​ស្មាញ​បំផុត ដែល​យើង​មិន​ធ្លាប់​រក​ឃើញ​ក្នុង​សកល​លោក​នេះ»។ ហើយ​អ្នក​ប្រសាទ​សាស្ត្រ​ម្នាក់ ឈ្មោះ រីឆែទ រីស្ទែក មាន​ប្រសាសន៍​ថា៖ «គ្មាន​កន្លែង​ណា​នៅ​ក្នុង​សកល​លោក​នេះ ដែល​មាន​អ្វី​ដូច​ខួរ​ក្បាល​សោះ​ឡើយ»។ ហេតុ​អ្វី​ក៏​យើង​មាន​ខួរ​ក្បាល ដែល​មាន​សមត្ថភាព​ផ្គរ​ទុក និង​ធ្វើ​ឲ្យ​ជ្រួត​ជ្រាប​នូវ​ពត៌មាន​ជា​ច្រើន​អនេក ហើយ​រូប​កាយ​ដែល​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ជានិរន្តរ៍ ប្រសិន​បើ​យើង​មិន​ត្រូវ​មាន​បំណង​ឲ្យ​សប្បាយ​នឹង​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នោះ?

១៤. (ក) តើ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​ជា​ច្រើន​នាក់ សន្និដ្ឋាន​យ៉ាង​ណា​អំពី​ជីវិត​មនុស្ស? (ខ) ហេតុ​អ្វី​ក៏​យើង​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ ជា​ជាង​លើ​មនុស្ស​លោក?

១៤ ដូច្នេះ តើ​អ្វី​ជា​សេចក្ដី​សន្និដ្ឋាន​ពិត​ប្រាកដ ដែល​សម​ហេតុ​ផល​តែ​មួយ​គត់​នោះ? តើ​អ្នក​មិន​យល់​ស្រប​ថា យើង​បាន​ត្រូវ​បង្កើត​មក​ដោយ​ព្រះ​អាទិទេព ដែល​មាន​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​បំផុត​ទេ​ឬ ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​ជា​រៀង​រហូត​នោះ? (យ៉ូប ១០:៨; ទំនុកដំកើង ៣៦:៩; ១០០:៣; ម៉ាឡាគី ២:១០; កិច្ច​ការ ១៧:២៤, ២៥) ដូច្នេះ តើ​យើង​គួរ​ធ្វើ​តាម​ដោយ​ប្រាជ្ញា​ទេ​ឬ​អី នូវ​សេចក្ដី​បង្គាប់​របស់​អ្នក​តែង​បទ​ទំនុកដំកើង ដែល​ថា៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។ ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ទុក​ចិត្ត​លើ​មនុស្ស? ពី​ព្រោះ ដូច​អ្នក​តែង​បទ​ទំនុកដំកើង បាន​សរសេរ​ថា៖ «គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ»។ ប្រាកដ​ហើយ ថ្វី​បើ​មាន​លទ្ធភាព​ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក៏​ដោយ តែ​ពួក​គេ​ឥត​មាន​អំណាច​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ទេ។ អ្នក​តែង​បទ​ទំនុកដំកើង​សន្និដ្ឋាន​ថា៖ «សប្បាយ​ហើយ អ្នក​ណា . . . ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន»។—ទំនុកដំកើង ១៤៦:៣​-​៥

តើ​ពិត​ជា​គោល​បំណង​របស់​ព្រះ​មែន​ឬ?

១៥. តើ​អ្វី​ដែល​បង្ហាញ​ថា ពិត​ជា​គោល​បំណង​របស់​ព្រះ ដែល​យើង​ត្រូវ​រស់​នៅ​ជា​និរន្តរ៍?

១៥ ប៉ុន្តែ អ្នក​ប្រហែល​ជា​សួរ​ថា តើ​ពិត​ជា​បំណង​របស់​ព្រះ​ឬ ដែល​យើង​ត្រូវ​ទទួល​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នោះ? ប្រាកដ​ហើយ គឺ​អ៊ីចឹង​មែន! បន្ទូល​របស់​ទ្រង់​សន្យា​អំពី​រឿង​នេះ​ជា​ច្រើន​ដង។ ព្រះ​គម្ពីរ​ធានា​រ៉ាប់​រង​យើង​ថា៖ «អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ យ៉ូហាន ជា​អ្នក​បំរើ​របស់​ព្រះ​បាន​សរសេរ​ថា៖ «នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប​ជា​និច្ច»។ អ៊ីចឹង​ហើយ​បាន​ជា​យុវបុរស​ម្នាក់​បាន​សួរ​ព្រះ​យេស៊ូ​ថា៖ «លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជា​និច្ច»? (រ៉ូម ៦:២៣; យ៉ូហាន​ទី​១ ២:២៥; ម៉ាថាយ ១៩:១៦) តាម​ការ​ពិត សាវ័ក​ប៉ុល​បាន​សរសេរ​អំពី«សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប»។—ទីតុស ១:២

១៦. តើ​ក្នុង​ន័យ​អ្វី ដែល​ព្រះ​បាន​សន្យា​អំពី​ជីវិត​អស់​កល្ប​ជា​និច្ច«មុន​អស់​ទាំង​កល្ប»ទៅ​ទៀត?

១៦ តើ​នេះ​មាន​ន័យ​យ៉ាង​ណា ដែល​ថា​ព្រះ​បាន​សន្យា​អំពី​ជីវិត​អស់​កល្ប​ជា​និច្ច«មុន​អស់​ទាំង​កល្ប»? អ្នក​ខ្លះ​គិត​ថា សាវ័ក​ប៉ុល​ចង់​មាន​ន័យ​ថា​ពី​មុន​គូ​ស្វាមីភរិយា​ដំបូង អ័ដាម​និង​អេវ៉ា​បាន​ត្រូវ​បង្កើត​មក នោះ​ព្រះ​ទ្រង់​មាន​បំណង​ថា មនុស្ស​ត្រូវ​រស់​នៅ​ជា​និរន្តរ៍។ ក៏​ប៉ុន្តែ បើ​សិន​ជា​ប៉ុល​បាន​សំដៅ​ទៅ​លើ​គ្រា​មួយ ក្រោយ​ពី​មនុស្ស​បាន​ត្រូវ​បង្កើត​មក ហើយ​នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​គោល​បំណង​របស់​ទ្រង់ នេះ​ក៏​នៅ​ច្បាស់​ថា បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​រួម​បញ្ចូល​ជីវិត​អស់​កល្ប​ជា​និច្ច​សំរាប់​មនុស្ស​លោក។

១៧. ហេតុ​អ្វី​ក៏​អ័ដាម​និង​អេវ៉ា បាន​ត្រូវ​បណ្ដេញ​ពី​សួន​អេដែន ហើយ​ហេតុ​អ្វី​ក៏​បាន​ដាក់​ពួក​ចេរូប៊ីន​នៅ​ឯ​មាត់​ទ្វារ​ចូល?

១៧ ព្រះ​គម្ពីរ​ចែង​ថា នៅ​ក្នុង​សួន​អេដែន «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ . . . ដើម​ជីវិត»។ មូលហេតុ​ចំពោះ​ការ​បណ្ដេញ​អ័ដាម​ចេញ​ពី​សួន​នេះ គឺ​ដើម្បី​កុំ​ឲ្យ​គាត់«លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់» ត្រូវ​ហើយ រស់​ដ៏​អស់​កល្បជា​និច្ច! ក្រោយ​ពី​បាន​បណ្ដេញ​អ័ដាម​និង​អេវ៉ា​ចេញ​ពី​សួន​អេដែន នោះ​ព្រះ​យេហូវ៉ា​បាន​ដាក់«ចេរូប៊ីន . . . នឹង​ដាវ ដែល​ជា​អណ្ដាត​ភ្លើង​រេ​បែរ​ទៅ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត»។—លោកុប្បត្តិ ២:៩; ៣:២២​-​២៤

១៨. (ក) តើ​ការ​បរិភោគ​ផ្លែ​ពី​ដើម​ជីវិត នឹង​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ័ដាម​និង​អេវ៉ា? (ខ) តើ​ការ​បរិភោគ​ពី​ដើម​នោះ​តំណាង​អ្វី?

១៨ ប្រសិន​បើ​អ័ដាម​និង​អេវ៉ា​បាន​អនុញ្ញាត​ឲ្យ​បរិភោគ​ផ្លែ​នៃ​ដើម​ជីវិត តើ​នេះ​នឹង​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គេ? មែន​ហើយ គឺ​ឯកសិទ្ធិ​នៃ​ការ​រស់​នៅ​ជា​និរន្តរ៍​នៅ​ក្នុង​សួន​មនោរម្យ! វិជ្ជាករ​ម្នាក់​ខាង​ព្រះ​គម្ពីរ បាន​នឹក​ស្មាន​ថា៖ «ដើម​ជីវិត​ច្បាស់​ជា​មាន​គុណធម៌​បែប​ណា​មួយ​ហើយ ដែល​អាច​រក្សា​រូប​កាយ​មនុស្ស​ឲ្យ​រួច​ផុត​ពី​ភាព​ទន់​ខ្សោយ​ដោយ​អាយុ​ចាស់​ជរា ឬ​ក៏​ការ​ពុក​រលួយ ដែល​មក​ទី​បញ្ចប់​ជា​សេចក្ដី​ស្លាប់»។ គាត់​ព្រម​ទាំង​អះអាង​ថា «គឺ​មាន​គុណធម៌​ជា​ថ្នាំ​រុក្ខជាតិ​នៅ​ក្នុង​ទី​មនោរម្យ​នេះ ដែល​អាច​ប្រឈម​ឥទ្ធិពល»នៃ​ដំណើរ​ចាស់​ជរា។ ប៉ុន្តែ ព្រះ​គម្ពីរ​ឥត​ចែង​ថា ដើម​ជីវិត​មែន​ទែន​នេះ មាន​អំណាច​ឲ្យ​ជីវិត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម​ឈើ​នេះ បាន​ត្រូវ​តំណាង​នូវ​ការ​ធានា​របស់​ព្រះ​ខាង​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​បុគ្គល​ណា ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បរិភោគ​ពី​ដើម​នោះ។—វិវរណៈ ២:៧

គោល​បំណង​របស់​ព្រះ​ឥត​បាន​ផ្លាស់​ប្ដូរ​ទេ

១៩. ហេតុ​អ្វី​ក៏​អ័ដាម​ស្លាប់​ទៅ ហើយ​ហេតុ​អ្វី​ក៏​យើង​ជា​កូន​ចៅ​របស់​គាត់ ក៏​ត្រូវ​ស្លាប់​ដែរ​នោះ?

១៩ នៅ​ពេល​ដែល​អ័ដាម​បាន​ធ្វើ​អំពើ​បាប នោះ​គាត់​បាន​បាត់​បង់​នូវ​សិទ្ធិ​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​សំរាប់​ខ្លួន និង​សំរាប់​កូន​ទាំង​ឡាយ​ដែល​មិន​ទាន់​កើត​នោះ។ (លោកុប្បត្តិ ២:១៧) នៅ​ពេល​ដែល​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​បាប ដោយ​ព្រោះ​ការ​ឥត​ស្ដាប់​បង្គាប់ នោះ​គាត់​ក្លាយ​ទៅ​ជា​មាន​ខ្ចោះ ឥត​គ្រប់ល័ក្ខណ៍។ តាំង​ពី​នោះ​មក រូប​កាយ​របស់​អ័ដាម​បាន​ត្រូវ​ដាក់​បញ្ជា​ឲ្យ​ស្លាប់។ ដូច​ព្រះ​គម្ពីរ​ចែង​ថា៖ «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ (រ៉ូម ៦:២៣) ម្យ៉ាង​វិញ​ទៀត កូន​ដ៏​ឥត​គ្រប់ល័ក្ខណ៍​របស់​អ័ដាម ក៏​បាន​ត្រូវ​ដាក់​បញ្ជា​ឲ្យ​ស្លាប់​ដែរ មិន​មែន​សំរាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ទេ។ ព្រះ​គម្ពីរ​ពន្យល់​ថា៖ «ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ​សារ​មនុស្ស​តែ​ម្នាក់[អ័ដាម] ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។—រ៉ូម ៥:១២

២០. តើ​អ្វី​ដែល​បង្ហាញ​ថា​មនុស្ស​បាន​បម្រុង ឲ្យ​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី?

២០ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​អ័ដាម​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​នោះ? យ៉ាង​ណា​វិញ បើ​គាត់​បាន​ស្ដាប់​តាម​ព្រះ ហើយ​គាត់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បរិភោគ​ពី​ដើម​ជីវិត​នោះ? តើ​នៅ​កន្លែង​ណា ដែល​គាត់​នឹង​ទទួល​អំណោយ​ពី​ព្រះ​ដែល​ជា​ជីវិត​អស់​កល្ប​ជា​និច្ច? តើ​នៅ​លើ​ស្ថាន​សួគ៌​ឬ? គឺ​អត់​ទេ! ព្រះ​ឥត​បាន​មាន​បន្ទូល​អ្វី​សោះ ថា​នឹង​យក​អ័ដាម​ទៅ​ស្ថាន​សួគ៌​នោះ​ទេ។ គាត់​បាន​ត្រូវ​ទទួល​កិច្ច​ការ​ឲ្យ​ធ្វើ​នៅ​លើ​ផែនដី​នេះ។ ព្រះ​គម្ពីរ​ពន្យល់​ថា «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់ ទាំង​ដើម​ឈើ​ដែល​គួរ​ពិច​ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង» ហើយ​ចែង​ទៀត​ថា៖ «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន​ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា»។ (លោកុប្បត្តិ ២:៩, ១៥) ក្រោយ​ពី​អេវ៉ា​បាន​ត្រូវ​បង្កើត​ជា​គូ​របស់​អ័ដាម គេ​ទាំង​ពីរ​នាក់​បាន​ត្រូវ​ទទួល​កិច្ច​ការ​ថែម​ទៀត​នៅ​លើ​ផែនដី​នេះ។ ព្រះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង»។—លោកុប្បត្តិ ១:២៨

២១. តើ​ការ​ទន្ទឹង​ចាំ​ដ៏​អស្ចារ្យ​អ្វី ដែល​មនុស្ស​ដំបូង​មាន​នោះ?

២១ ចូរ​គិត​ពី​ការ​ទន្ទឹង​ចាំ​ដ៏​អស្ចារ្យ​សំរាប់​ផែនដី ដែល​សេចក្ដី​បង្គាប់​របស់​ព្រះ នោះ​នឹង​បើក​ឲ្យ​អ័ដាម​និង​អេវ៉ា! ពួក​គេ​នឹង​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​ស្រី​ដែល​ល្អ​គ្រប់ល័ក្ខណ៍ នៅ​លើ​ផែនដី​មនោរម្យ។ កាល​ដែល​កូន​ស្ងួន​ភ្ងា​របស់​គេ​បាន​ធំ​ឡើង ពួក​នេះ​នឹង​ចូល​រួម​ក្នុង​កិច្ច​ការ​ដ៏​ចូល​ចិត្ត ដើម្បី​រក្សា​សួន​នោះ។ ហើយ​ដោយ​សត្វ​ទាំង​អស់​នៅ​ក្រោម​អំណាច​គេ នោះ​មនុស្ស​លោក​នឹង​បាន​ត្រូវ​ស្កប់​ស្កល់​ចិត្ត​មែន។ ចូរ​គិត​ពី​អំណរ​ដែល​នឹង​មក​ពី​ការ​ពង្រីក​ព្រំ​ដែន​សួន​ច្បារ​អេដែន ដើម្បី​ជា​យថាហេតុ​នោះ ផែនដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​មនោរម្យ! តើ​អ្នក​សប្បាយ​នឹងជីវិត​ក្នុង​ផែនដី​មនោរម្យ​ដ៏​សែន​ស្អាត​នេះ ជា​មួយ​កូន​ៗ​ដ៏​គ្រប់ល័ក្ខណ៍ ដោយ​គ្មាន​ការ​ខ្វល់​ខ្លាច​ទៅ​ជា​ចាស់ និង​សេចក្ដី​ស្លាប់​ឬ​ទេ? សូម​ឲ្យ​ចំណូល​ចិត្ត​ធម្មតា​របស់​អ្នក​ឆ្លើយ​នឹង​សំនួរ​នេះ​ចុះ។

២២. ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ប្រាកដ​ថា ព្រះ​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ទ្រង់​ចំពោះ​ផែនដី?

២២ បើ​អ៊ីចឹង នៅ​ពេល​ដែល​អ័ដាម​និង​អេវ៉ា​ឥត​ស្ដាប់​បង្គាប់ ហើយ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​អេដែន តើ​ព្រះ​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​ទ្រង់ ឲ្យ​មនុស្ស​រស់​នៅ​ផែនដី​មនោរម្យ​ជា​និរន្តរ៍​ឬ? អត់​ទេ! ពី​ព្រោះ​បើ​ព្រះ​ធ្វើ​បែប​នោះ នោះ​នឹង​សារភាព​ពី​បរាជ័យ ស្តី​អំពី​សមត្ថភាព​របស់​ទ្រង់ ក្នុង​ការ​សម្រេច​នឹង​គោល​បំណង​ដើម​របស់​ទ្រង់។ យើង​អាច​ដឹង​ប្រាកដ​ថា ព្រះ​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​មក ដូច​ទ្រង់​ប្រកាស​ថា៖ «នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។—អេសាយ ៥៥:១១

២៣. (ក) តើ​អ្វី​ដែល​បញ្ជាក់​ថែម​ទៀត​ថា ពិត​ជា​គោល​បំណង​របស់​ព្រះ ឲ្យ​មនុស្ស​សុចរិត​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី​នេះ? (ខ) តើ​យើង​នឹង​ពិគ្រោះ​អ្វី​ជា​បន្ទាប់?

២៣ ដែល​គោល​បំណង​របស់​ព្រះ​សំរាប់​ផែនដី​នេះ​មិន​បាន​ផ្លាស់​ប្ដូរ គឺ​បាន​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះ​សន្យា​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ សូម្បី​តែ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ថា​ពួក​មនុស្ស​រាប​សា​នឹង​បាន​ផែនដី​ជា​មរតក។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៥:៥) ក៏​ប៉ុន្តែ តើ​យើង​អាច​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​យ៉ាង​ដូច​ម្ដេច​បាន ហើយ​តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សប្បាយ​នឹង​ជីវិត​បែប​នេះ? នេះ​នឹង​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ជឿ​លើ​លទ្ធភាព​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច?

◻ តើ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​យើង​ជឿ​ស៊ប់​ថា យើង​បាន​ត្រូវ​បម្រុង​ឲ្យ​រស់​នៅ​ជា​និរន្តរ៍​នោះ?

◻ តើ​គោល​បំណង​ដើម​របស់​ព្រះ​ជា​អ្វី ចំពោះ​មនុស្ស​លោក​និង​ផែនដី​នេះ?

◻ ហេតុ​អ្វី​ក៏​យើង​អាច​ប្រាកដ​ក្នុង​ខ្លួន​ថា ព្រះ​នឹង​សម្រេច​គោល​បំណង​ដើម​របស់​ទ្រង់​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក