ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
ពេលដែលអ្នកមើលរូបភាពនៅលើខិត្តប័ណ្ណនេះ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? តើអ្នកមិនចង់បានយ៉ាងខ្លាំងនូវសេចក្ដីសុខសាន្ត សុភមង្គល និងភាពចំរុងចំរើន ដែលឃើញនៅទីនេះទេឬ? អ្នកប្រាកដជាចង់បានមែន។ ប៉ុន្តែ តើការជឿថាស្ថានភាពទាំងអស់នេះនឹងកើតមានឡើងនៅលើផែនដីនេះ មិនគ្រាន់តែជាសុបិន ឬជាគំនិតរវើរវាយមួយទេឬ?
មនុស្សភាគច្រើនប្រហែលជាគិតដូច្នេះមែន ពីព្រោះហេតុការណ៍ជាក់ស្តែងនៅសព្វថ្ងៃនេះគឺ សង្គ្រាម ឧក្រិដ្ឋកម្ម ការអត់ឃ្លាន ជម្ងឺ ចាស់ជរា—នេះគ្រាន់តែលើកមកជំរាបខ្លះៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែមានសង្ឃឹមជានិច្ច។ ចំពោះអនាគតកាល ព្រះគម្ពីរបានចែងថា៖ «តាមសេចក្ដីសន្យារបស់[ព្រះ] នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិត»។—ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧
យោងទៅតាមព្រះគម្ពីរ «ផ្ទៃមេឃថ្មី»និង«ផែនដីថ្មី» មិនមែនជាផ្ទៃមេឃដែលមានវត្ថុធាតុថ្មីៗ ឬផែនដីថ្មីមែនទែននោះទេ។ ទ្រង់ទ្រាយនៃផែនដីនិងផ្ទៃមេឃត្រូវបានបង្កើតមកយ៉ាងសុក្រឹត ហើយព្រះគម្ពីរបានចែងថារបស់ទាំងនេះនឹងស្ថិតនៅជានិរន្តរ៍។ (ទំនុកដំកើង ៨៩:៣៦, ៣៧; ១០៤:៥) «ផែនដីថ្មី» គឺជាសង្គមមនុស្សសុចរិតដែលនឹងរស់នៅលើផែនដី ហើយ«ផ្ទៃមេឃថ្មី» គឺជាព្រះរាជាណាចក្រសួគ៌ាដ៏ល្អគ្រប់ល័ក្ខណ៍មួយ ឬជារដ្ឋាភិបាលដែលនឹងគ្រប់គ្រងលើសង្គមមនុស្សនៅលើផែនដី។ ប៉ុន្តែ តើអាចជឿថា«ផែនដីថ្មី» ឬពិភពលោកថ្មីដ៏រុងរឿងនេះ អាចកើតមានឡើងជាពិតមែនទេ?
អញ្ចឹង សូមពិចារណាអំពីការណ៍ពិតមួយ ដែលថាស្ថានភាពដ៏ល្អបែបនេះ ជាផ្នែកមួយនៃរាជបំណងរបស់ព្រះតាំងពីដើមមកចំពោះផែនដីនេះ។ ទ្រង់បានដាក់គូស្វាមីភរិយាដំបូងនៅក្នុងសួនមនោរម្យអេដែននៅលើផែនដី ហើយទ្រង់បានប្រទានកិច្ចការដ៏ប្រសើរឲ្យពួកគេ៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី»។ (លោកុប្បត្តិ ១:២៨) ត្រូវហើយ រាជបំណងរបស់ព្រះ គឺដើម្បីឲ្យពួកគេបង្កើតកូនជាច្រើន និងជាយថាហេតុពង្រីកសួនមនោរម្យរបស់គេឲ្យមានពាសពេញផែនដីទាំងមូល។ ក៏ប៉ុន្តែ ពួកគេបានជ្រើសរើសយកផ្លូវមិនស្ដាប់បង្គាប់ដល់ព្រះ ដូច្នេះគេសំដែងថា គេមិនសមនឹងទទួលជីវិតជានិរន្តរ៍ទេ។ ទោះជាយ៉ាងណាក៏ដោយ រាជបំណងដំបូងរបស់ព្រះនៅឥតប្រែប្រួលដដែល។ ហើយរាជបំណងនេះនឹងត្រូវបានសម្រេចនៅក្នុងពិភពលោកថ្មីជាមិនខាន!—អេសាយ ៥៥:១១
តាមការពិត កាលណាអ្នកអធិស្ឋានតាមគំរូអធិស្ឋានរបស់ព្រះអម្ចាស់ ដែលថាសូមឲ្យព្រះរាជាណាចក្រទ្រង់មកដល់ គឺអ្នកអធិស្ឋានសូមឲ្យរដ្ឋាភិបាលសួគ៌ារបស់ទ្រង់ ឲ្យមកកំចាត់អំពើអាក្រក់ជួជាតិពីផែនដីនេះចេញ និងឲ្យមកគ្រប់គ្រងលើពិភពលោកថ្មីនេះ។ (ម៉ាថាយ ៦:៩, ១០) ហើយយើងអាចដឹងជាប្រាកដថា ព្រះនឹងតបឆ្លើយសេចក្ដីអធិស្ឋាននេះ ដ្បិតបន្ទូលរបស់ទ្រង់បានសន្យាថា៖ «ពួកអ្នកសុចរិតនឹងបានស្រុក[ផែនដី]ទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
ជីវិតនៅក្នុងពិភពលោកថ្មីរបស់ព្រះ
ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យមានភោគផលជាបរិបូរនៅលើផែនដីនេះដែលរកអ្វីផ្ទឹមពុំបាន ហើយនឹងសម្រេចសេចក្ដីល្អៗគ្រប់បែបយ៉ាងទៀត ដែលព្រះបានមានបំណងទុកដើម្បីជាទីសប្បាយរីករាយដល់ប្រជារាស្ត្ររបស់ទ្រង់នៅលើផែនដី។ ការស្អប់គ្នានិងការប្រកាន់ពូជសាសន៍នឹងលែងមានទៀត ហើយជាយថាហេតុ មនុស្សគ្រប់ៗគ្នានៅលើផែនដីនឹងទៅជាមិត្តសំឡាញ់ពិតនឹងគ្នាទៅវិញទៅមកទាំងអស់។ នៅក្នុងព្រះគម្ពីរ ព្រះបានសន្យា‹នឹងធ្វើឲ្យសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងបំផុតនៃផែនដី›។ «នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។—ទំនុកដំកើង ៤៦:៩; អេសាយ ២:៤
ជាយថាហេតុ ផែនដីទាំងមូលនឹងត្រូវស្ដារឡើងវិញឲ្យមានស្ថានភាពដូចសួនមនោរម្យ។ ព្រះគម្ពីរបានចែងថា៖ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប . . . ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ។ ខ្សាច់ដែលក្ដៅព្រាចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ»។—អេសាយ ៣៥:១, ៦, ៧
នៅក្នុងផែនដីមនោរម្យ នឹងមានមូលហេតុគ្រប់បែបយ៉ាងដែលនឹងធ្វើឲ្យយើងសប្បាយរីករាយ។ មនុស្សនឹងមិនអត់ឃ្លានដោយសារតែការខ្វះម្ហូបអាហារទៀតទេ។ ដ្បិតព្រះគម្ពីរបានចែងថា៖ «ដីនឹងបង្កើតផលឡើង»។ (ទំនុកដំកើង ៦៧:៦; ៧២:១៦) ហើយមនុស្សទាំងអស់នឹងសប្បាយរីករាយចំពោះលទ្ធផលនៃការងារខ្លួន ដូចជាព្រះអាទិទេពរបស់យើងបានសន្យាថា៖ «គ្រានោះ មនុស្ស . . . នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ . . . គេនឹងមិន . . . ដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ»។—អេសាយ ៦៥:២១, ២២
នៅក្នុងពិភពលោកថ្មីរបស់ព្រះ មនុស្សនឹងលែងបញ្ច្រៀតគ្នារស់នៅក្នុងអាគារធំៗ ឬក្នុងតំបន់អ្នកក្រីក្រដ៏ទ្រុឌទ្រោម ពីព្រោះព្រះបានមានបំណងដូចនេះ៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង . . . គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ[ឡើយ]»។ ព្រះគម្ពីរសន្យាទៀតថា៖ «គេនឹងមិនខំធ្វើជាឥតប្រយោជន៍»នោះឡើយ។ (អេសាយ ៦៥:២១-២៣) ដូច្នេះហើយ មនុស្សនឹងមានការងារធ្វើដែលផ្ដល់ឲ្យផល ហើយជាទីពេញចិត្តផង។ ជីវិតនឹងមិនមានភាពធុញទ្រាន់ឡើយ។
ក្រោយមក ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យមានឡើងនូវទំនាក់ទំនងមេត្រីភាពរវាងសត្វនិងមនុស្ស ហើយរវាងសត្វនិងសត្វ ដែលធ្លាប់មាននៅក្នុងសួនច្បារអេដែនពីដើម។ ព្រះគម្ពីរចែងថា៖ «ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា»។—អេសាយ ១១:៦-៩; ហូសេ ២:១៨
សូមគិតទៅមើល នៅក្នុងផែនដីមនោរម្យ គ្រប់ទាំងជម្ងឺនិងភាពពិការខាងរូបរាងកាយនឹងត្រូវប្រោសឲ្យជាឡើងវិញ! បន្ទូលរបស់ព្រះសន្យានឹងយើងថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថាខ្ញុំឈឺទៀតឡើយ»។ (អេសាយ ៣៣:២៤) «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
របៀបដែលអ្នកអាចទទួលបាន
ចិត្តរបស់អ្នកច្បាស់ជារំភើបយ៉ាងខ្លាំង ចំពោះសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះ អំពីជីវិតក្នុងពិភពលោកថ្មីដ៏សុចរិតនេះ។ ហើយទោះបីជាអ្នកខ្លះគិតស្មានថា ការទទួលប្រសិទ្ធិពរទាំងនេះជាការល្អហួសពីការពិតក្ដី ក៏ការនេះមិនជាការហួសពីសមត្ថភាពនៃព្រះអាទិទេពដែលស្រឡាញ់មនុស្សលោកយើងឡើយ។—ទំនុកដំកើង ១៤៥:១៦; មីកា ៤:៤
ពិតមែនហើយ ច្បាស់ជាមានសេចក្ដីតម្រូវដែលយើងត្រូវតែបំពេញ បើសិនជាយើងចង់រស់នៅជានិរន្តរ៍ក្នុងទីមនោរម្យ នៅលើផែនដីនាអនាគតនេះ។ ក្នុងសេចក្ដីអធិស្ឋានទៅព្រះ ព្រះយេស៊ូវបានបង្ហាញពីសេចក្ដីតម្រូវដ៏សំខាន់មួយគឺ៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។—យ៉ូហាន ១៧:៣
ដូច្នេះ បើសិនជាយើងប្រាថ្នាចង់រស់នៅក្នុងពិភពលោកថ្មីរបស់ព្រះពិតមែននោះ ជាមុនដំបូង យើងត្រូវតែរៀនឲ្យដឹងអំពីរាជបំណងរបស់ព្រះ រួចត្រូវធ្វើតាមព្រះហឫទ័យទ្រង់។ ពីព្រោះនេះជាការពិត៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច» ដើម្បីឲ្យសប្បាយរីករាយជានិរន្តរ៍នឹងប្រសិទ្ធិពរដែលមកពីព្រះអាទិទេពដែលស្រឡាញ់មនុស្សយើង។—យ៉ូហានទី១ ២:១៧
បើគ្មានការបញ្ជាក់ប្រាប់ទេ បទគម្ពីរទាំងអស់ត្រូវបានដកស្រង់ចេញពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ឆ្នាំ១៩៥៤។