ទំនាយដែលទាក់ទងនឹងអនាគតរបស់យើងនៅពេលឆាប់ៗខាងមុខនេះ
ពេលពិភាក្សាអំពីអនាគតរបស់មនុស្សនិងផែនដី សាវ័កពេត្រុសបានសរសេរថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់[ព្រះ] នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) ទំនាយដំបូងស្តីអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»ត្រូវបានសរសេរក្នុងសៀវភៅអេសាយ។ (អេសាយ ៦៥:១៧; ៦៦:២២) ដោយពេត្រុសបានលើកទំនាយនេះមកនិយាយ បង្ហាញថាមិនទាន់សម្រេចពេញលេញនៅសម័យគាត់ទេ។
ក្រោយមក នៅឆ្នាំ៩៦ គ.ស. សាវ័កយ៉ូហានបានទទួលការបើកសម្ដែងស្តីអំពី«ផែនដីថ្មី» ដែលរៀបរាប់ពីពរផ្សេងៗក្រោមរាជាណាចក្ររបស់ព្រះ។ (វិវរណៈ ២១:១-៤) ពាក្យរបស់ព្រះយេស៊ូ និងរបស់សាវ័កប៉ុលស្តីអំពីស្ថានភាពពិភពលោកដែលមានមុនរាជាណាចក្ររបស់ព្រះធ្វើអន្តរាគមន៍មកលើផែនដី កំពុងតែសម្រេចនៅសព្វថ្ងៃនេះ។ ដូច្នេះ យើងអាចប្រាកដថា មិនយូរប៉ុន្មានទៀតរាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានពិភពលោកថ្មី។ តើពិភពលោកថ្មីនឹងមានស្ថានភាពយ៉ាងណា? សៀវភៅអេសាយមានសេចក្ដីរៀបរាប់ប្រាប់យើង។
ពរដែលនឹងមានក្នុងពិភពលោកថ្មី
មានសន្ដិភាពនៅទូទាំងពិភពលោក និងការថ្វាយបង្គំដែលមានសាមគ្គីភាព។ «គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។—អេសាយ ២:២-៤
មានមេត្រីភាពរវាងមនុស្សនិងសត្វ។ «ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម។ ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ។ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នាហើយក្មេងតូចៗជាអ្នកគង្វាលវា។ គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ។ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ . . . វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។—អេសាយ ១១:៦-៩
មានម្ហូបហូរហៀរសម្រាប់មនុស្សគ្រប់គ្នា។ «នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ»។—អេសាយ ២៥:៦
លែងមានសេចក្ដីស្លាប់។ «[ព្រះ]នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ»។—អេសាយ ២៥:៨
មនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ។ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ ជាមួយនឹងសពរបស់អញ។ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ! . . . ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។—អេសាយ ២៦:១៩
អ្នកដែលជាមេស្ស៊ីជាចៅក្រមសុចរិត។ «នឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្ដាប់ឮនោះឡើយ។ គឺនឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសំរេចក្ដីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់»។—អេសាយ ១១:៣, ៤
មនុស្សខ្វាក់ ថ្លង់នឹងជាឡើងវិញ។ «ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន»។—អេសាយ ៣៥:៥
ដីឥតជីជាតិនឹងបង្កើតផល។ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប។ គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរនឹងបទចំរៀងផង»។—អេសាយ ៣៥:១, ២
ផែនដីថ្មី។ «អញនឹងបង្កើតផ្ទៃមេឃថ្មី [រដ្ឋាភិបាលមួយថ្មីនៅស្ថានសួគ៌] ហើយនឹងផែនដីថ្មី [សង្គមមនុស្សសុចរិតថ្មី] ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ។ . . . មនុស្ស[ក្នុងពិភពលោកថ្មីរបស់ព្រះ]នឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ។ គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង។ គ្រានោះ មុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ ហើយកាលគេកំពុងតែចេញសំដីនៅឡើយ នោះអញនឹងស្ដាប់ដែរ»។ «‹ផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា› ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ពូជពង្សរបស់ឯង នឹងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ›»។—អេសាយ ៦៥:១៧-២៥; ៦៦:២២
ទំនាយដែលទាក់ទងនឹងអនាគតដ៏អស្ចារ្យ
មិនមានតែសៀវភៅអេសាយទេ ដែលទាយពីពរនៅអនាគត។ សៀវភៅផ្សេងៗក្នុងគម្ពីរមានទំនាយដែលពណ៌នានូវកិច្ចការដ៏អស្ចារ្យដែលព្រះនឹងសម្រេចតាមរយៈរាជាណាចក្ររបស់ទ្រង់ ក្រោមការដឹកនាំរបស់ព្រះគ្រិស្ត។a តើលោកអ្នកចង់រស់នៅក្នុងសួនមនោរមដែលព្រះបានសន្យានោះទេ? អ្នកអាចរស់នៅបាន! សូមស្វែងរកថាគម្ពីរពិតជាបង្រៀនយ៉ាងណា អំពីគោលបំណងរបស់ព្រះចំពោះអនាគត និងរៀនឲ្យដឹងពីរបៀបដែលអ្នកអាចមានចំណែកក្នុងគោលបំណងរបស់ទ្រង់។ សាក្សីព្រះយេហូវ៉ាមានចិត្តរីករាយជួយលោកអ្នកឲ្យដឹងអំពីគោលបំណងរបស់ព្រះ។
[កំណត់សម្គាល់]
a បើចង់ដឹងព័ត៌មានថែមទៀតអំពីរាជាណាចក្ររបស់ព្រះនិងអ្វីដែលរាជាណាចក្រនោះនឹងសម្រេច សូមមើលក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ៨៧-៩៧ បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៨]
មនុស្សមានមេត្រីភាព ជាមួយគ្នានិងគ្នា និងជាមួយសត្វ
[រូបភាពនៅទំព័រ៩]
មនុស្សស្លាប់ នឹងរស់ឡើងវិញ
[រូបភាពនៅទំព័រ១០]
ផែនដីទាំងមូលក្លាយជាសួនមនោរម